Tag: Neptune

  • ប្រព័ន្ធ​ផ្កាយ​មាន​ភព​​ 6 នេះ ត្រូវ​បានសង្ស័យ​ថា «មាន​ជីវិត​ឆ្លាតវៃ»

    ប្រព័ន្ធ​ផ្កាយ​មាន​ភព​​ 6 នេះ ត្រូវ​បានសង្ស័យ​ថា «មាន​ជីវិត​ឆ្លាតវៃ»

    អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា អាច​រក​ឃើញ​បច្ចេកវិទ្យា​ពី​ភព​ផែនដី​ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ HD 110067 ជា​ទី​ដែល​មាន​ភព​រហូត​ដល់ 6 កំពុង​វិល​ជុំវិញ​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។

    ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2023 ប្រព័ន្ធ​ HD 110067 ដែល​មាន​ផ្កាយ​ក្រិន​ពណ៌​ទឹក​ក្រូច​នៅ​ចំកណ្ដាល​ ហើយ​នៅ​​ជុំវិញ​គឺជា​ភព​ចំនួន​ 6 ដែល​មាន​គន្លង​គោចរ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​ហៅ​ថា orbital resonance ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យល់​ថា អាច​មាន​វត្តមាន​នៃ​ភាវៈរស់​។

    ភព​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា​បំផុត​ បញ្ចប់​ការ​វិល​មួយ​ជុំ (មួយ​ឆ្នាំ​) ​ក្នុង​រយៈ​ពេល​ 9.1 ថ្ងៃ​របស់​ផែនដី​ ខណៈ​បណ្ដា​ភព​ជា​បន្ត​បន្ទាប់​មាន​គន្លង​គោចរ​ដែល​មាន​រយៈ​ពេល​ 13.6 ថ្ងៃ​, 20.5 ថ្ងៃ​, 30.8 ថ្ងៃ​, 41 ថ្ងៃ​ និង​ 54.7 ថ្ងៃ​។ ដូច្នេះ សមាមាត្រ​នៃ​ឥទ្ធិពល​រវាង​ភព​ដែល​នៅ​ក្បែរ​គ្នា​ក្នុង​ប្រព័ន្ធ​ផ្កាយ​នេះ​គឺ 3:2, 3:2, 3:2, 4:3 និង​ 4:3 ។

    យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដីវិទ្យាសាស្ត្រ Research Notes of the AAS ភាព​ប្រទាក់​ក្រឡា​គ្នា​ល្អ​ឥតខ្ចោះ​នេះ​ ជួយ​ឱ្យ​ភព​ទាំង​ 6 ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ភព​ណិប​ទូន (Neptune) មាន​បរិស្ថាន​នឹង​នរ​អស់​រាប់​ពាន់​លាន​ឆ្នាំ​មក​ហើយ​។

    ភព​ខ្លះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ HD 110067 ថែម​ទាំង​មាន​សញ្ញាណ​របស់​​ទឹក​នៅ​លើ​ផ្ទៃ​របស់​ពួក​វា​ទៀត​ផង​។ ពួក​វា​ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​នឹង​នរ មិន​ច្របូក​ប្របល់​យ៉ាង​តិច​មួយ​ពាន់​លាន​ឆ្នាំ​កន្លង​ បន្ទាប់​ពី​កកើត​រូប​រាង​ល្អ​ឥតខ្ចោះ​ និង​វិល​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​អាយុ​បួន​ពាន់​លាន​ឆ្នាំ​។

    ប្រព័ន្ធផ្កាយ HD 110067 – (រូបភាព៖ Thibaut Roger, NCCR Planets)

    អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្វែង​រក​ជីវិត​ឆ្លាត​វៃ​ក្រៅ​ភព​ផែនដី (SETI) របស់​សហរដ្ឋ​អាម៉េរិក គណនា​ឃើញ​ថា ភាព​នឹង​នរ និង​ពេល​វេលា​នោះ គឺ​គ្រប់​គ្រាន់​ដែល​អាច​នាំ​មក​នូវ​ឱកាស​ល្អ​សម្រាប់​ការ​កកើត​ជីវិត​ ការ​វិវត្ត និង​ការ​រីក​ចម្រើន​​។ ជាង​នេះ ភាវៈរស់​នោះ​ទំនង​ជា​បាន​វិវឌ្ឍ​ដល់​កម្រិត​មួយ​ដែល​ក្លាយ​ជា​អរិយធម៌​ធំ​ៗ​ ជា​ជីវិត​ដែល​មាន​បច្ចេកវិទ្យា​ដែល​អាច​ត្រូវ​បាន​រកឃើញ​ពី​ចម្ងាយ​។

    ទំព័រ Science Alert បាន​ផ្សាយ​ថា ក្រុម​ SETI ក៏​បាន​ព្យាយាម​ស្វែង​រក​រលក​សញ្ញា​ពី​បច្ចេក​វិទ្យា​របស់​មនុស្ស​ពិភព​ផ្កាយ​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​ HD 110067 តាម​រយៈ​ស្ថានីយ​តារា​សាស្ត្រ​ Green Bank នៅ​សហរដ្ឋ​អាម៉េរិក​ ប៉ុន្តែ​មិន​ទាន់​ចាប់​បាន​ប្រការ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​។

  • Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។

    ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។

    ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។

    Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។

    អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ Project Neptune នឹង​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន មិន​បំភាយ​ឧស្ម័ន​ពុល​៕

  • ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

    ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

    ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

    បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

    ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

    https://www.youtube.com/watch?v=jU1DsipURcM

    វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

    ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

    ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

  • ចម្លែក! រលក​បោក​ខ្ទប់​ច្រាំង បង្ហាញ​រូបភាព ដូច មុខមាត់​របស់​អាទិទេព​សមុទ្រ

    ចម្លែក! រលក​បោក​ខ្ទប់​ច្រាំង បង្ហាញ​រូបភាព ដូច មុខមាត់​របស់​អាទិទេព​សមុទ្រ

    រលក​សមុទ្រ​ដែលមាន​រូបរាង​ដូច​ទៅនឹង​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង បានបង្ហាញ​ខ្លួន នៅពេល​ព្យុះ​មួយ កំពុង​បោកបក់​ទៅលើ​ឆ្នេរសមុទ្រ​ស្រុក Sussex ខាងកើត នៃ​ចក្រភព​អង់គ្លេស។

    អ្នក​ថតរូប Jeff Overs របស់​ទីភ្នាក់ងារសារព័ត៌មាន BBC ថត​បាន​រូបភាព​នេះ នៅឯ​កំពង់ផែ Newhaven កាលពី​ថ្ងៃទី 6 ខែកក្កដា នៅពេលដែល​រលកធំៗ បង្កឡើង​ដោយ​ព្យុះ កំពុង​បោក​ខ្ទប់​ទៅលើ​ទំនប់​ឃាំង​រលក​សមុទ្រ។ រូបភាព​នេះ ត្រូវបាន​ថត​នៅពេល​ទឹកសមុទ្រ​ជោរ​ឡើង​ខ្ពស់ និង​ខ្យល់​មាន​ល្បឿន​ជាង 80គម/ម៉ោង។

    «ទីនេះ បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ជាង​ថតរូប ព្រោះតែ​សមុទ្រ​មាន​ខ្យល់​ខ្លាំង និង​រលកធំៗ បោក​ខ្ទប់​ទំនប់​ស្កា​ត់រលក» Overs រៀបរាប់។ «រលក លាយឡំ​នឹង​ខ្យល់​ខ្លាំង បោក​ខ្ទប់​ចូល​ច្រាំង បង្កើតបានជា​រូបភាព​ស្រដៀង​នឹង​មុខមាត់ផ្សេងៗ យ៉ាង​ចម្លែក»។

    ការមើលឃើញ​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune (អាទិទេព Poseidon នៅក្នុង​ទេវ​កថា របស់ ក្រិ​ក) គឺជា​ឧទាហរណ៍​ជាក់ស្ដែង​អំពី pareidolia ដែលជា​រោគសញ្ញា​នៃ​ការខ្លាច​មួយ​ប្រភេទ​របស់​ផ្លូវចិត្ត ទាក់ទិន​នឹង​មុខមាត់​នានា បណ្ដាលឱ្យ​មនុស្ស​មើលឃើញ​រូបភាព​ចៃដន្យ​មួយចំនួន​ថា​ជា រូបភាពផ្សេងៗ តាម​ការស្រមើស្រមៃ។

    អ្នក​ថតរូប​ខាងលើនេះ បាន​អះអាងថា៖ «នោះ​គឺជា​រូបភាព​ដែល​ថត​ត្រង់​ពីមុខ ហើយ​ខ្ញុំ​ក៏​មិនបាន​កែ​រូបថត​នេះ​សោះឡើយ»៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា