Tag: GMAC

  • GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    យោង​តាម​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (The​ Garment​ Manufacturers​ Association​ in​ Cambodia​ ឬGMAC​) បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ដែល​ជាស​សរ​ស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​កើន​ឡើ​ងយឺ​តៗ​ ក្នុង​ឆ្នាំ2019​ ធៀប​នឹង​ឆ្នាំ2018​។

    ការ​កើនឡើង​ដ៏​យឺត​នេះ​ ទំនងជា​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​-but​-arms​ ឬEBA​) របស់​កម្ពុជា​ក៏ដូចជា​ការ​បង្កើន​ប្រាក់ឈ្នួល​អប្បបរមា​របស់​វិស័យ​នេះ​ផង​ដែរ​។

    លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា​ វិ​និ​យោ​គិ​នមួយចំនួន​អាច​ចាប់ផ្តើម​អនុវត្ត​វិធីសាស្ត្រ​តាម​នីតិវិធី​របស់​ខ្លួន​។លោក​បាន​ថ្លែង​ថា​ ឧស្សាហកម្ម​នេះ​នៅតែ​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) ប៉ុន្តែ​កំណើន​នេះ​បាន​ថយ​ចុះ​។

    លោ​កម៉ូ​នី​កា​មានប្រសាសន៍​ថា​៖“ ជា​ការពិត​យើង​កំពុង​ប្រឈម​នឹង​បញ្ហាផ្ទៃក្នុង​ដ៏​សំខាន់​មួយ​ចំនួន​ ប៉ុន្តែ​មានក​ត្តា​ខាងក្រៅ​មួយចំនួន​ដែល​កំពុង​ជួយ​ប្រទេស​កម្ពុជា​។ ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ គឺជា​ក្តី​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​ ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ពេញនិយម​ ដោយសារតែ​រោងចក្រ​ដែល​ត្រូវ​បំផ្លាស់​ប្តូរ​ទី​ចេញពី​ប្រទេស​ចិន​ ដើម្បី​ចៀសវាង​ពី​ការ​បង់​ពន្ធ​”។ លោក​បាន​ថ្លែង​បន្ត​ថា​ កត្តា​ផ្សេងទៀត​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បំផ្លាស់​ទី​ចេញពី​ប្រទេស​ចិន​ គឺ​ការដំឡើង​ប្រាក់ឈ្នួល​ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មិន​គ្រប់គ្រាន់​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​មានតម្លៃ​ទាប​ដូចជា​សម្លៀកបំពាក់​ និង​ស្បែកជើង​។ ក្នុងអំឡុងពេល​ 4ខែ​ដំបូង​នៃ​ឆ្នាំនេះ​ រោងចក្រ​ថ្មី​ចំនួន25​ បាន​ចូលរួម​ក្នុង​សមាគម​ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​ 2018​ ដែល​មាន​ចំនួន​ដល់​ទៅ40​។ ចំនួន​សមាជិក​ដែល​ រួមបញ្ចូល​ទាំង​សហគ្រាស​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ គឺ​មាន​ជិតដល់​ 600​។ ខណៈ​ពេល​ដែល​វិស័យ​កាត់ដេរ​នៅតែ​ធ្វើ​បាន​ល្អ​ វិស័យ​ស្បែកជើង​ក៏​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​មួយ​នឹង​ការពង្រីក​រោងចក្រ​ក្នុង​ស្រុក​ដែល​មានស្រាប់​ និង​កំពុង​ជ្រើសរើស​ពលករ​បន្ថែម​ទៀត​។

    លោក​បាន​បន្ថែម​ទៀត​ថា​ ការនាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ នៅ​ក្រោម​ជំពូក​ 42​ បាន​កើន​ឡើង100​% ក្នុងរយៈពេល​ 2ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​ ដែល​សរុប​ជា​ទឹកប្រាក់​ មាន​ប្រមាណ​ 111លាន​ដុល្លារ​អាមេរិក​។

    ក្នុងអំឡុងឆ្នាំ2017​ ទំនិញ​ដែល​មានតម្លៃ​ 186​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ ខណៈ​នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 416លាន​ដុល្លារ​។ លោក​ ម៉ូ​នី​កា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ឆ្នាំនេះ​វា​អាច​លើស​ពី​ 600លាន​ដុល្លារ​។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​នេះ​ថា​ ការ​វិនិយោគ​លើ​ការផលិត​ទំនិញ​សម្ភារ​ធ្វើដំណើរ​នឹង​កើនឡើង​ 2ខ្ទង់​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ​។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅពេល​ដែល​ការរៀបចំ​គម្រោង​ចម្រុះ​ (The​ Multifibre​ Arrangement​ ឬ MFA​) ត្រូវ​បាន​លុបចោល​ គេ​មានការ​ព្រួយបារម្ភ​ថា​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​មិន​រួចខ្លួន​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ កាណាដា​ ហុងកុង​ និង​អាមេរិក​ នៅ​តែ​រក្សា​ការទិញ​ពី​កម្ពុជា​ ដោយ​ផ្អែកលើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​របស់​រដ្ឋាភិបាល​ចំពោះ​បទដ្ឋាន​ពលកម្ម​ខ្ពស់​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ការអនុវត្ត​កម្មវិធី​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(Better​ Factories​ Cambodia​ ឬ BFC​)”។

    ជាមួយគ្នា​នេះ​ការងារ​របស់​ក្រុមហ៊ុន​ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​រួមចំណែក​ដល់​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ 9.5ពាន់​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​។ សព្វថ្ងៃ​នេះ​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ មាន​ចំនួន​ជាង​ 1ភាគ3​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។ វា​តំណាង​ឱ្យ​ពាក់កណ្តាល​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

    បើ​តាម​ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​បញ្ជាក់​ថា​៖“កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ 5 ក្នុង​តំបន់​អាស៊ាន​នៅពេល​មាន​ប្រាក់ខែ​អប្បបរមា​ខ្ពស់​។ នៅក្នុង​ប្រទេស​កម្ពុជា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​បច្ចុប្បន្ន​មានតម្លៃ​ 182ដុល្លារ​ក្នុង​ 1ខែ​”។

    យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ BFC​បាន​បង្ហាញថា​ ចំនួន​កម្មករ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់ចុះ​ច្រើន​ ពី​ 74ករណី​នៅ​ឆ្នាំ​2014​ ដល់10ករណី​គិត​ត្រឹម​ឆ្នាំមុន​។ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) បាន​និយាយ​ថា​វា​នឹង​មិន​អាច​ទៅរួច​ទេ​បើ​គ្មាន​ការចូលរួម​ពី​ក្រសួងការងារ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) នោះ​។

    តាម​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ ការនាំចេញ​សរុប​របស់​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 4,670លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​សម្លៀកបំពាក់​មាន​ប្រមាណ​ 3,653លាន​ដុល្លារ​អាមេរិក​ ស្បែកជើង​មាន​ប្រមាណ​ 508លាន​ដុល្លារ​អាមេរិក​ អង្ករ​ 177លាន​ដុល្លារ​អាមេរិក​ និង​ទោចក្រយាន​ មាន​ប្រមាណ​ 331លាន​ដុល្លារ​អាមេរិក​។

    គួរ​បញ្ជាក់​ថា​ ការ​ប៉ាន់ស្មាន​របស់​ធនាគារពិភពលោក​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​ 3ឆ្នាំ​ខាងមុខនេះ​បាន​ព្យាករ​ថា​ កំណើន​នាំចេញ​នឹង​កើន​9%ក្នុង​ឆ្នាំ2019​ កើន​ 8.6​%នៅ​ឆ្នាំ2020​ និង​ 8.1​%នៅ​ឆ្នាំ2021​។ ក្នុង​នោះ​ដែរ​ ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)រំពឹង​ថា​ នឹង​កើន​ 10.4​%នៅ​ឆ្នាំ2019​ ឆ្នាំ2020រំពឹង​ថា​ កើន​ 9.3​% និង​កើន​ 9.2​% នៅ​ឆ្នាំ2021​៕

  • ស្ថាប័នចំនួន3ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យវាយនភណ្ឌ

    ស្ថាប័នចំនួន3ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យវាយនភណ្ឌ

    ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថា GMAC ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការពលកម្មអន្តរជាតិនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) បានរួមសហការគ្នាក្នុងការធ្វើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជាក្នុងរយៈពេលវែងមួយពីឆ្នាំ2018 ដល់ 2025។

    យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងGMAC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលបាននាព្រឹកថ្ងៃទី31 កក្កដានេះបានឲ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ដ្រ2018-2025 នឹងផ្តោតសំខាន់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួននៃឧស្សាហកម្មនេះដូចជា បញ្ហាធាតុចូល និងតម្លៃថ្លៃដើមខ្ពស់  បញ្ហាទំនាក់ទំនងឧស្សាហកម្ម បញ្ហាផលិតកម្ម និងសមត្ថភាពផលិត បញ្ហាបរិយាកាសអាជីវកម្មបរិស្ថាន បញ្ហាខាងក្រៅ និងការប្រកួតប្រជែង។ គោលនយោបាយនេះធ្វើឡើងដើម្បីរក្សាកំណើនខ្ពស់ ដើម្បីបង្កើនគុណភាពផលិតផលក្នុងឧស្សាហកម្មនេះយ៉ាងហោចណាស់ឲ្យបាន50ភាគរយនៅត្រឹមឆ្នាំ2025។

     

    លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយថា វាគឺជាកម្លាំងចលករថ្មីមួយសម្រាប់ឧស្សាហកម្មនេះក្នុងការមានយុទ្ធសាស្រ្តច្បាស់លាស់ និងជាគោលនយោបាយក្នុងការឆ្លើយតបដើម្បីរក្សាកំណើនរបស់ខ្លួនក៏ដូចជាបង្កើនធនធានមនុស្សនៃឧស្សាហកម្មនេះដើម្បីបង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

    លោកបានបន្តថា “វាជាការងាររួមគ្នារវាងរដ្ឋាភិបាល GMAC និង ILO-BFC ។ យើងអាចនិយាយបានថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបង្កើតនូវគោលន​យោ​បាយយុទ្ធសាស្ត្ររយៈពេលវែងនេះដើម្បីគាំទ្រ និងអភិវឌ្ឍវិស័យកាត់ដេរ និងស្បែកជើងនេះឱ្យមានកំណើនប្រកបដោយស្ថេរភាព សមាគមរោងចក្រកាត់ដេរកម្ពុជាសូមកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលើបញ្ហានេះ»។

    យោងតាមអគ្គនាយកដ្ឋានគយ និងកាត់ដេរកម្ពុជា(GDCE) បានឱ្យដឹងថាការនាំចេញសម្លៀកបំពាក់​ និងស្បែកជើងរបស់ប្រទេសកម្ពុជាបានកើនឡើង6,800លានដុល្លារកាលពីឆ្នាំ2015 ដល់7,300លានដុល្លារនៅឆ្នាំ2016 ស្មើនឹងកំណើន7.2ភាគរយ។

    លោក កាំង ម៉ូនីកាបានបន្តទៀតថា “គោលនយោបាយចម្បងនេះនឹងជួយកាត់បន្ថយនូវការចំណាយថ្លៃដើមខ្ពស់ និងបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មដែលរួមបញ្ចូលការអភិវឌ្ឍជំនាញដើម្បីបង្កើនខ្សែចង្វាក់ផលិតកម្ម និងដើម្បីបង្កើនផលិតភាពផលិតកម្ម។​​ គោលនយោបាយនេះក៏នឹងផ្តោតសំខាន់ទៅលើការកែលម្អនូវទំនាក់ទំនងវិជ្ជាជីវៈ ដោយនាំមកនូវបរិយាកាសផលិតកម្មដែលមានស្ថេរភាព និងសន្តិភាពក្នុងន័យកាត់បន្ថយចំណាយ”។

    ការស្ទង់មតិនៃសេចក្តីព្រាងនេះបានចាប់ផ្តើមប្រហែល3សប្តាហ៍មុនរួចមកហើយ បច្ចុប្បន្ននេះវាត្រូវបានគេរៀបចំឡើងដើម្បីប្រមូលព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រ។

    បើយោងតាមយុទ្ធសាស្ដ្រឆ្នាំ 2018-2025 ​នេះក៏នឹងផ្តោតលើនិន្នាការសកលលោក និងឱកាសនៃឧស្សាហកម្មកាត់ដេរបានបន្តដាក់សម្ពាធបន្ថែមទៀតលើឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់កម្ពុជា ហើយវិធានការយុទ្ធសាស្រ្ត គឺត្រូវរៀបចំជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះដោយពិចារណាអំពីរយៈពេលខ្លី និងរយៈពេលមធ្យមក៏ដូចជាទស្សនវិស័យរយៈពេលវែង។

    វិស័យនេះនៅតែជាផ្នែកសំខាន់បំផុតនៃការនាំចេញរបស់កម្ពុជាដោយការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានចំនួន78 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនៅឆ្នាំ2016។

    យោងតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បច្ចុប្បន្នសមាគមនេះមានសមាជិកចំនួន512 ដោយក្នុងចំណោម 59ក្នុងវិស័យស្បែកជើង ហើយវិស័យនេះបានស្រូបយកកម្លាំងការងារជាង70ម៉ឺននាក់។

    លោកបណ្ឌិត​ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ដែលបានធ្វើការជិតស្និទ្ឋលើបញ្ហានេះបានថ្លែងថា គោលនយោបាយនេះមានសា​រៈសំខាន់ណាស់ ដើម្បីធ្វើឲ្យមានសុខដុមនីយកម្មក្នុងវិស័យនេះ និងដើម្បីឲ្យភាគី អ្នកបញ្ជាទិញ ម្ចាស់រោងចក្រ និងកម្មករ និយោជិកអាចធ្វើការរួមគ្នា បាន និងកុំចង្អុល​ដាក់គ្នាតទៅទៀត។

    លោកបន្តថា “វិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងនៅ​តែជាវិស័យតំណាងឲ្យការនាំចេញដ៏ធំរបស់កម្ពុជាសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ទាំងរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធសុទ្ធតែយល់ពីសារៈសំខាន់ និងធ្វើយ៉ាងណាពូនជ្រំវិស័យនេះឲ្យរីកចម្រើនតទៅទៀត ដើម្បីធ្វើជា​មូលដ្ឋានគ្រឹះមុនពេលកម្ពុជាឈានទៅកាន់ប្រទេសដែលប្រើប្រាស់កម្លាំងជំនាញ និងឧ​ស្សាហកម្ម៕

     

     

  • GMAC ៖ ការដំឡើងប្រាក់ខែកម្មករប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា

    GMAC ៖ ការដំឡើងប្រាក់ខែកម្មករប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា ការដំ ឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងបានធ្វើឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា។

    លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ GMAC បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឧស្សាហកម្មនេះជាច្រើនឆ្នាំកន្លងមក និងការបន្តដំឡើងជារៀងរាល់ឆ្នាំនឹងមានផលប៉ះពាល់ធំមួយទៅលើសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពរីកចម្រើននៃឧស្សាហកម្មនេះ។

    លោកបន្តថា «ច្បាស់ណាស់ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ជាបន្ទុកផងដែរសម្រាប់និយោជកដែលកំពុងបាត់បង់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបន្តិចម្តងៗ ប៉ុន្តែប្រសិនបើយើងអាចទទួលបានGSPសម្រាប់ស្បែកជើងដោយរួចពន្ធ និងកូតានោះ វានឹងក្លាយជាការជួយធំមួយសម្រាប់សមត្ថភាពប្រកួតប្រជែងរបស់យើងនៅក្នុងឧស្សាហកម្មស្បែកជើង»។

    កាលពីខែកក្កដាឆ្នាំមុន សមាគមរោងចក្រកាត់ដេរកម្ពុជាក៏បានធ្វើការខិតខំប្រឹងប្រែងក្នុងការស្នើសុំការទទួលបានការអនុគ្រោះពន្ធ (GSP) លើប្រភេទទំនិញកាបូបយួរអ្នកដំណើរផងដែរ។ ទោះជាយ៉ាងណាលោក កាំង ម៉ូនីកា បានសម្តែងសុទិដ្ឋិនិយមផងដែរ ដោយលោកបានថ្លែងថា កម្ពុជានៅមានក្តីសង្ឃឹម និងនៅមានពេលច្រើនទៀតដោយសាររដ្ឋាភិបាលអាមេរិកនឹងបញ្ចប់ការពិនិត្យរបស់ខ្លួនរហូតដល់ចុងខែធ្នូឆ្នាំនេះ។

    លោកបានថ្លែងបន្តថា ខ្ញុំមិនដឹងទេថា តើនៅពេលណារដ្ឋាភិបាលអាមេរិកនឹងពិនិត្យវាទាំងស្រុងនោះទេ ប៉ុន្តែតាមផែនការពួកគេនឹងបញ្ចប់ការពិនិត្យនៅត្រឹមចុងខែធ្នូឆ្នាំនេះ យើងនៅមានរយៈពេលច្រើនខែទៀតដើម្បីរៀបចំខ្លួន និងរួមកម្លាំងគ្នាទាំងឯកជន និងរដ្ឋាភិបាលដើម្បីដាក់ញត្តិទៅពួកគេ ហើយយើងពិតជាសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាល។

    លោកបានបន្ថែមថា យើងសង្ឃឹមថា ជាមួយនឹងការអនុវត្តល្អរបស់យើងពាក់ព័ន្ធនឹងអនុលោមភាពល្អលើផ្នែកការងារ រដ្ឋាភិបាលអាមេរិកនឹងពិចារណា ផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះពាណិជ្ជកម្មដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសដើម្បីជួយដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលកំពុងធ្វើឲ្យកម្ពុជាកំពុងបាត់បង់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបន្តិចម្តងៗ»។

    សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 ហើយមកទល់នឹងបច្ចុប្បន្នសមាគមនេះមានសមាជិកទាំងអស់ប្រមាណជា512 ជារោងចក្រកាត់ដេរ និង59ជារោងចក្រស្បែកជើង និងបានស្រូបទាញកម្លាំងពលកម្មប្រមាណជាជាង70ម៉ឺននាក់៕

  • GMAC សហការជាមួយរាជរដ្ឋាភិបាល ស្នើសុំអាមេរិកអនុគ្រោះពន្ធនាំចេញស្បែកជើង

    GMAC សហការជាមួយរាជរដ្ឋាភិបាល ស្នើសុំអាមេរិកអនុគ្រោះពន្ធនាំចេញស្បែកជើង

    ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC នឹងសហការជាមួយរាជរដ្ឋាភិបាលដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំចេញស្បែកជើងពីប្រទេសកម្ពុជា។

    លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ ដែលត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី24 កក្កដានេះថា រដ្ឋាភិបាលអាមេរិកនឹងពិនិត្យលើគោលនយោបាយពាណិជ្ជកម្ម GSP របស់ពួកគេ ដែលក្នុងនោះផលិតផលស្បែកជើងត្រូវបានដកចេញ រួមជាមួយផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់។

    លោកបានថ្លែងថា ឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់របស់កម្ពុជាបាននិងកំពុងនាំចេញក្រោមកម្មវិធី MFN ទៅសហរដ្ឋអាមេរិកដែលតម្រូវឲ្យមានការបង់ពន្ធនាំចូលតិចជាង35ភាគរយ ខណៈរដ្ឋាភិបាលរបស់ពួកគេកំណត់ពន្ធខ្ពស់ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ ប្រភេទជាច្រើននៃផលិតផលស្បែកជើងគឺមានភាពរសើបសម្រាប់ការនាំចូល ប៉ុន្តែសព្វថ្ងៃនេះ ភាគច្រើនបំផុតនៃផលិតផលប្រភេទទាំងនោះគឺត្រូវបានផលិតនៅបរទេស។

    លោកបានបន្តថា លោកគិតថា វាជាពេលវេលាសមស្របមួយសម្រាប់រដ្ឋាភិបាលអាមេរិកពិនិត្យកម្មវិធី GSP សម្រាប់ប្រទេសក្រីក្រដូចជាប្រទេសយើង។ GSP របស់អាមេរិកត្រូវបានផ្តល់ទៅឲ្យប្រទេសក្រីក្រតាំងពីឆ្នាំ1974 ប៉ុន្តែផលិតផលសម្លៀកបំពាក់ និងស្បែកជើងមិនដែលត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីនេះទេ»។ នាពេលថ្មីៗនេះ តាមអ្វីដែលលោកដឹង រដ្ឋាភិបាលអាមេរិកនឹងពិចារណាផ្តល់GSPសម្រាប់ស្បែកជើង។ នេះហើយជាមូលហេតុដែលយើងត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដាក់ញត្តិរបស់យើងទៅរដ្ឋាភិបាលរបស់ពួកគេដើម្បីពិចារណាផ្តល់ឲ្យយើងផងដែរ»។

    លោក កាំង ម៉ូនីកា បានថ្លែងបន្តទៀតថា រហូតមកដល់ពេលនេះ សមាគមកំពុងពិភាក្សាជាមួយម្ចាស់រោងចក្រស្បែកជើងទាំងអស់លើបញ្ហានេះ និងស្វែងរកជំនួយមួយចំនួនពីក្រុមហ៊ុនច្បាប់មួយនៅសហរដ្ឋអាមេរិកនៅក្នុងដំណើរការការងារឯកសារ និងការរៀបចំឯកសារដទៃៗទៀតសម្រាប់ដាក់ញត្តិ។

    លោកបន្តថា ពិតណាស់យើងត្រូវការជំនួយពីក្រុមហ៊ុនច្បាប់នៅសហរដ្ឋអាមេរិកក្នុងការរៀបចំឯកសារ និងការងារឯកសារមួយចំនួនដើម្បីឲ្យយើងអាចដាក់ញត្តិបាន»។ «លក្ខខណ្ឌការងារប្រសើរជាងមុនសម្រាប់កម្មករ រួមជាមួយនឹងកម្រិតខ្ពស់នៃអនុលោមភាពសង្គម និងការងារ ការកើនឡើងនៃការនាំចេញ និងការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ គឺជាទិដ្ឋភាពសំខាន់ដើម្បីបង្ហាញពួកគេអំពីការអភិវឌ្ឍឧស្សាហកម្មនេះ។ ប្រសិនបើយើងអាចទទួលបាន វាសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជួយការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យមានការវិនិយោគច្រើនជាងមុន និងបង្កើតការងារតាមរយៈការពង្រីកការនាំចេញស្បែកជើងទៅសហរដ្ឋអាមេរិក។ វាក៏រួមចំណែកបន្តិចបន្តួចផងដែរសម្រាប់ប្រទេសរបស់យើងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ»។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានរោងចក្រស្បែកជើងប្រមាណ59រោងចក្រនិងបាននាំចេញគិតជាទឹកប្រាក់ប្រមាណ700លានដុល្លារកាលពីឆ្នាំមុន៕