Tag: Mauricio Pochettino

  • លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Mauricio Pochettino មានការព្រួយបារម្ភថា ក្រុមមាន់ខ្នាយមាស Tottenham នឹងមិនអាចធ្វើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានទេ ប្រសិនបើលោកមិនទិញចូលកីឡាករថ្មីៗដែលអាចបង្ខំឲ្យខ្សែប្រយុទ្ធ Harry Kane ខ្សែបម្រើ Dele Alli និងកីឡាករសំខាន់ៗជាច្រើនផ្សេងទៀត បង្កើនកម្រិតលេងរបស់ពួកគេទេនោះ។

    លោក Pochettino ទទួលស្គាល់ថា Tottenham មិនអាចធ្វើការប្រជែងផ្នែកហិរញ្ញវត្ថុជាមួយនឹងក្លិបដែលមានទ្រព្យធនច្រើនឡើយ ប៉ុន្តែ លោកមានការប្តេជ្ញាចិត្តក្នុងការនៅជាមួយក្រុមរបស់លោកដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Chelsea កាលពីរដូវកាលមុន។ គ្រូបង្វឹករូបនេះ មិនទាន់បានទិញចូលកីឡាករណាម្នាក់នៅរដូវក្តៅនេះឡើយ ខណៈដែលខ្សែការពារ Kyle Walker បានចាកចេញពី Spurs ទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ។ អ្នកចាត់ការទូទៅរូបនេះ ជឿជាក់ថា ភាពរឹងមាំក្នុងក្រុមអាចនឹងបាត់បង់ ប្រសិនបើកីឡាករដែលមានស្រាប់មិនមានការប្រកួតប្រជែងជាមួយនឹងកីឡាករចំណូលថ្មី ឬក៏ធ្វើឲ្យកៅអីរបស់ពួកគេក្នុងក្រុមស្ថិតក្នុងការគំរាមទេនោះ។ លោក Pochettino បានឲ្យដឹងថា៖ «តើក្លិប Manchester City, Liverpool, Chelsea និងក្លិបផ្សេងទៀតបានព្យាយាមក្នុងការធ្វើឲ្យរដូវកាលរបស់ពួកគេកាន់តែល្អប្រសើរឡើងយ៉ាងដូចម្តេច?

    ការនាំយកកីឡាករ និងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើតារាឆ្នើមៗ និងកីឡាករសំខាន់ៗរបស់ពួកគេ គឺជារឿងដែលយើងត្រូវតែធ្វើដែរសម្រាប់ក្រុមរបស់យើង»។

    ក្រោយពីបានចូលរួមជាមួយនឹងក្លិប Tottenham កាលពីឆ្នាំ2014មក លោក Pochettino បានបញ្ជាក់ថា ការរំពឹងទុកផ្សេងៗបានផ្លាស់ប្តូរ ស្របពេលមានការព្រួយបារម្ភថា កីឡាករឆ្នើមៗអាចនឹងចាកចេញ ប្រសិនបើក្លិបនេះ មិនបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ទេនោះ៕
    ប្រភពព័ត៌មាន៖ The Guardian

  • គ្រូបង្វឹករបស់ Spurs សន្យាថា Kane មិនមែនសម្រាប់លក់ទេ!

    គ្រូបង្វឹករបស់ Spurs សន្យាថា Kane មិនមែនសម្រាប់លក់ទេ!

    លោក Mauricio Pochettino បានបញ្ជាក់ថា វាមិនអាចទៅរួចឡើយដែល Harry Kane នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីក្លិប Tottenham Hotspurs នោះ ក្រោយពីខ្សែប្រយុទ្ធដ៏សំខាន់របស់លោកម្នាក់នេះ បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងពេលក្រុមពួកគេបានបំបាក់ក្រុម Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

    Kane កំពុងតែស្ថិតលើដំណើរផ្លូវឆ្ពោះទៅកាន់ការបញ្ចប់រដូវកាលប្រកួតក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលពីរលើកជាប់ៗគ្នា ក្រោយពីបានបង្ហាញទម្រង់លេងយ៉ាងមុតស្រួចនាកីឡដ្ឋាន King Power។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបច្ចុប្បន្នរកបាន២៦គ្រាប់ ដែលធ្វើឲ្យរូបគេនាំមុខ២គ្រាប់លើខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Everton ខណៈដែលនៅសល់ការប្រកួតតែ១លើកទៀតប៉ុណ្ណោះក្នុងការប្រជែងយកពានរង្វាន់ស្បែកជើងមាស។

    នោះគឺជាការបង្ហាញពីប្រភេទនៃទម្រង់លេងដ៏ល្អឥតខ្ចោះមួយដែលលោក Pochettino ជឿជាក់ថា Kane កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ការក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក។ ស្របពេលជាមួយគ្នានេះ ក្លិបកំពូលៗក្នុងទ្វីបអឺរ៉ុបកំពុងធ្វើការពិចារណាទៅលើការដាក់សំណើក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយក Kane ក្នុងពេលបិទរដូវកាលនេះ ប៉ុន្តែ លោក Pochettino មិនមានបំណងក្នុងការលក់ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់លោកឡើយ ទោះក្នុងតម្លៃខ្លួនខ្ពស់បែបណាក៏ដោយ។ លោក Pochettino បានបញ្ជាក់ថា៖ «វាច្បាស់ណាស់ថា យើងនឹងរក្សាទុកកីឡាករដែលយើងចង់រក្សាទុក។ យើងពិតជាស្ងប់អារម្មណ៍ទៅលើកីឡាករសំខាន់ៗរបស់យើង។ ពួកគេរីករាយក្នុងការនៅទីនេះ ហើយយើងមានគម្រោងដ៏រំភើបមួយ»៕


    ប្រភពពី៖ The Guardian

  • លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Mauricio Pochettino ជឿ​ជាក់​ថា ក្រុម Tottenham Hotspur កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​ស្ថិត​​ក្រោម​ពាក្យ​ចរ​ចាម​អា​រ៉ាម​នៃ​ការ​លក់​ចេញ​​​​កីឡាករ​ឆ្នើម​ៗ ប៉ុន្តែ គ្រូ​បង្វឹក​សញ្ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា គ្មាន​អ្វី​​រា​រាំងក្រុម​របស់​លោក​ក្នុង​​ការ​រក្សា​ការ​ប្រជែង​ដណ្តើម​​ពាន Premier League ឡើយ​។

    ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Kyle Walker គឺ​ជា​សមា​ជិក​ចុង​ក្រោយ​គេ​នៃក្រុម​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​របស់ Spurs ដែល​ត្រូវ​បាន​គេ​ទាក់​ទង​ឲ្យ​​ផ្ទេរ​ចេញ​​កីឡ​ដ្ឋាន White Hart Lane ក្រោយ​ពី​មាន​​​​ការ​លេច​ឮ​ថា ​មាន​​ជម្លោះ​ជា​មួយ​នឹង​អ្នក​ការ​ចាត់​ការ​ទូទៅ​លោក Pochettino​​។ ក្រុម​មាន់​ខ្នាយ​​មាស Spurs អាច​នឹង​កាត់​បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Chelsea មក​​នៅ​ត្រឹម​១​ពិន្ទុ ប្រសិន​​​​បើ​​​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​លើ​​ទឹក​ដីក្រុម West Ham United នៅ​រាត្រី​នេះ ហើយ​លោក Pochettino បានប​ញ្ជាក់​ថា ទាំង Walker និង​មិត្ត​រួម​របស់​គេ នឹង​មិន​ខ្វះ​​នូវ​ការ​​ផ្តោត​អារម្មណ៍​ដោយ​សារ​តែ​​ពាក្យ​ចរ​ចាម​អារ៉ាម​​ទៅលើ​ការ​ចាក​ចេញ​ពី​ក្លិប​នេះ​ឡើយ​។

    ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ឯ​ទីលាន​ហ្វឹកហាត់ Enfield របស់ Spurs នៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍ លោក Pochettino បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រាល់​កីឡាករ​ទាំង​២១​នាក់​កំពុង​តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ឲ្យ​ស​ម្រេច​បាន​នូវ​​សមិទ្ធ​ផល​ដែល​យើង​​ចង់​ធ្វើ​ឲ្យ​សម្រេច​។​ ខ្ញុំ​ពិត​ជា​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​។ កីឡាករ​ក៏​មាន​អារម្មណ៍​ស្ងប់​ផង​ដែរ​​។​ ពួក​គេ​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​​​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​»​។  លោក Pochettino បាន​បន្ថែម​ទៀត​៖​ «វា​ពិត​ជា​សំខាន់​ណាស់​ដែល​អ្នក​គាំ​ទ្រ​​ដឹដង​ថា កីឡាករ​មាន​អារម្មណ៍​ស្ងប់ ហើយ​យើង​នឹង​​រង់​ចាំ​មើល​នៅ​ចុង​រដូវ​កាល​នេះ​ថា ពាក្យ​ចរ​ចាម​​អារ៉ាម​នេះ ពិត​ ឬ​ក៏​​អត់​»​។ Spurs នឹង​​សម្លឹង​រក​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១០​ជាប់​ៗ​ក្នា នៅពេល​ដែល​​​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដីក្រុម West Ham ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម Chelsea នៅ​មុន​ពេល​ការ​ប្រកួត​ក្នុង​ផ្ទះ​​របស់​​ក្រុម​តោ​ខៀវ​ជា​មួយ​នឹង​ក្រុម Middlesbrough នៅ​ថ្ងៃ​ចន្ទ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី​៖ The Sun

  • លោក Pochettino៖ Spurs ត្រៀមលក្ខណៈរួចរាល់ក្នុងការប្រយុទ្ធជាមួយ Chelsea

    លោក Pochettino៖ Spurs ត្រៀមលក្ខណៈរួចរាល់ក្នុងការប្រយុទ្ធជាមួយ Chelsea

    លោក Mauricio Pochettino បាន​​អះ​អាង​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​របស់​ក្រុម Tottenham ក្នុង​លទ្ធ​ផល ១-០ នៅ​លើ​ទឹក​ដីក្រុម Crystal Palace បាន​បង្ហាញ​ថា ពួក​គេ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​ដណ្តើម​យក​​ឱកាស​ភ្លាម​ៗ ប្រសិន​បើ​ក្រុម Chelsea ភ្លាត់​ស្នៀត​ក្នុង​ការ​ប្រជែង​ពាន​។

    ក្រុម​របស់​លោក Pochettino បាន​កាត់​បន្ថយ​គំ​​លាត​ដេញ​តាម​ពី​ក្រោយ​ក្រុម​តោ​ខៀវ Chelsea ឲ្យ​នៅ​ត្រឹម​៤​ពិន្ទុ ខណៈ​នៅ​សល់​​៥​ប្រកួត​​ទៀត ក្រោយ​ពី​​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Christian Eriksen បាន​ជួយ​ឲ្យ​ពួក​គេ​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​នៅ​កីឡដ្ឋាន Selhurst Park កាល​ពី​ថ្ងៃ​ពុធ​។ ក្រុម​​​មាន់​ខ្នាយ​មាស Spurs ហាក់​​បាន​​ជួប​ការ​លំ​បាកក្នុង​ការ​បំភ្លេច​ការ​​ខក​ចិត្ត​របស់​ពួក​គេពី​ការ​ធ្លាក់​ចេញ​ពី​យុទ្ធ​នា​ការ​ដណ្តើម​​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​សប្តាហ៍មុន ក្រោម​ស្នា​ដៃក្រុម Chelsea ខណៈដែល Tottenham ស្ទើរ​តែ​បាន​​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុង​ការ​រក្សា​ការ​​ដាក់​សម្ពាធ​លើ Chelsea ទៅ​ហើយ នៅមុន​ពេល​ធ្វើ​ការ​ស្រោច​ស្រង់​វិញ​។ ក្រុម Tottenham ហាក់​ដូច​​ជា​ស្ថិត​ក្រោម​​សម្ពាធ​​ដូច​កាល​ពី​រដូវ​កាល​មុន​ដែរ ដែល​នៅពេល​នោះ​ពួក​គេ​បាន​អនុ​ញ្ញាត​ឲ្យ​ក្រុម Leicester ឈ្នះ​ពាន ក្រោយ​ពី​​ផ្តល់​ការ​ប្រជែង​ដល់​ពួក​គេ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។

    ប៉ុន្តែ លោក Pochettino ជឿ​ជាក់​ថា ស្មារតី​ប្រយុទ្ធ​ដែល​ក្រុម​របស់​លោក​បាន​បង្ហាញ​ដើម្បីផ្តួលក្រុម​ឡើង​ទម្រង់​លេង Crystal កំពុង​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ជាច្រើន​ក្នុង​​ការ​ឈ្នះ​ពាន​ជា​លើក​ទី​១ បើ​គិត​​ចាប់​តាំ​ងពី​ឆ្នាំ​១៩៦១​។ លោក Pochettino បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​បង្ហាញ​ពី​ស្មារតី​អស្ចារ្យ ក្រោយ​ពី​ការ​ជួប​សប្តាហ៍​ដ៏ខក​ចិត្ត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ថា យើង​​មាន​ការ​ផ្តោត​អារម្មណ៍ និង​ព្យា​យាម​ដើម្បី​ប្រយុទ្ធ​»​។ គ្រូ​​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​បង្ហាញ​ថា យើង​បាន​រៀន​ជាច្រើន​ពី​ការ​ប្រកួត​កាល​ពី​រដូវ​កាល​មុន​​។ នោះ​ពិត​ជា​រឿង​សំខាន់​ណាស់​»​៕

    ទស្សនាវីដេអូ Highlights៖


    ប្រភពពី: Worldsoccertalk