យោងតាមសារព័ត៌មានរបស់កាតា Sheikh Jassim បានទទួលជោគជ័យក្នុងការប្រជែងទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United។
ក្នុងមួយរយៈពេលកន្លង Qatari Sheikh Jassim bin Hamad al-Thani បានប្រកួតប្រជែងជាមួយនឹង Sir Jim Ratcliffe ដើម្បីទិញយកបីសាចក្រហម Man Utd។
សម្រាប់ Ineos (ក្រុមហ៊ុនវិនិយោគអង់គ្លេស) ការដែល Jim Ratcliffe ចង់ទិញភាគហ៊ុន 60% របស់ Man United គឺនៅតែអនុញ្ញាតឱ្យគ្រួសារត្រកូល Glazer បន្តដើរតួជាអ្នកគ្រប់គ្រងនៅ Old Trafford។ ប៉ុន្តែ បើតាមសារព័ត៌មាន Al-Watan ដែលជាកម្មសិទ្ធិរបស់ឪពុកលោក Sheikh Jassim ករណីទិញដូរក្លឹប Man United គឺបានជោគជ័យទៅហើយ។
Cristiano Ronaldo មិនមានឈ្មោះក្នុងក្រុមកីឡាករឆ្នើមរបស់ពានរង្វាន់ Saudi Pro League ក្នុងរដូវកាល 2022-2023 បើទោះទាត់បញ្ចូលទីបាន 14 គ្រាប់ឱ្យ Al-Nassr។
(អង់គ្លេស) – ខ្សែប្រយុទ្ធ Marcus Rashford ចាត់ទុកថា ការរារាំង Man City បង្កើតឡើងវិញទិដ្ឋភាពលើកពានជើងឯកទាំងបីនៃរដូវកាល 1998-1999 របស់ Manchester United គឺជារឿងសំខាន់បំផុត នៅមុនវគ្គផ្ដាច់ព្រ័ត្រ FA Cup។
«ការធានាថា Man Utd នៅតែជាក្លឹបអង់គ្លេសតែមួយគត់ដែលដណ្ដើមបានពានជើងឯកទាំងបីក្នុងមួយរដូវកាល (Treble) គឺជារឿងសំខាន់បំផុត» Rashford ថ្លែងដូច្នេះនៅពេលត្រូវបានសួរអំពីការជំរុញទឹកចិត្តរបស់គាត់នៅមុនវគ្គផ្ដាច់ព្រ័ត្រ FA Cup (Football Association Challenge Cup)។
ក្រោយពីដណ្ដើមបានពានរង្វាន់ជើងឯកលិគកំពូលអង់គ្លេសបន្តបន្ទាប់ជាលើកទីបី Man City នៅសល់ពីរប្រកួតទៀតដែលនឹងត្រូវប៉ះ Man Utd ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅទីលាន Wembley របស់អង់គ្លេស ថ្ងៃទី 03 មិថុនា រួចប្រកួតជាមួយ Inter Milan ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅប្រទេសតួកគី ថ្ងៃទី 10 មិថុនា។ គ្រូបង្វឹក Pep Guardiola របស់ក្លឹប Man City ធ្លាប់បានសម្ដែងអំពីមហិច្ឆតាលើកពានទាំងបីនេះដើម្បីបង្កើតឡើងវិញទិដ្ឋភាពនៃជ័យជម្នះរបស់ Man Utd នៅរដូវកាល 1998-1999។
ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United
សម្រាប់ Man Utd វិញ ការផ្ដួល Man City នៅលើទីលាន Wembley របស់ក្រុងឡុងដ៍នៅចុងសប្ដាហ៍នេះ មិនត្រឹមតែជួយឱ្យពួកគេលើកពានជើងឯកបានពីរបន្ទាប់ពី EFL Cup (League Cup) ក្នុងមួយរដូវកាលនោះទេ ប៉ុន្តែក៏រារាំងគូប្រកួតមកពីទីក្រុងជាមួយគ្នា បង្កើតឡើងជាថ្មីនូវជោគជ័យក្រោមការដឹកនាំរបស់ Sir Alex Ferguson កាលពី 24 ឆ្នាំមុនផងដែរ។
ក្នុងពិធីប្រគល់រង្វាន់ចុងរដូវកាលរបស់ Manchester United កាលពីព្រលប់ថ្ងៃទី 19 ឧសភា ខ្សែប្រយុទ្ធ Rashford ដណ្ដើមបានពានរង្វាន់ប្រចាំរដូវកាលចំនួនពីរសំខាន់ៗ គឺ ពានរង្វាន់កីឡាករឆ្នើមបំផុតដែលបោះឆ្នោតដោយអ្នកគាំទ្រ (Sir Matt Busby Player of the Year) និងពានរង្វាន់កីឡាករឆ្នើមបំផុតដែលបោះឆ្នោតដោយសមាជិកក្នុងក្រុម៕
Sheikh Jassim bin Hamad al-Thani ចង់លុបបំបាត់គោលការណ៍ដែលរារាំងកីឡាករទទួលបានប្រាក់បៀវត្សខ្ពស់ជាង បើធៀបនឹងមិត្តរួមក្រុមដទៃដែល Manchester United កំពុងអនុវត្ត។
ទំព័រ Sun Sport ថ្មីៗនេះបានរាយការណ៍ថា ម្ចាស់ថ្មីដ៏មានសក្ដានុពលរបស់ Man United នឹងលុបចោលការកំណត់ស្ដីពីប្រាក់បៀវត្សក្នុងសម័យរបស់គ្រូបង្វឹក Erik ten Hag ដែលបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប បន្ទាប់ពីការចាក់ចេញរបស់ Cristiano Ronaldo កាលពីចុងឆ្នាំមុន។
យោងតាមអ្វីដែលគេហៅថា «គោលការណ៍ Ronaldo» ក្លឹប Man United បានកំណត់ប្រាក់បៀវត្សអតិបរមាប្រចាំសប្ដាហ៍ត្រឹម 200,000 ផោនអង់គ្លេស ហើយនឹងមិនផ្ដល់ប្រាក់បៀវត្សលើសពីនេះដល់កីឡាករណាទាំងអស់។ គោលការណ៍នេះត្រូវបានដាក់ឈ្មោះមិនផ្លូវការទៅតាមឈ្មោះរបស់ Ronaldo ព្រោះតែកំពូលតារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ធ្លាប់ទទួលបានប្រាក់បៀវត្ស 385,000 ផោន/សប្ដាហ៍ នៅក្នុងការធ្វើការឱ្យក្លឹបនេះលើកទីពីរ មុនពេលទំនាក់ទំនងរវៀង CR7 និង Man United ត្រូវបញ្ចប់ក្នុងភាពចម្រូងចម្រាស។
ការសម្រេចចិត្តរបស់ម្ចាស់ថ្មី ជំរុញឱ្យបីសាចក្រហមអាចទាក់ទាញបណ្ដាកីឡាករលំដាប់ពិភពលោក មកចូលរួមជាមួយគ្រួសារ Old Trafford ក្នុងនោះមាន Neymar របស់ក្លឹប PSG ជាដើម។ ការលុបចោល «គោលការណ៍ Ronaldo» ក៏អាចជួយឱ្យ Man United រក្សាកំពូលកីឡាករដែលមានបច្ចុប្បន្ន មានដូចជា Marcus Rashford ជាដើម ដែលកំពុងរារែកក្នុងការចុះកិច្ចព្រមព្រៀងថ្មី ព្រោះតែប្រាក់បៀវត្សដែលត្រូវបានលើកឡើងដោយភាគីក្លឹប។
Sheikh Jassim អ្នកវិនិយោគមកពីកាតា បានធ្វើការប្រឹងប្រែងដើម្បីដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់របស់ Man United ពីគ្រួសារ Glazer។ មុនពេលម្ចាស់ថ្មីមកកាន់ Old Trafford ក្រុម Man United នឹងត្រូវបញ្ចប់រដូវកាល Premier League 2022/2023 ដោយការប្រកួតនៅលើទីលានរបស់ខ្លួន ជាមួយនឹង Fulham និងប៉ះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅសប្ដាហ៍ក្រោយ៕
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើ ០-០ ពេលប្រកួតជាមួយនឹងក្រុម Manchester United កាលពីចុងសប្តាហ៍មុន លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ពិតជាពេញចិត្តសម្រាប់ការធ្វើដំណើរទៅប្រកួតកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យនេះ ដើម្បីជួបជាមួយនឹងក្រុមឡើងទម្រង់លេង Tottenham Hotspur។ Man United បានបង្ហាញពីទម្រង់លេងប្រកបដោយភាពប្រុងប្រយ័ត្ននៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍ ដោយធ្វើឲ្យក្រុមរបស់លោក Klopp រកបានឱកាសដ៏ជាក់លាក់ពីមុខទីត្រឹមតែ2លើកប៉ុណ្ណោះ។
Liverpool បាននាំយកការខកចិត្តរបស់ពួកគេទៅទម្លាក់លើក្រុម Maribor ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍នេះ ដោយបានរកគ្រាប់បាល់បញ្ចូលទីដល់ទៅ7គ្រាប់លើក្រុមរបស់ស្លូវេនីមួយនេះ ហើយលោក Klopp ពិតជារំភើបក្នុងការធ្វើដំណើរទៅជួបក្រុម Spurs ភ្លាមៗ។ លោក Klopp បានប្រាប់សន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតកាលពីថ្ងៃសុក្រ ថា៖ «ខ្ញុំពិតជាកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតនេះ ពីព្រោះអ្នកមិនមានការប្រកួតបែបនេះច្រើនឡើយ ខណៈដែលក្រុមទាំងនេះ នឹងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពដូចគ្នា។ វានឹងក្លាយជាការប្រកួតដូចជាមួយនឹងក្រុម Man City អ៊ីចឹង ហើយការប្រកួតជាមួយនឹង Tottenham នឹងមានលក្ខណៈដូចគ្នា»។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់តារាឆ្នើម Isco បានបង្កើតឲ្យមានការប្រែប្រួល ខណៈដែលក្រុម Real Madrid បានសង្គ្រោះការវាយបកយ៉ាងខ្លាំងក្លារបស់ក្រុម Manchester United ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 និងដើម្បីលើកពាន UEFA Super Cup ក្នុងរដ្ឋធានី Skopje របស់ប្រទេសម៉ាសេដ្វាន កាលពីថ្ងៃអង្គារ។
ខ្សែបម្រើ Casemiro បានជួយឲ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី24 នៅរាត្រីនៃការប្រកួតក្នុងទីក្រុង Skopje ហើយ Isco បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ក្រោយពីចាប់ផ្តើមលេងបាន7នាទីក្នុងតង់ទី2 បន្ទាប់ពីការឱ្យបាល់ស៊ីយ៉ាងចង្វាក់គ្នាដ៏ល្អជាមួយនឹង Gareth Bale។ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukaku បានវាយបកមួយគ្រាប់វិញនៅនាទីទី56 ដើម្បីអបអរការបង្ហាញខ្លួនជាផ្លូវការជាលើកទី1របស់គេសម្រាប់ក្រុម Man United ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី1គ្រាប់ មុននឹងឈានដល់ការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ។
ជាមួយនឹងជ័យជម្នះនេះ ក្រុម Real របស់លោក Zinedine Zidane បានឈ្នះពាននេះជាលើកទី2ជាប់ៗគ្នារបស់ពួកគេ និងជាលើកទី8ហើយបើសរុបទាំងអស់។ វាជាលើកទី8ហើយក្នុងរយៈពេល9ឆ្នាំដែលក្លិបរបស់អេស្ប៉ាញបានឈ្នះពាន Super Cupនេះ។ ទោះបីជាយ៉ាងណា លោក Jose Mourinho បានពេញចិត្តទៅនឹងទម្រង់លេងរបស់ក្រុមលោក បើទោះបីពួកគេទទួលបរាជ័យក៏ដោយ។ គ្រូបង្វឹកនៃក្រុម Man United រូបនេះបានឲ្យដឹងថា៖ «យើងបានរកឃើញរបៀបលេងមួយដើម្បីធ្វើឲ្យមានការប្រែប្រួលក្នុងតង់ទី2 ធ្វើឲ្យពួកគេទទួលបានកម្រិតបាល់ទាត់ដែលពួកគេចង់បាន ហើយខ្ញុំពិតជាពេញចិត្តចំពោះការបញ្ចេញប្រតិកម្មរបស់យើង»។
ក្លិប Manchester United បានបំពេញការនាំយកខ្សែបម្រើការពារ Nemanja Matic ពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង53លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល3ឆ្នាំ ជាមួយនឹងជម្រើសបន្តរយៈពេល1ឆ្នាំទៀត។
លោក Jose Mourinho បានសម្តែងនូវការរីករាយរបស់លោកចំពោះការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើរូបនេះ តាមរយៈការប្រាប់គេហទំព័ររបស់ Man United ថា៖ «Nemanja គឺជាកីឡាករម្នាក់ របស់ Manchester United ហើយ និងជាកីឡាករម្នាក់របស់លោក Jose Mourinho។ រូបគេជាតំណាងឲ្យរាល់អ្វីទាំងអស់ដែលយើងចង់បានក្នុងកីឡាបាល់ទាត់ ដូចជាភាពស្មោះត្រង់ ភាពរឹងមាំ មហិច្ឆតា និងជាកីឡាករលេងជាក្រុម»។
សូមស្វាគមន៍ចំពោះអ្នកពាក់អាវលេខ31ថ្មីរបស់យើង»។ ការចុះហត្ថលេខាជាមួយនឹង Matic នឹងផ្តល់នូវការជឿជាក់ដ៏ធំមួយសម្រាប់លោក Mourinho ក្រោយពីក្លិបបិសាចក្រហម Man United បានបរាជ័យក្នុងការនាំយកខ្សែបម្រើ Eric Dier ពីក្លិប Tottenham Hotspurs។ ក្លិបសេះបង្កង់ Juventus ក៏ចង់ទិញយក Matic ផងដែរ ប៉ុន្តែកីឡាករដែលនឹងឈានចូលវ័យ29ឆ្នាំនៅថ្ងៃអង្គារនេះរូបនេះ ចង់ផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford និងធ្វើការម្តងទៀតក្រោមការដឹកនាំរបស់លោក Mourinho ខ្លាំងជាង។
Matic ដែលដំបូងឡើងបានចូលរួមជាមួយនឹងក្រុមតោខៀវកាលពីឆ្នាំ2009 នៅមុនពេលផ្ទេរទៅកាន់ក្លិប Benfica កាលពីឆ្នាំ2011នោះ បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងពេលក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Mourinho ក្នុងរដូវកាលឆ្នាំ2014-2015៕ ប្រភពពី៖ The Guardian
ក្លិបបិសាចក្រហម Manchester United កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹង Nemanja Matic ពីក្លិបតោខៀវ Chelsea សម្រាប់តម្លៃខ្លួន40លានផោន (ស្មើនឹង52.53លានដុល្លារអាមេរិក) ក្រោយពីខ្សែបម្រើអន្តរជាតិស៊ែប៊ីរូបនេះបានត្រួតពិនិត្យសុខភាពកាលពីថ្ងៃអាទិត្យរួចមក។ Matic វ័យ28ឆ្នាំ នឹងក្លាយជាកីឡាករចំណូលថ្មីទី3របស់ក្លិប Man United នៅរដូវក្តៅនេះ ក្រោយពីការនាំយកខ្សែការពារ Victor Lindelof ពីក្លិប Benfica ក្នុងតម្លៃខ្លួន31លានផោន និងខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្នុងតម្លៃខ្លួន75លានផោន។ នៅមុនពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-0 លើក្រុម Valerenga ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេកាលពីថ្ងៃអាទិត្យ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United បានឲ្យដឹងថា៖ «យើងកំពុងតែរង់ចាំនូវព័ត៌មានផ្សេងៗ។ Matic ពិតជាចង់ផ្ទេរខ្លាំងណាស់។ ខ្ញុំគិតថា យើងមានឱកាសមួយ។ លេខ31 គឺជាលេខដែលនៅទំនេរ»។ ការផ្ទេរនេះ មានន័យថា វាគឺជាលើកទី2ហើយដែលលោក Mourinho បានទិញ Matic ក្រោយពីការនាំយករូបគេពីក្លិប Benfica ទៅកាន់ក្លិប Chelsea ។ Chelsea បានចំណាយប្រាក់21លានផោន កាលពីខែមករា ឆ្នាំ2014 ទៅឱ្យក្លិប Benfica ដើម្បីចុះហត្ថលេខាជាមួយនឹង Matic ជាលើកទី2 នៅឯកីឡដ្ឋាន Stamford Bridge។ Matic មានតម្លៃខ្លួនតិចជាង5លានផោនប៉ុណ្ណោះកាលពីខែមករា ឆ្នាំ2011 នៅពេលដែលរូបគេបានចាកចេញពីក្លិប Chelsea ទៅកាន់ប្រទេសព័រទុយហ្គាល់ ដើម្បីបើកផ្លូវឲ្យខ្សែការពារ David Luiz ទៅកាន់ក្រុមតោខៀវ។
ខ្សែបម្រើរូបនេះបានស៊ុតបាល់បញ្ចូលទី1គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ចំនួន35លើក អំឡុងពេលរដូវកាលឈ្នះពានឆ្នាំ2016-2017 របស់ Chelsea ប៉ុន្តែ ក៏បានស៊ុតបាល់បញ្ចូលទីដ៏សំខាន់ផងដែរ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើក្រុម Tottenham កាលពីខែមេសា៕
លោក Jose Mourinho បានចាត់ទុក Tottenham ជាគូប្រជែងដ៏ខ្លាំងក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League នៅរដូវកាលខាងមុខនេះ និងបានធ្វើការប្រៀបធៀបការប្រជែងរបស់លោកនៅឯក្លិប Manchester United ទៅនឹងការប្រជែងដែលលោកធ្លាប់បានជួបប្រទះកាលពីមុនក្នុងពេលដឹកនាំក្លិប Real Madrid តាមរយៈការបញ្ជាក់ថា ក្លិបនេះ ត្រូវបានគេមើលរំលងទៅលើ «ការវិវឌ្ឍនៃកីឡាបាល់ទាត់» នៅពេលលោកបានចូលកាន់តំណែងជំនួសលោក Louis van Gaal កាលពីរដូវក្តៅមុន។
លោក Mourinho តែងតែបានឈ្នះពានជើងឯកក្នុងរាល់រដូវកាលទី២នៃអាជីពដឹកនាំរបស់លោក ប៉ុន្តែ គេជឿជាក់ថា ការសម្រេចបាននូវសមិទ្ធផលនេះម្តងទៀត នឹងក្លាយជារឿងដ៏លំបាកក្នុងយុទ្ធនាការខាងមុខនេះ។ គ្រូបង្វឹករូបនេះមានអារម្មណ៍ថា Man United គឺជាបេក្ខភាពក្នុងការប្រជែងដណ្តើមពានលីកជាលើកទី21របស់ពួកគេ ប៉ុន្តែបានចាត់ទុក Spurs គឺជាបេក្ខភាពដ៏ចម្បងពីព្រោះពួកគេបានរក្សាទុករាល់កីឡាករសំខាន់ៗទាំងអស់ លើកលើកលែងតែ Kyle Walker ម្នាក់ប៉ុណ្ណោះ។
ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានលក់ទៅឲ្យក្លិប Manchester City ពីព្រោះអ្នកជំនួសកន្លែងរបស់គេគឺកីឡាករ Kieran Trippier ក៏ជាតារាឆ្នើមផងដែរ។ នៅពេលដែលត្រូវបានចោទសួរឲ្យលោកធ្វើការប៉ាន់ប្រមាណទៅលើឱកាសរបស់លោកក្នុងការជួយឲ្យក្រុម Man United ក្លាយជាម្ចាស់ជើងឯកម្តងទៀតនោះ លោក Mourinho បានឆ្លើយថា៖ «ខ្ញុំគិតថា យើងមិនមែនជាបេក្ខភាពដ៏ធំឡើយសម្រាប់ការឈ្នះពាន ប៉ុន្តែយើងគ្រាន់តែជាបេក្ខភាពមួយប៉ុណ្ណោះ។
គ្រប់គ្នានិយាយអំពីទំហំនៃការបណ្តាក់ទុនលើកីឡាករថ្មីៗនៅឯ Man City ប៉ុន្តែមានក្រុមមួយផ្សេងទៀតដែលខ្ញុំមានអារម្មណ៍ថា ទំហំនៃការបណ្តាក់ទុនរបស់ពួកគេក៏ស្ថិតក្នុងកម្រិតអស្ចារ្យផងដែរ គឺ Tottenham។ ពួកគេរក្សាទុក Dele Alli, Harry Kane និង Toby Alderweireld ហើយពួកគេក៏ទុក Eric Dier ផងដែរ។ ពួកគេចង់ទុករាល់កីឡាករដែលពួកគេចង់ទុក»៕ ប្រភពពី៖ The Guardian