Tag: Finland

  • ប្រទេស​ដែល​ធ្វើ​ “ព្រងើយ​” ចំពោះ​បញ្ហា​ខ្វះ​ម៉ាស់​នៅ​ទូទាំង​​ពិភពលោក

    ប្រទេស​ដែល​ធ្វើ​ “ព្រងើយ​” ចំពោះ​បញ្ហា​ខ្វះ​ម៉ាស់​នៅ​ទូទាំង​​ពិភពលោក

    ប្រទេស​ជា​ច្រើន​កំពុង​តែ​ដណ្ដើម​​ទំនិញ​ជា​សម្ភារ​សុខាភិបាល​ដើម្បី​ទប់​ទល់​នឹង​COVID-19 ក៏ប៉ុន្តែ​ប្រទេស​ហ្វង់ឡង់​​ឯណោះ​វិញ បែរ​ជា​មិន​ខ្ចី​អើពើ​លើ​រឿង​នេះ ដោយ​សារ​តែ​អាង​ម៉ាស់​ដែល​បាន​ត្រៀម​​ពេញ​ក្នុង​ឃ្លាំង​។

    ឃ្លាំង​ដ៏ធំបំផុត​នៅ​អឺរ៉ុប​នេះ ត្រូវ​បាន​ប្រទេស​ហ្វាំង​ឡង់​​សាង​សង់​អស់​ជា​ច្រើន​ឆ្នាំ​ ដោយ​មិន​ត្រឹម​តែ​មាន​សម្ភារ​សុខាភិបាល​នោះ​ទេ តែ​នៅ​មាន​ទាំង​ប្រេង គ្រាប់​ធញ្ញជាតិ ឧបករណ៍​កសិកម្ម​ រួម​នឹង​វត្ថុ​ធាតុ​សម្រាប់​ផលិត​គ្រាប់​រំសេវ​ទៀត​ផង​។

    នៅ​ពេល​ត្រូវ​បាន​ COVID-19 វាយ​ប្រហារ រដ្ឋាភិបាល​ហ្វាំង​ឡង់ក៏​បាន​បើក​ឃ្លាំង​នេះ​ជា​លើក​ដំបូង​ បន្ទាប់ពី​​សង្គ្រាម​លោក​លើក​ទី2​បាន​បញ្ចប់។ “ហ្វាំង​ឡង់​គឺជា​ប្រទេស​ដែល​មាន​ស្មារតី​បង្ការ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ខាង​ជើង។ ពួកគេ​តែង​តែ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​មហន្តរាយ​នានា​ ឬ​សង្គ្រាម​លោក​លើក​ទី3” នេះ​បើ​តាម Magnus Hakenstad ​​អ្នក​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ស្រាវ​ជ្រាវ​ផ្នែក​ការ​ពារ​ជាតិ​នៃ​ប្រទស​ន័រវែស។

    ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto
    ប្រធានាធិបតី​របស់​ហ្វាំង​ឡង់ លោក​ Sauli Niinisto

    Tomi Lounema ប្រធាន​ទីភ្នាក់​ងារ​ជាតិ​សង្គ្រោះ​បន្ទាន់​របស់​ហ្វាំង​ឡង់​ថ្លែង​ថា “បើទោះជា​ហ្វាំង​ឡង់​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ក្នុងពិភពលោក​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ទីតាំង​ភូមិ​សាស្ត្រ​ និង​មេរៀន​ប្រវត្តិ​សាស្ត្រ​បាន​នាំ​ឱ្យ​ប្រទេស​ដែល​មាន​ប្រជាជន​5.5​លាន​នាក់​នេះ តែង​តែ​ត្រៀម​ជា​ស្រេច​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​។ លោក​ក៏បាន​រំឭក​អំពី​សង្គ្រាម​ជាមួយ​សូវៀត​កាល​ពី​ឆ្នាំ​1939​ ដែល​ធ្វើ​ឱ្យ​ហ្វាំង​ឡង់​ត្រូវ​ប្រុង​ជើង​ការ​ជានិច្ច​។

    កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ករណី​ឆ្លងវីរុស​COVID-19 ចាប់​ផ្ដើម​កើន​ឡើង​ច្រើន ក្រសួង​សុខាភិបាល​បាន​ស្នើ​ឱ្យ​បញ្ចេញ​ម៉ាស់​ចែក​ជូន​ដល់​បណ្ដា​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​។ គិត​មក​ដល់​ពេល​នេះ ហ្វាំង​ឡង់​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជាង​2,176​នាក់​ ក្នុង​នោះ​មាន​​28​នាក់​បាន​បាត់​បង់ជីវិត​។ Lounema ថ្លែង​ថា “ម៉ាស់​បាន​ចាស់​ហើយ​ ប៉ុន្តែ​នៅ​ប្រើប្រាស់​​បាន​”។

    ហ្វាំង​ឡង់​មិន​បាន​ឱ្យ​ដឹង​អំពី​ចំនួន​ម៉ាស់ ក៏ដូច​ជា​សម្ភារ​សុខាភិបាល​ដែល​ខ្លួន​មាន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​នៃ​ប្រទេស​នេះ ទទួល​ស្គាល់​ថា សម្ភារ​ដែលបាន​​រក្សា​ទុក​ គឺ​នៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។

    ជា​មួយ​នឹង​ប្រការ​ខាង​លើ​ ហ្វាំង​ឡង់​មាន​ប្រៀប​ជាង​ប្រទេស​ផ្សេង​ៗ ខណៈ​ត្រូវ​ទប់​ទល់​នឹង​រោគ​រាតត្បាត​។ បណ្ដា​ប្រទេស​ដូច​ជា សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ឬ​បារាំង​ជា​ដើម កំពុងតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​សម្ភារ​វេជ្ជាសាស្ត្រ ដូចជា​ម៉ាស់ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម ឈុត​សម្លៀក​បំពាក់​ការពារ​មេរោគជា​ដើម ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ដណ្ដើម​គ្នា​យ៉ាង​ខ្លាំង​ក្លា សូម្បី​តែ​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ក៏ដោយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Finland ប្រទេសដែលមានសេចក្ដីសុខបំផុតលើពិភពលោកក្នុងឆ្នាំ2018

    Finland ប្រទេសដែលមានសេចក្ដីសុខបំផុតលើពិភពលោកក្នុងឆ្នាំ2018

    សាធារណរដ្ឋ ហ្វ៊ីនលែនដ៍ ជាប្រទេសមួយនៅក្នុងក្រុមន័រទិក ស្ថិតនៅប៉ែកខាងជើងរបស់ទ្វីបអឺរ៉ុប មានផ្ទៃដីដែលជាព្រៃឈើច្រើនជាងគេបំផុតក្នុងពិភពលោក មានបឹងទឹកសាបច្រើនដល់ទៅ190,000កន្លែង។ ហ្វ៊ីនលែនដ៍ អាចនិយាយបានថា ជាស្ថានសួគ៌របស់អ្នកស្រឡាញ់គំនរព្រិល ព្រោះនៅភាគខាងជើងបំផុតនៃប្រទេសដែលហៅថា លែហ្វលែនដ៍។ ធាតុអាកាសត្រជាក់ខ្លាំង មានព្រិលគ្របដណ្ដប់ស្ទើរតែទូទាំងតំបន់ ក្រៅពីនេះ ហ្វីនលែនដ៍ នៅមានបាតុភូតព្រះអាទិត្យរះពេលអធ្រាត្រឱ្យអ្នកទេសចរបានទស្សនា ដោយសារក្នុងអំឡុងរដូវក្ដៅ ព្រះអាទិត្យនឹងមិនអស្ដង្គតឡើយរយៈពេលប្រមាណជា70ថ្ងៃ និងនៅរដូវរងាវិញ ព្រះអាទិត្យនឹងមិនរះឡើងឡើយរយៈពេលប្រមាណជា50ថ្ងៃ និងនៅមានបាតុភូតពន្លឺនៅឯជើងមេឃដ៏សែនស្រស់ស្អាតទៀតផង។ តាមរយៈរបាយការណ៍ “World Happiness Report” ប្រចាំឆ្នាំ2018 បានរកឃើញថា ប្រទេសហ្វ៊ីនលែនដ៍ បានគ្រងតំណែងជាប្រទេសដែលមានសេចក្ដីសុខខ្លាំងបំផុតក្នុងពិភពលោក ហើយមូលហេតុដែលធ្វើឱ្យ ហ្វ៊ីនលែនដ៍ ឡើងមកឈរលើលំដាប់ទី1បាន គឺដោយសារមានធម្មជាតិដែលឧត្ដមសម្បូរ ប្រជាជនមានសុវត្ថិភាពក្នុងជីវិត និងទ្រព្យសម្បត្តិ ការមើលថែទាំសុខភាពមិនចាំបាច់បង់ប្រាក់ រួមទាំងការសិក្សាដែលល្អបំផុតទៀតផង។ ដោយហេតុនេះហើយទើប ឡារ៉ែន សូមរួបរួមតំបន់ទេសចរណ៍ល្បីៗនៅក្នុងប្រទេស ហ្វ៊ីនលែនដ៍ មកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោមនេះ។

    1. Petajavesi Old Church បេតិកភណ្ឌ ពិភពលោករបស់ហ្វ៊ីនលែនដ៍
    ស្ថិតនៅក្នុងតំបន់ Petajavesi បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ1994។ ជាវិហារចំណាស់ដែលសាងឡើងអំពីឈើ មានឯកលក្ខណៈដ៏លេចធ្លោស្រស់ស្អាតតាមបែបវិហារក្នុងតំបន់ ស្គែនឌិនេវៀន។ អគារវិហារស្ថិតនៅតាមមាត់អូរតូចមួយ មានដើមឈើដុះរៀងគ្នាព័ទ្ធជុំវិញ ធ្វើឱ្យទិដ្ឋភាពរបស់វិហារមើលទៅស្អាតបរិសុទ្ធដោយធម្មជាតិ។ អគារវិហារចែកចេញជា2ផ្នែក គឺផ្នែកដែលជាបន្ទប់រគាំង (ជួង) និងផ្នែកដែលជាតួវិហារមានលក្ខណៈស្រដៀងខ្ទមដ៏ធំមួយ។ ជាវិហារនៃលទ្ធិ លូធើរ៉ាន់ សាងឡើងក្នុងចន្លោះឆ្នាំ1763-1765 ជាស្នាដៃរបស់ Jaakko ជាងឈើដែលមានឈ្មោះល្បីពីតំបន់ Laukka។ ខាងក្នុងវិហារមានតុបតែងដោយការប្រើពណ៌ក្រហមគូរជាក្បូរក្បាច់តាមមុខតំណរបស់ឈើមើលទៅសា-មញ្ញ តែមានឯកលក្ខណៈដោយឡែកពីគេ។ ភាពលេចធ្លោមួយទៀតក៏គឺ ផ្នែកដែលជាអាសនៈរបស់ធម្មាសន៍ មានចម្លាក់ឈើយ៉ាងស្រស់ស្អាត ពណ៌ភ្លឺថ្លា ជារូបផ្ទៃមុខរបស់ St.Christopher ដែលគេនាំគ្នាហៅថា The paint of pulpit។

    2. វិហារ អ៊ុស្ភេនស្គី វិហារស្ទីល អថូដុកស៍ (Uspenski Orthodox Cathedral) ដែលធំបំផុតក្នុងអឺរ៉ុប
    ជាស្ថាបត្យកម្មចំណាស់ដែលស្រស់ស្អាតប្លែកភ្នែក ដោយក្បាច់ក្បូរ
    បែបរុស្ស៊ី មានឈ្មោះល្បីល្បាញទូទាំងពិភពលោកតាមរយៈការបានធ្វើជាទីតាំងថតខ្សែភាពយន្តដែលទទួលបានរង្វាន់ អូស្ការ រឿង រេដស៍។ វិហារនេះសាងឡើងក្នុងគ្រិស្តសករាជ 1864 មានពណ៌ចម្លែកភ្នែកដែល
    មិនងាយបានឃើញ ដោយមានតួវិហារមានពណ៌ឥដ្ឋក្រហម ដំបូល
    ពណ៌ផ្ទៃមេឃស្រាល និងចុងកំពូលពណ៌មាស។ ខាងក្នុងតុបតែងយ៉ាងល្អវិចិត្រដោយពណ៌មាស និងគ្រឿងអលង្ការ។ មហាវិហារ អ៊ុស្ភេនស្គី នេះអាច
    ហៅបានថាជាបូជនីយដ្ឋានដែលបង្ហាញអំពីសម្ព័ន្ធភាពរបស់ហ្វ៊ីនលែនដ៍
    និងរុស្ស៊ី ដោយរុស្ស៊ីធ្លាប់គ្រប់គ្រងហ្វ៊ីនលែនដ៍ដល់ទៅជាង100ឆ្នាំ។

    3. ប្រាសាទ ព្រិលទឹកកក (Snow Castle) ទីក្រុង ខេមិ
    ជាប្រាសាទដែលសាងសង់ឡើងយ៉ាងភ្លឺចិញ្ចាញពីគំនរព្រិល និងផ្ទាំងទឹកកកនៅលើផ្ទៃដីទំហំជាង2ម៉ឺនម៉ែត្រក្រឡា។ ប្រាសាទមួយនេះមានទំហំប៉ុនទីក្រុងតូចមួយ ដោយសាងឡើងពីការចោះ និងឆ្លាក់ដុំទឹកកកយ៉ាងល្អប្រណីត អាចរាប់បានថាជាស្នាដៃបដិមាកម្មដុំទឹកកកដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ ខាងក្នុងទីក្រុងទឹកកកនេះប្រកបដោយទីកន្លែងផ្សេងៗដែលតុបតែងយ៉ាងប្លែកភ្នែកជាច្រើន ដូចជា ស្នូ រេស្តូរ៉ង់ (Snow Restaurant) ជាភោជនីយដ្ឋានដែលគ្រឿងសង្ហារិមផ្សេងៗសុទ្ធតែធ្វើឡើងពីដុំទឹកកក មិនថាតែតុ ឬកៅអីនោះឡើយ។ ស្នូ ហូថេល (Snow Hotel) បន្ទប់ស្នាក់នៅសម្រាប់អ្នកទេសចរ ដែលមានគ្រែធ្វើពីដុំទឹកកក និងនៅតាមជញ្ជាំងក៏មានការឆ្លាក់ក្បូរក្បាច់ដុំទឹកកកជារូបភាពផ្សេងៗយ៉ាងស្រស់ស្អាត រួមទាំង ស្នូ ឈែភេល (Snow Chapel) ឬវិហារទឹកកកដែលមានសម្រាប់ទទួលកូនកំលោះកូនក្រមុំណាដែលត្រូវការរៀបចំពិធីមង្គលការបែបមិនដូចគេទៀតផង។

    4. ភូមិ សានតា ខ្លូស (SANTA CLAUS VILLAGE)
    ភូមិ សានតា ខ្លូស (ភូមិ តា​​ណូអែល) តំបន់ រ៉ូវ៉ានៀអាមិ ស្ថិតនៅប៉ែកខាងជើងឡើងទៅពីទីក្រុង ហេលស៊ីងគី ជាង1ពាន់គីឡូម៉ែត្រ។ រ៉ូវ៉ានៀអាមិ ជាទីក្រុងចម្បងរបស់ លែហ្វលែនដ៍ ហើយក៏ជាភូមិកំណើត និងទីស្នាក់អាស្រ័យរបស់ សានតា ខ្លូស (តាណូអែល) យ៉ាងផ្លូវការដែរ ដូច្នេះហើយទើបកន្លែងទេសចរណ៍ដ៏ពេញនិយមរបស់ទីនេះគឺគេចមិនផុតពី SANTA CLAUS VILLAGE នេះឡើយ។ នៅក្នុងភូមិនេះមានទីលានសម្រាប់ប្រកបពិធីសប្បាយៗ ពាក់ព័ន្ធនឹងគំនរព្រិលដ៏ច្រើន មានហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន កសិដ្ឋានចិញ្ចឹមសុនខ ហាស្គី កសិដ្ឋានចិញ្ចឹមសត្វប្រើស រេនឌៀរ មានផ្ទះ និងកន្លែងធ្វើការរបស់ សានតា ខ្លូស ដែលខាងក្នុងតុបតែងដោយពណ៌ស្រស់ស្អាតភ្លឺថ្លា ហើយដែលមិនអាចខ្វះបាននោះគឺ លោកតា សានតា (តាណូអែល) រូបពិត មនុស្សពិតមែនទែននៅចាំទទួលស្វាគមន៍អ្នកទេសចរនៅទីនោះទៀតផង៕