Tag: Facebook

  • Facebook បិទ​ការិយាល័យ​​ប្រចាំ​ទីក្រុង​ឡុងដ៍​ បុគ្គលិក​3,000នាក់ ត្រូវ​ធ្វើ​ការ​នៅ​ឯផ្ទះ ព្រោះ​តែ​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ Covid-19

    Facebook បិទ​ការិយាល័យ​​ប្រចាំ​ទីក្រុង​ឡុងដ៍​ បុគ្គលិក​3,000នាក់ ត្រូវ​ធ្វើ​ការ​នៅ​ឯផ្ទះ ព្រោះ​តែ​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ Covid-19

    ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​ប្រកាស​ថា បុគ្គលិកដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​​ដែល​ធ្វើ​ការ​នៅ​សិង្ហ​បុរី ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ខែ​មុន​។ ដូច្នេះ Facebook ត្រូវ​បង្ខំ​ចិត្ត​ បិទ​ការិយា​ល័យ​ទាំង​នេះ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។

    ក្រុម​ហ៊ុន​ Facebook នឹង​បិទ​ការិយា​ល័យចំនួន​3 ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ រហូត​ដល់​ថ្ងៃចន្ទ បន្ទាប់​ពី​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​ បាន​ឆ្លង​មេរោគ​ Covid-19 និង​ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​ Facebook ទាំង​នោះ​ ចាប់​ពី​ថ្ងៃទី​24-26កុម្ភៈ​កន្លង​ទៅ​។

    ចំណែក​បុគ្គលិកផ្សេង​ៗ​ទៀត​នៅ​ទីក្រុង​ឡុងដ៍ Facebook បានតម្រូវ​ឱ្យពួកគេ​​ធ្វើ​ការ​ងារ​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook មាន​បុគ្គលិក​ចំនួន​ 3,000​នាក់ កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​។

    គេ​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​ប៉ះពាល់​ ឬ​នៅ​ក្បែរ​បុគ្គលិក​ដែល​មាន​ផ្ទុក​ Covid-19នេះ​ ប៉ុន្តែ Facebook បាន​ឱ្យ​ដឹង​ថា ក្រុ​មហ៊ុន​នេះ​កំពុង​ខិត​ខំ​ស្រាវ​ជ្រាវ​លើ​រឿង​នេះ​។ បុគ្គលិក​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ឯទីក្រុង​ឡុងដ៍ ត្រូវ​បា​ន​ស្នើ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រសិនបើ​​ពួកគេ​មាន​រោគ​សញ្ញា​ចម្លែក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook បាន​ឱ្យ​ដឹង​ថា អ្នក​លេង​​បណ្ដាញ​សង្គម​ដែល​ប្រើ​ស្មាត​ហ្វូន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ក៏អាច​បង្ហោះ​រូប​ថត​ 3D នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ដែរ​។

    ក្រុម​ហ៊ុន Facebook បាន​បន្ថែម​មុខ​ងារ​ 3D Photo តាំង​ពី​ឆ្នាំ​2019 ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ ចែក​រំលែក​រូប​ថត​​ដែល​អាច​មើល​ឃើញ​​ជម្រៅ​បរិយា​កាស​ក្នុង​រូប​ថត​ ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ដែល​គេ​ហៅ​ថា AI។ កាល​ពី​ចុងខែ​កុម្ភៈ នៅ​លើ​ blog របស់​ខ្លួន​ Facebook បាន​អះអាង​ថា នឹង​អនុញ្ញាត​ឱ្យ​អ្នក​លេង​ Facebook ដែល​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​តែ​មួយគ្រាប់ អាច​ប្រើ​ប្រាស់​កម្ម​វិធី​ 3D Photo នេះ​បាន​។

    ដោយ​ប្រើ​បច្ចេក​វិទ្យា​ Machine Learning និង​ AI ក្រុម​ហ៊ុន Facebook ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់ខ្លួន​មាន​សមត្ថ​ភាព​បង្កើត​​រចនា​សម្ព័ន្ធ​​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D​ បាន​ដោយ​ងាយ​។

    “ការ​ពង្រីក​មុខ​ងារ​នេះ អនុញ្ញាត​​ឱ្យ​បច្ចេក​វិទ្យា​រូប​ភាព​ 3D ក្លាយ​ជា​មុខ​ងារពេញ​និយម​មួយដែល​មនុស្ស​រាប់​លាន​នាក់​​កំពុង​ប្រើ​ស្មាតហ្វូន​ និង​ថេប្លេត​កាមេរ៉ា​តែ​មួយ​គ្រាប់ អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​។ វា​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទស្សនា​រូប​ភាព​ចាស់​ៗ កាល​ពី​ជំនាន់​ដើម ទៅ​តាម​របៀប​មើល​ថ្មី​” នេះ​ជា​ការ​លើក​ឡើង​របស់​ Facebook។

    កន្លង​មក ស្មាតហ្វូន​ Google Pixel ឬ​កម្ម​វិធី LucidPix (ត្រូវ​បង់​ថ្លៃ​សេវា​កម្ម) ក៏​អាច​ប្រែក្លាយ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D បាន​ដែរ​។ ប៉ុន្តែ​ប្រការ​ដែល​ខុស​គ្នា​នោះ​គឺថា Facebook គឺជា​បណ្ដាញសង្គមមួយ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 2,7​ពាន់​លាន​នាក់​ ដូច្នេះ​ វា​មាន​ន័យថា បច្ចេក​វិទ្យា​ 3D Photo នេះ​ នឹង​មាន​គេ​ប្រើ​ច្រើន​ជាង​មុន​ ហើយ​មិន​បាច់​បង់​ថ្លៃ​ទៀត​ផង។

    ​ទោះ​ជា​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត ប៉ុន្តែ បើ​តាម​ Petapixel លទ្ធ​ផល​នៃ​ការ​ប្ដូរ​រូប​របស់​ 3D Photo នៅលើ​ Facebook គឺ “ពិត​ជា​គួរឱ្យ​ជឿ​ជាក់​ណាស់​”។ មុខ​ងារ​នេះ​នឹង​ត្រូវ​ Facebook ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​អ្នក​ដែល​ប្រើ​ Facebook នៅ​លើ​ស្មាត​ហ្វូន​ iOS ចាប់​ពី​ iPhone 7 ឡើង​ទៅ​ ឬ​ស្មាតហ្វូន​ Android ចាប់​ពី​ប្រភេទ​មធ្យម​ឡើង​ទៅ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    ក្រុមហ៊ុន Facebook បានប្រកាសក្នុងវេបសាយរបស់ខ្លួនថា អ្នកជំនាញត្រួតពិនិត្យព័ត៌មានពិត ឬមិនពិត ដែលមានបណ្ដាញនៅទូទាំងពិភពលោករបស់ខ្លួន កំពុងបន្តកិច្ចការរបស់ពួកគេ ដោយនឹងត្រួតពិនិត្យ លើ មាតិកា និងការបង្ហោះព័ត៌មានមិនពិត ដែលបានចែកចាយលើបណ្ដាញសង្គមរបស់ខ្លួនទាក់ទងនឹងមេរោគវីរុសកូរ៉ូណា។

    ក្រោយពីការប្រកាសអាសន្នទូទាំងពិភពលោកចំពោះមេរោគវីរុសកូរ៉ូណា ពីសំណាក់អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ បណ្ដាញសង្គម Facebook ក៏បានចាប់ផ្ដើមចូលរួមជួយជាពិសេស ដោយនឹងធ្វើការរឹតត្បិតចំពោះការផ្សព្វផ្សាយព័ត៌មាន និងដំណឹងមិនពិតអំពីមេរោគកំណាចនេះ និងភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដំណឹងមានប្រយោជន៍វិញ។

    នៅពេលដែលអ្នកលជំនាញកំណត់បានមាតិកាណាមួយថា ក្លែងក្លាយ Facebook នឹងធ្វើការរឹតត្បិតលើ មាតិកានោះមិនឱ្យ Reach ច្រើននៅលើ Facebook និង Instagram ហើយបង្ហាញព័ត៌មានពិតជំនួសវិញ។

    Facebook ក៏នឹងផ្ដល់ Notification ដល់អ្នកដែលបាន Share មាតិកាក្លែងក្លាយ ឬអ្នកដែលចង់ Share ដោយប្រាប់ថា មាតិកានោះបានឆ្លងកាត់ការត្រួតពិនិត្យរបស់អ្នកជំនាញហើយ និងត្រូវបានពួកគេកំណត់ថា ជាមាតិកាក្លែងក្លាយ។

    Facebook ក៏នឹងចាប់ផ្ដើមលុបចេញនូវមាតិកាក្លែងក្លាយ (Fake Content) ដែលត្រូវបានពិនិត្យដោយអង្គភាពសុខភាពពិភពលោក និងមន្ត្រីសុខភាពក្នុងស្រុក ដែលវាអាចប៉ះពាល់ដល់អ្នកប្រើ Facebook ដែល​ជឿ​លើ​មាតិកាទាំងនោះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    សម្តេចតេជោ​ ហ៊ុន​ សែន ក្នុង​នាម​ជា​អនុប្រធានកិត្តិយស “ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី” និង​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទគណនី Facebook ផ្សាយលក់ផលិតផលទាំង​ឡាយ​ណា​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

    សម្ដេច​ ហ៊ុន សែន​ មានប្រសាសន៍ថា ការ “Live” លក់ផលិតផល​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសបែប​នេះហើយ នាំឱ្យមានការបំពានផ្លូវភេទ​ស្ត្រី​ក្នុងសង្គមនាពេលបច្ចុប្បន្ន និងអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។

    បទបញ្ជានេះ​ ត្រូវ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកនេះ​ (17កុម្ភៈ)។ សម្ដេច​តេជោ បញ្ជាក់​ថា គណនី​ Facebook ណា​ដែល​ “Live” លក់​ផលិត​ផល​ ប៉ុន្តែ មិនបាន​បញ្ចេញកេរ្តិ៍ខ្មាស នឹង​នៅ​តែ​អាច​បន្ត​មុខ​របរ​របស់​ពួក​គេ​បានធម្មតា៕

  • ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ​ដ៏​ពិសេស​មួយដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​លុប​សារ​ចាស់ៗ​ ឬ​សារ​ដែលខ្លួន​គិត​ថា ​ខុស​ឆ្គង និង​មិន​ចង់ឱ្យ​បុគ្គល​ម្ខាង​ទៀត​ឃើញ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger របស់ខ្លួន។

    ​​មុខងារ​ថ្មី​នេះ​បានដាក់បញ្ចេញ​​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ចាប់​ពី​ពេល​នេះ ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​កម្មវិធី Messenger ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។ អ្នក​ប្រើប្រាស់​អាច​សិក្សា​ទុក​ជា​ចំណេះដឹងនៅពេលក្រោយតាម​រយៈ​ការ​អនុវត្ត​ដ៏​សាមញ្ញ​ដូច​ខាង​ក្រោម។

    ​- បើក​ដំណើរការ Facebook Messenger លើ​ទូរស័ព្ទ​ ឬ​ Desktop

    • ចូល​ទៅ​កាន់​ការ​សន្ទនា​ដែល​អ្នក​ចង់​លុប
    • ចុច​សង្កត់​ឱ្យ​ជាប់លើ​សារ​ណា​មួយដែលចង់លុប
    • រើស​យក​ពាក្យ Delete > ជ្រើស​ត្រង់​ពាក្យ Remove for everyone
    • (សារ​នោះ​នឹង​បាត់​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក ​និង​បុគ្គល​ម្ខាង​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ពេល​ប្រហែល 10នាទី)៕
  • វៀតណាម ជំរុញឱ្យ Facebook បើកការិយាល័យក្នុងប្រទេសខ្លួន មុនច្បាប់​ “សន្តិសុខតាមអីុនធើណិត” ត្រូវបានអនុវត្ត

    វៀតណាម ជំរុញឱ្យ Facebook បើកការិយាល័យក្នុងប្រទេសខ្លួន មុនច្បាប់​ “សន្តិសុខតាមអីុនធើណិត” ត្រូវបានអនុវត្ត

    រដ្ឋាភិបាលវៀតណាមបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិក Facebook បើកការិយាល័យផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសរបស់ខ្លួន(ការិយាល័យក្នុងតំបន់) ដើម្បីងាយស្រួល​ធ្វើការជាមួយរដ្ឋាភិបាល ព្រោះនៅដើមឆ្នាំ2019ខាងមុខនេះ រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្ត និងរឹតបន្តឹងច្បាប់​ “សន្តិសុខតាមអីុនធើណិត”។

    យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានវៀតណាមបានឱ្យដឹងថា បច្ចុប្បន្ន Facebook កំពុងតែ​ជោគជ័យលើអាជីវកម្មក្នុងប្រទេសវៀតណាម ជាពិសេស Facebook អាចទាញយកផលប្រយោជន៍យ៉ាងច្រើនពីវៀតណាម ដូច្នេះគួរតែបង្កើតការិយាល័យក្នុងតំបន់មួយ។

    នៅដើមឆ្នាំ2019 រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្តច្បាប់ “សន្តិសុខតាមអីុនធើណិត” ជាពិសេសគឺរដ្ឋាភិបាលវៀតណាមត្រូវទាមទារឯកសារជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលមានដូចជា Facebook និង Google ជាដើម ព្រោះរដ្ឋាភិបាលត្រូវគ្រប់គ្រងទៅលើព័ត៌មានអ្នកប្រើប្រាស់ជនជាតិវៀតណាមដែរ។

    ក្រសួងព័ត៌មានវៀតណាមបានបញ្ជាក់បន្ថែមទៀតថា តើ Facebook អាចរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វៀតណាមដែលមានជាង 60លាននាក់បានដែរឬទេ? ទាំងនេះគឺជា​ក្ដីបារម្ភធំបំផុតដែលរដ្ឋាភិបាលវៀតណាមទាមទារឱ្យបង្កើតការិយាល័យឡើងដើម្បីងាយ-ស្រួលធ្វើការជាមួយគ្នា។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបែកធ្លាយព័ត៌មានទិន្នន័យអ្នកប្រើ Facebook ដែលត្រូវបានគេលួចនោះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា បើសិនជា Facebook មិនព្រមផ្ដល់​ចម្លើយ ឬគ្មានដំណោះស្រាយសមស្របណាមួយនោះទេ Facebook នៅក្នុងប្រទេសវៀតណាមនឹងត្រូវបិទ៕

  • Facebook ចាប់ផ្ដើមសាកល្បងរកលុយពី WhatsApp

    Facebook ចាប់ផ្ដើមសាកល្បងរកលុយពី WhatsApp

    កាលពីឆ្នាំ2014 ក្រុមហ៊ុន Facebook បានចំណាយលុយយ៉ាងច្រើនសន្ធឹករហូតដល់ 22ពាន់លានដុល្លារអាមេរិកទិញយកកូនកម្មវិធីជជែកកម្សាន្ត WhatsApp ក្នុងគោលបំណង​ទាញយកផលប្រយោជន៍ដើម្បីបង្កើនប្រាក់ចំណេញ។ ដូច្នេះសួរថា តើ Facebook រកលុយពី WhatsApp វិញតាមវិធីណា?

    សារព័ត៌មាន Bloomberg បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Facebook បានចាប់ផ្ដើមសាកល្បង​ដាក់បញ្ចូលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចូលទៅក្នុង​កម្មវិធី WhatsApp Chat ប៉ុន្តែ​ចំពោះតម្លៃ និងការផ្សព្វផ្សាយត្រូវបាន គេបញ្ជាក់ថា ខុសប្លែកពីនៅលើ Facebook។

    នៅមិនទាន់ឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគំរូឡើយ ប៉ុន្តែប្រភពខាងលើបានឱ្យដឹងថា នៅពេលនេះមានក្រុមហ៊ុនធំៗជាច្រើនបានចាប់អារម្មណ៍ និងបានចូលខ្លួនសាកល្បងការ​ផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ដោយក្នុងនោះមានប្រមាណជា 100ក្រុមហ៊ុន។

    កាសែត The Wall Street Journal បានចេញផ្សាយថា បើសិនជា WhatsApp ចាប់ផ្ដើមរកចំណូល​ពីការផ្សព្វផ្សាយពាណិជ្ជកម្មមែននោះ គេជឿជាក់ថា លុយដែលទទួលបាន​នឹងមិនចាញ់​ Facebook ប៉ុន្មានឡើយ ព្រោះថា នៅពេលនេះចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនឡើងដល់ជាង 1.5ពាន់លាននាក់ហើយ។

    គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ2014 ក្រុមហ៊ុន Facebook បានទិញយក WhatsApp ខណៈដែលកម្មវិធីនេះ​មានមនុស្សធ្វើការតែ 6នាក់ និងមានអ្នកប្រើមិនដល់ 1លាននាក់ផង ប៉ុន្តែមកដល់ពេលនេះ WhatsApp មានបុគ្គលិក 50នាក់ និងមានអ្នកប្រើជាង 1.5ពាន់លាននាក់៕

  • Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

    Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

    អាមេរិក៖ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាស​ឱ្យដឹងថា Facebook នឹងធ្វើ​កំណែទម្រង់​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​អត្ថបទ​នានា ជាពិសេស​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​អត្ថបទ​ទាំងនោះ​ថា «គួរឱ្យ​ជឿទុកចិត្ត​បាន ឬក៏​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ» ដោយ​ការវាយតម្លៃ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់។

    សារព័ត៌មាន The Guardian បានចេញ​ផ្សាយ​ថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook ដោយ​ព័​ត៌​មា​នួ​ទាំងនោះ មាន​ខ្លះ​ជា​ព័ត៌មាន​ពិត និង​ខ្លះទៀត​ជា​ព័ត៌មាន​មិន​ពិត ដូច្នេះហើយ ក្រុមហ៊ុន Facebook នឹងធ្វើ​ការស្ទង់មតិ​ទៅលើ «ប្រភពព័ត៌មាន» ដោយ​ឱ្យ​អ្នកប្រើប្រាស់​បញ្ជាក់ថា «ស្គាល់ ឬ​មិន​ស្គាល់» ដើម្បី​ងាយស្រួល​បញ្ជាក់ថា ប្រភពព័ត៌មាន​មួយ​នេះ​គឺ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាក់លាក់ និង​ត្រឹមត្រូវ ឬ​ប្រភពព័ត៌មាន​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ។

    លោក Mark Zuckerberg បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​ធ្វើ​ការស្ទង់មតិ​រួចរាល់​ហើយ ក្រុមការងារ Facebook នឹង​ផ្ដល់​ចំណាត់ថ្នាក់​សម្រាប់​ប្រភពព័ត៌មាន​ទាំងនោះ តាមរយៈ​ទិន្នន័យ​ដែល​ស្ទង់​មតិ​បាន ដើម្បី​ផ្ដល់​អាទិភាព​ក្នុងការ​បង្ហាញ​ព័ត៌មាន​នៅក្នុង News Feed៕

  • មិន​នឹកស្មានថា Domian Name របស់ Facebook មានតម្លៃ​ខ្ពស់​ដល់​ម្លឹ​ង​សោះ!!!

    មិន​នឹកស្មានថា Domian Name របស់ Facebook មានតម្លៃ​ខ្ពស់​ដល់​ម្លឹ​ង​សោះ!!!

    បច្ចុប្បន្ន អ្នកលេង Facebook មួយចំនួន មិនសូវ​ចាប់អារម្មណ៍​ថា Facebook មាន Domain ផ្ទាល់ខ្លួន​មួយទៀត​គឺ  fb.com  ពោលគឺ​ភាគច្រើន​ស្គាល់​ត្រឹមតែ  facebook.com  ប៉ុណ្ណោះ។

    តើ​លោក​អ្នកមាន​ដឹង​ទេ​ថា Domain Name « fb.com  និង  facbeook.com » មានតម្លៃ​ប៉ុន្មាន?

    យោងតាម​ការចេញផ្សាយ​របស់ Wikipedia បាន​ឲ្យ​ដឹងថា បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដំបូង​ឡើង​គឺមាន​ឈ្មោះ « thefacebook.com » ប៉ុន្តែ​ក្រោយមក​នៅ​ឆ្នាំ 2005 លោក Mark Zuckerberg ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នាពេល​បច្ចុប្បន្ន បានសម្រេច​ចិត្ត​ប្ដូរ ទៅប្រើ  facebook.com  វិញ ដោយ Domain name មួយ​នេះ ត្រូវបាន​ទិញ​ពី​ក្រុមហ៊ុន AboutFace ក្នុងតម្លៃ 20ម៉ឺន​ដុល្លារ​អាម​រិ​ក។ វា​ពិតជា​ថ្លៃ​ណាស់​មែន​ទេ? នៅ​មិនទាន់​ចប់​នោះទេ នៅ​ឆ្នាំ 2010 បណ្ដាញ​សង្គម​យក្ស​មួយ​នេះ បានសម្រេច​ចិត្ត​ទិញ Domain name មួយទៀត​គឺ « fb.com » ពី​ការិយាល័យ​សហព័ន្ធ​កសិកម្ម​របស់​អាមេរិក តែ​ស្ថាប័ន​ទាំងពីរ​នេះ បាន​លាក់​បំបាំង​នូវ​តម្លៃ រហូត​ក្រោយមក​បាន​បន្តិច ក៏មាន​ប្រភពព័ត៌មាន​ជាច្រើន​បាន​ទម្លាយ​ឲ្យ​ដឹងថា Facebook ទិញ  fb.com  ក្នុងតម្លៃ 8,5លាន​ដុល្លារ​អាមេរិក ខណៈដែល Domain name ទូទៅ​មានតម្លៃ​ចន្លោះ​ត្រឹមតែ 10 ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    គួរបញ្ជាក់​ផងដែរ​ថា ពេលនេះ Facebook បាន​ក្លាយជា​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​បំផុត​រហូតដល់​ជាង 2,1ពាន់​លាន​នាក់ ហើយក៏​ជា​បណ្ដាញ​សង្គម​ដែលមាន​ឥទ្ធិពល​ផងដែរ៕

  • ការប្រើ Facebook របស់ប្រជាជនខ្មែរ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

    ការប្រើ Facebook របស់ប្រជាជនខ្មែរ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

    នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ប្រជាជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅលើពិភពលោក ដោយក្នុងនោះប្រជាជនកម្ពុជារាប់លាននាក់ក៏កំពុងប្រើប្រាស់បណ្តាញសង្គមធំជាងគេមួយនេះផងដែរ។

    ថ្វីត្បិតតែការប្រើប្រាស់ Facebook របស់ប្រជាជនខ្មែរបានជួយឱ្យពួកគាត់ទទួលបានព័ត៌មាន និងអភិវឌ្ឍអាជីវកម្មបាន តែវាក៏បានផ្តល់គុណវិបត្តិផងដែរប្រសិនបើការប្រើប្រាស់នោះមិនត្រឹមត្រូវ។

    អ្នកជំនាញសារព័ត៌មាន និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ធ្លាប់បានលើកឡើងថា ក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក គឺមានសារៈសំខាន់ណាស់ ដោយសារតែប្រព័ន្ធសង្គមហ្វេសប៊ុកនេះមានមហាជនទូទៅ កំពុងតែប្រើប្រាស់ និងបញ្ចេញមតិ ទំនាក់ទំនងរវាងគ្នា និងគ្នា ឬទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាល។ តែការប្រើប្រាស់ហ្វេសប៊ុកអាចបញ្ជូនសារ និងទិន្នន័យបានលឿនប្រាកដមែន ប៉ុន្តែភាគច្រើន អាចជាព័ត៌មានមិនពិត មិនច្បាស់លាស់ និងមិនអាចយកធ្វើជាផ្លូវការបាន រហូតធ្វើឱ្យក្លាយជាព័ត៌មានបំពុលបរិយាកាសដល់ប្រព័ន្ធផ្សព្វផ្សាយអាជីពនៅក្នុងប្រទេសកម្ពុជា និងប៉ះពាល់ទៅដល់ព័ត៌មានអាជីពទៀតផងដែលអ្នកប្រើប្រាស់គួរតែគិតគូរ និងប្រើវាដើម្បីជាអត្ថប្រយោជន៍របស់ខ្លួន និងសង្គមទាំងមូល។

    ស្របពេលជាមួយគ្នានេះដែរឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ដែរថា ព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុកជាព័ត៌មានពាក់កណ្តាលសម្រេច ដែលមិនអាចយកជាផ្លូវការបាន100ភាគរយទេ ដោយសារវាបានផ្តល់ព័ត៌មានលឿនពេក មិនអាចវិភាគស្ថានការណ៍បានគ្រប់ជ្រុងជ្រោយ។ បើប្រៀបធៀបរវាងព័ត៌មានអេឡិចត្រូនិក និងព័ត៌មានបោះពុម្ពផ្សាយមានភាពប្រសើរល្អម្យ៉ាងម្នាក់ មួយលឿន ប៉ុន្តែមួយទៀតបោះពុម្ពផ្សាយផ្តល់ព័ត៌មានពិត អាចយកជាផ្លូវការបាន។

    ឯកឧត្តមបន្តថា ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្តល់ព័ត៌មានលឿន ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈ និងពេលខ្លះអាចជាការដាក់ទោសមនុស្សទៀតផង។ ឯកឧត្តមលើកជាឧទាហរណ៍ថា ក្មេងស្រីជនបរទេសអាយុ 12ឆ្នាំម្នាក់ ដោយសារទុកចិត្តមិត្តភក្តិនាងបានដោះអាវឱ្យសង្សារមើលតាមហ្វេសប៊ុក ហើយសង្សាបានយករូបនោះទៅបង្ហោះ ធ្វើឱ្យក្មេងស្រីនោះខ្មាសគេ ដូរពីសាលាពីមួយទៅសាលាអស់3ទៅ4សាលាហើយ គេនៅតែបន្តបង្ហោះរូបនោះធ្វើឱ្យនាងឈឺចិត្ត ចុងក្រោយសម្លាប់ខ្លួននៅអាយុ15ឆ្នាំ ដែលនេះជាការដាក់ទោស ធ្វើឱ្យមនុស្សស្លាប់ដោយសារការប្រើហ្វេសប៊ុកមិនបានត្រឹមត្រូវ។

    យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Facebook តាមរយៈ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្តាញយក្សមួយនេះ បានបញ្ចាក់ថា ត្រឹមខែមិថុនា ឆ្នាំ 2017 មានអ្នកប្រើប្រាស់បណ្តាញ Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយលើពិភពលោក។ ជាមួយចំនួនដ៏ច្រើននេះ មនុស្សបានទាញយកផលប្រយោជនយ៉ាងច្រើន តែក៏ទទួលរងនូវផលប៉ះពាល់ច្រើនផងដែរ៕