Tag: ev

  • Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ 2022-2023​។

    យោងតាម​ទំព័រ Forbes កំពូល​តារាបាល់ទាត់ Ronaldo រកបាន 136 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធ​របស់​ព័រទុយហ្កាល់​រូបនេះ កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ជា​លើកដំបូង រាប់​ចាប់ពី​ឆ្នាំ 2017 និង​ជា​លើក​ទី​បី​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ 136 លាន​ដុល្លារ​អាម៉េរិក ក៏​ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​បាល់ទាត់​មួយរូប។

    ខ្ទង់​ប្រាក់​ប្រហែល 46 លាន​ដុល្លារ​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់ Ronaldo គឺ​បានមកពី​ក្លឹប​ដែល​គាត់​លេង​ឱ្យ គឺ Man Utd និង Al Nassr។ 90 លាន​ដុល្លារ​ទៀត​គឺ​បានមកពី​វិស័យ​នានា​ដែល​នៅក្រៅ​វាលស្មៅ ក្នុងនោះ​មាន​ទាំង​ការផ្សាយពាណិជ្ជកម្ម និង​ជំនួញ។ នៅក្នុង​ប្រវត្តិសាស្ត្រ មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែលមាន​ប្រាក់ចំណូល​ក្រៅ​វាលស្មៅ​ច្រើនជាង 90 លាន​ដុល្លារ នោះ​គឺ Roger Federer, Tiger Woods និង Conor McGregor ។

    Ronaldo បានបញ្ចប់​កិច្ចសន្យា​ជាមួយ Man Utd កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា 2022 និង​បាន​ចុះកិច្ចសន្យា​ជាមួយ Al Nassr ចាប់ពី​ខែមករា 2023។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ ក្លឹប Al Nassr ផ្ដល់ប្រាក់​ចំណូល​ប្រហែល 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដល់ CR7។ ដូច្នេះ ស្ថិតិ​របស់ Forbes ស្ដីពី​ប្រាក់ចំណូល​របស់ Ronaldo ទំនងជា​នឹង​កើនឡើង​ខ្ពស់​ចាប់ពី​ឆ្នាំក្រោយ។

    Cristiano Ronaldo

    លំដាប់​លេខ​ពីរ​នៅក្នុង​តា​រាង​ចំណាត់ថ្នាក់​នេះ គឺ​បាន​ទៅលើ Lionel Messi។ ចំណាត់ថ្នាក់​របស់ Messi បាន​ធ្លាក់ចុះ​មួយ​កាំ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ប៉ុន្តែ​គាត់​នៅតែមាន​ប្រាក់ចំណូល 130 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់ចំណូល​នៅក្នុង និង​ក្រៅ​វាលស្មៅ​របស់​កំពូល​តារា​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​គឺ​ស្មើគ្នា។

    ចំណាត់ថ្នាក់​លេខ​បី​បាន​ទៅលើ Kylian Mbappe ដោយ​រកបាន 120 លាន​ដុល្លារ​អាម៉េរិក។ ក្នុងនោះ 100 លាន​ដុល្លារ​បាន​ពី​ក្លឹប​បាល់ទាត់។

    Kylian Mbappe (ស្ដាំ) និង Lionel Messi

    កំពូល​កីឡាករ​បាល់បោះ LeBron James ឈរ​លំដាប់​លេខ​បួន ដោយ​រកបាន 119.5 លាន​ដុល្លារ ខណៈ​កំពូល​អ្នក​ប្រដាល់ Canelo Alvarez រកបាន 110 លាន​ដុល្លារ ត្រូវ​ឈរ​លេខ​ប្រាំ។

    បន្ទាប់មកទៀត​គឺ កីឡាករ​វាយកូនគោល Dustin Johnson (107 លាន), កីឡាករ​វាយកូនគោល Phil Mickelson (106 លាន), តារា​បាល់បោះ Stephen Curry (100.4 លាន), កីឡាករ​វាយ​កូន​បាល់ (tennis) Roger Federer (95.1 លាន) និង​ទី​ដប់​គឺ​តារា​បាល់បោះ Kevin Durant (89.1 លាន)៕

  • រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។

    រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។

    យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។

    ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។

    យោងតាម​អ្នកស្រាវជ្រាវ អក្សរ​ចម្លាក់​ជា​ភាសាសំស្ក្រឹត​បង្ហាញថា មាន​សហគមន៍​អ្នកជំនួញ​អេ​ហ្ស៊ី​ប​មួយ​រស់នៅក្នុង​ដែនដី​អេ​ហ្ស៊ី​ប​បុរាណ ពោលគឺ​ពួកគេ​មិនមែន​គ្រាន់​តែ​​ឆ្លងកាត់​ទីនោះ​ដើម្បី​ធ្វើ​ជំនួញ​ឡើយ។ ការកត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញថា មាន​ជនជាតិ​ឥណ្ឌា​រស់នៅក្នុង​តំបន់ Alexandria ផងដែរ៕

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • ក្រុម​ហ៊ុន Dongfeng Motor នាំចេញ​រថយន្ត​អគ្គិសនី​ SUV Voyah ៥០០ គ្រឿង​ ទៅ​កាន់ ន័រវែស

    ក្រុម​ហ៊ុន Dongfeng Motor នាំចេញ​រថយន្ត​អគ្គិសនី​ SUV Voyah ៥០០ គ្រឿង​ ទៅ​កាន់ ន័រវែស

    ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀតនៅ​ តំបន់​អឺរ៉ុប។

    កាលពី​ដើម​សប្ដាហ៍​នេះ​ Dongfeng Motor បាន​ប្រកាស​ថា រថយន្ត​ប្រភេទ SUV អគ្គិសនី​យីហោ Voyah Free ដំបូង​ចំនួន ៥០០ គ្រឿង​ នឹង​ត្រូវ​ដឹក​ទៅ​កាន់​ ប្រទេស​ន័រវែស។ ទំនិញ​ខាងលើ​ត្រូវ​បាន​ដឹក​ពី​រោង​ចក្រ​របស់ Dongfeng Motor នៅ Wuhan ខេត្ត Hebei ប្រទេស​ចិន ដែលជា​ទីស្នាក់​ការ​កណ្ដាល​របស់​ពួក​គេ​​។

    ក្រុមហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​ប្រគល់​ Voyah Free ដល់​ដៃ​អតិថិជន​នៅ ន័រវែស ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ខាងមុខ​។

    ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀត មាន​ដូច​ជា ស៊ុយអែត ហូឡង់ ដាណឺម៉ាក ជា​ដើម ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​។

    Dongfeng Motor បាន​ប្រកាស​បញ្ចេញ​រថយន្ត​ម៉ាក Voyah និង Voyah FREE កាលពី​ចុង​ឆ្នាំ​ ២០២០ ដើម្បី​អនុវត្ត​មហិច្ឆតា​វាយ​លុក​ទីផ្សារ​​រថយន្ត​អគ្គិសនី​លើ​ពិភពលោក​។ Voyah FREE បច្ចុប្បន្ន​មាន​តម្លៃ​ចាប់ពី ៣១៣,៦០០ យុន (៤៣,៧៦០ ដុល្លារ​អាម៉េរិក) ដល់ ៣៩៣,៦០០ យុន​ នៅ​ ប្រទេស​ចិន​។

    Voyah Space ដែល​ជា​ហាង​ដំបូង​របស់ Voyah ដែល​នៅ​ខាង​ក្រៅ​ ប្រទេស​ចិន​។ ហាង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ ន័រវែស តាំង​ពី​ខែ​មិថុនា ២០២២​៕