Tag: Health

  • ដុះក្បាលពោះស្អុយ សញ្ញាដាស់តឿនដែលបុរសៗមិនគួរមើលរំលង

    ដុះក្បាលពោះស្អុយ សញ្ញាដាស់តឿនដែលបុរសៗមិនគួរមើលរំលង

    តើអ្នកដឹងទេ…ហេតុអីបានមនុស្សប្រុសវ័យកណ្តាលដែលមានតួនាទីការងារឈានមុខ មានឋានៈរឹងមាំ មានជោគជ័៏យក្នុងជីវិតច្រើនតែដុះក្បាលពោះស្អុយ រកចង្កេះលែងឃើញ សាច់ដុំដែលធ្លាប់មាំមួនមើលទៅថយចុះ ភាពរឹងប៉ឹងថយចុះ យន្តការនៃការធ្វើការងារផ្សេងៗរបស់រាងកាយចាប់ផ្តើមខុសប្រក្រតី បាត់បង់តុល្យការ និងចាប់ផ្តើមមានបញ្ហាសុខភាព?។

    វេជ្ជបណ្ឌិតជំនាញបានបកស្រាយថា ដោយសារតែពេលចូលដល់វ័យ 40 ឆ្នាំឡើង កម្រឹតអ័រម៉ូនភេទប្រុស ឬថេសថូស្ទើរ៉ូននឹងថយចុះក្នុងមួយឆ្នាំប្រមាណជា 1.6 % ដោយវានឹងថយចុះទៅទៀតជារឿយៗ តែមិនមានការឈប់ធ្វើការនោះទេ ដែលវាខុសប្លែកពីមនុស្សស្រីដែលសំបុកស៊ុតនឹងឈប់ផលិតអ័រម៉ូនភេទស្រីទាំងស្រុងតែម្តង ដូច្នេះទើបអាការខុសប្រក្រតីផ្សេងៗដែលកើតនៅលើមនុស្សប្រុសវ័យចំណាស់មិនសូវច្បាស់លាស់ និងធ្ងន់ធ្ងរដូចស្រីវ័យចំណាស់នោះទេ តែសភាវចុះខ្សោយអ័រម៉ូននឹងមានផលប៉ះពាល់ដល់ការធ្វើការងាររបស់អវយវៈផ្សេងៗដែលគ្រប់គ្រងដោយអ័រម៉ូនភេទប្រុស។

    ធាត់ដុះក្បាលពោះស្អុយ អាចរាប់បានថាជាសញ្ញាគ្រោះថ្នាក់លំដាប់ដំបូងៗគេមួយដែលបង្ហាញពីការចុះខ្សោយរបស់អ័រម៉ូនភេទប្រុស ហុចផលឱ្យរាងកាយមានការដុតបំផ្លាញជាតិខ្លាញ់ថយចុះ ទើបធ្វើឱ្យមានខ្លាញ់ប្រមូលសន្សំច្រើនក្នុងបរិវេណជុំវិញចង្កេះ និងផ្នែកផ្សេងៗច្រើនឡើង រឹតតែធ្វើចលនារាងកាយតិច ឬមិនសូវបានហាត់ប្រាណ សម្រាកបានតិច មានអារម្មណ៍តានតឹងធុញថប់ជាប្រចាំផងនោះ បុរសវ័យចំណាស់នឹងរឹតតែមានក្បាលពោះធំឡើង ដែលវាជាបច្ច័យប្រថុយប្រថានសំខាន់មួយរបស់ជំងឺរ៉ាំរ៉ៃផ្សេងៗដូច

    ជា ជំងឺលើសឈាម ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង និងពិការមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន។ ខណៈពេលជាមួយគ្នា អ័រម៉ូនភេទដែលថយចុះនេះ នៅធ្វើឱ្យមនុស្សប្រុសមានអាការងាយនឿយហត់ មិនស្វាហាប់ ឆាប់ខឹងមួម៉ៅ អារម្មណ័ប្រែប្រួល ស្រងូតស្រងាត់ ការចងចាំ និងសមាធិថយចុះ គេងមិនលក់ សមត្ថភាពផ្លូវភេទថយចុះ បង្កើនភាពប្រថុយប្រថានដល់សភាវពុកឆ្អឹង ជាដើមទៀតផង។

    បុរសទាំងឡាយគួរតែសង្កេតមើលការដុះក្បាលពោះរបស់ខ្លួនឯងឱ្យល្អ ព្រោះនេះគឺជាសញ្ញាដាស់តឿនសុខភាពលំដាប់ដំបូងគេ ដោយការវាស់ទំហំចង្កេះ គឺបើជាបុរសជនជាតិអាស៊ីដែលមានរង្វង់ចង្កេះលើសពី 90 សង្ទីម៉ែត្រ ឬបុរសជនជាតិអឺរ៉ុបដែលមានរង្វង់ចង្កេះលើសពី 94 សង្ទីម៉ែត្រនោះ គឺអាចរាប់បានថាចាប់ផ្តើមមានសភាវដុះក្បាលពោះហើយ។ សម្រាប់ការវាស់រង្វង់ចង្កេះដែលត្រឹមត្រូវវិញនោះ ចូរវាស់បរិវេណពាក់កណ្តាលឆ្អឹងជំនីចុងក្រោមគេបំផុតជាមួយនឹងឆ្អឹងត្រគាក ដោយមិនកាត់តាមរន្ធផ្ជឹតឡើយ។

    ទោះជាយើងមិនអាចយកឈ្នះភាពចុះខ្សោយរបស់វ័យបានក៏ដោយ តែក៏មិនគួរបណ្តោយឱ្យដុះក្បាលពោះស្អុយនោះដែរ ព្រោះដុំខ្លាញ់ដែលនៅជុំវិញចង្កេះបង្កគ្រោះថ្នាក់ខ្លាំងជាងការមើលមកមិនសង្ហាច្រើនណាស់។ សម្រាប់វិធីងាយៗដែលជួយក្នុងការត្រៀមខ្លួនជាស្រេចចាំទប់ទល់នឹងការប្រែប្រួលដែលនឹងកើតឡើងនោះគឺ ការមើលថែទាំសុខភាពឱ្យរឹងមាំជាប់ជានិច្ចដោយការហាត់ប្រាណជាប្រចាំ ទទួលទានអាហារដែលមានប្រយោជន៍ ដោយសង្កត់ធ្ងន់លើអាហារប្រភេទបន្លែ និងផ្លែឈើឱ្យច្រើនឡើង កាត់បន្ថយភាពតានតឹងធុញថប់ក្នុងអារម្មណ៍ សម្រាកឱ្យបានគ្រប់គ្រាន់ បញ្ឈប់ទង្វើណាដែលបង្កឱ្យកើតជំងឺ ដូចជា ចៀសវាងពីបារី និងភេសជ្ជះដែលមានជាតិអាល់កុល តមអាហារដែលមានខ្លាញ់ពីសត្វ ជាដើម និងដែលសំខាន់នោះ គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយជាប្រចាំ។

    ត្រឹមតែប៉ុណ្ណឹង លោកអ្នកក៏នឹងអាចឈានឆ្លងវ័យចំណាស់របស់ជីវិតទៅបានដោយគ្មានបញ្ហាផ្នែកសុខភាពមករំខានចិត្តបានបាត់ទៅហើយ៕

  • លេបថ្នាំ ជាមួយទឹកភេសជ្ជះផ្សេងៗដែលមិនមែនជាទឹកសុទ្ធបានឬទេ?

    លេបថ្នាំ ជាមួយទឹកភេសជ្ជះផ្សេងៗដែលមិនមែនជាទឹកសុទ្ធបានឬទេ?

    ថ្ងៃមុនឃើញអ្នកនៅក្បែរខ្លួនម្នាក់លបយកថ្នាំប៉ារ៉ាសេតាម៉ុលដាក់ចូលមាត់ ហើយអកតែទឹកកកតាមក្រោយភ្លែត ខ្ញុំរកតែលើកដៃហាមក៏មិនទាន់ ព្រោះអ្នកណាគេលេបថ្នាំជាមួយទឹកតែ? តែអ្នកលេបមិនដឹងអ្វីទាំងអស់ លេបធ្វើព្រងើយ ធ្វើដូចជារឿងប្រក្រតីធម្មតាអ៊ីចឹង។ ការពិតទៅបែបហ្នឹងមិនមែនជារឿងប្រក្រតីនោះទេ ថ្នាំគេលេបជាមួយទឹកសុទ្ធទើបត្រូវ ហើយបើលេបជាមួយទឹកភេសជ្ជៈដទៃទៀត តើនឹងមានផលយ៉ាងណាចំពោះរាងកាយ? បើចង់ដឹង សូមតាម ឡារ៉ែនមកមើលចម្លើយទាំងអស់គ្នា។

    1. ទឹកតែ កាហ្វេ

    សូមលើកឧទាហរណ៍ពី ភេសជ្ជៈ 2 មុខនេះជាមុន ព្រោះមនុស្សជាច្រើនគិតថាអាចញ៉ាំជាមួយថ្នាំបាន មិនអីទេ តែការពិតវិញ បើយើងលេបថ្នាំជាមួយទឹកតែ ឬកាហ្វេនោះ នឹងរឹតតែជាការបន្ថែមបរិមាណកាហ្វេអ៊ីនដល់រាងកាយ ដែលជាប្រក្រតី នៅក្នុងថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយផ្សេងៗដែលមានចំណែកផ្សំរបស់ pseudoephedrine នឹងមានឬទ្ធិជំរុញប្រព័ន្ធប្រសាទស្រាប់ហើយ ដូច្នេះបើទទួលកាហ្វេអ៊ីនចូលថែមទៅទៀត អាចធ្វើឱ្យកើតអាការឡេះឡះរសាប់រសល់ ញ័រទ្រូង ឬគេងមិនលក់បាន។

    2. ទឹកដោះគោ

    ឃើញថាជាភេសជ្ជះដែលល្អ មានប្រយោជន៍បែបនេះ ការពិតវិញមិនអាចយកមកញ៉ាំជាមួយថ្នាំបានទេ ព្រោះទឹកដោះគោមានសារធាតុអាហារដែលសំខាន់ គឺ កាល់ស្យូម ដែលនឹងចូលទៅទប់ស្កាត់ការបឺតជ្រាបរបស់ថ្នាំបដិបក្ខប្រាណដែលលេបចូលទៅហ្នឹងឯង ឬហៅខ្លីៗថា អាចនឹងធ្វើឱ្យថ្នាំដែលយើងលេបចូលទៅបានផលថយចុះហ្នឹងឯង។

    3. ទឹកផ្លែឈើ (ដែលមានរសជាតិជូរ)

    ទឹកផ្លែឈើភាគច្រើនតែងមានរសជាតិជូរ ដូចជា ទឹកក្រូច ទឹកក្រូចឆ្មារ ជាដើម ក្នូងអំឡុងពេលទទួលទានអាហារអាចនឹងស្រវាយកមកញ៉ាំជំនួសទឹកសុទ្ធ ហើយបញ្ច្រកថ្នាំចូលតាមក្រោយ ប៉ុន្តែវាក្លាយជាទឹកផ្លែឈើដែលមានឬទ្ធិជាអាស៊ីតនោះ អាចចូលទៅផ្លាស់ប្តូរការរំលាយរបស់ថ្នាំ ប្រឆាំងការបឺតជ្រាបរបស់ថ្នាំ ធ្វើឱ្យថ្នាំមានប្រសិទ្ធភាពថយចុះ និងធ្វើឱ្យបរិមាណថ្នាំក្នុងរាងកាយប្រែប្រួលបាន។

    4. ទឹកផេសជ្ជៈដែលមានជាតិហ្កាស(ភេសជ្ជៈកំប៉ុង) ទឹកសូដា

    អ្នកណាគេខ្លះដែលទៅលេបថ្នាំជាមួយទឹកភេសជ្ជៈកំប៉ុង? ឃើញច្បាស់ៗស្រាប់ហើយថា ទឹកភេសជ្ជៈកំប៉ុងមានជាតិហ្កាសដែលក្រៅពីនឹងចូលទៅខាំកកេរក្រពះហើយនោះ នៅទៅរារាំងការធ្វើការរបស់ថ្នាំ និងធ្វើឱ្យថ្នាំបឺតជ្រាបចូលក្នុងរាងកាយបានតិចចុះទៅទៀតផង។

    5. ភេសជ្ជះដែលមានជាតិអាល់កុល

    ចំណុចនេះយ៉ាប់យ៉ឺនបំផុត ព្រោះជាតិអាល់កុលមានឬទ្ធិសង្កត់ប្រព័ន្ធប្រសាទ បើសិនលេបថ្នាំណាដែលមានសារធាតុសង្កត់ប្រព័ន្ធប្រសាទ ដូចជា ថ្នាំបំបាត់ប្រតិកម្មចាញ់(ដែលធ្វើឱ្យងងុយគេង) ថ្នាំបំបាត់កង្វល់ ឬថ្នាំប្រឆាំងអាការសោកសៅផងនោះ អាចនឹងមិនមែនត្រឹមតែងងុយគេងខ្លាំងនោះទេ តែអាចដល់ថ្នាក់បាត់សមាធិ និងអាចខ្យល់គបាត់ស្មារតីបានទៀតផង។ ក្រៅពីនេះជាតិអាល់កុលនៅមានផលជាមួយថ្នាំប៉ារ៉ាសេតាម៉ុល ដោយអាចធ្វើឱ្យកើតអាការក្រលៀនគាំងលែងធ្វើការទាន់ហន់បានទៀតផង។

    ដូច្នេះភេសជ្ជះដែលគួរទទួលទានជាមួយថ្នាំខ្លាំងបំផុត គឺទឹកបរិសុទ្ធធម្មតាៗហ្នឹងឯង បើចង់ឱ្យល្អថែមទៀតនោះត្រូវតែជាទឹកដែលមានសីតុណ្ហភាពត្រូវនឹងកម្តៅពោះផង ហើយទោះជាទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់គ្មានរបាយការណ៍មួយណាបញ្ជាក់ច្បាស់ថា ធ្វើឱ្យកើតមានគ្រោះចំពោះរាងកាយក៏ដោយ តែយ៉ាងហោចណាស់ទឹកញ៉ាំដែលមានសីតុណ្ហភាពធម្មតាក៏មិនធ្វើឱ្យការរលាយរបស់ថ្នាំប្រែប្រួលដូចទឹកផ្សេងទៀតដែរ។

    លើកក្រោយ បើចង់ឆាប់ជាពីជំងឺនោះ កុំភ្លេចលេបថ្នាំជាមួយទឹកសុទ្ធណា៎ មិត្តអ្នកអាន៕

  • “ស្ពឹកដៃជើង” សញ្ញាគ្រោះថ្នាក់ ដែលមិនគួរព្រងើយកន្តើយ

    “ស្ពឹកដៃជើង” សញ្ញាគ្រោះថ្នាក់ ដែលមិនគួរព្រងើយកន្តើយ

    ដឹង ឬទេថា បើនៅសុខៗមនុស្សដែលនៅក្បែរលោកអ្នក ឬសូម្បីតែលោកអ្នកខ្លួនឯងកើតអាការស្ពឹកដៃជើង ឈឺស្រៀវៗដូចមានម្ជុលចាក់នៅលើចុងដៃ ឬចុងជើង មានអារម្មណ៍រាងក្រហាយក្តៅ ឬស្រៀវឈឺនៅម្តុំចុងជើង ឬនៅពេលប៉ះថ្នមៗក៏មានអារម្មណ៍ថាឈឺដែរនោះ អាការផ្សេងៗទាំងនេះ បើសិនកើតឡើងនៅពេលណា អាចរាប់បានថា ជាសញ្ញាដាស់តឿនដ៏សំខាន់មួយរបស់ “ជំងឺរលាកចុងសរសៃប្រសាទ” ហើយ។

    ឡារ៉ែនជឿថា មនុស្សជាច្រើនប្រហែលជានៅតែមានសំនួរថា តើអាការនេះគឺជាអ្វី? កើតចេញពីអ្វី? និងតើយើងគួរការពារយ៉ាងណា? ដូច្នេះហើយទើបឡារ៉ែនរួបរួមព័ត៌មានបថមដែលពាក់ព័ន្ធនឹងអាការនេះមកជម្រាបជូន ព្រោះ “ជំងឺរលាកចុងសរសៃប្រសាទ” ជាជំងឺដែលនៅជិតខ្លួនយើងលើសពីការគិតស្មាន និងជាជំងឺដែលគួរតែព្យាបាលតាំងពីដំបូងៗ ព្រោះបើបណ្តោយឱ្យរ៉ាំរ៉ៃ ជំងឺនឹងកាន់ធ្ងន់ធ្ងរទ្វេរឡើង និងអាចធ្វើឱ្យសរសៃប្រសាទរបស់យើងត្រូវបានបំផ្លាញរហូតមិនអាចត្រឡប់មកធ្វើការបានល្អដូចមុនបានឡើយ។

    ជំងឺរលាកចុងសរសៃប្រសាទ គឺអ្វី?

    បើឱ្យអធិប្បាយងាយៗ សរសៃប្រសាទប្រៀបដូចជាខ្សែភ្លើងនៅក្នុងរាងកាយយើងហ្នឹងឯង តួនាទីរបស់វាគឺ ទាំងទទួលបញ្ជាពីខួរក្បាល ដែលប្រៀបដូចជារោងចក្រផលិតភ្លើងអគ្គីសនី និងផ្សាយបន្តសញ្ញា(ក្រសែប្រសាទ)ទៅឯអវយវៈផ្សេងៗដើម្បីគ្រប់គ្រងការធ្វើចលនារបស់រាងកាយ ធ្វើឱ្យយើងដើរ រត់ ឬធ្វើចលនាតាមដែលយើងត្រូវការបាន។ ក្រៅពីនេះ តួនាទីសំខាន់ម្យ៉ាងទៀតរបស់សរសៃប្រសាទគឺ ការនាំបញ្ជូនសញ្ញាដែលទទួលការជំរុញនៅខាងក្រៅ ដូចជា កម្តៅ ភាពត្រជាក់ ឆ្ពោះទៅខួរក្បាល ដើម្បីឱ្យខួរក្បាលបំប្លែងផលការជំរុញទាំងនោះទៅជា អារម្មណ៍ដឹង។

    តែបើថ្ងៃណាមួយសរសៃប្រសាទទាំងនោះកើតការខូចខាត និងរលាកដែលបណ្តាលមកពីមូលហេតុផ្សេងៗនោះ វានឹងហុចផលឱ្យសរសៃប្រសាទមិនអាចបញ្ជូនសញ្ញាទៅផ្នែកផ្សេងៗរបស់រាងកាយបានល្អដូចកាលពីមុន ដែលហុចផលឱ្យយើងកើតអាការស្ពឹក រួមទាំងអាការឈឺចាប់ឡើង ជាពិសេស “ដៃ និង ជើង” ច្រើនតែជាអវយវៈដែលចាប់ផ្តើមបង្ហាញអាការមុនគេ ដោយសារតែមានសរសៃប្រសាទដែលវែង ដែលអាចធ្វើឱ្យបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ និងមានភាពប្រថុយប្រថានក្នុងការកើតជំងឺរលាកសរសៃប្រសាទបានខ្លាំងជាងអវយវៈដទៃទៀត។

    ស្គាល់ពីតួបង្កបញ្ហារបស់ “ជំងឺរលាកចុងសរសៃប្រសាទ”

    តួបង្កបញ្ហាដែលធ្វើឱ្យកើតជំងឺនេះមានច្រើនយ៉ាង តែ 1 ក្នុងចំណោម 3 នៃអ្នកកើតជំងឺនេះមានចំណុចចាប់ផ្តើមមកពីជំងឺទឹកនោមផ្អែម ចំណែកមូលហេតុផ្សេងៗទៀតនោះ មានទាំងរឿងពូជអម្បូរ ភាពខុសប្រក្រតីក្នុងប្រព័ន្ធដុតបំផ្លាញរបស់រាងកាយ ការកើតសភាវប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយបំផ្លាញខ្លួនឯង និងការដែលរាងកាយបានទទួលសារធាតុពុល។

    តួបង្កបញ្ហាដែលគួរឱ្យបារម្ភមួយទៀតនោះគឺ បច្ច័យដែលនៅជិតខ្លួនបំផុត ដូចជាទង្វើនៃការរស់នៅក្នុងមួយថ្ងៃៗដែលមានចំណែកបង្កើនភាពប្រថុយក្នុងការកើតជំងឺនេះដែរ មិនថាតែការញ៉ាំស្រា ជក់បារី អង្គុយយូរជាប់ៗគ្នាច្រើនម៉ោង ធ្វើកិច្ចកាងារដដែលៗ

    ដោយមិនផ្លាស់ប្តូរឥរិយាបថ និងបានទទួលវីតាមីន B តិចជ្រុលពេក ជាពិសេសវីតាមីន B 1, B 6, និង B 12 ជាវីតាមីនដែលសំខាន់ចំពោះប្រព័ន្ធប្រសាទ ដោយសារតែវីតាមីនទាំង 3 យ៉ាងនេះនឹងធ្វើការរួមគ្នាក្នុងការជួយឱ្យប្រព័ន្ធប្រាសាទធ្វើការបានតាមប្រក្រតី និងជួយក្នុងការសាងឡើងថ្មីរបស់ប្រព័ន្ធប្រសាទដែលត្រូវបានបំផ្លាញ។

    គន្លឹះល្អៗសម្រាប់ការមើលថែទាំ “សរសៃប្រសាទរបស់លោកអ្នក”

    ការមើលថែទាំខ្លួនឯងឱ្យផុតឆ្ងាយពីជំងឺនេះអាចធ្វើបានតាំងពីការប្តូររូបបែបឡៃហ្វ៍ស្តាយល៍ ឬកិច្ចការងារក្នុងមួយថ្ងៃៗឱ្យចេញឆ្ងាយពីបច្ច័យដែលប្រថុយប្រថាន ហាត់ប្រាណជាប់ជានិច្ច បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ឈប់ជក់បារី និងដែលសំខាន់ កុំភ្លេចមើលថែទាំរឿងការញ៉ាំអាហារឱ្យគ្រប់ទាំង 5 ប្រភេទក្រុម។

    តែបើសិនយើងជាមនុស្សម្នាក់ដែលចាប់ផ្តើមមានអាការរបស់ជំងឺរលាកចុងសរសៃប្រសាទហើយនោះ ឡារ៉ែនសុខភាព ចង់ណែនាំឱ្យទទួលទានវីតាមីន B 1, B 6, និង B 12 ដើម្បីជួសជុលសរសៃប្រសាទផ្នែកដែលត្រូវបានបំផ្លាញ ធ្វើឱ្យយើងបាត់ពីអាការដៃជើងស្ពឹក និងត្រឡប់មករស់នៅបានដូចប្រក្រតីឡើងវិញ៕

  • ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ត្រប់ពុតលំញងនៅគូគ្នាជាមួយជនជាតិខ្មែរយើងយូរមកហើយ ប្រើធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានជាច្រើនមុខ ដូចជា សម្លកកូរ បុកលាយជាមួយទឹកគ្រឿង ស្រុះធ្វើជាអន្លក់ក៏បាន ដែលក្រៅពីភាពឆ្ញាញ់ហើយនោះ នៅមានគុណសម្បត្តិអាចប្រឆាំងនឹងជំងឺផ្សេងៗបានទៀតផង បើមិត្តអ្នកអានចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមឡារ៉ែនមកចុះ។

    1 . ជំងឺទឹកនោមផ្អែម

    ការស្រាវជ្រាវវិភាគបានរកឃើញថា ទឹកភេសជ្ជៈផ្លែត្រប់ពុតលំញងអាចកាត់បន្ថយកម្រឹតអនុមូលឥស្សរៈនៅក្នុងឈាមរបស់សត្វកណ្តុរសាកល្បងដែលកើតជំងឺទឹកនោមផ្អែមបាន ធ្វើឱ្យជាតិខ្លាញ់មិនល្អ និងកម្រឹតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះការឱ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានផ្លែត្រប់ពុតញងក្នុងអំឡុងពេលព្យាបាលនឹងជួយឱ្យឆាប់ធូរស្រាលបានច្រើនណាស់។

    2 . ជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាម

    ការងារស្រាវជ្រាវមួយនៅក្នុងប្រទេស កាមេរូនបានរកឃើញថា ពេលយកផ្លែត្រប់ពុតលំញងមកចម្រាញ់លាយជាមួយអាល់កុលមកសាកល្បងជាមួយសត្វកណ្តុរ គេសង្កេតឃើញថា អត្រាការលោតរបស់បេះដូង និងសម្ពាធឈាមថយចុះ ព្រមទាំងនៅអាចបញ្ឈប់ការផ្តុំខ្លួនរបស់គ្រាប់ឈាមទៀតផង ដូច្នេះទើបវាជួយឱ្យអ្នកជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាមមានអាការល្អប្រសើរឡើងបាន។

    3 . សម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

    នៅឆ្នាំ 2007 មានការងារស្រាវជ្រាវវិភាគមួយបាននាំផ្លែត្រប់ 11 ប្រភេទក្នុងប្រទេសថៃទៅចម្រាញ់រកសារធាតុប្រឆាំងអនុមូលឥស្សរៈ លទ្ធផលបានបង្ហាញថា ផ្លែត្រប់ពុតលំញងមានសារធាតុប្រឆាំងអនុមូលឥស្សរៈច្រើនជាងគេបំផុតក្នុងបណ្តាផ្លែត្រប់គ្រប់ប្រភេទ។

    4 . ដំបៅក្នុងក្រពះ

    នៅឆ្នាំ 2007 ដដែលនោះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេស កាមេរូនបានរកឃើញថា ផ្លែត្រប់ពុតលំញងអាចប្រឆាំងនឹងកាកើតដំបៅក្នុងក្រពះបាន ព្រោះនៅក្នុងផ្លែត្រប់ពុតលំញងមានសារធាតុពពួកហ្ល្វាវ៉ូណយដ៍ និងថ្រៃធើរ៍ភីន ដែលមានឬទ្ធិប្រឆាំងការកើតដំបៅក្នុងក្រពះបាយដែលបណ្តាលមកពីជាតិអាល់កុល ឬភាពតានតឹងធុញថប់បាន។

    ឱសថបុរាណរបស់ខ្មែរយើងនេះមានសុទ្ធតែរបស់ល្អៗទាំងអស់ និងថែមទាំងមានតម្លៃមិនថ្លៃទៀតផង ឯគុណសម្បត្តិវិញក៏លើសលុបដែរ តែគួរឱ្យសោកស្តាយខ្លាំងណាស់ បើសិនជាយើងកៀរផ្លែត្រប់ពុតលំញងតូចៗនេះចេញពីចានបាយនោះ ដូច្នេះអ្នកណាដែលមិនធ្លាប់ញ៉ាំ ឬមិនចូលចិត្តនោះ គួរតែងាកមកសាកល្បងញ៉ាំសាកលមើលបន្តិចទៅមើល ជាពិសេសស្រុះជ្រលក់ជាមួយទឹកគ្រឿង ឬបុកលាយក្នុងទឹកគ្រឿងតែម្តង ធានាថាបានទាំងឆ្ងាញ់មាត់ និងទទួលបានគុណប្រយោជន៍ខាងសុខភាពទៀតផង៕

  • “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    គ្រប់គ្នាប្រហែលជាស្គាល់អូមេហ្កា 3 ច្បាស់ហើយ ព្រោះប្រយោជន៍របស់វាមានច្រើនមែនទែន ទាំងក្នុងរឿងរបស់ការបំប៉នសរសៃប្រសាទ និងខួរក្បាល ខ្សែភ្នែក ប្រព័ន្ធប្រឆាំងជំងឺ រហូតទៅដល់បំប៉នសាច់ស្បែកឱ្យស្រស់ស្អាតភ្លឺថ្លា ទើបមនុស្សនិយមទទួលទានអាហារដែលសម្បូរទៅដោយអូមេហ្កា 3 ដូចជា សាច់ត្រីផ្សេងៗ និងដល់ថ្នាក់ទទួលទានវីតាមីនគ្រាប់ទៀតផង តែមានមនុស្សតិចណាស់ដែលស្គាល់ “អូមេហ្កា 6” ដែលមានប្រយោជន៍ និងមានភាពសំខាន់ចំពោះរាងកាយមិនចាញ់អូមេហ្កា 3 ដូចគ្នា។

    អូមេហ្កា 6 គឺអ្វី?

    អូមេហ្កា 6 គឺអាស៊ីតខ្លាញ់បែបមិនបង្កកខ្លួនដូចអាស៊ីត លិណូឡេអ៊ិក និងអាស៊ីតអៈរ៉ាឃិដូនិក ដែលរាងកាយមិនអាចសាងដោយខ្លួនឯងបានឡើយ ទើបយើងត្រូវទទួលទានចូលទៅដូចអូមេហ្កា 3 ដែរ ដោយភាពសំខាន់របស់អូមេហ្កា 6 គឺជាអ្នកថែរក្សាតុល្យភាពរបស់អូមេហ្កា 3 មួយជាន់ទៀត ដូច្នេះបើលោកអ្នកទទួលទានអូមេហ្កា 3 ចូលទៅនោះ ក៏ត្រូវទទួលទានអូមេហ្កា 6 ដើម្បីឱ្យជួយរក្សាតុល្យភាពក្នុងរាងកាយផងដែរ ដូចជា គុណសម្បត្តិរបស់អូមេហ្កា 3 គឺជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលបានល្អឡើង តែបើសិនទទួលទានច្រើនជ្រុលពេក នឹងមានបញ្ហាដូចជានៅពេលត្រូវវះកាត់ ដកធ្មេញ ជាដើម ដូច្នេះគួរទទួលទានអូមេហ្កា 6 គួបទៅជាមួយផងព្រោះនឹងជួយឱ្យឈាមបង្កកខ្លួនបានល្អឡើង ដើម្បីការពារបញ្ហាឈាមក្រឈប់ហូរក្រោយពេលវះកាត់ ឬដកធ្មេញហ្នឹងឯង។

    តើអូមេហ្កា 6 សំខាន់យ៉ាងណា?

    ដូចដែលបានប្រាប់ទៅហើយថា អូមេហ្កា 6 នឹងជួយរក្សាតុល្យភាពការធ្វើការងាររបស់អូមេហ្កា 3។ អូមេហ្កា 3 ជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលងាយស្រួលឡើង ខណៈដែលអូមេហ្កា 6 នឹងជួយឱ្យឈាមបង្កកខ្លួនបានលឿនឡើង ទើបធ្វើឱ្យរាងកាយមានប្រព័ន្ធឈាមរត់ដែលល្អឥតខ្ចោះបាន ដូច្នេះបើអ្នកណាកំពុងទទួលទានអូមេហ្កា 3 ក៏ត្រូវទទួលទានអូមេហ្កា 6 រួមជាមួយផង ទើបធ្វើឱ្យរាងកាយរឹងមាំឥតខ្ចោះពិតៗ។

    ប្រយោជន៍របស់អូមេហ្កា 6

    1 . ជួយកាត់បន្ថយខូលេស្តេរ៉ូលក្នុងរាងកាយ កាត់បន្ថយខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ហុចផលល្អដល់សរសៃឈាម និងបេះដូង។

    2 . ជួយកាត់បន្ថយអាការរលាក និងអាការឈឺចុកចាប់ផ្សេងៗតាមរាងកាយ។

    3 . ថែរក្សាភាពស្រស់ស្រាយឱ្យស្បែក បន្ថយបញ្ហាស្បែកស្ងួត ប្រេះបែក ក្រឹន របក រួមទាំងអង្គេនៅលើស្បែកក្បាល ជ្រុះសក់ ឬជំងឺស្បែកប្រភេទខ្លះបានទៀតផង។

    4 . ប្រឆាំងអនុមូលឥស្សរៈ ជួយពន្យាភាពចុះខ្សោយរបស់កោសិកាផ្សេងៗក្នុងរាងកាយ និងកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកទៀតផង។

    5 . បន្ថយអាការជ្រៀតជ្រែកពីសភាវផ្សេងៗនៅលើអ្នកជំងឺទឹកនោមផ្អែម ដូចជា អាការស្ពឹកតាមចុងម្រាមដៃ ម្រាមជើង។

    6 . គ្រប់គ្រងកម្រឹតអ័រម៉ូនក្នុងរាងកាយឱ្យប្រក្រតី។

    តើអូមេហ្កា 6 រកបានពីអាហារប្រភេទណាខ្លះ?

    អូមេហ្កា 6 មាននៅក្នុងប្រេងរុក្ខជាតិផ្សេងៗ ដូចជា ប្រេងសណ្តែកលឿង គ្រាប់ផ្កាឈូករ័ត្ន កន្ទក់ ពោត ឬអាចជាប្រេងរុក្ខជាតិពិសេស ដូចជា ប្រេងភ្រីមរ៉ូស ប្រេងម្កាក់មានអូមេហ្កា 6 ក៏មានអូមេហ្កា 6 ដូចគ្នាដែរ តែតិចជាងប្រេងដែលមកពីរុក្ខជាតិផ្សេងៗ និងល្អសម្រាប់ទទួលទានស្រស់ៗ លាយនៅក្នុងញាំ ឬឆ្លងកាត់កំដៅតិចៗដូចជាឆាជាដើម។

    តើរក្សាតុល្យភាពរបស់អូមេហ្កា 3 និង 6 យ៉ាងណាបាន?

    1 . ក្នុងករណីដែលទទួលទានអូមេហ្កា 3 ពីសាច់ត្រី គួរតែទទួលទានត្រីទឹកសាប និងត្រីសមុទ្រក្នុងបរិមាណប៉ុនៗគ្នា កុំទទួលទានត្រីតែណាមួយឱ្យសោះ ដើម្បីឱ្យបានសារធាតុអាហារដែលសម្បូរបែប។

    2 . គួរទទួលទានត្រីឱ្យបានជាប់លាប់ ទទួលទានឱ្យបានយ៉ាងតិចរៀងរាល់សប្តាហ៍ តែមិនចាំបាច់ទទួលទានគ្រប់ពេលក៏បានដែរ។

    3 . ជ្រើសរើសទទួលទានទាំងប្រេងរុក្ខជាតិសម្រាប់ឆា ឬចៀន និងប្រេងម្កាក់សម្រាប់ទទួលទានជាមួយញាំ ឬឆាបែបឆាប់រហ័ស។

    4 . កុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រឹតម្រក្រតី។

    គោលការណ៍សំខាន់គឺ ជ្រើសរើសទទួលទានអាហារឱ្យបានសម្បូរបែប មិនមែនអ្វីដែលថាល្អ ក៏គិតតែពីទទួលទានតែមួយមុខនោះទេ ដើម្បីឱ្យយើងបានទទួលទានសារធាតុអាហារគ្រប់ចំនួន មិនខ្វះសារធាតុអាហារប្រភេទណាមួយ ព្រោះរាងកាយរបស់យើងនឹងមានតុល្យភាពបាន ក៏ចាំបាច់ត្រូវតែចាប់ផ្តើមពីការទទួលទានអាហារ និងទង្វើរបស់យើងហ្នឹងឯង៕

  • តើរាងកាយរបស់យើងត្រូវការទឹកប៉ុន្មាន?

    តើរាងកាយរបស់យើងត្រូវការទឹកប៉ុន្មាន?

    នៅក្នុងរាងកាយរបស់មនុស្សយើងមានទឹកជាចំណែកប្រកបច្រើនដល់ទៅ 70 % ឯណោះ ដូច្នេះបើរាងកាយខ្វះទឹក នឹងអាចសាងបញ្ហាដល់ប្រព័ន្ធការពារក្នុងរាងកាយបាន ទើបរឿងការញ៉ាំទឹកស្អាតក្នុងមួយថ្ងៃមិនតិចជាង 6 កែវក្លាយជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាប្រហែលជាដឹងច្បាស់ស្រាប់ហើយ តែបែរជាព្រងើយកន្តើយក្នុងការផ្តល់ភាពសំខាន់ចំពោះរឿងនេះទៅវិញ។ ថ្ងៃនេះ ឡារ៉ែននឹងបបួលមិត្តអ្នកអាននាំគ្នាមកញ៉ាំទឹក តែមុននឹងងាកទៅចាប់កែវទឹកមកញ៉ាំ ឡារ៉ែនចង់បបួលទាំងអស់គ្នាមកមើលថា តើហេតុអីបានជាយើងត្រូវតែញ៉ាំទឹក និងតើយើងត្រូវញ៉ាំទឹកប៉ុន្មានទើបគ្រប់គ្រាន់ចំពោះរាងកាយរបស់យើង?។

    វិធីការគឺ ចូរយកទម្ងន់ខ្លួនរបស់យើងមកចែកនឹង 2 ហើយយកទៅចែកនឹង 8 នឹងឃើញចំនួនបរិមាណទឹក 8 កែវសម្រាប់បរិភោគក្នុងមួយថ្ងៃ។

    ឧទាហរណ៍ដូចជា បើលោកអ្នកមានទម្ងន់ខ្លួន 50 គីឡូក្រាម បើចែកនឹង 2 យើងនឹងទទួលបានផលចែក 25 រួចហើយយកទៅចែកនឹង 8 នឹងបានផលចែក 3,125 មានន័យថា លោកអ្នកត្រូវតែញ៉ាំទឹកក្នុងមួយថ្ងៃមិនតិចជាង 3,125 លិត្រនោះទេ ដោយបែងជា 8 កែវ ហើយញ៉ាំជារឿយៗពេញមួយថ្ងៃ តែប៉ុណ្ណឹងរាងកាយក៏នឹងទទួលបានទឹកយ៉ាងពេញទំហឹងហើយ។

    ឥលូវនេះយើងនាំគ្នាមកមើលថា ក្នុងរាងកាយរបស់យើងនេះ តើអវយវៈខាងក្នុងណាខ្លះដែលមានទឹកជាចំណែកប្រកបច្រើន ឬតិចប៉ុនណា ធានាថានៅពេលមិត្តអ្នកអានបានដឹងហើយ ច្បាស់ជាត្រូវប្រញាប់ក្រោកឡើងទៅញ៉ាំទឹកជាមិនខាន។

    – ខួរក្បាល មានទឹក 75 %

    – ឈាម មានទឹក 85 %

    – សួត មានទឹក 90 %

    – ស្បែក មានទឹក 80 %

    – ឆ្អឹង មានទឹក 24 %

    – សាចដុំ មានទឹក 75 %

    បានដឹងដូច្នេះហើយ សូមកុំបង្អង់យូរ ដើម្បីសុខភាពរាងកាយ និងសាច់ឈាមស្រស់ថ្លា ត្រូវប្រញាប់ក្រោកទៅញ៉ាំទឹកឱ្យបានគ្រប់គ្រាន់តាមតំរូវការរបស់រាងកាយ៕

  • ជំងឺ 3 យ៉ាងដែលខ្ទឹមសអាចការពារបាន

    ជំងឺ 3 យ៉ាងដែលខ្ទឹមសអាចការពារបាន

    ខ្ទឹមស ជារុក្ខជាតិឱសថបុរាណដែលត្រូវបានគេនាំយកមកធ្វើជាអាហារ និងថ្នាំជាយូររាប់ពាន់ឆ្នាំហើយ ប្រាកដណាស់ថាពេលមនុស្សយើងម្នាក់ៗកើតមក ក៏ដឹងរួចស្រេចទៅហើយថា ខ្ទឹមសត្រូវបានគេយកមកធ្វើជាគ្រឿងទេសផ្សំអាហារនោះ។

    ក្នុងពេលបច្ចុប្បន្ននេះ ខ្ទឹមសត្រូវបាននាំយកមកប្រើក្នុងការការពាររោគជាច្រើនយ៉ាង ជួយកាត់បន្ថយកម្រឹតជាតិខ្លាញ់ Cholesterol បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងបង្កើនប្រព័ន្ធប្រឆាំងជំងឺឱ្យល្អឡើង។

    ជំងឺផ្សេងៗដែលខ្ទឹមសអាចការពារបាន ៈ

    1 – ជំងឺបេះដូង ( Heart disease )

    មានភស្តុតាងមួយចំនួនបានគាំទ្រថា ខ្ទឹមសអាចការពារមិនឱ្យកើតជំងឺបេះដូងបាន ដោយអាចកាត់បន្ថយការកើតសរសៃឈាមឡើងរឹង និងបញ្ចុះកម្រឹតសម្ពាធឈាមបានបន្តិចបន្តួច(ចន្លោះពី 7 ដល់ 8%)។

    ក្រៅពីនោះ ខ្ទឹមសថែមទាំងជាសារធាតុប្រឆាំងនឹងការបង្រួមខ្លួនជាដុំៗរបស់ឈាម ដោយការធ្វើឱ្យគ្រាប់ឈាមស្តើងចុះដែលអាចការពារមិនឱ្យកើតសភាវបេះដូងខ្វះឈាម ឬខួរក្បាលខ្វះឈាមបាន។

    2 – ជំងឺផ្តាសាយ( Common Cold )

    តាមរយៈលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ខ្ទឹមសអាចជួយការពារជំងឺផ្តាសាយបាន ដោយបានធ្វើការប្រៀបធៀបការបរិភោគខ្ទឹមសក្នុងអំឡុងពេលដែលជំងឺផ្តាសាយកំពុងឆ្លងរាលដាល លទ្ធផលបានបង្ហាញថា អ្នកបរិភោគខ្ទឹមសនឹងកើតជំងឺផ្តាសាយតិចជាងអ្នកដែលមិនបានទទួលទានខ្ទឹមសសោះ ហើយក្រៅពីនោះក្នុងអំឡុងពេលកើតជំងឺផ្តាសាយ ខ្ទឹមសអាចធ្វើឱ្យអាការរបស់ជំងឺផ្តាសាយឆាប់ជាសះស្បើយទៀតផង។

    3 – មហារីក( Cancer )

    ខ្ទឹមសអាចជំរុញឱ្យប្រព័ន្ធប្រឆាំងជំងឺរឹងមាំឡើង អាចជួយរាងកាយឱ្យតស៊ូជាមួយជំងឺមហារីកបាន ដោយលទ្ធផលពីបន្ទប់សាកល្បងបានបង្ហាញថា ខ្ទឹមសមានឬទ្ធិក្នុងការប្រឆាំងជំងឺមហារីក។

    លទ្ធផលពីការស្រាវជ្រាវនៅលើមនុស្សក្នុងរយៈពេលយូរបានរកឃើញថា ក្រុមមនុស្សដែលទទួលទានខ្ទឹមសឆៅ ឬខ្ទឹមសដែលផ្សំក្នុងអាហារធ្វើឱ្យមានសញ្ញាថា នឹងមិនកើតជំងឺមហារីកទេ ជាពិសេសមហារីកពោះវៀនធំ និងមហារីកក្រពះ។

    រឿងដែលត្រូវប្រយ័ត្នសម្រាប់ខ្ទឹមស

    ទោះជាខ្ទឹមសជាមើមរុក្ខជាតិដែលមានគុណសម្បត្តិដ៏ច្រើនមែនក៏ដោយ តែខ្ទឹមសក៏មានផលដែលមិនគួរឱ្យប៉ងប្រាថ្នាជាច្រើនដូចគ្នាដែរ ដូចជា ធ្វើឱ្យឈឺពោះ ឆ្អល់ហើមពោះ មានក្លិនមាត់ រាងក្រហាយក្តៅ និងមានក្លិននៅលើដៃ(នៅពេលប៉ះពាល់) ក្រៅពីនោះ វានៅធ្វើឱ្យកើតមានអាការវឹលមុខ ឈឺក្បាល នឿយល្វើយ ឈឺចាប់ក្នុងសាច់ដុំ និងអ្នកខ្លះអាចនឹងកើតមានប្រតិកម្មចាញ់ខ្ទឹមសធ្វើឱ្យអាការហឺត និងកន្ទួលរមាស់ ជាដើម ៕

  • លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    ការជ្រើសរើសទិញបន្លែ និងលាងបន្លែគឺជារឿងសំខាន់មួយដែរ ព្រោះពេលខ្លះក៏យើងមិនដឹងថា បន្លែដែលគេយកមកលក់នោះ ជាបន្លៃដែលគ្មានសារធាតុពុល និងថ្នាំសម្លាប់សត្វល្អិតឬក៏មាននោះឡើយ ជំនួសឱ្យការដែលត្រូវមានសុខភាពល្អ វាប្រែក្លាយជាការបង្កសារធាតុពុលនៅក្នុងរាងកាយកាន់តែច្រើនឡើងទៅវិញ ទើបថ្ងៃនេះ ឡារ៉ែនមានវិធី លាងសម្អាតបន្លែឱ្យស្អាត គ្មាននៅសេសសល់សារធាតុពុលមកជម្រាបជូនដូចតទៅ ៈ

    ការលាងបន្លែ ៈ ពេលជ្រើសរើសទិញបន្លែបានមកហើយ មុនទទួលទាន ឬនាំមកចម្អិនជាអាហារនោះ គួរយកមកលាងឱ្យស្អាតជាមុនសិន។ ក្នុងពេលបច្ចុប្បន្ននេះមានអ្នកណែនាំពីវិធីលាងសម្អាតបន្លែជាច្រើនវិធីដើម្បីកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតដែលនៅជាប់សេសសល់លើបន្លែនោះឱ្យថយចុះ ដោយមានវិធីជាច្រើនដូចតទៅនេះ ៈ

    1 – ការលាងបន្លែ ដោយប្រើសូដ្យូមបៃខាបូនេត 1 ស្លាបព្រាបាយសម្រាប់ទឹកក្តៅឧណ្ហៗមួយចានដែក(20លិត្រ) ត្រាំបន្លែទុកចោល 15 នាទី វានឹងកាត់បន្ថយសារធាតុពុលបាន 90 – 95% ជាវិធីដែលមានសុវត្ថិភាព។ បន្ទាប់ពីត្រាំបន្លែក្នុងសារធាតុរលាយសូដ្យូមបៃខាបូនេតក្នុងទឹករួចហើយ គួរយកបន្លែនោះទៅលាងទឹកចេញឱ្យបានច្រើនដង ដើម្បីជម្រះយកសារធាតុពុលដែលនៅសេសសល់ចេញឱ្យអស់ តែវាមានបញ្ហានៅត្រង់ថា វិធីនេះនឹងធ្វើឱ្យវីតាមីន A នៅក្នុងបន្លែបាត់បង់អស់ខ្លះ។

    2 – ការត្រាំបន្លែនៅក្នុងទឹកលាយទឹកសាជូរ ដោយប្រើទឹកសាជូររលាយក្នុងទឹក។ ត្រាំបន្លែដែលបេះរួចហើយប្រមាណ 15 នាទី នឹងអាចកាត់បន្ថយបរិមាណសារធាតុពុលបាន 60 – 84%។

    3 – ការត្រាំបន្លែក្នុងទឹកថ្នាំលាងបន្លែ ដោយត្រាំទុកចោលប្រមាណជា 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 68% តែវិធីមិនណែនាំឱ្យប្រើឡើយ ព្រោះទឹកថ្នាំលាងបន្លែនឹងជ្រាបចូលទៅក្នុងបន្លែ អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។

    4 – ការលាងបន្លែដោយបើកទឹកឱ្យហូរឆ្លងកាត់ បន្លែដែលជាស្លឹកៗ ចូរដាក់នៅក្នុងកញ្រ្ចែងដែលមានប្រឡោះធំៗ រួចបើកទឹកពីក្បាលរ៉ូប៊ីណេឱ្យខ្លាំងល្មម យកដៃជួយដុសសម្អាតលើបន្លែនីមួយៗ ដោយលាងសម្អាតប្រមាណជា 2 នាទី នឹងជួយកាត់បន្ថយសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 63%។

    5 – ការត្រាំបន្លែក្នុងទឹកស្អាត គួរលាងបន្លែឱ្យស្អាតពីវត្ថុកខ្វក់មួយទឹកជាមុនសិន និងបេះជាសន្លឹកៗដាក់ត្រាំនៅក្នុងចានដែកយូរប្រមាណ 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 7 – 33%។

    6 – ការស្រុះបន្លែដោយទឹកក្តៅ នឹងកាត់បន្ថយបរិមាណសារធាតុពុលបាន 50% ចំណែកការស្ងោរវិញក៏កាត់បន្ថយសារធាតុពុលបានស្មើនឹងការស្រុះបន្លែដែរ តែ 50% ទៀតនៃសារធាតុពុលបានចេញពីបន្លៃមកក្នុងទឹកសម្ល។

    7 – ការបកសំបក ឬការបកស្រទាប់ក្រៅរបស់បន្លែចេញ ដូចជា ស្ពៃក្តោប ជាដើម បើបកស្រទាប់ខាងក្រៅចេញនឹងមានសុវត្ថិភាពខ្លាំងជាង។

    8 – ការប្រើម្សៅខ្ល័ររីនត្រាំបន្លែ ដើម្បីសម្លាប់មេរោគ និងបំផ្លាញស៊ុតសត្វល្អិត (ព្រូន និងដង្កូវជាដើម) ដោយការរំលាយម្សៅខ្ល័ររីនកន្លះស្លាបព្រាកាហ្វេសម្រាប់ទឹក 20 លិត្រ និងត្រាំទុកចោលប្រមាណ 15 – 30 នាទី នឹងសម្លាប់មេរោគបានល្អណាស់៕

  • 5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    តើមិត្តអ្នកអានដឹងទេថា ពេលដែលយើងទើបទទួលទានអាហារហើយថ្មីៗ តើមានចំណុចហាមធ្វើអ្វីខ្លះ? ព្រោះថាពេលខ្លះបើយើងធ្វើអ្វីមិនត្រឹមត្រូវនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយរបស់យើងភ្លាមតែម្តង ដូច្នេះដើម្បីសុខភាពល្អ ថ្ងៃនេះយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើមានរឿងអ្វីខ្លះដែលយើងមិនគួរធ្វើ ក្រោយពេលទទួលទានបាយឆ្អែតហើយភ្លាម?។

    1 – ញ៉ាំទឹកតែភ្លាមៗ

    ព្រោះការញ៉ាំទឹកតែភ្លាមអាចនាំឆ្ពោះទៅរកការកើតរោគសរសៃឈាមបេះដូងបាន ដោយសារតែសារធាតុផូលីហ្វ៊ីណូលដែលមាននៅក្នុងទឹកតែនឹងចូលទៅរារាំងការបឺតជ្រាបយកសារធាតុដែកពីអាហារ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងទឹកតែនៅបានបំផ្លាញប្រូតេអ៊ីនពីអាហារទៀតផង។

    2 – ងូតទឹកភ្លាម

    ការងូតទឹកភ្លាមៗក្រោយពេលញ៉ាំបាយរួច នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី ប្រសិទ្ធភាពក្នុងការរំលាយអាហារនឹងថយចុះ ប្រព័ន្ធឈាមនៅក្នុងរាងកាយមិនតុល្យការ វិធីដែលល្អនោះគឺ រង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយហើយសឹមងូតទឹក។

    3 – គេងលក់ភ្លាម

    ការគេងលក់នឹងធ្វើឱ្យអាហារមិនអាចរំលាយបាន ដោយសារទិសដៅការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារខុសទិសដៅធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងពោះវៀន រួមទាំងធ្វើឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ទៀតផង។

    4 – ហាត់ប្រាណភ្លាម

    ការដើរទៅមក និងការហាត់ប្រាណធ្វើឱ្យពោះវៀនកម្រើកចុះឡើង ហុចផលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានមិនពេញទំហឹង វិធីដែលល្អគួររង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយ និងមិនគួរហាត់ប្រាណធ្ងន់ៗឡើយ។

    5 – ញ៉ាំផ្លែឈើ

    ផ្លែឈើធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងធ្វើឱ្យកើតអាការឆ្អល់ ហើមពោះ គួររង់ចាំប្រមាណជា 1 – 2 ម៉ោង ដើម្បីឱ្យអាហារបានរំលាយអស់សិន ឬគួរទទួលទានមុនពេលបាយប្រមាណជា 1 ម៉ោង ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីផ្លែឈើយ៉ាងពេញទំហឹង។

    បានដឹងយ៉ាងនេះហើយ តទៅទៀតកុំភ្លេចផ្លាស់ប្តូរទង្វើដើម្បីសុខភាពដ៏ល្អរបស់យើងក្នុងរយៈពេលវែង ព្រោះសុខភាពដែលល្អមិនអាចទិញលក់បាននោះឡើយ ស្ថិតនៅលើយើងត្រូវមើលថែទាំឱ្យល្អតាំងពីថ្ងៃនេះតែម្តង៕

  • រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    ទឹកមូត្រជាវត្ថុរាវដែលត្រូវបានបញ្ចេញចោលពីរាងកាយ ដោយក្រលៀននឹងត្រងយកវត្ថុមិនល្អ និងវត្ថុដែលច្រើនជ្រុលពេក ចេញពីឈាមហើយបញ្ចេញមកក្រៅជាទឹកនោម និងរក្សាទុកចំណែកដែលមានប្រយោជន៍នៅក្នុងលោហិត។ ទឹកមូត្រប្រក្រតីនឹងមានពណ៌លឿងស្រាលស្រដៀងពណ៌ចំបើង រាងថ្លា និងទឹកមូត្រដែលចេញមកថ្មីៗនឹងមានក្លិនក្រអូបស្រាលៗ តែបើទុកចោលយូរនឹងនឹងមានក្លិនឆួលពីការដែលមេរោគបាក់តេរីរំលាយយូរៀទៅជាអ៊ែមម៉ូនៀ។

    ទឹកមូត្រខុសប្រក្រតីរបស់កុមារដែលគួរដឹងមានដូចតទៅ ៈ

    1 – ទឹកមូត្រពណ៌ក្រហម

    ទឹកមូត្រពណ៌ក្រហម អាចបណ្តាលមកពីហេម៉ូគ្លោប៊ីន( hemoglobin ) ក្នុងគ្រាប់ឈាមក្រហមដែលបែក ដោយសារតែកើតជំងឺខ្វះ G-6-PD នៅក្នុងគ្រាប់ឈាមក្រហម គ្រាប់ឈាមក្រហមនឹងងាយបែកបើគ្រុនក្តៅខ្លាំង ឬញ៉ាំថ្នាំប្រភេទខ្លះ ដូចជា ស៊ុលហ្វា ខ្លរែមហ្វេហ្វ៊ីខល ជាដើម។ ទឹកមូត្រនឹងមានពណ៌ក្រហមចជាំ ស្រដៀងទឹកកូកាកូឡា ឬទឹកតែចាស់ ក្មេងនឹងស្លេកស្លាំងយ៉ាងឆាប់រហ័ស។ ភាគច្រើនរបស់ទឹកមូត្រពណ៌ក្រហមកើតចេញពីការមានឈាមចេញនៅក្នុងប្រព័ន្ធតម្រងនោម ដោយមានមូលហេតុច្រើនយ៉ាងដូចជា ៈ

    ក – ការឆ្លងមេរោគបាក់តេរី ឬវីរុសនៅក្នុងប្រព័ន្ធតម្រងនោម អាការដែលប្រទះឃើញគឺ ក្មេងច្រើនតែគ្រុនក្តៅខ្លួន នោមញឹកញាប់ នោមផ្សា និងពិបាកនោម ជាដើម។

    ខ – ជំងឺរលាកក្រលៀនភ្លាមៗ

    គ – ក្រួសក្នុងបង្ហួរនោម

    ឃ – កើតឧបត្តិហេតុ ដូចជាជិះកង់ដួល អវយវៈភេទបោកប៉ះនឹងកែបកង់ ជាដើម

    ង – ដុះសាច់នៅក្នុងបង្ហួរនោម តែមានតិចតួចបំផុត

    លក្ខណៈការនោមចេញមកមានឈាម បើឈាមចេញមកពីក្រលៀន ឬបង្ហួរក្នុងក្រលៀន នឹងមានទឹកមូត្រពណ៌ក្រហមរហូតពេញមួយការបន្ទោបង់ តែបើមានឈាម​ចេញមកមិនច្រើន ក៏នឹងឃើញមានទឹកមូត្រមានពណ៌ក្រហមនៅពេលដំបូង បន្ទាប់ពីនោះទឹកម៉ូត្រនឹងមានពណ៌ប្រក្រតីវិញ។ បើមានឈាមចេញពីបង្ហួរនោម ឬរន្ធបើករបស់បង្ហួរនោមនោះ ទឹកនោមនឹងមានពណ៌ក្រហមនៅពេលចេញមកដំបូងៗ តែបន្ទប់ពីនោះមកទឹកនោមនឹងមានពណ៌ប្រក្រតីវិញ។

    បើឪពុកម្តាយផ្តល់ប្រវត្តិការបន្ទោបង់ទឹកនោមយ៉ាងល្អិតល្អន់ រួមទាំងអាការផ្សេងៗទៀតផងនោះ ការព្យាបាលនឹងអាចធ្វើបានយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស។

    2 – ទឹកម៉ូត្រល្អក់

    ទឹកម៉ូត្រឡើងល្អក់អាចបណ្តាលមកពីការទម្លាក់កកររបស់សារធាតុហ្វ៉សហ្វេត, យូរេត តែភាគច្រើនច្រើនបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធបញ្ចេញទឹកម៉ូត្រ ច្រើនមានមូលហេតុពីមេរោគបាក់តេរីនៅក្នុងពោះវៀនធំ អ្នកជំងឺច្រើនតែមានគ្រុនក្តៅ ពេលខ្លះកម្តៅឡើងខ្ពស់រហូតដល់រងាញាក់ ពិបាកបត់ជើងតូច ឈឺពេលប្រឹងបត់ជើងតូច ទឹកម៉ូត្រមានក្លិនឆួល ពេលខ្លះទឹកម៉ូត្រមានឈាម ឈឺម្តុំៗខាងក្រោមក្បាលពោះបើសិនជាមានការរលាកប្លោកនោម ឬឈឹបរិវេណខ្នងចង្កេះទាំងសងខាងបើសិនជារលាកតម្រងនោម មេរោគបាក់តេរីច្រើនតែចូលក្នុងបង្ហួរនោម និងជួបប្រទះនៅលើក្មេងស្រីច្រើនជាងក្មេងប្រុស។ ការបង្ហាត់ឱ្យក្មេងចេះសម្អាតបរិវេណអវយវៈបន្ទោបង់ និងជូតឱ្យស្ងួតអាចជួយកាត់បន្ថយការឆ្លងមេរោគបាន។

    3 – នោមតិច

    បើញ៉ាំទឹកតិចជាងតម្រូវការរបស់រាងកាយ ក្រលៀននឹងព្យាយាមរក្សាទឹកទុកដើម្បីរក្សតុល្យការទឹករបស់រាងកាយ ធ្វើឱ្យនោមតិច មានពណ៌លឿងចាស់។ បើក្មេងមិននោមលើសពី 12 ម៉ោង ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ព្រោះអាចនឹងកើតសភាវគាំងក្រលៀនភ្លាមៗបាន។

    4 – នោមច្រើន

    ការបន្ទោបង់ទឹកនោមច្រើន ច្រើនតែបណ្តាលមកពីការបានទទួលទឹកច្រើនលើសតម្រូវការរបស់រាងកាយ ដោយក្រលៀននឹងបញ្ចេញចំនួនទឹកដែលលើសចេញ ធ្វើឱ្យទឹកនោមមានពណ៌ស្លេក ពេលខ្លះដូចទឹកធម្មតា។ ក្រៅអំពីនេះអាចបណ្តាលមកពីជាតិស្ករ នៅក្នុងទឹកនោម ឬបានទទួលថ្នាំបញ្ចុះទឹកម៉ូត្រ ធ្វើឱ្យក្រលៀនបញ្ចេញតឹកចេញមកច្រើនជាងប្រក្រតី ឬមានភាពខុសប្រក្រតីក្នុងខួរក្បាល ដូចជា ជំងឺ Diabetes insipidus ជាដើម។

    រឿងរបស់ទឹកមូត្រ យើងអាចសង្កេតឃើញភាពខុសប្រក្រតីបានងាយបំផុត តែពេលខ្លះការព្យាបាលក៏មិនមែនងាយស្រួលជានិច្ចនោះដែរ ចូរប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗ ជាពិសេសបើជាកូនចៅរបស់យើងផងនោះ៕