Tag: HIV

  • រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    (សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។

    យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។

    Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ ដោយសារ​ទំនាញផែនដី​ ក៏ដូច​ជា​លទ្ធភាព​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ ដោយ​សារ​ការ​ថយ​ចុះ​នៃ​សម្ពាធ» ក្រុម​ហ៊ុន​ខាង​លើ​ពន្យល់​ដូច្នេះ​។

    ក្រោយ​ពី​ការ​ចុះ​ចត​ កាប៊ីន​យាន​អវកាស​នេះ​នឹង​ត្រូវ​បាន​នាំ​យក​ទៅកាន់​មូលដ្ឋាន​របស់ Varda នៅ Los Angeles ដើម្បី​វិភាគ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​នឹង​ទ័ព​អាកាស​អាម៉េរិក និង​ណាសា ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ស្ថាប័ន​ទាំង​នេះ​៕

  • រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

    រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Varda Space Industries នឹង​ផលិត​ឱសថ​ រួម​នឹង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​ តាម​រយៈ​កាប៊ីន​ដែល​ហោះ​អម​នឹង​ផ្កាយ​រណប​។

    ក្រុម​ហ៊ុន​ Varda Space Industries នៅ​រដ្ឋ California ប្រកាស​ថា បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ W-Seres 1 ដែល​ជា​ផ្កាយ​រណប​​ដំបូង​របស់​ខ្លួន ឡើង​ទៅ​កាន់គន្លង​គោចរ​ផែនដី​។ ក្រុម​ហ៊ុន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វត្ថុ​ធាតុ​ជា​ច្រើន​នៅ​ក្នុង​ទី​អវកាស​។ វត្ថុ​ធាតុ​ទាំង​នេះ​មិន​អាច​បង្កើត​ឡើង​នៅ​លើ​ផែនដី​ ឬ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាមួយ​នឹង​គុណ​ភាព​ខ្ពស់​ជាង​ ធៀប​នឹង​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ផែនដី​។

    ផ្ទាំង​សូឡា​របស់​រោង​ចក្រ​ដំបូង​ក្នុង​អវកាស​នេះ​ បាន​បែរ​ទៅ​រក​ព្រះ​អាទិត្យ​ និង​ចាប់​ផ្ដើម​ពន្លាត​ខ្លួន​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ Varda បន្ទាប់​ពី​ផ្កាយ​រណប​បាន​ហោះ​ចូល​ដល់​គន្លង​គោចរ​ នៅ​ក្នុង​បេសកកម្ម Transporter-8 របស់ SpaceX កាលពី​ថ្ងៃទី 13 មិថុនា​ 2023​។

    ផ្កាយ​រណប​ W-Series 1 ត្រូវ​បាន​បំពាក់​កាប៊ីន​​ទម្ងន់​ 90 គីឡូក្រាម ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​ឱសថ​។ កាប៊ីន​នេះ​នឹង​ផ្ដាច់​ខ្លួន​ មុន​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ក្នុង​អវកាស​ ប៉ុន្តែ​នៅ​តែ​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ថាមពល​ កម្លាំង​រុញ​ច្រាន និង​ទំនាក់​ទំនង​ចាំបាច់ដើម្បី​កំណត់​ទិស​។ ក្នុង​ភារកិច្ច​ដំបូង​ បណ្ដាញ​ខាងលើ​​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Rocket Lab។ បន្ទាប់​មក ការ​ពិសោធ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រ៉ូបូត​ក្នុង​កាប៊ីន​។

    សកម្មភាព​របស់ Varda គឺ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​ដែល​បញ្ជាក់​ថា ប្រូតេអ៊ីន​ក្នុង​អវកាស​អាច​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ធៀប​នឹង​នៅ​លើ​ផែនដី​ ដោយ​សារ​តែ​បរិស្ថាន​មាន​ និង​គ្មាន​ទំនាញ​ផែនដី​។

    បេសកកម្ម​ដំបូង​របស់​ Varda នឹង​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ ritonavir ក្នុង​អវកាស​។ Ritonavir គឺជា​ថ្នាំ​ដែល​តែង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​​ប្រឆាំង​នឹង​ HIV ដែល​ជា​វីរុស​​បង្ក​ឱ្យ​មាន​​​ជំងឺ​អេដស៍​ ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​​កូវីដ-19​។

    ក្រោយ​ពី​ការ​ពិសោធ​របស់ Varda បាន​បញ្ចប់ កាប៊ីន​នេះ​នឹង​ត្រូវ​បាន​ផ្កាយរណប​រុញ​ទម្លាក់​មក​កាន់​ផែនដី និង​​ចុះ​ចត​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ មុន​ពេល​អ្នក​វិទ្យា​សាស្ត្រ​ប្រមូល​យក​វត្ថុធាតុ​ឱសថ​។

    ក្រុម​ហ៊ុន Varda ត្រូវ​បាន​បង្កើត​ឡើង​ដោយអតីត​​វិស្វករ​អេឡិចត្រូនិច​អាកាសចរណ៍​របស់​​ SpaceX លោក Will Bruye និង Delian Asparouhov​។ គោលដៅ​របស់​ពួក​គេ​គឺ​បង្កើត​ផលិត​ផល​នានា​នៅ​​ក្នុង​អវកាស​ ដែល​​រោង​ចក្រ​នៅ​លើ​ផែនដី​មិន​អាច​ ឬ​ពិបាក​ធ្វើ​បាន​ល្អ​៕

  • អ្នក​វេជ្ជ​សាស្ត្រ​ចិន៖ ថ្នាំ​ប្រឆាំង​​មេរោគ HIV (អេដស៍) មិន​មាន​ប្រសិទ្ធ​​ភាព​​ព្យា​បាល​​ជំងឺ COVID-19 ធ្ងន់​ធ្ងរ​នោះ​ទេ

    អ្នក​វេជ្ជ​សាស្ត្រ​ចិន៖ ថ្នាំ​ប្រឆាំង​​មេរោគ HIV (អេដស៍) មិន​មាន​ប្រសិទ្ធ​​ភាព​​ព្យា​បាល​​ជំងឺ COVID-19 ធ្ងន់​ធ្ងរ​នោះ​ទេ

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​ប្រទេស​ចិន​​​​​​​​​ បាន​ឱ្យ​ដឹង​ថា​ ថ្នាំ​ប្រឆាំង​​មេរោគ HIV (អេដស៍) ដែល​មាន​ឈ្មោះ​ថា Kaletra មិន​មាន​ប្រសិទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាលជំងឺ​ COVID-19 នៅ​លើ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ឡើយ​។

    ការ​រក​ឃើញ​ខាង​លើនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​នៃ​ប្រទេស​ចិន​ និង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​​​លើ​ទស្សនាវដ្ដី​វេជ្ជ​សាស្ត្រ​ New England កាល​ពី​ថ្ងៃទី​18​មីនា​ ឆ្នាំ​2020។

    Kaletra គឺជាថ្នាំ​មួយ​ប្រភេទ​ដែល​មាន​​សមាស​​ធាតុ​នៃ​ថ្នាំ​2ប្រភេទផ្សេង​ទៀត​​ គឺ lopinavir និង ritonavir ដែល​ត្រូវ​បាន​គេ​ផលិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​​មេរោគ​ HIV ដែល​បង្ក​​ជំងឺ​អេដស៍​។ ចាប់​តាំងពី​ខែ​មករា ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ប្រទេស​ចិន បាន​ប្រើ​ប្រាស់​ថ្នាំ​ទាំង​2ប្រភេទ​នេះ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ COVID-19។

    បន្ទាប់​ពី​បាន​សិក្សា​ស្រាវ​ជ្រាវ​គ្រប់​ជ្រុង​ជ្រោយ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​ បាន​សន្និដ្ឋានថា “ថ្នាំ​ Kaletra មិន​មាន​ប្រសិទ្ធ​ភាព​ច្បាស់​លាស់​នោះ​ទេ​”។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​នេះ បាន​ពិសោធ​ថ្នាំ​ខាង​លើ​ នៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការ​ធ្ងន់ធ្ងរ ចំនួន199​នាក់ នៅ​ឯមន្ទីរពេទ្យ​ Jin Yin-Tan​ ក្នុង​ទីក្រុង​ Wuhan។ អ្នក​ជំងឺ​ទាំង​នេះ​ ​មាន​វ័យ​ចាប់​ពី​48​ឆ្នាំ ដល់​68​ឆ្នាំ​។ នេះ​គឺជា​ការ​ពិសោធ​ធំ​ដំបូង​មួយ​ ​ទៅលើ​អ្នក​ជំងឺ​ដែល​មាន​អាការ​ធ្ងន់ធ្ងរ នៅ​ប្រទេស​ចិន​។

    ក្នុង​រយៈ​ពេល​14ថ្ងៃ ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ COVID-19 ​ត្រូវ​បាន​ថែ​ទាំ​តាម​​ស្ដង់​ដាបច្ចុប្បន្ន រួម​មាន​ការ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ជំងឺ​រលាក​សួត​ធម្មតា និង​ឱ្យ​ប្រើ​អ៊ុក​ស៊ីហ្ស៊ែន​ពេល​ចាំបាច់។ អ្នក​ជំងឺ​ក្រៅ​ពីនេះ ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អេដស៍ Kaletra។ ក៏ប៉ុន្តែ លទ្ធ​ផល​បាន​បង្ហាញថា ថ្នាំ​អេដស៍​នេះ មិន​អាច​​ជួយ​ឱ្យ​អ្នក​ជំងឺ​ប្រសើរ​ឡើង​ ឬ​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ការ​ស្លាប់​នោះ​ឡើយ​។

    បើ​ទោះ​ជា​ថ្នាំ​អេដស៍​ខាង​លើ​ មិន​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​ជាក់​ស្ដែង​​ក៏ដោយ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លទ្ធ​ផល​ចុង​ក្រោយ​នោះ​ដែរ​។ គេ​ត្រូវ​ធ្វើ​ការ​ពិសោធ​ជា​ច្រើន​ទៀត​ ដើម្បី​ឱ្យ​ដឹង​អំពី​ប្រសិទ្ធ​ភាព​របស់វា ក្នុង​ករណី​អ្នក​ជំងឺ​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អេដស៍​ បូក​រួម​ជាមួយ​ថ្នាំ​ផ្សេង​ៗ​ទៀត​។

    បច្ចុប្បន្ន មិន​ទាន់​មាន​ថ្នាំ​ “ពិសេស” ​ណា​មួយ​ ដែល​មាន​ប្រសិទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​​ព្យា​បាល​ COVID-19​ បាននៅ​ឡើយ​។ ក្រុម​គ្រូពេទ្យ​នៅ​លើ​ពិភពលោក កំពុង​ធ្វើ​ការ​ពិសោធ​ឆ្នាំ​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ ដោយ​សង្ឃឹម​ថា នឹង​អាច​រក​ឃើញ​វិធី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ COVID-19 បាន​ច្រើន​ជាង​ពេល​នេះ​។​

    មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ព្យាបាល​ដោយ​ថ្នាំ​ អង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និង​ថ្នាំ​ប្រឆាំង​វីរុស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រោគ និង​កាត់​បន្ថយ​​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់​ធ្ងរនៃ​ជំងឺ។ អ្នក​ខ្លះ​ក៏​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ steroid ដើម្បី​កាត់​បន្ថយ​ការ​រលាកសួត​​ខ្លាំង និង​ដើម្បី​ទប់​ស្កាត់​ប្រតិកម្ម​ហួស​កម្រិត​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

    ក៏ប៉ុន្តែ មិន​ទាន់​មាន​ថ្នាំ​ណា​ដែល​ត្រូវ​បាន​បញ្ជាក់​ថា មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ នៅក្នុង​ស្ថាន​ភាព​អាសន្ន​នេះ ក្រុម​គ្រូពេទ្យ​ត្រូវ​តែ​ប្រើ​ប្រាស់​រាល់​វិធី​ដែល​អាច​ធ្វើទៅ​បាន​ បើ​ទោះ​វា​មាន​ប្រសិទ្ធ​ភាពតិច​តួច ឬ​​បណ្ដោះ​អាសន្ន​​ក៏​ដោយ​។ ​មាន​វេជ្ជ​បណ្ឌិត​ខ្លះ ថែម​ទាំង​បាន​បង្កើត​ស្ដង់​ដា​នៃ​កម្រិត​ថ្នាំ​ដោយ​ខ្លួន​ឯង សម្រាប់​​ប្រើ​ដើម្បី​ព្យា​បាល​អ្នកជំងឺទៀត​ផង។

    មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​របស់​សហ​រដ្ឋ​អាមេរិក បានផ្ដល់​​អនុសាសន៍​​ជា​សាធារណៈ ដើម្បី​ឱ្យមាន​ការ​​ជួយ​ព្យាបាល​ដល់​អ្នក​ជំងឺ​ទូទៅ ប៉ុន្តែ​ក៏​បាន​​រំឭក​ថា ប្រភេទ​ថ្នាំ​ប្រឆាំង​វីរុស​ ឬ​ប្រឆាំង​ការ​រលាក អាច​នឹង​មិន​នាំ​មក​នូវ​ក្ដី​សង្ឃឹម​នោះ​ឡើយ​។ នេះ​បើ​តាម NY Times។

    កន្លង​មក ក៏មាន​មន្ទីរពេទ្យ​មួយ​ចំនួន ​​បាន​ប្រើប្រាស់​​ថ្នាំ​​​គ្រុន​ចាញ់ hydroxychloroquine ដែល​មាន​តម្លៃ​ទាប និង​សុវត្ថិ​ភាព​បង្គួរ​ ដើម្បី​ព្យាបាល​ជំងឺ​ COVID-19 ផងដែរ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ បាន​បញ្ជាក់​ថា ថ្នាំ​នេះ​អាច​ទប់​ស្កាត់​វីរុស COVID-19 មិន​ឱ្យ​ជ្រៀត​ចូល​បាន​ទៅ​ក្នុង​កោសិកា​មនុស្ស​។ របាយការណ៍​ពី​ប្រទេស​ចិន និង​ប្រទេស​បារាំង​ បាន​ឱ្យ​ដឹង​ថា វិធី​ព្យាបាល​នេះ អាច​មាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ បច្ចុប្បន្ន មិន​ទាន់​មាន​ទិន្ន​ន័យ​គ្រប់​គ្រាន់​ដែល​អាច​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​ប្រការ​នេះ​នៅ​ឡើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស