Tag: Google

  • វិស្វករ​របស់​ក្រុមហ៊ុន Apple, Google ជា​ដើម មាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន​ក្នុង​មួយឆ្នាំ?

    វិស្វករ​របស់​ក្រុមហ៊ុន Apple, Google ជា​ដើម មាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន​ក្នុង​មួយឆ្នាំ?

    វិ​ស្វាករ​បច្ចេកវិទ្យា​របស់​បណ្ដា​ក្រុមហ៊ុនធំៗដូចជា Apple, Meta, Google ជាដើម មាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​រាប់សែន​ដុល្លារ​អាម៉េរិក ពិសេស​គឺ​វិស្វករ​ផ្នែក AI (បញ្ញា​សិប្ប​និ​ម្មិត)។

    ក្រោយពី​បាន​រីកចម្រើន​ខ្លាំង បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗកំពុង​ប្រឈម​នឹង​វិបត្តិ តម្រូវឱ្យមាន​ការកាត់បន្ថយ​បុគ្គលិក។ ក៏ប៉ុន្តែ សម្រាប់​មុខតំណែង​ជា​វិស្វករ​វិញ គឺ​នៅតែ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដដែល។ នេះ​បើ​យោងតាម​ទិន្នន័យ​ស្ដីពី​ប្រាក់បៀវត្សរ៍​ដែល Levels.fyi និង Business Insider ប្រមូលបាន។

    Google

    វិស្វករ​កម្រិត​ទី​បី នៅ​ក្រុម​នេះ​អាច​ទទួលបាន​ប្រាក់ 130,000 ដល់ 280,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ខណៈដែល​វិស្វករ​ជាន់ខ្ពស់​គឺ​ពី 300,000 ដល់ 700,000 ដុល្លារ ឬ​ច្រើនជាង​នេះ។ ចំណែក​វិស្វករ​ផ្នែក AI វិញ ជា​មធ្យម​ទទួលបាន​ពី 254,700 ដល់ 535,000 ដុល្លារ/ឆ្នាំ។

    Microsoft

    ក្រុមហ៊ុន​នេះ​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​វិស្វករ​ជាន់ខ្ពស់ (បទពិសោធន៍​ច្រើនជាង 8 ឆ្នាំ) ចំនួន 400,000 ដុល្លារ/ឆ្នាំ។ វិស្វករ​ថ្មី ទទួលបាន​ពី 130,000 ដល់ 250,000 ដុល្លារ អម​នឹង​ប្រាក់រង្វាន់​ប្រហែល 200,000 ដុល្លារ អាស្រ័យ​លើ​គោលដៅ​ដែល​សម្រេចបាន។

    Apple

    វិស្វករ​កម្រិត​បី​នៅ​ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 160,000 ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ក៏​អាច​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី 200,000 ដល់ 250,000 ដុល្លារ បើសិន​សម្រេច​គោលដៅ​ដែល​បានកំណត់។ ចំណែក​អ្នក​ដែលមាន​បទពិសោធន៍​ច្រើនជាង​នេះ អាច​ទទួលបាន​ពី 330,000 ដល់ 500,000 ដុល្លារ/ឆ្នាំ។ ពួកគេ​នឹង​ទទួលបាន​ប្រាក់ខែ​គោល 200,000 ដុល្លារ អម​នឹង​ប្រាក់ឧបត្ថម្ភ​ជា​ភាគហ៊ុន តម្លៃ​ចាប់ពី 100,000 ដុល្លារ​។ វិស្វករ AI អាច​ទទួលបាន 505,000 ដុល្លារ។

    Meta

    វិស្វករ​ដែល​ទើប​ចូលធ្វើការ​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 170,000 ដុល្លារ​ក្នុង​មួយឆ្នាំ។ សម្រាប់​វិស្វករ​កម្រិត​មធ្យម អាច​ទទួលបាន​ប្រាក់​បៀវត្សរ៍​​គោល​ដូចខាងលើ បូក​នឹង​ភាគហ៊ុន​តម្លៃ 80,000 និង​ប្រាក់រង្វាន់​គោលដៅ​ប្រចាំឆ្នាំ 15,000 ដុល្លារ។ ចំណែក​វិស្វាករ​ជាន់ខ្ពស់​អា​ចទ​ទួលបាន​រហូតដល់​ពី 1.5 ដល់ 2 លាន​ដុល្លារ។

    Amazon

    ប្រាក់ចំណូល​របស់​បុគ្គ​លិ​ក Amazon អាស្រ័យ​លើ​រង្វាន់​ជា​ភាគហ៊ុន។ វិស្វករ AI អាច​ទទួលបាន​ប្រហែល 300,000 ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុងនោះ​មាន​សាច់ប្រាក់​សុទ្ធ 200,000 ដុល្លារ​ និង​ភាគហ៊ុន​តម្លៃ 120,000 ដុល្លារ។ អ្នក​ដែលមាន​សញ្ញាបត្រ​បណ្ឌិត ទទួលបាន​ពី 250,000 ដល់ 300,000 ដុល្លារ គ្រា​ដែល​វិស្វករ​ជាន់ខ្ពស់​ទទួលបាន​ពី 350,000 ដល់ 500,000 ដុល្លារ៕

  • អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។

    ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។

    ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។

    ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។

    ភាគច្រើន អ្នកប្រើប្រាស់ ChatGPT គឺ​ដើម្បី​ស្វែងយល់​ប្រធានបទថ្មីៗ ដូច្នេះ​ការដែល​ថា​ឧបករណ៍​នេះ​អាច​រកប្រាក់​ចំណូល​បាន​គឺ​ពិបាក​កើតឡើង​នាបច្ចុប្បន្ន។ Chatbot AI អាច​រកប្រាក់​បាន​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម លុះណាតែ​អ្នកប្រើប្រាស់​អាចចូល​​ទៅប្រើ​ ChatGPT , Google Bard ជាដើម ដើម្បី​ស្វែងរក​ផលិតផល សេវាកម្ម ការ​ប្រៀបធៀប​តម្លៃ និង​ទិញ​ទំនិញ។

    បញ្ញា​សិប្ប​ន្មិ​តអាចជួយ​ឱ្យ​បណ្ដា​ថ្នាល​ពាណិជ្ជកម្ម​ឌីជីថល និង​ទេសចរណ៍​រកប្រាក់​ចំណូល​បាន​ពី​ការលើក​ជាការ​ណែនាំ និង​ជំនួយ​របស់​បច្ចេកវិទ្យា chatbot។ បច្ចុប្បន្ន នៅពេល​ទិញ​ទំនិញ​តាម​អន​ឡាញ អ្នកប្រើប្រាស់​រហូតដល់ 56% ស្វែងយល់​ផលិតផល​តាមរយៈ Google Search បន្ទាប់​មក​គឺ​ YouTube និង Bard។ ចំពោះ​សេវាកម្ម​ទេសចរណ៍​វិញ អ្នកប្រើប្រាស់ 37% ចូលទៅ​កាន់ Google និង 33% ចូលទៅ​កាន់​បណ្ដា​គេហទំព័រ​ដែល​ជំនាញ​ខាង​ទេសចរណ៍។

    Morgan Stanley ឱ្យដឹងថា Google នៅតែ​អាចមាន​ប្រៀប​ជាងគេ​នៅក្នុង «សង្គ្រាម» AI នៅពេល​ផ្ដល់​សេវាកម្ម​ស្វែងរក​បែប​បុគ្គល និង​ពេញលេញ​ចំពោះ​វិស័យ​ទេសចរណ៍ តាមរយៈ​​ការ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្វែងរក​ដែល​បានលើកឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​ដូចជា Bard នេះ៕

  • ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

    ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

    អគ្គនាយក​ប្រតិបត្តិ​ Sam Altman និង​ប្រធាន​ Greg Brockman របស់ក្រុម​ហ៊ុន​​ OpenAI វាយ​តម្លៃ​ថា បញ្ញា​សិប្បនិម្មិត (AI) អាច​ឡើង​ដល់​កម្រិត​ជា​អ្នក​ជំនាញ​នៅ​ «ស្ទើរ​គ្រប់​វិស័យ» ​រយៈ​ពេលដប់​ឆ្នាំ​ខាងមុខ​។

    «ជាមួយ​នឹង​ទិដ្ឋភាព​ដូច​យើង​បាន​ឃើញ​បច្ចុប្បន្ន អាច​ស្រមៃ​ឃើញ​ថា ក្នុង​រង្វង់​ដប់​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​ AI នឹង​យក​ឈ្នះ​លើ​ចំណេះ​ជំនាញ​​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្ទើរ​តែ​ទាំង​អស់​ និង​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​ទៅ​នឹង​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នា​បច្ចុប្បន្ន» ក្រុម​មេដឹក​នាំ​របស់ OpenAI ដែល​រួម​មាន Sam Altman, Greg Brockman និង​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​ Ilya Sutskever ចាប់​ផ្ដើម​អត្ថបទ​រួម​ដូច្នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​។

    OpenAI សង្កត់​ធ្ងន់​ថា រូបមន្តកំពូល​​ AI អាច​បង្កហានិភ័យ​ដល់​មនុស្ស​ជាតិ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។ ដូច្នេះ ​ត្រូវ​ការ​​បន្ថយ​ហានិភ័យ​ពី AI ប៉ុន្តែ​មិន​ត្រូវ​កាត់​បន្ថយសមត្ថភាព​​ តែ​ត្រូវ​មាន​ការ​សហការ​ និងការ​​ប្រព្រឹត្ត​ជា​ពិសេស​​ចំពោះ​ AI​។

    អត្ថបទ​បាន​លើក​ឡើង​ថា «កំពូលបញ្ញា​សិប្បនិម្មិត​នឹង​ខ្លាំង​ជាង​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​បាន​ប្រឈម។ ចុង​ក្រោយ យើង​នឹង​ត្រូវ​ការ​អង្គការ​មួយ​ដើម្បី​គ្រប់​គ្រង​កំពូល​ AI ដូច​ទៅ​នឹង​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​ថាមពល​បរមាណូ។ ទោះ​ជា​ការ​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​ AI ណា​ក៏ដោយ ​ក៏​ត្រូវ​ការ​គោរព​តាម​អង្គការ​អន្តរជាតិ​ដែល​មាន​សមត្ថ​កិច្ច​»។

    Sam Altman ធ្លាប់​បាន​ព្រមាន​ច្រើន​ដង​ទាក់​ទង​នឹង​បញ្ញា​សិប្បនិម្មិត​។ បច្ចេក​វិទ្យា​នេះ​គឺជា​ការ​រីក​ចម្រើន​មួយ​ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​គ្រោះ​ភ័យ​ បើ​សិន​ធ្លាក់​ទៅ​លើ​ដៃ​ជន​ទុច្ចរិត​ ឬ​ «អាច​ដើរ​ខុស​ផ្លូវ​ ដែល​បង្កើត​​ឱ្យ​មាន​កំហុស​ និង​បង្កគ្រោះ​ថ្នាក់​​ធំ​ដល់​ពិភព​លោក បើ​មិន​បាន​កែ​តម្រូវ​ឱ្យ​បាន​សម​ស្រប​»​។

    លោក Sam Altman

    នៅ​ក្នុង​សវនាការ​នៅ​សភា​អាម៉េរិកកាល​ពី​ថ្ងៃទី 16 ឧសភា 2023 លោក Sam Altman បាន​និយាយ​​ថា ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​បញ្ហា​អាក្រក់​ដែល​អាច​កើត​ឡើង​ដោយ​សារ​ AI ក្នុង​នោះ​ក៏​អាច​បង្កើត​ស្ថាប័ន​មួយ​ដើម្បី​គ្រប់គ្រង​បច្ចេក​វិទ្យា​នេះ​។

    ​លោក Sam Altman មិន​មែន​ជា​​បុគ្គល​សំខាន់តែ​ម្នាក់​ដែល​បារម្ភ​អំពី​​ឥទ្ធិពល​របស់​បញ្ញា​សិប្បនិម្មិត​នោះ​ទេ ប៉ុន្តែ CEO របស់​ Google លោក Sundar Pichai, អតីត​អ្នក​ជំនាញ​ខាង​ AI របស់​ Google លោក Geoffrey Hinton ឬ​ លោក Elon Musk និង​លោក​ Bill Gates ក៏មាន​ការ​បារម្ភ​អំពី​បញ្ហា​នេះ​​ផង​ដែរ៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    អភិបាលរដ្ឋ Montana លោក Greg Gianforte បាន​ចុះហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​សកម្មភាព​របស់ TikTok ធ្វើឱ្យ​តំបន់​មួយ​នេះ​ក្លាយជា​រដ្ឋ​ដំបូង​គេ​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ទប់ស្កាត់​ការទាញយក​កម្មវិធី​វីដេអូ​ខ្លី​ដែល​កំពុង​ពេញនិយម​ជាងគេ​លើ​ពិភពលោក។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បទបញ្ជា​ហាមឃាត់​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី 01 មករា ឆ្នាំ 2024។ រដ្ឋ Montana បាន​កំណត់ថា ការដែល​ផ្សារ​កម្មវិធី Google Play និង App Store អនុញ្ញាតឱ្យ​ទាញ​យក TikTok នៅក្នុង​រដ្ឋ​នេះ គឺជា​រឿង​ខុសច្បាប់។

    បណ្ដាញ​សង្គម TikTok ដែលមាន​អ្នកប្រើប្រាស់​ជាង 150 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ត្រូវ​បាត់​ខ្លួន​ពី​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នាំគ្នា​ជំរុញឱ្យមាន​ការបិទ​ខ្ទប់ ព្រោះតែ​ការបារម្ភ​អំពី​សន្តិសុខ​ជាតិ។

    អាជ្ញាធរ​រដ្ឋ Montana ជាទី​ដែលមាន​ប្រជាជន​តែ​ជាង​មួយ​លាន​នាក់ បានឱ្យដឹងថា TikTok អាច​នឹង​ត្រូវបាន​ពិន័យ​ចំពោះ​ការរំលោភច្បាប់​រៀងរាល់​លើក និង​ពិន័យ​ជា​ប្រាក់​បន្ថែម 10,000 ដុល្លារ/ថ្ងៃ បើសិន​មិន​គោរព​តាម​។ Apple និង Google ក៏​អាច​ត្រូវ​បង់ប្រាក់ 10,000 ដុល្លារ/ថ្ងៃ ចំពោះ​ការមិន​គោរព​ច្បាប់​ខាងលើ។

    ក៏ប៉ុន្តែ បទបញ្ជា​នេះ​ទំនងជា​នឹងត្រូវ​ជួប​ឧបសគ្គ​ច្រើន​ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​អ្នកប្រើប្រាស់។ ទោះជា​យ៉ាងណាក៏ដោយ កាលពី​ចុងខែ​មីនា​កន្លងទៅ CEO របស់ TikTok លោក Shou Chew ត្រូវបាន​កោះហៅ​ឱ្យចូល​សភា​ជាន់​ទាប​អាម៉េរិក ដោយសារតែ​មានការ​សង្ស័យ​ថា TikTok មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ចិន និង​បាន​ស្នើឱ្យ Bytedance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដក​ទុន​ចេញពី​បណ្ដាញ​សង្គម​នេះ មិន​ដូច្នេះ​ទេ នឹងត្រូវ​ហាមឃាត់​ទាំង​ស្រុង​។

    TikTok បានឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​គម្រោង Project Texas ដើម្បី​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​សម្រាប់​ការរក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​អាម៉េរិក នៅលើ​ម៉ាស៊ីន​មេ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាម៉េរិក Oracle​៕

  • រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។

    ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។

    Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។

    កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 kWh អាចឱ្យ​បើកបរ​បាន 580 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា​របស់ WLTP ឬ​ប្រហែល 483 គីឡូម៉ែត្រ​ក្នុង​ការបើកបរ​ជាក់ស្ដែង។

    Volvo EX90 ត្រូវបាន​បំពាក់​ប្រព័ន្ធ LiDAR ((Light Detection and Ranging) ដែលជា​សេន​ស័​រ 3D សម្រាប់​​បាញ់​វាស់​ចម្ងាយ និង​វាស់​ជម្រៅ​របស់​វត្ថុ ក៏ដូចជា​ដៅ​សម្គាល់​ភាព​ជ្រៅ​នៃ​ផ្ទៃ​លំហ​ជាដើម) រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រៀង, រ៉ា​ដា​ប្រាំ​គ្រឿង, កាមេរ៉ា 8 គ្រឿង និង​សែន​ស័​រ​ចាប់​រលកសញ្ញា 16 គ្រឿង។ ក្រៅពីនេះ រថយន្ត​អគ្គិសនី EX90 ក៏​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ទៀត​នៅ​ខាងក្នុង​កាប៊ីន រួមមាន​ទាំង​អេក្រង់​ទូរទស្សន៍ 14.5 អ៊ី​ញ​ដែល​បំពាក់​កម្មវិធី​ជំនួយការ​របស់ Google ផងដែរ៕

  • អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    កាលពី​ថ្ងៃទី​20​មេសា​ មហាសេដ្ឋី​មក​ពី​ទីក្រុង​សៀង​ហៃ​នៃ​ប្រទេស​ចិន ឈ្មោះ Colin Huang បាន​ក្លាយ​ជា​អ្នក​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​បង្អស់​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទំហំ​ទំទឹក​ប្រាក់​ឡើង​ដល់​2.9​ពាន់​លាន​ដុល្លារ​អាមេរិក​។

    តម្លៃ​មូលបត្រ​របស់​ Pinduoduo បានកើន​ឡើង​12.7​%​ ដោយ​មាន​តម្លៃ​50,11​ដុល្លារ​/ហ៊ុន នៅ​លើ​ផ្សារ​ហ៊ុន​ Nasdaq កាលពី​ថ្ងៃទី​20​មេសា បន្ទាប់​ពី​​ព័ត៌មាន​ស្ដី​អំពី​ការ​វិនិយោគ​ទៅ​លើ Gome ដែលជា​ផ្សារ​លក់​រាយ​អនឡាយ​​ធំជាង​គេ​បង្អស់មួយ​​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​ប្រកាស​។ ប្រការ​​​នេះ​បាន​ជួយ​ឱ្យ​ Colin Huang រក​បាន​ប្រាក់​ 2.9​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយ​ប្រើ​ពេល​តែ​1​ថ្ងៃ​ប៉ុណ្ណោះ​។

    ក្រុម​ហ៊ុន Gome ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ កាលពីថ្ងៃ​ទី​19​មេសា បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ Pinduoduo នឹង​ទិញ​មូល​បត្រ​មួយ​ចំនួន​​ធំ​ ​តម្លៃ​ 200​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​​ Gome ដែល​មូលបត្រ​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​ 5.6​% នៃ​ភាគ​ហ៊ុន​របស់​ Gome។ 1ថ្ងៃ​គត់ បន្ទាប់​ពី​​ដំណឹង​ខាង​លើ​ត្រូវ​បាន​ប្រកាស​ តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន Gome នៅ​ផ្សារ​ហ៊ុន​ហុង​កុង​ បាន​ឡើង​ថ្លៃ​16%​។

    មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោកក្រុម​ហ៊ុន Pinduoduo ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​2015 និង​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា ហើយ​ក៏​បាន​ក្លាយ​ជា​អាជីវ​កម្ម​លក់​រាយ​នៅ​លើ​អនឡាញ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន​ ជាមួយ​នឹង​តម្លៃ​ទុន​សរុប​នាបច្ចុប្បន្ន​ ឡើង​ដល់​58​ពាន់​លាន​ដុល្លារ​អាមេរិក​។

    យោង​តាម​ទស្សនាវដ្ដី​ Forbes មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោក។

    ប៉ុន្តែ ភាព​អស្ចារ្យ​នេះ​មិន​ទាន់​ធ្វើ​ឱ្យ​ Huang អាច​លោត​រំលង​អតីត​ថៅកែ​របស់​​ខ្លួន​ គឺ​លោក Larry Page (សហ​ស្ថាបនិក​របស់​ Google ដែល​មាន​ទ្រព្យ​ 55.9​ពាន់​លាន​ដុល្លារ និង​ Sergey Brin មាន​ទ្រព្យ​ 53.9​ពាន់​លាន​ដុល្លារ​​) នៅ​ឡើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Huang សម្រេច​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ ខណៈ​បាន​លោត​រំលង​អតីត​នាយក​​ប្រតិ​បត្តិ​របស់​ Google គឺ​លោក Eric Schmidt ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ 14.2​ពាន់​លាន​ដុល្លារ​។

     អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក
    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក

    ក្រុម​ហ៊ុន Gome ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​1987​។ ចាប់​ពី​ឆ្នាំ​2007​ មកដល់​ពេល​នេះ តម្លៃ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ បាន​ថយ​ចុះ​ដល់​ទៅ​95​% ធ្វើ​ឱ្យ​តម្លៃ​ទុន​ក្នុង​ទី​ផ្សារ​នៅសល់​​ត្រឹម​ 2.4​ពាន់​លាន​ដុល្លារ​។ លោក​ Wong Kwong Yu ដែលជា​ស្ថាបនិក​របស់​ Gome បច្ចុប្បន្ន ត្រូវ​ជាប់​ពន្ធ​នាគារ​ក្រោម​បទ​ចោទ​ពុក​រលួយ និង​កេង​បន្លំក្នុង​ការ​រកស៊ី។

    ប្រទេស​ចិន​ គឺជា​ប្រភពនៃ​មហាសេដ្ឋី​ធំជាង​គេ​លំដាប់​ទី​2​នៅក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាពវិបត្តិ​សុខ​ភាព​ ប៉ុន្តែ​ប្រទេស​ចិន​នៅ​តែ​មាន​សមាជិក​ថ្មីម្នាក់​ទៀត​ ​បាន​ឡើង​ដល់​លំដាប់​មហាសេដ្ឋី​កំពូល​ៗ​របស់​ពិភពលោក​៕

    ប្រភព៖ Forbes

  • បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​ Google នៅ​ទីក្រុង Zurich ត្រូវ​បាន​គេ​រកឃើញ​ថា មា​ន​ផ្ទុក​វីរុស​កូរ៉ូណា​ Covid-19 ប៉ុន្តែ​ការិយា​ល័យ​​របស់​ក្រុម​ហ៊ុន​នេះ​មិន​បាន​បិទ​ទ្វារ​នោះទេ​។

    “យើង​ទទួល​ស្គាល់​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ បុគ្គលិក​ម្នាក់​នេះ​​ ធ្លាប់​ធ្វើ​ការ​នៅ​ឯការិយាល័យរបស់​ Google ក្នុង​ទី​ក្រុង​ Zurich មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ យើង​កំពុង​ និង​បន្ត​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​ ក៏ដូចជា​ផ្ដល់អាទិភាព​ចំពោះ​សុវត្ថិ​ភាព​ និង​សុខ​ភាព​របស់​អ្នក​រាល់​គ្នា​” នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​អ្នក​នាំពាក្យ​នៃ​ក្រុម​ហ៊ុន​ Google ចំពោះ​សំណួរ​របស់​​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNBC។

    ការិយាល័យ​ Google នៅ​ឯ​ទីក្រុង zurich ប្រទេស​ស្វីសដែល​មាន​បុគ្គលិក​ជាង​2,000​នាក់ នៅ​តែ​បន្ត​ធ្វើ​ការ​ដូច​ធម្មតា ហើយ​ករណី​បុគ្គលិក​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ត្រូវ​បានក្រុម​ហ៊ុន​ជូន​ដំណឹង​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ Google តាម​រយៈ​ការ​ផ្ញើ​សារ​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​យក្សមួយ​នេះ​ក៏​កំពុង​តែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​កំពុងត្រូវ​​រាត​ត្បាត​ដោយ​អាសន្ន​រោគ​ Covid-19 មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាង​ត្បូង និង​ជប៉ុន​ជា​ដើម​។ មុន​នេះ​ Google ក៏បាន​ហាម​មិន​ឱ្យ​បុគ្គលិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន លើក​លែង​តែ​អ្នក​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​។

    បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អន្តរ​ជាតិធំ​ៗ​​ជា​ច្រើន​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់នៅ​ទូទាំង​ពិភពលោក កំពុងមាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ នៅ​ពេល​ដែល​អាសន្នរោគ​បាន​ឆ្លង​រាល​ដាល​ដល់​​ប្រទេស​ជាង​50​ក្នុង​ពិភព​លោក។ ក្រុម​ហ៊ុន Google បច្ចុប្បន្ន មាន​បុគ្គលិក​សរុប​ 120,000​នាក់​នៅ​ពាសពេញ​ពិភពលោក​។ ចំណែក​ក្រុម​ហ៊ុន Amazon ដែ​លមាន​បុគ្គលិក 800,000​​នាក់ ក៏បាន​កាត់​បន្ថយ​បុគ្គលិក​ដែល​ធ្វើ​ដំណើរ​ទៅ​អាមេរិក បើ​សិន​មិន​មាន​ការ​ចាំបាច់ខ្លាំង​ ហើយ​ក៏​បាន​ហាម​បុគ្គលិក​របស់​ខ្លួន មិន​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​ រហូត​ដល់​មាន​ការ​ប្រកាស​ជូន​ដំណឹង​ថ្មី​។

    រីឯក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook ក៏បាន​លុប​ចោល​គម្រោង​ព្រឹត្តិការ​ណ៍ធំបំផុតប្រចាំ​ឆ្នាំសម្រាប់​ក្រុម​អ្នក​អភិវឌ្ឍ​​របស់​ខ្លួន ដែល​តែង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​អំពី​អាសន្ន​រោគ​ Covid-19។ ចំណែក​ Goolge ក៏បាន​ផ្អាក​ព្រឹត្តិការ​ណ៍ Global News Initiative ដែល​ជា​សិក្ខា​សាលា​ដ៏​ធំ​មួយ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​ខាង​មុខ​។ មុន​នេះ ពិព័រណ៍​ទូរស័ព្ទ​ចល័ត​លំដាប់​ពិភពលោក(MWC) ក៏​មិន​អាច​កើត​មាន​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​មិន​អាច​ចូល​រួម​បាន​ ព្រោះ​តែ​អាសន្នរោគ​កូរ៉ូណា Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    សម្រាប់ប្រិយមិត្តដែលត្រូវការកុំព្យូទ័រខ្នាតតូចមានតម្លៃធូរថ្លៃយកទៅប្រើប្រាស់ក្នុងការសិក្សា និងធ្វើការងារក្នុងការិយាល័យទាក់ទងនឹងការវាយអត្តបទ និងការងារលើអ៊ិនធើណេតមួយចំនួននោះ ក្រុមការងារគេហទំព័រឡារ៉ែន សូមណែនាំនូវប្រភេទកុំព្យូទ័រ Chromebooks របស់ក្រុមហ៊ុន Google ដែលសហការជាមួយនឹងក្រុមហ៊ុនHPមួយម៉ូដែលដែលមានតម្លៃប្រមាណជា139ដុល្លារ ដែលទើបត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា យើងកាលពីចុងខែកក្កដា នេះឯង។

    តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុននាំចូលបានឱ្យដឹងថា Google Chromebook នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការសិក្សាតាមសាកលវិទ្យាល័យ រួមជាមួយនឹងការធ្វើការងារក្នុងក្រុមហ៊ុនឯកជនមួយចំនួនទៀតព្រោះជាកុំព្យូទ័រខ្នាតតូច ងាយស្រួលដាក់ប្រើតាមខ្លួន ខណៈម៉ូដែលនេះមានទំហំ 11.6 អ៊ីញ មានកម្រិតភាពច្បាស់1366×768 Pixel កញ្ចក់ប្រភេទIPS Screenហើយវាមានរូបរាងរឹងមាំទៀតផងក្នុងការប្រើប្រាស់។

    លោកថា៖«កុំព្យូទ័រប្រភេទនេះ នៅអាមេរិកគេប្រើច្រើននៅតាមសាលារៀន ហើយការនាំចូលក្នុងទីផ្សារកម្ពុជានេះ ក្រុមហ៊ុនក៏ចង់ផ្ដោតសំខាន់លើវិស័យអបរំផងដែរ»។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប Samsung Exynos 5250 processor ប្រភេទ Dual-core ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS និងមាន Ram ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃទៀតផង។

    ក្រៅពីនេះ វាក៏មានភ្ជាប់មកនូវសេវាកម្ម Google Classroom – សេវាកម្ម Cloud Based Management Tools សម្រាប់ប្រើប្រាស់សេវាកម្មទាំងអស់របស់ GSuite ដូចជា Docs, Sheets, Slides, Drive និងជាច្រើនទៀត។ សម្រាប់ទីផ្សារកម្ពុជាយើង កុំព្យូទ័រ Chromebooks នេះ ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃប្រមាណ 139 ដុល្លារ ដែលអតិថិជនទាំងអស់អាចរកជាវបាននៅក្រុមហ៊ុន MYTEB៕