ម្ចាស់នាវាទេសចរណ៍ MS Westerdam កំពុងសហការជាមួយអាជ្ញាធរកម្ពុជា និងម៉ាឡេស៊ីដើម្បីស្វែងរកអ្នកដែលបានចាកចេញពីនាវា បន្ទាប់ពីបានពិនិត្យឃើញថា អ្នកទេសចរម្នាក់មានផ្ទុកមេរោគកូរ៉ូណា COVID-19។
“យើងខ្ញុំកំពុងតែសហការជាមួយមន្ត្រីសុខាភិបាលកម្ពុជា និងមា៉ឡេស៊ី ក៏ដូចជាអ្នកជំនាញមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក។ អ្នកទេសចរដែលបានវិលត្រឡប់ទៅដល់ផ្ទះ នឹងត្រូវបានមន្ត្រីសុខាភិបាលក្នុងតំបន់ ធ្វើការទំនាក់ទំនង និងផ្ដល់ព័ត៌មានបន្ថែម”។ នេះគឺជាការប្រកាសរបស់ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ MS Westerdam ឱ្យដឹងនៅថ្ងៃនេះ (17កុម្ភៈ ឆ្នាំ2020)។ នេះបើតាមសារព័ត៌មាន Reuters។
សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកដំណើរ145នាក់ ចាកចេញពីនាវា MS Westerdam ដែលចូលចតក្នុងកំពង់ផែនខេត្តព្រះសីហនុ បានធ្វើដំណើរតាមយន្តហោះទៅម៉ាឡេស៊ី ដើម្បីបន្តដំណើរត្រឡប់ទៅផ្ទះ។ ប៉ុន្តែ អ្នកដំណើរ8នាក់ត្រូវបានម៉ាឡេស៊ី ឃាត់ឱ្យនៅ ដើម្បីពិនិត្យរកមេរោគកូរ៉ូណា ក្នុងនោះលោកយាយអាយុ83ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគរលាកសួតប្រភេទថ្មីកូរ៉ូណា COVID-19។ រឿងនេះបានធ្វើឱ្យមានការព្រួយបារម្ភ និងសង្ស័យថា អ្នកដំណើរ137នាក់ ដែលចាកចេញពីទីក្រុង Kuala Lumpur ដើម្បីបន្តដំណើរទៅផ្ទះ អាចមានផ្ទុកមេរោគ COVID-19 នេះដែរ។

ក្រុមហ៊ុន Holland America Line បានឱ្យដឹងថា អ្នកទេសចរ 1,454នាក់ និងក្រុមបុគ្គលិកនាវា 802នាក់ មុននោះមិនមានអាការនៃជំងឺកូរ៉ូណានោះទេ។
យ៉ាងហោចណាស់មានអ្នកដំណើរ236នាក់ និងបុគ្គលិកនាវា747នាក់ នៅបន្តស្នាក់នៅក្នុងនាវា ខណៈដែលអ្នកដំណើរផ្សេងទៅស្នាក់នៅក្នុងសណ្ឋាគារនានាក្នុងក្រុងភ្នំពេញ។ អាជ្ញាធរថៃក៏បានប្រកាសថា អ្នកដំណើររាប់សិបនាក់ដែលធ្លាប់នៅលើនាវា MS Westerdam ក៏បានចូលមកទឹកដីថៃ ដើម្បីបន្តដំណើរទៅផ្ទះ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ MS Westerdam បានចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី13កុម្ភៈ ក្រោយរយៈ2សប្ដាហ៍ធ្វើដំណើរគ្មានគោលដៅនៅលើផ្ទៃសមុទ្រ ដោយសារត្រូវបានប្រទេសជាច្រើនដូចជា ហ្វីលីពីន តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ បដិសេធមិនឱ្យចូលចត ព្រោះតែខ្លាចឆ្លងវីរុសកូរ៉ូណាដល់ពលរដ្ឋរបស់ពួកគេ។ ប៉ុន្តែ ដោយសារតែទទួលដំណឹងដូចខាងលើ និងបានដឹងថា នាវានេះជិតអស់ស្បៀង ទើបកម្ពុជាអនុញ្ញាតឱ្យនាវានេះចូលចត។
ក្រោយពីទីក្រុង Kuala Lumpur ប្រកាសថា អ្នកដំណើរម្នាក់មកពីនាវា MS Westerdam មានផ្ទុកមេរោគកូរ៉ូណា គម្រោងបញ្ជូនអ្នកទេសចរលើនាវាទៅកាន់ប្រទេសពួកគេវិញ ត្រូវបានអាក់ខាន ហើយអ្នកដំណើរដែលប្រុងនឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីក៏ត្រូវបានលុបចោល។
ម្ចាស់នាវា MS Westerdam នាល្ងាចនេះ បានប្រកាសថា យ៉ាងហោចណាស់មានភ្ញៀវទេសចរចំនួន 255នាក់ និងបុគ្គលិកនាវា747នាក់ ក្នុងនាវា Westerdam ត្រូវបានធ្វើតេស្តរកមេរោគ។
គិតមកដល់ល្ងាចនេះ (17កុម្ភៈ) អ្នកទេសចរលើនាវា MS Westerdam ជាង1ពាន់នាក់ហើយ បានចាកចេញពីកម្ពុជា។ ក្រៅពីនេះ អ្នកដំណើរប្រហែល500នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរជាង120នាក់ ដែលបានពិនិត្យសុខភាពរួចរាល់ហើយ បានធ្វើទេសចរណ៍នៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅលើកប៉ាល់ ជាមួយនឹងបុគ្គលិកនាវា Westerdam ជាង800នាក់។
ក្រុមហ៊ុន Holland America Line បានឲ្យដឹងនៅថ្ងៃទី17នេះថា នាវា MS Westerdam កំពុងស្ថិតនៅឯកំពង់ផែខេត្តព្រះសីហនុ នៅឡើយ៕



អ្នកដំណើរទាំងអស់ដែលនៅលើកប៉ាល់នេះ បានត្រូវអនុញ្ញាតឱ្យឡើងគោក ដើម្បីធ្វើដំណើរទៅកាន់ក្រុងភ្នំពេញ ហើយឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសរៀងៗខ្លួន។
ទាក់ទិននឹងបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ក៏បានអរគុណចំពោះសម្តេច ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។
គួររំឭកថា កប៉ាល់ Diamond Princess ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងកំពង់ផែមួយរបស់ជប៉ុន ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះតែមានអ្នកផ្ទុកមេរោគកូរ៉ូណានៅលើនាវានោះ ហើយគេក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា កាន់តែច្រើនឡើងៗ។ ប្រការនេះហើយ ធ្វើឱ្យនាវា Westerdam របស់ក្រុមហ៊ុន Holland America Line ទទួលរងឧបសគ្គដោយសារបញ្ហានៅលើនាវា កប៉ាល់ Diamond Princess៕