Tag: Newcastle

  • កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​បញ្ចេញ​ទឹកប្រាក់​ក្នុង​រដូវ​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ នៅក្នុង​ការប្រឹងប្រែង​នាំយក​កំពូល​តារាបាល់ទាត់​នានា​របស់​ពិភពលោក និង​លើក​ពានរង្វាន់ Pro League របស់ខ្លួន​ឡើងទៅ​កាន់​ផែនទី​ពិភព​បាល់ ក្នុង​គ្រាដែល​ប្រទេស​នេះ​កំពុង​​ខិតខំ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ World Cup 2030។

    ថ្វីបើ​រដូវ​កាល​ដោះដូរ​កីឡាករ​ឆ្នាំ 2023 មិនទាន់​មកដល់ ប៉ុន្តែ​មួយ​ក្នុងចំណោម​ប្រធានបទ​ដែល​ត្រូវបាន​គេ​លើកឡើង​ញឹកញាប់​ជាងគេ​ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ គឺពាន​រង្វាន់​ Saudi Pro League។

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មិន​ធ្លាប់ជា​ទីសំចត​សំខាន់​របស់​កីឡាករ​បាល់ទាត់​ពិភពលោក ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​​កំពុង​តែ​ប្ដេជ្ញាចិត្ត​កែប្រែ​ប្រការនេះ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Saudi Pro League កំពុងតែ​ដើរតួនាទី​ជា​អ្នក​ទាក់ទាញ​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ ពានរង្វាន់​នេះ​ក៏​ធ្លាប់​ទាក់ទាញ​បាន Cristiano Ronaldo ដែល​ចូលរួម​ប្រកួត​តាំងពី​ខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បាន​សម្រេចចិត្ត​មក​ចូលរួម បន្ទាប់ពី​​ចាក​ចេញពី Real Madrid។

    អា​រ៉ា​ប៊ី​សា​អូឌីត កំពុងតែ​ធ្វើ​សកម្មភាព​សម្រាប់​ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេស​នេះ​ក៏បាន​ត្រៀម​​រួចរាល់​សម្រាប់​ការចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​អាច​ក្លាយជា​ប្រទេស​បាល់ទាត់។ Ronaldo កំពុង​ទទួលបាន 177 លាន​ផោន/ឆ្នាំ ពី​ក្លឹប​បាល់ទាត់ Al-Nassr ហើយ​នេះ​គឺជា​ប្រាក់បៀវត្សរ៍​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ​មាន​ទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ស្រាប់ ខណៈ​ទំនាក់ទំនង​រវាង​កីឡាករ​រូបនេះ​ជាមួយនឹង​ក្លឹប PSG ក៏​ជិត​ដាច់​ជា​ផ្លូវការ​ហើយ​ដែរ។ ពេលនេះ Messi អាច​យកតម្រាប់​តាម Ronaldo។

    ក៏ប៉ុន្តែ Messi មិនមែនជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កំពុង​ពិចារណា​លើ​ការ​មក​ទាត់​ឱ្យ​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រភពព័ត៌មាន​នៅ​ប្រទេស​បារាំង​ឱ្យដឹងថា ក្លឹប Al-Hilal ក៏បាន​លើកសំណើ​ជា​កិច្ចព្រមព្រៀង​ជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុង​ការប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល Messi ឱ្យមក​ចូលរួម​គម្រោង​របស់​ក្លឹប​នេះ។

    M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ក្រៅពីនេះ​នៅមាន​កីឡាករ​ជាច្រើន​ទៀត រួមមាន​ដូចជា Hugo Lloris, Roberto Firmino, Luka Modric, Sergio Ramos, N’Golo Kante, Pierre-Emerick Aubameyang, Wilfried Zaha, Iago Aspas ជា​ដើម​ ក៏​ទទួលបាន​ការស្នើ ឬ​ការបញ្ចុះ​បញ្ចូល​ឱ្យមក​ទាត់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ។

    ចលនា​ខាងលើនេះ មួយផ្នែក​ត្រូវបាន​ចាប់ផ្ដើម​ពី​ករណី មូលនិធិ​វិនិយោគសាធារណៈ (PIF) របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទិញ​ក្លឹប​បាល់ទាត់​ចំនួន​បួន​នៅ​ប្រទេស​នេះ ដែល​រួមមាន ក្លឹប Al-Ittihad, Al-Ahli, Al-Nassr និង Al-Hilal។ PIF ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Newcastle ដែរនោះ ហាក់​កំពុង​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់ ដោយ​ការចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ទាក់ទាញ​កីឡាករ។

    ទោះជា​យ៉ាងណាក៏ដោយ គេ​នៅតែ​ត្រូវ​រង់ចាំ​មើលថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់​ក្នុងចំណោម​កីឡាករ​ដែល​បាន​រៀបរាប់​ខាងលើ ព្រម​ទទួលយក​សំណើ​របស់​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត៕

  • នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) តើ​ក្រុមបាល់ទាត់នីមួយៗទទួលបាន​ប្រាក់​ប៉ុន្មាន?

    នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) តើ​ក្រុមបាល់ទាត់នីមួយៗទទួលបាន​ប្រាក់​ប៉ុន្មាន?

    (អង់គ្លេស) – ក្លឹប​បាល់ទាត់នីមួយៗដែល​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​លិ​គ​កំពូល​អង់គ្លេស (English Premier League) រដូវ​កាល 2022/2023 ទទួលបាន​ជិត 160 លាន​ដុល្លារ​អាម៉េរិក​ពី​គណៈកម្មការ​រៀបចំ ក្នុងនោះ ម្ចាស់​ជើងឯក Man City ទទួលបាន​ប្រាក់​ច្រើនជាងគេ។

    លិ​គ​កំពូល​អង់គ្លេស​ចែក​ប្រាក់រង្វាន់ និង​ប្រាក់ចំណូល​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​ជាង 3 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅឱ្យ​ក្លឹប​ទាំង 20 ដែល​ចូលរួម​ការប្រកួត។ បើទោះជា​គណៈកម្មការ​រៀប​ចំ​មិន​ប្រកាស​តួលេខ​ជាក់លាក់​ជា​សាធារណៈ ប៉ុន្តែ​ប្រាក់ចំណូល​ដែល​បាន​ពី​ការផ្សាយ​ផ្ទាល់​ត្រូវបាន​បែងចែក​ស្ទើរតែ​ស្មើគ្នា។ យ៉ាងនេះ​ក៏ដោយ បណ្ដា​ក្លឹប​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅ​អង់គ្លេស តែងតែ​រកបាន​ប្រាក់ចំណូល​ច្រើនជាង។

    ក្លឹប​ទាំង 20 នៅ​លិគ​កំពូលអង់គ្លេស សុទ្ធតែ​ទទួលបាន​ការទូទាត់​ប្រាក់ចំណូល​គោល​ស្មើគ្នា​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់ ដែលមាន​តម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក ក្នុង​រដូវ​កាល​មុន ខណៈដែល​រដូវ​កាល​ឆ្នាំ 2022/2023 នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ខ្ពស់ជាង​មុន។ ប៉ុន្តែ ចំនួន​ប្រាក់​ដែល​ក្លឹបនីមួយៗទទួលបាន​នឹង​ខ្ពស់ជាង​នេះ អាស្រ័យ​លើ​ចំនួន​លើក​ដែល​ពួកគេ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងប្រទេស។

    ទំព័រ Mirror បាន​ផ្សាយ​ថា ម្ចាស់​ជើងឯក Man City ទទួល​ប្រាក់រង្វាន់ 210 លាន​ដុល្លារ​អាម៉េរិក ច្រើនជាងគេបង្អស់​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។ ចំណែក​នៅ​បាត​តារាង​វិញ Leicester, Leeds និង Southampton សុទ្ធតែ​រកបាន​ជាង 150 លាន​ដុល្លារ បើទោះជា​ត្រូវ​ធ្លាក់​ចំណាត់ថ្នាក់។

    បើសិន Man City បានក្លាយ​ជា​ជើង​ឯក​​​នៅ FA Cup និង Champions League ដើម្បី​លើក​ពាន​បី​ក្នុង​មួយ​រដូវ​កាល (Treble) ចំនួន​ទឹកប្រាក់​នេះ​នឹង​កើនឡើង​ដល់​ជាង 330 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ តំណែង​ជើងឯក FA Cup នឹង​នាំមក​នូវ​ប្រាក់រង្វាន់ 4 លាន​ដុល្លារ គ្រា​ដែល Champions League នឹង​ជួយ​ឱ្យ Man City រកបាន 116 លាន​ដុល្លារ។

    តារាង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​​បណ្ដា​ក្លឹប​នៅ​លិគ​កំពូល​អង់គ្លេស​

    យោងតាម Mirror ប្រាក់ចំណូល​របស់​បណ្ដា​ក្លឹប​ដែល​ចូលរួម​ប្រកួត​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល 2022/2023 រួមមាន៖ Man City ទទួលបាន 210 លាន​ដុល្លារ​អាម៉េរិក, Arsenal 207 លាន​ដុល្លារ, Man Utd 204 លាន, Newcastle 202 លាន, Liverpool 200 លាន, Brighton 196 លាន, Aston Villa 194 លាន, Tottenham 191 លាន, Brentford 188 លាន, Fulham 185 លាន, Crystal Palace 182 លាន, Chelsea 179 លាន, Wolves 177 លាន, West Ham 174 លាន, Bournemouth 171 លាន, Nottingham Forest 169 លាន, Everton 165 លាន, Leicester 163 លាន, Leeds 160 លាន, Southampton 158 លាន៕

  • Benitez ដឹកនាំឲ្យ Newcastle វិលទៅលេងក្របខ័ណ្ឌ Premier League វិញ

    Benitez ដឹកនាំឲ្យ Newcastle វិលទៅលេងក្របខ័ណ្ឌ Premier League វិញ

    ក្រម​សា​រិ​កា​ព្រៃ Newcastle United បាន​ឈ្នះ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​វិល​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League វិញ​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​បាន​ផ្តួលក្រុម Preston យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ នៅ​លើ​ទឹក​ដី​ខ្លួន​​​ឯង​។

    ខ្សែ​ប្រយុទ្ធ Christian Atsu បាន​ជួយ​ឲ្យ​ក្រុម​សា​រិ​កាព្រៃ​មួយ​នេះ ធ្វើ​ការ​នាំ​មុខ ២-១ នៅ​ត្រឹម​តង់​ទីមួយ ក្រោយ​ពី​កីឡាករ Jordan Hugill បាន​រក​​គ្រាប់​បាល់​តាម​ស្មើ​របស់ Ayoze Perez សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​​។ ប៉ុន្តែ ពួក​គេ​បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​​​បស់ខ្លួន តាម​រយៈ​ការ​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀត​នៅ​តង់​ទី​២​។ ក្រុមរ​បស់​លោក Rafael Benitez ដណ្តើម​បាន​ត្រឹម​តែ​១​ពិន្ទុ​គត់​ពី​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ពួក​គេ​នៅ​ជិត​​បញ្ចប់​រដូវ​កាល​ មិន​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ឡើយ ខណៈ​ដែល​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​ពួកគេ​សុទ្ធ​សឹង​ជួប​​ភាព​ត្រដាប​ត្រដួស​ដូច​គ្នា​។

    ការ​រង​​បរា​ជ័យ​របស់​ក្រុម Reading និង Huddersfield កាល​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ក្រុម Newcastle ត្រូវ​​ការ​ជ័យ​ជម្នះ​​ត្រឹម​តែ​មួយ​លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​២​។ Newcastle ដែល​មាន​រហស្ស​នាម​សា​រិ​កា​ព្រៃ​ បាន​ក្លាយ​ជា​ក្រុម​ទី​៧​ក្នុង​ចំណោម​ក្រុម​ចំនួន​១៨​ដែល​​បាន​វិល​​ទៅកាន់​ក្រប​ខ័ណ្ឌកំពូល​ភ្លាម​ៗ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​នេះ​។ ពួក​គេ​នឹ​ងត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម Brighton ដែល​បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​១​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន នៅ​រដូវ​កាល​ក្រោយ​។ លោក Benitez វ័យ​៥៧​ឆ្នាំ បាន​ជួប​នូវ​ការ​រីក​រាយ និង​​សម្រេច​គោល​ដៅ​របស់​លោក បើ​ទោះ​បី​លោក​មិន​មាន​ភាព​ច្បាស់​លាស់​ថា លោក​នឹង​​រក្សា​​ស្ថិត​នៅ​ជា​មួយ​នឹងក្លិប​មួយ​នេះ ឬ​យ៉ាង​ណា​​ក៏​ដោយ​​៕

    ប្រភព​ព័ត៌​មាន៖ Bangkok Post