Tag: Ecommerce

  • ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    វាសនា​របស់ TikTok Shop នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សប្ដាហ៍​នេះ​ ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ បាន​កំណត់​គោលការណ៍​ស្ដី​ពី​ការ​លក់​ទំនិញ​តាម​អនឡាញ​។

    លោក Oktavianus មាន​​មុខរបរ​​លក់​សម្លៀក​បំពាក់កូន​​ក្មេងរយៈ​ពេល​ 10 ឆ្នាំ​ នៅ​ឯ​ផ្សារ Tanah Abang (ហ្សាការតា​) ​ ប៉ុន្តែ ទើប​តែ​បាន​ងាក​ទៅ​​លក់​តាម​អនឡាញ​កាល​ពី​ឆ្នាំ 2017​។ អាជីវករ​វ័យ 37 ឆ្នាំ​រូប​នេះ​ ឱ្យ​ដឹង​ថា តាំង​ពី​ពេល​នោះ​មក គាត់លក់​ដាច់​ជាង​មុន​ឆ្ងាយ​។ «TikTok Shop បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​ល្បឿន​រង្វិលជុំ​នៃ​ទំនិញ​កើន​ពី 30% ទៅ 40%» លោក Oktavianus បាន​ប្រាប់​សារព័ត៌មាន Strait Times ដូច្នេះ​។

    ក៏ប៉ុន្តែ អាជីវករ​ដូច​លោក Oktavianus ទំនងជា​នឹង​លែង​បាន​សប្បាយចិត្ត​បែប​នេះទៀតហើយ​ នៅពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អំពាវនាវ និង​ចាត់​វិធានការ​ បង្ខំ​ឱ្យ​ថ្នាល​បច្ចេកវិទ្យា​ទាំងអស់​ត្រូវ​បែង​ចែក​ឱ្យ​បាន​ច្បាស់​រវាង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ (ecommerce)។

    ឥរិយាបថ​នេះ​ធ្វើ​ឡើង​សំដៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដូច TikTok ជា​ដើម ដោយ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី​យល់​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម (social commerce) ​គឺ​មិន​យុត្តិធម៌​ គំរាម​កំហែង​ដល់​បណ្ដា​សហគ្រាស​ខ្នាត​តូច​ក្នុង​ស្រុក​។

    ចំណែក​ភាគី​តំណាង​​ TikTok ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​សង្គម​ ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្ដែង​របស់​អាជីវករ​តូច​តាច​នៅ​ក្នុង​ស្រុក​ដែល​លក់​ដូរ​បែប​បុរាណ​ ដោយ​ការ​តភ្ជាប់​ពួក​គេ​ជាមួយ​នឹង​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ក្នុង​ស្រុក​ ជា​មនុស្ស​ដែល​អាច​ជួយ​បង្កើន​ការ​ចូល​មើល​ហាង​​អនឡាញ​របស់​អាជីវករ​។

    ទោះយ៉ាង​ណា​ក៏ដោយ ថ្មី​ៗ​នេះ​ ​រដ្ឋមន្ត្រីក្រសួងសហករណ៍សហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី Teten Masduki លើកឡើង​ថា សហគ្រាស​លើ​បណ្ដាញ​សង្គម​លក់​ផលិតផល​នាំ​ចូល​ក្នុង​តម្លៃ​ទាប​ខុស​ធម្មតា​ ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​​ផលិត​ទំនិញ​ក្នុង​ស្រុក​ និង​ប៉ះពាល់​ដល់​សហគ្រាស​ក្នុង​ស្រុក​។

    ក៏ប៉ុន្តែ លោក​ស្រី Weihan Chen ប្រធាន​​ក្រុម​ Insights របស់ Momentum Works ឱ្យ​ដឹង​ថា ការ​ហាម​ឃាត់​លក់​ដូរ​លើ​បណ្ដាញ​សង្គម​អាច​លុប​បំបាត់​រាល់​ផល​ប្រយោជន៍​ដែល​បាន​ពី​បណ្ដាញ​សង្គម​។ ប្រការ​នេះ​ប្រាកដ​ជា​​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​អាជីវករ​តូច​តាច​​ ជា​ក្រុម​ដែល​មាន​បទ​ពិសោធន៍​តិច​តួច​ និង​មាន​ធនធាន​តិច​ជាង​គេ​ នាំ​ឱ្យ​កំណើន​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​យូរ​អង្វេង​មាន​ភាព​យឺត​យ៉ាវ​៕

  • ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើត​ឱ្យ​មានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈ​ដែល​ធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹង​ផ្តល់ជូន​ដល់​អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។

    ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហ​ហិរញ្ញ​ប្បទានទ្រទ្រង់​សហគ្រាស​ធុន​តូច​ និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាស​ធុន​តូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

    លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បាន​សហការជា​មួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។

    លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយ​ការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។

    ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណ​ទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណ​ទានក្នុងទុនបង្វិល 20​ម៉ឺន​ដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបាន​រហូត​ដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុម​ហ៊ុន។

    លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរ​គរ​ប្រភព​ទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធី​ក្នុងការខ្ចី​លុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅ​លើ​គម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

    លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និង​ធនា​គារ​ដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និង​មធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

    លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ​ កុំឱ្យមាន​ការ​តឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។

    លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិន​រត់ចោល​ស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់​ឱ្យធនាគារសហ​គ្រាស​ធុនតូច និង​មធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសង​ត្រឡប់​ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។

    បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យ​ជួបនូវ​បញ្ហា​​​ប្រឈម​នេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំង​ជាង SMEs ដែលផលិតចំណីអាហារ។

    លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែល​ផលិត​ផលិតផលមិន​មែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួល​ពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយ​កម្រិត​ហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។

    លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុង​ជួប​ប្រទះ​នេះ គឺទាក់ទងទៅនឹងបញ្ហា​ទី​ផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​មិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះ​ទេ ដូច្នេះ​ថវិកា​របស់​ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិន​ទាន់​បន្ស៊ី​គ្នាបាននៅឡើយទេ។

    បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំ​ក្រុមការងារ​ស្ទើរតែ​រាល់​សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់​អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់​ត្រៀម​បង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕

  • ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្ហាញកំណើន និងសក្តានុពល ស្របពេលដែលនិន្នាការនេះកំពុងមានការរីកចម្រើននៅកម្ពុជា និងក្នុងពិភពលោក។

    លោកឧកញ៉ា សៀ រិទ្ធីអគ្គ នាយកក្រុមហ៊ុន World Bridge Land ដែលបានពង្រីកក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអនឡាញគឺក្រុមហ៊ុន World Bridge Ecommerce តាមរយៈវេបសាយ Maiomall.com បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី21 មិថុនានេះថា កម្លាំងចលករនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើពិភពលោក កំពុងតែផ្លាស់ប្តូរ ព្រោះមនុស្សកាន់តែពិបាកក្នុងការធ្វើដំណើរ ហេតុនេះពួកគេចាប់ផ្តើមទិញទំនិញតាមអនឡាញ។

    លោកបន្តថា ចំណែកស្រុកខ្មែរវិញ ទោះបីជាមានប្រជាជនតិច តែមានប្រជាជនវ័យក្មេងច្រើន និងពួកគេប្រើប្រាស់អ៊ីនធើណេតច្រើន ហើយចរន្តនៃការធ្វើពាណិជ្ជកម្មកាន់តែផ្លាស់ប្តូរ និងចាប់ផ្តើមទិញ និងលក់ទំនិញតាមប្រព័ន្ធអនឡាញ។

    លោកបន្តថា “អ្នកដើរផ្សារទំនើប ពួកគេភាគច្រើនទៅញុំាអាហារ និងកម្សាន្ត ពួកគេមិនទិញទំនិញច្រើនដូចមុនទេ ពួកគេចាប់ផ្តើមកុម្ម៉ង់ទិញទំនិញតាមអនឡាញ ប៉ុន្តែដោយសារយើងមិនទាន់មានច្បាប់ E-commerce ទើបធ្វើឲ្យការលូតលាស់នៃវិស័យនេះនៅមានកម្រិត”។ លោកបន្តថា “វាត្រូវការពេលវេលា និងត្រូវការពង្រីកបណ្តាញទីផ្សារបន្ថែមទៅកាន់ប្រទេសឡាវ និងភូមានាពេលខាងមុខ”។

    លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា “ទីផ្សារនេះកំពុងរីកចម្រើន ប៉ុន្តែនៅមានទំហំតូចនៅឡើយ ហេតុនេះទើបលោករំពឹងថា រយៈពេល 5ឆ្នាំខាងមុខទើបលោកអាចប្រមូលប្រាក់ចំណេញត្រឡប់មកវិញបាន”។

    អគ្គនាយកក្រុមហ៊ុនលីហួរគ្រុប លោកឧកញ៉ា លី ហួរ ដែលបានបើកសេវាផ្ទេរប្រាក់លីហួរបានថ្លែងថា សេវាកម្មផ្ទេរប្រាក់នៅកម្ពុជាមានទីផ្សារតូច និងប្រជាជនតិច ប៉ុន្តែនិន្នាការនេះកំពុងបង្ហាញសញ្ញារីកចម្រើនហើយ។ លោកបន្តថា ដោយសារទីផ្សារនេះតូច ប្រជាជនតិចបានធ្វើឲ្យការប្រកួតប្រជែងមានសភាពខ្លាំងក្លា ហេតុនេះការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗវាអាស្រ័យលើការសហការ និងការពង្រីកបណ្តាញរបស់ខ្លួនបានទូលំទូលាយកម្រិតណា។

    លោកបន្តថា “អ្នកជំនួញបច្ចុប្បន្នបាន និងកំពុងពង្រីកទីផ្សារចាប់ដៃគូជាមួយប្រទេសនានា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ព្រោះនៅពេលទីផ្សាររបស់យើងទូលាយ ទើបយើងមានឱកាសរកផលចំណេញបាន”។ លោកបន្តថា “យើងត្រូវការការសហការ ព្រោះបើពឹងផ្អែកតែទីផ្សារក្នុងស្រុកមិនអាចទទួលបានជោគជ័យនោះទេ”៕