Tag: Education

  • អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    ស្ថិតក្នុងបរិបទពិភពលោកដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ការអប់រំកូន និងផលប៉ះពាល់ផ្នែកអារម្មណ៍ចំពោះកុមារគឺជាចំណុចយ៉ាងសំខាន់ដែលអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងចាប់អារម្មណ៍។

    មួយរយៈពេលនេះ ដោយសារតែការបិទសាលារៀន និងគ្រឹះស្ថានសិក្សានានា កុមារជាច្រើនត្រូវបានគេមើលឃើញថា​កំពុងស្ថិតក្នុងស្ថានភាពលំបាក និងអាចទទួលរងគ្រោះទាំងបញ្ហាអំពើហិង្សា ក៏ដូចជាវិបត្តិផ្លូវចិត្តជាដើម។ លើសពីនេះទៅទៀត ការអប់រំកុមារទាំងក្នុងប្រព័ន្ធ និងអប់រំនៅក្នុងគ្រួសារក៏មានលក្ខណៈលំបាកផងដែរសម្រាប់កុមារនៅកម្ពុជា។

    ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការទស្សនៈពិភពលោកបានបញ្ជាក់ថា 57% នៃអាណាព្យាបាលបានរាយការណ៍ថា​ការចិញ្ចឹមថែរក្សាកូនពួកគាត់ បានក្លាយជាបញ្ហាស្មុគស្មាញ ឬលំបាកជាងមុន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19។ មានតែអាណាព្យាបាល 27%ប៉ុណ្ណោះដែលបានរាយការណ៍ថាពួកគាត់អាចគ្រប់គ្រងអាកប្បកិរិយា​របស់កូនៗបានត្រឹមត្រូវ។ នេះបើយោងតាមស្ថិតិមួយដែលអង្គការខាងលើបានធ្វើការស្ទង់មតិលើគ្រួសារចំនួន 222នៅកម្ពុជា៕

  • អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

    ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕