Tag: ICT

  • ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​យ៉ាង​ភ្លឺ និង​សំឡេង​ផ្ទុះ​លាន់​កក្រើក​មេឃ​របស់រ​ដ្ឋ Victoria នៅ​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ អាច​គ្រាន់តែ​ជា​បំណែក​​នៃ​​រ៉ុក្កែត​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ក្នុង​ថ្ងៃ​ជាមួយគ្នា​ នៅវា​កំពុង​ធ្លាក់​។​

    7 News Australia កាលពី​ថ្ងៃទី 08 សីហា បាន​ផ្សាយ​ថា ដុំ​ភ្លើង​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី 07 សីហា ធ្វើឱ្យ​ប្រជាជន​នៅ Melbourne ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Victoria និង​តំបន់​មួយចំនួន​ផ្សេងទៀត​របស់​រដ្ឋ​នេះ បាន​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។

    ព័ត៌មានដំបូងៗនិយាយថា ដុំ​ភ្លើង​នេះ​អាចជា​អាចម៍ផ្កាយ​កំពុង​ធ្លាក់។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា នោះ​គឺជា​បំណែក​មួយ​នៃ​សំរាម​អវកាស។ នេះ​បើតាម​ទំព័រ Space។

    អ្នក​តារាសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក និយាយថា ដុំ​ភ្លើង​នោះ​គឺជា​កំណាត់​ទី​បី​របស់​រ៉ុក្កែត Soyuz 2 ដែល​ត្រូវបាន​រុស្ស៊ី​បាញ់​បង្ហោះ​​ពី​ព្រលាន​យានអវកាស Plesetsk នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី មុន​នោះ​ច្រើន​ម៉ោងប៉ុណ្ណោះ​។

    រ៉ុក្កែត​នេះ​មាន​ភារកិច្ច​នាំយក​ផ្កាយរណប GLONASS-K2 របស់ប្រទេស​​រុស្ស៊ី ឡើងទៅ​កាន់​ទី​អវកាស។

    Soyuz 2

    តាម​ការ​គណនា​របស់​ក្រុម​អ្នកជំនាញ ដងខ្លួន​របស់រ៉ុក្កែត​​រុស្ស៊ី​ខាងលើ ត្រូវ​​ធ្លាក់​ត្រលប់​មកកាន់​ផែនដី​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Tasmania លើ​មហាសមុទ្រធំធេង​ បន្ទាប់ពី​បាន​បាញ់​បង្ហោះ។ នៅតាម​ផ្លូវ​ធ្លាក់​ត្រលប់​មក​កាន់​​ផែនដី កំណាត់​ខាង​ក្រោម​របស់​រ៉ុក្កែត​នេះ​បាន​បញ្ចេញ​ពន្លឺ​លើ​ផ្ទៃមេឃ​របស់​អូស្ត្រាលី ដោយសារតែ​ឆេះ នៅពេល​កកិត​នឹង​បរិយាកាស៕

  • អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។

    លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។

    លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។

    Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។

  • ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។

    នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។

    នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែ​បញ្ជាក់ថា អាច​រកបាន​ប្រាក់ចំណូលក្នុង​កម្រិត​ល្អ​សម្រាប់​រយៈ​ពេល​​យូរអង្វែង​ នៅ​ពេល​បន្ត​នាំមុខគេ​នៅ​សប្ដាហ៍​ទី​ពីរ ដោយមាន​អត្រា​ធ្លាក់ចុះ​កម្រិត​ទាប​ជាង​គេ។

    ជាក់ស្ដែង គិត​មកដល់​បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លាន​ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​អាម៉េរិក​ខាងជើង និង 530.9 លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ​ក៏​មានន័យថា «Guardians of the Galaxy Vol. 3» បាន​យកឈ្នះ​លើ​ភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែល​រកបាន 475.8 លាន​ដុល្លារ​ពី​រាល់​ការ​បញ្ចាំង​នៅ​រោងកុន ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ) ក្រោយពី​បញ្ចាំង​ជា​ផ្លូវការ​បាន​ជាង​មួយ​សប្ដាហ៍។

    «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» គឺជា​ខ្សែភាពយន្ត​ស្ដីពី​កំពូល​អ្នកក្លាហាន​អាម៉េរិក ដែល​ផលិត​ឡើង​ទៅ​​តាម​សាច់​រឿង​ «ក្រុម​កំពូល​អ្នកក្លាហាន​ការពារ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ​ត្រូវបាន​ផលិត​ដោយ Marvel Studios និង​ចាក់​បញ្ចាំង​ដោយ Walt Disney Studios Motion Pictures។ នៅក្នុង​វគ្គ​បី​នេះ ក្រុម​ពិសេស​ដែល​យើង​ធ្លាប់បាន​ស្គាល់ មានការ​ផ្លាស់ប្ដូរ​មួយចំនួន។ Peter Quill នៅតែមាន​ការឈឺចាប់​ព្រោះតែ​បាត់បង់ Gamora ប៉ុន្តែ​នៅតែ​បំពេញកាតព្វកិច្ច​​ជា​អ្នកប្រមូល​កម្លាំង​របស់​​​ក្រុម​ដើម្បី​ការពារ​ចក្រវាល​ទាំងមូល។ ពួកគេ​ត្រូវ​រ៉ាប់រង​ភារកិច្ច​ដ៏​លំបាក ហើយ​បើសិនជា​បរាជ័យ បេសកកម្ម​របស់​ពួកគេ​អាច​នឹងត្រូវ​បានបញ្ចប់៕

  • កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    ការប្រកួត​ដែល​ចំណាយពេល​យូរ និង​ប្រកបដោយ​ហិង្សា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កីឡាបាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 បាន​បង្ខំ​ឱ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​រហូតដល់ 7 កាត​។

    U22 ឥណ្ឌូណេស៊ី ​បានឈ្នះ U22 ថៃ ដោយ​លទ្ធផល 5-2 នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​កីឡាបាល់​ទាត់​ផ្នែក​បុរស​របស់​​ស៊ី​ហ្គេម​កាលពី​យប់​ថ្ងៃទី 16 ឧសភា ជួយ​ឱ្យ​ប្រទេស​សម្បូរ​កោះ​រកបាន​មេដាយមាស​មួយគ្រឿង​ទៀត។ ប៉ុន្តែ នេះ​គឺជា​ការប្រកួត​ដ៏​អាក្រក់ ព្រោះ​តែមាន​អំពើហិង្សា​រវាង​ក្រុម​ទាំងពីរ នាំឱ្យ​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ ពិន័យ​កាត​លឿង​ចំនួន 12 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 17) និង​កាត​ក្រហម​ចំនួន 7 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 9) ចំពោះ​កីឡាករ ក៏ដូចជា​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម​ទាំងពីរ។ នេះ​គឺជា​តួលេខ​ច្រើន​បំផុត​សម្រាប់​មួយ​ប្រកួត​នៅ​ស៊ី​ហ្គេម។

    ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​កំណត់ត្រា​ពិភពលោក​នោះទេ ព្រោះ​នៅ​ខាងក្រៅ​អាស៊ីអាគ្នេយ៍​នៅមាន​ការប្រកួត​ដែល​អាជ្ញាកណ្ដាល​ពិន័យ​កាត់​ក្រហម​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។ កាលពី​ឆ្នាំ 2009 ការប្រកួត​រវាង​ក្រុម Recreativo (អេស្ប៉ាញ) និង Saladillo (អាហ្សង់ទីន) ទទួលបាន​កាត​ក្រហម​ចំនួន 19​។ ឆ្នាំ 1993 Ameliano (ប៉ារ៉ាហ្កាយ) និង General Caballero (ប៉ារ៉ាហ្កាយ) ទទួលបាន​កាត់​ក្រហម​ចំនួន 20 ឯណោះ។

    ចំណែក​ការប្រកួត​ដែលមាន​ការពិន័យ​កាត​ក្រហម​រហូតដល់ 36 កាត ដែលជា​ចំនួន​ច្រើនជាងគេបង្អស់​លើ​ពិភពលោក បាន​ទៅលើ​គូប្រកួត Claypole (អា​ហ្ស​ង់​ទីន) – Victoriano Arenas (អា​ហ្ស​ង់​ទីន) កាល​ពី​ឆ្នាំ 2011 និង​គូ Teniente Farina (ប៉ា​រ៉ា​ហ្កា​យ) – Libertad (ប៉ា​រ៉ា​ហ្កា​យ) កាល​ពី​​ឆ្នាំ 2012​៕

  • U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។

    Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។

    Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។

    Damoth Thongkhamsavath

    ទ​ន្ទឺ​ម​នឹង Damoth Thongkhamsavath នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ ក៏មាន​តារាបាល់ទាត់​បី​រូប​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​បរទេស រួមមាន Theo Klein (Omaha Mavericks នៅ​សហរដ្ឋ​អាម៉េរិក), Roman Angot (Bahlinger អាល្លឺម៉ង់) និង Victor Yovinasak (Montceau បារាំង)។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​របស់​វៀតណាម លោក Troussier បាន​សង្កត់ធ្ងន់ថា «ក្រុម​កីឡាករ​វៀតណាម​ក្មេង​បំផុត​ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម..។ ខ្ញុំ​ពេញចិត្ត។ ក្រុម​មានសង្ឃឹម ហើយ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត»។

    Nalongsit Chanthalangsy ក៏ជា​កីឡាករ​របស់​ក្រុម​ U-22 ឡាវ ដែល​មាន​ដើម​កំណើត​វៀតណាម

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម្ចាស់​មេដាយមាស​ពីរលើក​ចុងក្រោយ​គឺ វៀតណាម រួម​នឹង ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី។ U-22 ឡាវ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី 30 មេសា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍៕

  • ស្រ្តីក្នុងវិស័យ ICT មានឱកាសខ្ពស់ជាងបុរស

    ស្រ្តីក្នុងវិស័យ ICT មានឱកាសខ្ពស់ជាងបុរស

    មនុស្សនៅកម្ពុជាជាច្រើនយល់ឃើញថាជំនាញបច្ចេកវិទ្យាព័ត៌មាន (ICT) ជាជំនាញសម្រាប់បុរសសិក្សា ហើយកូនស្រីមិនគួរសិក្សាលើជំនាញទេ តែជាក់ស្តែងជំនាញនេះ​ជាជំនាញដែលកំពុងមានសក្តានុពលសម្រាប់ស្រ្តីនាពេលបច្ចុប្បន្ន។

    នៅសាលាខ្លះក្នុងមួយថ្នាក់រៀនស្ទើរតែគ្មានមនុស្សស្រីម្នាក់ផងដែលសិក្សាជំនាញ ICT តែទោះជាយ៉ាងនេះក្តី​ ស្រ្តីក្នុងវិស័យព័ត៌មានវិទ្យានៅតែមានចំនួនកើនឡើងខ្លះបើទោះបីជាស្ត្រីមិនសូវបានលើកទឹកចិត្តឱ្យ​សិក្សាជំនាញនេះក៏ដោយ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះក៏មានកម្មវិធីកុំព្យូទ័រមួយចំនួន​ផលិតដោយស្នាដៃស្រ្តី ឬ​ក៏មានការចូលរួមយ៉ាងសំខាន់ពីស្រ្តីផងដែរ។

    កញ្ញា ហេង សុវណ្ណមុនីនុត ស្ត្រីម្នាក់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងធ្លាប់ជានិស្សិតដែលទទួលបានពានរង្វាន់ផ្នែក​បច្ចេកវិទ្យានៅបរទេសផង បានលើកឡើងថា ស្រ្តីមានលក្ខណៈពិសេសជាច្រើន​ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (ICT) តែកត្តាដែលនាំឱ្យស្ត្រី​នៅក្នុង​ផ្នែកនេះ​មិនសូវមានចំនួនច្រើនដោយសារតែហេតុផលមួយចំនួន​ដូចជា៖ ទី1មុខវិជ្ជា ICT ជាមុខវិជ្ជាដែលលំបាកសិក្សា ព្រោះវាត្រូវការមុខវិជ្ជា​គណិតវិទ្យា ត្រូវការសិក្សាពីកូដ ឬភាសាជាច្រើនផ្សេងទៀត។ ទី2 និស្សិតស្រីមួយចំនួនអាចគិតថាជំនាញនេះជាជំនាញរបស់មនុស្សប្រុស ហើយស្របពេលដែលមិនសូវ​មាន​ការជំរុញផង គាត់ក៏សម្រេចចិត្តមិនជ្រើសរើសយក​ជាអាជីពនេះតែម្តង។ ចំណុចទី3 និស្សិតស្រីអាចគិតថា មុខវិជ្ជានេះមានទីផ្សារការងារចង្អៀត ហើយគេត្រូវការតែប្រុសៗ ក្រោយពេលគាត់បញ្ចប់ការសិក្សា គាត់​អាចបានប្រាក់ខែតិចជាងប្រុសៗជា-ដើម។ ចំណុចទី4 គឺ​​ស្រ្តីអាចយល់ថា ​មុខវិជ្ជានេះ​មានភាពនឿយហត់ខ្លាំងដែលអាចធ្វើឱ្យគាត់ឆាប់ចាស់ ឬ​បាត់បង់ភាពស្រស់ស្អាតជាដើម។

    កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា ៖ “​តាមពិតទៅជំនាញ​នេះមិនមែន​សម្រាប់តែមនុស្សប្រុស​ដូចការគិតរបស់អ្នកគ្រប់គ្នានោះទេ ហើយគ្មានមុខវិជ្ជាណាដែល​គេហាមមិនឱ្យមនុស្សស្រីរៀនដែរគ្រាន់តែមុខវិជ្ជា​មួយចំនួន ​មនុស្សក្នុងសង្គមគេបែងចែកថា សម្រាប់ប្រុស ឬសម្រាប់ស្រីតែប៉ុណ្ណោះ។ តែឥឡូវនេះគ្រប់គ្នាគេគិតពីសមភាពយេនឌ័រ ហេតុនេះ​មនុស្សប្រុស និងមនុស្សស្រី មានសិទ្ធស្មើគ្នាក្នុងការសិក្សា​គ្រប់មុខវិជ្ជាដោយគ្មានការបែងចែកនោះទេ”។

    យុវតីឆ្នើមផ្នែកបច្ចេកវិទ្យាខាងលើបានលើកឡើងផងដែរថា ពេលខ្លះបើទោះបីជា​សម័យបច្ចុប្បន្ន​មិនហាមឃាត់ ឬផ្តល់ឱកាសសម្រាប់ស្ត្រីឱ្យសិក្សាផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនក៏ដោយ តែស្ត្រីនៅមាន​បញ្ហាប្រឈមមួយចំនួន​ផងដែរ។ ទី1គឺផ្នត់គំនិតរបស់និស្សិត ផ្ទាល់​ដែលគាត់បែងចែកខ្លួនឯង ឬគិតថា ខ្លួនឯងមិនសមនឹងសិក្សា​មុខវិជ្ជាព័ត៌មានវិទ្យា ព្រោះគាត់មើលឃើញការឱ្យតម្លៃពីសង្គមខាងក្រៅខ្លាំងពេក។ មួយវិញទៀត គឺស្ត្រីមិនសូវត្រូវបានលើកទឹកចិត្តប៉ុន្មាននោះទេតែពេលខ្លះគាត់ត្រូវស្ថិតក្នុងកាលៈទេសៈដែលពិបាកប្រឈមគឺ ការរិះគន់របស់អ្នកជុំវិញខ្លួន ដូចជា​អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ​នៅវិទ្យាល័យ មិត្តភក្តិ ឬមនុស្សជាច្រើនផ្សេងទៀតក្នុងសង្គមជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់ ឬងាយនឹងបោះបង់​នៅពេលជួបឧបសគ្គកើតឡើង។

    ចំពោះលក្ខខណ្ឌល្អសម្រាប់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិញ កញ្ញា សុវណ្ណមុនីនុត បាននិយាយថា ៖ “​តាមពិត​ស្ថានភាពជាក់ស្តែងរបស់ស្រ្តីក្នុង​វិស័យ ICT មិនដូចពួកគាត់គិតនោះទេ វាខុសពីការគិតរបស់មនុស្សគ្រប់គ្នា ព្រោះ​ស្រ្តីមិនត្រឹមតែអាចសិក្សាបានល្អទេ តែថែមទាំង​អាចមាន​ឱកាសការងារខ្ពស់ជាងមនុស្សប្រុសទៀតផង”។

    កញ្ញាបន្ថែមទៀតថា បើនិយាយពី​ការងារ ដោយសារតែមនុស្សប្រុស​មានចំនួនច្រើន ហើយការងារខ្លះគឺគេត្រូវការស្រ្តី ហេតុនេះស្រ្តីអាចមានទីផ្សារទូលាយខ្លាំងជាង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនជាច្រើនក៏កំពុងលើកទឹកចិត្តឱ្យស្រ្តី​សិក្សាក្នុងវិស័យបច្ចេវិទ្យាព័ត៌មាននេះផងដែរ។ លើសពីនេះទៅទៀត បើប្រៀបធៀបជាមួយបុរស ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យាអាចទទួលបានប្រាក់ចំណូលច្រើនជាងបុរស ស្របពេលដែលពួកគាត់ក៏មានឱកាសច្រើនដើម្បីធ្វើការផ្លាស់ប្តូរ​ការសិក្សានៅបរទេស ការចែករំលែក ឬការអញ្ជើញទៅចូលរួមការជួបជុំជាអន្តរជាតិនានាព្រោះកម្មវិធីជាច្រើនកំណត់តែម្តងថាអ្នកអាចចូលរួមបានចាំបាច់ត្រូវតែជាស្ត្រី។

    សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា កញ្ញា សុខ ស៊ីគៀង បានលើកឡើងថា ​ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានតែស្ត្រីទេដែលយល់ពី​បញ្ហាស្ត្រី ដែលជាចំណែក​ដ៏សំខាន់ណាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីដោះស្រាយបញ្ហាក្នុងសង្គម តែពេលបច្ចុប្បន្ននេះ​ការ​បណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់ក្មេងស្រីមិនទាន់មានលក្ខណៈទូលំទូលាយខ្លាំងនៅឡើយដែលជាកត្តាធ្វើឱ្យនិស្សិតដែលជ្រើសរើសជំនាញបច្ចេកវិទ្យាព័ត៌មាននៅមានកម្រិត។ ទោះជាយ៉ាងនេះក្តី​នៅក្នុងសង្គម ទាំងវិស័យសាធារណៈ និង​វិស័យ​ឯកជន សុទ្ធតែត្រូវការវត្តមានស្ត្រីក្នុងវិស័យ​ព័ត៌មានវិទ្យានេះ ដើម្បីធ្វើការងារសំខាន់ៗជាច្រើន។

    កញ្ញា សុខ ស៊ីគៀង បាននិយាយថា ៖ “​តាមពិតស្ត្រីមានសមត្ថភាពខ្លាំងមិនចាញ់បុរសនោះទេ ហើយពេលខ្លះស្ត្រីក៏អាចមានភាពល្អិតល្អន់ជាងបុរសទៀតផង តែអ្វីដែលជាបញ្ហានោះគឺ​ស្ត្រីមិនទាន់ទុកចិត្តលើខ្លួនឯងថា ខ្លួនមានសមត្ថភាពដូចបុរស។ តែទោះជាយ៉ាងនេះក្តី ពីមួយឆ្នាំទៅមួយឆ្នាំ គ្រប់ភាគីទាំងអស់​បានចូលរួមចំណែកដើម្បី​ជំរុញឱ្យមានមនុស្សស្រីកាន់តែច្រើននៅក្នុងផ្នែកដ៏សំខាន់នេះតាមរយៈការជំរុញឱ្យមានការអប់រំ និងប្រកួតប្រជែង​ល្អៗ ដើម្បីឱ្យស្រ្តីបានបញ្ចេញសមត្ថភាពរបស់ខ្លួន”៕