Tag: Juventus

  • លោក Allegri ជំរុញឲ្យ Juventus ដណ្តើមយកពាន Serie A ថ្ងៃអាទិត្យនេះឱ្យបាន

    លោក Allegri ជំរុញឲ្យ Juventus ដណ្តើមយកពាន Serie A ថ្ងៃអាទិត្យនេះឱ្យបាន

    លោក Massimiliano Allegri បានជំរុញឲ្យក្រុមដែលកំពុងប្រមាញ់រកការឈ្នះពាន៣ Juventus របស់លោក លុបចោលនូវការភិតភ័យផ្សេងៗ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid នាខែក្រោយ តាមរយៈការឈ្នះពានក្របខ័ណ្ឌ Serie A នៅថ្ងៃអាទិត្យនេះឱ្យបាន ក្រោយពីបានលើកពាន Italian Cup បានមួយហើយ។

    ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Champions League ត្រឹមតែ២លើកគត់ក្នុងចំណោមការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ៨លើក ក្រុមយក្សដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ កំពុងតែប្តេជ្ញាចិត្តថា នឹងធ្វើការស្តារមុខមាត់សម្រាប់ការចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Barcelona កាលពីឆ្នាំ២០១៥ នៅពេលដែលពួកគេត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក១១សម័យកាល Real Madrid ក្នុងទីក្រុង Cardiff នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។

    ក្រុមសេះបង្កង់ Juventus បានបោះជំហានឆ្ពោះទៅកាន់ការឈ្នះទាំងពានលីក និងពាន Italian Cup ក្នុងរដូវកាលតែមួយជាលើកទី៣ជាប់ៗគ្នា កាលពីថ្ងៃពុធ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Lazio ក្នុងការប្រកួតពាន Italian Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែលខ្សែការពារ Dani Alves និង Leonardo Bonucci សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទី ព្រមទាំងបានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំនៅកីឡដ្ឋាន Stadio Olimpico។ ប៉ុន្តែ ការរងបរាជ័យរបស់ក្រុម Juventus នៅលើទឹកដីក្រុម Roma កាលពីសប្តាហ៍មុន ដែលកាលនោះពួកគេបានចាញ់ក្នុងលទ្ធផល ៣-១ បានរារាំងមិនឲ្យក្រុមរបស់លោក Allegri លើកពានកំពូល(serie A)របស់អ៊ីតាលី ជាបណ្តោះអាសន្ន។

    ដោយសារតែក្រុម Juventus ត្រូវប្រកួតជាមួយនឹងក្រុមស្ថិតក្នុងតំបន់កាត់ចោល Crotone នោះមានន័យថា ក្រុមម្ចាស់ផ្ទះកំពុងតែមានប្រៀបក្នុងការឈ្នះនៅថ្ងៃអាទិត្យនេះ។ Juventus នឹងធ្វើដំណើរទៅកាន់ការប្រកួតនេះ ដោយដឹងថា ការដណ្តើមបានជ័យជម្នះនឹងធ្វើឲ្យពួកគេលើកពាន Serie A ក្រោយពីពួកគេបាននាំមុខដល់ទៅ៤ពិន្ទុដាច់នៅលើកំពូលតារាង ខណៈដែលនៅសល់ត្រឹមតែ២ប្រកួតទៀតប៉ុណ្ណោះ នៅរដូវកាលនេះ។ ក្រុម Juventus មិនស្គាល់ចាញ់សោះពីការប្រកួតលីកក្នុងផ្ទះខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះដល់ទៅ៤លើក និងស្មើ១លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕
    ប្រភពពី៖ Daily Star

  • Alves ជួយឲ្យ Juventus ផ្តួល Lazio ដើម្បីលើកពាន Italian Cup

    Alves ជួយឲ្យ Juventus ផ្តួល Lazio ដើម្បីលើកពាន Italian Cup

    គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែការពារដ៏ឆ្នើម Dani Alves និង Leonardo Bonucci បានជួយឲ្យក្រុមសេះបង្កង់ Juventus ឈានទៅរកកាលើកពានទី១របស់ពួកគេក្នុងចំណោមពាន៣ដែលពួកគេកំពុងតែធ្វើការប្រជែងដណ្តើមយក ក្រោយពីបានផ្តួលក្រុម Lazio ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតដណ្តើមពាន Coppa Italia ឬ Italian Cup ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃពុធម្សិលមិញ។

    ក្រុមសេះបង្កង់មួយនេះ ត្រូវការត្រឹមតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពានក្របខ័ណ្ឌ Serie A របស់អ៊ីតាលីជាលើកទី៦ជាប់ៗគ្នារបស់ពួកគេ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crotone នៅថ្ងៃអាទិត្យនេះ។ Juventus ក៏ត្រូវធ្វើការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះផងដែរ។ លោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្រុម Juventus បានធ្វើការពិចារណាទៅលើការប្រកួតនៅកីឡដ្ឋាន Stadio Olimpico ក្រោយពីទើបតែបានជួបនឹងការខកចិត្តក្រោមស្នាដៃក្រុម Roma ថា Juventus បានបង្ហាញពីទម្រង់លេងដ៏រឹងមាំ ហើយពួកយើងនឹងបានលើកពាន Italian Cup នេះជាលើកទី៣ជាប់ៗគ្នា ក្រោមការបំពេញតួនាទីយ៉ាងល្អរបស់ខ្សែការពារទាំងពីររបស់ពួកយើង។

    ក្រោយពីដណ្តើមបានជ័យជម្នះ លោក Allegri បានរំពឹងទុកថា អាចនឹងមានការរីករាយដូចគ្នានេះនៅថ្ងៃអាទិត្យខាងមុខនេះ។ លោក Allegri បានឲ្យដឹងថា៖ «ការទទួលជ័យជម្នះបានជួយឲ្យយើងមានការជឿជាក់ដ៏ធំមួយសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ។ យើងត្រូវតែបញ្ចប់ដោយការក្លាយជាម្ចាស់ជើងឯក។ កីឡាករទាំងអស់បានបង្ហាញពីបច្ចេកទេសលេង និងការពារដ៏អស្ចារ្យដែលល្អប្រសើរជាងពេលដែលយើងប្រកួតជាមួយនឹងក្រុម Roma»៕

    ប្រភពពី៖ Mirror

  • Monaco ជឿជាក់ខ្ពស់ មុនពេលប៉ះ Juventusនៅរាត្រីនេះ

    Monaco ជឿជាក់ខ្ពស់ មុនពេលប៉ះ Juventusនៅរាត្រីនេះ

    លោក Leonardo Jardimដែលជាគ្រូបង្វឹក កំពុងតែលើកទឹកចិត្តឲ្យក្រុម Monaco មានការជឿជាក់ នៅមុនពេលពួកគេត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងទីក្រុង Turin ជាកន្លែងដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមសេះបង្កង់ Juventus។

    បើទោះបីជាដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ពីការប្រកួតជើងទី១កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែ ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ នៅតែមានការជឿជាក់ ខណៈដែលពួកគេកំពុងតែផ្តោតទៅលើការប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីនេះ។ លោក Jardimគ្រូបង្វឹករបស់ Monaco បានឲ្យដឹងថា៖ «យើងត្រូវតែរក្សានូវការជឿជាក់ ត្រូវខិតខំលេងក្នុងការប្រកួតរបស់យើង និងបង្ហាញទម្រង់លេងឲ្យបានល្អ។ ប្រសិនបើយើងអាចរកគ្រាប់បាល់បញ្ចូលទីក្នុងពេលចាប់ផ្តើមប្រកួត អ្វីៗអាចនឹងមានការផ្លាស់ប្តូរ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងនឹងត្រូវតែវាយសម្រុកជាមួយនឹងស្មារតីដោយគ្មានសម្ពាធ។ ក្នុងជើងទី១ យើងមានចំនួននៃការស៊ុតបាល់សំដៅទីដូចក្រុម Juventusដែរ ប៉ុន្តែ ពួកគេមានភាពមុតស្រួចជាង។ ពិតណាស់ ពួកគេមានភាពចាស់ទុំជាងយើង ហើយយើងបានទទួលបរាជ័យ ដោយសារតែយើងមិនទទួលបានប្រយោជន៍ពីឱកាសក្នុងការស៊ុតបញ្ចូលទីរបស់យើង»។

    លោក Jardimបានបន្ថែមទៀតថា៖ «យើងត្រូវតែរក្សាការធ្វើឲ្យមានក្តីសង្ឃឹម ហើយគោលបំណងរបស់យើងគឺការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ និងអ្វីដែលពួកគេបានធ្វើនៅពេលនេះខ្លាំងណាស់ ទោះបីជាលទ្ធផលនៅយប់ថ្ងៃអង្គារនេះចេញមកបែបណាក៏ដោយ»។ ក្រុម Juventusបានបង្ហាញពីភាពរឹងមាំក្នុងតំបន់ការពារដ៏គួរឲ្យកត់សម្គាល់ ខណៈដែលពួកគេបានធ្វើការរាំងខ្ទប់ទាំងស្រុងទៅលើតំបន់ប្រយុទ្ធរបស់ Monaco ពិសេសពួកគេបានទម្លាក់ក្រុម Barcelona កាលពីជុំមុនរួចស្រេចទៅហើយ តាមរយៈការមិនបណ្តោយឲ្យ Lionel Messiនិងមិត្តរួមក្រុមរបស់គេ រកគ្រាប់បាល់បញ្ចូលទីបានសូម្បីតែមួយគ្រាប់។ Juventusបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីចំនួន២គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៥លើកក្នុងចំណោមការប្រកួត១៥លើកចុងក្រោយក្នុងយុទ្ធនាការនេះ។ ក្រុមសេះបង្កង់មួយនេះ ក៏មិនទាន់ស្គាល់ចាញ់ផងដែរក្នុងការប្រកួតលើទឹកដីខ្លួនឯងក្នុងរយៈពេល ២០ខែកន្លងមកនេះ ខណៈដែលពួកគេរបូតគ្រាប់បាល់ត្រឹមតែ២គ្រាប់គត់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន១១លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺយប់នេះ៕

    ប្រភពពី៖ The Guardian

  • Khedira ស្ថិតក្នុងអារម្មណ៍ស្ងប់ ខណៈ Juventus រំពឹងរកការឈ្នះពាន Serie A ពេលប៉ះ Torino

    Khedira ស្ថិតក្នុងអារម្មណ៍ស្ងប់ ខណៈ Juventus រំពឹងរកការឈ្នះពាន Serie A ពេលប៉ះ Torino

    ខ្សែ​បម្រើ​ជើង​ចាស់ Sami Khedira បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​ខ្លួន​ស្ថិ​តក្នុង​ការ​ផ្តោត​អារម្មណ៍ ខណៈ​ដែល​ក្រុម​សេះ​បង្កង់ Juventus សម្លឹង​រក​ការ​ឈ្នះ​ពាន​ពាន Serie A ជា​កំណត់ត្រា​​នៅ​ថ្ងៃ​​សៅរ៍​នេះ តាមរយៈ​ការ​ដណ្តើម​យក​ជ័យ​ជម្នះ​លើ​​​ក្រុម​ស្ថិ​តក្នុង​ទីក្រុង​តែ​មួយ Torino​។

    ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​របស់​ក្រុម Juventus នៅ​ថ្ងៃ​សៅរ៍​នេះ បូក​រួម​ទាំង​ការ​បរា​ជ័យ​របស់​ក្រុម Roma នៅ​លើ​ទឹក​ដីក្រុម AC Milan នៅ​ថ្ងៃ​អាទិត្យ នឹង​​ធ្វើ​ឲ្យ​ក្រុម​​​ម្ចាស់​ជើង​ឯក​​មួយ​នេះ នាំ​មុខ​​១២​ពិន្ទុ​ដាច់ ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ​។ ប៉ុន្តែ Khedira បាន​​និយាយ​ថា​ ការ​ឈ្នះ​ពាន Serie A ជា​លើក​ទី​៦​ជាប់​ៗ​គ្នា គ្រាន់​តែ​​ការ​បោះ​​ជំ​ហាន​មួយ​ឆ្ពោះ​ទៅមុខ​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​រូប​គេ​សង្ឃឹម​ថា ក្រុម Juventus នឹង​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែ​មួយ ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​៧​ឆ្នាំ ក្រោយ​​​ពី​លោក Jose Mourinho សម្រេច​បាន​នូវ​សមិទ្ធ​ផល​នេះ​ជាមួយ​នឹងក្លិប Inter Milan កាល​ពីឆ្នាំ​២០១០​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​អ៊ី​តាលី​៣២​សម័យ​កាល​មួយ​នេះ នឹង​ត្រូវ​ជួប​ក្រុម Lazio ក្នុង​ការ​ប្រកួត​ពាន Italian Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ខែ​ក្រោយ ហើយ​ក្រោយ​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ លើ​ក្រុម Monaco ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ ក្រុម​សេះ​បង្កង់​ Juventus កំពុង​​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ក្នុង​ទីក្រុង Cardiff​។

    ខ្សែ​បម្រើ​​អន្តរ​ជាតិ​អា​​ល្លឺ​ម៉ង់ Khedira ដែល​មិន​បាន​ចូល​លេង​ក្នុង​ពេល​ក្រុម​ខ្លួន​​ដណ្តើម​បាន​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរនោះ បាន​បញ្ជាក់​ថា នៅមាន​ការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​ក្រុម Juventus។ Khedira បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា៖ «អ្នក​គាំទ្រ​មាន​ក្តី​សុបិន ដែល​​​ជា​សុបិន​ដូច​ពួក​​យើង​ដែរ​។ ប៉ុន្តែ យើង​មិនមែន​ជា​​​អ្នក​ចូល​ចិត្ត​សុបិន​ឡើយ ហើយ​ប្រសិន​បើ​យើង​​ចង់​ជម្នះ​រាល់​ឧប​ស័គ្គ​ផ្សេងៗ យើង​នៅ​តែ​មាន​ការ​ងារ​ជាច្រើន​ដែល​​ត្រូវ​ធ្វើ​ពី​មុខ​យើង​»​។ ប៉ុន្តែ ក្រុម Juventus ដណ្តើម​បាន​ជ័យ​ជម្នះ​៥​លើក​ពី​ការ​ប្រកួត​​ក្នុង​ផ្ទះខ្លួន​ឯង​ទាំង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ​ដែល Torino ឈ្នះ​តែ​ពីរ​លើក​គត់ពី​ការ​ប្រកួត​ក្រៅ​ដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ sports.yahoo

  • Higuain រកបាន២គ្រាប់ ខណៈ Juventus បោះជំហានដ៏ធំឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ

    Higuain រកបាន២គ្រាប់ ខណៈ Juventus បោះជំហានដ៏ធំឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ

    ក្រុម​សេះ​បង្កង់ Juventus បាន​បោះ​ជំ​ហាន​ដ៏​ធំមួយ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Gonzalo Higuain បាន​ស៊ុត​បាល់​បញ្ចូល​ទី​​២​​គ្រាប់​​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​កត់​ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម Monaco កាល​ពី​ថ្ងៃ​ពុធ​។

    ក្រុម​ម្ចាស់​ជើង​ឯក​របស់​អ៊ី​តាលី​​មួយ​នេះ បាន​ផ្តួល​ក្រុម Barcelona ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ និង​​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ផ្តួល​​​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួក​គេ នៅ​មុន​ពេល​ការ​ប្រកួត​ជើង​ទី​២ ក្នុង​ទីក្រុង Turin នា​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ​។ Higuain បាន​ក្លាយ​ជា​វី​រ​បុរស​សម្រាប់​ក្រុម​របស់​​លោក Massimiliano Allegri តាម​រយៈ​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទីនីមួយ​ៗ​។ គ្រាប់​បាល់​ទីមួយ​របស់​គេ​បាន​កើត​ឡើង ក្រោយ​ពី​ការ​បញ្ជូន​បាល់​យ៉ាងល្អ ខណៈ​ដែល​ខ្សែ​បម្រើ Dani Alves បាន​បោះ​​បាល់​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អា​​ហ្សង់​ទីន​រូប​នេះ​​ជាមួយ​នឹង​ការ​ឆ្កិះ​ដោយ​កែង​ជើង​របស់​គេ​​។ បន្ទាប់​មក​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល​រូប​នេះ បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Higuain យ៉ាង​ល្អ​ម្តង​ទៀត ដើម្បី​រក​គ្រាប់​បាល់​ទី​២ ក្រោយ​ពី Higuain បាន​​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​។

    ក្រុម Monaco បាន​ធ្វើ​ការ​វាយ​បក​យ៉ាងខ្លាំង​ដើម្បី​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​វិញ ប៉ុន្តែ មិន​អាច​ទម្លុះ​តំបន់​ការ​ពារ​យ៉ាង​រឹង​មាំ​របស់​ក្រុម Juventus និង​អ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon បាន​ឡើយ​។ ក្រោយ​ពី​មិន​បញ្ចប់​ការ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​​ត្រឹម​៧​ប្រកួត​ក្នុង​​ក្រប​ខ័ណ្ឌ Champions League ខ្សែ​ប្រយុទ្ធ Higuain បាន​ឲ្យ​ដឹង​ថា​៖ «គ្រាប់​បាល់​មិន​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ​ក្នុង​យុទ្ធ​នា​ការ​នេះ​ឡើយ ប៉ុន្តែ ខ្ញុំ​បាន​​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​រក្សា​ការ​ស្ងប់​អារម្មណ៍ និង​រក្សា​ការ​​ធ្វើ​​ការ​យ៉ាង​លំ​បាក​»​​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ក៏​ចង់​​ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​ចូល​ទី​របស់​យើង​មួយ​ផ្សេង​ទៀត​ផង​ដែរ ហើយ​យើង​ពិត​ជា​ពេញ​ចិត្ត​ជា​មួយ​នឹង​លទ្ធ​ផល​នេះ​»​៕

    https://www.youtube.com/watch?v=RjyWtkUUU2U

    ប្រភព​​ពី៖ Mirror

  • Monaco ដាក់ការជឿជាក់លើ Falcao ក្នុងពេលប៉ះ Juventus រាត្រីនេះ

    Monaco ដាក់ការជឿជាក់លើ Falcao ក្នុងពេលប៉ះ Juventus រាត្រីនេះ

    ក្រុម​ប្រជុំ​ដោយកីឡាករ​វ័យ​ក្មេង Monaco នឹង​​សម្លឹង​រក​ការ​បង្ហាញ​ពី​ទម្រង់​លេង​ឲ្យ​ល្អ ហើយ​ពួកគេនឹង​ដាក់​ការ​ជឿ​ជាក់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Radamel Falcao ក្នុងការ​ទម្លុះ​តំបន់ការ​ពារ​ដ៏រឹង​មាំ​របស់​​ក្រុមសេះ​បង្កង់ Juventus ក្នុងពេលក្រុម​​ទាំង​ពីរ​ជួបគ្នាក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ​រាត្រីនេះ​​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ នឹង​​ទទួល​តួ​នាទី​ជា​​ប្រធាន​ក្រុម​ពេល Monaco ជួប​ជា​មួយ​នឹងក្រុម​យក្ស​របស់​​អ៊ី​​តាលី ដែល​មាន​តា​​​រាឆ្នើម Gonzalo Higuain ក្នុ​ង​តំបន់​ប្រយុទ្ធ​របស់ពួកគេ ក្នុង​ការ​ប្រកួត​នា​​កីឡដ្ឋាន Stade Louis II​​។ Monaco បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​​ខ្លាំង​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​បាន​បង្ហាញ​​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ជា​មួយ​នឹ​ង​ក្រុម​ប្រជុំ​ដោយ​កីឡាករ​​វ័យ​ក្មេង​របស់​ពួក​​គេ ស្រប​ពេល​តា​រាឆ្នើម​ៗ​ដូច​ជា Kylian Mbappe, Bernardo Silva និង Thomas Lemar នឹង​ក្លាយ​ជា​គោល​ដៅ​​របស់​ក្លិប​ធំ​ៗ​នៅ​អឺ​រ៉ុប នា​រដូវក្តៅ​ខាង​មុខ​។ ​​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ជិត​១៥០​គ្រាប់ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​ឈ្នះពាន​របស់​បារាំង​។

    Monaco បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​ណាស់​៣​​គ្រាប់​​ក្នុងមួយ​ប្រកួត ក្នុង​​រាល់​ការប្រកួត​វគ្គ​ចាញ់​​ធ្លាក់​ទាំង​ ៤​ប្រកួត​មក​ទល់​ពេលនេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការផ្តួលក្រុម Manchester City របស់លោក Pep Guardiola និងក្រុម Borussia Dortmund ផង​ដែរ ដើម្បី​ឈាន​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៤​។ លោក Vadim Vasilyev ប្រធាន​ក្លិប Monaco បាន​ប្រាប់​ស្ថា​នីយ​ទូរ​ទស្សន៍​​របស់​បារាំង TF1 ថា៖ «ខ្ញុំ​តែង​តែ​​ជឿ​ជាក់​ទៅ​លើ Radamel ហើយ​តាំង​ពី​ចាប់​ផ្តើម​រដូវ​កាល​នេះ ខ្ញុំ​បាន​និយាយ​រួច​ជា​ស្រេច​ថា រូប​គេ​នឹង​វិល​ទៅ​កាន់​ទម្រង់​លេង​​ដ៏ល្អ​បំផុត​របស់​គេ​វិញ​។ គ្មាន​នរ​ណា​ម្នាក់​​គិត​បែប​នោះ​ឡើយ ប៉ុន្តែ បច្ចុប្បន្ន យើង​បង្ហាញ​ឲ្យ​ឃើញ​រួច​ជា​​ស្រេច​»​។ ក្រុម Monaco បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ផ្តួល​ក្រុម Toulouse ៣-១ ក្នុង​ការ​ប្រកួត Ligue 1 កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ Juventus ដែល​​ជា​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពីឆ្នាំ​២០១៥ បាន​បញ្ចប់​​ក្នុង​លទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹក​ដីក្រុម Atalanta ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​របូត​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ ការ​ប្រកួតនេះនឹង​ចាប់ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Eurosports