Tag: Health

  • អ្នកកើតរោគទឹកនោមផ្អែមគួរចៀសវាងបន្លែណាខ្លះ?

    អ្នកកើតរោគទឹកនោមផ្អែមគួរចៀសវាងបន្លែណាខ្លះ?

    គឺជាការពិតដែលថា បន្លែល្អចំពោះសុខភាព គុណសម្បត្តិវិសេសរបស់បន្លែមានច្រើនណាស់ តែសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលត្រូវគ្រប់គ្រងកម្រឹតជាតិស្ករជាពិសេសនោះ អាចមិនស័ក្តិសមជាមួយនឹងបន្លែប្រភេទខ្លះ។ ថ្ងៃនេះ ទំព័រសុខភាព ទស្សនាវដ្តី ឡារ៉ែន មានព័ត៌មានល្អៗក្នុងការជ្រើសរើសញ៉ាំបន្លែសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមកជម្រាបមិត្តអ្នកអានដូចតទៅ។

    -​ បន្លែដែលមានជាតិស្ករ 3 – 5 ភាគរយ

    ផ្លែត្រប់ ឃ្លោក បន្លែតាំងអោ ស្ពៃបូកគោ កញ្ឆែត ត្រសក់ ននោង ស្លឹកផ្ទី ទំពាំង មើមឆៃថាវ ត្រឡាច សាលាដ ត្រកួនចិន ត្រួយល្ពៅ ម្រះ សណ្តែកបណ្តុះ ខាត់ណា ផ្កាគុយឆាយ ស្ពៃចង្កឹះ ស្ពៃក្តោប ស្អំ ក្រឪឈូក។

    – បន្លែដែលមានជាតិស្ករ 5 – 10 ភាគរយ

    សណ្តែកសៀង ស្លឹកឆះភ្លូ គល់ខ្ទឹម ត្រយូងចេក ខ្ទឹមបារាំង ស្លឹកម្រំ ផ្កាអង្គារដី ខ្ញី ស្នៀតពោត ផ្លែល្ហុងខ្ចី ស្លឹកកន្ទុំទេស និងផ្លែកន្ទុំទេសខ្ចី។

    – បន្លែដែលមានជាតិស្ករ 15 – 20 ភាគរយ

    ផ្កាអង្កាញ់ ត្រួយអំពឹល ស្លឹកបន្លែផ្អែម ស្លឹកងប់ មើមដំឡូងបារាំង គ្រាប់សណ្តែកឡាន់តៅ។

    -បន្លែដែលមានជាតិស្ករ 20 – 30 ភាគរយ

    មើមឈូក មើមក្តួច ត្រាវ ដំឡូងជ្វា ស្លឹកអង្កាញ់ មើមឈូកចិន។

    អានមកដល់ត្រង់នេះហើយ ក៏សូមប្រកាស់ប្រាប់គ្នាឱ្យច្បាស់ៗតែម្តងថា បន្លែក្នុងក្រុមដែលមានជាតិស្ករ 20 – 30 ភាគរយនេះ មិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ និងសាកល្បងពិនិត្យម្តងទៀតមើលថា តើគួរកាត់បន្ថយបន្លែដែលខ្លួនចូលចិត្តអ្វីខ្លះ៕

  • អាថ៍កំបាំងរបស់ញើស

    អាថ៍កំបាំងរបស់ញើស

    មិនថាដោយសារតែក្តីរំភើបញាប់ញ័រដែលបានចេញទៅដើរលេងកំសាន្តជាមួយមនុស្សដែលយើងស្រឡាញ់ ឬមកពីភាពនឿយហត់ពីការហាត់ប្រាណក្នុងក្លឹបហ្វ៊ីតនេសនោះឡើយ វាជាកិច្ចការដែលមើលទៅខុសគ្នាស្រឡះ តែក៏ធ្វើឱ្យយើងបែកញើសបានដូចគ្នាដែរ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកស្គាល់ពីដំណក់ទឹកប្រៃៗដែលជ្រាបចេញមកពីរាងកាយយើងនោះគឺជាអ្វី និងចេញមកពីណា?

    – ប្រភពរបស់ញើស

    ធ្លាប់សង្កេតមើលទេថា ភាពក្តៅហប់ និងញើសច្រើនតែមកដំណាលគ្នា មិនថាតែជាពេលវេលាដែលធាតុអាកាសក្តៅហប់ ខណៈពេលដែលយើងកំពុងប្រើកម្លាំងសាច់ដុំយ៉ាងខ្លាំងក្លា ឬរំភើបញាប់ញ័ររហូតសរសៃប្រសាទត្រូវបានជំរុញខ្លាំងៗរហូតញើសជ្រាបចេញនោះទេ ការពិតទៅ គឺជាដំណោះស្រាយដែលធម្មជាតិសាងឡើងមកជួយ ដើម្បីសម្រាលភាពក្តៅ និងសាងភាពត្រជាក់ឡើងមកជំនួសវិញ និងដើម្បីជាការសម្រួលតុល្យភាពដល់រាងកាយរបស់យើង ហើយដែលកើតភាពត្រជាក់បាននោះ ក៏ព្រោះតែនៅក្នុងញើសនោះប្រកបទៅដោយទឹកជាចម្បងហ្នឹងឯង ហើយសារធាតុរ៉ែបន្ទាប់ចុះមកនោះគឺ ខ្ល័រ និងប៉ូតាស្យូម។

    – ក្លិនរបស់ញើស

    ចេញញើស គឺជាយន្តការមួយក្នុងចំណោមយន្តការឆ្លើយតបខាងធម្មជាតិរបស់រាងកាយ ដែលមនុស្សជាច្រើនប្រហែលជាចង់ឱ្យកើតតិចបំផុត ព្រោះក្រៅពីនឹងធ្វើឱ្យស្អឹតតតេកតតាក់ និងមិនស្រួលខ្លួនហើយនោះ ក្លិនដែលកើតឡើងក៏មិនមែនជាអ្វីដែលគួរឱ្យបេតីប៉ុន្មានឡើយ ហើយញើសរបស់អ្នកខ្លះថែមទាំងមានក្លិនខ្លាំងជាពិសេសទៀតផង ប្រភេទដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនដែលមិនធ្លាប់នឹងក្លិននោះ ត្រូវប្រញាប់លើកដៃខ្ទប់ច្រមុះ ហើយដើរចេញភ្លាមតែម្តង។ ការពិតទៅ ញើសរបស់មនុស្សយើងនេះគ្មានក្លិនទេ តែនៅពេលវាលាយគ្នាជាមួយនឹងមេរោគបាក់តេរីដែលមាននៅលើស្បែក និងរោម រួមទាំងអាស៊ីតខ្លាញ់ពីអាហារដែលយើងញ៉ាំចូលទៅផងនោះ ទើបធ្វើឱ្យកើតក្លិនមិនល្អឡើងបាន។

    ក្រពេញញើសរបស់យើងមានពីរប្រភេទ បើជាញើសដែលចេញពាសពេញរាងកាយ ជាពិសេសម្តុំថ្ងាស បាតដៃ និងបាតជើងនោះ នឹងចេញមកពីក្រពេញដែលហៅថា Eccrine ដែលចាប់ផ្តើមផលិតញើសតាំងពីយើងនៅជាទារកទើបនឹងកើតម្ល៉េះ ទើបមិនសូវជាមានក្លិនខ្លាំងក្លាដូចញើសដែលចេញមកពីក្រពេញ Aprocrine ដែលស្ថិតនៅត្រង់ម្តុំក្លៀក និងគល់ភ្លៅជិតទ្វាធំ និងអវយវៈភេទឡើយ ដែលក្រពេញនេះនឹងចាប់ផ្តើមធ្វើការនៅពេលឈានចូលវ័យបន្តពូជ ហើយបើសិននាំគ្នាពិនិត្យមើលយ៉ាងដិតដល់វិញនោះ នឹងបានឃើញថា មានទាំងអាស៊ីតខ្លាញ់ និងប្រូតេអុីនលាយឡំជាមួយ ធ្វើឱ្យញើសដែលចេញមកមានពណ៌រាងលឿងល្អក់បន្តិច និងច្រើនតែឃើញមានជាស្នាមប្រឡាក់នៅលើខោអាវបានយ៉ាងងាយ ទើបនេះឯងជាដែលជាមូលហេតុថា តើហេតុអីបានបណ្តាផលិតផលបំបាត់ញើស និងក្លិនខ្លួនផ្សេងៗនោះនាំគ្នាតម្រង់មុខសញ្ញាទៅរកការកំចាត់ក្លិននៅម្តុំក្លៀកជាពិសេសនោះ។

    ញើសដែលខុសប្រក្រតី

    អ្នកខ្លះមានញើសចេញមកច្រើនជ្រុលពេករហូតដល់គួរឱ្យរំខាន និងធ្វើឱ្យសាម៉ីខ្លួនកើតក្តីអៀនខ្មាស់ជាញឹកញាប់ ជាពិសេសញើសនៅតាមបាតដៃ និងក្លៀកដែលសើមជោកជារង្វង់ មូលហេតុនោះខាងវេជ្ជសាស្រ្តខ្លួនឯងក៏នៅមិនទាន់អាចបញ្ជាក់បានច្បាស់​លាស់ដែរ តែអាចមូលហេតុកើតឡើងដូចតទៅនេះ និងអាចព្យាបាលបានដោយការញ៉ាំថ្នាំ និងការវះកាត់។

    – ភាពមិនតុល្យការរបស់អ័រម៉ូន ដូចជា អាការមេណូផូស​​ ( Menopause )ក្នុងអំឡុងវ័យអស់រដូវ។

    – ក្រពេញថៃរ៉យដ៍ធ្វើការខុសប្រក្រតីដែលធ្វើឱ្យរាងកាយផលិតកម្តៅបានខ្ពស់។

    – ថ្នាំដែលកំពុងប្រើប្រាស់ប្រភេទខ្លះ។

    – អាហារ ដូចជា កាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់។

    – ប្រព័ន្ធប្រសាទធ្វើការខ្លាំងជ្រុលពេក។

    FUN FACTS ABOUT SWEAT ដឹងទេថា…

    – មនុស្សយើងមានក្រពេញញើសពាសពេញក្នុងរាងកាយ ក្នុងម្នាក់ៗប្រមាណជា 2,6 លានក្រពេញ។

    – ញើសដែលជ្រាបចេញមកនៅត្រង់បាតដៃ និងក្លៀកនោះ មិនដូចគ្នាទេ ហើយឱ្យក្លិនខុសប្លែកពីគ្នាទៀតផង។

    – បើសង្កេតឱ្យដិតដល់ ការពិតទៅយើងមានញើសចេញមកគ្រប់ពេលវេលា។

    – បើធាតុអាកាសក្តៅខ្លាំង មនុស្សយើងអាចបាត់បង់ញើសក្នុងមួយម៉ោងដល់ទៅ 1 លិត្រឯណោះ។

    – ញើសមានរសជាតិប្រៃ ដោយសារតែមានសារធាតុរ៉ែសំខាន់គឺ សូដ្យូម និងប៉ូតាស្យូម។

    – បើញើសចេញមកច្រើនហើយមិនប្រញាប់ញ៉ាំទឹកចូលទៅបន្ថែមវិញទេ អាចនឹងធ្វើឱ្យកើតខ្យល់គ កើតបញ្ហាក្នុងប្រព័ន្ធហូរវឹល ឬអាចគាំងក្រលៀនបាន។

    – ម៉ាស៊ីនចាប់កំហុស អាចវាស់ដឹងបានពីភាពប្រែប្រួលរបស់ចរន្តអគិ្គសនីដែលស្ថិតនៅលើស្បែក និងញើសដែលចេញមកនៅពេលយើងភ័យខ្លាច ឬញាប់ញ័រ៕