Tag: Dubai

  • ឌូបៃ​ សាងសង់​អាកាសយានដ្ឋាន​ធំជាង​គេ​លើ​ពិភពលោក​នៅ​លើ​សមុទ្រ​ខ្សាច់

    ឌូបៃ​ សាងសង់​អាកាសយានដ្ឋាន​ធំជាង​គេ​លើ​ពិភពលោក​នៅ​លើ​សមុទ្រ​ខ្សាច់

    ដំណើរ​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ AI Maktoum ដែល​អាច​ទទួល​អ្នក​ដំណើរបាន​ 160 លាន​នាក់​/ឆ្នាំ នឹង​ត្រូវ​អូស​បន្លាយ​ពេលនៃ​ការ​​ស្ថាបនា​​រាប់​សិប​ឆ្នាំ​ នៅ​លើ​សមុទ្រ​ខ្សាច់​ជិត​ទីក្រុង​ឌូបៃ​។

    កាល​ពី​ជាង​ 10 ឆ្នាំ​មុន ព្រលាន​យន្តហោះ​អន្តរជាតិ​ AI Maktoum ឬ​ហៅ​ថា Dubai World Central (DWC) ដែល​មាន​ចម្ងាយ​ពី​ចំណុច​កណ្ដាល​របស់ទីក្រុង​ឌូបៃ​ប្រហែល 32 គីឡូម៉ែត្រ ទៅ​ទិស​និរតី​ ត្រូវ​បាន​​រចនា​ឡើង​ដើម្បី​ក្លាយ​ជា​អាកាសយានដ្ឋាន​ធំ​ និង​មមាញឹក​បំផុត​លើពិភពលោក​ សម្រាប់​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

    Dubai Airports ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូបៃ (DXB) និង​ព្រលាន​យន្ត​ហោះ​ថ្មី ឱ្យ​ដឹង​ថា នៅ​ពេល DWC ត្រូវ​បាន​សាងសង់​រួច​រាល់ វា​នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន​ជាង 160 លាន​នាក់ រួម​នឹង​ទំនិញ​ 12 លាន​តោន​ ​ជា​រៀង​រាល់ឆ្នាំ​។

    យោង​តាម​ការ​ផ្សាយ​របស់​ CNN តួលេខខាង​លើ​​នេះ​ច្រើន​ជាង​ជិត 63 លាន​នាក់​ បើ​ធៀប​នឹង Hartsfield – Jackson Atlanta International ដែល​ជា​​ព្រលាន​យន្តហោះ​ធំ​បំផុត​នា​បច្ចុប្បន្ន​ និង​ច្រើន​ជាង​ជិត 100 លាន​នាក់​ បើ​ធៀប​នឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ឌូបៃ។

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

    រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

    មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

    Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

    «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

    គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

    Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

  • ប្រទេសអារ៉ាប់មានអ្វីគួរឱ្យចាប់អារម្មណ៍?

    ប្រទេសអារ៉ាប់មានអ្វីគួរឱ្យចាប់អារម្មណ៍?

    ទីក្រុងដែលមានការរីកលូតលាស់ខ្លាំងខាងអគារដ៏ស្គឹមស្គៃ លឿនបំផុតនៅក្នុងចំណោមទីក្រុងទាំងអស់នៅលើពិភពលោក គឺទីក្រុងឌូបៃប្រទេសអារ៉ាប់នេះឯង។ ក្នុងមួយរយៈពេលដ៏ខ្លី ទីក្រុងឌូបៃ បានគ្របដណ្តប់ទៅដោយអគារខ្ពស់ៗមានរូបរាងដ៏អស្ចារ្យ និងគួរឱ្យទាក់ទាញបំផុត ហើយអគារទាំងនោះបានផុសឡើងជាបន្តបន្ទាប់ដូចអគារដែលជប់ឡើងពីវេទមន្តអ៊ីចឹង គឺលើសពីការគិតរបស់ពិភពលោកទៅទៀត។

    ទីក្រុងមួយនេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅលើពិភពលោក ហើយជារៀងរាល់ឆ្នាំទីក្រុងឌូបៃ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកពីគ្រប់តំបន់ និងគ្រប់ប្រទេសនៅលើពិភពលោកឱ្យមកកម្សាន្ត និងទស្សនាទិដ្ឋភាព និងភាពឡូយឆាយនៃទីក្រុងដ៏ចំណាស់មួយនេះ ដោយសារតែទីក្រុងនេះសម្បូរទៅដោយអគារដ៏ទំនើប និងខ្ពស់ត្រដែតត្រដឹមលំដាប់ពិភពលោក រួមទាំងទីកន្លែងកម្សាន្តបែបប្រពៃណីដ៏ស្រស់សោភា និងទីកន្លែងកម្សាន្តដ៏សម្បូរបែបប្លែកៗលំដាប់ពិភពលោកថែមទៀតផង។

    មិនថាជាដំណើរកម្សាន្តរយៈពេលខ្លី ឬរយៈពេលវែងនោះទេ ការមកកម្សាន្តនៅទីក្រុងឌូបៃដ៏ទំនើបនេះ បានធ្វើឱ្យភ្ញៀវទេសចរទាំងអស់ដែលមកដល់ទីនេះ ទទួលបាននូវបទពិសោធន៍នៃដំណើរកម្សាន្តដ៏សែនរីករាយបំផុត ដែលពួកគេមិនអាចរកបាននៅទីក្រុង ឬប្រទេសផ្សេងទៀតនោះទេ។

    នៅក្នុងទីក្រុងឌូបៃ កន្លែងកម្សាន្តដែលទទួលបាននូវប្រជាប្រិយភាពបំផុតនោះគឺ សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ដែលនៅទីនោះភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរកម្សាន្តបែបដំណើរផ្សងព្រេង ដូចជាជិះសត្វអូដ្ឋលេងនៅលើវាលខ្សាច់, ជិះស្គីលើវាលខ្សាច់, ជិះរថយន្តប្រដេញគ្នាលេងនៅលើវាលខ្សាច់, បោះជំរុំនៅលើវាលខ្សាច់, ទស្សនារបាំ ពលេលយ របស់ជនជាតិអារ៉ាប់ និងទទួលទាន ពពឈ បែបអារ៉ាប់នៅលើវាលខ្សាច់ជាដើម។

    ប្រសិនបើភ្ញៀវទេចរទាំងអស់មាន ភាពហត់នឿយជាមួយនឹងការកម្សាន្តនៅលើវាលខ្សាច់ ពួកគេក៏អាចផ្លាស់ប្តូរបរិយាកាសនៃដំណើរកម្សាន្តរបស់ពួកគេមកកម្សាន្តនៅលើកោះ Palm Islands វិញក៏បាន។

    កោះដើមត្នោត (Palm Islands) គឺជាកោះមួយដ៏ស្រស់ស្អាត ដែលកសាងឡើងមានរូបរាងស្រដៀងគ្នាទៅនឹងដើមត្នោត ហើយភ្ជាប់គ្នាពីកន្លែងមួយទៅកន្លែងមួយដោយផ្លូវទឹកដ៏ខ្វាត់ខ្វែង ហើយភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវអារម្មណ៍សម្រាក និងភាពរីករាយប្លែកតាមរយៈការធ្វើដំណើរតាមទូកឈើតូចៗនៅលើកោះដើមត្នោតនេះផងដែរ។

    ក្រៅពីដំណើរកម្សាន្តតាមសមុទ្រខ្សាច់ និងកោះដើមត្នោត ភ្ញៀវទេសចរទាំងអស់ក៏តែងនិយមទៅកម្សាន្ត និងទិញទំនិញគ្រប់ប្រភេទនៅ Dubai Mall ដែលជាហាងលក់ទំនិញធំជាងគេនៅលើពិភពលោក។ នៅទីនោះ គឺមានលក់គ្រប់មុខទំនិញទាំងអស់ ដែលភ្ញៀវទេសចរត្រូវការ មិនថាជាសម្លៀកបំពាក់, គ្រឿងលម្អកាយ, គ្រឿងសម្អាង,​ គ្រឿងសង្ហារិម, គ្រឿងតាំងលម្អគេហដ្ឋាន, របស់អនុស្សាវរីយ៍តូចធំ, គ្រឿងអេឡិកត្រូនិច, ឬរបស់ប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ។

    ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅពេលដែលភ្ញៀវទេសចរទាំងអស់ទៅដល់ទីក្រុងឌូបៃពួកគេក៏អាចរីករាយជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៧ ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតនៅលើពិភពលោកផងដែរ គឺសណ្ឋាគារ Burj Al Arab៕