Tag: IU

  • ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

    ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

    ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

    បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

    ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

    https://www.youtube.com/watch?v=jU1DsipURcM

    វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

    ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

    ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

  • រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។

    រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។

    យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។

    ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។

    យោងតាម​អ្នកស្រាវជ្រាវ អក្សរ​ចម្លាក់​ជា​ភាសាសំស្ក្រឹត​បង្ហាញថា មាន​សហគមន៍​អ្នកជំនួញ​អេ​ហ្ស៊ី​ប​មួយ​រស់នៅក្នុង​ដែនដី​អេ​ហ្ស៊ី​ប​បុរាណ ពោលគឺ​ពួកគេ​មិនមែន​គ្រាន់​តែ​​ឆ្លងកាត់​ទីនោះ​ដើម្បី​ធ្វើ​ជំនួញ​ឡើយ។ ការកត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញថា មាន​ជនជាតិ​ឥណ្ឌា​រស់នៅក្នុង​តំបន់ Alexandria ផងដែរ៕

  • រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ terbium ជា​លើកដំបូង​នៅក្នុង​បរិយាកាស​របស់ KELT-9b ដែលជា​ភព​មួយ​ក្នុងចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ក្ដៅ​បំផុត​ធ្លាប់​ត្រូវបាន​កត់ត្រា​នាពេល​កន្លង​។

    KELT-9b មាន​សីតុណ្ហភាព​ជា​មធ្យម 4,000 អង្សា​សេ វិល​ជុំវិញ​ផ្កាយ​មេ KELT-9 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 670 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ ភព​នេះ​តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តារាសាស្ត្រ​ចាប់តាំងពី​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2016។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លោហធាតុ terbium ដែលជា​ដី​កម្រ នៅក្នុង​បរិយាកាស​របស់ KELT-9b។

    Terbium ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត Carl Gustaf Mosander រកឃើញ​ជា​លើក​ដំបូង​ក្នុង​អណ្ដូងរ៉ែ Ytterby នៅ​ប្រជុំ​កោះ Stockholm កាលពី​ឆ្នាំ 1843។ សារធាតុ terbium គឺជា​ដី​ដ៏​កម្រ ក្នុងនោះ​ 99% នៃ​ការផលិត terbium របស់​ពិភពលោក គឺ​ធ្វើឡើង​នៅ Bayan Obo ដែលជា​តំបន់​ទាញយក​រ៉ែ​ក្នុង​ដែនដី​ម៉ុង​ហ្កោ​លី​ខាងក្នុង​របស់​ប្រទេស​ចិន។

    ភព KELT-9b វិលជុំវិញផ្កាយមេ KELT-9

    ការរកឃើញ​ខាងលើនេះ​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ស្វែងយល់​អំពី​បណ្ដា​ភព​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។ «កាន់តែ​យល់ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​របស់​បណ្ដា​ភព យើង​ក៏​កាន់តែ​មានឱកាស​ច្រើន​ក្នុងការ​ស្វែង​រកឃើញ​ផែនដី 2.0 ក្នុង​អនាគត» Nicholas Borsato មកពី​សាកលវិទ្យាល័យ Lund ដែលជា​សមាជិក​របស់​ក្រុម​ស្រាវ​ជ្រាវ​អំពី​​ភព​ KELT-9b បញ្ជាក់​ដូច្នេះ៕

  • សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង​ 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។

    ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូន​ភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។

    សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយក​សារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែ​ស្រ្តីណា​ដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានកម្មវិធីបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្រ្តីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។

    វីតាមីនB12 បើមានវីតាមីនក្នុងកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្រ្តីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយ​ប្រថាន ដែលអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។

    កាល់ស្យូម ៈ កាល់ស្យូម មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារក នៅពេលតាំងគភ៌ ស្ត្រីនឹងមានតម្រូវការកាល់ស្យូមកើនឡើង 122 – 167ភាគរយ ឬគួរបានទទួលជាតិកាល់ស្យូមយ៉ាងតិចបំផុត 1ក្រាមក្នុង 1ថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្រ្តីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះសភាវគភ៌មានជាតិពុលបានទៀតផង។

    វីតាមីន A មានសម្ព័ន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌ នឹងក្លាយជាមូល​ហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ 1ថ្ងៃ 5,000IU បើទទួលបានច្រើនជាង 10,000 IU ទារកនៅក្នុងផ្ទៃនឹងប្រថុយប្រថានក្នុងការកើតសភាវពិការ ជាពិសេសនៅលើប្រព័ន្ធបញ្ចេញទឹកមូត្រ។

    ដូច្នេះហើយទើបការជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌គួរស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អប្រសើរ៕

  • អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។

    វីតាមីន A

    ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។

    តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។

    ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។

    អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក ដំឡូងជ្វា ថ្លើម ស៊ុត ទឹកដោះ បន្លែផ្លែឈើដែលមានពណ៌​បៃតង​ចាស់ ពណ៌ក្រហម លឿងទុំ និងលឿង ដូចជា ផ្លែក្រូច ផ្លែខេនតាលូប(ត្រសក់ស្រូវបារាំង) ផ្លែទន្លាប់ ម៉ាក់ប្រាង។ល។ វីតាមីន A នៅក្នុងអាហារ និងបន្លែផ្លែឈើនឹងមិនធ្វើឱ្យរាងកាយបានទទួលវីតាមីនលើសពីតម្រូវការដូចវីតាមីនកែច្នៃនោះទេ។ វីតាមីន A ភាគច្រើនមានច្រើននៅក្នុងបន្លែ​ផ្លែ​ឈើដែលនឹងស្ថិតក្នុងរូបភាពជា បេតាឃែរ៉ូធីន ដែលត្រូវបានប្តូរទៅជាវីតាមីន A នៅក្នុងរាងកាយមួយសាទៀត។

    វីតាមីន D

    ជួយក្នុងការបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយ ជួយដល់ការធ្វើការងាររបស់បេះដូង និងប្រព័ន្ធការពាររោគ និងរក្សាកម្រិត​សម្ពាធឈាម។

    តែបើទទួលបានវីតាមីន D ច្រើនជ្រុលពេក នឹងធ្វើឱ្យកើតសភាវជាតិពុល ដូចជា ធុញទ្រាន់ ឬមិននឹកចង់ញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ មិនស្រួលក្នុងពោះ ឈឺក្បាល ឈឺសន្លាក់ឆ្អឹង កាល់ស្យូមនៅក្នុងឈាមខ្ពស់ កាល់ស្យូមតោងនៅក្នុងបេះដូង ក្រលៀន សរសៃឈាម និងប្រព័ន្ធដកដង្ហើម ធ្វើឱ្យអវយវៈទាំងនោះធ្វើការងារខុសប្រក្រតីដោយសារតែរាងកាយបឺតជ្រាបកាល់ស្យូមច្រើនជាងប្រក្រតី និងបង្ខំការរំលាយកាលស្យូមចេញពីឆ្អឹង ធ្វើឱ្យមានកាល់ស្យូមក្នុងឈាមខ្ពស់ និងបាត់បង់តុល្យភាព។

    គួរបានទទួលវីតាមីន D ក្នុងបរិមាណ 600 IU ក្នុង 1ថ្ងៃ ឬឱ្យស្បែកដែលគ្មានឡេការពារពន្លឺថ្ងៃ បានប៉ះពន្លឺថ្ងៃក្នុងអំឡុងពេលមុនម៉ោង 10ព្រឹក ឬក្រោយម៉ោង 3រសៀល ប្រមាណជា 10 – 15នាទី ក្នុង 1អាទិត្យ 2ដង ដោយសារតែវីតាមីន D មាននៅក្នុងពន្លឺថ្ងៃ តែបច្ច័យដែលរារាំងការសាងវីតាមីន D នៅក្នុងស្រទាប់ស្បែកនោះគឺ សម្លៀកបំពាក់ ឡេការពារពន្លឺថ្ងៃ កញ្ចក់រថយន្ត ការធ្វើការនៅក្នុងបន្ទប់ ជាដើម។

    អាហារដែលមានវីតាមីន D មានដូចជា សាច់ត្រីដែលមានអូមេហ្កា3 ដូចជាត្រីសាឌីន សាល់ម៉ុន មែកឃើរេល(សាបាក់) ធូណា ទឹកដោះ ខ្លាញ់ថ្លើមត្រី និងការប៉ះពន្លឺថ្ងៃខ្លះៗ នឹងទទួលបានវីតាមីន D គ្រប់គ្រាន់ល្មមជាមិនខាន។

    Menu for mom

    • ពេលព្រឹក ៈ ស៊ែនវិចឆ៍សាច់ត្រីធូណា-យ៉ាអួ ប្រើយ៉ាអួរសជាតិធម្មជាតិជំនួស ម៉ាយ៉ង់នេស ស្ករបន្តិច និងជួយរឿងប្រព័ន្ធ​បន្ទោ​បង់។ សារធាតុអាហារចម្បងដែលស្ត្រីមានគភ៌នឹងបានទទួលក្នុងពេលអាហារព្រឹកនេះគឺ ប្រូតេអុីន កាលស្យូម ខ្លាញ់ត្រី វីតាមីន A – B និងD។
    • ពេលថ្ងៃត្រង់ ៈ ត្រីផ្លាធូចៀន បែបមិនឱ្យស្រួយពេក ព្រោះបើប្រើពេលចៀនយូរពេក ជាតិខ្លាញ់នៅក្នុងសាច់ត្រីនឹងរលាយ​ចេញមកអស់ ធ្វើឱ្យមិនបានទទួលសារធាតុអាហារល្អៗ។
    • ពេលល្ងាច ៈ ស្ងោជ្រក់ផ្សិត ផ្សិតដែលដុះឡើងតាមធម្មជាតិនឹងសម្បូរទៅដោយវីតាមីន D គ្រឿងស្ងោរជ្រក់រសជាតិស្រទន់​បន្តិចនឹងជួយបំបាត់អាការក្អួតចង្អោ និងជួយឱ្យទទួលទានអាហារបានច្រើនឡើងទៀតផង។

    យើងឃើញហើយថា សារធាតុរ៉ែ និងសារធាតុអាហារដែលល្អ ច្រើនតែចេញមកពីប្រភពអាហារតាមធម្មជាតិ ដូចជាបន្លែផ្លែឈើ សាច់សត្វ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់ខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ស្ត្រីមានគភ៌ត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ និងសមរម្យ៕

  • សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    តាមរយៈសារព័ត៌មាន koreaboo ចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា ចេញពីករណី Kim Jong-hyunតារាចម្រៀងប្រុសជាសមាជិកនៅក្នុងក្រុម SHINEE មានវ័យ 27 ឆ្នាំ បានធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្ទប់ដង្ហើមខ្លួនឯងជាមួយនឹងផ្សែងពុលមានសារធាតុ Carbon monoxide ហើយស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះសំណាក់មួយនៅក្នុងតំបន់ Cheongdam-dong នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបណ្ដាលឱ្យមានអ្នកគាំទ្រកូរ៉េ និងទូទាំងពិភពលោកមានការតក់ស្លុត និងសោកសៅដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

    នៅទីបំផុត ក្រុមគ្រួសាររបស់តារាប្រុសរូបនេះ និងខាងផលិតកម្ម SM Entertainment បានរៀបចំពិធីបុណ្យសពនៅក្នុងអគារ Asan Medical Center Funeral Hall ដើម្បីឱ្យតារាកូរ៉េទាំងអស់ទូទាំងប្រទេស បានចូលទៅគោរពវិញ្ញាណក្ខន្ធសម្ដែងក្ដីអាឡោះអាល័យដល់រូប Jong-hyun នាវិនាទីចុងក្រោយ។ នៅក្នុងនោះគេសង្កេតឃើញមានក្រុមចម្រៀងជាច្រើនដូចជា តារានៅក្នុងផលិតកម្ម SM Entertainment  , BoA ,Kangta, Super Junior, Girls’ Generation, f(x), EXO, Red Velvet, NCT, BTS, IU,  F.T Island, Epik High, Block B, VIXX ដែលបានចំណាយពេលកំដរពិធីបុណ្យទាំងមូលទៀតផង។

    សូមជម្រាបបន្ថែមថា ខាងផលិតកម្ម SM Entertainment ក៏បានរៀបចំកន្លែងថ្មីមួយទៀតសម្រាប់ទទួលអ្នកគាំទ្ររបស់តារាប្រុសខាងលើនេះដើម្បីចូលទៅគោរពសពនៅក្នុងថ្ងៃទី19-20 ខែធ្នូ ឆ្នាំ2017 ចាប់ពីវេលាម៉ោង 12.00-18.00  តាមពេលវេលានៅក្នុងប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ចំពោះការបើកគម្របមឈូសគឺតម្រូវឱ្យសមាជិកនៅក្នុងក្រុម SHINEE មានចំនួន 4 រូបផ្សេងទៀតដូចជា  Lee Tae-min, Choi Min-ho, Onew, Key ជាអ្នកបើក នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ។

    គួរកត់សម្គាល់ផងដែរថា នាវិនាទីចុងក្រោយនេះ សិល្បករកូរ៉េទាំងអស់បានប្រកាសរំសាយការងាររបស់ខ្លួនទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun ដែលដូចជាការរំលែកទុក្ខដល់ក្រុមគ្រួសារតារាប្រុសរូបនេះផងដែរ។ សូមទស្សនាទិដ្ឋភាពនៅក្នុងពិធីបុណ្យសពតាមរយៈវីដេអូខាងក្រោមនេះ៕

  • ទម្លាយរូបភាពកាលពីកុមារីរបស់តារាចម្រៀង IU ដ៏គួរឱ្យក្នាញ់

    ទម្លាយរូបភាពកាលពីកុមារីរបស់តារាចម្រៀង IU ដ៏គួរឱ្យក្នាញ់

    តាមរយៈសារព័ត៌មាន koreaboo នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា មានអ្នកគាំទ្រជាច្រើននាក់បានទទូចទាមទារចង់ឃើញរូបថតកាលពីវ័យកុមាររបស់កំពូលតារាចម្រៀង Kpop នាង IU ទើបនៅពេលថ្មីៗនេះតារាចម្រៀងស្រីរូបនេះបានទម្លាយរូបថតរបស់ខ្លួនចេញមកជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម របស់ខ្លួន។ នាងបានបង្ហោះរូបនាងកាលពីទើបតែចេះតោងឈរ និងរៀនដើរតិចៗ​ ដែលមើលទៅគួរឱ្យឃ្នាន់ក្នាញ់ និងគួរឱ្យស្រឡាញ់ខ្លាំងបំផុត។

    គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកគាំទ្របានទស្សនារូបថតកាលពីក្មេងរបស់នាងហើយនោះ គ្រប់គ្នាមានភាពភ្ញាក់ផ្អើល ហើយលាន់មាត់សរសើរនាងមិនដាច់ពីមាត់ថា «នៅពេលបានមើលឃើញរូបកាលពីក្មេងរបស់នាងហើយ យើងគិតថា នាងមានរូបសម្ផស្សស្រស់ស្អាត ហើយមានលក្ខណៈធម្មជាតិ 100% មិនកែសម្ផស្សក៏ស្អាតដែរ» ។ ដូចដែលបានដឹងហើយថា ប្រទេសកូរ៉េ គឺជាប្រទេសមួយដែលល្បីខាងផ្នែកកែសម្ផស្សស្រស់ស្អាតជាងគេនៅលើពិភពលោកនេះ។

    ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពកាលពីកុមារភាពរបស់តារាចម្រៀងស្រី IU ខាងក្រោមនេះ ៖

  • Lee Hyori បកស្រាយ ហេតុអ្វីបាននាងគ្មានមិត្តភ័ក្ដិស្រីល្បីៗ

    Lee Hyori បកស្រាយ ហេតុអ្វីបាននាងគ្មានមិត្តភ័ក្ដិស្រីល្បីៗ

    ថ្មីៗនេះ តារាចម្រៀងស្រី Lee Hyori និង IU បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបង្ហាញអំពីការចាប់ផ្ដើមបង្កើតសម្ព័ន្ធភាពមិត្តភ័ក្តិស្រីនឹងគ្នានៅក្នុងឧស្សាហកម្មសិល្បៈចម្រៀង ក៏ប៉ុន្តែវាពិតជាពេលវេលាដ៏ពិបាកមួយដើម្បីបង្កើតមិត្តភ័ក្តិដែលយល់ចិត្តយល់ថ្លើមគ្នា។ យ៉ាងណាមិញអ្នកទាំងពីរមើលទៅទំនងជា មិត្តដែលស្និទ្ធស្នាលនឹងគ្នា ខណៈពេលសម្ដែងរឿង និងក្នុងកម្មវីធី Home Stay។

    ដោយឡែកតារាស្រី Lee Hyori បានសារភាព និងប្រកាសថា ខ្លួននាងគ្មានមិត្តភ័ក្ដិស្រីល្បីៗនៅក្នុងពិភពសិល្បៈដូចគ្នាឡើយទោះជាក្នុងអំឡុងពេលដែលនាងកំពុងល្បីក៏ដោយ។ នាងបានពន្យល់ថា ការច្រណែន និងឈ្នានីស វារមែងតែងតែជារឿងពិបាកមួយសម្រាប់នាងក្នុងការបង្កើតមិត្តភ័ក្ដិ “នាងខ្ញុំពិតជាគ្មានមិត្តភ័ក្ដិស្រីល្បីៗទេ ហើយក្នុងអំឡុងពេលនៃការសម្ដែងរបស់នាងខ្ញុំពិតជាមានកម្មវិធីជាច្រើនដែលមានឱកាសបានជួបជាមួយតារាល្បីៗ និងមិត្តភ័ក្តិរបស់គេច្រើនណាស់ ប៉ុន្ដែនាងខ្ញុំគិតថា តើយើងគួរគិតថាខ្លួនឯងត្រូវតែបានគេអញ្ជើញ និងរាប់រកដែរឬទេ?” នេះបើតាមសម្ដីរបស់នាងដែលបានផ្ដល់បទសម្ភាស។

    ទន្ទឹមគ្នានោះដែរ នាងក៏បានបញ្ជាក់បន្ថែមទៀតថា “ប្រសិនបើតារាល្បីៗ ធ្វើការនៅក្នុងវិស័យដូចគ្នានោះ វារាងលំបាកបន្ដិចក្នុងការបង្កើតសម្ព័ន្ធភាពល្អៗ និងស៊ីជម្រៅ យល់ចិត្តយល់ថ្លើមគ្នា តែវាហាក់បីដូចជាមានអារម្មណ៍ថា ការច្រណែន និងឈ្នានីស មានច្រើននៅក្នុងវិស័យមួយនេះ”៕