Tag: Kim Jonghyun

  • ភ្ញាក់ផ្អើល !! អ្នកគាំទ្រកម្ពុជា បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងកូរ៉េ Jonghyun គម្រប់មរណភាពមួយឆ្នាំហើយ

    ភ្ញាក់ផ្អើល !! អ្នកគាំទ្រកម្ពុជា បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងកូរ៉េ Jonghyun គម្រប់មរណភាពមួយឆ្នាំហើយ

    រយៈពេលមួយឆ្នាំទៅហើយ ដែលតារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ មិនថាអ្នកតែអ្នកគាំទ្រក្នុងប្រទេសកូរ៉េទេ សូម្បីតាមបណ្ដាប្រទេសដែលនិយមស្ដាប់ចម្រៀងកូរ៉េ រួមទាំងកម្ពុជាផងនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអាល័យ សោកស្ដាយចំពោះការបាត់បង់តារាចម្រៀងប្រុសមួយនេះដែរ។

    ថ្មីៗនេះក្រុមយុវនារីដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េខាងលើ បានបង្ហោះរូបយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងរូបនោះ ព្រមទាំងសរសេររៀបរាប់ថា៖ «ទោះជាតិចក្ដី តូចក្ដីតែនេះជាទឹកចិត្ត ហើយពួកយើងពេញចិត្តនឹងធ្វើ។ ហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាផងដែរ សូមជូនបុណ្យកុសល និងជូនពរឱ្យគ្រប់គ្នាជួបតែរឿងល្អៗ និងជោគជ័យគ្រប់ភារកិច្ច។ អរគុណដែលបាននៅជាមួយ និងចូលរួមជាមួយពួកយើងរាល់ពេលមានគម្រោងម្តងៗ Together for the better SM Stan Cambodia x SHINee 샤이니 » ។

    គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕

  • សមាជិកក្រុមចម្រៀង 2PM បង្ហើបថា លោកធ្លាប់មានជំងឺបាក់ទឹកចិត្តដូច Jonghyun

    សមាជិកក្រុមចម្រៀង 2PM បង្ហើបថា លោកធ្លាប់មានជំងឺបាក់ទឹកចិត្តដូច Jonghyun

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី18 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា  តារាចម្រៀងប្រុសលោក Wooyoung ដែលជាសមាជិកក្រុមចម្រៀង 2PM បានចេញមុខមកអះអាងថា លោកធ្លាប់ស្ថិតនៅក្នុងស្ថានភាពបាក់ទឹកចិត្តដូចអតីតតារាចម្រៀងប្រុស Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ដែរ។

    កាលពីថ្ងៃទី15 ខែមករា កន្លងទៅ តារាប្រុសរូបសង្ហាម្នាក់នេះ បានចេញមុខនៅក្នុងកម្មវិធីសម្ភាសរបស់ស្ថានីយទូរទស្សន៍ TV Report​ ក្នុងកម្មវិធីប្រ៉ូម៉ូតអាល់ប៊ុមចម្រៀងថ្មីរបស់លោក ដែលជាអាល់ប៊ុមចម្រៀងទោលជាលើកទី 2 ។ លោក Wooyoung បានផ្ដល់បទសម្ភាសថា «កាលពីពេលកន្លងទៅ ខ្ញុំបានដឹងពីព័ត៌មានដ៏រន្ធត់របស់តារាចម្រៀង Kim Jonghyun សមាជិកក្រុមចម្រៀង SHINee ហើយខ្ញុំជឿថា គាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែគាត់រងសម្ពាធផ្លូវចិត្តខ្លាំងក្លាជាងខ្ញុំ។ បើគិតឱ្យស៊ីជម្រៅបន្តិច ខ្ញុំអាចយល់ពីជម្រៅចិត្តរបស់គាត់ ហើយខ្ញុំក៏ជឿថា នៅមានតារាល្បីៗជាច្រើនទៀតកំពុងស្ថិតក្នុងស្ថានភាពជំងឺដូចគាត់ដែរ។ ខ្ញុំក៏ជាអ្នកជំងឺបាក់ទឹកចិត្តម្នាក់ដែរ កាលពី 5 ឆ្នាំមុន ហើយខ្ញុំបានជួបហេតុការណ៍ស្រដៀងគ្នានឹង Jonghyun ដែរ»។

    តារាប្រុសរូបនេះ បានបន្ដបញ្ជាក់ថា «ជំងឺបាក់ទឹកចិត្តរបស់  Kim Jonghyun ដូចរឿងរ៉ាវរបស់ខ្ញុំដែរ។ នៅពេលនោះ ខ្ញុំចង់យកឈ្នះដោយចិត្តខ្លួនឯងដោយវិធីច្រើនយ៉ាងដែលគិតថាអាចធ្វើទៅបាន។ ខ្ញុំបាននឹកឃើញពីសមាជិកក្រុមចម្រៀង 2PM ទើបខ្ញុំអាចបញ្ចប់រឿងនោះបាន ក៏ប៉ុន្ដែ វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់ខ្ញុំ។ ខ្ញុំបានព្យាយាមគិតថា ខ្ញុំចាំបាច់ត្រូវតែបញ្ចប់បញ្ហាមួយនេះដោយភាពរឹងមាំរបស់ខ្ញុំតែម្ដង»។

    ចុងបញ្ចប់ លោក Wooyoung បានយកឈ្នះជំងឺបាក់ទឹកចិត្ត និងបានប្រាប់បន្ថែមថា «ខ្ញុំបានរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហាតាមបែបផែនរបស់ខ្ញុំ គឺខ្ញុំទៅរៀនគូររូប និងជ្រមុជទឹក ហើយខ្ញុំបានស្វែងរកបទពិសោធ និងជំនួយពីក្រុមបងៗដែលមានអាយុច្រើនជាងខ្ញុំ ព្រមទាំងចំណាយពេលអានសៀវភៅ និងរឿងក្ដីដែលកើតមាននៅក្នុងសង្គមជាច្រើនផងដែរ»៕

  • ម្ដាយរបស់ Kim Jonghyun លើកទឹកចិត្តក្រុមចម្រៀង SHINee

    ម្ដាយរបស់ Kim Jonghyun លើកទឹកចិត្តក្រុមចម្រៀង SHINee

    តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា សមាជិកក្រុមចម្រៀង SHINee បានទម្លាយអារម្មណ៍ និងភាពសោកសៅរបស់ខ្លួននៅលើសំបុត្រដែលបានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមសម្ដែងចំពោះវិញ្ញាណក្ខន្ធរបស់ Kim Jonghyun ។ នៅក្នុងនោះដែរ តារាចម្រៀង Onew ដែលជាប្រធានក្រុម SHINee ក៏បានរៀបរាប់យ៉ាងក្ដុកក្ដួលអួលដើមក និងបានទម្លាយឱ្យដឹងថា អ្នកម្ដាយរបស់ Kim Jonghyun បានលើកទឹកចិត្តចំពោះក្រុមចម្រៀង SHINee កុំឱ្យបោះបង់ក្ដីស្រមៃរបស់អ្នកគាំទ្រ ឬកើតមានជំងឺបាក់ទឹកចិត្តដូចកូនប្រុសគាត់ឱ្យសោះ។

    នៅក្នុងសាររបស់ Onew  បានរៀបរាប់យ៉ាងដូច្នេះថា ៖ «សួស្តី! ខ្ញុំគឺ Onew របស់ក្រុម SHINee

    ខ្ញុំមិនដឹងថាត្រូវនិយាយបែបណាឡើយ! ខ្ញុំចង់អរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រក្រុម​របស់​យើងខ្ញុំយ៉ាងខ្លាំង។​ ខ្ញុំក៏ចង់សុំទោសផងដែរទៅកាន់អ្នកគាំទ្រ (ហ្វ៊ែនៗ) របស់យើងខ្ញុំ ចំពោះការធ្វើឲ្យពួកគេព្រួយបារម្ភកន្លងមក។

    ខ្ញុំបានគិតថា ប្រហែលជាគ្មានថ្ងៃអាចទៅរួចនោះទេ! ខ្ញុំបានគិតថា យើងពិតជាមិនអាចធ្វើការ​ប្រគំតន្ត្រីនានាបានទេ។ តែទោះជាបែបនេះក្តី អ្នកម្តាយរបស់ Jonghyun បាននិយាយ​ថា ចូរកុំឱ្យបោះបង់ចោលឲ្យសោះ  យើងជាមនុស្ស​ដែលផ្តល់ក្តីសង្ឃឹមដល់​អ្នកដទៃ និងដល់មនុស្សទូទៅដែលជួបបញ្ហានៅទីកន្លែងផ្សេងៗ។

    ប្រសិនបើខ្ញុំអាចផ្តល់នូវសុភមង្គល ពង្រីកនូវសុភមង្គល ទោះបីជាខ្ញុំជាមនុស្សតូចតាចក្តី ខ្ញុំបានសម្រេចថា យើងត្រូវតែធ្វើការប្រគំតន្ត្រី ហើយខ្ញុំនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពដើម្បី​ឲ្យវាល្អបំផុត។ ខ្ញុំមានការខ្វះខាតស្ទើរគ្រប់មធ្យោបាយ ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួច ជាមួយនឹងក្រុម SHINee ដើម្បីបង្ហាញនូវអ្វីដែលប្រសើរបំផុត។ ទោះបីជាស្ថានភាពពេលនេះលំបាក ខ្ញុំនៅតែព្យាយាមឲ្យខ្លាំងបានបំផុត ដើម្បីបង្ហាញអ្នកទាំងអស់​គ្នានូវលទ្ធផលដ៏ល្អបំផុត។ Jonghhyun នឹងនៅតែជាសមាជិក SHINee ជារៀងរហូត នៅក្នុងបេះដូងខ្ញុំ និងបេះដូងហ្វ៊ែនៗគ្រប់គ្នា។

    ការពិតដែលយើងចងចាំរៀងរហូតមកនោះគឺអ្វីដែលនឹងមិនអាចផ្លាស់ប្តូរចំពោះខ្ញុំ និងអ្នក​ទាំងអស់គ្នាដូចគ្នា។ ខ្ញុំនឹងទន្ទឹងរង់ចាំពេលខាងមុខ ដើម្បីអ្វីដែលប្រសើរបំផុតដោយខ្លួនខ្ញុំ នៅក្នុងសកម្មភាពទាំងអស់របស់ក្រុម SHINee នាថ្ងៃអនាគត។ អរគុណខ្លាំងណាស់ ចំពោះគ្រប់ៗគ្នា…»

  • ភ្ញាក់ផ្អើល!! អ្នកគាំទ្រថៃរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធ Kim Jonghyun តាមបែបព្រះពុទ្ធសាសនា

    ភ្ញាក់ផ្អើល!! អ្នកគាំទ្រថៃរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធ Kim Jonghyun តាមបែបព្រះពុទ្ធសាសនា

    នៅព្រឹកថ្ងៃទី22 ខែធ្នូ ឆ្នាំ2017នេះ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្រុមចម្រៀង SHINEE ប្រចាំប្រទេសថៃ ដែលមានចំនួនជាង 1000 នាក់ បានប្រមូលផ្ដុំគ្នា និងដើរដង្ហែក្បួនគ្នារៀបចំពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្ត សុតធិវៈរ៉ារ៉ាម ផ្លូវចៈរើនគ្រុង ដោយមានការតម្កល់ផ្កាកុលាបស្រស់នៅពីមុខរូបថតតារាប្រុសរូបនេះ ដែលជាទំនៀមទម្លាប់តាមបែបសាសនាគ្រិស្ត។ បន្ទាប់មកទៀត មានកម្មវិធីសរសេរបង្ហាញពីអារម្មណ៍អាឡោះអាល័យនៅក្នុងសំបុត្រ ដែលបញ្ជាក់ពីការលាគ្នាជាចុងក្រោយចំពោះតារារូបនេះ និងចុងក្រោយគឺកម្មវិធីធ្វើបុណ្យបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធរបស់តារារូបនេះ ឱ្យបានទៅកាន់សុគតិភព តាមបែបព្រះពុទ្ធសាសនា។

    គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕

  • នាទីសោកសៅ…អ្នកគាំទ្រ និងក្រុមគ្រួសារទ្រហោយំចង់ឃើញមុខសពជាលើកចុងក្រោយ

    នាទីសោកសៅ…អ្នកគាំទ្រ និងក្រុមគ្រួសារទ្រហោយំចង់ឃើញមុខសពជាលើកចុងក្រោយ

    នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ គឺជាពេលដែលត្រូវដង្ហែសពរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលជាអតីតសមាជិកក្រុមចម្រៀង SHINEE ដោយត្រូវឱ្យសមាជិករួមក្រុមចំនួន 4 រូបផ្សេងទៀតដូចជា  Lee Tae-min, Choi Min-ho, Onew និង Key ជាអ្នកដង្ហែក្ដារមឈូសចេញមកពីសាលបុណ្យទៅទីបញ្ចុះសព។

    បើតាមរយៈសារព័ត៌មាន Koreaboo នាព្រឹកថ្ងៃទី21នេះ បានឱ្យដឹងថា មានសមាជិកក្រុមគ្រួសារ និងបុគ្គលិករបស់ផលិតកម្ម SM ចំនួនជាង300 នាក់បានប្រមូលផ្តុំគ្នានៅមុខសាលបុណ្យសពរបស់តារាប្រុសខាងលើនេះ។ ខណៈដែលរថយន្តចាប់ផ្តើមបើកដង្ហែសពបានមកដល់ គេសង្កេតឃើញមានអ្នកគាំទ្រប្រហែល 1000 នាក់ បាននាំគ្នាឈូឆរប្រមូលផ្តុំគ្នា ដើម្បីបានឃើញមុខមាត់របស់ Jonghyun នាវិនាទីចុងក្រោយ ព្រមទាំងសម្ដែងទុក្ខសោកចំពោះ Idol ចម្រៀង Kpop រូបនេះផង ។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែបងស្រីរបស់ Kim Jonghyun បាននាំមុខក្បួនដង្ហែសពចេញមកក្រៅភ្លាម សំឡេងស្រែកទ្រហោយំពីក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្របានលាន់ឮឡើងយ៉ាងទ្រហឹងពេញនៅខាងមុខអគារ Asian Medical Center Funeral Hall តែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពក្បួនដង្ហែសពរបស់តារាប្រុស Kim Jonghyun ខាងក្រោមនេះ៖