Tag: Health

  • ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។

    យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

    អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។

    បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។

    គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    ត្រចៀកជាអវយវៈដែលមានតួនាទីច្រើនយ៉ាងក្នុងពេលតែមួយ ទាំងទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញាបញ្ជូនតឆ្ពោះទៅខួរក្បាល និងថែមទាំងនៅជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង ដែលបើសិនជាមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀក យើងអាចប្រថុយប្រថាននឹងការឈឺចាប់ និងកើតការធ្វើការខុសប្រក្រតី ដូចជា បាត់បង់លំនឹងខ្លួន ឬហ៊ឹងត្រចៀកជាដើម ជាពិសេសសត្វល្អិតដែលចូលទៅទាំងនោះអាចនឹងនាំមេរោគចូលទៅជាមួយផងដែរ។ ថ្ងៃនេះយើងមករៀនយល់ដឹងពីធ្វើបឋមព្យាបាលក្នុងករណីដែលមានសត្វល្អិតចូលត្រចៀក ដើម្បីនឹងបានទប់ទល់ជាមួយវាយ៉ាងត្រឹមត្រូវនៅពេលកើតហេតុបន្ទាន់ឡើង៕

    សត្វល្អិតចូលត្រចៀក គ្រោះថ្នាក់ដែរឬទេ?

    ការដែលមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀកអាចធ្វើឱ្យកើតគ្រោះថ្នាក់បាន ជាពិសេសសត្វល្អិត ព្រោះសត្វល្អិតអាចនឹងនាំមេរោគដែលបង្កឱ្យកើតរោគរលាក ឬមេរោគផ្សឹតនៅក្នុងរន្ធត្រចៀកបាន រឹតតែបើសិនជាសត្វចៃឆ្កែផងនោះ រឹតតែមានគ្រោះថ្នាក់ខ្លាំងទៅទៀត ព្រោះទឹកមាត់របស់សត្វចៃនឹងបង្កឱ្យកើតអាការរមាស់យ៉ាងខ្លាំង និងថែមទាំងមានមេរោគបាក់តេរីដែលពេលចូលទៅក្នុងក្រសែឈាមហើយ អាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្រព័ន្ធឈាមដែលជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាព។

    សត្វល្អិតចូលត្រចៀក មានអាការយ៉ាងណា និងមានអារម្មណ៍យ៉ាងណា?

    ពេលមានសត្វល្អិតចូលទៅក្នុងត្រចៀកហើយ អាការដែលយើងសង្កេតឃើញបានច្បាស់នោះគឺ នឹងកើតអាការឈឺត្រចៀកយ៉ាងទាន់ហន់ និងមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងនៅក្នុងត្រចៀក បើសត្វល្អិតនោះនៅមិនទាន់ងាប់ផង នឹងមានអារម្មណ៍ថាដូចមានអ្វីដើរ ឬហោះនៅក្នុងត្រចៀក ធ្វើឱ្យកើតក្តីរំខានយ៉ាងខ្លាំង និងបើសិនជាសត្វល្អិតនោះរាងធំផង អាចនឹងមានអារម្មណ៍ថាណែនៗក្នុងត្រចៀក ឬធ្វើឱ្យហ៊ឺងត្រចៀកអស់មួយរយៈ។

    សត្វល្អិតចូលត្រចៀក តើត្រូវធ្វើបឋមសង្រ្គោះយ៉ាងណា?

    សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបាននោះ មានច្រើនប្រភេទ មិនថាតែសត្វល្អិតខ្លួនតូចៗ ដូចជា ស្រមោច មមង់ ចៃឆ្កែ ឬសូម្បីតែសត្វល្អិតខ្លួនធំ ដូចជា រុយ កូនកន្លាតជាដើម ហើយវិធីធ្វើបឋមសង្រ្គោះមានដូចតទៅ ៈ

    បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលឱ្យត្រចៀកខាងដែលសត្វល្អិតចូលនោះនៅខាងលើ ហើយយកបេប៊ីអយល៍ ( Baby oil ) ឬប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម ងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងមកបាន។ បន្ទាប់ពីនោះត្រូវស្ថិតនៅក្នុងឥរិយាបថបែបនោះប្រមាណជា 15 – 30 នាទីដើម្បីឱ្យសត្វល្អិតនោះអណ្តែតឡើងមក តែបើសិនមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វីខ្វេះ ឬខ្វាត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតកាន់តែធ្លាក់ទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។

    យ៉ាងណាក៏ដោយ បើសត្វដែលចូលត្រចៀកនោះជាសត្វល្អិតតូច ដូចជា ស្រមោច មមង់ ឬមូស និងបើនៅមិនទាន់ស្លាប់ ក៏អាចប្រើវិធីជន្លវាឱ្យចេញមកវិញបានដោយការបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។

    តែទាំងអស់នេះ បើធ្វើតាមវិធីខាងលើហើយសត្វល្អិតនៅតែមិនចេញមកទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីត្រចៀក ហ៊ឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគរហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕

  • ស្ពឹកដៃ…បញ្ហាដែលជួបប្រទះញឹកញាប់ (អាការ មូលហេតុ ការការពារ និងការព្យាបាល)

    ស្ពឹកដៃ…បញ្ហាដែលជួបប្រទះញឹកញាប់ (អាការ មូលហេតុ ការការពារ និងការព្យាបាល)

    ស្ពឹកដៃ ឬដៃស្ពឹក បញ្ហាដែលជួបប្រទះញឹកញាប់នៅលើមនុស្សវ័យកណ្តាល ដោយច្រើនតែកើតនៅលើភេទស្រីច្រើនជាប្រុស បណ្តាលមកពីការប្រើការងារដោយដៃក្នុងលក្ខណៈដែលត្រូវមានការកន្រ្តាក់កដៃ ឬក្តាប់ម្រាមដៃពេញមួយថ្ងៃៗ ដោយក្រុមដែលជួបប្រទះគឺ ស្រ្តីមេផ្ទះ ជាងធ្វើសក់ អ្នកធ្វើអនាម័យ(បោសសម្អាត) ឬអ្នកធ្វើការក្នុងការិយាល័យដែលត្រូវទទួលទូរស័ព្ទ ប្រើកុំព្យូទ័រយូរៗ និងក្នុងក្រុមអ្នកជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ឆ្អឹង រូម៉ាតយដ៍ ស្រ្តីមានគភ៌ អ្នកជំងឺក្រលៀនរ៉ាំរ៉ៃ រួមទាំងការខ្វះវីតាមីន B ដែលមានបច្ច័យជំរុញឱ្យកើតអាការស្ពឹកស្រពន់ដៃបានផងដែរ។

    អាការ ៈ នឹងចាប់ផ្តើមស្ពឹកនៅលើបាតដៃ និងម្រាមដៃ ក្នុងខណៈដែលប្រើដៃធ្វើការងារជាបន្តបន្ទាប់ ហើយបើកើតខ្លាំង អាចមានអាការស្ពឹករហូតឡើងឈឺស្រពន់ក្នុងខណៈដែលមិនបានប្រើការដៃ និងមានអាការឈឺនៅពេលយប់ រហូតដល់ត្រូវភ្ញាក់នៅពេលយប់ដើម្បីកម្រើកដៃ ឬធ្វើម៉ាស្សាច្របាច់បាតដៃទៀតផង ហើយបើបណ្តោយទុកយូរនឹងកើតអាការទន់ចុះខ្សោយកម្លាំងដៃ ចាប់កាន់វត្ថុអ្វីមួយនឹងរបូតជ្រុះ រហូតឈានទៅដល់មានការរួញស្វិតរបស់សាច់ដុំដៃនៅទីបំផុត។

    មូលហេតុរបស់អាការស្ពឹកដៃ ៈ ភាគច្រើនបណ្តាលមកពីការពង្រីកខ្លួនរបស់សរសៃវៀវតោងឆ្អឹងម្តុំកដៃ ឬបរិវេណសន្លាក់ឆ្អឹងបាតដៃ សរសៃវៀវនេះនឹងទៅសង្កត់រឹតសរសៃប្រសាទដែលទៅចិញ្ចឹមសាច់ដុំលើបាតដៃ និងសរសៃប្រសាទដែលបំពេញតួនាទីទទួលអារម្មណ៍ដឹងនៅលើបាតដៃ ទើបធ្វើឱ្យការធ្វើចលនារបស់កដៃច្រើនៗដងញឹកញាប់ នឹងធ្វើឱ្យកើតការផ្សារក្រហាយខ្លាំងឡើង។

    ការមើលថែទាំ និងការពារ ៈ ត្រូវចាប់ផ្តើមពីការកាត់បន្ថយការប្រើការកដៃដែលធ្វើការធ្ងន់ៗ កែសម្រួលឥរិយាបថធ្វើការងាររបស់ដៃឱ្យស័ក្តិសម។ ក្នុងអំឡុងការធ្វើការ កដៃមិនត្រូវបត់-ងខ្លាំងជ្រុលពេក និងប្រើឧបករណ៍ជួយប្រគងកដៃសម្រាប់អ្នកដែលប្រើកុំព្យូទ័រ ដើម្បីឱ្យកដៃមានកន្លែងសម្រាក។ ម៉ៅស៍ដែលប្រើក៏ត្រូវមានទំហំល្មមប៉ុននឹងបាតដៃ មិនតូចជ្រុលពេក ព្រោះនឹងធ្វើឱ្យប្រឹងកដៃខ្លាំងឡើង។

    ការរក្សាព្យាបាល ៈ បើអ្នកកើតអការនេះមិនសូវជាធ្ងន់ធ្ងរប៉ុន្មាន អាចប្រើថ្នាំប្រឆាំងការរលាករបស់សរសៃវៀវ និងសរសៃប្រសាទ ការញ៉ាំវីតាមីន B រហូតទៅដល់ដំណាក់កាលចុងក្រោយគឺ ការវះកាត់សរសៃវៀវដែលទៅសង្កត់រឹតសរសៃប្រសាទនោះ ដូច្នេះការមើលថែទាំ ការពារ និងថ្នមកដៃ ដើម្បីឱ្យយើងបានប្រើការបានយូរៗ គឺជារឿងដែលគួរតែប្រតិបត្តិ ព្រោះការប្រើការកដៃដែលខុសឥរិយាបទ ខុសវិធី អាចនាំឆ្ពោះទៅរកការព្យាបាលដែលស្មុគ្រស្មាញខ្លាំងឡើង៕

  • ធ្លាប់ដែរឬទេ? គ្រាន់តែភ្ញាក់ឡើង ក៏នឿយបាត់ទៅហើយ…ជាជំងឺ ឬគ្រាន់តែជាអាការខ្ជិល?

    ធ្លាប់ដែរឬទេ? គ្រាន់តែភ្ញាក់ឡើង ក៏នឿយបាត់ទៅហើយ…ជាជំងឺ ឬគ្រាន់តែជាអាការខ្ជិល?

    តើមិត្តអ្នកអានធ្លាប់ដែរឬទេ? មិនទាន់ទាំងបានធ្វើអ្វីផង គ្រាន់តែបើកភ្នែកឡើងពីកន្លែងគេង ក៏មានអារម្មណ៍ថា ហត់នឿយបាត់ទៅហើយ។ បើអ្នកមានអាការបែបនេះ ចូរនាំគ្នាមកមើលថា តើមូលហេតុដែលពិតប្រាកដនោះបណ្តាលមកពីអ្វីខ្លះ និងតើយើងអាចកម្ចាត់អាការទាំងនេះចេញពីរាងកាយយើងយ៉ាងម៉េចបាន?

    1 . ញ៉ាំទឹកមិនគ្រប់គ្រាន់ ៈ វិធីកែ យកទឹកមកញ៉ាំភ្លាមទៅ!

    2 . មានរឿងពិបាកចិត្ត ឬមានរឿងធុញថប់តានតឹងប្រមូលសន្សំក្នុងខួរក្បាលមកគ្រប់ពេលវេលា ៈ ដល់ពេលដែលអ្នកត្រូវបោះវាចោលហើយ។

    3 . មិនញ៉ាំអាហារពេលព្រឹក ៈ ជាអាហារពេលសំខាន់ចំពោះការធ្វើការងាររបស់ប្រព័ន្ធរាងកាយ យ៉ាងហោចណាស់ទឹកដោះគោមួយកែវក៏គ្រាន់ដែរ តែបើឱ្យល្អបំផុត គួរញ៉ាំអាហារឱ្យឆ្អែត។

    4 . ធ្វើការក្នុងថ្ងៃឈប់សម្រាក ៈ មិនបាច់សង្ស័យឡើយថា ហេតុអីបានរាងកាយនឿយហត់ខ្លាំងម្ល៉េះ? ដល់ព្រឹកថ្ងៃធ្វើការបែរជានៅស្ទឹកមួយកន្លែង។

    5 . លេងប្រព័ន្ធសង្គមអនឡាញមុនពេលគេងច្រើនពេក ៈ ធ្វើឱ្យខួរក្បាលសម្រាកមិនបានគ្រប់គ្រាន់ វិធីដែលល្អបំផុតគឺ មុនគេងគួរបណ្តោយឱ្យខួរក្បាលបានសម្រាកឱ្យធូរស្រាល ដើម្បីឱ្យបានធ្វើការគេងសម្រាកយ៉ាងល្អឥតខ្ចោះ។

    6 . រាងកាយខ្វះសារធាតុដែក ៈ សាកល្បងញ៉ាំអាហារពពួក ស្លឹកបាស់ ផ្ទី សណ្តែកក្រហម សណ្តែកខ្មៅ ឱ្យបានច្រើនឡើង។

    7 . នឿយហត់ពីការធ្វើការងារ ទើបមិនហាត់ប្រាណ ៈ ជាការសម្រេចចិត្តដែលខុសយ៉ាងស្រឡះ ការហាត់ប្រាណហើយហត់ចេញញើស សារធាតុអេនដូហ្វ៊ីន ឬសារធាតុនៃសេចក្តីសុខហូរចេញមក នឹងជួយឱ្យគេងលក់ស្រួល និងថែមទាំងជួយជំរុញប្រព័ន្ធការធ្វើការងារក្នុងរាងកាយឱ្យល្អឡើងទៀតផង។

    8 . កន្លែងធ្វើការរញេរញ៉ៃគ្មានសណ្តាប់ធ្នាប់ តុធ្វើការអត់របៀប ៈ វាហុចផលប៉ះពាល់ខាងចិត្តវិទ្យា ដោយអ្នកមិនបានដឹងខ្លួនឡើយ។ វាប្រៀបដូចជាថា គ្រាន់តែនឹកដល់កន្លែង និងតុធ្វើការ ចិត្ត និងអារម្មណ៍ក៏នឿយហត់ និងគិតរួចស្រេចទៅហើយថា ការងាររវល់វីវក់អ្វីម្ល៉េះហ្ន៎។

    តែបើធ្វើ និងកែបញ្ហាគ្រប់ចំណុចដូចខាងលើនេះហើយ នៅតែមានអារម្មណ៍ថានឿយហត់ទៀតនោះ អាចទៅរួចហើយថា អ្នកកើតអាការខ្ជិលច្រអូសហើយ ដូច្នេះកុំទៅបន្ទោសអ្នកណា៕

  • ប្រយោជន៍របស់ផ្លែមង្ឃុត ដ៏ច្រើនអនេកចំពោះរាងកាយមនុស្ស

    ប្រយោជន៍របស់ផ្លែមង្ឃុត ដ៏ច្រើនអនេកចំពោះរាងកាយមនុស្ស

    មង្ឃុតជាផ្លែឈើក្នុងស្រុកដែលមានគុណប្រយោជន៍ច្រើនណាស់ និងអាចរកទិញញ៉ាំបានតាមរដូវកាលដោយតម្លៃធួរថ្លៃទៀតផង។ ចាស់ៗបុរាណតែងញ៉ាំផ្លែមង្ឃុតដើម្បីបំបាត់អាការស្រេកទឹក និងអាការក្តៅក្នុង ក្រៅពីនេះមង្ឃុតថែមទាំងជាផ្លែឈើដែលជួយសម្រកទម្ងន់ មានសារធាតុអាហារដែលសំខាន់ចំពោះស្បែកទៀតផង ដូច្នេះយើងនាំគ្នាមកមើលពីគុណប្រយោជន៍របស់ផ្លែមង្ឃុតទាំងអស់គ្នាដូចតទៅ ៖

    បំបាត់អាការក្តៅក្នុង ៈ ដូចដែលបានរៀបរាប់ពីខាងដើមរួចហើយថា ចាស់ៗបុរាណញ៉ាំផ្លែមង្ឃុតដើម្បីបំបាត់អាការក្តៅក្នុង ព្រោះថាសាច់ផ្លែមង្ឃុតមានជាតិទឹកច្រើន ទើបធ្វើឱ្យរាងកាយអាចបឺតជ្រាបយកជាតិទឹកចេញពីសាច់ផ្លែមង្ឃុតចូលទៅក្នុងរាងកាយបានយ៉ាងមានតុល្យភាព។

    សម្រកទម្ងន ់ ៈ អាចបញ្ចុះទម្ងន់បានដោយសារតែមានជាតិកាកសរសៃច្រើន ដោយសារតែយើងញ៉ាំមង្ឃុតចូលទៅនឹងធ្វើឱ្យមានអារម្មណ៍ឆាប់ឆ្អែត និងឆ្អែតបានយូរហ្នឹងឯង និងដោយផ្លែមង្ឃុតគ្មានកូឡេស្តេរ៉ូល ឬមានត្រឹមតែ 0.40 ប៉ុណ្ណោះ ទើបធ្វើឱ្យមង្ឃុតក្លាយជាផ្លែឈើដែលញ៉ាំហើយអាចសម្រកទម្ងន់បានយ៉ាងល្អ។

    មានវីតាមីនច្រើន ៈ មិនថាតែវីតាមីន C វីតាមីន B ហ្វូលេត ជួយក្នុងការដុតបំផ្លាញប្រូតេអ៊ីន និងជាតិខ្លាញ់ឱ្យចូលទៅក្នុងរាងកាយបានល្អឡើង និងនៅមានចំណែកជួយក្នុងការបំប៉នប្រព័ន្ធប្រសាទ ធ្វើឱ្យមនុស្សញ៉ាំចូលទៅហើយមានអារម្មណ៍ថា ស្រស់​ថ្លា និងកាត់បន្ថយអាការរបស់ជំងឺសោកសៅបានយ៉ាងល្អ។

    សារធាតុរ៉ែ មានទង់ដែង ដែក ប៉ូតាស្យូម និងផ្សេងទៀត ៈ ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់រាងកាយ និងថែមទាំងគ្រប់គ្រងអត្រាការលោតរបស់បេះដូងឱ្យនៅប្រក្រតី និងការពារជំងឺពាក់ព័ន្ធនឹងសរសៃឈាមបានទៀតផង។

    ប្រឆាំងអនុមូលឥស្សរៈ ៈ អាចនិយាយបានថា ទាំងបន្លែ និងផ្លែឈើផ្សេងៗសុទ្ធតែមានសារធាតុប្រឆាំងអនុមូលឥស្សរៈទាំងអស់ តែផ្តល់នូវលទ្ធផលខុសប្លែកពីគ្នា ឯផ្លែមង្ឃុតវិញក៏ផ្តល់នូវសារធាតុប្រឆាំងអនុមូលឥស្សរៈបានល្អដូចគ្នា និងនៅអាចតតាំងជំងឺផ្សេងទៀតបានដូចជា ជំងឺប្រតិកម្មចាញ់ ជំងឺហឺត ជាដើមទៀតផង៕

  • ពិនិត្យមើលធ្មេញរបស់អ្នកថា តើត្រូវជាតិអាស៊ីតកាត់រេចរិលអស់ប៉ុន្មានហើយ?

    ពិនិត្យមើលធ្មេញរបស់អ្នកថា តើត្រូវជាតិអាស៊ីតកាត់រេចរិលអស់ប៉ុន្មានហើយ?

    លោកអ្នកអាចនឹងមិនជឿថា អាហារ និងភេសជ្ជៈដែលយើងបរិភោគរៀងរាល់ថ្ងៃនេះអាចក្លាយសភាពទៅជាអាស៊ីតបាន

    និងសម្ងំខាំបំផ្លាញធ្មេញរបស់លោកអ្នកឱ្យខ្ទេចយ៉ាប់យ៉ឺនអស់បានទៀតផង។ គ្រប់ពេលដែលធ្មេញប៉ះនឹងជាតិអាស៊ីត ស្រទាប់ស្រោបធ្មេញនឹងត្រូវខាំកម្ទេច គ្រប់ពេលដែលដុសសម្អាតធ្មេញ ស្រទាប់ស្រោបធ្មេញនឹងស្តើងចុះជាបណ្តើរៗតាមពេលវេលាដែលកន្លងទៅ។ បាតុភូតនេះហៅថា ការខាំកម្ទេចដោយជាតិអាស៊ីតដែលនៅពេលកើតឡើងហើយ មិនអាចកែខៃបានឡើយ តែការផ្លាស់ប្តូរទង្វើក្នុងជីវិតប្រចាំថ្ងៃមួយចំនួន អាចសម្រាលពីធ្ងន់ធ្ងរមកធូរស្រាលបាន។

    1 . ទង្វើការបរិភោគជាទូទៅរបស់អ្នកយ៉ាងណាដែរ?

    • ក . ខ្ញុំញ៉ាំរបស់ចិបចុបនេះនោះពេញមួយថ្ងៃ
    • ខ . ខ្ញុំញ៉ាំអាហារពេលចម្បងៗមួយថ្ងៃ 3 ពេល និងមានអាហាេពេលទំនេរបន្តិចបន្តួច
    • គ . ខ្ញុំញ៉ាំតែ 3 ពេលសំខាន់ប៉ុណ្ណោះ និងគ្មានអាហារពេលទំនេរឡើយ

    2 . អាហារពេលព្រឹករបស់អ្នកមានផ្លែឈើរួមជាមួយដែរឬទេ?

    • ក . មានស្ទើរតែរាល់ថ្ងៃ
    • ខ . មានម្តងម្កាល
    • គ . បន្ទាប់ពីភ្ញាក់ពីគេង ឬ 1 ម៉ោងក្រោយញ៉ាំអាហាររួច

    3 . នៅពេលព្រឹក តើអ្នកច្រើនតែដុសធ្មេញនៅពេលណា?

    • ក . ភ្លាមៗតែម្តងបន្ទាប៉ពីញ៉ាំអាហាររួច
    • ខ . ប្រហែល 20 នាទីក្រោយអាហារពេលព្រឹក
    • គ . ក្រោយពេលភ្ញាក់ពីគេង ឬ 1 ម៉ោងក្រោយញ៉ាំអាហាររួច

    4 . តើអ្នកញ៉ាំទឹកភេសជ្ជៈកំប៉ុងរបៀបណា?

    • ក . ខ្ញុំញ៉ាំពីកែវ ឬកំប៉ុង និងខ្ពុរនៅក្នុងមាត់មួយភ្លែតមុននឹងលេប
    • ខ . ខ្ញុំក្រេបម្តងបន្តិចៗ
    • គ . ខ្ញុំញ៉ាំដោយបឺតតាមបំពង់បឺត

    5 . តើអ្នកផ្សំរសជាតិអាហារដោយទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកជ្រលក់សូស ញឹកញាប់ប៉ុនណា?

    • ក . គ្រប់ពេលដែលមានឱ្យផ្សំ
    • ខ . ញឹកញាប់
    • គ . យូរៗម្តង

    វិធីឱ្យពិន្ទុ

    ចំណុច ក . 1 ចំណុច 1 ពិន្ទុ

    ចំណុច ខ . 1 ចំណុច 2 ពិន្ទុ

    ចំណុច គ . 1 ចំណុច 3 ពិនកទុ

    5 – 8 ពិន្ទុ

    អ្នកមានភាពប្រថុយប្រថានខ្ពស់ដែលធ្មេញនឹងត្រូវបំផ្លាញដោយជាតិអាស៊ីត ចូរសាកល្បងផ្លាស់ប្តូរទង្វើការផឹក ដូចជា ញ៉ាំអាហារពេលទំនេរឱ្យតិចជាងមុន ញ៉ាំទឹកដោះគោក្រោយពេលទទួលទានអាហារពេលចម្បងៗ និងញ៉ាំទឹកភេសជ្ជៈពីបំពង់បឺត។

    9 – 12 ពិន្ទុ

    អ្នកមានសញ្ញាថានឹងប្រឈមនឹងគ្រោះថ្នាក់ពីជាតិអាស៊ីតនាពេលអនាគត ដូច្នេះប្តូរអាហារពេលទំនេរមកជាអាហារពពួកដែលជាមិត្តជាមួយស្រទាប់ស្រោបធ្មេញវិញ ដូចជា អាហារធ្វើពីទឹកដោះ សណ្តែក ចៀសពីអាហារដែលស្អិតៗ និងមានជាតិស្ករខ្ពស់ និងបើមិនអាចកាត់ចិត្តពីទឹកភេសជ្ជៈកំប៉ុងបាននោះ ក៏គួរតែញ៉ាំដោយការបឺតចេញពីបំពង់បឺត ជំនួសការញ៉ាំដោយកែវ ឬលើកកំប៉ុងញ៉ាំតែម្តង។

    13 – 15 ពិន្ទុ

    អាហារការហូបចុក និងការរស់នៅរបស់អ្នកហាក់ដូចជាជាមិត្តជាមួយនឹងធ្មេញ តែក៏គួរប្រយ័ត្នអាការស្រទាប់ស្រោបធ្មេញត្រូវបំផ្លាញ ដោយការទៅជួបទន្តពេទ្យឱ្យបានជាប់ជានិច្ច និងប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ ឬកុំរឹងខ្លាំងពេក៕

  • 5 អាហារចាំបាច់ដែលនារីៗវ័យ 30 + មិនអាចខ្វះបាន

    5 អាហារចាំបាច់ដែលនារីៗវ័យ 30 + មិនអាចខ្វះបាន

    អាហារចាំបាច់ចំពោះរាងកាយជានិច្ច អ្នកណាៗក៏ដឹងដែរ ទើបថ្ងៃនេះយើងមាន 5 អាហារសុខភាពមកផ្ញើរនារីៗ ជាស៊ុបភើរ៍ហ្វូ៊ដដែលមិនអាចខ្វះបាន ដើម្បីមើលថែទាំសុខភាព និងការពាររោគដែលតែងកើតច្រើននៅក្នុងក្រុមនារីៗយើងពេលអាយុកាន់តែច្រើនឡើង ដូច្នេះយើងនាំគ្នាទៅមើលថា តើមានអ្វីខ្លះ? ។

    1 . យ៉ាអួជាតិខ្លាញ់តិច រសជាតិធម្មជាតិ ជួយកាត់បន្ថយការកើតមហារីកសុដន និងការឆ្លងមេរោគក្នុងរន្ធស្បូន ក្រៅពីនេះនៅមានកាល់ស្យូមខ្ពស់ ការពារបញ្ហាពុកឆ្អឹងបានទៀតផង។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 5 ដង

    2 . ត្រីដែលមានខ្លាញ់ ដូចជា ត្រីសាលម៉ន់ ត្រីមែកឃើរេល ត្រីសាឌីន មានជាតិអាស៊ីតអូមេហ្កា 3 ជួយការពារជំងឺរលាកសន្លាក់ឆ្អឹងរូម៉ាតយដ៍ ជំងឺអេសអឹលអ៊ី ដែលកើតច្រើននៅលើស្រ្តីច្រើនជាងបុរស។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 2 – 3 ដង

    3 . សណ្តែក ទាំងសណ្តែកដែលញ៉ាំបានទាំងកួ ដូចជា ពពាយ សណ្តែកកួ សណ្តែកហោឡាន់តៅ សណ្តែកអង្គុយ សណ្តែកក្រហម សណ្តែកខ្មៅ មានហ្វៃប៊ើរខ្ពស់ មានសារធាតុដែលមានឬទ្ធិទប់ស្កាត់អង់ហ្ស៊ីមប្រូទិអេស ដែលជួយការពារ និងកាត់បន្ថយការបំបែកខ្លួនរបស់កោសិកាមហារីក ជួយការពារមហារីកសុដន និងដែលសំខាន់គឺ ហុចផលល្អដល់អ័រម៉ូនភេទស្រី។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 2 – 3 ដង

    4 . ផ្លែប៉េងប៉ោះ និងឪឡឹក មានសារធាតុឡៃខូពីន ជួយការពារមហារីកសុដន មានសារធាតុអ៊ែនទីអុកស៊ីដេនត៍ ធ្វើឱ្យមើលទៅឃើញនៅក្មេងវ័យ ព្រោះជួយការពារស្បែកមិនឱ្យត្រូវកាំរស្មីអ៊ុលត្រាវីយ៉ូឡេបំផ្លាញ។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 5 ដង

    5 . ប៊ើរី ដូចជា ប្លូ៊ប៊ើរី ស្រ្តប៊ើរី រ៉ាសប៊ើរី មានអ៊ែនថូសៃអ៊ែនស៍( anthocyans ) ដែលមានតួនាទីសំខាន់ក្នុងការជួសជុលកោសិកាក្នុងរាងកាយរបស់យើង ក្រៅពីនេះនៅមានការងារស្រាវជ្រាវមួយដែលអះអាងថា វាជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកបានច្រើនប្រភេទ ដូចជា មហារីកសុដន មហារីកប្រព័ន្ធរំលាយអាហារ ជាដើម។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 4 ដង

    ចង់ក្លាយជានារីរូបស្អាតសុខភាពល្អ ចូរកុំខកខាន 5 ស៊ុបភើរហ្វូ៊ដខាងលើនេះ និងត្រូវនាំគ្នាមើលថែទាំខ្លួនតាំងពីថ្ងៃនេះតទៅ៕

  • សង្កេតមើលខ្លួនឯងមុនហួសពេល…12 អាការដែលប្រាប់ថា ថ្លើមរបស់អ្នកជិតខ្ទេចហើយ

    សង្កេតមើលខ្លួនឯងមុនហួសពេល…12 អាការដែលប្រាប់ថា ថ្លើមរបស់អ្នកជិតខ្ទេចហើយ

    ថ្លើមស្ថិតនៅផ្នែកស្តាំខាងលើនៃក្បាលពោះរបស់អ្នក វាត្រូវបានគ្របដោយឆ្អឹងជំនីរបស់អ្នក ជាអវយវៈដែលមានទំហំធំបំផុតក្នុងរាងកាយមនុស្ស មុខនាទីសំខាន់ចម្បងរបស់ថ្លើមគឺ ជួយកម្ចាត់សារធាតុពុលដែលជាគ្រោះថ្នាក់ចេញពីរាងកាយ បើទុកចោលវានឹងធ្វើឱ្យប្រព័ន្ធរបស់រាងកាយខូចខាត ទើបវាជារឿងសំខាន់ណាស់ដែលយើងគួរតែដឹងអំពីសញ្ញាចាប់ផ្តើមរបស់ថ្លើមថា នឹងកើតបញ្ហាធ្ងន់ធ្ងរ។

    ក្នុងខណៈដែលថ្លើមមានភាពប្រថុយជាមួយនឹងជំងឺផ្សេងៗច្រើនជាង 100 ប្រភេទ និងជំងឺរបស់មនុស្សម្នាក់ៗអាចមានអាការខុសប្លែកពីគ្នានោះ យ៉ាងណាក៏ដោយ ទាំងអស់នេះមានផលដល់ថ្លើមក្នុងលក្ខណៈដែលស្រដៀងគ្នាក្នុងរយៈចាប់ផ្តើម។

    ជំងឺផ្សេងៗដែលពាក់ព័ន្ធជាមួយថ្លើមប្រកបដោយ ៈ

    • ជំងឺរលាកថ្លើម
    • ជំងឺរឹងថ្លើម
    • ជំងឺខ្លាញ់ក្នុងថ្លើម
    • ជំងឺថ្លើមដោយសារជាតិអាល់កុល
    • និងខាងក្រោមនេះគឺ 12 អាការចាប់ផ្តើមរបស់ភាពខូចខាតរបស់ថ្លើមដែលអ្នកគួរប្រយ័ត្ន ៈ

    1 . ឈឺពោះញឹកញាប់ ៈ នៅពេលអ្នកកើតអាការឈឺពោះញឹកញាប់ មានអាការរមួលពោះ និងពេលខ្លះមានការក្អួតចង្អោររួមជាមួយផងនោះ អ្នកគួរតែទៅពិនិត្យរាងកាយជាបន្ទាន់ ព្រោះអាការក្អួតចង្អោរនេះគឺជាលទ្ធផលមកពីការប្រមូលសន្សំសារធាតុពុលក្នុងរាងកាយ និងមិនងាយក្នុងការកម្ចាត់វាចេញបានទេ។

    2 . មិនឃ្លានអាហារ ៈ ថ្លើមផលិតទឹកប្រមាត់ដែលជួយក្នុងការរំលាយអាហារ នៅពេលថ្លើមរបស់អ្នកខុសប្រក្រតី ការផលិតទឹកប្រមាត់នឹងថយចុះ ហើយការដុតបំផ្លាញអាហារក៏នឹងថយចុះដែរ ដូច្នេះអ្នកនឹងមានអាហារថាឆ្អែតរហូត និងធ្វើឱ្យអ្នកមិនឃ្លានអាហារ។

    3 . រាងកាយមានអារម្មណ៍ថានឿយហត់ អស់កម្លាំង និងល្វើយ ៈ ពេលមានការប្រមូលសន្សំសារធាតុពុលច្រើនជ្រុលពេកនៅក្នុងរាងកាយ អ្នកលនឹងមានអារម្មណ៍នឿយហត់ញឹកញាប់ឡើង ទោះបីជាក្រោយពីបានពេញលេញហើយក៏ដោយ។

    4 . មានបញ្ហាក្នុងការរំលាយអាហារ ៈ ដូចដែលបានរៀបរាប់រួចហើយថា ថ្លើមផលិតទឹកប្រមាត់ដែលជួយរំលាយអាហារ នៅពេលវាចុះខ្សោយ ការផលិតទឹកប្រមាត់ក៏នឹងថយចុះ និងជាផលធ្វើឱ្យអាហារដែលអ្នកញ៉ាំចូលទៅ មិនត្រូវបានរំលាយយ៉ាងឥតខ្ចោះ នាំឆ្ពោះទៅរកបញ្ហាទល់លាមក។

    5 . ការប្រែប្រួលលើពណ៌លាមក ៈ ទឹកប្រមាត់ដែលផលិតដោយថ្លើមនឹងជួយឱ្យលាមករបស់អ្នកក្លាយជាពណ៌ស្ករចាស់ នៅពេលអ្នកមានបញ្ហាពាក់ព័ន្ធនឹងថ្លើម នឹងធ្វើឱ្យថ្លើមផលិតទឹកប្រមាត់ថយចុះ នឹងធ្វើឱ្យលាមកស្អិត និងមានពណ៌ប្រផេះ ពណ៌ស្លេកនិងពណ៌លឿង។

    6 . កាប្រែប្រួលលើពណ៌ទឹកមូត្រ ៈ នៅពេលទឹកមូត្ររបស់អ្នកប្តូរពណ៌ ទោះជាអ្នកញ៉ាំទឹកយ៉ាងគ្រប់គ្រាន់ហើយក៏ដោយនោះ វាអាចចង្អុលបង្ហាញពីបញ្ហារបស់ថ្លើម ដូចជាកម្រឹត ប៊ិលីរូប៊ីនក្នុងក្រសែឈាមរបស់អ្នកដែលក្រលៀនបានផលិតចេញមកនោះទើបថ្លើមត្រូវកម្ចាត់ចេញ។ ទឹកមូត្រពណ៌ចាស់នៅអាចជាសញ្ញារបស់ការប្រើថ្នាំបដិបក្ខប្រាណ ឬការប្រើផលិតផលបំប៉នអាហារវីតាមីន B ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្យដើម្បីការវិនិច្ឆ័យរោគដែលត្រឹមត្រូវ។

    7 . មានភាពអាចទៅរួចខ្ពស់ក្នុងការកើតជំងឺខាន់លឿងនៅពេល ប៊ិលីរូប៊ីននៅក្នុងក្រសែឈាមរបស់អ្នកកើនច្រើនឡើង ជាលទ្ធផលមកពីការធ្វើការដ៏កម្សោយរបស់ថ្លើមដែលមិនអាចកម្ចាត់វាចោលបាន ទើបអ្នកមានសញ្ញាក្នុងការខ្លួនឡើងលឿងដែលច្រើនតែកើតនៅលើស្បែក ចុងម្រាមដៃ ភ្នែក និងអណ្តាតរបស់អ្នក។

    8 . ការឃាំងទុកវត្ថុរាវ ៈ នៅពេលថ្លើមរបស់អ្នកមានបញ្ហាវានឹងឃាំងទុកវត្ថុរាវ ប្រអប់ជើង និងកជើងរបស់អ្នកនឹងរីកហើមអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុដែលពិតប្រាកដ។

    9 . ការប្រែប្រួលនៅក្នុងប្រអប់ពោះរបស់អ្នក ៈ នៅពេលថ្លើមមានបញ្ហានឹងមានសភាវកើតទឹកក្នុងប្រអប់ពោះ នេះជាអាការផ្តើមដំបូងរបស់ភាពខូចខាតក្នុងថ្លើមដែលមានការប្រមូលសន្សំរបស់វត្ថុរាវក្នុងប្រអប់ពោះ នឹងធ្វើឱ្យពោះឡើងប៉ោង។

    10 . ការក្រហាយស្បែករ៉ាំរ៉ៃ ៈ ស្បែករបស់អ្នកនឹងឆាប់រហ័សចំពោះវត្ថុជំរុញនៅពេលត្រូវប៉ះពាល់ និងមានសញ្ញាក្នុងការបែកស្រកា និងអាការរមាស់ រួមទាំងមើលឃើញសរសៃឈាមខ្មៅបានយ៉ាងច្បាស់ទៀតផងនៅពេលថ្លើមរបស់អ្នកមានបញ្ហា។

    11 . ជំងឺរាក និងមានឈាមចេញក្នុងពោះវៀន ៈ ពេលថ្លើមរបស់អ្នកមានបញ្ហានឹងមានអាការទល់លាមកលាយឡំនឹងអាការរាករូសជាមួយគ្នា ឬសូម្បីតែមានរហូតដល់មានឈាមចេញក្នុងពោះវៀនធំទៀតផង បើអ្នកជួបអាការទាំងនេះគួរទៅជួបគ្រូពេទ្យភ្លាមតែម្តង។

    12 . រមួលក្រពើញឹកញាប់ និងមានអាការឈឺពោះ ៈ អ្នកនឹងមានអារម្មណ៍ឈឺចាប់នៅម្តុំក្បាលពោះផ្នែកស្តាំខាងលើរបស់អ្នកនៅពេលថ្លើមមានបញ្ហា ព្រោះបរិវេណនោះមានភាពឆាប់រហ័សចំពោះអារម្មណ៍ដឹង។

    ពេលអ្នកជួបអាការផ្សេងៗទាំងនេះ ចូរកុំនៅស្ទាក់ស្ទើរក្នុងការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញភ្លាមៗឱ្យសោះ៕