Tag: Health

  • 8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    រឿងចំណីអាហារក្នុងយុគសម័យនេះសំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ទើបយើងចាំបាច់ត្រូវតែមើលថែទាំខ្លាំងឡើងជាលំដាប់ដែរ ថ្ងៃនេះសូមនិយាយអំពីរឿងសារធាតុដែកដែលសំខាន់ចំពោះស្រ្តីម្តង។ ស្រ្តីយើងច្រើនតែខ្វះសារធាតុដែកដោយយើងមិនបានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះជាប់ជានិច្ច តើធ្វើម៉េចយើងនឹងដឹងទៅថា កម្រឹតសារធាតុដែកនៅក្នុងរាងកាយរបស់យើងស្ថិតក្នុងកម្រឹតប្រក្រតី ឬក៏ទាបជាងប្រក្រតីនោះ? បើចង់ដឹងសូមសាកល្បងមើលសញ្ញាដាស់តឿន 8 ចំណុចខាងក្រោមនេះ ៖

    1 – កាន់តែឆាប់នឿយហត់ឡើង

    រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហ៊ីម៉ូគ្លោប៊ីន ជាសារធាតុដែលជួយដឹកនាំអុកស៊ីហ្ស៊ែនក្នុងកោសិកាគ្រាប់ឈាមក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹងមានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។

    2 – ខ្វះសមាធិ

    ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺត និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗថយចុះ និងមានសមាធិតិចទៅតាមនោះដែរ។

    3 – ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន

    មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងហុចផលច្រើនដល់ថ្នាក់នេះ ក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីផ្សេងៗដែលកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿងសំខាន់ៗក៏នឹងមានអារម្មណ៍ថាដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។

    4 – ពិបាកដកដង្ហើម

    បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ពេលដែលហាត់ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរ នោះក៏ព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែនហ្នឹងឯង។

    5 – ស្បែកស្លេកស្លាំងខុសប្រក្រតី

    សាកល្បងសង្កេតមើលទៅមើល៍ថា តើស្បែករបស់យើងមួយរយៈនេះស្លេកស្លាំងខុសធម្មតាដែរឬទេ? មិនមែនសឡើងនោះទេ តែជាអាការស្លេកស្លាំងដែលអាចកើតចេញពីការហូរវិលរបស់លោហិតមិនល្អគ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។

    6 – ក្រចកផុយស្រួយ

    ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណាក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយនេះបានដែរ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។

    7 – ឈឺថ្កាត់ញឹកញាប់

    បើច្រើនតែមានបញ្ហារឿងប្រព័ន្ធដកដង្ហើមញឹកញាប់នោះ សាកល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។

    8 – ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក

    ជារឿងដែលងាយស្រួលសង្កេតមើលបំផុត និងមើលទៅចម្លែកបំផុតក៏អាចថាបានដែរ នៅលើមនុស្សដែលខ្វះសារធាតុដែកច្រើនតែមានការបឺតជ្រាបយកពណ៌ផ្សេងនៅឯពោះវៀនច្រើនឡើង ដូច្នេះបើទទួលទានមើមប៊ីធ្រូត ហើយមានទឹកមូត្រចេញមកពណ៌ក្រហមៗផ្កាឈូកៗនោះ ចូរវាយតម្លៃតែម្តងទៅថា យើងខ្វះសារធាតុដែកហើយ។

    ដូច្នេះតើយើងនឹងជួយរាងកាយរបស់យើងយ៉ាងណាបានទៅ? យើងប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណាដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹងទទួលទានអាហារបំប៉នតែម្តងក៏បាន។

    អាហារខាងក្រោមនេះសុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ សាកល្បងបន្ថែមចូលទៅក្នុងពេលអាហារឱ្យបានច្រើន

    – សាច់សត្វដែលមានពណ៌ក្រហម

    – ស៊ុតក្រហម

    – បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)

    – ផ្លែឈើក្រៀម (ផ្លែភ្រុន ទំពាំងបាយជូរក្រៀម)

    – អាហារស៊ីរៀលដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)

    – អាហារប្រភេទគ្រំ (អយស្ទ័រ ងាវ-ល-)

    – គ្រឿងក្នុងមាន់

    – សណ្តែកផ្សេងៗ

    – ថ្លើម

    ហើយ ឡារ៉ែនចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ គឺបើយើងទទួលទានអាហារដែលសម្បូរទៅដោយសារធាតុដែកព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។

    សាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមានអាការទាំងអស់នេះឬទេ? អ្នកខ្លះគិតថា ញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរបែបគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារក៏ជារឿងមួយសំខាន់ចំពោះសុខភាពយើងដូចគ្នាដែរ៕

  • រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស

    រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស

    នៅពេលនិយាយពីរោគាព្យាធិហើយនោះ ប្រាកដណាស់ថាគ្មានអ្នកណាចង់ឱ្យវាកើតឡើងចំពោះខ្លួន ឬមនុស្សដែលនៅជិតខ្លួនឡើយ តែជួនកាលរឿងបែបនេះក៏ជារឿងដែលហួសពីការនឹកស្មាន និងមិនអាចការពារបាន ទោះជាខំមើលថែទាំខ្លួនឯងល្អខ្នាតណាហើយក៏ដោយ ថ្ងៃនេះ ឡារ៉ែន សូមនាំបុរសៗយើងមកស្គាល់រោគចម្លែកៗ 5 យ៉ាងដែលកើតតែលើមនុស្សប្រុស ឬជួបនៅលើភេទប្រុសច្រើនជាងភេទស្រី តើមានរោគអ្វីខ្លះនោះ សូមតាមដានដូចតទៅ ៈ

    1 – រោគ ហេម៉ូហ្វ៊ីលៀ ( Hemophilia )

    រោគ ហេម៉ូហ្វ៊ីលៀ ឬរោគឈាមហូរឥតឈប់ ជារោគដែលមានឈ្មោះប្លែក តែក៏យើងធ្លាប់បានឮមកខ្លះដែរ ប៉ុន្តែតើអ្នកដឹងទេថា សឹងតែមានតែមនុស្សប្រុសប៉ុណ្ណោះដែលមានអាការរបស់រោគប្រភេទនេះ។ អ្នកដែលកើតជំងឺនេះ នៅពេលកើតមានស្នាមរបួសហើយនោះ ឈាមនឹងមិនងាយឈប់ហូរឡើយ ទោះវាគ្រាន់តែជាស្នាមខ្វាច ឬក្តិចតូចមួយក៏ដោយ ធ្វើឱ្យអ្នកដែលកើតរោគនេះត្រូវប្រយ័ត្នខ្លួនជានិច្ចមិនឱ្យខ្លួនឯងមានរបួសឡើយ ក្រៅពីនេះ ហេម៉ូហ្វ៊ីលៀថែមទាំងជារោគដែលចម្លងតពូជទៀតផង។

    2 – មៀលគ៍មែន ឬមនុស្សប្រុសមានទឹកដោះ ( Milkman ឬ Male lactation phenomina)

    មៀលគ៍មែន ឬមនុស្សប្រុសមានទឹកដោះ គឺជាដែលសត្វចិញ្ចឹមកូនដោយទឹកដោះ (រួមទាំងមនុស្សផងដែរ) ភេទឈ្មោលអាចបង្ហូរទឹកដោះចេញមកបាន។ ដោយការជំរុញច្រើនប្រការដែលធ្វើឱ្យមនុស្សប្រុសអាចផលិតទឹកដោះបាននោះ បណ្តាលមកពីការបានទទួលអ័រម៉ូនភេទស្រីច្រើនជ្រុលពេក(មានការប្រើប្រាស់អ័រម៉ូនភេទស្រីក្នុងការព្យាបាលរោគមហារីកក្រពេញពងស្វាស) និងបញ្ចេញទឹកដោះចេញមកនៅពេលធ្លាក់ក្នុងសភាវធុញថប់តានតឹងក្នុងអារម្មណ៍ តែទាំងអស់នេះត្រូវអាស្រ័យលើបច្ច័យច្រើនយ៉ាងរួមគ្នា មិនមែនអ្នកណានឹកចង់សាកឱ្យកូនបៅទឹកដោះ ទៅបន្ថែមអ័រម៉ូនភេទស្រីហើយនឹងមានទឹកដោះឱ្យកូនបៅនោះទេ។

    3 – ខាល់ម៉ាន់ ស៊ិនដ្រូម ឬ សភាវអ័រម៉ូនភេទទាប ( Kallmann Syndrome )

    ឈ្មោះដ៏ចម្លែករបស់អាការនេះ គឺជាសភាវរបស់មនុស្សប្រុសដែលមានអ័រម៉ូនភេទទាប ធ្វើឱ្យអវយវៈភេទមានខ្នាតតូចប៉ុនរបស់ក្មេង ថែមទាំងមានពងស្វាសស្វិតមិនធ្លាក់ចុះក្រោមទៀតផង ជាសភាវដែលមានមូលហេតុមកពីខួរក្បាលផ្នែក “ហាយប៉ូថាឡាម៉ាស់” មិនបញ្ចេញអ័រម៉ូន GnRH ទើបគ្មានអ្នកជំរុញការសាងអ័រម៉ូនភេទនៅក្នុងពងស្វាស ទើបគ្មានទឹកមេជីវិត ធ្វើឱ្យមនុស្សប្រុសអ្នកដែលមានសភាវបែបនេះក្លាយជាមនុស្សអា(មិនអាចមានកូនបាន)។

    4 – ឃូវេដ ស៊ិនដ្រូម ឬសភាវមានផ្ទៃពោះក្លែងបន្លំ ( Couvade syndrome )

    ស្រ្តីជាច្រើននាក់ប្រហែលជាមានអារម្មណ៍ដឹងថា ស្វាមីដែលមានអាការចាញ់កូនជំនួសភរិយានោះមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់ តែសម្រាប់មនុស្សប្រុសដែលមានអាការ ឃូវេដ ស៊ិនដ្រូម ឬសភាវមានផ្ទៃពោះក្លែងបន្លំនេះ មានអាការខ្លាំងជាងគ្រាន់តែវឹលមុខ និងអារម្មណ៍ប្រែប្រួលប៉ុណ្ណោះទេ តែនៅមានទំហំពោះធំឡើងដូចស្រ្តីមានផ្ទៃពោះ 7 ខែ និងអ្នកខ្លះទៀតថែមទាំងក្អួតចង្អោរនៅពេលព្រឹកទៀតផង។ តែយ៉ាងណាក៏ដោយ អាការឃូវេដ ស៊ិនដ្រូមនេះ មិនបានមានមូលហេតុពីការឈឺចាប់ដែលកើតចំពោះរាងកាយនោះទេ តែជាអាការដែលកើតឡើងដោយសារសភាវខាងផ្លូវចិត្ត និងទាក់ទិនមកដល់កាយ ហើយអាការនេះនឹងបាត់ទៅវិញដោយឯកឯង នៅពេលអ្នកកើតអាការនេះមានសភាវខាងផ្លូវចិត្តធូស្រាលល្អឡើងវិញ។

    5 ឃែបហ្ក្រាស ស៊ិនដ្រូម ( Capgras syndrome )

    ឃែបហ្ក្រាស ស៊ិនដ្រូម អាចរាប់បានថាជាអាការដែលកើតពីភាពខុសប្រក្រតីខាងខួរក្បាលក្នុងប្រការមួយចំនួន ធ្វើឱ្យមិនអាចចងចាំ និងជឿបានថា មនុស្សដែលខ្លួនកំពុងឃើញនោះគឺជាមនុស្សដែលខ្លួនស្គាល់ពិតមែន ដូចជា មនុស្សប្រុសដែលកើតអាការនេះ នៅពេលឃើញមុខគូស្នេហ៍នឹងមានអារម្មណ៍ថា ស្រ្តីម្នាក់នេះស្រដៀងគូស្នេហ៍របស់ខ្លួនមែនទែន តែមិនមែនទេ គ្រាន់តែជាមនុស្សម្នាក់ដែលមុខដូចគ្នា តែបន្លំខ្លួនមក ពោលគឺអាចចំណាំមុខបាន តែមិនអាចតភ្ជាប់ និងជឿបានថាមុខមួយហ្នឹងគឺជាមនុស្សដែលខ្លួនចងចាំបាន។ អាការនេះច្រើនជួបនៅលើអ្នកជំងឺចិត្តភេទ មានសភាវខួរក្បាលចុះខ្សោយ ឬរងរបួសខាងខួរក្បាល។

    ឃើញរោគនីមួយៗ អាការនីមួយៗហើយ ក៏រកនឹកទិដ្ឋភាពខ្លួនឯងក្នុងសភាពនោះមិនឃើញដូចគ្នា គិតៗទៅខ្លួនខ្ញុំពិតជាសំណាងល្អណាស់ដែលនៅរឹងមាំដូចប្រក្រតីល្អរហូតមកដល់ពេលនេះ ហើយនេះគឺ រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស៕

  • មែនឬ? ញ៉ាំអាហារក្តៅៗអាចធ្វើឱ្យកើតមហារីកបំពង់អាហារ

    មែនឬ? ញ៉ាំអាហារក្តៅៗអាចធ្វើឱ្យកើតមហារីកបំពង់អាហារ

    តើមិត្តអ្នកអានធ្លាប់បានឮដែរឬទេថា បើទទួលទានអាហារដែលក្តៅខ្លាំងញឹកញាប់ អាចធ្វើឱ្យកើតមហារីកក្នុងបំពង់អាហារ ឬពេលខ្លះអាចនឹងកើតមហារីកនៅលើអណ្តាត ក្រពះ ឬពោះវៀន ដោយសារតែកំដៅរបស់អាហារដែលទទួលទានអាចធ្វើឱ្យសាច់ភ្នាសត្រូវបានបំផ្លាញ ក្លាយជាដំបៅ និងបើមានដំបៅញឹកញាប់នោះអាចនឹងធ្វើឱ្យកើតមហារីកបាន។ តើរឿងនេះពិត ឬមិនពិតយ៉ាងណា ឡារ៉ែន មានចម្លើយ។

    មូលហេតុរបស់រោគមហារីកបំពង់អាហារ

    គិតថា បើនិយាយពីរោគមហារីកវិញ គ្រប់គ្នាក៏ប្រហែលជាបានដឹងច្បាស់ហើយថា វាជាភាពខុសប្រក្រតីខាងរាងកាយ ដែលសុខៗក៏កើតឡើងដោយឯកឯង អាចនឹងមិនបានមានមូលហេតុមកពីរឿងអ្វីមួយច្បាស់លាស់ឡើយ គ្រាន់តែយើងច្រើនតែមានទង្វើអ្វីម្យ៉ាងដែលបង្កឱ្យកើតភាពប្រថុយប្រថានក្នុងការកើតមហារីកខ្លាំងឡើងប៉ុណ្ណោះ ដូច្នេះមូលហេតុអាចបណ្តាលមកពីបច្ច័យជាច្រើន។

    បច្ច័យដែលប្រថុយចំពោះរោគមហារីកបំពង់អាហារ

    – ញ៉ាំភេសជ្ជៈអាល់កុល ជក់បារី

    – បរិភោគអាហារប្រភេទខ្លះជាប់ៗគ្នារយៈពេលយូរ ដូចជា អាហារដែលមានសារធាតុណៃត្រូសៃ ឬណៃត្រូសាមីន ដូចជាអាហារប្រភេទសាច់ អាហារដែលដាក់សារធាតុការពារផ្អូម អាហារប្រភេទអាំង ឬគ្រឿងបន្ថែមរសជាតិ​ ដូចជា ម្ទេស ឬម្រេច ជាដើម។

    – អ្នកជំងឺរោគអាស៊ីតហូរបញ្រ្ចាស់រ៉ាំរ៉ៃ ធ្វើឱ្យសាច់ភ្នាសក្នុងបំពង់អាហារកើតអាការរបួសយ៉ាងបន្តបន្ទាប់ អាចធ្វើឱ្យកោសិកាខុសប្រក្រតីរហូតកើតជាមហារីកឡើងបាន។

    – ឆ្លងមេរោគបាក់តេរីប្រភេទខ្លះក្នុងបំពង់អាហារ។

    – កើតការប្រែប្រួលរបស់សាច់ភ្នាសបំពង់អាហារយ៉ាងធ្ងន់ធ្ងរ ដោយសារទង្វើ ដូចជា លេបទឹកថ្នាំលាងបន្ទប់ទឹក លេបទឹកអាស៊ីត ។ល។

    – បរិភោគអាហារដែលមានបន្លែ ផ្លែឈើ និងាសារធាតុរ៉ែទាប។

    -ស្ថិតក្នុងសភាវធាត់។

    និងផ្សេងៗទៀត… ។

    អាការរបស់មហារីកបំពង់អាហារ

    1 – ចាប់ផ្តើមទទួលទានអាហាររឹង ហើយមានអារម្មណ៍ថាតឹងបំពង់ក ពិបាកលេប។

    2 – ចាប់ផ្តើមមានអារម្មណ៍ថា លំបាកក្នុងការលេបអាហារ មិនថាអាហាររឹង ឬរាវនោះទេ។

    3 – អាចនឹងលេបអ្វីមិនសូវចូល រហូតធ្វើឱ្យត្រូវខ្ជាក់ ឬក្អួតចេញមកវិញ។

    4 – ញ៉ាំអ្វីមិនសូវចូល ទម្ងន់ខ្លួនចាប់ផ្តើមធ្លាក់ចុះ រាងកាយស្គមស្គាំង គ្មានកម្លាំង ល្វើយ ព្រោះខ្វះអាហារ។

    5 – អាចមានអាការប៉ះពាល់បន្ថែមទៀត ដូចជា ហើមពោះ អាហារមិនរំលាយ ឈឺក្បាល ណែនដើមទ្រូង ក្អួតចង្អោ ក្អក ឬឈឺម្តុំឆ្អឹងដើមទ្រូង ឬក្នុងបំពង់ក ជាដើម។

    ដូច្នេះការទទួលទានអាហារក្តៅ អាចនឹងមិនដល់ថ្នាក់ធ្វើឱ្យបំពង់អាហាររងរបួសរហូតក្លាយជាដំបៅនោះទេ តែយ៉ាងណាក៏ដោយ បើអាហារនោះក្តៅជ្រុលពេក អាចធ្វើឱ្យសាច់ភ្នាសនៅម្តុំក្នុងមាត់រងរបួសរហូតក្លាយជាដំបៅបាន ដូច្នេះហើយ វិធីដែលល្អបំផុតគឺ ទទួលទានអាហារដែលមានកំដៅសមល្មម មិនរលាកមាត់ រលាកកវិញប្រសើរជាង៕

  • លទ្ធផលស្រាវជ្រាវថ្មី “សេចក្តីសុខ” មិនធ្វើឱ្យអាយុវែងទេ

    លទ្ធផលស្រាវជ្រាវថ្មី “សេចក្តីសុខ” មិនធ្វើឱ្យអាយុវែងទេ

    ក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាដែលដឹកនាំដោយ អ្នកស្រីវិជ្ជបណ្ឌិត បេតទី លីវ នៃមហាវិទ្យាល័យ នីវ សៅវេលស៍ ក្នុងប្រទេស អូស្រ្តាលី ជាមួយលោក រិឆាដ ផេតូ សាស្រ្តាចារ្យ ពីមហាវិទ្យាល័យអក់ស្វ៉ដ ប្រទេសអង់គ្លេសបានផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតមួយដែលបង្ហាញឱ្យឃើញថា ការធ្វើជាមនុស្សមានសេចក្តីសុខ ទោះវាជារឿងល្អមែន តែការមានសេចក្តីសុខមិនបានធ្វើឱ្យមនុស្សយើងអាយុកាន់តែវែងឡើងនោះទេ និងដូចគ្នានេះដែរ ការធ្វើជាមនុស្សគ្មានសេចក្តីសុខក៏មិនបានធ្វើឱ្យមនុស្សយើងឆាប់ស្លាប់ដូចគ្នាដែរ។

    ការស្រាវជ្រាវនោះ គឺជាការប្រមូលព័ត៌មានពីទម្រង់សាកសួររបស់ក្រុមអ្នកចូលរួមស្រាវជ្រាវដែលជាស្រ្តីជនជាតិអង់គ្លេស ចំនួនច្រើនជាង 700,000 នាក់ អាយុជាមធ្យម 59 ឆ្នាំ ដោយក្រុមស្រាវជ្រាវបានសុំឱ្យអ្នកចូលរួុមស្រាវជ្រាវកំណត់កម្រឹតសេចក្តីសុខរបស់ខ្លួនឯង បន្ទាប់ពីនោះក៏នឹងតាមដានការវិវឌ្ឍន៍ទៅមុខរបស់ក្រុមអ្នកចូលរួមស្រាវជ្រាវទាំងអស់ក្នុងរយៈពេល 10 តទៅទៀត។

    នៅពេលប្រមូលទម្រង់សាកសួរមកវិញបានបង្ហាញឱ្យឃើញថា 39 ភាគរយនៃក្រុមអ្នកចូលរួមស្រាវជ្រាវបានបញ្ជាក់ថា ខ្លួនជាមនុស្សដែលមានសេចក្តីសុខស្ទើរតែគ្រប់ពេលវេលា 44 ភាគរយប្រាប់ថា ជាទូទៅនោះខ្លួនច្រើនតែមានសេចក្តីសុខ និង 17 ភាគរយទៀតបញ្ជាក់ថា ជាប្រក្រតីខ្លួនច្រើនតែគ្មានសេចក្តីសុខទេ។

    នៅពេលតាមដានលទ្ធផលក្រោយពេល 10 ឆ្នាំតមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមអ្នកចូលរួមស្រាវជ្រាវដែលបញ្ជាក់ថា ជាប្រក្រតីគ្មានសេចក្តីសុខនោះមានសញ្ញាថានឹងស្លាប់ក្នុងអំឡុងពេល 10 ឆ្នាំ ច្រើនជាងក្រុមដែលប្រាប់ថា មានសេចក្តីសុខគ្រប់ពេលវេលាដល់ទៅ 29 ភាគរយ។

    យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា សភាវសុខភាពទុរន់ទុរាបានបង្កឱ្យកើតអារម្មណ៍គ្មានសេចក្តីសុខលើក្រុមអ្នកចូលរួមស្រាវ​ជ្រាវខាងដើមនោះ ក្រៅពីនោះនៅបានរកឃើញភាពទាក់ទិនយ៉ាងច្បាស់លាស់រវាងភាពគ្មានសេចក្តីសុខ ជាមួយទង្វើបំផ្លាញសុខភាព ដូចជា ជក់បារី ជាដើមទៀតផង ក្នុងខណៈដែលអ្នកដែលមានសេចក្តីសុខក៏មិនបានបង្ហាញឱ្យឃើញពីការមានអាយុកាន់តែវែងឡើងដែរ។

    រីឆាដ ផេតូ បានសរុបថា ការមានសេចក្តីសុខ ឬគ្មាននោះ មិនបានហុចផលដោយត្រង់ចំពោះភាពលឿន ឬយឺតក្នុងការស្លាប់នោះឡើយ៕

  • ត្រូវតែអាន! ភ្លេចលេបថ្នាំ ត្រូវធ្វើយ៉ាងណា?

    ត្រូវតែអាន! ភ្លេចលេបថ្នាំ ត្រូវធ្វើយ៉ាងណា?

    ជឿថា មនុស្សជាច្រើនអាចនឹងមានយ៉ាងតិចក៏ម្តងដែរដែលត្រូវលេបថ្នាំមុន ឬក្រោយពេលបាយ តែបែរជាភ្លេចលេប ឬភ្លេចយកថ្នាំមកជាមួយ អ្នកខ្លះអាចនឹងលេបនៅពេលនោះតែម្តង តែអ្នកខ្លះជ្រើសរើសរំលងចោលមួយពេលនោះតែម្តង ការពិតទៅ តើយើងគួរធ្វើយ៉ាងណា ហើយថ្នាំលេបមុន ឬក្រោយពេលបាយនោះ តើយើងគួរលេបពេលណាទើបបានលទ្ធផលល្អ? ចំពោះចម្ងល់នេះឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ថ្នាំមុនពេលបាយ

    ថ្នាំមុនពេលបាយយើងគួរញ៉ាំមុនយ៉ាងតិចណាស់ក៏ 30 នាទីដែរ និងត្រូវញ៉ាំខណៈដែលពោះនៅទំនេរ គឺនៅមិនទាន់ញ៉ាំអ្វីក្នុងអំឡុងពេលនោះ ទាំងអស់នេះគឺដើម្បីឱ្យថ្នាំមិនត្រូវបំផ្លាញដោយទឹកអាស៊ីតក្នុងក្រពះ ក្រៅពីនេះបើញ៉ាំថ្នាំមុនពេលបាយក្នុងពេលបាយ ឬក្រោយពេលបាយនោះអាចធ្វើឱ្យថ្នាំបឺតជ្រាបចូលទៅក្នុងរាងកាយបានតិច ព្រោះប៉ះនឹងគ្រឿងផ្សំរបស់អាហារ ហើយថ្នាំប្រភេទខ្លះត្រូវការពេលវេលាប្រមាណជា 30 នាទីមុននឹងបញ្ចេញឬទ្ធិទៀតផង។

    បើភ្លេចលេបថ្នាំមុនពេលបាយ គួរធ្វើយ៉ាងណា?

    មិនគួរលេបដំណាលពេលបាយ ឬក្រោយពេលបាយនោះទេ គួររំលងថ្នាំមួយពេលនោះចោល ហើយចាំទៅលេបមុនពេលបាយបន្ទាប់ទៀតជំនួសវិញ ឬអាចនឹងលេបក្រោយពេលបាយ 2 ម៉ោងក៏បាន ដែលនៅពេលដល់ពេលអាហារបន្ទាប់ទៀតមិនបាច់លេបថ្នាំមុនពេលបាយនោះទៀតទេ (គឺញ៉ាំជំនួសថ្នាំមុនពេលបាយពេលបន្ទាប់ទៀតទៅបណ្តោយ)។

    ថ្នាំក្រោយពេលបាយ

    គួរញ៉ាំថ្នាំក្រោយពេលបាយហើយភ្លាម ឬមិនគួរលើស 15 នាទី ឡើយ ក្រៅពីនេះនៅអាចលេបដំណាលពេលបាយ ឬមុនពេលបាយ ឬមុនដួសបាយដាក់ចូលមាត់មួយម៉ាត់ដំបូងក៏បាន ព្រោះមិនថាយ៉ាងណានោះទេ គោលបំណងរបស់ថ្នាំញ៉ាំក្រោយពេលបាយគឺ ឱ្យថ្នាំចូលទៅនៅក្នុងក្រពះដំណាលគ្នាជាមួយអាហារហ្នឹងឯង ព្រោះថ្នាំលេបក្រោយពេលបាយអាចធ្វើឱ្យក្រហាយក្រពះបាន និងថ្នាំប្រភេទខ្លះអាចត្រូវការអាស៊ីតក្នុងក្រពះដើម្បីជួយបឺតជ្រាបជាតិថ្នាំចូលទៅក្នុងរាងកាយឱ្យបានកាន់តែល្អឡើង។

    បើភ្លេចលេបថ្នាំក្រោយពេលបាយនោះ គួរធ្វើយ៉ាងណា?

    បើស្ថិតក្នុងរយៈពេលមិនលើស 15 នាទី នៅអាចញ៉ាំតាមក្រោយបាន តែបើលើស 15 នាទីទៅហើយ គួរចាំលេបនៅពេលបាយបន្ទាប់ទៀតប្រសើរជាង ឬបើសិនជាថ្នាំដែលសំខាន់ខ្លាំង គួរទទួលទានអាហារអ្វីបន្តិច ហើយលេបថ្នាំក្រោយពេលបាយនោះជំនួសតែម្តង។

    ថ្នាំញ៉ាំមុនពេលគេង

    គួរលេបមុនពេលគេង 15 – 30 នាទី ព្រោះបើសិនជាលេបមុនពេលនោះយូរជ្រុលពេក អាចនឹងធ្វើឱ្យងងុយគេងដោយសាឥទ្ធិពលរបស់ថ្នាំ ប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗក៏នឹងថយចុះទៅតាមនោះដែរ គួរលេបពេលដែលប្រុងចូលគេងមែនទែនប៉ុណ្ណោះ។

    បើភ្លេចលេបថ្នាំមុនពេលគេង តើគួរធ្វើយ៉ាងណា?

    ភ្លេចហើយ ភ្លេចតែម្តងទៅ ចាំលេបម្តងទៀតនៅមុនពេលគេងរបស់យប់បន្ទាប់ទៀតតែម្តង មិនគួរលេបនៅពេលព្រឹករបស់ថ្ងៃបន្ទាប់ឡើយ។

    ក្រៅពីនេះ សម្រាប់ថ្នាំដែលលេបចំពោះតែពេលកើតអាការ ដូចជា ប៉ារ៉ាសេតាម៉ុលដែលជួយបញ្ចុះកំដៅ ឈឺក្បាល អាចលេបបានតែម្តងនៅពេលកើតអាការហើយបើថ្នាំអស់ឥទ្ធិពល និងនៅតែមានអាការទៀតនោះ អាចលេបតទៀតបាន(តាមរយៈពេលដែលពេទ្យកំណត់) និងបញ្ឈប់ថ្នាំបានភ្លាមនៅពេលលែងមានអាការហើយ តែថ្នាំប្រភេទខ្លះមានវិធីលេបដែលខុសប្លែកពីថ្នាំទូទៅ គួរសាកសួរលោកគ្រូពេទ្យ ឬឱសថការីឱ្យបានច្បាស់ជាមុន៕

  • ឆ្លើយតបចំណុចសង្ស័យ ហេតុអីបានយើងកើតរោគប្រតិកម្មចាញ់?

    ឆ្លើយតបចំណុចសង្ស័យ ហេតុអីបានយើងកើតរោគប្រតិកម្មចាញ់?

    ស្អីបន្តិចក៏កណ្តាស់ ហៀរសំបោ ឡើងកន្ទួលកន្ទាលត្រអាកពេញខ្លួន ដៃជើង ក អាការទាំងនេះមានតែអ្នកដែលកើតរោគប្រតិកម្មចាញ់( Alergy ) ប៉ុណ្ណោះដែលដឹង។ តើមូលហេតុរបស់រោគប្រតិកម្មចាញ់នេះមកពីណា ព្យាបាលឱ្យជាដាច់បានឬទេ? និងត្រូវធ្វើយ៉ាងណាទើបមិនកើតរោគប្រតិកម្មចាញ់នេះ។ ចម្ងល់ទាំងអស់នេះ ឡារ៉ែនមានចម្លើយ។

    រោគប្រតិកម្មចាញ់( Alergy ) គឺអ្វី?

    រោគប្រតិកម្មចាញ់គឺ រោគខាងផ្លូវដង្ហើមដែលជួបច្រើនបំផុតក្នុងអ្នកជំងឺក្នុងប្រទេសយើង ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលខ្យល់អាកាសមិនបរិសុទ្ធ ដូចជា សងខាងផ្លូវថ្នល់ តំបន់ដែលមានរោងចក្រឧស្សាហកម្មច្រើន និងតំបន់ដែលមានអណ្តូង​​រ៉ែ។

    មូលហេតុរបស់រោគប្រតិកម្មចាញ់

    រោគប្រតិកម្មចាញ់គឺ សភាវដែលរាងកាយមានប្រតិកម្មជាមួយប្រូតេអ៊ីន ឬសារធាតុបង្កប្រតិកម្មចាញ់ពីសភាពបរិស្ថាន ដែលពីពេលមុននេះអាចនឹងធ្លាប់ជាគ្រោះថ្នាក់ ឬមិនធ្លាប់ជាគ្រោះថ្នាក់ជាមួយអ្នកកើតក៏មាន។

    អាការរបស់រោគប្រតិកម្មចាញ់

    នៅពេលរាងកាយកើតប្រតិកម្មជាមួយសារធាតុនោះ រាងកាយក៏នឹងបញ្ចេញសារធាតុតាមសាច់ភ្នាសផ្សេងៗ បង្កឱ្យកើតអាការរលាក ដូចជា នៅលើស្បែក កែវភ្នែក សួត ច្រមុះ ពោះវៀន បង្កឱ្យកើតអាការកន្ទួលរបាស់ រលាកក្រហាយភ្នែក ភ្នែកក្រហម ហៀរទឹកភ្នែក តឹងច្រមុះ ហៀរសំបោ ដកដង្ហើមមិនរួច ណែនដើមទ្រូង អ្នកខ្លះអាចមានអាការធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ជីវិតបាន។

    ប្រតិកម្មចាញ់អាហារ អាចរាប់បានថាជារោគប្រតិកម្មចាញ់ដែរឬទេ?

    ត្រឹមត្រូវ! ការប្រតិកម្មចាញ់អាហារក៏រាប់បានថាជារោគប្រតិកម្មចាញ់មួយដែរ ក្រៅពីនេះនៅមានរោគហឺតដង្ហក់ អាការប្រតិកម្មចាញ់ថ្នាំ ប្រតិកម្មចាញ់សត្វល្អិតប្រភេទខ្លះ ឬប្រតិកម្មចាញ់វត្ថុផ្សេងៗទាំងពីធម្មជាតិ និងវត្ថុកែច្នៃផ្សេងៗទៀតផង។

    ហេតុអីបានមនុស្សកើតប្រតិកម្មចាញ់កាន់តែច្រើនឡើង?

    – ខ្វះការហាត់ប្រាណ ពឹងលើខ្យល់អាកាសដកដង្ហើមពីម៉ាស៊ីនត្រជាក់ច្រើនជ្រុលពេក។

    – ខ្វះភាពរឹងប៉ឹងតាំងពីកុមារភាព ព្រោះបៅទឹកដោះម្តាយមិនបានគ្រប់គ្រាន់ ធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺមានកម្រឹតទាប។

    – ទទួលវត្ថុប្លែកចម្លែកពីអាហារកាន់តែច្រើនឡើង ដូចជា ពណ៌ និងក្លិនកែច្នៃ។

    – ភួយ ខ្នើយ កម្រាលព្រំ មិនស្អាតគ្រប់គ្រាន់។

    – ខ្យល់អាកាសក្នុងផ្ទះបក់ផាត់ចេញចូលមិនល្អ។

    – ស្នាក់អាស្រ័យ ឬរស់នៅក្នុងទីកន្លែងដែលមានបរិស្ថានមិនល្អ ដូចជា តំបន់កសាង ឧស្សាហកម្ម និងរស់នៅជិតតំបន់ដែលមានការធ្វើចរាចរច្រើនកុះករ។

    – ការជក់បារី។

    – ពូជអម្បូរ

    ភាគច្រើន សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នោះមានអ្វីខ្លះ?

    – ធូលីដី សត្វកន្លាត រោមសត្វចិញ្ចឹម ដូចជា សុនខ ឆ្មា លម្អងផ្កា មេរោគផ្សឹត ជាដើម។

    សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នៅក្នុងអាហារ

    – អាហារសមុទ្រ ពពួក បង្គាបង្កង គ្រំងាវ ក្តាម ទឹកដោះគោ ទឹកសណ្តែកលឿង ស៊ុត ម្សៅ ឬអាហារប្រភេទខ្លះទៀត។

    ធ្វើម៉េចដឹងបានថា តើយើងកើតរោគប្រតិកម្មចាញ់ឬទេ?

    1 – ឧស្សាហ៍សង្កេតមើលខ្លួនឯងថា មានអាការទាំងអស់នេះដែរឬទេ ដូចជា ហៀរសំបោ និងទឹកភ្នែកញឹកញាប់ តឹងច្រមុះដកដង្ហើមមិនស្រួល ក្អក កណ្តាស់ញឹកញាប់ មានកន្ទួលឡើងតាមស្បែក ឬបើប្រតិកម្មចាញ់អាហារ ហើយមានអាការដូចគ្នានោះក្រោយពីទទួលទានអាហារប្រភេទខ្លះចូលទៅហើយនោះ គួរប្រញាប់ប្រឹក្សាគ្រូពេទ្យជាបន្ទាន់។

    2 – ចូលទៅធ្វើការពិនិត្យ និងសាកល្បងអាការប្រតិកម្មចាញ់ជាមួយគ្រូពេទ្យដោយត្រង់។

    វិធីព្យាបាលរោគប្រតិកម្មចាញ់

    1 – ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់ទាំងអស់ (ក្រោយពេលដឹងរួចហើយថា មានប្រតិកម្មចាញ់ជាមួយអ្វីខ្លះ)

    2 – ញ៉ាំថ្នាំយ៉ាងជាប់លាប់តាមពាក្យណែនាំរបស់គ្រូពេទ្យ ដោយថ្នាំដែលបានមកអាចជាថ្នាំគ្រាប់បំបាត់អាការប្រតិកម្មចាញ់ថ្នាំបាញ់ចូលតាមច្រមុះ ឬមាត់ ឬអាចជាការលាងច្រមុះដោយទឹកអំបឹល ជាដើម បើនៅលើកុមារវិញត្រូវមើលថែទាំឱ្យញ៉ាំថ្នាំយ៉ាងដិតដល់។

    3 – មើលថែទាំខ្លួនឯងឱ្យនៅរឹងប៉ឹងជាប់ជានិច្ច ទាំងគេងសម្រាកឱ្យបានគ្រប់គ្រាន់ ទាំងហាត់ប្រាណយ៉ាងជាប់លាប់ ទទួលទានអាហារឱ្យគ្រប់ប្រភេទក្រុម និងរស់នៅក្នុងសភាពបរិស្ថានដែលល្អ ឱ្យរាងកាយមានប្រព័ន្ធប្រឆាំងជំងឺរឹងមាំ ប្រឆាំងនឹងអ្វីដែលប្លែកចម្លែកនៅក្នុងរាងកាយបានល្អ។

    4 – ចាក់វ៉ាក់សាំងការពាររោគប្រតិកម្មចាញ់ វិធីដែលងាយបំផុតនោះគឺ ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការចាញ់ និងថែរក្សារាងកាយឱ្យមានសុខភាពរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអាការរោគប្រតិកម្មចាញ់ក៏នឹងធូរស្រាលចុះ រហូតអាចនឹងជាដាច់ដូចធម្មតាឡើងវិញបាន៕

  • មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មិនថាអ្នកមានរថយន្តផ្ទាល់ខ្លួន ឬអត់នោះទេ តែពេលណាក៏ដោយដែលអ្នកជិះនៅក្នុងឡាន អ្នកតែងតែឃិញមានដបទឹកនៅក្នុងឡានជានិច្ច មិនថាតែដបតូច ដបធំ ឬមានទឹកទាំងដបៗដែលជារង្វាន់បានមកពីពេលចាក់សាំងឡាននោះទេ ក្នុងអំឡុងពេលធ្វើដំណើរ បើស្រេកទឹកក៏នឹងស្រវារាវរកពីក្រោមកៅអីយកមកញ៉ាំ។ ការពិតទៅ តើទឹកពិសាដែលទុកចោលនៅក្នុងឡានបែបនេះ នឹងមានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេនោះ ឡារ៉ែនសូមនាំយកចម្លើយមកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោម។

    តើទឹកពិសាដែលទុកចោលនៅក្នុងឡាន មានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេ?

    តាមរយៈជំនឿដែលថា ទឹកពិសាដែលទុកចោលនៅក្នុងរថយន្តនោះ ត្រូវចំហាយក្តៅដុត ឬត្រូវពន្លឺថ្ងៃចាំងចំ រហូតធ្វើឱ្យដបជ័រផ្លាស្ទិកឡើងក្តៅ រលាយលាយឡំជាមួយទឹកពិសាដែលនៅក្នុងនោះ ការពិតទៅបច្ច័យប្រថុយនឹងគ្រោះថ្នាក់បែបនេះក៏ត្រូវមកមើលថា តើវាមានតិចច្រើនប៉ុនណា ដូចជា ៈ

    – សីតុណ្ហភាពកំដៅនៅក្នុងរថយន្តក្តៅខ្លាំង តិចប៉ុនណា?

    – ដបទឹកពិសាផ្លាស្ទិក ជាដបជ័រផ្លាស្ទិកប្រភេទណា ធន់កំដៅបានខ្លាំងតិចប៉ុនណា?

    តើដបទឹកពិសាបរិសុទ្ធក្នុងប្រទេសយើង ជាដបផ្លាស្ទិកប្រភេទណា?

    ដបទឹកបរិសុទ្ធក្នុងប្រទេសយើងនេះ ការពិតទៅមានច្រើនប្រភេទណាស់ តែភាគច្រើនៗតែជាដប PET (ដបជ័រថ្លាៗ) ឬ PETE ដែលចាត់ទុកថាជាប្រភេទផ្លាស្ទិកលេខ 1 អាចការពារការជ្រាបចូលរបស់ហ្កាសផ្សេងៗបានយ៉ាងល្អ ទើបត្រូវបាននាំយកមកដាក់ទឹកពិសាបរិសុទ្ធ ទឹកភេសជ្ជៈផ្លែឈើផ្សេងៗ ប្រេងឆា ឬសូម្បីតែទឹកជ្រលក់ផ្សេងៗក៏បាន។ ដបទឹកពិសាបរិសុទ្ធប្រភេទ PET នេះអាចធន់នឹងកំដៅបានខ្ពស់ដល់ទៅ 60 – 95 អង្សាសេលសៀសឯណោះ។

    បើដបផ្លាស្ទិកត្រូវនឹងកំដៅ តើវានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ចេញមកលាយឡំជាមួយទឹកដែលនៅក្នុងដបដែរឬទេ?

    នៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយថា នឹងមានគ្រោះថ្នាក់ដូចដែលគេបាននិយាយនោះដែរឬក៏ឡើយ តែក្នុងករណីដែលយើងទុកដបទឹកពិសាបរិសុទ្ធចោលនៅក្នុងឡាននោះ នឹងគ្មានបញ្ហាអ្វីឡើយ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនោះមិនដល់ 60 អង្សាសេលសៀសឡើយ។

    តែយ៉ាងណាក៏ដោយ ទឹកពិសាបរិសុទ្ធនៅក្នុងដបជ័រផ្លាស្ទិកដែលយើងញ៉ាំរាលថ្ងៃនេះ ត្រូវបានផលិតឡើងជាដបដែលសម្រាប់ប្រើបានតែម្តង រួចបោះចោលប៉ុណ្ណោះ ដូច្នេះបើចង់ប្រើប្រាស់ម្តងទៀត គួរប្រយ័ត្នប្រយែងរឿងភាពស្អាត និងអនាម័យឱ្យបានល្អជាមុនសិន៕

  • ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    សម័យនៅរៀនធ្លាប់មានមិត្តភ័ក្តិម្នាក់ដែលយើងមើលឃើញថាជាមនុស្សស្អាតគួរឱ្យស្រឡាញ់ សម្បុរស រូបរាងសមសួន និងរាងស្គមស្វែល ដោយជារួមមើលទៅដូចជាមនុស្សមានសុខភាពល្អ តែនៅឆមាសបន្ទាប់មក បែរជាឮដំណឹងថា នាងត្រូវផ្អាករៀនមួយរយៈសិន ដើម្បីទៅព្យាបាលជំងឺប្រចាំកាយរបស់នាង គឺជំងឺ “ទឹកនោមផ្អែម”។

    ទើបធ្វើឱ្យយើងនឹកសង្ស័យឡើងថា អេ៎ រូបរាងក៏ល្អស្អាតយ៉ាងហ្នឹង តែហេតុអីបានកើតជំងឺទឹកនោមផ្អែម និងដល់ថ្នាក់ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបែបនេះ? ធ្វើឱ្យគិតថា ប្រហែលជាយើងមានការយល់ខុសពីរឿងជំងឺទឹកនោមផ្អែមជាច្រើនរឿងមិនខាន ចុះអ្នកវិញ គិតថាស្គាល់ពីជំងឺទឹកនោមផ្អែមច្បាស់ប៉ុនណាដែរ?

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង ៈ

    1 – មានតែមនុស្សធាត់ប៉ុណ្ណោះដែលកើតជំងឺទឹកនោមផ្អែម

    ដោយសារអ្វីដែលអ្នកយល់ថា ញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យធាត់ ទើបមនុស្សធាត់កើតជំងឺទឹកនោមផ្អែម ដែលការគិតបែបនេះ មិនខុសទេ តែដែលខុសនោះគឺ មនុស្សស្គមក៏មានសិទ្ធិកើតរោគទឹកនោមផ្អែមបានដូចគ្នា គ្រាន់តែមានភាពប្រថុយប្រថានតិចជាងមនុស្សធាត់តែប៉ុណ្ណោះ។ ដូចករណីរបស់មិត្តភ័ក្តិយើងដែលបានរៀបរាប់ឱ្យស្តាប់កាលពីដំបូងហ្នឹងឯង មើលមួយភ្លែត មិនបានគិតឡើយថាកើតរោគទឹកនោមផ្អែម តែបើសង្កេតមើលពីនិស្ស័យការហូបចុករបស់គេដែលចូលចិត្តញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំទឹកផ្អែមៗជាប់ជាប្រចាំដែលទោះជារាងកាយមានប្រព័ន្ធដុតបំផ្លាញល្អរហូតរូបរាងមិនធាត់ឱ្យយើងឃើញមែន តែការពិតវិញកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ណាស់ រហូតកើតជំងឺទឹកនោមផ្អែមកម្រឹតធ្ងន់ធ្ងរនៅទីបំផុត។

    2 – ញ៉ាំបន្លែផ្លែឈើមិនបានគ្រប់ប្រភេទ យ៉ាងណាក៏មិនធាត់ដែរ

    ទោះជាយើងដឹងហើយថា បន្លែជាប្រភពរបស់សារធាតុរ៉ែ និងផ្លែឈើជាប្រភពរបស់វីតាមីនមានប្រយោជន៍ចំពោះរាងកាយមែន តែនៅមានបន្លែ និងផ្លែឈើជាច្រើនប្រភេទដែលមិនមែនមានត្រឹមតែសារធាតុ និងវីតាមីនប៉ុណ្ណោះទេ តែនៅមានជាតិស្ករ និងម្សៅខ្ពស់ណាស់ផងដែរ។

    ផ្លែឈើមានជាតិស្ករខ្ពស់ដែលគួរចៀសវាង

    – ទុរេន

    – ស្វាយទុំ

    – ចេកទុំ

    – មៀន

    – ខ្នុរ

    – សាវម៉ាវ

    – ល្មុត

    – ដំណាប់ផ្លែឈើ និងផ្លែឈើចំហុយស្ងួតផ្សេងៗ

    ផ្លែឈើមានជាតិផ្អែមតិចដេលទទួលទានបាន មិនខ្លាចកើតជំងឺទឹកនោម

    – ជម្ពូ

    – ស្រកានាគ

    – ត្របែក

    – ឃែនតាលូប

    – ផ្លែប៉ោម

    – សារ៊ី

    – ស្រ្តប៊ើរី

    – ឪឡឹក

    3 – ម្សៅ និងស្ករពីរមុខគត់ដែលជាមូលហេតុរបស់រោគទឹកនោមផ្អែម

    ការពិតទៅមូលហេតុចម្បងគឺបណ្តាលមកពីទាំងពីរយ៉ាងនេះមែន តែជាតិខ្លាញ់បង្កកខ្លួនដែលមានច្រើននៅក្នុងសាច់ក្រហម ដូចជាសាច់គោ ក្របី ចៀម និងសាច់សត្វកែច្នៃដូចជា សាច់ក្រក ហ៊ែម បូឡូណា បេខន ក៏ជាមូលហេតុរបស់ការកើតជំងឺទឹកនោមផ្អែមបានដូចគ្នា ព្រោះជាតិខ្លាញបង្កកខ្លួនពីសត្វធំៗនឹងចូលទៅទប់ស្កាត់ឱ្យអ៊ីនស៊ូលីនបញ្ចេញឬទ្ធិបានតិច ធ្វើឱ្យកម្រឹតជាតិស្ករក្នុងឈាមថយចុះយឺត ទើបថ្លើមត្រូវធ្វើការខ្លាំងឡើងដើម្បីផលិតអ៊ីនស៊ូលីនចេញមកច្រើនឡើង។ នៅពេលថ្លើមធ្វើការខ្លាំងឡើងជារឿយៗ និងចាប់ផ្តើមចុះខ្សោយសភាពរហូតផលិតអ៊ីនស៊ូលីនបានតិច ទើបជាមូលហេតុឱ្យជាតិស្ករនៅក្នុងឈាមមិនថយចុះ រហូតដល់កើតរោគទឹកនោមផ្អែមនៅទីបំផុត។

    4 – ទឹកនោមផ្អែមជាជំងឺរបស់មនុស្សចាស់

    ទោះវាជាការពិតដែលថា ភាគរយរបស់អ្នកជំងឺទឹកនោមផ្អែមគឺជាមនុស្សចាស់ច្រើនជាងក្មេងមែន តែយើងប្រហែលជាធ្លាប់ឃើញព័ត៌មានហើយថា មានក្មេងអាយុមិនដល់ 10 ឆ្នាំផងកើតជំងឺទឹកនោមផ្អែម ឬមនុស្សវ័យជំទង់ ក៏យើងធ្លាប់ឃើញរួចមកហើយ និងថែមទាំងឈឺធ្ងន់ទៀតផង នេះក៏ដោយសារតែក្មេងៗនៅមិនទាន់ចេះប្រយ័ត្នប្រយែងរឿងអាហារការហូបចុក ញ៉ាំតាមចិត្តចង់ អាហារដែលមានជាតិស្ករខ្ពស់ និងចំណីដែលមានរសជាតិផ្អែមខ្លាំងក៏មានដាក់លក់គ្រប់ទីកន្លែង ទើបក្មេងៗមានភាពប្រថុយប្រថានក្នុងការកើនកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់មិនចាញ់មនុស្សចាស់នោះ។

    5 – ឪពុក ឬម្តាយកើតជំងឺទឹកនោមផ្អែម យើងក៏ច្បាស់ជាកើតដែរមិនខាន

    មិនមែនដូច្នោះជានិច្ចនោះទេ ទោះជាជំងឺទឹកនោមផ្អែមនឹងឆ្លងបន្តខាងពូជអម្បូរមែន តែសូមឱ្យចាំទុកថា មិន 100% នោះទេគ្រាន់តែមានភាពប្រថុយប្រថានខ្លាំងជាងអ្នកដទៃប៉ុណ្ណោះ ដូច្នេះបើអ្នកមើលថែទាំសុខភាពឱ្យល្អ ទទួលទានអាហារដែលមានប្រយោជន៍ គ្រប់គ្រងកម្រឹតជាតិស្ករក្នុងឈាមឱ្យល្អ ហាត់ប្រាណជាប់ជាប្រចាំ និងពិនិត្យឈាម ពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំនោះ អ្នកក៏មានសិទ្ធិរួចផុតពីជំងឺទឹកនោមផ្អែមបានដែរ៕

  • កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    បច្ចុប្បន្ននេះទំនោរការស្រឡាញ់សុខភាពកំពុងតែពេញនិយមខ្លាំង មិនថាតែការហាត់ប្រាណ ឬញ៉ាំអាហារឱ្យកើតជាប្រយោជ​ន៍នោះទេ ដូច្នេះហើយទើបអាហារបន្ថែមបានក្លាយមកជាជម្រើសដែលកំពុងបានទទួលការពេញនិយម ជាពិសេសខ្លាញ់ថ្លើមត្រីដែលមនុស្សជាច្រើនជ្រើសរើសយកមកបំប៉នរាងកាយឱ្យរឹងប៉ឹងមាំមួន តែក៏នៅមានមនុស្សជាច្រើនទៀតដែរដែលយល់ច្រឡំរវាងខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី។ ថ្ងៃនេះ អ្នកជំនាញការខាង វេជ្ជភ័ណ្ឌ និងផលិតផលអាហារបំប៉នសូមចូលខ្លួនមកបកស្រាយអំពីការយល់ច្រឡំនេះឱ្យមិត្តអ្នកអានបានជ្រាបទាំងអស់គ្នាដូចតទៅ។

    ការពិតទៅ “ខ្លាញ់ថ្លើមត្រី” នេះ ជាខ្លាញ់ដែលចម្រាញ់បានពីថ្លើមរបស់ត្រីសមុទ្រ ដែលមានវីតាមីន A និង D និយមប្រើជាមួយកុមារ មនុស្សវ័យជំទង់ និងវ័យធ្វើការងារ ដើម្បីបង្កើន និងពង្រឹងឆ្អឹង និងសារធាតុប្រឆាំងអនុមូលឥស្សរៈ ការពារស្បែក និងកែវភ្នែកពីការត្រូវបំផ្លាញដោយបរិស្ថានអាក្រក់ ជួយជំរុញប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធិភាព។

    ខណៈដែល “ខ្លាញ់ត្រី” ជាសារធាតុដែលចម្រាញ់ចេញពីសាច់ ក្បាល កន្ទុយ និងស្បែករបស់ត្រីសមុទ្រ ដូជា ត្រី អ៊ែនឆូវី ត្រីសាល់ម៉ុន ត្រីមែកខរេល និងត្រីធូណា ដែលជាប្រភពរួមរបស់អូមេហ្កា3 ដែលមានចំណែកផ្សំសំខាន់របស់ខួរក្បាល ប្រព័ន្ធប្រសាទ ការធ្វើការងាររបស់សរសៃឈាមបេះដូង និងខ្សែភ្នែក ដែលបើសិនជាបានទទួលមិនគ្រប់គ្រាន់នោះ នឹងហុចផលដល់ការចុះខ្សោយរបស់ខួរក្បាល កែវភ្នែក មានសភាវសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមញ៉ុកណែនដោយសារខ្លាញ់នៅក្នុងឈាមខ្ពស់។

    “បើប្រៀបធៀបនឹងបរិមាណអូមេហ្កា3 ដែលរាងកាយគួរបានទទួលក្នុងមួយថ្ងៃៗហើយនោះ ការញ៉ាំត្រីប្លាធូខ្នាតមធ្យមជាប្រចាំយ៉ាងតិចក្នុងមួយសប្តាហ៍ 3 ក្បាល ដោយមិនចាំបាច់ទៅទិញត្រីថ្លៃៗមកញ៉ាំក៏អាចជំនួសបានដូចគ្នាដែរ តែអ្វីដែលសំខាន់​នោះ អ្នកជំនាញខាងភោជនាហារ និងសុខភាពបានណែនាំឱ្យចម្អិនអាហារបែបស្ងោ ឬចំហុយ ដើម្បីថែរក្សាគុណតម្លៃរបស់អូមហ្កា​3ឱ្យនៅ​ដដែល និងបើញ៉ាំត្រីជាប្រចាំហើយនោះ ក៏មិនចាំបាច់ទៅជ្រើសរើសផលិតផលអាហារបំប៉នណាមកញ៉ាំឡើយ ហើយការញ៉ាំខ្លាញ់ត្រីយ៉ាងស័ក្តិសមនេះ ត្រូវនឹកដល់សភាពរាងកាយរបស់យើង បើជាបុគ្គលទូទៅដែលមានសុខភាពល្អហើយនោះ ខាងសមាគម​ជំ​ងឺបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឱ្យញ៉ាំអាស៊ីតខ្លាញ់អូមេហ្កា3 ដើម្បីការពារការកើតជំងឺសរសៃឈាមបេះដូងណែនស្ទះ ដោយត្រូវញ៉ាំយ៉ាងតិច 500 មីល្លីក្រាម”។

    ដែលសំខាន់នោះគឺ គួរទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកស្អាត ហាត់ប្រាណឱ្យបានជាប់ជានិច្ច សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពដែលរឹងប៉ឹងមាំមួនយូរអង្វែង៕

  • អាហារ 10 យ៉ាង បង្កើនភាពមាំទាំសម្រាប់បុរស

    អាហារ 10 យ៉ាង បង្កើនភាពមាំទាំសម្រាប់បុរស

    បើរាងកាយត្រូវបានប្រើការយ៉ាងពេញទំហឹងរាល់ថ្ងៃនោះ ក៏ប្រហែលជាយ៉ាប់យ៉ឺនប្រាកដណាស់ ដូច្នេះអ្នកគួរតែបង្កើនភាពមាំទាំដោយកំពូលអាហារ 10 យ៉ាងដែលជាប្រភពកម្លាំងថាមពលដូចតទៅនេះ។

    ទោះជាចាប់ផ្តើមព្រឹកថ្ងៃថ្មីដោយការហ្វឹកហាត់តាំងសមាធិ ការហាត់ប្រាណធ្ងន់-ស្រាលឆ្លាស់គ្នាក្នុងកម្រឹតខ្លាំងក្លាយ៉ាងពេញទំហឹងមែនក៏ដោយ ក៏អ្នកនៅតែត្រូវការកម្លាំងថាមពលដែលស័ក្តិសមដែរ ទោះជាប្រសិទ្ធភាពរបស់រាងកាយនៅតែមានលំនឹងបានរហូតដល់ចប់មួយថ្ងៃ(ព្រោះក្នុងអំឡុងពេលរសៀលកម្រឹតកម្លាំងថាមពលនឹងស្រកចុះក្រឺតដោយមិនដឹងខ្លួនរហូតដល់ធ្វើឱ្យអ្នកចង់តែទ្រោបទៅលើតុ)ក៏ដោយ និងទោះជាការលបសម្រាកមួយស្រឡេតមិនមែនជាជម្រើសដែលអាចទៅរួចក៏ដោយ ក៏នៅមានអាហាដែល​សម្បូរដោយគុណតម្លៃខាងភោជនាហារដែលនឹងជួយជំរុញឱ្យអ្នកបាត់ទន់ល្វើយដូចគេបេះចេញ ដូចជា កំពូលអាហារទាំង 10 យ៉ាងនេះដែរ ព្រោះក្រៅពីសម្បូរដោយសារធាតុអាហារដែលជួយស្តាថាមពលហើយនោះ នៅបានផ្តល់កម្លាំងថាមពលយ៉ាងបន្តបន្ទាប់ដោយមិនធ្វើឱ្យរាងកាយបានទទួលកាឡូរីក្នុងបរិមាណច្រើនជ្រុលពេកទៀតផង។

    1 – សាច់ត្រីសាល់ម៉ុន

    អាស៊ីតខ្លាញ់ពីសាច់ត្រីសាល់ម៉ុនផ្តល់កម្លាំងថាមពលបែបដុតបំផ្លាញយឺត និងជួយកាត់បន្ថយអាការឈឺចាប់សាច់ដុំ ទើបធ្វើឱ្យអ្នកមានកម្លាំងកំហែងហាត់ប្រាណរហូតដល់ចប់បាន។

    2 – អ៊ែព្រីខដ

    ផ្លែឈើប្រភេទនេះសម្បូរដោយសារធាតុអាហារដូចជាវីតាមីន A វីតាមីន C និងប៉ូតាស្យូម និងពេលអ្នកទន់កម្លាំងជាតិស្ករក៏ នឹងធ្វើឱ្យអ្នកស្វាហាប់ឡើងវិញ។

    3 – សណ្តែកហោឡាន់តៅ

    ធញ្ញជាតិកាឡូរីទាបប្រភេទនេះនឹងជួយបង្កើនកម្រឹតវីតាមីន B និងស័ង្កសីក្នុងរាងកាយ ទើបជួយការពារមិនឱ្យអ្នកកើតជំងឺផ្តាសាយរហូតគ្មានកម្លាំងកំហែងទៅហាត់ប្រាណ។

    4 – ដំឡូងបារាំង

    ជួយបង្កើនបរិមាណកាកសរសៃអាហារ បើអ្នកញ៉ាំទាំងសំបក ហើយរាងកាយក៏នឹងរំលាយកាបូហាយដ្រេតក្នុងឌំឡុងបារាំងយ៉ាងយឺតៗ ដើម្បីឱ្យអ្នកនាំយកកម្លាំងថាមពលទៅប្រើបានយ៉ាងបន្តបន្ទាប់។

    5 – ទឹកដោះប្រតេអ៊ីនខ្ពស់

    ទឹកដោះជាប្រភពប្រូតេអ៊ីនដែលងាយស្រួលរក តែមនុស្សប្រុសសាច់ដុំធំៗដូចរូបអ្នកត្រូវការប្រូតេអ៊ីនច្រើនជាងមនុស្សប្រក្រតី។ បើចង់បង្កើនសាច់ដុំឱ្យមានប្រសិទ្ធិភាព អ្នកត្រូវជ្រើសរើសយកប្រភេទដែលមានប្រូតេអ៊ីនខ្ពស់ សម្បូរទៅដោយកាល់ស្យូម និងជាតិខ្លាញ់ទាប។

    6 – យ៉ាអួ

    បើចង់ឱ្យល្អគួរជ្រើសរើសយករសជាតិធម្មជាតិ យ៉ាអួសម្បូរទៅដោយម៉ាញេស្យូមដែលនឹងធ្វើឱ្យអ្នកគេងលក់យ៉ាងមានគុណភាព រហូតភ្ញាក់ឡើងវិញព្រមជាមួយភាពក្លៀវក្លាស្វាហាប់យ៉ាងពិតប្រាកដ។

    7 – តែបៃតង

    ក្រៅពីមានកាហ្វេអ៊ីនដែលជួយបានហើយ តែបៃតងនៅជំរុញឱ្យរាងកាយនាំយកជាតិខ្លាញ់ដែលប្រមូលសន្សំទុកមកប្រើប្រាស់ក្នុងការបង្កើនភាពមាំទាំទៀតផង។

    8 – អាល់ម៉ុន

    សណ្តែកប្រភេទនេះនឹងធ្វើឱ្យអ្នកបានទទួលរ៉ៃបូហ្វ្លាវីន(វីតាមីន B2 )ដែលជួយប្តូរកាបូហាយដ្រេតទៅជាកម្លាំងថាមពល ដែលរាងកាយនាំយកទៅប្រើបានគ្រប់តាមបរិមាណដែលគួរបរិភោគក្នុងមួយថ្ងៃៗ។

    9 – ផ្លែប៉ោម

    ផ្លែឈើដែលឱ្យទាំងវីតាមីន កាកសរសៃអាហារ និងហ្វ្រុតថូសនឹងធ្វើឱ្យអ្នកដែលចូលចិត្តរបស់ផ្អែមៗមានអារម្មណ៍ថាបាត់ចង់ និងនៅជួយថែរក្សាកម្រឹតជាតិស្ករក្នុងក្រសែឈាមទៀតផង។

    10 – ទំពាំងបារាំង

    ញ៉ាំមើមទំពាំងបារាំងតែមិនប៉ុន្មានដើម លោកអ្នកក៏បានទទួលវីតាមីន B ក្នុងបរិមាណដែលរាងកាយត្រូវការបានទៅហើយ ហើយបន្លែប្រភេទនេះក៏មានរសជាតិឆ្ងាញ់ជាងវីតាមីន B ប្រភេទម្សៅ ឬប្រភេទគ្រាប់ទៀតផង៕