Tag: Messenger

  • Hacker បី​ក្រុម​​ប្រកាស​ថា បាន​វាយ​ប្រហារ​លើ Facebook/Instagram

    Hacker បី​ក្រុម​​ប្រកាស​ថា បាន​វាយ​ប្រហារ​លើ Facebook/Instagram

    ក្រោយ​ពី​ហេតុ​ការណ៍​ Facebook, Instagram, Threads និង Messenger «នាំ​គ្នា» ឈប់​ដំណើរ​ការ​នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ នៅ​ម៉ោង​ប្រហែល​ 22 និង 25 នាទី ថ្ងៃទី 05 មីនា (ម៉ោង​នៅ​កម្ពុជា) ក្រុម​ហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធើណិត Cyberint បាន​រាយ​ការណ៍​ថា «ចោរ​អ៊ីនធើណិត» (hacker) ចំនួន​បី​ក្រុម​ រួម​មាន Anonymous Sudan, Skynet និង Godzilla បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​​រឿង​នេះ​។

    បន្ទាប់​ពី​​ហេតុការណ៍​បាន​កើត​ឡើង Anonymous Sundan ក៏​បាន​បង្អួត​ស្នាដៃ​ តាម​រយៈ​ក្រុម​ Telegram «ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​ ធ្វើ​ឱ្យ​ Facebook គាំង ដែល​បង្កើត​ឡើង​ដោយ​​​ក្រុម​របស់​យើង និង​ក្រុម​ហែកឃើរ​ពីរ​ផ្សេង​ទៀត​ គឺ Skynet និង Godzilla!»។ គោលដៅ​របស់ពួក​គេ​គឺ​ ការ​វាយ​ប្រហារ​ និង​បិទ​ទ្វារ​ថ្នាល​បច្ចេកវិទ្យា​ដូច Facebook និង Instagram ជាដើម​។

    ក៏ប៉ុន្តែ Cyberint ឱ្យដឹង​ថា មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ Facebook, Instagram, Threads និង Messenger ត្រូវ​ផ្អាក​ដំណើរ​ការ​គឺ​ដោយ​សារ​ក្រុម​ទាំង​បី​ខាង​លើ​។

    ការ​បង្អួត​ស្នាដៃ​របស់ក្រុម​ Anonymous Sundan

    បើ​សិន​វា​ពិត​ជា​ស្នាដៃ​របស់​ក្រុម​ហែកឃើរ​ទាំង​បី​នេះ​មែន នោះ​ការ​វាយ​ប្រហារ​នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ក្រុម​ទាំង​នេះបាន​សហការ​គ្នា​នោះ​ទេ​។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ 2023 ក្រុម​ទាំង​បី​នេះ​​ធ្លាប់​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សហការ​វាយ​ប្រហារ​លើ​ទំព័រ​ចុះ​ឈ្មោះ​ចូលរបស់​​ Discord ​។ មុន​នោះ ក្រុម​នេះ​ក៏​ធ្លាប់​បាន​រៀប​ផែនដី​វាយ​ប្រហារ​ ChatGPT ផងដែរ​។

    Facebook មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​នៅ​ឡើយ ទាក់​ទង​នឹង​ព័ត៌មាន​ខាងលើ​។ រហូត​មក​ដល់​បច្ចុប្បន្ន​ Facebook ទំនង​ជា​មិន​ទាន់​រៀប​រយ​ទាំង​ស្រុង​នៅ​ឡើយ​ ព្រោះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ចូល​ប្រើ​ប្រាស់​បាន​៕

  • Facebook និង Messenger ជួប​បញ្ហា​ធំ៖ អ្នក​លេង​ខ្លះ​ភ័យខ្លាច​ត្រូវ​គេ​ «ហែក»

    Facebook និង Messenger ជួប​បញ្ហា​ធំ៖ អ្នក​លេង​ខ្លះ​ភ័យខ្លាច​ត្រូវ​គេ​ «ហែក»

    អ្នក​ប្រើ​ប្រាស់​ Facebook និង​ Messenger មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​គណនី​របស់​ពួក​គេ​ត្រូវ​ចាក​ចេញ និង​មិន​អាច​ចូល​ប្រើ​វិញ​បាន​ ទាំង​នៅ​លើ​ App ទាំង​នៅ​លើ​វ៉ែប​។

    ម៉ោង​ប្រហែល 22 និង 30 នាទី​យប់កន្លង​ទៅ Facebook និង Messenger របស់​អ្នក​ប្រើ​ប្រាស់ជាច្រើន​ ត្រូវ​បាន​ធ្វើ​ឱ្យ​ចាក​ចេញដោយ​ឯកឯង។ នៅ​ពេល​​ព្យាយាម​ចូល​ប្រើ​ឡើងវិញ អ្នក​ខ្លះ​តែង​តែទទួល​បាន​សារ​ដែល​ប្រាប់​ថា «ទំព័រ​នេះ​មិន​មាន​ តំណ​ភ្ជាប់​បាន​ខូច ឬ​ត្រូវ​បាន​លុប»។

    បញ្ហា​ខាងលើ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ភ័យ​ស្លន់​ស្លោ ព្រោះ​តែ​យល់​ថា គណនី​ Facebook របស់​ពួក​គេ​ ត្រូវ​បាន​គេ​ហែក​ចូល​គ្រប់គ្រង​។ «ក្រោយ​ពី​ត្រូវ​ខ្ទាត​ចេញ​ពី​គណនី និង​មិន​អាច​ប្រើ​វិញ​បាន ខ្ញុំ​គិត​ថា Facebook ពីរ​បី​គណនី​របស់​ខ្ញុំ ​ប្រាកដ​ជា​ត្រូវ​គេ​លួច​ចូល​ប្រើហើយ​» ផៃ ស្រី​អ៊ីត អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​នៅ​ភ្នំពេញ​ ឱ្យ​ដឹង​ដូច្នេះ​។ ស្រី​អ៊ីត​ ក៏​ប្រញាប់ចូល​ប្រើ​ App មួយចំនួន​ផ្សេង​ទៀត​របស់ Meta ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​របស់​ ប៉ុន្តែ​ នៅ​តែ​មិន​អាច​ប្រើ​បាន​។

    ក្រោយ​ពី​បញ្ហា​នេះ​កើត​ឡើង​បាន​ប៉ុន្មាន​នាទី អ្នក​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភ័ក្ដិ​ ដើម្បី​សួរ​នាំ​។ អ្នក​ខ្លះ​ថា ប្រហែល​ជា​ Facebook មាន​បញ្ហា ឬ​កំពុង​បន្ទាន់​សម័យ​ ខណៈ​ដែល​អ្នក​ខ្លះ​ថា ប្រហែល​ជា​ Facebook ត្រូវ​បាន​គេ​ហែក​ និង​ប្រាប់​ឱ្យ​ឈប់​ចុះ​ឈ្មោះ​ចូល​ ព្រោះ​លេខ​សម្ងាត់​អាច​នឹង​ត្រូវ​គេ​ដឹង​។

    បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​បាន​កើត​ឡើង​លើ​បណ្ដាញ​សង្គម​របស់ Meta

    លើ​ទំព័រ Downdetector ដែល​ជា​ឧបករណ៍​តាម​ដាន​ស្ថាន​ភាព​របស់​សេវា​អ៊ីនធើណិត ទទួល​បាន​​របាយការណ៍​ស្ដី​ពី​កំហុស​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​របស់ Meta នៅ​ទូទាំង​ពិភពលោក​ កើន​ជិត​ដល់ 400,000 លើក​ រួម​ទាំង​ Facebook, Messenger, Instagram, Threads លើក​លែង​តែ​ WhatsApp

    នៅ​វេលា​ម៉ោង​ 1 ថ្ងៃទី 06 មីនា គណនី​ផ្លូវ​ការ​របស់ Facebook បាន​ប្រកាស​ព័ត៌មាន​ ប៉ុន្តែ​មិន​បាន​បក​ស្រាយ​អ្វី​ឱ្យ​បាន​ច្បាស់​លាស់​។ «យើង​បាន​ត្រលប់មកវិញ​។ ពិត​ជា​សូម​អភ័យ​ទោស​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​មិន​អាច​ចូល​ប្រើ​ Facebook នៅ​ថ្ងៃ» គណនីខាងលើ​សរសេរ​ដូច្នេះ​។​

    Andy Stone ប្រធាន​ផ្នែក​សារព័ត៌មាន​ប្រចាំ​ក្រុម​ហ៊ុន Meta ឱ្យ​ដឹង​ថា បញ្ហា​កើត​ឡើង​ពី​ «កំហុស​បច្ចេក​ទេស​មួយ​» ប៉ុន្តែ​មិន​បាន​រៀប​រាប់​លម្អិត​។

    បញ្ហា​ដូចគ្នា​នេះរបស់ក្រុម​ហ៊ុន Meta ​ក៏​ធ្លាប់​បាន​កើត​ឡើងពីរ​លើក​មក​ហើយ ក្នុង​នោះ​មាន​ម្ដង​​​ក្នុង​ឆ្នាំ 2019 និង​ម្ដង​ក្នុង​ឆ្នាំ 2021។

  • ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ​ដ៏​ពិសេស​មួយដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​លុប​សារ​ចាស់ៗ​ ឬ​សារ​ដែលខ្លួន​គិត​ថា ​ខុស​ឆ្គង និង​មិន​ចង់ឱ្យ​បុគ្គល​ម្ខាង​ទៀត​ឃើញ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger របស់ខ្លួន។

    ​​មុខងារ​ថ្មី​នេះ​បានដាក់បញ្ចេញ​​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ចាប់​ពី​ពេល​នេះ ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​កម្មវិធី Messenger ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។ អ្នក​ប្រើប្រាស់​អាច​សិក្សា​ទុក​ជា​ចំណេះដឹងនៅពេលក្រោយតាម​រយៈ​ការ​អនុវត្ត​ដ៏​សាមញ្ញ​ដូច​ខាង​ក្រោម។

    ​- បើក​ដំណើរការ Facebook Messenger លើ​ទូរស័ព្ទ​ ឬ​ Desktop

    • ចូល​ទៅ​កាន់​ការ​សន្ទនា​ដែល​អ្នក​ចង់​លុប
    • ចុច​សង្កត់​ឱ្យ​ជាប់លើ​សារ​ណា​មួយដែលចង់លុប
    • រើស​យក​ពាក្យ Delete > ជ្រើស​ត្រង់​ពាក្យ Remove for everyone
    • (សារ​នោះ​នឹង​បាត់​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក ​និង​បុគ្គល​ម្ខាង​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ពេល​ប្រហែល 10នាទី)៕