Tag: Mom

  • ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    វាសនា​របស់ TikTok Shop នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សប្ដាហ៍​នេះ​ ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ បាន​កំណត់​គោលការណ៍​ស្ដី​ពី​ការ​លក់​ទំនិញ​តាម​អនឡាញ​។

    លោក Oktavianus មាន​​មុខរបរ​​លក់​សម្លៀក​បំពាក់កូន​​ក្មេងរយៈ​ពេល​ 10 ឆ្នាំ​ នៅ​ឯ​ផ្សារ Tanah Abang (ហ្សាការតា​) ​ ប៉ុន្តែ ទើប​តែ​បាន​ងាក​ទៅ​​លក់​តាម​អនឡាញ​កាល​ពី​ឆ្នាំ 2017​។ អាជីវករ​វ័យ 37 ឆ្នាំ​រូប​នេះ​ ឱ្យ​ដឹង​ថា តាំង​ពី​ពេល​នោះ​មក គាត់លក់​ដាច់​ជាង​មុន​ឆ្ងាយ​។ «TikTok Shop បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​ល្បឿន​រង្វិលជុំ​នៃ​ទំនិញ​កើន​ពី 30% ទៅ 40%» លោក Oktavianus បាន​ប្រាប់​សារព័ត៌មាន Strait Times ដូច្នេះ​។

    ក៏ប៉ុន្តែ អាជីវករ​ដូច​លោក Oktavianus ទំនងជា​នឹង​លែង​បាន​សប្បាយចិត្ត​បែប​នេះទៀតហើយ​ នៅពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អំពាវនាវ និង​ចាត់​វិធានការ​ បង្ខំ​ឱ្យ​ថ្នាល​បច្ចេកវិទ្យា​ទាំងអស់​ត្រូវ​បែង​ចែក​ឱ្យ​បាន​ច្បាស់​រវាង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ (ecommerce)។

    ឥរិយាបថ​នេះ​ធ្វើ​ឡើង​សំដៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដូច TikTok ជា​ដើម ដោយ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី​យល់​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម (social commerce) ​គឺ​មិន​យុត្តិធម៌​ គំរាម​កំហែង​ដល់​បណ្ដា​សហគ្រាស​ខ្នាត​តូច​ក្នុង​ស្រុក​។

    ចំណែក​ភាគី​តំណាង​​ TikTok ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​សង្គម​ ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្ដែង​របស់​អាជីវករ​តូច​តាច​នៅ​ក្នុង​ស្រុក​ដែល​លក់​ដូរ​បែប​បុរាណ​ ដោយ​ការ​តភ្ជាប់​ពួក​គេ​ជាមួយ​នឹង​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ក្នុង​ស្រុក​ ជា​មនុស្ស​ដែល​អាច​ជួយ​បង្កើន​ការ​ចូល​មើល​ហាង​​អនឡាញ​របស់​អាជីវករ​។

    ទោះយ៉ាង​ណា​ក៏ដោយ ថ្មី​ៗ​នេះ​ ​រដ្ឋមន្ត្រីក្រសួងសហករណ៍សហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី Teten Masduki លើកឡើង​ថា សហគ្រាស​លើ​បណ្ដាញ​សង្គម​លក់​ផលិតផល​នាំ​ចូល​ក្នុង​តម្លៃ​ទាប​ខុស​ធម្មតា​ ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​​ផលិត​ទំនិញ​ក្នុង​ស្រុក​ និង​ប៉ះពាល់​ដល់​សហគ្រាស​ក្នុង​ស្រុក​។

    ក៏ប៉ុន្តែ លោក​ស្រី Weihan Chen ប្រធាន​​ក្រុម​ Insights របស់ Momentum Works ឱ្យ​ដឹង​ថា ការ​ហាម​ឃាត់​លក់​ដូរ​លើ​បណ្ដាញ​សង្គម​អាច​លុប​បំបាត់​រាល់​ផល​ប្រយោជន៍​ដែល​បាន​ពី​បណ្ដាញ​សង្គម​។ ប្រការ​នេះ​ប្រាកដ​ជា​​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​អាជីវករ​តូច​តាច​​ ជា​ក្រុម​ដែល​មាន​បទ​ពិសោធន៍​តិច​តួច​ និង​មាន​ធនធាន​តិច​ជាង​គេ​ នាំ​ឱ្យ​កំណើន​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​យូរ​អង្វេង​មាន​ភាព​យឺត​យ៉ាវ​៕

  • សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។

    ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។

    អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​

    ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។

    ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។

    ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។

    ​ម៉ូឌុល MAPLE

    SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ រួម​មាន​ ម៉ូឌុល DOLCE សម្រាប់ធ្វើ​តេស្ត​​បណ្ដា​ម៉ូឌុល​ដែល​អាច​បត់​បាន​ ខណៈ​ម៉ូឌុល ALBA ធ្វើ​តេស្ត​​ថ្មផ្ទុក​ថាមពល​ និង​ម៉ូឌុល MAPLE ធ្វើ​តេស្ត​បច្ចេកវិទ្យា​បាញ់​បញ្ជូន​​អគ្គិសនី​មិន​ប្រើខ្សែ​​ពី​ទី​អវកាស​មក​កាន់ស្ថានីយ​ទទួល​នៅ​លើ​ដី​​។

    ការ​ធ្វើតេស្ត​បាញ់បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​ប្រើ​ខ្សែ​ និង​ទទួល​បាន​ជោគ​ជ័យ​របស់​​ក្រុមអ្នក​អ្នក​ជំនាញ​​នៅ​វិទ្យាស្ថាន​​បច្ចេក​វិទ្យា California បញ្ជាក់​ថា ការ​ទាញ​យក​ថាមពល​​មិន​ចេះ​រី​ង​ស្ងួត​ និង​ស្អាត​ពី​ទីអវកាស​ បញ្ជូន​មក​កាន់​ផែនដីដើម្បី​ប្រើ​ប្រាស់​ គឺជា​រឿង​ដែល​​ទៅ​រួច​ 100%​៕

  • អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។

    វីតាមីន A

    ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។

    តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។

    ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។

    អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក ដំឡូងជ្វា ថ្លើម ស៊ុត ទឹកដោះ បន្លែផ្លែឈើដែលមានពណ៌​បៃតង​ចាស់ ពណ៌ក្រហម លឿងទុំ និងលឿង ដូចជា ផ្លែក្រូច ផ្លែខេនតាលូប(ត្រសក់ស្រូវបារាំង) ផ្លែទន្លាប់ ម៉ាក់ប្រាង។ល។ វីតាមីន A នៅក្នុងអាហារ និងបន្លែផ្លែឈើនឹងមិនធ្វើឱ្យរាងកាយបានទទួលវីតាមីនលើសពីតម្រូវការដូចវីតាមីនកែច្នៃនោះទេ។ វីតាមីន A ភាគច្រើនមានច្រើននៅក្នុងបន្លែ​ផ្លែ​ឈើដែលនឹងស្ថិតក្នុងរូបភាពជា បេតាឃែរ៉ូធីន ដែលត្រូវបានប្តូរទៅជាវីតាមីន A នៅក្នុងរាងកាយមួយសាទៀត។

    វីតាមីន D

    ជួយក្នុងការបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយ ជួយដល់ការធ្វើការងាររបស់បេះដូង និងប្រព័ន្ធការពាររោគ និងរក្សាកម្រិត​សម្ពាធឈាម។

    តែបើទទួលបានវីតាមីន D ច្រើនជ្រុលពេក នឹងធ្វើឱ្យកើតសភាវជាតិពុល ដូចជា ធុញទ្រាន់ ឬមិននឹកចង់ញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ មិនស្រួលក្នុងពោះ ឈឺក្បាល ឈឺសន្លាក់ឆ្អឹង កាល់ស្យូមនៅក្នុងឈាមខ្ពស់ កាល់ស្យូមតោងនៅក្នុងបេះដូង ក្រលៀន សរសៃឈាម និងប្រព័ន្ធដកដង្ហើម ធ្វើឱ្យអវយវៈទាំងនោះធ្វើការងារខុសប្រក្រតីដោយសារតែរាងកាយបឺតជ្រាបកាល់ស្យូមច្រើនជាងប្រក្រតី និងបង្ខំការរំលាយកាលស្យូមចេញពីឆ្អឹង ធ្វើឱ្យមានកាល់ស្យូមក្នុងឈាមខ្ពស់ និងបាត់បង់តុល្យភាព។

    គួរបានទទួលវីតាមីន D ក្នុងបរិមាណ 600 IU ក្នុង 1ថ្ងៃ ឬឱ្យស្បែកដែលគ្មានឡេការពារពន្លឺថ្ងៃ បានប៉ះពន្លឺថ្ងៃក្នុងអំឡុងពេលមុនម៉ោង 10ព្រឹក ឬក្រោយម៉ោង 3រសៀល ប្រមាណជា 10 – 15នាទី ក្នុង 1អាទិត្យ 2ដង ដោយសារតែវីតាមីន D មាននៅក្នុងពន្លឺថ្ងៃ តែបច្ច័យដែលរារាំងការសាងវីតាមីន D នៅក្នុងស្រទាប់ស្បែកនោះគឺ សម្លៀកបំពាក់ ឡេការពារពន្លឺថ្ងៃ កញ្ចក់រថយន្ត ការធ្វើការនៅក្នុងបន្ទប់ ជាដើម។

    អាហារដែលមានវីតាមីន D មានដូចជា សាច់ត្រីដែលមានអូមេហ្កា3 ដូចជាត្រីសាឌីន សាល់ម៉ុន មែកឃើរេល(សាបាក់) ធូណា ទឹកដោះ ខ្លាញ់ថ្លើមត្រី និងការប៉ះពន្លឺថ្ងៃខ្លះៗ នឹងទទួលបានវីតាមីន D គ្រប់គ្រាន់ល្មមជាមិនខាន។

    Menu for mom

    • ពេលព្រឹក ៈ ស៊ែនវិចឆ៍សាច់ត្រីធូណា-យ៉ាអួ ប្រើយ៉ាអួរសជាតិធម្មជាតិជំនួស ម៉ាយ៉ង់នេស ស្ករបន្តិច និងជួយរឿងប្រព័ន្ធ​បន្ទោ​បង់។ សារធាតុអាហារចម្បងដែលស្ត្រីមានគភ៌នឹងបានទទួលក្នុងពេលអាហារព្រឹកនេះគឺ ប្រូតេអុីន កាលស្យូម ខ្លាញ់ត្រី វីតាមីន A – B និងD។
    • ពេលថ្ងៃត្រង់ ៈ ត្រីផ្លាធូចៀន បែបមិនឱ្យស្រួយពេក ព្រោះបើប្រើពេលចៀនយូរពេក ជាតិខ្លាញ់នៅក្នុងសាច់ត្រីនឹងរលាយ​ចេញមកអស់ ធ្វើឱ្យមិនបានទទួលសារធាតុអាហារល្អៗ។
    • ពេលល្ងាច ៈ ស្ងោជ្រក់ផ្សិត ផ្សិតដែលដុះឡើងតាមធម្មជាតិនឹងសម្បូរទៅដោយវីតាមីន D គ្រឿងស្ងោរជ្រក់រសជាតិស្រទន់​បន្តិចនឹងជួយបំបាត់អាការក្អួតចង្អោ និងជួយឱ្យទទួលទានអាហារបានច្រើនឡើងទៀតផង។

    យើងឃើញហើយថា សារធាតុរ៉ែ និងសារធាតុអាហារដែលល្អ ច្រើនតែចេញមកពីប្រភពអាហារតាមធម្មជាតិ ដូចជាបន្លែផ្លែឈើ សាច់សត្វ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់ខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ស្ត្រីមានគភ៌ត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ និងសមរម្យ៕

  • ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    អ្នកម្តាយដែលទើបតែមានគភ៌ថ្មោងថ្មីដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវ

    មើលថែទាំអ្វីខ្លះទៀត បន្ទាប់ពីជ្រើសរើសមុខម្ហូបត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាក

    យ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? កិច្ចការងារពីមុនដែល

    ធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះសុទ្ធតែជារឿងដែលអ្នកម្តាយមានគភ៌នៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1 – ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកម្តាយមានគភ៌

    បើអ្នកម្តាយមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក) នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 – 15 គីឡូក្រាម ជាមធ្យមកើនមួយខែ 2 គីឡូក្រាម តែក្នុងត្រីមាសដំបូង

    ទម្ងន់អាចថយចុះបាន ដោយសារតែអាការចាញ់កូនដែលក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី 2 ជា

    អំឡុងពេលអស់អាការចាញ់កូនហើយ អ្នកម្តាយអាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់កើនឡើងលឿនជ្រុលពេក ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2 – បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងមានគភ៌ត្រីមាសដំបូងព្រោះតែមិនដឹង តើនឹងមានគ្រោះថ្នាក់ទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ

    និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9 ខែ អ្នកម្តាយអាចត្រូវចូលទៅទទួលការចាក់វ៉ាក់សាំង

    ការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺដង្កាត់។

    3 – វីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកម្តាយគួរទទួលទានបន្ថែមនោះគឺ សារធាតុដែក ដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុង

    គ្រាប់ឈាមក្រហមដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកម្តាយបានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹង

    ធ្វើឱ្យកើត សភាវលោហិតស្លេក ហុចផលឱ្យអ្នកម្តាយកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត

    បើទទួលទានអាហារគ្រប់ 5 ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាចទទួលទានវីតាមីនបន្ថែមក៏បានដែរ តែ

    គួរញ៉ាំទឹកដោះគោជាប្រចាំដើម្បីបង្កើនភាពរឹងមាំរបស់ឆ្អឹងទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះ

    គោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4 – ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធមិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី 3 សូមឱ្យលោកឪពុកអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់អ្នកម្តាយមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វី

    ទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី 1 និង 2 អ្នកម្តាយគួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីឬទេ ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម បើមានអាការទាំង

    នេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងទៅជួបគ្រូពេទ្យភ្លាម។

    5 – ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌អ្នកម្តាយអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង

    (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេរដង ព្រោះរាងកាយរបស់អ្នកម្តាយត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះនៅបានជួយការពារសភាវលើសឈាមបានទៀតផង។

    6 – មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌

    ប្រឹក្សាជាមួយគ្រូពេទ្យសម្ភពគឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាអ្មកម្តាយមានគភ៌ដែលរក្សាសម្ផស្សត្រូវការញ៉ាំថ្នាំព្យាបាលមុន ដែលថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេបដែលអាចចាត់ទុកថាជា

    ប្រភេទថ្នាំគ្រោះថ្នាក់ដែលមានផលទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតភាពពិការបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រប់ពេលថាខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7 – មានដុំសាច់ដុះក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ នៅពេលអ្នកម្តាយស្ទាបប៉ះ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីប៉ាន់ប្រមាណពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនការមានគភ៌ ដែលវាជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងឥតខ្ចោះ និងរឹងប៉ឹង នៅពេលគេធំឡើងលោកឪពុកអ្នកម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើអ្នកម្តាយមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយអ្នកម្តាយម្នាក់ៗមិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9 ខែនោះនឹងយល់បានច្បាស់ល្អជាង៕