Tag: Li Wenliang

  • តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​​ ទៅ​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ Li Wenliang ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​សម័យ​COVID-19 ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។

    យោង​តាម​សំណើ​របស់​ក្រុម​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃទី​7​ឧស​ភា ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    Tom Cotton ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណ​រដ្ឋ​ ថ្លែង​ថា “យើង​នឹង​ធានា​ឱ្យ​បាន​ថា ឈ្មោះ Li Wenliang នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ដោយ​ដាក់​វា​ឱ្យ​ស្ថិត​នៅ​ខាង​មុខ​​ស្ថាន​ទូត​​​របស់​ប្រទេស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​ Li”។​

    រូប​ថត​របស់​លោក​ វេជ្ជបណ្ឌិត​ Li Wenliang

    សំណើ​នេះ​ក៏ទទួល​បាន​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​នៃ​សភា​ជាន់​ខ្ពស់​ Marco Rubio ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​ជាន់​ខ្ពស់​ដើម្បី​អនុម័ត​ផងដែរ​។

    Li Weliang គឺជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ធំនៅ​​ Wuhan​ (Central Hospital of Wuhan) ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​ដំបូង​គេ​​នៅ​លើ​បណ្ដាញ​សង្គម​ អំពី​វីរុស​ប្រភេទ​ថ្មី​ ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan។ ប៉ូលិស​បាន​កោះ​ហៅ​វេជ្ជ​បណ្ឌិត Li ទាំង​យប់​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ ក្រោយ​ពី​គាត់​បាន​ចែក​រំលែកព័ត៌មាន​ខាង​លើ​​ទៅ​ឱ្យ​មិត្ត​ភក្ដិ។

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា "Li Wenliang"
    ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    វីរុស​ខាង​លើ​នោះ ក្រោយ​មក​ត្រូវ​បាន​គេ​កំណត់​ថាជា​ nCoV ហើយ​បន្ទាប់​មក​ក៏ត្រូវ​គេ​​ហៅ​ជា​ផ្លូវ​ការ​ថា COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន​ វា​បាន​ឆ្លង​ទៅ​មនុស្ស​​ជាង​3.9​លាន​នាក់ ក្នុង​នោះ​មាន​​មនុស្ស​ជាង​270,000​នាក់​បាន​បាត់​បង់​ជីវិត​។ វេជ្ជ​បណ្ឌិត​ Li Wenliang ក៏បាន​ឆ្លង​មេរោគ​នេះ​ និង​បាន​ស្លាប់​​នៅ​ក្នុង​ថ្ងៃទី​7​កុម្ភៈ​។ ខែ​មេសា លោក​ Li ទទួល​បាន​អាជ្ញាធរ​ចិន​​​ផ្ដល់​កិត្តិនាម​ថាជា “វីរជន​ពលី”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    លោកវេជ្ជ​បណ្ឌិត​ Li Wenliang ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​អំពី​វីរុស​ COVID-19 ដំបូង​គេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ទទួល​កំហុសកន្លង​មក​នោះ​ ពេល​នេះ​ត្រូវ​បាន​តែង​តាំង​ជា​វីរជនពលី​។

    អាជ្ញាធរ​ខេត្ត​ Hubei ប្រទេស​ចិន បាន​សម្រេច​ផ្ដល់​ឋានៈ​ជា​វីរជន​ពលី​ (martyr) ដល់​បុគ្គលិក​ពេទ្យ​ចំនួន​12​រូប​ដែល​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​COVID-19 បន្ទាប់​ពី​បាន​​បូជា​ជីវិត​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​ដើម្បី​ការ​ពារ​ជីវិត​ និង​សុខ​ភាព​របស់​ប្រជាជន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CCTV កាល​ពី​ថ្ងៃទី​2មេសា​កន្លង​ទៅ​។

    “វីរជនពលី” គឺ​ជាឋានៈ​កិត្តិយស​ខ្ពស់​បំផុត​ត្រូវ​បាន​ប្រទេស​ចិន​តែង​តាំង​ដល់​ពល​រដ្ឋ​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសក​កម្ម​ដើម្បី​ប្រទេស​ជាតិ​។ ឋានៈ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​​សព​វេជ្ជបណ្ឌិត​ Li Wenliang បន្ទាប់​ពី​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ Wuhan ហៅ​ទៅ​ស្ដី​បន្ទោស​ បង្ខំ​ឱ្យ​ចុះកិច្ច​សន្យា​ និង​ទទួល​កំហុស​។

    Li Wenliang គឺជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubie។ ចុង​ខែ​ធ្នូ ឆ្នាំ2019 វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ចែក​រំលែក​សារ​​មួយ​ទៅ​កាន់​អ្នក​រួម​អាជីព​ អំពី​ជំងឺ​ថ្មី​មួយ​ដែល​ដូច​ទៅ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស​SARS។ បន្ទាប់​មក​ មេរោគ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា COVID-19 ដែល​បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​មនុស្ស​​ជាង​1098,000​នាក់​​បាន​កើត​ជំងឺ និងជាង​​​59,160​នាក់ បានបាត់​បង់ជីវិត​ នៅទូទាំង​ពិភពលោក​។

    ក្រោយ​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ស្ដី​អំពី​វីរុស​ថ្មី វេជ្ជ​បណ្ឌិត​ Li Wenliang ក៏ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​ទៅ​សួរនាំ​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ថា​បាន​ “បញ្ចេញ​ព័ត៌​មាន​ព័ត៌មិន​ពិត​” និង “បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ​”​។

    លោក​វេជ្ជ​បណ្ឌិត​ Li បន្ទាប់​មក​ក៏​បាន​ឆ្លង​វីរុស​​កូរ៉ូណា​ COVID-19 នៅ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​ ហើយ​បាន​បាត់បង់ជីវិត​កាល​ពី​ថ្ងៃទី​27​មីនា នៅ​មន្ទីរពេទ្យ​Central Hospital​។ នៅមុន​ពេល​លោក​ស្លាប់ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ក៏​ធ្លាប់​បាន​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន New York Time និង​បាន​ថ្លែង​ថា “បើ​សិន​ជា​ក្រុម​មន្ត្រី​បាន​បញ្ចេញ​ព័ត៌មាន​ស្ដីអំពី​ជំងឺ​នេះ​បាន​ឆាប់​ ខ្ញុំ​គិត​ថា​ស្ថាន​ភាព​នឹង​បាន​ធូរ​ស្រាល​ជាង​នេះ​ច្រើន​។ គេ​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់ និង​តម្លាភាព​ជាង​នេះ​”។

    COVID-19! ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​ការ​ស្លាប់​របស់​គ្រូពេទ្យ​ Li បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ចិន​។ ពួកគេ​អំពាវ​នាវ​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ឱ្យ​អាជ្ញាធរ​សុំ​ទោស​ជា​ដើម​។ល។ ប្រការ​នេះ​បាន​ជះឥទ្ធិពល​ដល់​រដ្ឋា​ភិបាល​ចិន​។ ថ្ងៃទី​19​មីនា NSC(National Supervisory Commission) ដែលជា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​របស់​ប្រទេស​ចិន​ បាន​ប្រកាស​ថា ទង្វើ​ដែល​អាជ្ញា​ធរ​ទីក្រុង​ Wuhan ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li Wenliang គឺ​ជា​រឿង “ខុស​ប្រក្រតី” និង​ “មិន​ត្រឹម​ត្រូវ​”​។

    NSC ថ្លែង​ថា នគរ​បាល​ទីក្រុង​ Wuhan ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ហើយ​ការ​ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li ក៏ត្រូវ​តែ​លុប​ចោល​។ អាជ្ញាធរ​ទី​ក្រុង​ Wuhan ក្រោយ​មក​ក៏បាន​ធ្វើ​ការ​សុំ​ទោស​ និង​ដក​ការ​ពិន័យ​​របស់​ខ្លួន​មកវិញ។

    នៅ​ព្រឹក​នេះ ប្រទេស​ចិន​ទាំង​មូល​បាន​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​3នាទី​ ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​វីរជន​ វីរនាី​ទាំងអស់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ម្ដាយរបស់សពលោកគ្រូ Li Wenliang ស្នើឱ្យក្រុមនគរបាលនៅ Wuhan ចេញមកបកស្រាយ ក្រោយការស្លាប់របស់កូនប្រុស

    ម្ដាយរបស់សពលោកគ្រូ Li Wenliang ស្នើឱ្យក្រុមនគរបាលនៅ Wuhan ចេញមកបកស្រាយ ក្រោយការស្លាប់របស់កូនប្រុស

    ម្ដាយរបស់សពវេជ្ជបណ្ឌិត Li Wenliang និយាយថាកូនប្រុសរបស់គាត់ត្រូវគេចាប់ទៅកាន់ការិយាល័យនគរ បាលទាំងកណ្ដាលយប់ និងត្រូវបង្ខំឱ្យស៊ីញេទទួលស្គាល់ថា បានបង្ហោះសារប្រឌិត ខណៈដែលគេមិនទាន់ដឹងច្បាស់អំពីបញ្ហានោះ។ អ្នកស្រីស្នើឱ្យនគរបាលក្រុង Wuhan ចេញមុខបកស្រាយអំពីរឿងនេះ។

    សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី 9កុម្ភៈ បានរាយការណ៍ថា ម្ដាយរបស់សពលោកវេជ្ជបណ្ឌិត Li Wenliang (ដែលបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា ក្រោយពីបានបញ្ចេញសារព្រមានអំពីអាសន្នរោគនេះ) ស្នើឱ្យនគរបាលបកស្រាយអំពីអ្វីដែលពួកគេបានធ្វើមកលើកូនរបស់គាត់។

    ក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Pear Video ម្ដាយរបស់សពលោកគ្រូពេទ្យ Li Wenliang បាន​និយាយថាកូនរបស់គាត់ត្រូវគេហៅទៅកាន់ការិយាល័យនគរបាលក្រុង Wuhan និងបានចាប់ឱ្យចុះហត្ថលេខាលើកំណត់ត្រាមួយដែលបង្ខំឱ្យទទួលស្គាល់ថា បានចែករំលែកព័ត៌មានមិនពិតអំពីអាសន្នរោគកូរ៉ូណា នៅពេលបញ្ហាមិនទាន់បានស៊ើបអង្កេតត្រឹមត្រូវ។

    ម្ដាយរបស់សពលោកគ្រូ Li រៀបរាប់បណ្ដើរ យំបណ្ដើរ៖ “នៅពេលដែលការពិតមិនទាន់លាតត្រដាង កូនប្រុសរបស់ខ្ញុំត្រូវគេកោះហៅទៅកាន់ប៉ុស្តិ៍នគរបាលនៅ Wuhan ទាំងកណ្ដាលយប់។ បើសិនពួកគេមិនបកស្រាយឱ្យបានច្បាស់​អំពីបញ្ហានេះ គឺមិនបាននោះទេ!”។

    Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។

    សាររបស់លោកគ្រូ Li បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមមន្ត្រីអាជ្ញាធរក្រុង បន្ទាប់ពីមនុស្សម្នាក់ក្នុងក្រុមរបស់គាត់ បានបង្ហោះរូបភាពនៃការជជែករបស់ពួកគេនៅលើបណ្ដាញសង្គម។ ក្រោយមកទៀត គ្រូពេទ្យ7នាក់ដែលស្ថិតក្នុងក្រុមជជែករបស់លោកគ្រូ Li ក៏បានចែករំលែកព័ត៌មាននេះទៅកាន់ក្រុមជជែកចំនួន3ផ្សេងទៀត។

    នៅក្នុងយប់ដដែលនោះ ក្រុមមន្ត្រីសុខាភិបាលនៃក្រុង Wuhan បានកោះហៅលោកគ្រូ Li ដោយស្នើឱ្យគាត់និយាយអំពីមូលហេតុដែលគាត់បានចែករំលែកព័ត៌៌មាននេះ។ ថ្ងៃទី3មករា ក្រុមនគរបាលបានហៅគាត់ទៅសួរនាំ ហើយបង្ខំឱ្យគាត់សន្យាថា “បានចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យច្របូកច្របល់ក្នុងសង្គមជាតិ”។

    ថ្ងៃទី8មករា លោកគ្រូ Li បានពិនិត្យសុខភាពអ្នកជំងឺកូរ៉ូណាម្នាក់។ ពីរថ្ងៃក្រោយមក លោកគ្រូ Li ចាប់ផ្ដើមមានអាការក្អក និងពិបាកដកដង្ហើម ប៉ុន្តែ ការពិនិត្យជាច្រើនលើកបង្ហាញថា គាត់មិនមានផ្ទុកមេរោគកូរ៉ូណា nCoV នោះទេ។

    ថ្ងៃទី12មករា គ្រូពេទ្យ Li បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយថ្ងៃទី1កុម្ភៈ គាត់ត្រូវគេបញ្ជាក់ថា មានផ្ទុកមេរោគកូរ៉ូណា។

    ម្ដាយរបស់សពលោកគ្រូ Li បន្តថា កូនប្រុសរបស់គាត់ជាកូនល្អ ហើយនៅកន្លែងធ្វើការវិញ គេក៏ជាអ្នករួមការងារដ៏ល្អម្នាក់ដែរ។ នៅក្នុងការរៀបចំកាលបរិច្ឆេទប្រចាំការ គ្រូពេទ្យម្នាក់នេះ តែងតែត្រៀមខ្លួនជានិច្ចដើម្បីមកប្រចាំការជំនួសមិត្តរួមការងារ ប្រសិនបើពួកគេត្រូវការ។

    អ្នកស្រីនិយាយថា៖ “តាំងពីតូច វាតែងស្ដាប់បង្គាប់ឪពុកម្ដាយ ហើយពេលត្រូវរំពាត់ក៏មិន​ដែល​និយាយ​ថា​ឈឺ​នោះ​ដែរ។ ​អ្វីៗ​ក៏​វា​ចេះ​ទ្រាំទាំងអស់។ ការងាររបស់វា រវល់ខ្លាំងណាស់ មានពេលខ្លះវាត្រូវយាម2យប់ក្នុង1សប្ដាហ៍ ស្របពេលដែលអ្នកខ្លះ យាមតែ1យប់/អាទិត្យ”។

    សូមរំឭកថា ថ្មីៗនេះ តុលាការកំពូលរបស់ចិន ក៏ធ្លាប់បាននិយាយថា នគរបាលក្រុង Wuhan មិនគួរពិន័យទៅលើលោកវេជ្ជបណ្ឌិត Li រួមនឹងមនុស្ស 7នាក់ផ្សេងទៀត ដោយសារតែព័ត៌មានរបស់ពួកគេ មិនមែនប្រឌិត។

    ចំណែកគណៈកម្មការត្រួតពិនិត្យជាតិនៃប្រទេសចិន ថ្មីៗនេះ ក៏បានបញ្ជូនក្រុមស៊ើបអង្កេតមួយក្រុមទៅកាន់ក្រុង Wuhan បន្ទាប់ពីការស្លាប់របស់វេជ្ជបណ្ឌិត Li Wenliang។ សកម្មភាពនេះ បានបង្ហាញថា ស្ថានភាពអាសន្នរោគកូរ៉ូណានៅទីនោះ ពិតជាមិនធម្មតានោះទេ។

    កាលពីថ្ងៃទី 8កុម្ភៈ Fu Xuejie ដែលជាប្រពន្ធរបស់សពលោកគ្រូពេទ្យ Li ក៏បាននិយាយជាសាធារណៈដំបូងរបស់នាង ដោយក្នុងនោះ នាងបានអរគុណអ្នកទាំងអស់គ្នាដែលមានការអាណិតអាសូរចំពោះស្វាមីនាង។ នាងក៏ថែមទាំងបានបដិសេធអំពីព័ត៌មានដែលថា នាងបានអំពាវនាវសុំជំនួយពីសាធារណៈជន ទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ។

    Fu Xuejie បានថ្លែងថា នាងនឹងទទួលយកតែសំណងជាផ្លូវការពីអាជ្ញាធរ កន្លែងធ្វើការរបស់ស្វាមីនាង និងប្រាក់សំណងទៅតាមគោលនយោបាយធានារ៉ាប់រង ឬប្រាក់រួមចំណែកពីក្រុមអង្គការមនុស្សធម៌ណាដែលទទួលស្គាល់ពីអាជ្ញាធរតែប៉ុណ្ណោះ។

    គ្រួសារសពលោកគ្រូ Li ដែលជាគ្រូពេទ្យដំបូងម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យដំបូងគេដែលបានព្រមានអំពីអាសន្នរោគកូរ៉ូណា ប៉ុន្តែត្រូវអាជ្ញាធរចោទថា បាន “បញ្ចេញព័ត៌មានមិនពិត” ទទួលបានសំណងជាទឹកប្រាក់ 821,000យន់ (ប្រហែល 117,400 ដុល្លារអាមេរិក) បន្ទាប់ពីបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា។ National Interest បានរាយការណ៍ថា សំណងនេះរួមមាន សំណងមួយលើក 785,000យន់ ($112,100) និងប្រាក់ចំណាយលើពិធីបុណ្យសព 36,834យន់ ($5,260)៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាជ្ញាធរចិន មិនបានសុំទោសចំពោះ​សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវមហា​ជន​ចាត់ទុកជា “វីរបុរសប្រឆាំងកូរ៉ូណា”

    អាជ្ញាធរចិន មិនបានសុំទោសចំពោះ​សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវមហា​ជន​ចាត់ទុកជា “វីរបុរសប្រឆាំងកូរ៉ូណា”

    មន្ត្រីចិនមិនបាន​ឆ្លើយតប​ទៅ​នឹងសំណួរ​ដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​ប៉ុណ្ណោះ។

    ក្នុងសន្និសីទសារព័ត៌មាននៅហុងកុងកាលពីម្សិលមិញ តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng បានអានសេចក្ដីប្រកាសដ៏ខ្លីមួយដែលផ្ញើមកពីអាជ្ញាធរក្រុង Wuhan សម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានបាត់បង់ជីវិតកាលពីព្រឹកម្សិលមិញ (7កុម្ភៈ ឆ្នាំ2020) ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី nCoV។

    តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng

    តំណាងក្រសួងការបរទេសចិន បានបន្តថា មេរោគកូរ៉ូាណា nCoV នេះ អាចត្រូវបានទប់ស្កាត់ និងព្យាបាលជាសះស្បើយ ហើយថា ការជឿជាក់នេះកើតចេញពីកម្លាំងនៃប្រព័ន្ធសុខាភិបាលប្រទេសចិន។ លោកក៏បាន​កោតសរសើរ​ចំពោះល្បឿននៃប្រតិកម្មរបស់ក្រុងប៉េកាំងចំពោះអាសន្នរោគនេះ​ ខណៈដែលរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវបានប្រមូលផ្ដុំ និង​សាមគ្គី​គ្នាជា​ធ្លុង​មួយ។

    សូម​រំឭក​ថា អ្នកប្រើបណ្ដាញសង្គមនៅប្រទេសចិន បាននាំគ្នាសម្ដែងការស្ដាយស្រណោះចំពោះការចាកចេញដោយ​គ្មាន​ថ្ងៃ​ត្រឡប់​របស់វេជ្ជបណ្ឌិត Li Wenliang ហើយថា អាជ្ញាធរនៅជំពាក់ពាក្យសុំទោសចំពោះគាត់។

    Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។

    បន្ទាប់ពីបែកធ្លាយសារខាងលើ ក្រុមមន្ត្រីសុខាភិបាលនៃក្រុង Wuhan បានកោះហៅលោកគ្រូ Li ដោយស្នើឱ្យគាត់និយាយអំពីមូលហេតុដែលគាត់បានចែករំលែកព័ត៌៌មាននេះ។ ថ្ងៃទី3មករា ក្រុមនគរបាលក៏បានហៅគាត់ទៅសួរនាំ ហើយបង្ខំឱ្យគាត់សន្យាថា “បានចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យច្របូកច្របល់ក្នុងសង្គមជាតិ”។

    បើទោះជាមានការខឹងសម្បាខ្លាំងពីមជ្ឈដ្ឋានទូទៅ មន្ត្រីតំណាងក្រសួងការបរទេសចិនលោក Xie Feng ក៏នៅតែមិនឆ្លើយតប​នឹងសំណួរដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” ផ្ទុយ​ទៅ​វិញ លោក Xie Feng គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​តែ​ប៉ុណ្ណោះ។

    លោកគ្រូពេទ្យ Li Wenliang ដែល​ត្រូវ​មហា​ជន​ចិន​ ចាត់​ទុក​ជា​វីរបុរស​ប្រឆាំងអាសន្ន​រោគ​កូរ៉ូណា

    លោក Xie Feng បានប្រកាសថា ពលរដ្ឋចិនមានសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានបានពេញ​លេញ​ទៅ​តាមច្បាប់។ លោកថា ៖ “បើសិនប្រើអ៊ីនធើណិត អ្នកនឹងបានឃើញថា អ្នករាល់គ្នាអាចបញ្ចេញមតិអំពីបញ្ហាអាសន្នរោគដោយសេរី និងសកម្មបែបណា”។

    សូមបញ្ជាក់ថា អាសន្នរោគកូរ៉ូណា បានចាប់ផ្ដើមឆ្លងរាលដាលតាំងពីចុងឆ្នាំ 2019 នៅក្រុង Wuhan ប្រទេស​ចិន ហើយមកទល់នឹងពេលនេះ អាសន្នរោគនេះ បានសម្លាប់មនុស្ស 724នាក់ និង​​អ្នក​ជំងឺ​ 6,106​នាក់​ផ្សេង​​​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

    ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

    អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​នាំ​គ្នា​សម្ដែង​​ការ​ស្ដាយស្រណោះ​​ចំពោះ​ការ​ចាក​ចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​​របស់​វេជ្ជ​បណ្ឌិត Li Wenliang ហើយ​ថា អាជ្ញា​ធ​រនៅ​ជំពាក់ពាក្យ​​សុំ​ទោស​ចំពោះ​គាត់​។

    មន្ទីរ​ពេទ្យធំ​របស់​ក្រុង​ Wuhan កាល​ពី​ព្រឹក​មិញ​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ Weibo​ របស់​ខ្លួន​ថា វេជ្ជ​បណ្ឌិត​ Li Wenliang អាយុ34ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បញ្ចេញ​សារ​ព្រមាន​អំពី​អាសន្នរោគ​រលាក​សួត​ថ្មី ពិត​ជា​បាន​បាត់​បង់​ជីវិត​នៅ​វេលា​ម៉ោង​2និង58នាទី (ប្រហែល​ម៉ោង​2 នៅ​ភ្នំពេញ​) ក្រោយ​ពី​បាន​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​ nCoV អស់​មួយ​រយៈ​ពេលមកនេះ​។

    ព័ត៌មាន​ស្ដី​អំពី​ការ​ស្លាប់​របស់​គ្រូពេទ្យ​ខាង​លើ​នេះ​ត្រូវ​បាន​សារ​ព័ត៌មាន Global Times ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន People’s Daily (អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​នីស​ចិន) បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter កាល​ពី​វេលា​ម៉ោង​ប្រហែល​20និង​40នាទីនៃ​ថ្ងៃ​ទី​6កុម្ភៈ​កន្លង​ទៅ​។ មិត្ត​ភក្ដិ​ និង​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ Wuhan ប្រាប់​ថា ការ​ស្លាប់​របស់់​គ្រូពេទ្យ​ Li Wenliang គឺ​បណ្ដាល​មក​ពី​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា nCoV នេះ​បើ​តាម​សារ​ព័ត៌មាន​ Global Times។

    បន្ទាប់​ពី​​ការ​បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នក​លេង​បណ្ដាញ​​សង្គម​រាប់​ពាន់​នាក់​បាន​បញ្ចេញ​មតិ​សោក​ស្ដាយ​ និង​អាណិត​អាសូរ​ចំពោះ​​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​រូបនេះ​។

    អ្នក​​លេង​បណ្ដាញ​សង្គម​ម្នាក់​បញ្ចេញ​មតិ​នៅ​ខាងក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរពេទ្យ​ក្រុង​ Wuhan ថា ៖ “យើង​ខ្ញុំនឹង​ចង​ចាំ​មិនភ្លេច​ចំពោះ​លោក​គ្រូពេទ្យ​ដែល​បាន​បញ្ចេញ​ព័ត៌មានដំបូង​គេ​​ទាក់​ទិន​នឹង​អាសន្ន​រោគ​នេះ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ព័ត៌មានមិន​ពិត​។ តើ​យើង​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? ប្រការ​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន​នោះ​គឺ​មិន​ភ្លេច​គាត់​”។

    Hashtag “គ្រូ​ពេទ្យ​ Li បាត់​បង់ជីវិត” ភ្លាម​នោះ​ ទទួល​បាន​ការ​ចូល​មើល​ និង​ការ​បញ្ចេញ​មតិ​រាប់​លាន​ដង​ នៅ​លើ​បណ្ដាញ​សង្គម Weibo។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អត្ថបទ​ដែល​បាន​បង្ហោះ​នៅ​លើគណនី​ Twitter របស់​ Global Times ក៏ត្រូវ​បាន​គេ​លុប​ចោល​។ ទំព័រ​សារ​ព័ត៌មាន​ផ្សេង​ៗ​របស់​រដ្ឋ​ចិន ក៏​បាន​លុប​ចោល​ព័ត៌​មាន​ដែល​ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​ ដោយ​មិនមាន​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​។

    អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO ដំបូង​ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​វេជ្ជ​បណ្ឌិត​ Li Wenliang នៅ​លើ​ទំិព័រ Twetter ៖ “យើង​ខ្ញុំ​ពិត​ជា​ក្ដុក​ក្ដួល​​ចំពោះ​មរណភាព​របស់​វេជ្ជ​បណ្ឌិត​ Li Wenliang។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​លើក​តម្កើង​កិត្តិយស​នៃ​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ​ ទាក់​ទិន​នឹង​ #nCoV2019″។ ប៉ុន្តែ ក្រោយ​មក មិន​ដឹង​មាន​មូល​ហេតុ​អ្វី WHO ក៏បាន​កែ​ប្រែ​អត្ថ​បទ​របស់​ខ្លួន ដោយ​សរសេរ​ថា ពួកគេ​ពុំ​មាន​ព័ត៌មាន​អ្វី​ស្ដីអំពី​ស្ថាន​ភាព​របស់​លោក​ Li Wenliang នោះ​ឡើយ​។

    មនុស្ស​ជា​ច្រើន​កំពុង​តែ​សង្ឃឹមទៅ​លើ​អព្ភូត​ហេតុ​ដ៏​អស្ចារ្យ​មួយកើត​ឡើង​ ​ខណៈ​ដែល​មន្ទីរពេទ្យ​ធំ​របស់​ក្រុង​ Wuhan កាល​ពី​វេលា​ម៉ោង 00និង45នាទី​ ថ្ងៃ​ទី​7កុម្ភៈ​ ប្រកាស​ថា​ គ្រូពេទ្យ​ Li “កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​” ប៉ុន្តែ មិន​ទាន់​បាត់​បង់​ជីវិត​ដូច​ការ​រាយការណ៍​របស់​សារ​ព័ត៌មាននោះ​ទេ​។

    “យប់​នេះ ពួក​យើង​​មិន​ដេក​នោះ​ទេ ពួក​យើង​គឺ​នៅ​រង់​ចាំ​អព្ភូត​ហេតុ​។ យប់​នេះ​យើង​ខ្ញុំមិន​បាច់​ដេក​ទេ ប៉ុន្តែ Li Wenliang ត្រូវ​តែ​រស់​”។

    មនុស្ស​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​នៅ​លើគណនី​​បណ្ដាញ​សង្គម Weibo របស់​លោក​គ្រូ Li ដោយ​បួង​សួង​ឱ្យ​គាត់​អាច​បន្ត​បង្ហោះ​សារ​នៅ​លើ​ទំព័រ​របស់​គាត់ត​ទៅ​ទៀត​​។ ប្រហែល​ 2ម៉ោង​ក្រោយ​ការ​ប្រកាស​លើក​ទី​មួយ​របស់​មន្ទីរពេទ្យ​ធំ​នៅ​ក្រុង​ Wuhan មន្ទីរ​ពេទ្យ​នេះ​បាន​ចេញសេចក្ដី​​ប្រកាស​ជា​លើក​ទីពីរ។ អព្ភូត​ហេតុ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​រង់​ចាំ ពេល​នេះមិន​បាន​កើត​​សោះ​ឡើយ។ មន្ទីរពេទ្យ​ធំនៃ​ក្រុង​ Wuhan បាន​បញ្ជាក់​ថា លោក​គ្រូពេទ្យ​ Li បាន​បាត់​បង់​ជីវិត​ក្រោយ​ការ​ប្រកាស​ព័ត៌មាន​លើក​ទីមួយ​។

    “អ្នក​ដែល​រក្សា​អណ្ដាត​ភ្លើង​ឱ្យ​ហ្វូង​មនុស្ស នឹង​ក្លាយ​ជា​មនុស្ស​ដែល​ស្លាប់​កក​ប្រាណ ព្រោះ​តែ​ខ្យល់​ និង​ព្រឹល” អ្នក​លេង​បណ្ដាញ​សង្គម​ នាំ​គ្នា​ចែក​រំលែក​តៗ​គ្នា​នូវ​ពាក្យ​មួយ​ឃ្លា​នេះ​ ដើម្បី​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លា​ចាក​លោក​របស់​លោក​គ្រូពេទ្យ​ Li Wenliang។

    ប្រធាន​បទ​ ” អាជ្ញា​ធរ​ក្រុង Wuhan នៅជំពាក់​ពាក្យ​សុំ​ទោស​លោក​គ្រូ Li Wenliang” ដែល​គេ​យកមក​ជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​​រាប់​ម៉ឺន​នាក់ចូល​មក​បញ្ចេញ​មតិ មុន​ពេល​ប្រធាន​បទ​នេះ​ត្រូវ​បាន​លុប​ចេញ​។

    “មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នឹង​ដឹង​ខ្លួន​បន្ទាប់​ពី​យប់​នេះ ៖ ពិភព​លោក​មិន​ស្រស់​ស្អាត​ដូច​អ្វី​ដែល​យើង​បាន​ស្រមៃ​នោះ​ទេ​។​ អ្នក​ទាំង​អស់​មាន​ការ​ខឹង​សម្បា​ខ្លាំង​ដែរ​ទេ បើសិន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង មាន​សំណាង​គ្រប់​គ្រាន់​​ក្នុង​ការ​​បញ្ចេញ​មតិ​​ដើម្បី​​អនាគត​សង្គម? សូម​មេត្តា​ធានា​ឱ្យ​បាន​ប្រាកដ​ថា​ អ្នក​ទាំង​អស់​គ្នានឹង​ចង​ចាំ​ការ​ខឹង​សម្បា​នា​យប់​នេះ” នេះ​គឺជា​មតិ​មួយ​ដែល​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ច្រើន​បំផុត​ ក្នុង​ចំណោម​មតិ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ខាង​ក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរ​ពេទ្យ​ធំ Wuhan។

    Li Wenliang ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​បាន​ចែករំលែក​ព័ត៌​មាន​ និង​ព្រមាន​អំពីអាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា (nCoV) នៅ​ប្រទេស​ចិន​។ ក្នុង​ថ្ងៃ​ទី​30 ខែ​ធ្នូ ឆ្នាំ​2019 Li Wenliang បាន​ផ្ញើ​សារ​ចូល​ក្នុង​ក្រុម​ WeChat របស់​គាត់​ដែល​មាន​មិត្ត​ភក្ដិ​របស់​គាត់​ 150នាក់​ ដែល​ជា​មិត្ត​ចាស់។ គាត់​បាន​ព្រមាន​អំពី​អ្នក​ជំងឺ​ 7នាក់​ដែលបាន​ឆ្លង​មេរោគ​មួយ​ប្រភេទ​ដែល​គាត់​យល់​ថា ដូច​ទៅ​នឹង​មេរោគ​​ផ្លូវ​ដង្ហើម​ SARS (Severe Acute Respiratory Syndrome) ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ2002 និង​បាន​សម្លាប់​មនុស្ស​ប្រមាណជា​800នាក់ នៅ​ទូទាំង​ពិភព​លោក។

    សារ​របស់​លោក​គ្រូ Li បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​មន្ត្រីអាជ្ញាធរ​ក្រុង​​ បន្ទាប់​ពី​មនុស្ស​ម្នាក់​ក្នុង​ក្រុម​របស់​គាត់​ បាន​បង្ហោះ​រូប​ភាព​នៃ​ការ​ជជែក​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម​។ ក្រោយ​មក​ទៀត គ្រូពេទ្យ​7នាក់​ដែល​ស្ថិត​ក្នុងក្រុម​​ជជែក​របស់​លោក​គ្រូ Li ក៏បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​កាន់​ក្រុម​ជជែក​ចំនួន​3ផ្សេង​ទៀត។

    នៅ​ក្នុង​យប់​ដដែល​នោះ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ក្រុង​ Wuhan បាន​កោះ​ហៅ​លោក​គ្រូ Li ដោយ​ស្នើ​ឱ្យ​គាត់​និយាយ​អំពី​មូល​ហេតុ​ដែល​គាត់​បាន​ចែក​រំលែក​ព័ត៌៌​មាន​នេះ។ ថ្ងៃ​ទី3មករា ក្រុម​នគរ​បាលបាន​​ហៅ​គាត់​ទៅ​សួរ​នាំ ហើយ​បង្ខំ​ឱ្យ​គាត់​សន្យា​ថា “បាន​ចែក​រំលែក​ព័ត៌មានមិនពិត ធ្វើ​ឱ្យ​ច្របូក​ច្របល់​ក្នុង​សង្គមជាតិ”។

    ថ្ងៃ​ទី​8មករា លោក​គ្រូ Li បាន​ពិនិត្យ​សុខ​ភាព​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​គ្រូ Li ចាប់​ផ្ដើម​មាន​អាការ​ក្អក និង​ពិបាក​ដក​ដង្ហើម ប៉ុន្តែ ការ​ពិនិត្យ​ជា​ច្រើន​លើក​បង្ហាញ​ថា គាត់​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា nCoV នោះ​ទេ​។ យ៉ាង​នេះ​ក្ដី គាត់​នៅ​តែ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ និង​កូន​តូច​របស់​គាត់​។ ឪពុក​ម្ដាយ​របស់​គាត់​ក៏​កំពុង​សម្រាក​ព្យា​បាល​​ដោយ​សារ​ជំងឺ​គ្រុនក្ដៅ​ ប៉ុន្តែ ពេល​នេះ​មិនដឹង​ថា ពួកគេ​បាន​ឆ្លង​មេរោគ​នេះ​ដែរ​ឬ​យ៉ាង​ណា? សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ចេញ​ផ្សាយ​ថា ប្រពន្ធ​របស់​គាត់​ក៏​បាន​ឆ្លង​មេរោគ​នេះ​ដែរ។

    ថ្ងៃ​ទី12មករា គ្រូពេទ្យ​ Li បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​ថ្ងៃ​ទី1កុម្ភៈ គាត់​ត្រូវ​គេ​បញ្ជាក់​ថា មាន​ផ្ទុក​មេរោគ​​កូរ៉ូណា។ នៅ​ក្នុង​សំណេរ​ចុង​ក្រោយ​នៅ​លើ​គណនី​ Weibo លោក​គ្រូ Li រៀប​រាប់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​គាត់ ហើយ​ទទួល​បាន​មតិ​រាប់​ម៉ឺន​ដែល​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​គាត់​។

    ក្នុង​ចំណោម​មតិ​ទាំង​នោះ គេ​ឃើញ​មាន​មតិ​មួយ​ដែល​ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជាង​ 100,000លើក ដោយ​បាន​សរសេរ​ថា ៖ “លោក​គ្រូ Li លោក​ជា​គ្រូពេទ្យ​ដែល​ល្អ និង​មាន​បេះ​ដូង”។

    មនុស្ស​ម្នាក់​ទៀត​ បាន​ហៅ​លោក​គ្រូ Li ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ “ព្យាការី” ទាំង​8រូប​ ៖ “ប្រជា​ជន​ទូទាំង​ប្រទេស រួម​គ្នា​សាមគ្គី​ជាមួយ​លោក”។

    តុលាការ​កំពូល​ចិន កាល​ពី​ថ្ងៃ​ទី28មករា​ បាន​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ រិះ​គន់​ទៅ​លើ​ចំណាត់ការ​របស់​មន្ត្រី​នៅ​ Wuhan ដែល​បាន​ចោទ​ប្រកាន់​លោក​គ្រូ Li និង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​ថាបាន​ចែក​រំលែក​ព័ត៌មាន​ចចាម​អារ៉ាម។ មាន​ឃ្លា​មួយ​​សរសេរ​ថា “បើ​សិន​សាធារណជនស្ដាប់​ “ពាក្យ​ចចាមអារ៉ាម​” នោះ ហើយ​អនុវត្ត​វិធានការ​ទប់​ស្កាត់ ដូច​ជា​ពាក់​ម៉ាស​ការ​ពារ ឬ​សម្អាតមេរោគ​ និង​ជៀស​វាងការ​ទៅកាន់​ផ្សារ​លក់​សត្វ​រស់​ជា​ដើម ប្រាកដជា​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​បាន​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​