Tag: masks

  • ប្រទេស​ដែល​ធ្វើ​ “ព្រងើយ​” ចំពោះ​បញ្ហា​ខ្វះ​ម៉ាស់​នៅ​ទូទាំង​​ពិភពលោក

    ប្រទេស​ដែល​ធ្វើ​ “ព្រងើយ​” ចំពោះ​បញ្ហា​ខ្វះ​ម៉ាស់​នៅ​ទូទាំង​​ពិភពលោក

    ប្រទេស​ជា​ច្រើន​កំពុង​តែ​ដណ្ដើម​​ទំនិញ​ជា​សម្ភារ​សុខាភិបាល​ដើម្បី​ទប់​ទល់​នឹង​COVID-19 ក៏ប៉ុន្តែ​ប្រទេស​ហ្វង់ឡង់​​ឯណោះ​វិញ បែរ​ជា​មិន​ខ្ចី​អើពើ​លើ​រឿង​នេះ ដោយ​សារ​តែ​អាង​ម៉ាស់​ដែល​បាន​ត្រៀម​​ពេញ​ក្នុង​ឃ្លាំង​។

    ឃ្លាំង​ដ៏ធំបំផុត​នៅ​អឺរ៉ុប​នេះ ត្រូវ​បាន​ប្រទេស​ហ្វាំង​ឡង់​​សាង​សង់​អស់​ជា​ច្រើន​ឆ្នាំ​ ដោយ​មិន​ត្រឹម​តែ​មាន​សម្ភារ​សុខាភិបាល​នោះ​ទេ តែ​នៅ​មាន​ទាំង​ប្រេង គ្រាប់​ធញ្ញជាតិ ឧបករណ៍​កសិកម្ម​ រួម​នឹង​វត្ថុ​ធាតុ​សម្រាប់​ផលិត​គ្រាប់​រំសេវ​ទៀត​ផង​។

    នៅ​ពេល​ត្រូវ​បាន​ COVID-19 វាយ​ប្រហារ រដ្ឋាភិបាល​ហ្វាំង​ឡង់ក៏​បាន​បើក​ឃ្លាំង​នេះ​ជា​លើក​ដំបូង​ បន្ទាប់ពី​​សង្គ្រាម​លោក​លើក​ទី2​បាន​បញ្ចប់។ “ហ្វាំង​ឡង់​គឺជា​ប្រទេស​ដែល​មាន​ស្មារតី​បង្ការ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ខាង​ជើង។ ពួកគេ​តែង​តែ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​មហន្តរាយ​នានា​ ឬ​សង្គ្រាម​លោក​លើក​ទី3” នេះ​បើ​តាម Magnus Hakenstad ​​អ្នក​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ស្រាវ​ជ្រាវ​ផ្នែក​ការ​ពារ​ជាតិ​នៃ​ប្រទស​ន័រវែស។

    ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto
    ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto

    Tomi Lounema ប្រធាន​ទីភ្នាក់​ងារ​ជាតិ​សង្គ្រោះ​បន្ទាន់​របស់​ហ្វាំង​ឡង់​ថ្លែង​ថា “បើទោះជា​ហ្វាំង​ឡង់​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ក្នុងពិភពលោក​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ទីតាំង​ភូមិ​សាស្ត្រ​ និង​មេរៀន​ប្រវត្តិ​សាស្ត្រ​បាន​នាំ​ឱ្យ​ប្រទេស​ដែល​មាន​ប្រជាជន​5.5​លាន​នាក់​នេះ តែង​តែ​ត្រៀម​ជា​ស្រេច​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​។ លោក​ក៏បាន​រំឭក​អំពី​សង្គ្រាម​ជាមួយ​សូវៀត​កាល​ពី​ឆ្នាំ​1939​ ដែល​ធ្វើ​ឱ្យ​ហ្វាំង​ឡង់​ត្រូវ​ប្រុង​ជើង​ការ​ជានិច្ច​។

    កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ករណី​ឆ្លងវីរុស​COVID-19 ចាប់​ផ្ដើម​កើន​ឡើង​ច្រើន ក្រសួង​សុខាភិបាល​បាន​ស្នើ​ឱ្យ​បញ្ចេញ​ម៉ាស់​ចែក​ជូន​ដល់​បណ្ដា​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​។ គិត​មក​ដល់​ពេល​នេះ ហ្វាំង​ឡង់​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជាង​2,176​នាក់​ ក្នុង​នោះ​មាន​​28​នាក់​បាន​បាត់​បង់ជីវិត​។ Lounema ថ្លែង​ថា “ម៉ាស់​បាន​ចាស់​ហើយ​ ប៉ុន្តែ​នៅ​ប្រើប្រាស់​​បាន​”។

    ហ្វាំង​ឡង់​មិន​បាន​ឱ្យ​ដឹង​អំពី​ចំនួន​ម៉ាស់ ក៏ដូច​ជា​សម្ភារ​សុខាភិបាល​ដែល​ខ្លួន​មាន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​នៃ​ប្រទេស​នេះ ទទួល​ស្គាល់​ថា សម្ភារ​ដែលបាន​​រក្សា​ទុក​ គឺ​នៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។

    ជា​មួយ​នឹង​ប្រការ​ខាង​លើ​ ហ្វាំង​ឡង់​មាន​ប្រៀប​ជាង​ប្រទេស​ផ្សេង​ៗ ខណៈ​ត្រូវ​ទប់​ទល់​នឹង​រោគ​រាតត្បាត​។ បណ្ដា​ប្រទេស​ដូច​ជា សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ឬ​បារាំង​ជា​ដើម កំពុងតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​សម្ភារ​វេជ្ជាសាស្ត្រ ដូចជា​ម៉ាស់ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម ឈុត​សម្លៀក​បំពាក់​ការពារ​មេរោគជា​ដើម ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ដណ្ដើម​គ្នា​យ៉ាង​ខ្លាំង​ក្លា សូម្បី​តែ​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ក៏ដោយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​

    ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​

    មន្ត្រី​នៃ​ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ប្រកាស​ថា ប្រទេស​នេះ​បាន​លក់​ម៉ាស់​ជិត​4​ពាន់​លាន​បន្ទះ​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ៗ រាប់​ចាប់តាំង​ពី​ខែ​មិនារហូត​ដល់​បច្ចុប្បន្ន​។

    បើ​ទោះ​ជា​ COVID-19 កំពុង​តែ​បន្ថយ​ឥទ្ធិពល​នៅ​ប្រទេស​ចិន ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅ​តែ​ជំរុញ​ឱ្យ​បណ្ដា​រោងចក្រ​ បង្កើន​ការ​ផលិត​ឧបករណ៍​សុខាភិបាល​ ខណៈ​ដែល​វីរុស​នៅ​តែ​បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​លើពិភពលោក​ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជិត​​1.3​លាន​នាក់​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​ជិត​70,000​នាក់​បាន​បាត់​បង់ជីវិត​។

    ប្រទេស​ចិន បាន​នាំ​ចេញ​ម៉ាស់​ចំនួន​3.86​ពាន់​លាន​បន្ទះ​ សម្លៀក​បំពាក់​​ការ​ពារ​មេរោគ​ចំនួន​37.5​លាន​ឈុត​ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ចំនួន​16,000​គ្រឿង និង​ឧបករណ៍​ធ្វើ​តេស្ត​​រក​មេរោគ​COVID-19ចំនួន​2.84​លាន​ឈុត​ ចាប់​តាំងពី​ថ្ងៃទី​1មីនា​ ដោយ​មាន​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចំនួន​ជាង​50​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គយម្នាក់​ឈ្មោះ​​ Jin Hai នា​ថ្ងៃ​នេះ។ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា ទំហំ​ទឹក​ប្រាក់​នៃ​សម្ភារ​សុខាភិបាល​ដែល​បាន​នាំ​ចេញ​របស់​ប្រទេស​ចិន​​សរុប​​ប្រមាណជា​1.4​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​ក៏ប៉ុន្តែ​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ហូឡង់ ហ្វីលីពីន ក្រូអាត ទួរគី និង​អេស្ប៉ាញ​ជា​ដើម បាន​ត្អូញ​ត្អែរ​អំពី​គុណ​ភាព​សម្ភារ​ដែល​នាំចូល​​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • វៀត​ណាម​នឹង​ផលិត​​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

    វៀត​ណាម​នឹង​ផលិត​​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

    ចាប់​ពី​ថ្ងៃ​នេះ (16មីនា ឆ្នាំ​2020) វៀតណាម​នឹងចាប់​បង្ខំ​​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ ពាក់​ម៉ាស់​​នៅ​ក្នុង​ផ្សារ​ទំនើប ព្រលាន​យន្ត​ហោះ ស្ថានីយ​រថភ្លើង ចំណត​រថយន្ត​ និង​នៅ​លើមធ្យោ​បាយ​ធ្វើ​ដំណើរ​​សាធារណៈ។ល។ បណ្ដា​ក្រុម​ហ៊ុន​​ផលិត​ម៉ាស់​ក្នុង​ស្រុក​ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ នៅ​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹង​មេរោគ COVID-19។

    អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong កំពុង​ពិនិត្យ​ការ​ផលិត​ម៉ាស់​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​នៅ​វៀត​ណាម

    នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដី​អំពី​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បាន​ចេញ​បញ្ជា​ឱ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​ពាក់​ម៉ាស់​​នៅ​តាម​ទី​សាធារណៈ ឱ្យ​បាន​តឹង​រ៉ឹង​​បំផុត​។ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ក៏បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ គ្រប់​គ្រង​ស្ថាន​ការណ៍​ផលិត​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ និង​មាន​គុណ​ភាព​។

    អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី​30មីនា វៀត​ណាម​ត្រូវ​ការ​ម៉ាស់​ចំនួន​30លាន​បន្ទះ ដើម្បី​ទប់ទល់​នឹង​ COVID-19។ កន្លង​មក វៀត​ណាម ខ្វះ​ខាត​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ម៉ាស់​ ប៉ុន្តែ បច្ចុប្បន្ន វៀត​ណាម​បាន​រក​ឃើញ​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​ដែល​អាច​ជំនួស​វត្ថុ​ធាតុ​ដើម​ដែល​កំពុង​ខ្វះ​ខាត។

    ​អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ (Ministry of Industry and Trade) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន វៀត​ណាមមាន​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដែល​អាច​ផ្គត់​ផ្គង់​ឱ្យ​ការ​ផលិត​​ម៉ាស់​ចំនួន 30​លាន​បន្ទះ​ នា​ចុង​ខែ​មីនា​នេះ​។

    ចាប់​តាំង​ពី​រោគរាត​ត្បាត​ COVID-19 បាន​រីក​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក តម្រូវ​ការ​ម៉ាស់​ក៏​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខ្វះ​ខាត​ម៉ាស់ ហើយ​ធ្វើ​ឱ្យ​ម៉ាស់​ឡើង​ថ្លៃមិន​គួរ​ឱ្យ​ជឿ​ រហូត​ដល់​មាន​ករណី​អ្នក​រកស៊ី​អមនុស្ស​ធម៌​ខ្លះ បាន​ប្រមូល​ម៉ាស់​ដែល​គេ​បោះ​ចោល​បន្ទាប់​ពី​ប្រើ​រួច​ យកទៅ​លក់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទៀត​ផង​​​។

    ទាក់​ទិន​នឹង​បញ្ហា​ខាង​លើ កាល​ពី​ថ្ងៃទី28​កុម្ភៈ​ នៅ​ប្រទេស​​វៀត​ណាម អាជ្ញា​ធរ​បាន​ចូល​ត្រួត​ពិនិត្យ​កន្លែង​​ប្រមូល​ទិញ​សំណល់​អេតចាយមួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​ក៏បាន​រកឃើញ​ម៉ាស់​ដែល​គេ​ប្រើ​រួច​​រាប់​សិប​ការុង មាន​តូច​ មាន​ធំ​ លាយ​ឡំគ្នា​។ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ម៉ាស់​ទាំង​នេះ​មាន​ទម្ងន់​ដល់​ទៅ​2តោន។ ក្នុង​ចំណោម​ម៉ាស់​ទាំង​អស់នេះ មាន​ម៉ាស់​ខ្លះ​ជាប់​ស្នាម​ប្រឡាក់ ខ្លះខ្ញុក​ខ្ញុវ ខ្លះ​ទៀត​ក៏​នៅ​ជាប់​​ស្លាក​យីហោ​ផងដែរ​។

    ក្រៅ​ពី​ករណី​ខាងលើ​នេះ អាជ្ញាធរ​វៀតណាម​ ក៏បាន​រក​ឃើញ​កន្លែង​ទទួល​ទិញ​ម៉ាស់​ប្រើ​រួច​ មួយ​កន្លែង​ផ្សេង​ទៀត។​ ដែល​នេះ​ បាន​ធ្វើ​ឱ្យ​ក្រសួង​សុខាភិបាល​វៀត​ណាម ចាត់​វិធាន​ការ​ ហាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ទិញ ឬ​ដឹក​ជញ្ជូន​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​កូរ៉ូណា COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​