Tag: IU

  • ឧបករណ៍​ផលិតអគ្គិសនី​ពី​ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម បង្កើត​កម្ដៅបាន 37​លាន​អង្សាសេ

    ឧបករណ៍​ផលិតអគ្គិសនី​ពី​ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម បង្កើត​កម្ដៅបាន 37​លាន​អង្សាសេ

    (សហរដ្ឋ​អាម៉េរិក) – FuZe គឺជា​ឧបករណ៍​ខ្នាត​តូច​តម្លៃ​ទាប​ អាច​បង្កើត​កម្ដៅ​ពីប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (Nuclear fusion) ​យ៉ាង​ឆាប់​រហ័ស និង​អាច​ឆ្លើយតប​នឹង​តម្រូវ​ការ​អគ្គិសនី​របស់​មនុស្ស​នៅ​ក្នុង​អនាគត​។

    ឧបករណ៍​ខ្នាត​តូច​មួយ​ដែល​ផលិត​ឡើងដោយ​ក្រុម​ហ៊ុន​ថាមពល​ Zap Energy នៅ​សហរដ្ឋ​អាម៉េរិក​ បង្កើត​កម្ដៅ​អេឡិចត្រុង​ប្លាស្មា​​ពី 1 ទៅ 3 keV ដែល​ប្រហែល​នឹង​ពី 11 ទៅ 37 លាន​អង្សាសេ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 23 មេស 2024​។

    ខុសពីប្រតិកម្មនុយក្លេអែរបែបបំបែកអាតូម (Nuclear fission) ដែលប្រើប្រាស់នៅក្នុងបណ្ដារោងចក្រថាមពលនុយក្លេអែរលើពិភពលោកបច្ចុប្បន្ន ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (ជាធម្មតាគឺអាតូមរបស់ deuterium និង tritium) ដែលហៅថា Nuclear fusion គឺមិនបញ្ចេញសារធាតុវិទ្យុសកម្មឡើយ។

    FuZe របស់​ក្រុម​ហ៊ុន​ថាមពល​ Zap Energy

    មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ Nuclear fusion ដទៃ FuZe ក្រុម​ហ៊ុន​ថាមពល​ Zap Energy មិន​ត្រូវ​ការ​មេដែក​មហា​កម្លាំង ឬ​ពន្លឺ​ឡាស៊ែរ​កម្លាំង​ខ្លាំង​ដើម្បី​បង្កើត​ប្លាស្មា​នោះទេ ដូច្នេះ​ហើយ​វា​មាន​តម្លៃ​ទាប​ខ្លាំង​។

  • ទឹកធ្លាក់​សិប្បនិម្មិត​ដែល​ខ្ពស់ជាង​គេ​បង្អស់​លើ​ពិភពលោក

    ទឹកធ្លាក់​សិប្បនិម្មិត​ដែល​ខ្ពស់ជាង​គេ​បង្អស់​លើ​ពិភពលោក

    (អ៊ីតាលី) – ទឹក​ធ្លាក់ Marmore ដែល​មាន​កម្ពស់​ 165 ម៉ែត្រ បាន​កើត​ឡើង​ នៅពេលប្រជាជន​រ៉ូម​បុរាណ​ កែប្រែ​ទន្លេ​ Velino កាល​ពី​ 2,200 ឆ្នាំ​មុន​។

    ទឹក​ធ្លាក់​បី​ជាន់​ដ៏​ស្រស់​ស្អាត និង​​មាន​ឈ្មោះថា Marmore នេះ ​ស្ថិត​នៅ​ចម្ងាយ​ពី​ទីក្រុង Terni ក្នុងតំបន់ Umbria របស់​ប្រទេស​អ៊ីតាលី​ ប្រហែល 8 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​កើត​។

    ភាព​ល្បី​ល្បាញ​របស់​ទឹក​ធ្លាក់​នេះ​ មិន​ត្រឹម​តែ​ស្ថិត​នៅ​ត្រង់​ភាព​អស្ចារ្យ​របស់​វា​ ប៉ុន្តែ​ក៏​កើត​មាន​ដោយ​សារ​នេះ​ជា​លទ្ធផល​នៃអន្តរាគមន៍​របស់​មនុស្ស​ ទៅ​លើ​ធម្មជាតិ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Amusing Planet។

    កាល​ពី​ 2,200 ឆ្នាំ​មុន​ ក្នុង​តំបន់​ខាងលើ ពុំ​មានទឹក​ធ្លាក់​ណា​មួយ​ឡើយ​។ លើ​ទន្លេ​ Velino ជា​ទី​ដែល​មាន​ទឹក​ធ្លាក់ Marmore មាន​ខ្សែទឹក​ខុស​ពី​បច្ចុប្បន្ន ដោយ​វា​ហូរ​ទៅ​កាន់​បឹង​ភក់​មួយ​នៅ​វាល​រាប​ Reiti។ ទឹក​ដែល​ស្ថិត​នៅ​ក្នុង​បឹង​ភក់​នេះ​ មិន​ល្អ​សម្រាប់​សុខភាព ដូច្នេះ​ មន្ត្រី​ចក្រភពរ៉ូម​បុរាណ​ Manius Curius Dentatus ក៏​ចេញ​បញ្ជា​ឱ្យ​​ជីក​ព្រែក​មួយ​ខ្សែ​ដែល​ហៅ​ថា​ ជ្រលង Curiano កាល​ពី​ឆ្នាំ 271 មុន​គ្រិស្ត​សករាជ​ ដើម្បី​បង្ហូរ​ទឹក​ពី​បឹង​ភក់​ ឱ្យ​ធ្លាក់​ទៅ​លើ​ជញ្ជាំង​ថ្ម​ធម្មជាតិ​នៅ Marmore បង្កើត​បាន​ជា​ទឹក​ធ្លាក់​។ ចាប់​ពី​ពេល​នេះ​មក ទឹក​ក៏​ហូរ​ចូល​ទន្លេ​ Nera នៅខាង​ក្រោម​។

    ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ បញ្ហា​ក៏​បាន​កើត​ឡើង​ខុស​ពីការ​រំពឹង​ទុក​ ដោយ​សារ​តែ​ដំណោះ​ស្រាយខាងលើ​បាន​នាំ​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ជ្រលង​ភ្នំ​ Reiti និង​ Terni។ បញ្ហា​នេះ​ក៏​ធ្វើ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រជាជន​នៅ​ Reiti និង Terni ផងដែរ​។

    រហូត​ដល់​សតវត្សរ៍​ទី 15 ទើប​សង្ឃរាជ Gregory XII ចេញ​បញ្ជា​ឱ្យ​ជីកព្រែក​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ការ​ជួស​ជុល​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព្រែក​ជីកនេះ​​ ត្រូវ​បាន​សង្ឃរាជ Paul III ដឹក​នាំ​ការ​អនុវត្ត​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី 16។ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើក​ចុង​ក្រោយ​ដែល​​បាន​ជួយ​ឱ្យ​ទឹក​ធ្លាក់ Marmore មាន​រូប​រាង​ដូច​សព្វ​ថ្ងៃ​ គឺ​អនុវត្ត​ដោយ​ស្ថាបត្យករ Andrea Vici ក្រោម​ការ​ដឹក​នាំ​របស់​សង្ឃរាជ​ Pius V1 នៅ​ចុង​សតវត្សរ៍​ទី​ 18​៕

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

    ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ចិន Betavolt អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​នុយក្លេអែរ​តូចប៉ុន​កាក់​ ប៉ុន្តែ​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ 10 ដង បើធៀប​នឹង​ថ្ម​ប្រភេទ​លីចូម។

    យោងតាម​ក្រុម​ហ៊ុន Betavolt ប្រភេទ​ថ្ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា BV100 នេះ អាច​ជួយ​ផ្គត់​ផ្គង់​ថាមពល​ដល់​ទូរស័ព្ទ​នា​ពេល​អនាគត​ បើទោះ​នៅមាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ មុន​នឹង​ប្រការ​នេះ​ក្លាយ​ជា​ការ​ពិត​។ នេះ​បើ​តាម IFL Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 មករា 2024​។

    BV100 បង្កើត​អគ្គិសនី​តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​ពី​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​កំពុង​រលាយ​របស់​នីកែល (nickel-63)។ ថ្ម​នេះ​អាច​ផ្ទុក​អគ្គិសនី​បាន 3,300 មេហ្គាវ៉ាត់ម៉ោង និង​ត្រូវ​បាន​បង្ហាញ​ថា​មាន​ដង់ស៊ីតេថាមពល​ខ្ពស់ជាង 10 ដង បើធៀប​នឹង​ថ្ម​លីចូម​ (lithium)។ យោង​តាម Betavolt ថ្ម​ BV100 អាច​ផ្គត់​ផ្គង់​អគ្គិសនី​រហូត​ដល់ 50 ឆ្នាំ​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​ជា​ថ្មី ឬ​ថែ​ទាំ​ ជួស​ជុល​។

    ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា «…មាន​ផែនការ​បង្ហាញ​ថ្មដែល​មាន​ថាមពល​ 1 វ៉ាត់នៅ​ឆ្នាំ 2025​។ បើ​សិន​មាន​គោលការណ៍​អនុញ្ញាត ថ្ម​ថាមពល​នុយក្លេអែរ​នេះអាច​ជួយ​ឱ្យ​ទូរស័ព្ទ​ចល័ត​មិន​ត្រូវ​ការ​បញ្ចូល​ថាមពល​ និង​ជួយ​ឱ្យ​យន្តហោះ​ដ្រូន​អាច​ហោះ​ហើរ​ជា​បន្ត​បន្ទាប់​»៕

  • យាន​ជំនិះ​​អគ្គិសនី​ហោះ​ឡើងនិង​ចុះ​ចតបញ្ឈរ​​ត្រង់​ដំបូង​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​

    យាន​ជំនិះ​​អគ្គិសនី​ហោះ​ឡើងនិង​ចុះ​ចតបញ្ឈរ​​ត្រង់​ដំបូង​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​

    (ប្រទេស​ស្វ៊ីស) – យន្តហោះ​អគ្គិសនី​ Sirius Jet បំពាក់​ស្លាប​កង្ហារ​ប្រហែល 20 គ្រឿង ដើម្បី​អាច​ហោះ​ឡើងត្រង់​ទៅ​លើ​ និង​ប្រើ​ប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​សម្រាប់​ការ​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ស្វ៊ីស Sirius Aviation AG អភិវឌ្ឍ​ Sirius Jet ដែល​ជា​យានជំនិះ​​អគ្គិសនី​​ហោះ​ឡើង​-​ចុះ​ចត​ដោយ​បញ្ឈរ​ត្រង់​ និង​អាច​ប្រតិបត្តិការ​បាន​ចម្ងាយ​ 1,850 គីឡូម៉ែត្រ​ ហើយ​អាច​ធ្វើដំណើរ​ក្នុង​ល្បឿន​ 520 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីដ្រូសែន​រាវ​ស្អាត​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 10 មករា 2024​។

    Sirius Jet ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ពី​ឆ្នាំ 2021 អាច​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់ ​គឺ​ដោយ​សារ​ប្រើ​ប្រាស់​​ស្លាប​កង្ហារអគ្គិនី​​ប្រហែល​ 20 គ្រឿង​។ ក្នុងនោះ ស្លាប​កង្ហារ​នីមួយ​ៗ​មាន​អង្កត់ផ្ចិត​តែ​ 30 សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

    ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្នើ​សូម​វិញ្ញាបនបត្រ​​ពី​នាយកដ្ឋាន​អាកាស​ចរណ៍​អាម៉េរិក (FAA)​។ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​ដោយ​រលូន​ កំណែ​គំរូ​សម្រាប់​ធ្វើ​តេស្ត​​នឹង​អាច​​ហោះ​ហើរ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2025 និង​ចាប់​ផ្ដើម​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​នៅ​ឆ្នាំ 2028​៕

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • សហរដ្ឋ​អាម៉េរិកដើរ​ជិត​ដល់​គោលដៅ​ផលិត​អគ្គិសនី​ស្អាត និង​ស្ទើរ​តែ​គ្មាន​ដែន​កំណត់

    សហរដ្ឋ​អាម៉េរិកដើរ​ជិត​ដល់​គោលដៅ​ផលិត​អគ្គិសនី​ស្អាត និង​ស្ទើរ​តែ​គ្មាន​ដែន​កំណត់

    ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ California បាន​បោះមួយ​ជំហៀន​ទៀត​នៅក្នុង​ដំណើរការ​ផលិត​ថាមពល​ពី​ប្រតិកម្ម​នុយក្លេអែរ​បែប​ថ្មី ​ហៅ​ថា Nuclear fusion ដែល​នឹង​អាច​ផ្គត់​ផ្គង់ប្រភព​​អគ្គិសនី​ស្អាត​ ស្ទើរ​តែ​មិន​ចេះ​រីក​ស្ងួត​ ដល់​ពិភពលោក​។

    ក្រុម​អ្នក​ស្រាវជ្រាវ​នៅបន្ទប់​បញ្ឆេះ​ជាតិ NIF (The National Ignition Facility) ​នៃ​មន្ទីរពិសោធន៍​ជាតិ​ Lawrence Livermore ស្ថិត​ក្នុង​រដ្ឋ California (LLNL) បង្កើត​បាន​ប្រតិកម្ម​បែប​ប្រមូល​ផ្ដុំ​អាតូម​បញ្ចេញ​ថាមពល​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​ជា​លើក​ដំបូង នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា «បញ្ឆេះ​ភ្លើង» កាល​ពី​ខែ​ធ្នូ 2022​។ ឆ្នាំ​នេះ ពួក​គេ​សម្រេច​បាន​ជោគ​ជ័យ​ខាងលើ​ចំនួន​បី​ដង​បន្ថែម​ទៀត​។ ប្រការ​នេះ​គឺជា​ជំហៀន​ដ៏​សំខាន់​ដែល​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អាកាសធាតុ​ដែលកើត​ឡើងដោយ​សារ​ការ​ដុត​ឥន្ធនៈ​នានា​។ នេះ​បើ​តាម CNN ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 21 ធ្នូ​។

    ក្រុម​ស្រាវ​ជ្រាវ​នានា ក្នុង​អំឡុង​ច្រើន​ទសវត្សរ៍​កន្លង បាន​ប្រឹង​ប្រែងរកវិធី​ប្រើប្រាស់​ថាមពល​នុយក្លេអែរ ដែល​ធ្វើ​ត្រាប់​តាម​ដំណើរ​ការ​របស់​ព្រះ​​អាទិត្យ​។ ក្រោយពី​សម្រេច​បាន​ថាមពល​ស្អាត​កាល​ពី​ឆ្នាំ​កន្លង ជំហាន​សំខាន់​បន្ទាប់​គឺ​ការ​បញ្ជាក់​អំពី​ដំណើរ​ការ​ដែល​អាច​ធ្វើ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។

    ខុស​ពី​ប្រតិកម្ម​នុយក្លេអែរ​បែប​បំបែក​អាតូម (Nuclear fission) ដែល​ប្រើប្រាស់​នៅ​ក្នុង​បណ្ដា​រោង​ចក្រ​ថាមពល​នុយក្លេអែរ​លើ​ពិភពលោក​បច្ចុប្បន្ន ប្រតិកម្ម​នុយក្លេអែរ​បែប​ប្រមូល​ផ្ដុំ​អាតូម (ជាធម្មតា​គឺអាតូម​របស់ deuterium និង tritium) ដែល​ហៅ​ថា Nuclear fusion គឺ​មិន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ឡើយ​។ ប្រតិកម្ម​នុយក្លេអែរ​បែប​ប្រមូល​ផ្ដុំ​អាតូមដែល​កើត​ឡើង​នៅ​ក្នុង​ស្នូល​របស់​ព្រះ​អាទិត្យ​ និង​ផ្កាយ​ដទៃ​ គឺជា​ការ​ប៉ះគ្នា​រវាង​​អាតូម​ចាប់ពី​ពីរ​ឡើងទៅ បង្កើត​បាន​ជា​អាតូម​ដែល​ធំជាង​មុន​ និង​បញ្ចេញ​ថាមពល​មហា​សាល​។

    មាន​វិធីជា​ច្រើន​ដែល​អាច​បង្កើត​ថាមពល​ពីប្រតិកម្ម​ Nuclear fusion ប៉ុន្តែនៅ​ឯ NIF ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាញ់​រស្មី​ឡាស៊ែរ​ប្រហែល​ 200 កាំ ទៅ​លើ​គ្រាប់​ឥន្ធនៈ​អ៊ីដ្រូសែន​នៅ​ខាង​ក្នុង​កាប៊ីន​ពេជ្រ​ទំហំ​ប៉ុន​គ្រាប់​ម្រេច​ ដែល​ដាក់​ក្នុង​ដុំ​មួយ​ធ្វើ​ពី​មាស​។ កាំរស្មី​ឡាស៊ែរ​ធ្វើ​ឱ្យ​ផ្នែក​ខាង​ក្រៅ​របស់​ដុំ​មាស​ឡើង​កម្ដៅ​ បង្កើត​បាន​ជា​ការ​ផ្ទុះ​យ៉ាង​រហ័ស​ជា​ច្រើន​ បញ្ចេញ​ថាមពល​ក្នុង​ទម្រង់​កម្ដៅ​។ ដូច្នេះ គេ​អាច​បញ្ជាក់​បាន​ថា ប្រតិកម្ម​ខាងលើ​គឺអាច​បង្កើត​បាន​ថាមពល​។

    បន្ទាប់​មក​ទៀត នៅ​ក្នុង​ឆ្នាំ 2023 នេះ ក្រុម​ខាងលើ​ក៏​បាន​បន្ត​ធ្វើ​ការ​ពិសោធ​បន្ថែម​ជា​ច្រើន​លើកទៀត​​ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​ការ​ពេល​វេលា​ និង​ការ​ពិសោធ​ជា​ច្រើន​ទៀត​ មុន​នឹង​សម្រេច​បាន​ទ្រង់​ទ្រាយ​ដែលអាច​ផ្គត់​ផ្គង់​ដល់​បណ្ដាញ​អគ្គិសនី​៕

  • ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    រ៉ុក្កែត​ Long March 2F ដឹក​យន្តហោះ​អវកាសសម្រាប់​ការ​​ពិសោធរបស់​ប្រទេស​ចិន​ ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Jiuquan កាល​ពី​ថ្ងៃទី 14 ធ្នូ ដើម្បី​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​។

    យោង​តាម SpaceNews ក្រៅពី​បេសកកម្ម​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ យន្តហោះ​អវកាស​ថ្មី​របស់​ចិន​ ក៏ផ្ដល់​ការ​គាំទ្រ​​ផ្នែក​បច្ចេកទេស​ដើម្បី​ប្រើ​ប្រាស់​លម្ហ​ក្នុង​យាន​ សម្រាប់​គោលដៅ​សន្តិភាព​ផងដែរ​។

    មក​ដល់​ពេល​នេះ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​យន្តហោះ​អវកាស​អាច​ប្រើ​ប្រាស់​ឡើង​វិញ​របស់​ចិន ដែល​មាន​រហ័សនាម​ថា នាគ​ទេព ត្រូវ​បាន​គេ​ផ្សាយ​យ៉ាង​តិច​តួច​បំផុត​។ យាន​អវកាស​នេះ​ទំនង​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​សាកល្បង​ឧបករណ៍​ថ្មី និង​ដំណើរ​ការ​នៅ​លើ​គន្លង​តារា​វិថី​។ យាន​នេះ​ត្រូវ​បាន​បាញ់​ឡើង​ទៅ​តាម​រ៉ុក្កែត​ ហើយ​ចុះ​ចត​ដូច​យន្តហោះ​ធម្មតា បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Harvard យាន​នេះ​មាន​ទម្ងន់​ប្រហែល​ពី 5 ដល់ 8 តោន​ និង​ប្រវែង 10 ម៉ែត្រ​។

    ជើងហោះ​ហើរ​ដំបូង​របស់​យាន​អវកាស​នាគ​ទេពរបស់ចិន អូស​បន្លាយ​ពេល​ពីរ​ថ្ងៃ​។ ​ជើង​ហោះ​ហើរ​ទីពីររបស់​វា​នឹង​​អូស​បន្លាយ​ពេល​ប្រហែល 9 ខែ​ ក្នុងនោះ វា​នឹង​បញ្ចេញ​ឧបករណ៍​មួយ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​ទៅ​ក្នុង​គន្លង​គោចរ​។ ឧបករណ៍​នេះ​អាច​ជា​ផ្កាយរណប​ខ្នាត​តូច​ដែល​ត្រូវ​បាន​ផលិត​​ឡើងដើម្បី​តាម​ដាន​នាគទេព​ ឬ​ម៉ូឌុល​សេវាកម្ម​ដែលលែង​មាន​ភាពចាំបាច់​៕

  • ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ប្រទេស​ចិន​បាន​បោះមួយ​ជំហាន​ធំ​ក្នុង​ការ​សាងសង់​ Shuangyumen ដែលជា​ស្ពាន​មាន​គម្លាត​រវាង​សសរ​ចម្បង​វែង​រហូត​ដល់ 18.78 គីឡូម៉ែត្រ​ តភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។

    បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​ចម្បង​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​ Chu San នៃ​ខេត្ត Zhejiang ភាគខាង​កើត​ប្រទេស​ចិន​។

    សំណង់​នេះ​មាន​គម្លាត​រវាង​សសរ​ចម្បង​រហូត​ដល់ 18.78 គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2027​ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់​កាល​ពី​ថ្ងៃទី 19 វិច្ឆិកា 2023​។

    ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​ដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ Chu San។

  • ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

    ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

    ក្រុម​ហ៊ុន​ថាមពល​ឆ្លាតវៃ​ Ming Yang របស់​ប្រទេស​ចិន នឹង​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​សម្រាប់​ដាំ​លើ​សមុទ្រ​ធំ​បំផុត​លើ​ពិភពលោក​ថ្មី​មួយ​ទៀត​ ដែល​មាន​ស្លាប​ចក្រ​ប្រវែង​ជិត​ស្មើ​នឹង​កម្ពស់​របស់​តួ Eiffel នៅប្រទេស​បារាំង​។

    ក្រុម​ហ៊ុន Ming Yang ឱ្យ​ដឹង​ថា គោលដៅ​របស់​ខ្លួន​គឺ​ការ​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​កម្លាំង 22 មេហ្គាវ៉ាត់ (MW) ដែល​មាន​រ៉ូទ័រ​មាន​អង្កត់​ផ្ចិត​ប្រវែង​ជាង 310 ម៉ែត្រ​ និង​អាច​ទទួល​បាន​ខ្យល់​ច្រើន​ជាង​ និង​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង​​ទួរប៊ីន​ដទៃ​នា​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 20 តុលា​។

    យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ខាងលើ ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ផលិត​គំរូ​ដើមរបស់​ទួរប៊ីន​ខ្យល់​នេះ​​នៅ​ឆ្នាំ 2024 ឬ 2025​។

    ប្រកាស​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី Ming Yang បាន​បង្ហាញ​ទួរប៊ីន​ខ្យល់លើ​សមុទ្រ​​ធំជាង​គេ​លើ​ពិភពលោក​ កម្លាំង 18 MW ដែល​មាន​អង្កត់​ផ្ចិត​ 140 ម៉ែត្រ កាល​ពី​ខែ​មករា​ ឆ្នាំ 2023​។ នៅ​ក្នុង​សប្ដាហ៍​នេះដែរ ក្រុម​ហ៊ុន​ Ming Yang ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ទួរប៊ីន​ខ្យល់​សម្រាប់​ដំឡើង​លើ​ដី​គោក​ ​កម្លាំង 11 MW ដែល​មាន​ស្លាប​ចក្រ​​មាន​ផ្ទៃ​ធំ​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ចំនួន​ 6 បូក​ចូល​គ្នា​​។

    កាល​ពី​ខែ​កុម្ភៈឆ្នាំ​នេះ ប្រទេស​ចិន​បាន​ដំឡើង​ទួរប៊ីនខ្យល់​ 16 MW នៅ​លើ​សមុទ្រ​ដែល​មាន​ចម្ងាយ​ពី​ដីគោក​របស់​ខេត្ត Fujian ជិត 33 គីឡូម៉ែត្រ​។ គម្រោង​ដែល​មាន​តម្លៃ 885 លាន​ដុល្លារ​អាម៉េរិក​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​ដំឡើង​ទួរប៊ីនខ្យល់​ដែល​មាន​កម្លាំង​ 400 MW ក្នុង​ដំណាក់​កាល​ទី​ពីរ​របស់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Zhangpu Liuao។ ទួរប៊ីន​ខ្យល់​ 16 MW មួយ​ដើម​ៗ​នៅ​ក្នុង​គម្រោង​នេះ​ មាន​ប្រអប់​គ្រឿង​ចក្រ​ដែល​ស្ថិត​នៅ​លើ​ក្បាល​បង្គោល​ទួរប៊ីន​ កម្ពស់ 146 ម៉ែត្រ​ ស្មើ​នឹង​អគារ​ 50 ជាន់​ ខណៈ​ដែល​ស្លាប​កង្ហារមាន​អង្កត់​ផ្ចិត​ប្រវែង 252 ម៉ែត្រ​ និង​ទទួល​ខ្យល់​ក្នុង​ផ្ទៃ​អាកាស​ទំហំ​ 50,000 ម៉ែត្រ​ការ៉េ​។ រៀង​រាល់​ពេល​ដែល​ស្លាប​កង្ហារ​នេះ​វិល​បាន​មួយ​ជុំ ទួរប៊ីន​ខ្យល់​នេះ​អាច​ផលិត​អគ្គិសនី​បាន​ 34.2 គីឡូវ៉ាត់​ម៉ោង​ និង​ 66 ជីហ្គាវ៉ាត់​ម៉ោង (GWh) ​ក្នុង​មួយ​ឆ្នាំ ដែល​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ចំនួន 25,000 គ្រួសារ​។ ជា​សរុប គម្រោង​មួយ​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ 1.6 តេរ៉ាវ៉ាត់​ម៉ោង (TWh) ជួយ​សំចៃ​ធ្យូង​ថ្ម​បាន 500,000 តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុលបាន​​ 1.36 លាន​តោន​ជា​រៀង​រាល់​ឆ្នាំ៕