Tag: EBA

  • ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

    ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

    លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

    យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។

    ក្រុម​ហ៊ុន​ Zip2

    ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។

    ក្រុម​ហ៊ុន PayPal

    ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 លោក Elon Musk ក៏​បាន​ចំណាយ​ 12 លាន​ដុល្លារ​ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​អនឡាញ X.com។ ឆ្នាំ 2000 លោក​ក៏​យល់​ព្រម​ច្របាច់​បញ្ចូល​គ្នា​រវាង​ X.com និង​គូ​ប្រជែង Confinity ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា PayPal។ ប៉ុន្តែ​ ក្រោយ​មក លោក​ក៏​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​កៅអី​ប្រធាន​។

    PayPal ត្រូវ​បាន​ eBay ទិញ​ក្នុង​តម្លៃ 1.5 ពាន់​លាន​ដុល្លារ​កាល​ពិ​ឆ្នាំ 2002។​ លោក Elon Musk គឺជា​ភាគហ៊ុនិក​ធំជាង​គេ​ និង​ទទួលបានពី 160 ទៅ 180 លាន​ដុល្លារ​។ លោក​ក៏​ប្រើ​ប្រាស់​ប្រាក់​នេះ​វិនិយោគ​ទៅ​លើ SpaceX និង Tesla ដែល​ក្រុម​ហ៊ុន​នាំ​ឱ្យ​លោក​ក្លាយ​ជា​មហា​សេដ្ឋី​។

    SpaceX

    SpaceX គឺជា​ក្រុម​ហ៊ុន​អវកាស​ដែល​លោក Musk និង Tom Mueller បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2002​។ គោលដៅ​របស់​ពួក​គេ​គឺ​ការ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​មនុស្ស​ និ​ងទំនិញ​ឡើងទៅ​កាន់​ទីអវកាស​។ បច្ចុប្បន្ន SpaceX ត្រូវ​បាន​កំណត់​តម្លៃ​ឡើង​ដល់​ប្រហែល 150 ពាន់​លាន​ដុល្លារ​។

    ក្រុម​ហ៊ុន Tesla

    Tesla ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ឆ្នាំ 2003​។ បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើពិភពលោក។

    SolarCity

    ឆ្នាំ 2006 ដោយ​យោង​ទៅ​តាម​គំនិត​របស់​លោក Musk បងប្អូន​ជីដូន​មួយ​របស់​លោក​ គឺ Peter និង Lyndon Rive បាន​បង្កើត SolarCity ដែល​ផលិត​ផ្ទាំង​សូឡា​។ ក្រោយ​មក លោក​ Musk ក៏​ធ្វើ​ជា​ប្រធាន និង​ជា​ភាគហ៊ុនិក​ធំជាង​គេ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

    ឆ្នាំ 2016 Tesla ទិញយក​ SolarCity ក្នុង​តម្លៃ 2.6 ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​របស់​ Tesla Energy ក្នុងវិស័យ​រក្សា​ថាមពល​ព្រះ​អាទិត្យ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ស្ថានីយ​បញ្ចូល​អគ្គិសនី​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​។

    OpenAI

    ឆ្នាំ 2015 លោក Musk ចូល​រួម​បង្កើតក្រុម​ហ៊ុន​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ OpenAI ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​បញ្ញា​សិប្បនិម្មិត។ ប៉ុន្តែ លោក Musk បាន​ចាកចេញ​ពី​ក្រុម​ហ៊ុន​នេះ​កាល​ពី​ឆ្នាំ 2018។

    ឆ្នាំ 2019 OpenAI ទទួល​បាន​ប្រាក់​វិនិយោគ​មួយ​ពាន់​លាន​ដុល្លារ​ពី Microsoft។ បច្ចុប្បន្ន​ OpenAI បាន​ងាក​ទៅ​ស្វែង​រក​ប្រាក់កម្រៃ​ដោយ​មាន​ផលិត​ផល​សំខាន់​គឺ ChatGPT។

    Neuralink

    នេះគឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ដែល​លោក Musk បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2016​។ គោលដៅ​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដែល​ទាក់​ទង​នឹង​ខួរក្បាល និង​តភ្ជាប់​ខួរ​ក្បាល​មនុស្ស​ជាមួយ​នឹង​កុំព្យូទ័រ​តាម​រយៈ​ឧបករណ៍​តូច​ដែល​ភ្ជាប់​ក្នុង​ក្បាល​មនុស្ស​។

    The Boring Company

    ឆ្នាំ 2017 លោក Musk បង្កើត​ក្រុម​ហ៊ុននេះដើម្បី​ជួយ​ផ្លាស់​ប្ដូរ​បណ្ដាញ​គមនាគមន៍​នៅ​សហរដ្ឋ​អាម៉េរិក​។ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រថយន្ត​ល្បឿន​លឿន​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត​។

    ក្រុម​ហ៊ុន X

    X ដើម​ឡើយ​គឺជា​បណ្ដាញសង្គម​ Twitter ប៉ុន្តែ​ត្រូវ​លោក Musk ទិញ​កាល​ពី​ខែ​តុលា 2022 ក្នុង​តម្លៃ​ 44 ពាន់​លាន​ដុល្លារ​។ ខែ​កក្កដា 2023 លោក​ក៏​បាន​ប្ដូរ​ឈ្មោះ និង​ឡូហ្គោ​ Twitter ទៅ​ជា X។

    ក្រុម​ហ៊ុន xAI

    ខែ​កក្កដា 2023 xAI ត្រូវ​បាន​លោក Musk បង្កើត​ឡើង​ដើម្បី​ស្វែង​យល់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះ​ស្រាយ​ដើម្បី​ជំនួស​ ChatGPT៕

  • មុន​ផុត EBA តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ជាមុន​ដូចម្តេចខ្លះ?

    មុន​ផុត EBA តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ជាមុន​ដូចម្តេចខ្លះ?

    សភាព​អឺរ៉ុប​បានផ្តល់​ការអនុគ្រោះ​ពន្ធ EBA (Everything But Arm) អ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2001មកដែល​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​ចូលទៅ​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​អឺរ៉ុប​ដោយ​អនុគ្រោះ​មិន​យកពន្ធ ក្នុង​គោលដៅ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ងើប​រួច​ផុតពី​ភាពក្រីក្រ។

    ក្រោយពី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នេះ​ពី​សហគមន៍​អឺរ៉ុប បណ្តា​អ្នកវិនិយោគទុន​ក្រៅ​ស្រុក​ជាច្រើន​បាននាំគ្នា​ចូលមក​បោះទុន​វិនិយោគ​លើ​វិស័យផ្សេងៗ ជាពិសេស​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ជា​ចំណែក​ដ៏​សំខាន់បំផុត​ក្នុងការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ​ជិត 1លាន​នាក់​មកទល់​បច្ចុប្បន្ន និង​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​បន្ទាត់​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យ​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ហើយនឹង​គ្មានអ្វី​ប្រែប្រួល​នោះទេ នៅពេល​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ទៅ​មុខជា​លំដាប់​បែបនេះ នឹង​ជំរុញ​ឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នាពេលខាងមុខ តែ​នាពេល​អនាគត​ដូចគ្នា​ដែរ សហគមន៍​អឺរ៉ុប​នឹង​ផ្តាច់​ប្រព័ន្ធ EBA នៅពេលដែល​ប្រទេស​កម្ពុជា​អាចជួយ​ខ្លួនឯងបាន។ ដូច្នេះ មុននឹង​ប្រព័ន្ធ EBA ត្រូវ​បញ្ចប់ តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដូចម្តេចខ្លះ?

    លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា ប្រការ​ដែល​សំខាន់ កម្ពុជា​ត្រូវ​អភិវឌ្ឍ​សហគ្រិនភាព​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ព្រោះថា សហគ្រិន​វ័យក្មេង​គឺជា​សសរស្តម្ភ​ដ៏​សំខាន់បំផុត​ក្នុងការ​ចូលរួម​លើក​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស។ លោកស្រី​អះអាងថា អ្វី​ដែលជា​ចំណុច​សំខាន់ គឺ​ជួយ​សហគ្រិន​នៅ​កម្ពុជា​ឱ្យ​កាន់-​តែមាន​ភាពរឹងមាំ​ខ្លាំងឡើងៗ ក្នុងនោះ​តម្រូវការ​ចាំបាច់​គឺ​ប្រភព​ទុន និង​ជំនួយ​ផ្នែក​បច្ចេកទេស ឬ​ធនធានមនុស្ស​ជាដើម។

    បច្ចុប្បន្ន​សហគ្រិន​នៅ​កម្ពុជា បង្កើតឡើង​ដោយ​ពឹងផ្អែក​ទៅលើ​តែ​ប្រភព​ទុន​ផ្ទាល់ខ្លួន និង​ការកៀងគរពី​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ពួកគេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​មាន​តួនាទី​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ ខណៈដែល​បច្ចុប្បន្នប្រភព​ទុន​ធំ​ដែល​ពួកគេ​ទទួលបាន គឺ​ផ្អែកទៅលើ​តែ​កម្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ជាង​ប្រទេសជិតខាង។

    ជាមួយគ្នានេះ​លោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​រូបិយវត្ថុ​អន្តរជាតិ​មានប្រសាសន៍ថា អត្រា​ប្តូរប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជាមាន​ស្ថិរភាព​ល្អប្រសើរ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយសារ​ដុល្លារូបនីយ​កម្ម មានន័យថា សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ជាជាង​រូបិយវត្ថុ​របស់ខ្លួន ដែល​ស្ថិរភាព​នេះ​មិន​អាចមាន​ទំនុកចិត្ត​ពេញលេញ​បានឡើយ ដូច្នេះ​សម្រាប់​អនាគត​អ្វីដែល​សំខាន់ គឺ​ត្រូវ​ពង្រឹង​រូបិយវត្ថុ​របស់ខ្លួន(ប្រាក់រៀល) ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ឡើង តាមរយៈ​ការ​ចរាចរ​ដាក់ឱ្យ​ចាយវាយ ឬ​ដោះដូរ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ក្នុង​គោលដៅ​លើកកម្ពស់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារឯកជន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ផ្តល់​កម្ចី​ប្រាក់​ដល់​ពលរដ្ឋ​ជា​ប្រាក់រៀល​ជាជាង​ប្រាក់​ដុល្លារ ហើយ​បច្ចុប្បន្ន ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បាន​អនុវត្តបណ្តើរៗហើយ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ប្រទេស​នានាដើម្បី​ទូទាត់​ទំនិញ​ឆ្លង​ព្រំដែន ជា​រូបិយវត្ថុ​ជាតិរៀងៗខ្លួន ជាជាង​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដែរ។

    ឆ្លងតាម​បទពិសោធ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ នៅក្នុង​តំបន់​អាស៊ី មិនអាច​ខ្វះ​បាន​វិស័យ​ឧស្សាហកម្ម​ជាដាច់ខាត ហើយ​ក្រៅ​តែ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ប្រើប្រាស់​ហើយ​នោះ កម្ពុជា​គួរតែ​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែខ្លាំង​ឡើង ពិសេស​ផ្តោតទៅលើ​វិស័យ​កសិកម្ម ដូចជា​ការកែច្នៃ​ជ័រកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ផលិតផល​ម្រេច ការកែច្នៃ​ស្វាយកែវ​រមៀត ស្រូវ អង្ករ ពោត សណ្តែក​ជាដើម ឱ្យ​ក្លាយជា​ផលិតផល​សម្រេច ដែលមាន​គុណភាព រសជាតិ អនាម័យ និង​សម្បក​វេច​ខ្ចប់​ស្អាត​ទាក់ទាញ​ក្នុងការ​ដាក់លក់​នៅលើ​ទីផ្សារ ឬ​សម្រាប់​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសផ្សេងៗទៀត ដែល​ប្រសើរ​ជាង​ការនាំចេញ​វត្ថុធាតុដើម៕

  • អ្នកជំនាញ៖ កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA នៅតែ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

    អ្នកជំនាញ៖ កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA នៅតែ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

    សហគមន៍​អឺរ៉ុប​ជាទី​ផ្សារ​ធំ និង​សំខាន់​ជាងគេ​បំផុត​សម្រាប់​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ(EBA)ពី​កម្ពុជា​ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​បាន​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជិត 1លាន​នាក់ និង​ជួយ​ឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​ខ្មែរ​មាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​ផងដែរ។

    ឯកឧត្តម ពេ​ជ ឫទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ “អ្វីៗទាំងអស់​លើកលែង​អាវុធ (EBA)” ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប តាំងពី​ឆ្នាំ2001មក​នោះ គឺ​បានរួម​ចំណែក​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាជន​ជាង 7សែន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ។

    ករណីនេះ ឯកឧត្តម​បានស្នើ​ដល់​អ្នកវិនិយោគ ផលិតករ ពាណិជ្ជករ និង​អ្នក​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​សិក្សា​ស្វែងយល់​ពី​ចំណេះដឹងថ្មីៗទាក់ទង​នឹង​នីតិវិធី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter REX) សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយហេតុថា ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2019ទៅ អ្នក​នាំចេញ​ទាំងអស់​នឹង​តម្រូវឱ្យធ្វើ​ការចុះឈ្មោះ​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ​ទើប​មាន​សិទ្ធិ​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប។

    ឯកឧត្តម​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ2017 មាន​ទឹកប្រាក់​សរុប 4.343លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង 10.22% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​សរុប​ត្រឹមតែ 3.941លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ហៅ​កាត់​ថា អាន​សា (ANSA) បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​ការបើកចំហ​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប។ លោក​ថា ការទទួលយក​ទំនិញ​ពី​កម្ពុជា​នេះ បាន​ចូលរួមចំណែក​សំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ មិនមែន​តែ​លើ​វិស័យ​កាត់ដេរ វិស័យ​មីក្រូហិរញ្ញវត្ថុ ឬ​វិស័យ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ហើយក៏​មិនមែន​ផ្តល់​ប្រយោជន៍​ផ្ទាល់​ចំពោះតែ​កម្មករ-កម្មការិនី​នោះដែរ តែ​វា​បានរួម​ចំណែក​ដោយ​ប្រយោល​ជា​ប្រព័ន្ធ ដូចជា​ជួយ​ដល់​អ្នកផ្គត់ផ្គង់​បន្ទប់​ស្នាក់នៅ ជួយ​ដល់​អ្នកលក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ ជួយ​ដល់​អ្នក​ប្រកប​របរ​ដឹក​កម្មករ និង​ជួយ​ឱ្យ​ដីធ្លី​ឡើងថ្លៃ មានន័យថា រោងចក្រ​ទៅដល់​ទីណា​ដីធ្លី​នៅ​ទីនោះ​ឡើង​ខ្លាំង​ភ្លាម។

    ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទៅ​ថ្ងៃ​អនាគត លោក​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​បន្ទន់ឥរិយាបថ​ក្នុងការ​ដោះស្រាយ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​អឺរ៉ុប​បន្តទៀត ព្រោះថា មកទល់​ដំណាក់កាល​នេះ ការបន្ត ឬ​ព្យួរ(EBA) គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បើ​នៅ​បន្ត មានន័យថាកម្ពុជា​នៅតែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់ ប៉ុន្តែ​បើសិនជា​មានការ​ព្យួរ (EBA) សេដ្ឋកិច្ចកម្ពុជា​អាច​នឹងមាន​ការប្រែប្រួល។

    លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​មានប្រសាសន៍ថា កម្ពុជា​គួរ​រក​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​ឈរលើ​គោលនយោបាយឈ្នះៗ ឈ្នះ​ទាំង​ពាណិជ្ជករ​អ្នក​នាំចេញ ឈ្នះ​ទាំង​ភាគី​រដ្ឋាភិបាល​ក្នុង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បន្ត​ពី​សហគមន៍​អឺរ៉ុប​បន្តទៅឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ត្រៀមខ្លួន​មុនពេល​មានការ​ផ្តាច់(EBA) តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​បង្វែ​ទិស​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​មួយចំនួនទៀត​ដែលមាន​សក្តានុពល​នៅ​កម្ពុជា ពិសេស​កែលម្អ​វិស័យ​ទេសចរណ៍ កែច្នៃ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចូលមក​ទស្សនា​ឱ្យ​កាន់តែ​ច្រើនឡើង ចំណែក​វិស័យ​កសិកម្ម​ក៏​ត្រូវការ​ការកែលម្អ​ជា​ចាំបាច់​ដែរ ជាពិសេស​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ដែល​អនុគ្រោះ​ដល់​ការធ្វើ​ដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន​រដូវ ហើយ​គួរ​មានការ​ផ្លាស់ប្តូរ​ពី​ការនាំចេញ​ផលិតផល​សម្រេច​មក​ធ្វើការ​កែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ទំនិញ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស ក៏ដូចជា​ក្រៅប្រទេស និង​ជាពិសេស អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើនបាន​ឆាប់រហ័ស។

    គួរតែ​បញ្ជាក់ដែរថា សហភាព​អឺរ៉ុប តែងតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូ​ទៅជា​រៀងរាល់ 2ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​តួនាទី​របស់​សភា​អឺរ៉ុប​លើ​កិច្ចការ​នយោបាយ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​បន្ថែម​នូវ​គោលការណ៍​គន្លឹះសំខាន់ៗសំដៅ​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ និង​អភិបាលកិច្ច​ល្អ។ ក្នុងន័យនេះ​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (REX) ត្រូវ​បានកំណត់​នៅក្នុង​បញ្ញត្តិ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​លេខ244/2015 ចុះ​ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2015 ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប៕

  • តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាពចាំបាច់​យ៉ាងណា​ចំពោះ​កម្ពុជា?

    តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាពចាំបាច់​យ៉ាងណា​ចំពោះ​កម្ពុជា?

    ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ ​Everything But Arms (ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ) គឺជា​កម្ម​វី​ធី​ផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​នានា​ដែល​ត្រូវបាន​ចាត់​លំដាប់ថ្នាក់​ថា​ជា “ប្រទេស​អភិវឌ្ឍន៍​តិចតួច” ឬ​ហៅថា “ប្រទេស​ក្រីក្រ”។ ប្រព័ន្ធ​នេះ​ត្រូវបាន​សហគមន៍​អឺរ៉ុប​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ2011 ដល់​ប្រទេស​ក្រីក្រ​ចំនួន49 នៅ​ទូទាំង​ពិភពលោក​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុ​ជាមួយ​ផងដែរ។

    ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មក គេ​សង្កេតឃើញថា អ្នកវិនិយោគ​បរទេស​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​លើ​វិស័យផ្សេងៗជាច្រើន ជាពិសេស​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​បាន​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។

    ទិន្នន័យ​របស់​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ថា បើ​និយាយ​ចំពោះតែ​ទីផ្សារ​អឺរ៉ុប​វិញ មាន​ចំនួន​ដល់​ទៅ 4,126ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​លើសលប់(94,84%)គឺជា​ផលិតផល​សម្រេច​មានតម្លៃ​ស្មើនឹង 4,079ពាន់​លាន​ដុល្លារ។ ចំពោះ​ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប គឺជា​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែលមាន​តម្លៃ​ដល់​ទៅ​ជាង 3.531ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង85.58ភាគរយ​នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប។ ចំពោះ​ប្រទេស​នៅក្នុង​ទីផ្សារ​អឺរ៉ុប​ដែល​កម្ពុជា​បាន​នាំចេញ​ទំនិញ​ចូលទៅ​នោះ រួមមាន​កាណាដា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជាដើម ជាទី​ផ្សារ​ធំ​បំផុត​ដែល​ទទួល​លក់ទំនិញ​ពី​កម្ពុជា ជាពិសេស​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(ចំណេញ​កម្ពុជា)។

    ចំណែក​ប្រទេស​ចិន​វិញ​បាន​នាំចូល​ទំនិញ​មានតម្លៃ​ដល់​ទៅ​ជាង 4,550លាន​ដុល្លារ​មក​កម្ពុជា បន្ទាប់មក​គឺ​ប្រទេស​ថៃ​មានតម្លៃ 1,910លាន​ដុល្លារ និង​ប្រទេស​វៀតណាម​មានតម្លៃ​ជាង 141លាន​ដុល្លារ​ក្នុង​ឆ្នាំ2016 ខណៈដែល​កម្ពុជា​នាំចូល​ទៅវិញ​មាន​ចំនួន​តិចតួច​បំផុត​ដែល​ធ្វើឱ្យមាន​ផល​អវិជ្ជមាន​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា(កម្ពុជា​មិនសូវ​ចំណេញ)។

    ធនាគារពិភពលោក(WB)បានប្រកាសថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សា​កំណើន​រឹងមាំ​ដដែល​នៅ​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំ2018 ដោយសារ​សេដ្ឋកិច្ច​មួយផ្នែកធំ​បានមកពី​ការរួមចំណែក​យ៉ាង​ធំធេង​នៃ​កំណើន​នាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​សម្រាប់​ការធ្វើដំណើរ ដូចជា​កាបូប វ៉ា​លី​ស ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ខាងជើង ហើយ ​WB បានបង្ហាញ​ពី​ការព្រួយបារម្ភ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​អំពី​កម្ពុជា កាលពីពេលថ្មីៗថា ការសើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មកលើ​ប្រទេស​កម្ពុជា គឺជា​ហានិភ័យ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទាំងមូល។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ (CICP) បាន​មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​នេះ​លើ​រាល់​ទំនិញ​នាំចូល​ទៅកាន់​សហគមន៍​អឺរ៉ុប កម្ពុជា​នឹង​ត្រូវបំពេញ​កាតព្វកិច្ច​បង់ពន្ធ​រហូតដល់​ទៅ 11ភាគរយ​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​អត្រា​ផ្សេង​ពីនេះ​ទៀត​ទៅតាម​ប្រភេទ​ទំនិញនីមួយ។ ហើយ​ប្រសិនបើ​សហគមន៍​អឺរ៉ុប​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​មែន​នោះនឹងធ្វើ​ឱ្យ​ទំនិញ​នាំចូល​ពី​កម្ពុជា​ជួប​ការលំបាក​ក្នុងការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ទំនិញ​នាំចូល​ពី​ប្រទេស​ផ្សេងទៀត ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ជាច្រើន​ទៀត ដោយសារ​វិនិយោគិន​ប​រទេស​នឹង​ឈប់​ប្រកប​ធុរកិច្ច​ក្នុងប្រទេស​កម្ពុជា ហើយនឹង​ងាក​ទៅរក​ប្រទេស​ផ្សេង​ណាមួយ​ទៀត​ដែល​នៅ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​អឺរ៉ុប​លើកលែងតែ​អាវុធ​នេះ​វិញ​ម្ដង។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កម្ពុជា​នៅមាន​ទីផ្សារ​ច្រើន​ទៀត ដូចជា​ប្រទេស​ចិន ជប៉ុន អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដែល​មិនមែនជា​សមាជិក​សហគម​ន៍​អឺរ៉ុប។

    លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling Pharma បាន​មានប្រសាសន៍ខ្លីៗថា អ្នក​ធុរកិច្ច​អឺរ៉ុប មានការ​ទទួលខុសត្រូវ​ខ្លាំង​ផ្នែក​សង្គម ដោយសារតែ​វិនិយោគិន​អឺរ៉ុប​បាន​ចូលរួមចំណែក​សំខាន់​ក្នុងការ​ផ្តល់​ការងារផ្តល់​សុខុមាលភាព​ការងារ និង​សង្គម និង​ជួយ​លើកកម្ពស់​សិទ្ធិ ជីវភាព​កម្មករ និង​សេដ្ឋកិច្ច​ខ្មែរ​ផងដែរ។ ហើយ​ថា វិនិយោគិន​អឺរ៉ុប​មិន​ត្រឹមតែ​ផ្តល់​ការងារ​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ការងារ​ប្រកបដោយ​ចីរភាព តាមរយៈ​ការបញ្ជូន​ពលរដ្ឋ​ទៅ​សិក្សា​ជំនាញ​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃសិង្ហ​បុរី​ជាដើម​ទៀតផង។ លោក​ថា ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង 500 កំពុង​វិនិយោគ​នៅ​កម្ពុជា។

    ចំណែក​លោក គី​លី​យ៉ង់ ប្លេ​ស នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​មានប្រសាសន៍​ដែរ​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​មិនមែនជា​នីតិវិធី​មួយ​ដែល​អាច​ប្រញាប់ប្រញាល់​ធ្វើ​បានទេ លុះត្រាតែ​មានការ​ជជែក​គ្នា​ឱ្យបាន​ច្រើន មុន​មានការ​សម្រេច​ដក ឬ​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ។

    ជាមួយគ្នានេះ សភាពាណិជ្ជកម្ម​អន្តរជាតិធំៗចំនួន 5ស្ថាប័ន​នៅ​អឺរ៉ុប ដែល​ក្នុងនោះ​មាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​នៅ​កម្ពុជា (CCFIC) ក្រុម​អ្នក​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា (ADW) សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (Nordcham) សមាគម​អ្នក​ធុរកិច្ច​អុីតាលី​នៅ​កម្ពុជា​ដែលជា​តំណាង​ប្រទេស​ចំនួន9 នៅ​អឺរ៉ុប កាលពីពេលថ្មីៗនេះ​បាន​សរសេរ​លិខិត​រួមគ្នា​មួយច្បាប់​ជូន​លោកស្រី Cecila Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប​ក្នុង​ខ្លឹមសារ​មិន​ឯកភាព​ទៅនឹង​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា។

    លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ​ដែលជា​តំណាង​ក្រុមហ៊ុន​ចំនួន 335 និង​មាន​និយោជិត​ជាង 5ម៉ឺន​នាក់​បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងខ្លាំង-ក្លា​អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ក្រោម​របប EBA ដែល​ប្រែ​ថាអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការដកហូត​នេះ​ដែល​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​ប្រយោជន៍​ពាណិជ្ជកម្ម​យូរអង្វែង​ទាំង​របស់​សហភាព​អឺរ៉ុប និង​របស់​ប្រទេស​កម្ពុជា៕