Tag: England

  • COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​ទឹក​ចិត្ត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ “សង្ឃឹម និង​ប្រាកដ​​” ណាស់​ថា លោក​ Johnson នឹង​ជា​សះស្បើយ​ពី​ជំងឺ​ បន្ទាប់​ពី​លោក​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​​COVID-19 នៅ​មន្ទីរពេទ្យ​។

    “គាត់គឺជា​មិត្ត​របស់​ខ្ញុំ គាត់​គឺជា​អ្នក​ដឹក​នាំ​ដ៏ល្អ​ម្នាក់​។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃ​នេះ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​​ និង​ប្រាកដ​ថា គាត់​នឹង​មិន​ថ្វី​នោះ​ទេ​”​ ប្រធានាធបិតី​ Donald Trump មាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ កាល​ពី​ថ្ងៃទី​5មេសា​។ លោក​ Trump សង្កត់​ធ្ងន់​ថា “គាត់​គឺជា​បុរស​រឹង​មាំ​ម្នាក់​”​។

    ការ​ប្រកាស​របស់​លោក​ Trump ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់​ថា​ លោក​ Johnson អាយុ​55​ឆ្នាំ​ ត្រូវ​​ចូល​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​​ ក្រោយ​ពី​លោក​បាន​ឆ្លង​វីរុស​COVID-19​អស់​រយៈ​ពេល​10​ថ្ងៃ​មក​នេះ​។

    រដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស​ Matt Hancock ដែល​ជា​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ដែរ​នោះ​ បាន​ត្រឡប់​មក​ធ្វើការ​វិញ​​កាលពី​ថ្ងៃទី​3មេសា ក្រោយ​ការ​នៅ​ដាច់​ដោយ​ឡែក​1សប្ដាហ៍​ បាន​ឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Johnson នៅ​មាន​សុខ​ភាព​ល្អ​​ ហើយ​អ្នក​ទាំង​2​នៅ​តែ​ទាក់​ទង​រក​គ្នា​​ជា​ធម្មតា​។

    លោក​ Trump និង​លោក​ Johnson
    លោក​ Trump និង​លោក​ Johnson

    ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​ Carrie Symonds ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ បាន​ឱ្យ​ដឹង​ថា លោក​ស្រី​ក៏មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​អស់​រយៈ​ពេល​1សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ​សុខ​ភាព​កំពុង​ល្អ​ប្រសើរ​ឡើង​វិញដែរ​​។ ប្រធាន​គណៈ​កម្ម​ធិការ​សុខាភិបាល​នៃ​ប្រទេស​អង់គ្លេស​ក៏​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ដែរ​ ខណៈ​ដែល​ Dominic Cummigs ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ កំពុង​នៅ​ដាច់​ដោយ​ឡែក​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​208​ នៅ​ជុំវិញ​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1,274,970នាក់បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​69,501​នាក់​បាន​ស្លាប់​ 265,883​នាក់បាន​​ជាសះស្បើយ និង​​45,899​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេសប្រចាំ​នៅ​​ប្រទេស​ហុង​គ្រី លោក Steven Dick អាយុ​37​ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19។

    យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ឯកអគ្គ​រាជ​ទូត​អង់គ្លេស​ លោក Steven Dick បាន​ស្លាប់​នៅក្នុង​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​24​មីនា​កន្លង​ទៅ​។ “ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ស្លាប់​​របស់​លោក​ Steven” នេះ​ជា​ប្រសាសន៍​របស់លោក Dominic Raab ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​។

    Dominic Raab ថ្លែង​ថា “Steven គឺ​ជា​អ្នក​ការ​ទូត​ដែល​ចេះ​ស៊ូទ្រាំ​នឹង​ការងារ​ និង​តំណាង​ឱ្យ​ប្រទេស​ទាំង​មូល​ ដោយ​មាន​សមត្ថ​ភាព​ និង​ស្រឡាញ់​ការ​ងារ​យ៉ាង​អស្ចារ្យ​មួយ​រូប​”។ លោក​ Dick បាន​ទទួល​តំណែង​ជា​ឯកអគ្គ​រាជ​ទូត​រង​​ចាប់​ពី​ខែធ្នូ ឆ្នាំ​2019។

    ការ​បាត់​បង់​ជីវិត​របស់​ឯកអគ្គរាជ​ទូត​រង​អង់គ្លេស​នៅរដ្ឋធានី​​ Budapest បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ហុង​គ្រី​ សរុបឡើង​ដល់​10​នាក់​។ នេះ​បើ​តាមទិន្ន​ន័យ​ផ្លូវ​ការ​របស់​ប្រទេស​ហុង​គ្រី​កាល​ពី​ថ្ងៃដែល​លោក Dick បាន​ស្លាប់​។ ក៏ប៉ុន្តែ ភាគី​ខាង​​ប្រទេស​ហុង​គ្រី​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​អង់គ្លេស​តែ​ម្នាក់​គត់​ ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។ បច្ចុប្បន្ន មិន​ទាន់​ដឹង​ថា​លោក Dick​ មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ក្រៅ​ពី​ COVID-19 ដែរ​ឬអត់​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​198​ នៅ​ទូទាំង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា 471,468​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​21,295​នាក់​បាន​ស្លាប់ និង​ជាង​14,790​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។ ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​114,640​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស Dominic Raab ត្រូវ​បាន​តែង​តាំង​ឱ្យ​បំពេញ​ភារ​កិច្ច​ជំនួស​នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន ក្នុង​ករណី​​លោក Boris Johnson មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ ដោយ​សារ​ឆ្លង​រោគ COVID-19។

    ការិយាល័យនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ថ្ងៃ​នេះបាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការ​បរទេសអង់គ្លេស​​ Raab ដែល​ជា​អ្នក​ធ្លាប់​ធ្វើ​តេស្ត​2លើក​ ប៉ុន្តែ​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ត្រូវ​បាន​ជ្រើស​តាំង​​ជា “នាយក​រដ្ឋ​មន្ត្រី​បម្រុង​” នៃ​ប្រទេស​នេះ​។ លោក Raab នឹង​ធ្វើ​កិច្ច​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​ករណី​ដែល​លោក Johnson និង​ក្រុម​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​គណរដ្ឋមន្ត្រី​របស់​លោក​ ឆ្លង​វីរុស​ COVID-19។

    នាយក​រដ្ឋមន្ត្រី​អង់គ្លេស Johnson មក​ដល់​ពេល​នេះមិន​ទាន់​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​ឡើយ​ ប៉ុន្តែ​ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​អង់គ្លេស​។

    រដ្ឋមន្ត្រីម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ប្រសិន​លោក Boris Johnson មិន​អាច​បំពេញ​កិច្ច​ការ​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា រដ្ឋមន្ត្រីនៃ​ខុទ្ទកាល័យគណរដ្ឋមន្ត្រី (ដែល​ជា​អ្នក​គ្រប់​គ្រង​រាល់​គោលនយោបាយ​នៃ​ខុទ្ទកាល័យទាំង​មូល​) លោក Michael Gove គួរ​តែ​ជា​អ្នក​ត្រូវ​ទទួល​តួនាទី​នេះ​ មិន​មែន​លោក Raab នោះ​ទេ​។

    យោង​តាម​ផែន​ការ​ថ្មីនេះដែរ ក្នុង​ករណី​ជំនួយ​ការ​របស់​លោក Johnson ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ គឺលោក Dominic Cummings និង​នាយក​ផ្នែក​សារ​ព័ត៌មាន​ Lee Cain បាន​ឆ្លង​រោគ COVID-19 ពួក​គេ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Isaac Levido ដែលជា​នាយក​ផ្នែក​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​គណបក្ស​អភិរក្ស​និយម​ Conservative Party នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឬ​ Paul Stephenson ដែលជា​នាយក​ផ្នែក​សារ​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ Brexit (ការ​បោះ​ឆ្នោត​មួយ​ដែល​ទាញ​ប្រទេស​អង់គ្លេស​ចេញ​ពី​សហ​ភាព​អឺរ៉ុប)។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​188​ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​ Wuhan ខេត្ត Hubei នៃ​ប្រទេស​ចិនកាល​ពី​ខែធ្នូ​ ឆ្នាំ2019 បណ្ដាល​ឱ្យ​មនុស្ស​ជាង​300,000​នាក់កើត​រោគ និង​ជាង​​13,000​​នាក់​បាន​ស្លាប់​ (នៅ​ទូទាំង​ពិភពលោក)។

    បច្ចុប្បន្ន អង់គ្លេស​មាន​អ្នក​ឆ្លង​រោគ COVID-19 ជាង​5,000​នាក់ ក្នុង​នោះ​មាន​240​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    ក្រុម​បុគ្គលិក​ពេទ្យដែល​​ជា​គិលានុបដ្ឋាយិកា​នៃ​មន្ទីរពេទ្យ​ Northwick Park បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ដោយ​​ហួស​កម្លាំង ព្រោះតែ​មាន​អ្នក​ជំងឺ​ច្រើន​ពេក​ ហើយ​ពួកគេ​ក៏​ត្រូវ​ប្រើ​ថង់​ផ្លាស្ទិក​មក​ប្រើ​ជំនួស​សម្ភារ​វេជ្ជ​សាស្ត្រ​ ដើម្បី​ការ​ពារ​ខ្លួន​។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិករបស់​ខ្លួន​កាល​ពី​ថ្ងៃទី​20មីនា មន្ទីរពេទ្យ​ Northwick Park ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ បាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ​អស់​គ្រែ​ពិសេស​រលីង​ហើយ​ ក្រោយ​ពី​ចំនួន​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ អ្នកជំងឺ​6នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​ដក​ដង្ហើម​ដោយ​ពឹង​លើ​ម៉ាស៊ីន​ជំនួយ។

    បុគ្គលិក​ពេទ្យ​ដែល​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ហា​ប្រឈម​ក្នុង​មន្ទីរ​ពេទ្យ​ Northwick Park ​ខាង​លើ បាន​ស្នើ​សុំ​ម៉ាស់ វ៉ែនតា​ និង​ស្រោម​ដៃ​ ដោយ​សារ​បុគ្គលិកនៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ត្រូវ​បង្ខំចិត្ត​យក​ថង់​ដាក់​សំរាម​ មក​គ្រប​ក្បាល​ និង​ជើង​ ព្រោះ​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

    northwick park hospitalបច្ចុប្បន្ន ប្រទេស​អង់គ្លេស​មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជិត​4,000​នាក់ ក្នុង​នោះ​មាន​177​នាក់​បាន​ស្លាប់​។ ក្រុម​អ្នក​តាម​ដាន​យល់​ថា តួលេខ​ខាង​លើ​នេះ អាច​មិន​ទាន់​បង្ហាញ​អំពី​តួលេខ​ពិត​នៅ​ឡើយ ព្រោះ​ថា មាន​តែ​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ស្រង់​ស្ថិតិ​។ មន្ត្រី​ប្រទេស​អង់គ្លេស​មាន​ការ​ព្រួយ​បារម្ភ​ថា មនុស្ស​ប្រមាណជា​180,000​នាក់ ប្រហែល​ជា​បាន​ឆ្លង​មេរោគ​ COVID-19 ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ បានសន្និដ្ឋាន​ថា អ្នក​ស្លាប់​អាច​មាន​ដល់​ទៅ​​1,000​នាក់​។

    កាល​ពី​ថ្ងៃទី20មីនា ប្រទេស​អង់គ្លេស​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ បិទ​ហាង​កាហ្វេ ហាង​ស្រា ក្លិប KTV ភោជនីយដ្ឋាន កន្លែង​ប្រគំតន្ត្រី​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ផងដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19នេះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស