Tag: Joe Biden

  • តើ​អ្នក​បានដឹង​ហើយ ឬ​នៅ​ថា ទ្រព្យ​សរុប​របស់​ប្រធានាធិបតី Joe Biden មាន​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ?

    តើ​អ្នក​បានដឹង​ហើយ ឬ​នៅ​ថា ទ្រព្យ​សរុប​របស់​ប្រធានាធិបតី Joe Biden មាន​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ?

    លោក Joe Biden បានធ្វើ​នយោបាយ​រាប់សិប​ឆ្នាំ​មកហើយ ប៉ុន្តែ លោក​ទើបតែ​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ពី​ចប់​អាណត្តិ​អនុ​ប្រធានាធិបតី និង​បោះ​ពុ​ម្ភ​សៀវភៅ។

    ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក លោក Joe Biden ត្រូវបាន​ទស្សនាវដ្ដី Forbes ស្រាវជ្រាវ​ឃើញថា មានទ្រព្យ​​សម្បត្តិ​ប្រមាណ​ជា 9 លាន​ដុល្លារ​អាមេរិក។ ពេល​ចាប់ផ្ដើម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ឆ្នាំ 2020 លោក Biden បានប្រកាស​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ​របស់ខ្លួន។

    មុនពេល​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិ​របស់លោក Barack Obama លោក Biden គឺជា​តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​ចាប់ពី​ឆ្នាំ 1973 ដល់​ឆ្នាំ 2009។ ក្នុងអំឡុង​ពេលនោះ ប្រាក់បៀវត្ស​របស់លោក​បាន​កើន​ពី 42.500 ដុល្លារ ឡើងដល់ 174,000 ដុល្លារ/ឆ្នាំ នេះ​បើតាម​ឯកសារ​របស់​សភា​ជាន់ខ្ពស់។ នៅពេល​បាន​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ 2009 ដល់ 2017 ប្រាក់បៀវត្ស​របស់លោក Biden បាន​កើន​ឡើងដល់ 230,000 ដុល្លារ/ឆ្នាំ។

    ចាប់ពី​បាន​ចាក​ចេញពី​តំណែង​អនុ​ប្រធានាធិបតី​កាលពី​ជំនាន់​លោក Obama លោក Biden ទើបតែ​រកបាន​ប្រាក់​ច្រើន​ជា​លើកដំបូង​ពី​ការបោះ​ពុ​ម្ភ​សៀវភៅ និង​ធ្វើជា​វាគ្មិន។ ខែវិច្ឆិកា ឆ្នាំ 2019 ទ្រព្យ​របស់លោក​មានតម្លៃ​មិន​ដល់ 30,000 ដុល្លារ​នោះទេ នេះ​បើតាម​បណ្ដាញ​ទូរ​ទ្សន៍ និង​វិទ្យុ​អាមេរិក CBS។ ប៉ុន្តែ បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​កាលពី​ខែកក្កដា ឆ្នាំ 2019 លោក Biden និង​ភរិយា រកបាន​ប្រាក់​ជិត 16 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017 និង 2018 ក្នុងនោះ​ក៏មាន​ចំណូល​ដែល​បានមកពី​ការសហការ​បោះ​ពុ​ម្ភ​សៀវភៅ​ជាមួយនឹង​ក្រុមហ៊ុន Flatiron Books ដែលមាន​តម្លៃ 8 លាន​ដុល្លារ។

    លោក Biden បាន​សរសេរ​សៀវភៅ​ចំនួន​ពីរ​ក្បាល​ក្នុង​រយៈពេល 11 ឆ្នាំ​កន្លងទៅ រួមមាន «Promises to keep» (បកប្រែ​ក្រៅផ្លូវការ​ថា «សន្យា​ដែល​នឹងត្រូវ​រក្សា») កាលពី​ឆ្នាំ 2008។ ឆ្នាំ 2017 សៀវភៅ «Promise me, Dad» (សន្យា​នឹង​កូន​ណា៎ ពុក) ក៏ត្រូវ​បាន​បោះ​ពុ​ម្ភ បន្ទាប់ពី​កូនប្រុស Beau Biden របស់លោក​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ «Promise me, Dad» បាន​ក្លាយជា​សៀវភៅ​មួយ​ក្នុងចំណោម​សៀវភៅ​ដែល​លក់ដាច់​ជាងគេ​នៅ​អាមេរិក ដោយ​លក់​ជាង 300,000​​ក្បាល។

    យោងតាម​របាយការណ៍​ហិរញ្ញវត្ថុថ្មីៗនេះ លោក Biden ទទួលបាន​ប្រាក់​ប្រមាណ​ពី 8,000 ដល់ 9,000 ដុល្លារ​នៅ​រៀងរាល់​ចំណុច​នៃ​ការផ្អាក​ការឃោសនា​សម្រាប់​សៀវភៅ​ដែល​លោក​បាន​សរសេរ និង​បោះ​ពុ​ម្ភ។ សកម្មភាព​នេះ ចុងក្រោយ​ក៏​រកបាន​ប្រាក់ចំណូល​ប្រមាណ 1.8 លាន​ដុល្លារ។

    សារព័ត៌មាន AP បានឱ្យដឹងថា ការធ្វើជា​វាគ្មិន​របស់លោក Biden មានតម្លៃ​ចាប់ពី 40,000 ដល់ 190,000 ដុល្លារ/ពេល បើទោះជា​លោក​ក៏មាន​កិច្ច​សម្ភាស​ដោយ​មិន​គិតថ្លៃ។ CNBC បាន​រាយការណ៍​ថា លោក Biden ធ្លាប់​ទទួលបាន​ប្រាក់ 190,000 ដុល្លារ សម្រាប់​ការធ្វើ​បទ​បង្ហាញ​មួយ​នៅ​សាកលវិទ្យាល័យ Drew រដ្ឋ New Jersey កាលពី​ខែមីនា ឆ្នាំ 2018។ សកម្មភាព​ធ្វើជា​វាគ្មិន​បាន​នាំមក​នូវ​ខ្ទង់​ប្រាក់ 2.4 លាន​ដុល្លារ​សម្រាប់​គ្រួសារ​នេះ។

    ឆ្នាំ 2019 ពេលធ្វើ​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី លោក និង​លោកស្រី Jill ក៏​រកបាន​ប្រហែល 1 លាន​ដុល្លារ។ ក្រៅពីនេះ អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ទទួលបាន​ប្រាក់ 540,000 ដុល្លារ​សម្រាប់​តួនាទី​ជា​សាស្ត្រា​ចារ្យ​​នៅ​​មជ្ឈមណ្ឌល​ការបរទេស​និង​អន្តរ​កម្ម​សកល Penn Biden នៃ​សាកលវិទ្យាល័យ Pennsylvania។

    មកដល់​ចុងឆ្នាំ 2019 លោក Biden បាន​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ និង​ជា​អ្នកនយោបាយ​ដែលមាន​ទ្រព្យ​ច្រើន​មួយរូប​ផងដែរ ដោយ​រកបាន 16.7 លាន​ដុល្លារ​ក្នុង​រយៈពេល 3 ឆ្នាំ។ រាប់​ចាប់ពី​ឆ្នាំ 1998 លោក Biden បង់ពន្ធ​លើ​ប្រាក់ចំណូល​ជូន​រដ្ឋ​បាន​ចំនួន 6.7 លាន​ដុល្លារ ក្នុងនោះ​មាន 5.5 លាន​ដុល្លារ​រាប់​ចាប់ពី​ឆ្នាំ 2017។

    ក្នុង​រយៈពេល 3 ឆ្នាំ​កន្លងទៅថ្មីៗនេះ គ្រួសារ​លោក Biden ក៏​ចំណាយ​ប្រា​ក់ជាង 1 លាន​ដុល្លារ​សម្រាប់​សកម្មភាព​ម​នុស្ស​ធម៌​ទៀតផង។

    ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គ្រួសារ​លោក Biden គឺជា​អចលនទ្រព្យ ប៉ុន្តែ​ពួកគេ​ក៏មាន​ខ្ទង់​វិនិយោគ​ផងដែរ។ Forbes ឱ្យដឹងថា ផ្ទះ​ចំនួន​ពីរ​ខ្នង​របស់លោក Biden នៅ​រដ្ឋ Delaware មានតម្លៃ​សរុប 4 លាន​ដុល្លារ។ ពួកគេ​មានទ្រព្យ​ជា​សាច់​ប្រាក់សុទ្ធ និង​ខ្ទង់​វិនិយោគ មានតម្លៃ 4 លាន​ដុល្លារ រួម​នឹង​ប្រាក់​ចូលនិវត្តន៍​ចំនួន 1 លាន​ដុល្លារ។

    នៅពេល​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក លោក Biden ទទួលបាន​ប្រាក់បៀវត្ស​ចំនួន 400,000 ដុល្លារ/ឆ្នាំ។ យោងតាម​ច្បាប់ Cornell ប្រធានាធិបតី​អាមេរិក​ក៏​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​បន្ថែមចំនួន 50,000 ដុល្លារ/ឆ្នាំ ដើម្បី​អនុវត្ត​ភារកិច្ច​របស់ខ្លួន៕

    ប្រភព៖ Business Insider

  • ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    សារព័ត៌មាន Washington Post បានចេញ​ផ្សាយ​ថា ការិយាល័យ​រាង​ពងក្រពើ​គឺជា​និមិត្តរូប​នៃ​អំណាច​របស់​ប្រធានាធិបតី​អាមេរិក។ នៅពេល​ក្លាយជា​ម្ចាស់​សេត​វិមាន ប្រធានាធិបតីនីមួយៗ តែងតែ​ស្នើឱ្យ​មានការ​តុបតែង​កា​រិ​យា​ល័យ​នេះ​ទៅតាម​ចំណូលចិត្ត​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ភាព​ដោយឡែក និង​របៀប​នៃ​ការដឹកនាំ។

    សម្រាប់​លោក Joe Biden វិញ លោក​បាន​ស្នើឱ្យ​ដាក់តាំង​រូបភាព និង​រូបចម្លាក់​នានា​រប​ស់បុ​គ្គល​ល្បីឈ្មោះ​ជាច្រើនរូប​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ការិយាល័យ​ពងក្រពើ (Oval Office) នេះ។

    កម្រាល​ព្រំ​ថ្មី​នៅក្នុង​បន្ទប់ការិយាល័យ​របស់​ប្រធានាធិបតី​​ Joe Biden

    អ្វី​ដែលជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ការិយាល័យ​នេះ នោះ​គឺ​រូបភាព​ទំហំ​ធំ​របស់​ប្រធានាធិបតី​ទី 32 ឈ្មោះ Franklin Delano Roosevelt ដែល​ត្រូវបាន​ដាក់តាំង​នៅក្បែរ​តុ Resolute របស់​ប្រធានាធិបតី។ Franklin Delano Roosevelt គឺជា​ប្រធានាធិបតី​ដែល​បាន​ជួយ​ឱ្យ​សហរដ្ឋ​អា​មេ​រក ឆ្លង​ផុតពី​វិបត្តិ​ដ៏​ធំ ដែល​ដូច​ទៅនឹង​ឧបសគ្គ​ដែល​លោក Biden កំពុង​ជួបប្រទះ។

    រូបថត​មួយចំនួន​ត្រូវបាន​ព្យួរ​ជា​គូ ដូចជា រូបថត​របស់​ប្រធានាធិបតី​ទី 3 Thomas Jefferson និង​រូប​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Alexander Hamilton ជាដើម ដែលជា​បុគ្គល​មិនសូវ​ចុះសម្រុង​នឹង​គ្នា ដែល​នេះ​បង្ហាញ​អំពី​ផលប្រយោជន៍​ដែល​បានមកពី​ការយល់ឃើញ​ផ្ទុយគ្នា។ ការិយាល័យ​របស់​ប្រធានាធិបតី Biden ឱ្យដឹងថា ការដែល​រូបថត​ត្រូវបាន​ដាក់តាំង​ជា​គូ​បែបនេះ​គឺ​ដើម្បី​បញ្ជាក់ និង​សង្កត់ធ្ងន់ថា ភាពខុសគ្នា​នៅក្នុង​ការយល់ឃើញ​គឺជា​ប្រការ​ដ៏​ចាំបាច់​នៃ​លទ្ធិប្រជាធិបតេយ្យ។

    រូប​របស់​បុគ្គល​ល្បី​ៗ​ដែល​ត្រូវ​បាន​ដាក់​តាំង​ជា​គូ

    ក្រៅពី​រូបថត​នានា ការិយាល័យ​ពងក្រពើ​នេះ​ក៏មាន​តាំង​រូបចម្លាក់​ពាក់កណ្ដាល់​ខ្លួន​ជាច្រើន​ផងដែរ ក្នុងនោះ​ក៏មាន​រូបចម្លាក់​របស់ Martin Luther King និង Robert F. Kennedy ដែល​ត្រូវ​បានដាក់​នៅក្បែរ​ម៉ាស៊ីនកម្ដៅ។ លោក Biden តែងតែ​រំលឹក​ដល់​បុគ្គល​ទាំងពីរ​រូបនេះ នៅពេល​លោក​និយាយ​ដល់​សិទ្ធិ​ពលរដ្ឋ។

    រូបភាព​របស់ Benjamin Franklin នៅក្នុង​ការិយាល័យ​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​ប​ស់លោក Biden នៅក្នុង​ការដើរតាម​មា​គ៌ា​វិទ្យាសាស្ត្រ។ រូបភាព​នេះ​ត្រូវបាន​ដាក់តាំង​នៅក្បែរ​ដុំថ្ម​របស់​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិតនៅលើ​ធ្នើរ​សៀវភៅ ក្នុង​បំណង​រំលឹក​ដល់​ប្រជាជន​អាមេរិកាំង​អំពី​មហិច្ឆតា និង​សមិទ្ធផល​របស់​មនុស្ស​ជំនាន់​មុន។

    រូប​ចម្លាក់​របស់​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ Cesar Chavez និង​រូប​ថត​ឯក​ជន​របស់​លោក Biden

    គ្រឿងសង្ហារិម​ក្នុង​ការិយាល័យ​ប្រធានាធិបតី ត្រូវបាន​ប្ដូរ​នៅក្នុង​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​របស់លោក Biden។ ទង់ជ័យ​របស់​កងទ័ព​អាមេរិក​ដែល​លោក Trump ដាក់​តាំងនៅ​ខាងក្រោយ​តុ​ប្រធានាធិបតី ត្រូវបាន​ដកចេញ និង​ជំនួស​ដោយ​ទង់ជាតិ​អាមេរិក និង​ទង់​ដែលមាន​រូប​ត្រា​ប្រធានាធិបតី។

    រូប​ចម្លាក់​របស់​លោក Martin Luther King

    រូបភាព​របស់​ប្រធានាធិបតី Andrew Jackson ដែល​លោក Trump បាន​តាំង ក៏ត្រូវ​បាន​យកចេញ។ លោក Trump និង​លោក Jackson សុទ្ធតែជា​អ្នកដើរ​តាម​មាគ៌ា​ប្រជា​និយម។ លោក Andrew Jackson គឺជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ត្រូវបាន​បោះឆ្នោត​ផ្ទាល់ ហើយ​លោក​ក៏​ជា​អ្នក​ដែល​បានស្នើ​ឱ្យ​លុបបំបាត់​របប​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត (ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​គឺជា​ក្រុមតំណាងរាស្ត្រ​ដែល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់ បន្ទាប់ពី​ការបោះឆ្នោត​ពី​ពលរដ្ឋ​ទូទៅ) ផងដែរ។

    ក្នុង​ការិយាល័យ​ពងក្រពើ​នេះ មាន​វត្ថុ​មួយ​ដែល​មិន​ត្រូវបាន​ប្ដូរផ្លាស់ នោះ​គឺ​តុ Resolute របស់​ប្រធានាធិបតី។ តុ​នេះ​សុទ្ធតែ​ត្រូវបាន​ប្រធានាធិបតីមុនៗប្រើប្រាស់ រួមទាំង​លោក Trump ផងដែរ។

    ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden

    នៅលើ​តុ​នេះ ក្នុង​ថ្ងៃ​ចូលធ្វើការ​ដំបូង លោក Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន 15 ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយចំនួន ដូចជា បញ្ហា Covid-19 បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​រើសអើង​ពូជសាសន៍ រួម​នឹង​ការលុបចោល​គោលនយោបាយ​មួយចំនួន​ដែល​ត្រូវបាន​អតីត​ប្រធានាធិបតី Donald Trump ដាក់ចេញ៕

    ប្រភព៖ Washington Post