Tag: Intel

  • ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

    ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

    AudioCraft គឺជា AI (បញ្ញា​សិប្បនិម្មិត) ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​និពន្ធ​បទ​ភ្លេង ឬ​សំឡេង​បែប​អាជីព​ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​​រៀបរាប់​អំពី​ខ្លឹមសារ​ដែល​ត្រូវការ​បង្កើត។

    ចូរ​ស្រមៃ​មើលថា​វា​អស្ចារ្យ​កម្រិត​ណា​ នៅ​ពេល​​តន្ត្រីករ​អាជីព​ម្នាក់​អាច​បង្កើត​​​ស្នាដៃ​និពន្ធ​ថ្មី​ដោយ​មិនចាំបាច់​លេងភ្លេង​អ្វី​ទាំងអស់ ឬថា អ្នកជំនួញ​ម្នាក់​ចង់​បន្ថែម background music (ខ្ញុំ​ហៅថា តន្ត្រី​កំដរ) ទៅក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ថ្មី​បំផុត​។ «នោះ​គឺ​នៅពេល AudioCraft បញ្ចេញ​ប្រសិទ្ធភាព» តំណាង​​របស់ Meta ឱ្យដឹង​ដូច្នេះ។

    យោងតាម Meta ឧបករណ៍ AudioCraft បំពាក់​បញ្ញា​សិប្បនិម្មិត​ចំនួន 3 រួមមាន MusicGen, AudioGen និង Encodec។ MusicGen គឺជា AI ដែល Meta អភិវឌ្ឍ​តាំងពី​ឆ្នាំ 2022 និង​អាចបង្កើត​សូរសព្ទ​​តន្ត្រី​ពី​សំណេរ ខណៈដែល AudioGen មាន​ជំនាញ​ខាង​កែប្រែ​សំឡេង ហើយក៏​អាចបង្កើត​សំឡេង​ពី​សំណេរ មាន​ជា​អាទ៌ សំឡេង​សុនក​ព្រុស សំឡេង​ស៊ី​ផ្លេ​ឡាន ឬ​​សំឡេង​ស្បែក​ជើង​មនុស្ស​ដើរ​ជាដើម។

    ចំណែក EnCodec វិញ គឺជា​ឧបករណ៍​ដោះ​កូដ​សំឡេង​ដោយយោង​ទៅលើ AI ដែល​បង្ហាញ​វត្តមាន​កាលពី​ឆ្នាំ 2022។ AI នេះ​ក៏​អាច​និពន្ធ​បទ​ភ្លេង​គុណភាព​ខ្ពស់​ដោយ​មិនត្រូវ​ការ​សំណេរ​ច្រើន​ផងដែរ។ ទាំងអស់​ខាងលើនេះ​ត្រូវបាន​ហៅថា AudioCraft ដែលជា​កម្មវិធី​បង្កើត​សំឡេង​ប្រកបដោយ​គុណភាព និង​ងាយស្រួល​ប្រើប្រាស់​។

    បច្ចុប្បន្ន ឧបករណ៍​បញ្ញា​សិប្បនិម្មិត​ចេះ​និពន្ធ (Generative artificial intelligence) អាចបង្កើត​រូបភាព និង​វីដេអូ​ដែលស្ទើរ​តែ​​ដូច​បេះ​បិទ​ទៅនឹង​ការពិត​ជាក់ស្ដែង ដោយគ្រាន់​តែ​​ប្រើប្រាស់​សំណេរ។ ក៏ប៉ុន្តែ ក្នុង​វិស័យ​សំឡេង វា​ហាក់​មិនទាន់​រីកចម្រើន​នៅឡើយ ដោយសារតែ​វា​មាន​ភាពលំបាក​ជាង​វិស័យ​ដទៃ៕

  • Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។

    យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។

    លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។

    តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។

    គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម Twitter, ទីភ្នាក់ងារ​អវកាស SpaceX, ក្រុមហ៊ុន​សាងសង់​ផ្លូវ​ក្រោម​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​នឹង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink៕

  • CEO ថ្មី​របស់ Intel៖ ពី «ក្មេង​​គង្វាល​គោ​ និង​មើលថែ​ជ្រូក ត្រូវបាន Intel ហៅចូល​ធ្វើការ​ក្នុង​វ័យ 18ឆ្នាំ បើ​ទោះ​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ»

    CEO ថ្មី​របស់ Intel៖ ពី «ក្មេង​​គង្វាល​គោ​ និង​មើលថែ​ជ្រូក ត្រូវបាន Intel ហៅចូល​ធ្វើការ​ក្នុង​វ័យ 18ឆ្នាំ បើ​ទោះ​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ»

    កាលពី​ថ្ងៃទី 13 ខែមករា ក្រុមហ៊ុន​បច្ចេកវិទ្យា Intel បានប្រកាសថា CEO បច្ចុប្បន្ន​របស់​ពួកគេ​គឺ​លោក Bob Swan នឹង​លាលែង​ពី​តំណែង​នៅ​ខែក្រោយ ហើយ Pat Gelsinger (Patrick P. Gelsinger) នឹង​ចូលមក​ជំនួស។ នេះ​គឺជា​ការវិល​ត្រលប់​មកវិញ​របស់ «កូន​ក្បាលខូច» ព្រោះថា Gelsinger អាយុ 59 ឆ្នាំ ធ្លាប់បាន​តស៊ូ​ជាមួយ Intel រយៈពេល 3 ទសវត្សរ៍ មុនពេល​ចូល​បម្រើ​ការឱ្យ EMC នៅ​ឆ្នាំ 2009 និង​ក្រោយមក​ក៏បាន​ក្លាយជា​មេដឹកនាំ​កំពូល​នៅ VMware។

    Intel កំពុងតែជួបប្រទះ​ការលំបាក​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ឈី​ប​កុំព្យូទ័រ​ដើម្បី​ផ្គត់ផ្គង់​ដល់​ដៃគូ​របស់ខ្លួន ដោយសារតែ​ដៃគូ​ជំនួញ​ទាំងនេះ កំពុង​ចាកចោល Intel ម្ដងមួយៗ ខណៈដែល​គូប្រជែង​នានា​ក៏​កំពុង​ពង្រីក​ឥទ្ធិពល និង​ដណ្ដើម​ទីផ្សារ។ ប្រការនេះ​បង្ហាញថា Intel ដល់ពេល​ត្រូវមាន​កំពូល​យុទ្ធសាស្ត្រ​ថ្មី ឬ​ត្រូវ​ប្ដូរ​ថ្នាក់ដឹកនាំ ដែល​នេះ​ក៏​អាចជា​មូលហេតុ​ដែល CEO បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ សុំលាលែង​ពី​តំណែង ហើយ​ប្រការ​នេះដែរ​បាន​នាំឱ្យ​មានឱកាស​សម្រាប់​អតីត​បុគ្គលិក Intel ម្នាក់ ក្នុងការ​ត្រលប់​មកវិញ នោះ​គឺ Pat Gelsinger។

    ធំ​ឡើង​នៅក្នុង​គ្រួសារ​ចិញ្ចឹមសត្វ​គោ និង​ជ្រូក នៅក្នុង​តំបន់ Amish ដែលជា​ជនបទ​មួយ​ក្នុង​រដ្ឋ Pennsylvania ​សហរដ្ឋ​អាមេរិក ​Gelsinger តែងតែ​ត្រូវ​ក្រោក​ពី​ព្រលឹម​មុន​ថ្ងៃ​រះ​ដើម្បី​មើលថែ​ជ្រូក និង​គោ។ ភារកិច្ច​ចម្បង​ក្នុងពេល​ព្រឹក​របស់ Gelsinger គឺ «ដើរ​តម្រង់​ទៅកាន់​កន្លែង​ពលកម្ម​ដែល​ពោរពេញ​ភាពកខ្វក់ ហើយ​ត្រូវ​ព្យាយាម​គេចចេញ​ពី “កណ្ដាប់​ជើង” របស់​សត្វ​គោ​ទាំង​ផង» នេះ​បើតាម​ទស្សនាវដ្ដី Forbes។

    ឪពុកម្ដាយ​របស់ Gelsinger រៀន​បានត្រឹមតែ​ថ្នាក់​ទី 7 ប៉ុណ្ណោះ ប៉ុន្តែ «កាលពីកូនៗនៅ​ក្មេង ពួកគាត់​តែងតែ​ជំរុញ​ឱ្យ​ខំ​សិក្សា​រៀនសូត្រ»។ ដោយសារតែ​ខំរៀន និង​ពូកែ​ខាង​គណិតវិទ្យា វិទ្យាសាស្ត្រ Gelsinger ក៏បាន​បញ្ចប់​ការសិក្សា​ក្រោយពី​ទទួលបាន​អាហារូបករណ៍​ពីសា​ខា​មួយ​របស់​វិទ្យាស្ថាន​បច្ចេកទេស Lincoln។ នោះ​គឺជា​កន្លែង​ដែល Gelsinger បាន​ប៉ះ​កុំព្យូទ័រ​ជា​លើកដំបូង​ក្នុង​ជីវិត។ ក្រោយមក ព្រោះតែ​ពូកែ​ក្នុង​វិស័យ​អេឡិចត្រូនិក ទើប Gelsinger ទទួលបាន​ចំណាប់អារម្មណ៍​ពី​ក្រុមហ៊ុន Intel។ បន្ទាប់មក Gelsinger ក៏បាន​ជិះ​យន្តហោះ​ជា​លើកដំបូង​ដើម្បី​ទៅ​សម្ភាស​ការងារ​នៅ​ជ្រលង Silicon។ ថ្វីបើ​មាន​អាយុ​ទើបតែ 18 ឆ្នាំ និង​មិនទាន់មាន​បរិញ្ញាបត្រ ប៉ុន្តែ Gelsinger នៅតែ​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Intel ​ជា​មួយ​នឹង​​តួនាទី​ជា​បុគ្គលិក​បច្ចេកទេស​គ្រប់គ្រង​គុណភាព​ក្នុង​ឆ្នាំ 1979។

    ដោយបាន​ប្រើប្រាស់​កម្មវិធី​បង់ថ្លៃ​សិក្សា​ដ៏​ល្អ​របស់ Intel និង​ម៉ោង​ធ្វើការ​ដែល​អាច​បត់បែន​បាន​នៅទីនេះ Gelsinger ក៏បាន​ឆ្លៀត​រៀន​បន្ថែម​រហូត​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ Santa Clara ក្នុង​ឆ្នាំ 1983 និង​​អនុ​បណ្ឌិត​​នៅ Stanford ក្នុង​ឆ្នាំ 1985 ដែល​ទាំងនេះ​បានកើត​ឡើង​នៅក្នុង​អំឡុងពេល​កំពុង​ធ្វើការ​ពេញ​ម៉ោង។

    លោក Patrick P. Gelsinger

    ពេលធ្វើការ​នៅ Intel កំលោះ Gelsinger ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​សំណាក់ CEO ដែល​ពេលនោះ​គឺ​លោក Andy Grove។ កាលនោះ Gelsinger ទទួល​ភារកិច្ច​ជា​អ្នក​រចនា​ឈី​ប 486 ដ៏​ល្បីឈ្មោះ ខណៈ​លោក​មាន​អាយុ 20 ឆ្នាំ។ មិនយូរប៉ុន្មាន Gelsinger ក៏បាន​ក្លាយជា​នាយ​កប​ច្ចេក​វិទ្យា​ដំបូង​របស់​ក្រុមហ៊ុន​នេះ នា​ឆ្នាំ 2001 ក្នុងពេល​មាន​វ័យ 40 ឆ្នាំ។

    បើទោះជា​បាន​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​រយៈពេល​យ៉ាងយូរ ប៉ុន្តែ​ចុងក្រោយ Gelsinger នៅតែ​មិនបាន​ទទួល​តំណែង​ខ្ពស់បំផុត​ក្នុង​ឆ្នាំ 2005 ដោយពេល​នោះ Paul Otellini ជា​អ្នក​ត្រូវបាន​ជ្រើសរើស។ ដោយសារ​ខកចិត្ត Gelsinger ក៏បាន​សុំ​ឈប់ និង​ទៅធ្វើ​ការឱ្យ​ក្រុមហ៊ុន​រក្សា​ទិន្នន័យ EMC ក្នុងឋានៈ​ជា​ប្រធាន​ផ្នែក​មួយរូប នា​ឆ្នាំ 2009។

    ក្នុង​បំណង​ក្លាយជា CEO លោក Gelsinger បាន​ស្នើឱ្យ​ក្រុមហ៊ុន អនុញ្ញាតឱ្យ​ខ្លួន​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាភិបាល​របស់ EMC ដែល​ក្រោយមក​ក៏​ទទួលបាន​ដំបូន្មាន​ច្រើន​ពី​សហ​ស្ថាបនិក Jack Egan ក្នុងនោះ​ក៏មាន​បញ្ហា​ទាក់ទង​នឹង​ការ​ស្លៀកពាក់ ការយល់ដឹង​អំពី​ហិរញ្ញវត្ថុ​ក្រុមហ៊ុន។ល។ ដូច្នេះ Gelsinger ក៏បាន​ចំណាយពេល​មួយឆ្នាំ​ដើម្បី​ទទួលយក​ចំណេះដឹង​ពី​សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​នៅ​សាកលវិទ្យាល័យ Columbia។

    ការប្រឹងប្រែង​របស់ Gelsinger ចុងក្រោយ​ក៏​ទទួលបាន​លទ្ធផល​ល្អ នៅពេល​លោក​បាន​ឡើង​គ្រប់គ្រង​តំណែង​ខ្ពស់បំផុត​នៅក្នុង​ក្រុមហ៊ុន VMware ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ EMC នា​ឆ្នាំ 2012។

    ការដឹកនាំ​ក្រុមហ៊ុន​នេះ​ក្នុង​គ្រា​ដំបូង​របស់ Gelsinger បាន​បរាជ័យ ទាក់ទង​នឹង​ការ​ទប់​ទល់នឹង​បច្ចេកវិទ្យា cloud computing។ ក្រោយមក បន្ទាប់ពី​បាន​យល់ច្បាស់​ពី​បញ្ហា លោក​ក៏បាន​កែប្រែ​យុទ្ធសាស្ត្រ​ទាំងស្រុង និង​បាន​សហការ​ជាមួយ Amazon និង Microsoft ទន្ទឹមនឹង​ការបង្កើត​ផ្នែក​ទន់ (software) ដើម្បី​ជួយ​ដល់​អតិថិជន​របស់ខ្លួន ក្នុងការ​ងាក​ទៅរក​បច្ចេកវិទ្យា​ខាងលើ។

    ចំណេះដឹង និង​បទពិសោធន៍​ស៊ីជម្រៅ​របស់ Gelsinger នឹង​អាចជួយ​ដឹកនាំ Intel ឱ្យ​គេច​ផុតពី​ការលំបាក​នៅក្នុង​វិស័យ​ផលិត​ឈី​ប​នាពេលខាងមុខ។ សូម​រង់ចាំ​តាមដាន​មើល​ទាំងអស់គ្នា!

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។

    IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា

    IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។

    វិធីជំរុញ IQ ដល់កូនសម្លាញ់

    • អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
    • ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
    • បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
    • ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។

    EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍

    បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ ៈ

    វិធីជំរុញ EQ ដល់កូនសម្លាញ់

    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
    • បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
    • បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
    • បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។

    CQ ៈ ភាពឆ្លាតវៃក្នុងការចាប់ផ្ដើមច្នៃបង្កើត

    CQ (Creativity Quotient) ជាភាពឆ្លាតវៃក្នុងការគិត ចាប់ផ្ដើមច្នៃបង្កើតអ្វីថ្មីៗ ដែលនេះជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងយុគសម័យដែលពោរពេញទៅដោយតម្រូវការអៃឌៀប្លែកថ្មី និងការកែសម្រួលខ្លួន។ ឪពុកម្ដាយអាចជួយឱ្យកូនអភិវឌ្ឍ CQ របស់គេបានតាមវិធីផ្សេងៗ ដូចខាងក្រោមនេះ ៈ

    វិធីជំរុញ CQ ឱ្យកូនជាទីស្រឡាញ់

    • បង្កើតការនឹកស្រមៃដល់ក្មេងៗ ដូចជា និទានរឿងឱ្យស្ដាប់ បបួលគូររូប ស្ដាប់បទភ្លេង ឬកិច្ចការងារផ្សេងៗតាមដែលក្មេងៗចូលចិត្ត។
    • ជំរុញឱ្យកូនគិតជាបន្តបន្ទាប់ ជាក្មេងប៉ឹនសួរ ប៉ឹនសង្កេត និងប៉ឹនឆ្ងល់។
    • ឱ្យកូនបានធ្វើអ្វីផ្សេងៗដោយខ្លួនឯង មិនយករង្វង់គំនិតរបស់ឪពុកម្ដាយមកគ្របសង្កត់ពីលើកូន ព្រមទាំងកោតសរសើរលើភាពឧស្សាហ៍ព្យាយាមរបស់ក្មេងៗពេលគេតាំងចិត្តធ្វើអ្វីផ្សេងៗ។
    • នាំក្មេងៗចេញទៅរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលមានប្រយោជន៍ ដូចជានាំទៅសារមន្ទី ឬទស្សនាការសម្ដែងសម្រាប់កុមារ។

    (នៅមានត)

  • នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel លាឈប់​ពី​តំណែង ក្រោយ​ធ្លាយ​ព័ត៌មាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel លាឈប់​ពី​តំណែង ក្រោយ​ធ្លាយ​ព័ត៌មាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក

    នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន​ផលិត Chip ដ៏​ធំ និង​ល្បីល្បាញ​លំដាប់​ពិភពលោក Intel បាន​លាឈប់​ពី​តំណែងភ្លាមៗ បន្ទាប់ពី​ក្រុមប្រឹក្សាភិបាល​បាន​រកឃើញថា មាន​ទំនាក់ទំនង​កិច្ចសន្យា​ខុសច្បាប់​ជាមួយនឹង​បុគ្គលិក​ដែល​ល្មើ​សនឹង​ច្បាប់​របស់​ក្រុមហ៊ុន។

    យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា នាយក​ប្រតិបត្តិក្រុមហ៊ុន​ផលិត Chip ធំជាងគេ​របស់​អា​មេ​​រិ​ក លោក Brian Krzanich បាន​លាឈប់​ពី​តំណែង ដោយសារតែ​លោក​បាន​ល្មើស​នឹង​ច្បាប់​របស់​ក្រុមហ៊ុន។

    ក្រុមហ៊ុន Intel បានកំណត់​ច្បាប់​ថា រាប់​ចាប់ពី​តំណែង​នាយក ឬ​ប្រធាន​គ្រប់គ្រង​ឡើងទៅ គឺ​មិន​អនុញ្ញាតឱ្យ​ចុះកិច្ចសន្យា​ក្រៅ​ផ្លូវច្បាប់​ណាមួយ​ជាមួយនឹងបុគ្គលិកឡើយ ហើយបើសិនជាក្រុមហ៊ុន​រកឃើញថា មាន​បុគ្គល​ណាមួយ​ល្មើ​សនឹង​ច្បាប់​នេះ នឹងត្រូវ​បញ្ឈប់​តួនាទីភ្លាម។

    ពាក់ព័ន្ធ​នឹង​ករណីនេះ ខាង​ក្រុមហ៊ុន Intel មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ល្មើសច្បាប់​នេះឡើយ ដោយ​គ្រាន់តែ​បង្ហើប​ឱ្យដឹងថា លោក Robert Swan បច្ចុប្បន្ន​ជា​ប្រធាន​ហិរញ្ញវត្ថុ ត្រូវបាន​ជ្រើសតាំង​ឱ្យ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ​ស្ដីទី ខណៈដែល​ពេលនេះ ក្រុមហ៊ុន Intel កំពុងតែ​ស្វែងរក​បុគ្គល​ដែលមាន​សមត្ថភាព​ទាំង​នៅក្នុង និង​ក្រៅ​ក្រុមហ៊ុន​ដើម្បី​មកកាន់​តំណែង​នាយក​ប្រតិបត្តិ​នេះ។

    គួរបញ្ជាក់​ផងដែរ​ថា លោក Krzanich វ័យ 58ឆ្នាំ ដែលជា​វិស្វករ​អគ្គិសនី ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel កាលពី​ខែឧសភា ឆ្នាំ2013៕

  • ចេញហើយ Intel Core i9 ខ្លាំងកប់ៗតែម្ដង

    ចេញហើយ Intel Core i9 ខ្លាំងកប់ៗតែម្ដង

    ការរង់ចាំរបស់ប្រិយមិត្តបានមកដល់ហើយ! ពេលនេះក្រុមហ៊ុនផលិតឈីប intel របស់អាមេរិកបានដាក់ចេញនូវបន្ទះឈីបជំនាន់ថ្មីហើយក្នុងឆ្នាំ 2017 នេះនៅក្នុងព្រឹត្តិការណ៍ Computex នៅទីក្រុងសៀងហៃ ក្រោយពី Core i7 បានគ្រងតំណែងអស់រយៈពេលជាច្រើនឆ្នាំ។

    បន្ទះឈីប CPU ថ្មីនេះ ក្រុមហ៊ុនដាក់ចេញសម្រាប់តែកុំព្យូទ័រលើតុប៉ុណ្ណោះ ដោយសម្រាប់កុំព្យូទ័រយួរដៃ នឹងចេញនៅពេលក្រោយ។  Intel បញ្ចេញវាមកនៅពេលនេះ ព្រោះចង់ឆ្លើយតបទៅនឹងក្រុមហ៊ុន AMD ដែលកំពុងតែសម្បើមដៃក្នុងទីផ្សារបន្ទះឈីបនេះ។  បន្ទះឈីប Intel Core i9 នេះមានចំនួន 7 ស៊េរីផ្សេងៗគ្នា ដែលល្បឿន ទំហំ Cach និងកម្រិតស៊ីភ្លើងចន្លោះពី 140W ទៅ 165W។ ឈីបថ្មីនេះ ក៏ផ្ដល់សិទ្ធិឱ្យម្ចាស់របស់វាធ្វើការ OverClock ល្បឿន ទៅ​តាម​ប្រភេទ Motherboard និងអាចគាំទ្រ RAM ប្រភេទ DDR4-2666 ជាមួយ 44 PCIe 3.0 Lanes ។​ ខាងក្រោមនេះ ជាស៊េរីបន្ទះឈីបដែលក្រុមហ៊ុន Intel ទើបដាក់ចេញ៖

    1. Intel Core i9 7800X : 6 Cores/12 Threads
    2. Intel Core i9 7820X : 8 Cores/16 Threads
    3. Intel Core i9 7900X : 10 Cores/20 Threads
    4. Intel Core i9 7920X : 12 Cores/24 Threads
    5. Intel Core i9 7940X : 14 Cores/28 Threads
    6. Intel Core i9 7960X :16 Cores/32 Threads
    7. Intel Core i9 9780XE : 18 Cores/36 Threads

    ក្នុងចំណោមពួកវាទាំង 7 Intel Core i9 9780XE នេះមាន 18 Cores និង 36 Threads គឺមានសមត្ថភាពខ្លាំងជាងគេ ដែលអាចធ្វើឱ្យអ្នកនិយមលេងស៊េរីកុំព្យូទ័រផ្នែករចនារូបភាព​ វីដេអូ ឬកំពូលហ្គេម បាក់ចិត្តស្រឡាញ់តែម្តង តែបើមើលពីតម្លៃវិញក៏ខ្ពស់កប់ៗដូចគ្នាដែរ។ តម្លៃរបស់វា គឺ 1999 ដុល្លារ ដែលវាអាចបម្រើគ្រប់តម្រូវការ កុំតែយកទៅធ្វើម៉ាស៊ីន Server៕