Tag: MV

  • រថយន្ត​អគ្គិសនី​បែប​ថ្មី​៖ តូច​ដូចម៉ូតូ តែផាសុកភាព​ដូច​រថយន្ត

    រថយន្ត​អគ្គិសនី​បែប​ថ្មី​៖ តូច​ដូចម៉ូតូ តែផាសុកភាព​ដូច​រថយន្ត

    ក្រុម​ហ៊ុន​បច្ចេកវិទ្យាថ្មី​របស់ ស្វ៊ីស Granstudio បង្កើត​ Komma UMV ដែល​ជា​យាន​ជំនិះ​ពិសេស​ លុប​បំបាត់​ព្រំ​ដែន​រវាង​រថយន្ត និង​ម៉ូតូ​។

    ជា​មូលដ្ឋាន Komma UMV គឺជា​រថយន្ត​កង់បួន​ មាន​ដំបូល​ ទ្វារ និង​ក្លុប​សម្រាប់​ដាក់​អីវ៉ាន់។ ក្លុប​នេះ​តូច​ជាង​រថយន្ត ប៉ុន្តែ​ធំជាងឆ្ងាយ​បើធៀប​នឹងក្លុប​​ម៉ូតូ​។

    Komma UMV មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ម៉ូតូ​ តែ​​តូច​ជាង​ 80%​, ​ប្រើ​ប្រាស់ថាមពល​តិច​ជាង 66%, កាត់​បន្ថយ​ចំណាយ​ និង​ឥន្ធនៈ​ 70%  បើ​ធៀប​នឹង​រថយន្ត​ធម្មតា ហើយ​​នៅ​តែមាន​មុខ​ងារ​សុវត្ថិភាព​ដូច​ទៅ​នឹង​រថយន្ត​កង់បួន​។ អ្នក​នៅ​ក្នុង​រថយន្តនេះ មិន​ចាំបាច់ពាក់​មួក​សុវត្ថិភាព​។

    ដោយ​សារ​តែ​មាន​រូប​រាង​តូច Komma UMV ងាយ​ស្រួល​បើកបរ​នៅ​លើ​ដង​ផ្លូវ​ដែល​មាន​ចរាចរណ៍​ចង្អៀត​។ ក្រៅ​ពី​រូប​រាង​តូច យាន​ជំនិះ​នេះ​ក៏​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ដូច​ទៅ​នឹង​ម៉ូតូ នោះ​គឺ ​វា​ប្រើ​ប្រាស់​ចង្កូត​បែប​ម៉ូតូ ​កៅអី​ខាង​មុខ​ និង​ខាង​ក្រោយ​មាន​តែ​មួយ អាច​​ដាក់​មនុស្ស​បាន​តែ​ពីរ​នាក់​។

    Granstudio សង្ឃឹម​ថា Komma UMV នឹង​បើក​ផ្លូវ​ឱ្យ​មាន​វិធី​ថ្មី​​ក្នុង​ការ​ផ្លាស់​ទី​នៅ​ទីក្រុង​។ ជា​រួម​ ចំណុច​ពិសេស​របស់​យាន​ជំនិះ​អគ្គិសនី Komma UMV នេះ គឺ​នៅត្រង់​​ថា វា​មានទាំង​​គុណ​ប្រយោជន៍​របស់​រថយន្ត ទាំង​​គុណ​ប្រយោជន៍​របស់​ម៉ូតូ​៕

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។

  • ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song  របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះ​យ៉ាងរីករាយ​ហើយ​    ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។

    លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយ​ពេល​វេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់​យំ»​នេះលោកបាន​ធ្វើការយ៉ាងសម្រិតសម្រាំងជាមួយ​ក្រុម​ការងារ  ពិសេសពិនិត្យលើSound ដើម្បីទទួល​បានការគាំទ្រពីសាធារណជន។

    ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវ​ចំណាយថវិកា​ច្រើន​ក្នុងការ​ផលិត ព្រោះលោក​ចង់បានផលិតផលល្អដែល​ធ្វើឡើងដោយការសម្រិតសម្រាំងទាំងការ​ចាប់យក​រូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិត​យករូបភាពពីតំបន់ពិសេស​នៅក្នុងទី​ក្រុង​ភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដ​ថា៖«ខ្ញុំធ្វើបែប​នេះគ្មាន​គោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើ​ចេញទៅ​អាច​តម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជា​គ្រឹះ​ក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារ​បរទេស​ខ្ញុំនឹង​អនុវត្តតាមស្ដង់ដារនេះតែម្តង»។

     

    តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាព​ខ្សែ​ភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅប​ញ្ជ្រាបចូល​ទីផ្សារបរទេស​បាន​ទេ​។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាព​នៃ​ភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹង​ដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ​របស់​យើង​​មានគុណភាពល្អ»៕