Tag: Ligue 1

  • ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ម្ចាស់ជើង​ឯក​ពាន​រង្វាន់ Ligue 1 ទំនង​ជា​នឹង​ទទួល​យក​ការ​លក់​ Kylian Mbappe ក្នុង​តម្លៃ​ 160 លាន​ដុល្លារអាម៉េរិក​ ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាត់​បង់​កីឡាករ​នេះទទេ​ៗ​ ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2024​។

    យោង​តាម​ ESPN ប្រធាន​ Nasser Al Khelaifi យល់​ព្រម​ឱ្យ​ Mbappe ចាក​ចេញ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2023​ បើសិន​ជា​ទទួល​បាន​ប្រាក់​ដោះ​ដូរ​ 150 លាន​អឺរ៉ូ (ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក)​ ព្រោះ​ថា សុពលភាព​កិច្ច​ព្រម​ព្រៀង​របស់​ Mbappe នៅ​ក្លឹប​ PSG នេះ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

    សារព័ត៌មាន​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ក្លឹប​ថ្មី​របស់ Mbappe អាច​ជា​ Real បើ​សិន​ចាក​ចេញ​ពី PSG។ ចំណែកសារព័ត៌មាន​បារាំង L’Équipe ក៏​បាន​ផ្សាយ​ថា ក្លឹប Real បាន​​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ដោះ​ដូរ​យក​ Mbappe ដោយ​មិន​រង់​ចាំ​ទិញ​ក្នុង​ក្រម​ខណ្ឌ​កីឡាករ​សេរី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​។

    PSG កំពុងស្ថិត​ក្នុង​ការ​ប្រែប្រួល​ខ្លាំង​នៅ​រដូវ​កាល​នេះ​។​ Sergio Ramos, Lionel Messi បាន​ចាក​ចេញ​ទៅ​តាម​ទម្រង់​សេរី ខណៈ​ដែល Neymar ទទួល​បាន​សំណើទិញ​ក្នុង​តម្លៃ​ 300 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​ ពី​​ក្លឹប Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​​។ ចំណែក​ Mbappe វិញ​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​​មិន​ពន្យារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​នេះ​ផងដែរ​។

    ទំព័រ ESPN យល់​ថា ការ​ចាកចេញ​របស់ Mbappe នឹង​បង្ក​ការ​ខាត​បង់​ធំ​សម្រាប់ PSG ព្រោះ​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​និមិត្ត​រូប​របស់​ប្រទេស​បារាំង​ ដោយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​តារា​ធំបំផុត​​បន្ទាប់​ពី​ Messi និង Ronaldo​៕

  • Top 3 កីឡាករ​ដណ្ដើមបាន​ងារ «ឆ្នើម​បំផុត» ច្រើនជាងគេ​ក្នុង​រដូវ​កាល 2022-2023

    Top 3 កីឡាករ​ដណ្ដើមបាន​ងារ «ឆ្នើម​បំផុត» ច្រើនជាងគេ​ក្នុង​រដូវ​កាល 2022-2023

    កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ការប្រកួត​គឺជា​ភស្ដុតាង​បង្ហាញ​អំពី​ការចូលរួម​ប្រកួត​ដ៏​អស្ចារ្យ​របស់​កីឡាករម្នាក់។ ខាងក្រោម​នេះ​គឺជា​កីឡាករ 3 រូប​ដែល​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុតច្រើន​ជាង​គេ​​ក្នុង​រដូវ​កាល 2022-2023។

    ទី​បី ៖ Randal Kolo Muani (Eintracht Frankfurt)

    Randal Kolo Muani គឺជា​កីឡាករ​ខ្សែប្រយុទ្ធ​ដែលមាន​កម្លាំង​ស្វាហាប់ រត់លឿន និង​មាន​បច្ចេកទេស​ទាត់​ផ្ដាច់​ល្អ។ កីឡាករ​រូបនេះ​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ជាងគេ​ចំនួន 10 ប្រកួត។

    ទី​ពីរ៖ Antoine Griezmann (Atletico Madrid)

    ក្នុង 9 ប្រកួត​ចុងក្រោយ​បំផុត​ដែល​បាន​ចូលរួម Antoine Griezmann រកបាន 6 គ្រាប់ និង​បង្ក​ឱកាស​បាន 6 គ្រាប់។ ជា​សរុប កីឡាករ​នេះ​ដណ្ដើមបាន​​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​​ចំនួន 13 លើក ក្នុង​រដូវ​កាល 2022-2023។

    ទីមួយ៖ Lionel Messi (Paris Saint-Germain)

    រដូវ​កាល 2022-2023 ប្រាកដជា​ពេលវេលា​ដ៏​ល្អ​​របស់ Messi។ M10 បាន​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup។ ក្នុង 31 លើក​ដែល​បាន​ចូល​ប្រកួត​នៅ Ligue 1 Messi ទាត់​ចូល​ទី​បាន 16 គ្រាប់ និង​បង្កើត​ឱកាស​បាន 16 គ្រាប់​ជូន​មិត្ត​រួម​ក្រុម។ M10 ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ជាងគេ​ចំនួន 14 លើក នៅ Ligue 1 រដូវ​កាល​នេះ៕

  • ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

    ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

    លោក Jorge ដែល​ជា​ឪទុក​របស់​ Lionel Messi បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ដើម្បី​នាំ​កូន​ប្រុស​វិលត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp វិញ មាន​ភាព​រលូន​។

    នៅយប់​ថ្ងៃ​ទី 05 មិថុនា (ម៉ោង​នៅ​កម្ពុជា) លោក Jorge បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​របស់ក្លឹប​ Barca​​​ ដែល​ដឹក​នាំ​ដោយ​ប្រធាន Joan Laporta​។ យោង​តាម​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ទិញ​ដូរ​កីឡាករ​ លោក Fabrizio Romano ដំណើរ​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដែល​នេះបង្ហាញ​ថា ​លទ្ធភាព​វិល​ទៅ​កាន់​អេស្ប៉ាញ​របស់​​​កំពូលកីឡាករ​វ័យ 35 ឆ្នាំ​ M10​ កាន់​តែ​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​។

    «Leo ចង់​ត្រលប់ទៅ​កាន់ Barca ហើយ​ខ្ញុំ​ក៏​ចង់​បាន​ដូច្នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ជឿ​ជាក់​ថា​ ស្ថានភាព​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​។ អ្នក​ទាំង​ឡាយ​នឹង​បាន​ដឹង​អំពី​អនាគត​ឆាប់​ៗ​នេះ​» លោក Romano ដក​ស្រង់​សម្ដី​របស់​លោក Jorge ឱ្យដឹង​ដូច្នេះ​។

    កាល​ពី​ឆ្នាំ 2021 Messi ត្រូវ​ចាក​ចេញ​ពី​ Barca ក្រោយ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់ 21 ឆ្នាំ ព្រោះ​តែ​​ក្លឹប​នេះ​មិន​អាច​ធ្វើ​តាម​ការ​កំណត់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ La Liga​។

    Messi នឹង​ក្លាយ​ជា​កីឡាករ​សេរី​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​បារាំង PSG អស់សុពលភាពឆាប់ៗ​នេះ​។ Messi កំពុង​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​​ចាប់​អារម្មណ៍​ ក្នុង​នោះ​ក៏​មាន Barca, Inter Miami (អាម៉េរិក) និង​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអូឌីត​។ ក្នុង​នោះ​ដែរ មាន​តែ​ភាគី​នៅ​អារ៉ាប៊ីសាអូឌី​មួយ​គត់​ដែល​ស្នើ​ជា​ផ្លូវ​ការ​សម្រាប់​ Messi ក្នុង​តម្លៃ​ 400 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​។

    Lionel Messi បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ជាមួយនឹង PSG ក្នុងនោះ ពួកគេ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Ligue 1 ទាំងពីរ​រដូវ​កាល ក៏ដូចជា​ដណ្ដើមបាន​តំណែង​ជើងឯក Champions Trophy របស់​បារាំង​ឆ្នាំ 2022។ Messi ​ចូលរួម​ទាត់​ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និង​បង្ក​ឱកាស​បាន 35 គ្រាប់។ ក៏ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​គាំទ្រ​របស់​ PSG តែង​តែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​៕

  • ដំណឹង​ Lionel Messi ចាកចេញ ធ្វើ​ឱ្យ​ PSG ​បាត់បង់​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់

    ដំណឹង​ Lionel Messi ចាកចេញ ធ្វើ​ឱ្យ​ PSG ​បាត់បង់​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់

    ម្ចាស់​ជើងឯក Ligue 1 ក្លឹប Paris Saint-German បាន​បាត់បង់​អ្នកតាមដាន​ជាង​មួយ​លាន​នាក់​នៅលើ​បណ្ដាញ​សង្គម Instagram រាប់​ចាប់តាំងពី​បានប្រកាសថា Lionel Messi ចាក​ចេញពី​ក្លឹប​នេះ។

    ថ្មីៗនេះ ក្លឹប PSG បានប្រកាស​ជា​ផ្លូវការ​ថា កិច្ចព្រមព្រៀង​រវាង​ក្លឹប​នេះ និង Lionel Messi មិនអាច​ពន្យារ​សុពលភាព ហើយ​ភាគី​ទាំងពីរ​ផ្ដាច់ទំនាក់ទំនង​នឹង​គ្នា​បន្ទាប់ពី​រដូវ​កាល​នេះ​បានបញ្ចប់។ មិនយូរប៉ុន្មាន​ក្រោយពី​ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់ ចំនួន​អ្នកតាមដាន​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់ PSG ក៏បាន​ថយចុះ​អស់​ជាង​មួយ​លាន​នាក់។

    ឆ្នាំ 2021 រឿង Lionel Messi ចុះ​កិច្ចព្រមព្រៀង​ពីរ​ឆ្នាំ​ជាមួយ PSG គឺជា​ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ​មួយ​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក ហើយ​វា​នឹង​ត្រូវអស់​សុពលភាព​ត្រឹម​ចុងខែ​មិថុនា 2023 ខណៈដែល Messi និង​ PSG មិនបន្ត​​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី។

    ចំនួន​អ្នក​តាម​ដាន​នៅ​មុន​ការ​ប្រកាស​

    Lionel Messi បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ជាមួយនឹង PSG ក្នុងនោះ ពួកគេ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Ligue 1 ទាំងពីរ​រដូវ​កាល ក៏ដូចជា​ដណ្ដើមបាន​តំណែង​ជើងឯក Champions Trophy របស់​បារាំង​ឆ្នាំ 2022។ Messi ​ចូលរួម​ទាត់​ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និង​បង្ក​ឱកាស​បាន 35 គ្រាប់។

    ចំនួន​អ្នក​តាម​ដាន​នៅ​ក្រោយ​​ការ​ប្រកាស​

    ថ្មីៗនេះ PSG បានប្រកាស​ពី​ការចាកចេញ​របស់ Messi ដោយ​ការ​បង្ហោះ​វីដេអូ​ខ្លី​នៅលើ​ទំព័រ​បណ្ដាញ​សង្គម។ ក៏ប៉ុន្តែ ដំណឹង​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ព្រោះ​ពួកគេ​យល់ថា Messi គួរតែ​ទទួលបាន​ការប្រព្រឹត្ត​ល្អ​ក្នុង​​វេលា​ចុងក្រោយ​នៅ PSG។ និន្នាការ​បោះបង់​ការតាមដាន (Unfollow) ចំពោះ​​ទំព័រ PSG លើ Instagram កំពុងតែ​រីករាយ​ដាល​ខ្លាំង ថ្វីបើ​មិនទាន់​ដឹងថា អ្នក​បោះបង់​ការតាមដាន​នេះ​មាន​ប៉ុន្មាន​នាក់​ជា​អ្នកគាំទ្រ​របស់ PSG និង​ប៉ុន្មាន​នាក់​ជា​អ្នកគាំទ្រ​របស់ Messi។

    Lionel Messi

    PSG ក៏​ត្រូវបាន​វាយតម្លៃថា នឹង​ខាតបង់​មិនតិច​ឡើយ​នៅពេល Messi ចាកចេញ ក្នុងនោះ​មាន​ទាំង​ប្រាក់ចំណូល​បាន​ពី​ការលក់​អាវ និង​ម្ចាស់​ឧបត្ថម្ភ​ផងដែរ​៕

  • បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    ក្រោយពី​បាន​ចូលរួម​បញ្ចេញ​ថ្វី​ជើង​ជាមួយនឹង​ក្លឹប PSG ដណ្ដើមបាន​ពាន Ligue 1 កំពូល​កីឡាករ Messi បែរជា «បាត់​ខ្លួន» ប៉ុន្តែ ក្រោយមក​ទើប​អ្នកគាំទ្រ​ដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Messi បាន​ដើរតួ​ជា​វីរបុរស ដោយ​រកបាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ដែល​ទទួលបាន​លទ្ធផល​ស្មើ 1-1 រវាង​ក្លឹប PSG និង Strasbourg ជួយ​ឱ្យ​ក្រុម​នៅ​ប៉ារីស​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​លើក​ពាន Ligue 1 បាន​លឿន​ជាង​មួយ​ជុំ។

    រដូវ​កាល​នេះ Messi គឺជា​កីឡាករ​សំខាន់​លំដាប់​កំពូល​របស់ PSG ទន្ទឹមនឹង Mbappe។ ក្រោយពី​ចូល​ទាត់​បាន 40 ប្រកួត M10 រកបាន 21 គ្រាប់ និង​បង្ក​ឱកាស​បាន 20 គ្រាប់។

    លទ្ធផល​ខាងលើ​ជួយ​ឱ្យ Messi មាន​វត្តមាន​ក្នុង​ក្រុម​លេចធ្លោ​របស់ Ligue 1 រដូវ​កាល 2022/2023 សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ។ ប៉ុន្តែ ជំនួស​ឱ្យ​ការរួម​ជាមួយ Mbappe តំណាងឱ្យ PSG នៅក្នុង​ពិធី​ប្រគល់​រង្វាន់​របស់​សមាគម​កីឡាករ​អាជីព​បារាំង (UNFP) នាពេល​កន្លែង Messi បែរជា «បាត់​ខ្លួន» ជាថ្មី។

    យ៉ាង​ណា​ក៏​ដោយ​ ក្រោយមក​​អ្នកគាំទ្រ​​ក៏​បានដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។ ជាក់ស្ដែង Messi ត្រូវ​គេ​ឃើញថា បាន​ទៅកាន់ Barcelona ដើម្បី​ទស្សនាការ​សម្ដែង​របស់​ក្រុម​តន្ត្រី​អង់គ្លេស Coldplay ជំនួស​ឱ្យ​ការចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ប្រទេស​បារាំង ក្នុងនាម​ជា​កីឡាករ PSG។

    Messi មិនចូលរួមពិធីប្រគល់រង្វាន់ជាមួយ PSG ដើម្បីទៅកាន់ Barcelona មើលការប្រគំតន្ត្រីជាមួយមិត្តចាស់ Fabregas

    វត្តមាន​របស់ Messi ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សប្បាយចិត្ត ពិសេស​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប Barca នៅ​អេស្ប៉ាញ​។ យោងតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Pulga អាច​នឹង​ត្រលប់​ទៅកាន់កីឡដ្ឋាន​ Camp Nou ក្នុង​​ទម្រង់​សេរី​នៅ​រដូវក្ដៅ​នេះ។

    ទំព័រ AS បានឱ្យដឹងថា ការចាកចេញ​របស់ Sergio Busquets និង Jordi Alba បន្ទាប់ពី​រដូវ​កាល​នេះ អាច​​នឹង​នាំ​ឱ្យ​ Lionel Messi ​ក្លាយជា​ប្រធាន​ក្រុម​របស់ Barca បើសិនជា​គាត់​ព្រមវិលវិញ។ ក្លឹប​នៅ​កាតា​ឡូ​ញ៉ា ក៏​គ្រោង​នឹង​អនុញ្ញាតឱ្យ Messi ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​នៅ​​ក្នុង​ក្រុម ពោលគឺ​ខ្ពស់ជាង​បន្តិច​ធៀប​នឹង Lewandowski (20 លាន​អឺរ៉ូ/រដូវ មុន​បង់ពន្ធ)៕

  • Monaco ស្រេកឃ្លាន​លើក​ពាន Ligue 1 ពេល​ប៉ះ St Etienne នៅ​រាត្រី​នេះ

    Monaco ស្រេកឃ្លាន​លើក​ពាន Ligue 1 ពេល​ប៉ះ St Etienne នៅ​រាត្រី​នេះ

    លោក Leonardo Jardim គ្រូបង្វឹក​របស់ Monaco បានធ្វើការ​ព្រមាន​ដល់​ក្រុម​របស់លោក​ប្រឆាំងនឹង​ការខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗ នៅពេលដែល​ពួកគេ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម St Etienne នៅ​រាត្រី​នេះ​ខណៈដែល​ពួកគេ​កំពុង​សម្លឹង​រក​ការលើក​ពាន Ligue 1 នៅ​រដូវ​កាល​នេះ។

    ក្រុម Monaco ត្រូវការ​ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត២លើកចុងក្រោយ​របស់​ពួកគេ​ដើម្បី​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​ជា​លើក​ទី១ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០០មក ស្រប​ពេលដែល​ពួកគេ​កំពុងតែ​នាំមុខ៣ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេខ២ Paris Saint-Germain ដែល​នៅសល់​ត្រឹមតែ១ប្រកួត​ទៀត​ប៉ុណ្ណោះ។ វា​បាន​ក្លាយជា​សប្តាហ៍​ដ៏​ជោគជ័យ​មួយ​សម្រាប់​ក្លិប​មួយ​នេះ នៅពេលដែល​លោក Jardim បានឈ្នះ​ពាន​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ Ligue 1 ស្រប​ពេលដែល Danijel Subasic និង​ខ្សែប្រយុទ្ធ Kylian Mbappe ក៏បាន​ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម និង​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំឆ្នាំរៀងៗខ្លួន​ដែរ​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Monaco ក៏​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​ពាន Ligue 1 ផងដែរ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Jardim ចង់​ឲ្យ​កីឡាករ​របស់លោក​បំភ្លេច​ចោល​នូវ​បរិយាកាស​រីករាយ​ជុំវិញខ្លួន និង​ផ្តោតអារម្មណ៍​ទៅលើ​ការប្រកួត​នៅ​រាត្រី​នេះ​ឱ្យ​ដូច​ការប្រកួតផ្សេងៗទៀត​ដែរ។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា៖ «យើង​ត្រូវតែ​លេង​ដូច​ធម្មតា​ជាមួយនឹង​មហិច្ឆតា និង​ឥរិយាបថដូចពេលមុន។ យើង​នឹងមិន​លេង​ដោយ​ចង់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ឡើយ។ គោលបំណង​របស់​យើង​គឺ​ការធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុត និង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​ឥរិយាបថ​រីករាយផ្សេងៗសិន»។

    ក្រុម Monaco នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ប្រកបដោយ​ការជឿជាក់ ខណៈដែល​ពួកគេ​បានឈ្នះ៥លើក​ពី​ការប្រកួត​ក្នុង​លី​កលើ​ទឹកដី​ខ្លួនឯង​ទាំង៥លើកចុងក្រោយ​របស់​ពួកគេ ខណៈ St Etienne ឈ្នះ​តែ២លើក​គត់​ពី​ការប្រកួត​ក្រៅ​ទឹកដី៥លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង២ទៀបភ្លឺ​រាត្រី​ថ្ងៃនេះ៕

    ប្រភពពី៖ ESPN