Tag: ISO

  • អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

    អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

    Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។

    នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។

    យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។

    អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។

    ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​

    អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze Orman ដែល​ជា​ម្ចាស់​សៀវភៅ​ «ស្ត្រី​ និង​ប្រាក់​កាស» បាន​ចែក​រំលែកថា «ការ​ពិត​នៃ​បញ្ហា​គឺ​ថា អ្នកគួរ​មាន​ខ្ទង់ប្រាក់​សម្រាប់​ដោះ​ស្រាយ​ហេតុ​ការណ៍​​បន្ទាន់​ដែល​អាច​ប្រើប្រាស់​បាន​មួយ​ឆ្នាំ​ ចាប់​ពី​ពេល​នេះ​» គឺជា​រឿង​ល្អ។

    ប្រការ​នេះ​ទំនង​ជា​ពិបាក​អនុវត្ត​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់ Bankrate កាលពី​ឆ្នាំ​ 2021 ពលរដ្ឋ​អាម៉េរិក ជាង​ពាក់​កណ្ដាល​ (51%) ឯណោះ​ ដែល​មាន​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​តិច​ជាង​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ រយៈ​ពេល​ 3 ខែ​។ ក្នុង​ចំណោម​ 51% នោះ មាន​ 25% ពុំ​មាន​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ទាល់​តែ​សោះ​។

    ដើម្បី​សន្សំ​ប្រាក់​ឱ្យ​បាន​គ្រប់គ្រាន់​ អ្នក​អាច​សន្សំ​ដោយ​ខ្លួន​ឯង និង​គោរព​តាម​គោលការ​ 50/20/30 ដែល​ក្នុង​នោះ អ្នក​ត្រូវ​ដាក់​ 20% នៃ​ប្រាក់​ចំណួល​ប្រចាំ​ខែសរុប​ ទៅ​ក្នុង​ខ្ទង់​សន្សំ​ និង​ខ្ទង់​វិនិយោគ, 50% សម្រាប់​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ និង 30% សម្រាប់​ការ​ចំណាយ​តាម​កាលៈទេសៈ​។

    អ្នកស្រី Bernadette Joy

    ក៏ប៉ុន្តែ នៅ​ពេល​អ្នក​មាន​​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​អ្នក​បាន​គិត​ថា សម​ស្រប​ហើយ​នោះ អ្នក​មិន​ចាំបាច់​សន្សំ​សម្រាប់​ខ្ទង់​នេះ​ទៀត​ទេ​ ដោយ​​គ្រាន់​តែ​រក្សា​ទុក​ខ្ទង់​នេះ​ឱ្យ​បាន​គង់វង្ស​គឺ​ជា​ការ​ល្អ​។ បន្ទាប់​មក ចូរ​ផ្ដោត​ទៅ​លើ​ការ​វិនយោគ​ បើ​ទោះ​វា​បង្កប់​ទៅ​ដោយ​ហានិភ័យ​ ប៉ុន្តែ វា​ក៏​ផ្ដល់​ឱកាស​សម្រាប់អ្នក​ក្លាយ​ជា​អ្នក​មាន​៖ «ប្រាក់​សុទ្ធ​នឹង​មិន​នាំ​មក​នូវ​ផលប្រយោជន៍ បើ​សិន​វា​មិន​បាន​កើន​ឡើង​» នេះ​បើ​តាម​អ្នកស្រី Joy។

    ចាប់​ផ្ដើមវិនិយោគ​​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ​

    ទីផ្សារ​អាច​មាន​ឡើង និង​អាច​មាន​ចុះ​ ដូច្នេះ​ ការ​វិនិយោគ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ការ​វិនិយោគ​ក្នុង​រយៈ​ពេល​វែង​។ នេះ​គឺជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​វិនិយោគ​ឱ្យ​បាន​ឆាប់​។

    Mark La Spisa អ្នក​ឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​ដ៏ល្បីឈ្មោះ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Vermillion Financial Advisors បាន​និយាយ​ថា បើ​សិន​មិនអាច​វិនិយោគ​ច្រើន នោះ​ក៏​មិន​មែនជា​បញ្ហា​៖ ចាប់​ផ្ដើម​កាន់តែ​ឆាប់​ កាន់​តែ​ល្អ​ សូម្បី​នៅ​ក្នុង​ខ្លួនមាន​តែ​ប៉ុន្មាន​ដុល្លារ​ ក៏​ប្រសើរ​ជាង​ការ​ដែល​មិន​បាន​វិនិយោគ​អ្វី​សោះ​ ឬ​រង់ចាំ​រហូត​ដល់​សន្សំ​បាន​ប្រាក់​ច្រើន​»។

    មូលហេតុ​ដែល​ថា​ កាន់​តែ​ឆាប់​វិនិយោគ​ កាន់​តែ​ល្អ​ គឺ​មក​ពី​​​​កម្លាំងនៃ​ការប្រាក់​ត្រួត​ ​ជាការ​​ប្រាក់​ដែល​អ្នក​រក​បាន​​ពី​ប្រាក់​របស់​ខ្លួន​ បូក​នឹង​ការ​ប្រាក់​ដែល​បាន​កើត​ជា​​កូន​ ពូន​ជា​​​ចៅ​៕

  • តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។

    អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។

    ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ

    1. ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
    2. សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
    3. ញ៉ាំទឹកឱ្យបានច្រើន។
    4. ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
    5. គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
    6. ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។

    ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។

    មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿង​ប្លែក​ឡើយដែលស្រ្តីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្រ្តីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖

    • គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
    • គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
    • ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
    • ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។

    រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាម​ផ្លូវ​ដើរ​ក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្រ្តីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

  • កម្ពុជាអនុវត្តស្តង់ដារបច្ចេកទេស ISO ពិនិត្យគុណភាពទំនិញជាលើកដំបូង

    កម្ពុជាអនុវត្តស្តង់ដារបច្ចេកទេស ISO ពិនិត្យគុណភាពទំនិញជាលើកដំបូង

    ភ្នំពេញ៖ ផលិតផល និងទំនិញនៅកម្ពុជាហាក់នៅមិនទាន់ត្រូវបានទទួលស្គាល់គុណភាព ខ្លាំង100%ដូចទំនិញនាំចូលពីក្រៅប្រទេសនៅឡើយទេ។ ហើយដើម្បីពង្រឹងស្តង់ដារគុណភាពនេះ ក្រសួងសិប្បកម្ម និងឧស្សាហកម្មបានពិភាក្សាអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុចក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជាដើម្បីធ្វើតេស្តគុណភាពផលិតផល និងទំនិញផ្សេងៗនៅកម្ពុជា។

    ឆ្លងកាត់ការពិភាក្សា អង្គប្រជុំបានសម្រេចអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុច មានដូចខាងក្រោម៖
    1-ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្ត្រ សម្រាប់ធ្វើតេស្តផលិតផលធ្វើពីឈើ (ក្តារបន្ទះ) មួយចំនួនមកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់នូវមូលដ្ឋាន និងឯកសារដល់មន្ទីរពិសោធ និងអង្គភាពត្រួតពិនិត្យទាំងអស់សម្រាប់អនុវត្តការវាយតម្លៃចរិតលក្ខណៈ គុណភាព និងសុវត្ថិភាពក្តារបន្ទះសម្រាប់ការប្រើប្រាស់ និងសម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

    2-ស្តង់ដារអន្តរជាតិ ISO សម្រាប់ថ្នាំអនាម័យធ្មេញ ការតម្រូវវិធីសាស្ត្រធ្វើតេស្ត និងការដាក់ម៉ាក និងសម្រាប់យថាប្រភេទ បំពង់បឺតប្រភេទជ័រប៉ូលីប្រូពីឡែន(PP) មកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពអនុវត្តន៍ និងសន្និដ្ឋានលើចរិតលក្ខណៈ រួមទាំងគុណភាព និងសុវត្ថិភាព ជាពិសេសការវាយតម្លៃលើប្រភេទ បរិមាណ និងកម្រិតអនុញ្ញាតសារធាតុគីមីដែលប្រើប្រាស់ក្នុងវត្ថុធាតុដើម ពណ៌ សារធាតុបង្កសម្រាប់ផលិតផលទាំងពីរខាងលើ ។

    3-ស្តង់ដារអន្តរជាតិ IEC សម្រាប់គ្រឿងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន22 ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពវាយតម្លៃទាំងអស់ធ្វើការត្រួតពិនិត្យវាយតម្លៃគុណភាព និងសុវត្ថិភាពគ្រឿងបរិក្ខារខាងលើក្នុងទិសដៅការពារអ្នកប្រើប្រាស់ពីហានិភ័យ និងបរិស្ថានដែលបង្កដោយគ្រឿងបរិក្ខារទាំងនោះ ។

    4-ស្តង់ដារអន្តរជាតិ ISO សម្រាប់ឥដ្ឋការ៉ូសេរ៉ាមិក និងបេតុង ចំនួន3ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីឱ្យក្រុមហ៊ុនផលិតនាំចូល និងអង្គភាពត្រួតពិនិត្យទាំងអស់យល់ដឹងពីប្រភេទចំណាត់ថ្នាក់ សារធាតុផ្សំ ការតម្រូវសម្រាប់គុណភាព និងសុវត្ថិភាពផលិតផលខាងលើ និងនីតិវិធីវាយតម្លៃភាពអនុលោមក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យសង្គម និងបរិស្ថានដែលបង្កដោយផលិតផលដែលមិនមានគុណភាព និងសុវត្ថិភាព។ ដោយឡែក បន្ថែមលើការអនុម័តទទួលយកស្តង់ដារអន្តរជាតិ ISO និង IEC អង្កប្រជុំក្រុមប្រឹក្សាជាតិ និងពិនិត្យមើលផងដែរអំពីលទ្ធភាពនៃការដាក់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ក្រសួងផែនការអំពីកង្វះជាតិអ៊ីយ៉ូដ និងជំងឺនានាដែលកើតមានឡើងដោយសារកង្វះជាតិអ៊ីយ៉ូដ ជាពិសេសចំពោះស្ត្រី និងកុមារនៅតាមជនបទ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានស្តង់ដារកម្ពុជាអំពីលទ្ធភាពនៃការផលិត និងចរាចរណ៍អំបិលដែលមាន និងមិនមានបញ្ចូលសាធាតុអ៊ីយ៉ូដនៅកន្លែងផលិត និងទីផ្សារនៅតាមបណ្តាខេត្ត រាជធានី ចំនួន10។

    មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្តង់ដារជាតិដែលមានគណៈកម្មការបច្ចេកទេសចំនួន10 បានខិតខំដកស្រង់ចងក្រងយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានយ៉ាងច្រើន ពីព្រោះស្តង់ដារទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអង្គភាពពាក់ព័ន្ធដើម្បីពង្រឹងគុណភាពសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន ក៏ដូចជាជំរុញដល់ពាណិជ្ជកម្មនាំចេញ និង ឧត្តមភាពប្រកួតប្រជែងផងដែរ ។

    ទាក់ទងនឹងបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ជូលជាតិអ៊ីយ៉ូដនៅក្នុងអំបិល ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឱ្យលេខាធិការដ្ឋាន និងគណៈកម្មការបច្ចេកទេសពន្លឿនការធ្វើស្តង់ដារអំបិលឱ្យបានឆាប់ ពីព្រោះអំបិលមានអត្ថប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងវិស័យឧស្សាហកម្ម ជាពិសេសអំបិលដែលត្រូវប្រើជាគ្រឿងផ្សំសម្រាប់បរិភោគ គឺត្រូវតែបញ្ចូលជាតិអ៊ីយ៉ូដជាដាច់ខាត ពីព្រោះដើម្បីលើកកម្ពស់សុខភាព និងសំខាន់ជួយដល់ការពង្រឹងសតិបញ្ញារបស់កុមារដែលភាគច្រើនរស់នៅតាមទីជនបទ មានកង្វះខាតជាតិអ៊ីយ៉ូដក្នុងចំណីអាហារ៕