Tag: Elon Musk

  • មហាសេដ្ឋី Elon Musk ទាក់ទង​មិត្តស្រី​ថ្មី ជា​នារី​ដែលមាន​វ័យក្មេង​ជាង ២៣ ឆ្នាំ

    មហាសេដ្ឋី Elon Musk ទាក់ទង​មិត្តស្រី​ថ្មី ជា​នារី​ដែលមាន​វ័យក្មេង​ជាង ២៣ ឆ្នាំ

    «ពួកគេ​បាន​ទាក់ទង​គ្នា​អស់​ជាច្រើន​ខែ​មកហើយ និង​កំពុង​ពិចារណា​អំពី​ទំនាក់ទំនង​ប្រាកដប្រជា» នេះ​បើតាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ។

    លោក Elon Musk បច្ចុប្បន្ន​គឺជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ជាការ​ពិតណាស់ គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​លោក គឺ​សុទ្ធតែ​ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍។

    ថ្មីៗនេះ សារព័ត៌​មាននៅ សហរដ្ឋ​អាម៉េរិក មួយចំនួន​បាន​រាយការណ៍​អំពី​មិត្តស្រី​ថ្មី​របស់ Elon Musk។ ជាក់ស្ដែង កាលពី​ថ្ងៃទី ១៧ កុម្ភៈ ម្ចាស់​ក្រុមហ៊ុន Tesla ត្រូវបាន​គេ​មើលឃើញថា បានរួម​ដំណើរ​ជាមួយ​នារី​ស្រស់ស្អាត​ម្នាក់ នៅពេល​លោក​ឈាន​ជើង​ចុះ​ពី​យន្តហោះ នៅ Los Angeles។ ក្រោយមក ពួកគេ​ក៏បាន​ចាកចេញ​ទៅដោយ​ជិះ​រថយន្ត Tesla។

    មិនយូរប៉ុន្មាន អត្តសញ្ញាណ​របស់​ស្រី​ស្អាត​រូបនេះ​ក៏ត្រូវ​បាន​គេ​រកឃើញ។ ប្រភពព័ត៌មាន​មួយ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Hollywood Life ថា មិត្តស្រី​ថ្មី​របស់លោក Elon Musk គឺជា​តារា​សម្ដែង Natasha Bassett អាយុ ២៧ ឆ្នាំ។

    ប្រភពព័ត៌មាន​បាន​ប្រាប់ថា «ពួកគេ​បាន​ទាក់ទង​គ្នាច្រើន​ខែ​មកហើយ។ អ្នក​ទាំងពីរ​កំពុងតែ​នៅ​ទំនេរ មិនទាន់មាន​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយ​អ្នកដទៃ និង​កំពុង​ពិចារណា​អំពី​ទំនាក់ទំនង​ប្រាកដប្រជា​នឹង​គ្នា»។

    ស្រី​ស្អាត Natasha Bassett

    បន្ទាប់ពី​ព័ត៌មាន​ខាងលើ ឈ្មោះ Natasha Bassett ក៏បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​សាធារណជន ព្រោះថា នាង​គឺជា «រាជិនី» ដែល​កំពុង​ក្លាយជា​ម្ចាស់​បេះដូង​របស់​មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក។

    ស្រី​ស្អាត Natasha Bassett កើត និង​ធំ​ឡើង​នៅ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ ឆ្នាំ ២០១៩ នាង​បាន​ទៅ​រស់នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ស្វែងរក​ឱកាស​ពង្រីក​អាជីព​នៅ Hollywood។

    នៅឯ​ប្រទេស​កំណើត នាង​មានបទពិសោធន៍​ក្នុងការ​សម្ដែង​តាំងពី​អាយុ ១៤ ឆ្នាំ និង​បាន​ល្បីឈ្មោះ​បន្ទាប់ពី​សម្ដែង​ជា​តួអង្គ​ក្នុង​ល្ខោននិយាយ រឿង «Romeo និង Jiluet»។ ចាប់ពីពេលនោះ នាង​ក៏មាន​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ជាច្រើន ដូចជា រឿង Hail, Caesar! ។ល។

    ការទាក់ទង​គ្នា​នេះ បាន​កើតឡើង​បន្ទាប់ពី​លោក Elon Musk បាន​ចែកផ្លូវ​គ្នា​ពី​តារា​សិល្បៈ Grimes កាលពី​ខែកញ្ញា ២០២១ ក្រោយពី​បានរួម​រស់​ជាមួយគ្នា​អស់​រយៈពេល ៣ ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់​ជាមួយគ្នា​គឺ X Æ A-Xii។

    លោក Elon Musk បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​នៃ​ការចែក​ផ្លូវ​គ្នា​នេះ​ថា៖ «ដោយសារតែ​ការងារ​នៅ SpaceX និង Tesla ខ្ញុំ​ចំណាយ​ពេលវេលា​ច្រើន​នៅ Texas និង​បរទេស។ ចំណែក​នាង​វិញ ធ្វើការ​នៅ Los Angeles។ ថ្វីបើ​បាន​ចែកផ្លូវ​គ្នា ប៉ុន្តែ​យើង​នៅតែ​ធ្វើជា​មិត្ត​នឹង​គ្នា ព្រមទាំង​ចែករំលែក​ការទទួលខុសត្រូវ​លើ​ការចិញ្ចឹម​កូន»។

    ស្រី​ស្អាត Natasha Bassett

    មុនពេល​បាន​ជួប Grimes លោក Musk ធ្លាប់​ឆ្លងកាត់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ជាច្រើនលើក​ជាមួយនឹង​ស្រី​ស្អាត​ច្រើន​នាក់។ ចាប់ពី​ឆ្នាំ ២០០០-២០០៨ លោក Musk បាន​រៀបការ និង​រួមរស់​ជាមួយ​អ្នក​ពិ​ពន្ធ Justine Musk ព្រមទាំង​មានកូន ៦ នាក់ ដែល​សុទ្ធតែជា​កូនប្រុស។

    ក្រោយពី​បាន​លែងលះ លោក Musk ក៏បាន​រៀបការ​ជាមួយ​តារា​សម្ដែង Talulah Riley។ ពួកគេ​ធ្លាប់បាន​ចែកផ្លូវ​គ្នា និង​ជួបគ្នា​វិញ ប៉ុន្តែ ចុងក្រោយ​ក៏បាន​លែងលះ​កាលពី​ឆ្នាំ ២០១៦។ ចាប់ពី​ឆ្នាំ ២០១៧-២០១៨ Musk បាន​ទាក់ទង​ជាមួយ​តារា​សម្ដែង Amber Heard។ ប៉ុន្តែ ពួកគេ​ក៏​មិនអាច​នៅ​ជាមួយគ្នា​បានយូរ ព្រោះ​សុទ្ធតែ​រវល់​ការងាររៀងៗខ្លួន។

    ចាប់ពី​ឆ្នាំ ២០១៨ មហាសេដ្ឋី Elon Musk បាន​រួមរស់​ជាមួយ Grimes។ កាលពី​ឆ្នាំ ២០២១ ពួកគេ​បានផ្ដល់​កំណើត​ដល់​កូនប្រុស​ម្នាក់។ មុនពេល​បែក​គ្នា ពួកគេ​បានបង្ហាញ​ខ្លួន​ជាមួយគ្នា​ជា​លើកចុងក្រោយ នៅក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ខែកញ្ញា ២០២១៕

  • អ៊ីឡុន ម៉ាស (Elon Musk) បាន​លក់​ភាគហ៊ុន Tesla តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២ ខែ​មកនេះ

    អ៊ីឡុន ម៉ាស (Elon Musk) បាន​លក់​ភាគហ៊ុន Tesla តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២ ខែ​មកនេះ

    មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក ជិត​បានសម្រេច​កិច្ច​ការលក់​ភាគហ៊ុន​ចំនួន ១០% ក្នុងចំណោម​ភាគហ៊ុន​របស់លោក នៅក្នុង​ក្រុមហ៊ុន Tesla ទៅតាម​ការសន្យា​នៅក្នុង​ការស្ទង់មតិ​លើ Twitter កាលពី​ខែ​មុន។

    យោងតាម​ឯកសារ​ដែល​បានដាក់​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នាយក​ប្រតិបត្តិ​របស់ Tesla លោក អ៊ីឡុន ម៉ាស ទើបតែ​បាន​លក់​ភាគហ៊ុន Tesla ចំនួន ៩៣៤,០០០ ហ៊ុន​ថែមទៀត ធ្វើឱ្យ​ភាគហ៊ុន​សរុប​ដែល​លោក​បាន​លក់​ចាប់តាំងពី​ខែវិច្ឆិកា មកដល់​បច្ចុប្បន្ន ឡើងដល់ ១៥.៦ លាន​ហ៊ុន។ តួលេខ​ភាគហ៊ុន​នេះ​ប្រហាក់ប្រហែល​នឹង​ទឹកប្រាក់ ១៦.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​រូបនេះ​ត្រូវ​ការលក់​ភាគហ៊ុន Tesla ប្រហែល ១៧ លាន​ហ៊ុន ទើបត្រូវ​ទៅតាម​ការសន្យា​លក់​ភាគហ៊ុន ១០% ដែល​លោក​បាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា។

    នៅក្នុង​ការស្ទង់មតិ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ខែវិច្ឆិកា ២០២១ ពាក់ព័ន្ធ​នឹង កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme) មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ អ៊ីឡុន​ ម៉ាស បាន​សួរ​អ្នកលេង​បណ្ដាញ​សង្គម​ថា គួរតែ​លក់​ភាគហ៊ុន Tesla ១០% ឬទេ។ ភាគហ៊ុន Tesla បាន​កើនឡើង​ជាង ២,៣០០% ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ។ កាលពី​សប្ដាហ៍​កន្លងទៅ លោក Musk បានប្រកាសថា លោក​ជិត​សម្រេចបាន​គោលដៅ​នៃ​ការលក់​ភាគហ៊ុន​នេះហើយ។

    កាលពី​សប្ដាហ៍​កន្លង CEO របស់ Tesla បាន​អះអាងថា លោក​នឹង​បង់ពន្ធ​ជាង ១១ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ។

    បច្ចុប្បន្ន មហាសេដ្ឋី អ៊ីឡុន ម៉ាស គឺជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប ២៧៩ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។ ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ជិត ៨០% នៅក្នុង​ឆ្នាំ ២០២១៕

  • មហាសេដ្ឋី​លំដាប់​ទីមួយ Elon Musk ចំអក​ឱ្យ មហាសេដ្ឋី​លំដាប់​ទី​ពីរ Jeff Bezos ជុំវិញ​រឿងក្ដី​ជាមួយ NASA

    មហាសេដ្ឋី​លំដាប់​ទីមួយ Elon Musk ចំអក​ឱ្យ មហាសេដ្ឋី​លំដាប់​ទី​ពីរ Jeff Bezos ជុំវិញ​រឿងក្ដី​ជាមួយ NASA

    មហាសេដ្ឋី Elon Musk បាន​បង្ហោះ​រូប​ត្លុក​ដើម្បី​ចំអក​ឱ្យ Jeff Bezos បន្ទាប់ពី​ក្រុមហ៊ុន​អវកាស Blue Origin របស់​ម្ចាស់ Amazon បាន​ចាញ់ក្ដី​ជាមួយ NASA។

    តុលាការ​សហរដ្ឋ​អាម៉េរិក កាលពី​ម្សិលមិញ (4 វិច្ឆិកា) បានចេញ​សាលក្រម​ជំទាស់​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin របស់​មហាសេដ្ឋី Jeff Bezos ដែល​បាន​ប្ដឹង​ទីភ្នាក់ងារ​អវកាស​អាម៉េរិក NASA ថា បានផ្ដល់​កិច្ចសន្យា​ទាក់ទិន​នឹង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដែលមាន​តម្លៃ 2.9 ពាន់​លាន​ដុល្លារ ឱ្យទៅ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk ដោយ​វិធី «មិន​សម​ហេតុផល»។

    ក្រោយ​ការសម្រេច​របស់​ចៅក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាម៉េរិក Richard Hertling ទីភ្នាក់ងារ​អវកាស ​NASA​ ប្រកាស​ថា​ កិច្ចសហការ​ជាមួយ SpaceX នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ «កាន់តែ​ឆាប់ កាន់តែ​ល្អ»។

    ភ្លាមនោះ លោក Elon Musk បាន​បង្ហោះ​សារ​នៅលើ Twitter ចំអក​ឱ្យ​លោក Jeff Bezos ដោយ​ប្រើប្រាស់​រូប​ត្លុក​ដែលមាន​ប្រភពពី​ខ្សែភាពយន្ត Judge Dredd ឆ្នាំ 1995 អម​ជាមួយនឹង​ឃ្លា៖ «អ្នក​ត្រូវ​ទទួល​សាលក្រម»។

    «ទំនាស់​អវកាស» របស់​បណ្ដា​មហាសេដ្ឋី​អាម៉េរិក បានចាប់ផ្ដើម​ឡើង​កាលពី​រដូវ​ផ្កា​រីក នៅពេល NASA បាន​ចុះកិច្ចសន្យា​លើ​គម្រោង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ជាមួយ SpaceX ក្នុង​គ្រា​ដែល Blue Origin និង Dynetics ក៏បាន​ចូលរួម​ដេញថ្លៃ​ដើម្បី​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ NASA ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​តម្លៃ​ខុសគ្នា​ឆ្ងាយ។

    កាលពី​ខែតុលា នៅពេល Musk យកឈ្នះ Bezos ដោយបាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk ក៏បាន​ផ្ញើ​រូបភាព​តំណាង​មេដាយប្រាក់​ឱ្យទៅ​លោក Bezos ផងដែរ ដែល​នេះ​មានន័យថា ចំណាត់ថ្នាក់​លេខ​ពីរ​គឺ​សម្រាប់​ម្ចាស់ Amazon៕

  • ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី Elon Musk បន្ត​បង្កើត​កំណត់ត្រា​ថ្មី​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​លោក​កំពុង​កាន់កាប់ ក្រោយពី​បាន​ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ពី​មហាសេដ្ឋី Jeff Bezos។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 8 មករា មូល​ប​ត្រ Tesla បាន​កើនឡើង​ខ្ពស់ ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កើន​លើសពី 200 ពាន់​លាន​ (200,000,000,000) ​ដុល្លារ​អា​មេ​មេ​រិ​ក​ជា​លើកដំបូង។

    យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​សរុប​ចំនួន 209 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 23 ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​មហាសេដ្ឋី Jeff Bezos។ រាប់​ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន CEO របស់ Tesla រក​បាន​​ប្រាក់​បន្ថែមចំនួន 39.6 ពាន់​លាន​ដុល្លារ។

    កាលពី​ខែសីហា ឆ្នាំ 2020 អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​ទ្រព្យ​ចំនួន 200 ពាន់​លាន​ដុល្លារ។ ប៉ុន្តែ មិនយូរប៉ុន្មាន តួលេខ​នេះ​បាន​ធ្លាក់ចុះ ដោយសារ​មូល​ប​ត្រ Amazon ធ្លាក់​ថ្លៃ។ ក្រោយមក ទ្រព្យ​របស់លោក Bezos ជាថ្មី​ម្ដងទៀត បាន​កើនឡើង​លើស​ពី 200 ពាន់​លាន​ដុល្លារ​កាលពី​ខែតុលា ឆ្នាំ 2020។

    បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​មហាសេដ្ឋី​ចំនួន 5 រូប ដែលមាន​ទ្រព្យ​ចាប់ពី 100 ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ។ ក្រៅពី Elon Musk និង Jeff Bezos ក៏មាន​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft (134 ពាន់​លាន​ដុល្លារ) លោក Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH (117 ពាន់​លាន​ដុល្លារ) និង​លោក Mark Zuckerberg CEO របស់ Facebook  (101 ពាន់​លាន​ដុល្លារ)។

    មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​អាស៊ី Zhong Shanshan (អ្នកជំនួញ​ចិន) និង​កំពុង​កាន់កាប់​​ទ្រព្យ​ដែលមាន​តម្លៃ​សរុប 95.1 ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាចមាន​ឈ្មោះ​ក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100 ពាន់​លាន​ដុល្លារ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

    ប្រភព៖ Bloomberg

  • ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

    ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

    មនុស្ស​ជាច្រើន​បាន​ក្លាយជា Teslanaires (សេដ្ឋី Tesla) ព្រោះតែ​ការគាំទ្រ​លោក Elon Musk និង​បាន​ចូលរួម​ទិញ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន Tesla  តែងតែ​ពី​ដំណាក់កាលដំបូង។

    Brandon Smith ដែល​ឆ្នាំ 2020 នេះ មាន​អាយុ 32ឆ្នាំ ជា​អ្នក​ផលិត​វីដេអូ និង​មិនមាន​រថយន្ត​អគ្គិសនី Tesla ទេ បើ​ទោះ​លោកអ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ​ក៏ដោយ។ ជាង​នេះ នៅក្នុង​ទីរួមស្រុក​មួយ​ក្នុង​ទីក្រុង Milwaukee នៃ​រដ្ឋ Wisconsin ដែល​លោក​កំពុង​រស់នៅ ការដែល​គេ​មើលឃើញ​រថយន្ត Tesla ក៏​ជា​រឿង​កម្រ។

    ក៏ប៉ុន្តែ កាលពី​ចុងខែ​មិថុនា ឆ្នាំ 2017 លោក Smith បានសម្រេច​ចិត្ត​យកប្រាក់​សន្សំ​របស់ខ្លួន​ចំនួន 10,000 ដុល្លារ​អាមេរិក ទៅ​ទិញ​មូល​ប​ត្រ Tesla។ Smith បានឱ្យដឹងថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​មួយ ហើយ​នេះ​គឺជា​ការចាប់​ផ្ដើមដំបូង​របស់លោក។ រៀងរាល់​លើក​បន្ទាប់ពី​បាន​បើក​ប្រាក់ខែ Smith ទូទាត់​វិក្កយបត្រ​នានា និង​នៅសល់​ប៉ុន្មាន ក៏​តែងតែ​យកទៅ​ទិញ​មូល​ប​ត្រ Tesla។ ជា​សរុប លោក Smith បាន​ចំណាយ​ប្រាក់​ប្រហែល 90,000 ដុល្លារ​នៅក្នុង​ការទិញ​មូល​ប​ត្រ​ក្រុមហ៊ុន​នេះ។

    «ប្រាក់បៀវត្ស​របស់ខ្ញុំ​មិន​ដល់6ខ្ទង់​ទេ ហើយ​ខ្ញុំ​ក៏​មិន​យល់​អ្វី​អំពី​កិច្ចព្រមព្រៀង​លើ​សិទ្ធិ​ជ្រើសរើស​នោះដែរ។ ខ្ញុំ​គ្រាន់តែ​ទិញ និង​កាន់កាប់​វា (មូល​ប​ត្រ) រហូតមកដល់​បច្ចុប្បន្ន។ ខ្ញុំ​មិន​ធ្លាប់បាន​លក់​មូល​ប​ត្រ​នេះ​មួយ​ហ៊ុន​ណា​ឡើយ» លោក Smith បាន​ប្រាប់ Bloomberg តាម​ទូរស័ព្ទ​បែបនេះ។

    បច្ចុប្បន្ន លោក Smith បាន​ក្លាយជា​មនុស្ស​ម្នាក់​នៅក្នុង​បញ្ជី​ឈ្មោះ «សេដ្ឋី Tesla» (Teslanaires) ជា​ឈ្មោះ​របស់​ក្រុមមនុស្ស​ដែល​បាន​ក្លាយជា​សេដ្ឋី ដោយសារ​ការវិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី Elon Musk។ មូល​ប​ត្រ Tesla សរុប ដែល Smith កំពុង​កាន់កាប់​បច្ចុប្បន្ន មានតម្លៃ​ជាង 1 លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​នេះ​បាន​កើនឡើង​ជិត 731% នៅក្នុង​ឆ្នាំ 2020។

    ក្លាយជាសេដ្ឋី ដោយសារគាំទ្រមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន Tesla
    លោក Brandon Smith អាយុ 32ឆ្នាំ ជា​អ្នក​គាំទ្រ​​របស់​មហា​សេដ្ឋី Elon Musk

    យោងតាម Bloomberg អ្នកវិនិយោគ​មិនចាំបាច់​ធ្វើការ​នៅឯ Wall Street ដើម្បី​ស្វែងយល់​លម្អិត​អំពី​សកម្មភាព និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tesla ឡើយ។ ប្រព័ន្ធ​ចម្រុះ​ដែល​រួមមាន​ដូចជា podcast ឬ​គណនី Youtube ជាច្រើន​ដែល​ពិពណ៌នា​ស្ទើរតែ​ទាំងអស់​នូវ​ទិដ្ឋភាព​ទាំងមូល​របស់ Tesla អាចជួយ​ឱ្យ​អ្នក​ស្វែងយល់​អំពី​ក្រុមហ៊ុន​នេះ​ដោយ​មិនចាំបាច់​អាន​របាយការណ៍​វិភាគ​នានា មុនពេល​សម្រេចចិត្ត​ទិញ​មូល​ប​ត្រ​នេះ។

    ក្រៅពី «ស្ថាប័ន» ខាងលើ ក៏​នៅមាន​វេទិកា និង​ក្លឹប​របស់​អ្នកមាន​រថយន្ត Tesla រាប់មិនអស់​ផ្សេងទៀត​ដែល​អាច​ពិភាក្សាគ្នា​តាមរយៈ​កម្មវិធី Zoom ឬ​ជួបគ្នា​ដើម្បី​ពិនិត្យមើល​ស្ថានីយ​បញ្ចូល​អគ្គិសនី Supercharger ថ្មី​បំផុត​របស់ Tesla ជាដើម។ Smith និយាយថា លោក​ចំណាយពេល​ចន្លោះ​ពី 2-3 ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ស្វែងយល់​អំពី Tesla។ លោក​ក៏​តែងតែ​ចូលរួម​ក្នុង​វេទិកា​អន​ឡាញ​នានា​នៅ​ម៉ោង​ហូបបាយ​ថ្ងៃត្រង់។

    មកដល់ពេលនេះ លោក Smith មិនទាន់មាន​គម្រោង​លក់ ឬ​ផ្អាក​ការវិនិយោគ​ទៅលើ​មូល​ប​ត្រ Tesla នៅឡើយ បើទោះជា​បានចាប់ផ្ដើម​គិត​អំពី​ការសាងសង់​ផ្ទះ ឬ​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន Smith និង​បងប្រុស​កំពុង​រស់នៅក្នុង​ផ្ទះមួយ​ខ្នង​ដែល​ជីតា​របស់​ពួកគេ​បាន​សង់​ឡើង​នៅក្នុង​តំបន់ Cudahy នៃ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ Smith នៅតែ​ជឿជាក់​លើ​អនាគត​របស់ Tesla ដោយ​គិតថា ក្រុមហ៊ុន​នេះ​នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត។

    សូមបញ្ជាក់ថា ចំពោះ​អ្នកវិនិយោគ​លក្ខណ​បុគ្គល​នៃ​ក្រុមហ៊ុន Tesla មិនមែន​មានតែ Smith ម្នាក់​ដែល​ក្លាយជា​សេដ្ឋី Tesla នោះទេ ពោលគឺ​នៅមាន​បុគ្គល​ជាច្រើន​ទៀត​ដែល​មិនបាន​លើកយក​មក​និយាយ​នៅក្នុង​អត្ថបទ​នេះ៕

    ប្រភព៖ Bloomberg

  • អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក យល់ថា CEO គួរតែ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើនជាង​មុន​ទៅលើ​ការកែលម្អ​ផលិតផល និង​ស្វែងរក​មតិ​អវិជ្ជមាន ពី ខាងក្រៅ ទន្ទឹមនឹង​ការកាត់បន្ថយ​ពេលវេលា​ទៅលើ​កិច្ចប្រជុំ​ផ្ទៃក្នុង។

    នៅក្នុង​ព្រឹត្តិការណ៍ CEO Summit ដែល​ត្រូវបាន​ធ្វើឡើង​ដោយ Wall Street Journal កាលពី​ថ្ងៃទី 8ធ្នូ លោក Elon Musk បានឱ្យដឹងថា ការលើកកម្ពស់​គុណភាព​ផលិតផល​គឺជា​បញ្ហា​ស្លា​ប់រស់ ដូច្នេះ CEO គួរតែ​កាត់បន្ថយ​ពេលវេលា​សម្រាប់​បញ្ហាផ្សេងៗពីនេះ។ ពួកគេ​គួរ​ចំណាយពេល​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ភាព​អស្ចារ្យ​តាម​ដែល​អាចធ្វើ​ទៅបាន។

    មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​ជូន​ជា​អនុសាសន៍​ថា បណ្ដា CEO គួរ​ផ្ដោតទៅលើ​ការបង្កើត​ផលិតផល​ឱ្យបាន​កាន់តែ​ល្អ​ជាង​មុន ដោយ​ការ​ចំណាយពេល​ត្រួតពិនិត្យ​ការងារ​នៅឯ​រោងចក្រ និង​ទាក់​ទំនង​ជាមួយ​អតិថិជន រួម​នឹង​ការកាត់បន្ថយ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ ឬ​បទ​បង្ហាញ​នានា​ដែល​ស៊ីពេល​ច្រើន។

    ស្ថាបនិក​ក្រុមហ៊ុន SpaceX បាន​អះអាងថា៖ «តើ​ក្រុម CEO នៃ​បណ្ដា​ក្រុមហ៊ុន​អាមេរិក បាន​យកចិត្តទុកដាក់​ដល់ក​ម្រិ​ត​ហើយ​ឬ​នៅ ទៅលើ​ការកែលម្អ​ផលិត? ខ្ញុំ​គិតថា ចម្លើយ​គឺ នៅ»។

    CEO របស់ Tesla និង SpaceX រូបនេះ យល់ថា សូម្បីតែ​មេដឹកនាំ​ក្រុមហ៊ុន​ម្នាក់​ដែល​មិនមាន​ជំនាញ​ខាង​ច្នៃប្រឌិត​លើ​ផលិតផល ពួកគេ​នៅតែ​អាច​រៀន​បាន ព្រោះថា នេះ​គឺជា​ជំនាញ និង​ស្ថិតក្នុង​លទ្ធភាព​របស់​មនុស្សម្នាក់។ ជំហាន​ដំបូងបង្អស់​ដែល​ប្រកបដោយ​ភាពសាមញ្ញ នោះ​គឺ មិន​បោះបង់​ការតស៊ូ។

    អនុសាសន៍របស់មហាសេដ្ឋីលំដាប់ទីពីរក្នុងលោក៖ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន
    លោក​ Elon Musk ថា​ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន

    លោក Musk ថ្លែងថា៖ «បើសិនជា​អ្នក​ប្រឹងប្រែង​មិនទាន់​ដល់​កម្រិត ចូរ​ខំព្យាយាម​បន្ថែមទៀត។ រូបមន្ត​នៃ​ភាពជោគជ័យ​គឺ មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ»។

    គោលដៅ​ចុងក្រោយ​របស់ CEO នោះ​គឺ ការ​ក្លាយទៅជា​មនុស្ស​ម្នាក់ «ដែល​យល់ច្បាស់​ជាទីបំផុត​អំពី​ផលិត ឬ​សេវាកម្ម​ដែល​ពួកគេ​កំពុងមាន ក៏​ដូ​ជាការ​ស្វែងរក​មតិ​អវិជ្ជមាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​អតិថិជន និង​ពី​ក្រុមមនុស្ស​ដែល​មិនមែនជា​អតិថិជន» នេះ​បើតាម​លោក Elon Musk។

    មហាសេដ្ឋី​វ័យ 49 ឆ្នាំ ក៏បាន​ជំរុញ​ឱ្យ CEO ថយក្រោយ​មួយ​ជំហាន​ដើម្បី​អាច​មើលឃើញ «ទិដ្ឋភាព» ទាំងមូល និង​សួរ​ខ្លួនឯង​ថា «តើ​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ពិតជា​ល្អ​ឥត​ខ្ជោះ​ហើយ ឬ​នៅ? ប្រហែលជា​នៅឡើយ​ទេ។ ដូច្នេះ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ផលិតផល​របស់​យើង​អស្ចារ្យ​ជាង​មុន?»។

    បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​យល់ថា បើទោះជា​ពួកគេ​មិន​ចូលចិត្ត​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ប៉ុន្តែ​អ្នកផ្សេង​អាច​នឹង​យល់​ផ្ទុយ​ពីនេះ អតិថិជន​ប្រហែលជា​ចូលចិត្ត។ មហាសេដ្ឋី Elon Musk បញ្ជាក់ថា៖ «គ្រប់យ៉ាង​នឹងមិន​កើតឡើង​យ៉ាង​ដូច្នេះ​ឡើយ។ បើសិនជា​អ្នក​មិន​ស្រលាញ់​ផលិតផល​ដែល​ខ្លួន​អ្នក​បាន​បង្កើតឡើង​ទេ ចូរ​កុំ​ស្រមៃ​ថា អ្នកផ្សេង​នឹង​ចាប់អារម្មណ៍​លើ​ផលិតផល​នេះ​ឱ្យសោះ»។

    Elon Musk ជាមួយ​នឹង​យាន​អវកាស​​របស់​លោក​

    និយាយ​អំពី​បទពិសោធន៍ ក្រៅពី​ជា CEO របស់​ក្រុមហ៊ុន​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ក៏បាន​បង្កើត​ក្រុមហ៊ុន Boring Company និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន OpenAI និង Neuralink ផងដែរ។ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការរកស៊ី។ ក្នុង​កិច្ច​សម្ភាស​នៅលើ​ទូរទស្សន៍ CBS លោក Musk បាន​ថ្លែងថា៖ «ឆ្នាំ 2008 គឺជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ដោយ​សារ​តែ​ពេលនោះ Tesla បាន​ជួបនឹង​ការខាតបង់​ច្រើន ចំណែក SpaceX ក៏​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុ​ក​កែ​ត Falcon 1 ហើយ​ខ្ញុំ​ក៏​ត្រៀម​លែងលះ​ជាមួយ​ប្រពន្ធ»។

    ក៏ប៉ុន្តែ 12 ឆ្នាំក្រោយ ក្រុមហ៊ុន​ទាំងឡាយ​របស់លោក Elon Musk សុទ្ធតែ​បាន​បោះជំហាន​ដល់​គោលដៅសំខាន់ៗជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា ការសហការ​រវាង SpaceX នឹង NASA ក្នុង​ការបាញ់​បង្ហោះ​យានអវកាស​ដែល​ដឹក​អ្នក​អវកាស​ចរ​ដំបូង​ឡើងទៅ​កាន់​ទី​អវកាស​ទទួលបាន​ជោគជ័យ ឬ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla កើនឡើង​ដល់ 500ពាន់​លាន​ដុល្លារ​អាមេរិក​ជាដើម៕

    ប្រភព៖ Business Insider

  • ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាច្រើនរូប​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស! ដោយឡែក Elon Musk រកបាន​ជាង 100ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ

    ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាច្រើនរូប​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស! ដោយឡែក Elon Musk រកបាន​ជាង 100ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ

    សារព័ត៌មាន Bloomberg បាន​ស្រាវជ្រាវ​ឃើញថា ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន Tesla រកបាន​ចំណូល 111ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2020។

    2020 គឺជា​ឆ្នាំ​ដែល​មហាសេដ្ឋី Elon Musk ទទួលបាន​ដំណឹង​ល្អជា​បន្តបន្ទាប់។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បានក្លាយ​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប 139ពាន់​លាន​ដុល្លារ​អាម​រិ​ក លោក Musk ក៏បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតក្នុង​ស​ន្ទ​ស្សន៍ S&P 500 (ស​ន្ទ​ស្សន៍​ដែល​ស្ដីអំពី​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ច្រើនជាងគេ​ទាំង 500 នៅក្នុង​ពិភពលោក) នៅពេលដែល Tesla ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​ស​ន្ទ​ស្សន៍​នេះ។

    ប៉ុន្តែ CEO របស់ Tesla មិនមែនជា​អ្នកជំនួញ​តែ​ម្នាក់​គត់​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ឆ្នាំ 2020នេះ​ទេ។ យោងតាម​ស្ថិតិ​របស់ Bloomberg មាន​គូប្រជែង​មួយចំនួន​របស់ Tesla ថែមទាំង​រកបាន​ចំណូល​លឿន​ជាង​លោក Elon Musk ទៀតផង។

    William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio

    William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio រកបាន​ទ្រព្យ​ច្រើនជាង​មុន 12ដង ដោយសារ​តម្លៃ​មូល​ប​ត្រ​ដែល​លោក​កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ (កំពុង​បោះផ្សាយ​មូល​ប​ត្រ​នៅ​សហរដ្ឋអាមេរិក) កំពុង​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស។ នេះ​គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​លឿន​ជាងគេ​បង្អស់​នៅក្នុង​ចំណោម​ក្រុម​អ្នកមាន​ជាងគេ​ទាំង 500នាក់​ក្នុង​ពិភពលោក។

    ទ្រព្យ​សុទ្ធ​របស់ He Xiaopeng ដែលជា​ប្រធាន​ក្រុមហ៊ុន Xpeng Inc ក៏​កើនឡើង​ជាង 600% ផងដែរ។ ទ្រព្យសម្បត្តិ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី ត្រូវបាន Bloomberg រកឃើញថា បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​កើនឡើង 111ពាន់​លាន​ដុល្លារ។

    General Motors គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន 30ម៉ូ​ដែល នៅក្នុង​ឆ្នាំ 2025 ហើយ​ប្រការនេះ​ក៏បាន​ជួយ​ឱ្យ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ លោត​ឡើងដល់​ចំណុចកំពូល​បំផុត​ក្នុងអំឡុង 3ឆ្នាំ​កន្លងមកនេះ។

    Wang Chuan-Fu ដែលជាស្ថាបនិករបស់ BYD

    បណ្ដា​គូប្រជែង​របស់លោក Musk រកបាន​ប្រាក់ចំណេញ​កើនឡើង​លឿន​ជាង ប៉ុន្តែ លោក Musk នៅតែ​ជា​អ្នក​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ក្នុងឆ្នាំនេះ ដោយសារ​អត្រា​កើនឡើង 580% នៃ​មូល​ប​ត្រ Tesla រាប់​ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ប​ច្ចុ​ប្បន្ន។ តាម​ពីក្រោយ Elon Musk គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី នោះ​គឺ Wang ​Chuan​-​Fu ដែលជា​ស្ថាបនិក​របស់ BYD។ ទ្រព្យ​របស់លោក Wang បាន​កើនឡើង​ច្រើនជាង​មុន​បី​ដង ដែលនាំឱ្យ​ទ្រព្យ​សរុប​របស់លោក បាន​ឡើងដល់ 14ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg

  • Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីន​វះកាត់របស់​ខ្លួន​ នៅក្នុងគម្រោងបញ្ចូល​ chip កុំព្យូទ័រ​ទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវ​អនុវត្ត​ដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

    ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។

    Chip ដ៏តូចនេះ​ មានទំហំប្រហាក់ប្រហែលនឹងកាក់

    ប្រព័ន្ធ​ម៉ាស៊ីន​ និង​ chip ដែលជារ៉ូបូតនេះទំនើប​នេះ​ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។

    ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុម​ហ៊ុន​ Neuralink៖

    រ៉ូបូតវះកាត់របស់ Neuralink មានកម្ពស់ប្រហែល2.4ម៉ែត្រ និងអាចផ្លាស់ទីបានយ៉ាងល្អ។
    ទំហំ ឬប្រវែងរបស់រ៉ូបូត និងសមត្ថភាពនៃការផ្លាស់ទី អនុញ្ញាតឱ្យវាបញ្ជាទៅលើម្ជុលដែលប្រើក្នុងការវះកាត់បានត្រឹមត្រូវបំផុត។
    ក្បាលដែលមានតួនាទីរក្សា និងនាំផ្លូវសម្រាប់ឱ្យម្ជុលបញ្ចូល chip ទៅក្នុងលលាដ៍ក្បាល។
    នៅលើក្បាលនៃប្រព័ន្ធម៉ាស៊ីន​វះកាត់ មានបំពាក់កាមេរ៉ា និងអង្គវិញ្ញាណជាច្រើន។
    លោក Elon Musk បាននិយាយថា រ៉ូបូតនេះអាចតភ្ជាប់ chip បានចំចំណុចបំផុត និងមិនបង្ករបួសស្នាម​ដល់ខួរក្បាល ឬសរសៃឈាមខួរ​ក្បាល​នោះ​ឡើយ។

    ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។

    Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។

    ថ្មីៗនេះ Neuralink បានធ្វើការបំពាក់ chip របស់ពួកគេទៅក្នុងខួរក្បាលសត្វ​ជ្រូក។ លោក Musk ថ្លែងថា សត្វជ្រូកទាំងឡាយដែលត្រូវបានបំពាក់ chip នេះ មានសុខភាពល្អ រីករាយ ហើយមនុស្សមិនអាចដឹងបានថា ជ្រូក​មួយណាជាជ្រូកធម្មតា ឬ​ជ្រូក​បំពាក់​​ chip របស់​កុំព្យូទ័រ​នោះ​ទេ៕

    ប្រភព៖ CBS News

  • ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Amazon គឺលោក Jeff Bezos បានកើនដល់ជាង200ពាន់លានដុល្លារកាលពីថ្ងៃពុធកន្លងទៅ ក្រោយពីមូលបត្ររបស់ Amazon បានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រការនេះក៏បានជួយឱ្យ​អ្នកស្រី MacKenzie ដែលជាអតីតភរិយារបស់លោក Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ក្រុមហ៊ុន L’Oreal។

    ក្នុងគ្រានោះដែរ ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏បានកើនឡើងថែមមួយកម្រិតទៀត នាំឱ្យលោកមានឈ្មោះនៅក្នុងក្រុម​ “centibillionaire” ជាក្រុមមនុស្សដែលមានទ្រព្យលើសពី100ពាន់លានដុល្លារ។ មូលបត្រ Tesla ដែលបានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ក៏​បាននាំឱ្យទ្រព្យរបស់លោក Musk កើនដល់101ពាន់លានដុល្លារ ដែលនេះជាស្ថិតិរបស់ Bloomberg។

    អ្នកមានជាងគេទាំង​500នាក់នៅទូទាំងពិភពលោក រកបានប្រាក់809ពាន់លានដុល្លារក្នុងឆ្នាំនេះ កើន14% រាប់ចាប់ពីខែមករា បើទោះជា COVID-19 បានធ្វើឱ្យ GDP នៃប្រទេសជាច្រើនត្រូវធ្លាក់ចុះ និងមនុស្សរាប់លាននាក់បានបាត់បង់ការងារ។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    លោក Jeff Bezos និង​អតីត​ភរិយា​របស់​លោក គឺ​អ្នកស្រី MacKenzie Scott

    លោក Elon Musk អាយុ49ឆ្នាំ បច្ចុប្បន្នគឺជាកំពូល​មហាសេដ្ឋីម្នាក់ក្នុងចំណោម “centibilianaires” 4រូបនៅទូទាំងពិភពលោក។ ទ្រព្យរបស់លោក Musk បានកើនបន្ថែម73.6ពាន់លានដុល្លារក្នុងឆ្នាំ2020នេះ ខណៈលោក Jeff Bezos កើនបន្ថែម87.1ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ Facebook គឺលោក Mark Zuckerberg ក៏បានកើនឡើងដល់100ពាន់លានដុល្លារកាលពីដើមខែនេះ។ ដោយឡែកក្នុងថ្ងៃពុធកន្លងទៅ លោក Mark ក៏រកបាន8.5ពាន់លានដុល្លារអាមេរិក​។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង

    មហាសេដ្ឋីផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក មិនមែនជាក្រុមមនុស្សតែមួយគត់​ដែលទទួលបានផលប្រយោជន៍ច្រើននៅដើមឆ្នាំនេះនោះទេ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ក៏បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ស្ដីអំពីអ្នកមានជាងគេទាំង5រូបនៅទូទាំងពិភពលោកកាលពីខែមុនផងដែរ​។ លោក Mukesh រកបាន22.5ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃមូលបត្រនៃក្រុមហ៊ុន Reliance Industries របស់លោក បានកើនឡើងខ្ពស់៕

    ប្រភព៖ Bloomberg

  • មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    CEO របស់ Tesla លោក Elon Musk រកបានជាង13ពាន់លានដុល្លារបន្ថែមទៀតរាប់ចាប់ពីពាក់កណ្ដាលខែមីនា2020 ខណៈដែលស្ថាបនិករបស់ Facebook លោក Mark Zuckerberg រកចំណូលបានជិត​29​ពាន់​លាន​ដុល្លារ។

    COVID-19 បានបណ្ដាលឱ្យមហាសេដ្ឋីជាច្រើនបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនៅពេលផ្សារហ៊ុនអាមេរិកដាំក្បាលចុះកាលពីខែមីនាកន្លងទៅ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៃផ្សារហ៊ុនបានជួយឱ្យអ្នកមានជាច្រើនស្រង់ដើមទុនបានមកវិញ ហើយក៏មានអ្នកជំនួញខ្លះថែមទាំងចំណេញយ៉ាងច្រើនផងដែរ។

    ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្ដែងរបស់ Forbes ក្រុមហ៊ុន GoBankingRates បានរកឃើញថា មហាសេដ្ឋី7រូបដែលស្ថិតក្នុងចំណោមអ្នកមានជាងគេទាំង50នាក់របស់ពិភពលោក មានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលក្នុងដំណាក់កាលចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃទី4មិថុនា2020។ ថ្ងៃទី18 ខែមីនា គឺជារយៈពេលមួយសប្ដាហ៍បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជារោគរាតត្បាតទូទាំងពិភពលោក ហើយ2ថ្ងៃក្រោយមក សន្ទស្សន៍ DJIA (Dow Jones Industrial Average) ត្រូវបានកត់សម្គាល់ឃើញថាជាថ្ងៃជួញដូរមូលបត្រមួយក្នុងចំណោមថ្ងៃជួញដូរដែលអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកថ្ងៃទី4មិថុនាវិញគឺជាថ្ងៃដែលរដ្ឋនានានៅសហរដ្ឋអាមេរិកចាប់ផ្ដើមដកបម្រាមគោចរ។

    CEO របស់ក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បានជាប់ឈ្មោះនៅក្នុងបញ្ជីនៃក្រុមមនុស្សដែលរកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃទ្រព្យសរុបរបស់ខ្លួននៅក្នុងដំណាក់ចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃ​ទី​4មិថុនា2020។ ទ្រព្យរបស់លោក Elon Musk បានកើន55% ដែលជួយឱ្យលោកមានទ្រព្យជាង​38​ពាន់​លានដុល្លារ។ ប្រការនេះបានកើតឡើងដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla ឡើងថ្លៃខ្ពស់។ បច្ចុប្បន្ន លោក Elon Musk កាន់កាប់មូលបត្រជិត39លានហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយលោកក៏ទើបតែទទួលបានប្រាក់រង្វាន់ដែលមានតម្លៃជាង700លានដុល្លារកាលពីខែឧសភាផងដែរ។

    មហាសេដ្ឋីម្នាក់ផ្សេងទៀតដែលទទួលបានចំណេញច្រើនកប់ក្ដោងដែរនោះគឺម្ចាស់ Facebook លោក Mark Zuckerberg។ គិតត្រឹមដើមខែមិថុនានេះ លោក Zuckerberg មានទ្រព្យជាង83ពាន់លានដុល្លារ កើនជិត29ពាន់លានដុល្លារបើធៀបនឹងថ្ងៃទី18មីនា2020។ បច្ចុប្បន្ន ស្ថាបនិករបស់ Facebook មានភាគហ៊ុនប្រមាណជា400លានហ៊ុននៅក្នុងក្រុមហ៊ុន Facebook។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី7រូបដែលមានទ្រព្យកើនឡើងជាង50%នៅក្នុងសម័យ COVID-19៖

    1. លោក Dieter Schwarz ម្ចាស់ក្រុមហ៊ុន Schwarz Group (អាល្លឺម៉ង់)

    លោក Dieter Schwarz

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 33.1ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ ៖ 67%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានរបាយការណ៍
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 30.8ពាន់លានដុល្លារ

    2. Mukesh Ambani – ប្រធានក្រុមហ៊ុន Reliance Industries (ឥណ្ឌា)

    លោក Mukesh Ambani

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 36.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 58ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 57.6%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ 68.3លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 59.4ពាន់លានដុល្លារ

    3. លោក Elon Musk – CEO របស់ក្រុមហ៊ុនTelsa/SpaceX/The Boring Company (អាមេរិក)

    CEO របស់ Tesla លោក Elon Musk

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 24.6ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 38.2ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 55%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 42ពាន់លានដុល្លារ

    4. លោក Alain Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Alain Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    5. លោក Gerard Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Gerard Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    6. លោក Mark Zuckerberg – CEO របស់Facebook (អាមេរិក)

    Mark Zuckerberg និងភរិយា Prisilla Chan

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 54.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 83.4ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 52.47%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ ជាង150លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 87.4ពាន់លានដុល្លារ

    7. លោក Tadashi Yanai – ម្ចាស់ក្រុមហ៊ុន Fast Retailing (ជប៉ុន)

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19
    លោក Tadashi Yanai ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Fast Retailing

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 29.6ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 50.2%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 29.7ពាន់លានដុល្លារ

    ប្រភព​៖ CNBC