Tag: Donald Trump

  • ទ្រព្យរបស់​លោក​ Trump កើន​ឡើង​ទ្វេដង​ក្នុង​មួយ​ថ្ងៃ

    ទ្រព្យរបស់​លោក​ Trump កើន​ឡើង​ទ្វេដង​ក្នុង​មួយ​ថ្ងៃ

    ករណី Trump Media សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដទៃ​មួយ​ផ្សេង​ទៀត ដើម្បី​ឡើង​ផ្សារ​ហ៊ុន បាន​ជួយ​ឱ្យ​អតីត​ប្រធានាធិបតី​អាម៉េរិក ជា​លើក​ដំបូង មាន​ឈ្មោះ​ក្នុង​ top 500 នៃ​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។

    កាល​ពី​ថ្ងៃទី 25 មីនា Trump Media ដែល​ជា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​លោក​ Donald Trump បាន​ប្រកាស​ថា សម្រេច​បាន​កិច្ច​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​ Digital World Acquisition Corp។ ក្រុម​ហ៊ុន​ថ្មី​នឹង​មាន​ឈ្មោះ​ថា Trump Media & Technology Group នឹង​គ្រប់​គ្រង​បណ្ដាញ​សង្គម Truth Social ដែល​បង្កើត​ឡើងដោយ​លោក Trump កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ភាគ​ហ៊ុន​របស់​ពួក​គេ​ចាប់​ផ្ដើម​ដាក់​ឱ្យ​ជួញដូរ​ចាប់​ពី​ថ្ងៃទី 26 មីនា 2024​។

    ព័ត៌មាន​ខាងលើ​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន Digital World កើន 35% កាល​ពី​ថ្ងៃទី 25 មីនា​។ បើ​គិត​ទៅ​តាម​តម្លៃ​បច្ចុប្បន្ន ភាគ​ហ៊ុន​របស់​លោក​ Trump នៅ​ក្នុង​ក្រុម​ហ៊ុន​ថ្មី​ នឹង​មាន​តម្លៃ​ 4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ប្រការ​នេះ​ ជួយ​ឱ្យ​លោក​ Trump មាន​ឈ្មោះក្នុង​បញ្ជី​ស្ដី​ពី​អ្នក​មាន​ជាង​គេ​ទាំង​ 500 នាក់​ នៅ​លើ​ពិភពលោក​ របស់​ Bloomberg។ Bloomberg គណនា​ឃើញ​ថា ទ្រព្យ​របស់​លោក​ Trump បាន​កើន​ឡើង​ 4 ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ថ្ងៃទី 25 មីនា​។ បច្ចុប្បន្ន អតីត​ប្រធានាធិបតី​អាម៉េរិក​រូប​នេះ មាន​ទ្រព្យ​ចំនួន 6.5 ពាន់​លាន​ដុល្លារ​។

  • ប្រធានាធិបតី Donald Trump ផ្ញើ​សារ​លា​សេត​វិមាន

    ប្រធានាធិបតី Donald Trump ផ្ញើ​សារ​លា​សេត​វិមាន

    នៅក្នុង​សារ​លា​សេត​វិមាន លោក Trump បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង «ចាកចេញ​ផុតពី​ការ​ចងគំនុំ​រវាង​បក្ស​នឹង​បក្ស» រួម​នឹង​ការកោតសរសើរ​ចំពោះ​សមិទ្ធផល​ក្រោម​ការដឹកនាំ​របស់លោក ក៏ដូចជា​ជូនពរ​ដល់​រដ្ឋាភិបាល​ថ្មី​ជួប​សំណាងល្អ។

    «បាន​បម្រើ​ការងារ​ក្នុងនាម​ជា​ប្រធានាធិបតី​របស់​គ្រប់គ្នា​គឺជា​កិត្តិយស​ដែល​មិនអាច​អធិប្បាយ​បាន។ សូម​អរគុណ​គ្រប់គ្នា​ចំពោះ​ឧបការគុណ​ដ៏​ពិសេស​នេះ» ប្រធានាធិបតី Donald Trump បាន​ថ្លែង​នៅក្នុង​វីដេអូ​មួយ​មាន​ថេរវេលា​ជិត 20 នាទី ដែល​ត្រូវបាន​សេត​វិមាន​ចេញផ្សាយ​កាលពី​ថ្ងៃទី 19 មករា។

    លោក Trump ក៏​មិន​ភ្លេច​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ក្នុងការ​កាត់បន្ថយ​ពន្ធ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គោល​នយោ​បាយ​​សេដ្ឋកិច្ច​ក្រៅប្រទេស​របស់​រដ្ឋាភិបាល​លោក ជាមួយនឹង​ការលើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ស្ថានភាព​ទីផ្សារ​មូល​ប​ត្រ និង​ការដែល​វ៉ាក់សាំង Covid-19 ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

    «ពួកគេ​បាន​ហៅ​ប្រការនេះ​ថា​ជា​មន្តអាគម​ផ្នែក​វេជ្ជសាស្ត្រ។ រដ្ឋាភិបាល​ដទៃ​នឹងត្រូវ​ចំណាយពេល 3 ឆ្នាំ, 4 ឆ្នាំ, 5 ឆ្នាំ ឬ 10 ឆ្នាំ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ប៉ុន្តែ​យើង​បានធ្វើ​វា​ក្នុង​រយៈពេល​ត្រឹមតែ 9 ខែ​ប៉ុណ្ណោះ» លោក Trump បានឱ្យដឹង​ដូច្នេះ និង​ថែមទាំង​បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​នៅក្នុង​វិបត្តិ​សុខភាព និង​ធានា​សន្តិសុខ​នៅតាម​បន្ទាត់​ព្រំដែន​ភាគខាងត្បូង​ផងដែរ។

    លោក Trump បន្តថា៖ «នៅពេល​ខ្ញុំ​ត្រៀម​ប្រគល់​អំណាច​ជូន​ដល់​រដ្ឋាភិបាល​ថ្មី​នៅ​ថ្ងៃត្រង់ ទី 20 មករា ខ្ញុំ​ចង់​ប្រាប់​គ្រប់គ្នា​ថា ចលនា​របស់​យើង​ទើបតែ​បានចាប់ផ្ដើម​ដំណើរការ​ប៉ុណ្ណោះ»។

    «ខ្ញុំ​មាន​មោទកភាព​ជាខ្លាំង​ដោយសារ​ជា​ប្រធានាធិបតី​ដំបូង​ក្នុងអំឡុង​ជាច្រើន​ទសវត្សរ៍​ដែល​មិនបាន​បញ្ឆេះ​សង្គ្រាម​​ណា​មួយ។ យើង​បានបញ្ជាក់​ជាថ្មី​ថា នៅ​សហរដ្ឋអាមេរិក រដ្ឋាភិបាល​បាន​ឆ្លើយតប​នឹង​ការចង់បាន​របស់​ពល​រដ្ឋ» លោក Trump បន្ថែម។

    ប្រធានាធិបតី Trump ឱ្យដឹងថា៖ «សប្ដាហ៍​នេះ រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ចូលកាន់​អំណាច ហើយ​យើង​បួងសួង​ឱ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុង​ការរក្សា​ទឹកដី​អាមេរិក​ឱ្យ​នៅមាន​សុវត្ថិភាព និង​រីកចម្រើន។ យើង​សូម​ផ្ញើ​ពាក្យ​ជូនពរ​បវរ​ប្រសើរ​បំផុត និង​ប្រាថ្នា​ឱ្យ​ពួកគេ​ជួប​សំណាងល្អ ដែលជា​ប្រការ​មួយ​ដ៏​មាន​សារសំខាន់»។

    លោក Trump កន្លងមក​បានប្រកាស​ថា នឹងមិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden នៅ​ថ្ងៃទី 20 មករា​នេះ។ លោក Trump មាន​គម្រោង​ចូលរួម​ពិធី​លាគ្នា​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​នៅ​មូលដ្ឋាន​ទ័ពអាកាស Andrews នា​ព្រឹក​ថ្ងៃទី 20 មករា មុនពេល​ឡើង​យន្តហោះ​ត្រលប់​ទៅកាន់ Florida ក្នុង​គ្រា​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ស្បថ​ចូលកាន់​តំណែង។

    នៅ​ក្នុង​ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក Trump លោក​ស្រី Melania Trump​ ក៏​បាន​ថ្លែង​សារ​លា​​សេត​វិមាន​ផងដែរ។

    ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden នឹងមាន​ការចូលរួម​ពី​ក្រុមមន្ត្រី​ក្នុង​ចំនួន​តិច​បំផុត រាប់​ចាប់ពី​ឆ្នាំ 1945 ពោលគឺ​ប្រមាណ​ជា 1,000 នាក់​ប៉ុណ្ណោះ។ ប្រការនេះ​គឺ​ដោយសារ​អាជ្ញាធរ​កាត់បន្ថយ​ទំហំ​នៃ​ព្រឹត្តិការណ៍ ដោយសារ​ឥទ្ធិពល​របស់ Covid-19។

    ប្រភព៖ Fox News, Reuters

  • សេត​វិមាន​បញ្ចេញ​សៀវភៅ​សមិទ្ធ​ផល​ជាង 600 ប្រការ របស់​លោក​​ប្រធានាធិបតី Donald Trump

    សេត​វិមាន​បញ្ចេញ​សៀវភៅ​សមិទ្ធ​ផល​ជាង 600 ប្រការ របស់​លោក​​ប្រធានាធិបតី Donald Trump

    នៅក្នុង​សៀវភៅ​និយាយ​អំពី​សមិទ្ធផល​នេះ ក៏​មានការ​សង្កត់ធ្ងន់​ទៅលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្លា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មិន​ធ្លាប់​មាននៅ​សហរដ្ឋអាមេរិក មុន Covid-19 មកដល់ នៅក្រោម​ការដឹកនាំ​រប​ស់លោក Donald Trump។

    ថ្មីៗនេះ សេត​វិមាន​បាន​ឧទ្ទេសនាម​សៀវភៅ​មួយ​ក្បាល​ដែលជា​បញ្ជី​កត់ត្រា​នូវ​សមិទ្ធផលសំខាន់ៗចំនួន 603​ ប្រការ​​ដែល​ប្រធានាធិបតី​អាមេរិក Donald Trump សម្រេចបាន​នៅក្នុង​អាណត្តិ​របស់ខ្លួន ខណៈដែល​ពិភពលោក​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Joe Biden។

    ភាគច្រើន​នៃ​សមិទ្ធផល​នេះ​មាន​ជាប់ទាក់ទង​នឹង​ការសន្យា​របស់លោក Trump ដែល​ត្រូវបាន​ធ្វើឡើង​កាលពីពេល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នាំ​ឆ្នាំ 2016។ ក្រុមមន្ត្រី​សេត​វិមាន​អះអាងថា បញ្ជី​ឈ្មោះ​នៃ​សមិទ្ធផល​នេះ​គឺជា​កេរដំណែល​ចម្បង​ដែល​ប្រធានាធិបតី Trump បាន​បន្សល់ទុក។

    ក្នុង​សៀវភៅ​នេះ​ក៏​មានការ​រាប់បញ្ចូល​ទាំង​បញ្ហា​អន្តោប្រវេសន៍ ពន្ធដារ សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា រួម​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាដើម។ សម្រាប់​បញ្ហា​សេដ្ឋកិច្ច ត្រូវបាន​គេ​លើកឡើងថា មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​អាណត្តិ​របស់លោក Trump មុនពេល​វីរុស​ Covid-19 រាតត្បាត​សហរដ្ឋអាមេរិក ក្នុងនោះ មានការ​ងារ​ថ្មី​ចំនួន 7 លាន​តំណែង​ត្រូវ​បង្កើតឡើង ខ្ពស់ជាង​បី​ដង​បើ​ធៀប​នឹង​ការ​ព្យាករ ព្រមទាំង​បាន​ជួយ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​ថយចុះ​មក​ទាប​បំផុត​ក្នុងអំឡុង​កន្លះ​សតវត្សរ៍​មកនេះ។

    ស្ថិតិ​ខាងលើ​ក៏បាន​លើកសរសើរ​ចំពោះ​ការដែល​ប្រធានាធិបតី Trump បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​មូល​ប​ត្រ​នៅ​សហរដ្ឋអាមេរិក ហក់​ឡើងដល់​កម្រិត​កំពូល​ថ្មី​ជា​បន្តបន្ទាប់។

    សៀវភៅ​ខាងលើ​ត្រូវបាន​សេត​វិមាន​ប្រកាស​ជា​ផ្លូវការ នៅ​មុនពេល​ប្រធានាធិបតី Donald Trump ត្រូវ​ចាក​ចេញពី​តំណែង​នា​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ នេះ​គឺជា​កាលៈទេសៈ​ដែល​ប្រកបដោយ​ភាព​រសើប នៅពេល​លោក Trump កំពុង​ត្រូវបាន​សភា​ជាន់​ទាប​ចោទប្រកាន់​ទោស​ជា​លើក​ទី​ពីរ ក្រោយពី​មាន​ព្រឹត្តិការណ៍​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 ខែមករា ខណៈដែល​ប្រធានាធិបតី​ជាប់ឆ្នោត​បន្ទាប់ Joe Biden នឹង​ស្បថ​ចូលកាន់​អំណាច​នៅ​ថ្ងៃទី 20 មករា​ស្អែក​នេះ៕

    ប្រភព៖ MSN

  • អនុប្រធានាធិបតី​អាមេរិកាំង​នឹង​ “នៅ​ឆ្ងាយ​” ពី​លោក​ Trump មួយ​រយៈ​

    អនុប្រធានាធិបតី​អាមេរិកាំង​នឹង​ “នៅ​ឆ្ងាយ​” ពី​លោក​ Trump មួយ​រយៈ​

    អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence បានសម្រេច​ចិត្ត​ថា​ “នៅ​ឱ្យឆ្ងាយ​” ពី​ប្រធានាធិបតី​ Donald Trump ក្នុង​មួយ​រយៈ​ពេល​ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​បាន​ឆ្លង​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សេត​វិមាន​។

    “ខ្ញុំ​សូម​បញ្ជាក់​ថា នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់​។ ការ​រក្សា​គម្លាត​ប៉ុន្មាន​ថ្ងៃគឺអាស្រ័យទៅ​លើ​អនុប្រធានាធិបតី​”។ លេខា​ផ្នែក​សារ​ព័ត៌មាន​របស់​សេតវិមាន​ លោកស្រី​ Kayleigh McEnany​ បាន​ឱ្យ​ដឹង​បែប​នេះ​ ទាក់​ទិន​នឹងការ​រក្សា​គម្លាត​របស់​​អនុប្រធានាធិបតី​អាមេរិកាំង​​ លោក​ Mike Pence​ ជាមួយ​នឹង​លោក​ Trump។

    ឥរិយាបថ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងក្រោយ​ពី​ Kate Miller ដែលជា​អ្នក​នាំ​ពាក្យ​របស់​​លោក​ និង​ជា​ភរិយា​របស់​លោក Stephen Miller ដែលជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ Trump បាន​ឆ្លង​វីរុស​COVID-19។ លោក Trump កាល​ពី​ថ្ងៃទី​8ឧសភា បាន​អះអាង​ថា លោក​មិន​បាន​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​ Miller នោះ​ទេ​ក្នុងមួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​លោក​ស្រី​ Kate Miller មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អនុប្រធានាធិបតី​ Mike Pence។

    លោក​ Trump បាន​និយាយ​បន្ថែម​អំពី​អនុប្រធានាធិបតី​អាមេរិកាំង​ថា “Mike បាន​ធ្វើ​តេស្ត​រក​មេរោគ ដោយ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​”។ មេដឹក​នាំ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​នេះ​ សុទ្ធ​តែ​ត្រូវ​​ធ្វើ​តេស្ត​​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​។

     អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence
    អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence

    សូម​រំឭក​ថា មុន​នេះមាន​ទាហាន​ពិសេស​ម្នាក់​មក​ពី​ទ័ព​ជើង​ទឹក​ ដែល​មាន​ភារកិច្ច​បម្រើ​លោក​ Trump ក៏បាន​ឆ្លង​វីរុស​COVID-19 ធ្វើ​ឱ្យ​សេតវិមាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លង​រាល​ដាល​ក្នុង​ជួរ​ស្ថាប័ន​កំពូល​នេះ​។ សមាជិក​ជាន់​ខ្ពស់​3រូប​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នកជំនាញ​ការ​ប្រឆាំង​នឹង​COVID-19 របស់​សេតវិមាន ក្នុង​នោះ​មាន​មន្ត្រី​​ជាន់​ខ្ពស់​​​ផ្នែក​សុខាភិបាល​នៅ​សេតវិមាន​ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់ប្រធានាធិបតី​អាមេរិកាំង​ គឺ​លោក Anthony Fauci ក៏​បាន​បង្ខាំង​ខ្លួន​ឯង​​ផងដែរ​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​។

    ការិយាល័យគ្រប់​គ្រង​សេតវិមាន​ កាល​ពីថ្ងៃទី​11ឧសភា​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ឱ្យបុគ្គលិក​នៅ​ទីនេះ​ពាក់​ម៉ាស់​​ជាប់​ជា​និច្ច​ក្នុង​តំបន់​ករិយាល័យ​ប្រធានាធិបតី ទន្ទឹម​នឹង​នេះ​សេតវិមាន​ក៏​ស្នើ​ឱ្យ​គោរព​វិធាន​ការ​រក្សា​គម្លាត​ក្នុង​ទីសាធារណៈ​ផងដែរ​។ ក៏ប៉ុន្តែ លោក Trump ទទួល​បាន​សិទ្ធិ​លើក​លែង​ក្នុង​ករណី​នេះ​ បន្ទាប់​ពី​ជំនួយ​ការ​នានា​នៅ​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា លោក Trump ទំនង​ជា​មិន​ព្រម​ពាក់​ម៉ាស់​នោះ​ទេ​។

    នៅសហរដ្ឋ​អាមេរិក​ គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នកជំងឺCOVID-19 ​សរុប​ ​1,407,928​នាក់​​ និង​​អ្នកស្លាប់​សរុប​មាន​ចំនួន​​83,357​នាក់​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​ដែល​ទើប​បាន​រកឃើញ​​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump កាល​ពីថ្ងៃទី​3​ឧសភា បាន​ឱ្យ​ដឹង​ថា លោក​ “ជឿ​ជាក់​” ថា សហរដ្ឋ​អាមេរិក​នឹង​មាន​វ៉ាក់​សាំង​ទប់​ស្កាត់​វីរុស​COVID-19 នៅមុន​ដំណាច់​ឆ្នាំ​នេះ​។

    លោក​ Trump សង្កត់​ធ្ងន់​ថា ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​ និង​ពិសោធ​វ៉ាក់សាំង​ ហើយ​ពួក​គេ​ជិត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​នេះ​ហើយ។ “ខ្ញុំ​គិត​ថា យើង​នឹង​មាន​វ៉ាក់​សាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​” ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​ជាមួយ​អ្នក​យក​​​ព័ត៌មាន​របស់​ Fox News។

    សហរដ្ឋ​អាមរិក​ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​ដំបូង​គេ​​ដែល​មាន​វ៉ាក់​សាំង​ប្រឆាំង​វីរុស​COVID-19។ ម្ចាស់​សេត​វិមាន​បាន​ប្រកាស​ថា លោក​នៅ​តែ​ត្រេក​អរ​ជា​ទី​បំផុត​​បើ​សិន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​បរាជ័យ​​ក្នុង​ការ​ប្រជែង​លើ​ការ​អភិវឌ្ឍ​ថ្នាំ​សម្រាប់​វីរុស​COVID-19។

    លោក​ Trump ឱ្យ​ដឹង​ថា “បើ​សិន​ប្រទេស​ណា​មួយ​ទទួល​បាន​ជោគ​ជ័យ​មុន​គេ​ ខ្ញុំ​នឹង​ដោះ​មួក​គោរព​កោត​សរសើរ​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​វ៉ាក់​សាំង​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​”។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ហានិភ័យ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​តាម​បែប​ប្រញាប់​ប្រញាល់​ខុស​ធម្មតា​ដូច​បច្ចុប្បន្ន លោក​ Trump អះអាង​ថា អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិសោធ​ គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្ម័គ្រ​ចិត្ត។ លោក​ថា “​ពួកគេ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​កំពុងតែ​ធ្វើ​”។

    សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជិត​1.2​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​69,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​រដ្ឋ​ប្រហែល​ពាក់​កណ្ដាល​​នៃ​ប្រទេស​នេះ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។ ប៉ុន្តែ រដ្ឋ​មួយ​ចំនួន​ក៏​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​ ហើយ​មក​ដល់​បច្ចុប្បន្ន វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​​ជាង​200​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​មនុស្ស​ជិត​3.6​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ ក្នុង​នោះ​មាន​​ជិត​250,000​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​1.1​លាន​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

    ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

    សារ​ព័ត៌មាន​ Daily Mail បាន​រាយ​ការណ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជំពាក់​បំណុល​​ធនាគារ​ប្រទេស​ចិន​​រាប់​សិប​លាន​ដុល្លារ​​​​ ហើយ​ថា​ នឹង​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នៅ​ឆ្នាំ​2022 (ពាក់​កណ្ដាល​អាណត្តិ​ទី​2​របស់​លោក Trump បើ​សិន​លោក​ជាប់​ឆ្នោត​ម្ដង​ទៀត​)។

    សិទ្ធិ​កាន់​កាប់​របស់​លោក Trump ចំពោះ​អគារ​ Manhattan ដែល​មាន​43ជាន់​ ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំមកហើយ​ ព្រម​ទាំង​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​លោក​Trump កាល​ពី​ឆ្នាំ​2015​ទៀត​ផង។

    សារ​ព័ត៌មាន Daily Mail​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​30​% នៅក្នុង​អគារ​ 1290 Avenue of the Americas នៅ​ឯទីក្រុង​នីវ​យ៉ក សហរដ្ឋ​អាមេរិក​។ អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​សរុប​ឡើង​ដល់​ជាង​1​ពាន់​លាន​ដុល្លារ​។

    អគារ​ Trump Tower ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ 1290 នេះ គឺជា​ផ្នែក​មួយ​នៃ​មោទកភាព​របស់​លោក Trump នៅ​ពេល​លោក​ធ្វើ​យុទ្ធ​នាយការ​រក​សំឡេង​ឆ្លោត​​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​2015។

    លោក​ Trump បាន​ថ្លែង​កា​ល​ពី​ឆ្នាំ​2015​ នៅ​ក្នុង​អគារ​ Trump Tower ថា “ខ្ញុំ​បាន​យក​ឈ្នះ​លើ​ប្រទេស​ចិន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​។ ខ្ញុំ​បាន​កាន់​កាប់​មួយ​ផ្នែក​ធំ​នៃ​អគារ​ Bank of America នៅ​ San Francisco និង​អគារ​ 1290 Avenue ដែល​ខ្ញុំ​យក​បាន​ពី​ចិន​នៅក្នុង​ការ​ប្រកួត​ប្រជែង​មួយ​។ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​ចិន​”។

    បើ​យោង​តាម​ទំព័រ​ Politico បាន​ឱ្យ​ដឹង​ថា ដៃគូ​របស់​លោក Trump គឺ​ក្រុម​ហ៊ុន​ Vornado Realty Trust កំពុង​កាន់​កាប់​70%​នៃ​អគារ​ខាងលើ​ ចាប់​តាំង​ពី​ឆ្នាំ​2012 នៅ​ពេល​ខ្ចី​ប្រាក់​950​លាន​ដុល្លារ​ដើម្បី​សង​បំណុល​លើ​ខ្ទង់​វិនិយោគ​ទៅ​លើ​អគារ​នេះ​។ ក្នុង​​នោះ ទឹក​ប្រាក់​ប្រមាណ​ជា​ 211​លាន​ដុល្លារ បាន​មក​ពី​កម្ចី​ពី​ធនាគារ​ចិន​ (BOC)។

    លោក​ Trump ធ្លាប់​បាន​ប្រកាស​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​អ្នក​គ្រប់គ្រង​អាជីវ​កម្ម​​​​ក្នុងអំឡុង​រដូវ​បោះ​ឆ្នោត​ប្រធានាធិបតី​​ឆ្នាំ​2016 បើ​សិន​ជា​លោក​ជាប់​ឆ្នោត​។

    ក៏ប៉ុន្តែ មនុស្ស​ជា​ច្រើន​យល់​ថា លោក​​ Trump នៅ​តែ​មិន​ព្រម​បោះ​បង់​អាណាចក្រ​ជំនួញ​របស់​ខ្លួន​ ដែល​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​500​ និង​អចលន​ទ្រព្យ​​នៅក្នុង​ប្រទេស​ជាង​20​ នៅក្នុង​ពិភពលោក ខណៈ​​បានក្លាយ​ជា​ម្ចាស់​សេត​វិមានទៅ​ហើយ​។ លោក​នៅ​តែ​គ្រប់​គ្រង​ Trump Organization បើ​ទោះ​ជា​បាន​ប្រគល់​សិទ្ធិ​ចាត់​ចែង​ទៅ​ឱ្យ​កូន​ប្រុស​2​រូប​របស់​ខ្លួន​រួច​ហើយ​ក្ដី​។

    កាល​ពី​ខែ​មករា2019 លោក​ Trump ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden ដែល​​ជា​បេក្ខ​ភាព​លំដាប់​កំពូល​របស់​បក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​ឆ្នាំ​2020 ដែល​សំដៅ​ទៅ​លើ​ទំនាក់​ទំនង​របស់​កូន​ប្រុស​លោក Biden ជាមួយ​នឹង​មូលនិធិ​មួយ​ដែល​បាន​ស្វែង​រក​វិធី​ប្រមូល​ទុន​ពី​ប្រទេស​ចិន​។

    លោក​ Trump យល់​ថា​ លោក​ Hunter Biden បាន​កេង​ចំណេញ​លើ​ឥទ្ធិពល​របស់​ឪពុក​ខ្លួន (លោក Joe Biden) ពេល​ដែល​កំពុង​កាន់​កាប់​តំណែង​អនុប្រធានាធិបតី​ ដើម្បី​ទទួលបាន​ប្រាក់​ 1.5ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​មូលនិធិ​ភាគ​ហ៊ុន​របស់​ខ្លួន ហើយ​រក​បានប្រាក់​ចំណេញ​​រាប់​លាន​ដុល្លារ​ពី​អំពើ​កេង​ខាង​លើ​នេះ។

    ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​
    អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden(ស្ដាំ) និង​លោក Hunter Biden ដែល​ជាកូនប្រុស​របស់​លោក​(ឆ្វេង)

    កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​2020​ ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក Trump បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹម​សារ​ថា “ហេតុ​អ្វី​បាន​ជា​ធនាគារ​ជាតិ​ចិន បែរ​ជា​សហការ​ជាមួយ​ Hunter Biden​ ពេល​ដែល​ឪពុក​របស់​គាត់​កំពុង​កាន់​តំណែង​ជា​អនុប្រធានាធិបតី​?”។

    ថ្មី​ៗ​នេះ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក Donald Trump យល់​ថា “ប្រទេស​ចិននឹង​គ្រប់​គ្រង​ Joe Biden” នេះ​មាន​ន័យ​ថា បើ​សិន​ជា​លោក Biden ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នា​ខែ​វិច្ឆិកា​ ឆ្នាំ​2020ខាង​មុខ នោះ​​ប្រទេស​ចិន​នឹង​អាច​គ្រប់គ្រប់​សហរដ្ឋ​អាមេរិក​។

    ប្រធានាធិបតី​ Donald Trump នៅ​តែ​រិះ​គន់​ជា​ហូរ​ហែ​អំពី​ទំនាក់​ទំនង​រវាង​គូ​ប្រកួត​​របស់​គាត់​ គឺ​លោក Joe Biden ជាមួយ​នឹង​ប្រទេស​ចិន​ ក៏ប៉ុន្តែ លោក​ Trump បាន​ភ្លេច​ថា ខ្លួន​នៅ​ជំពាក់​លុយយ៉ាង​ច្រើន​នៅ​​ធនាគារ​​របស់​ប្រទេស​ចិន​​ ហើយ​ប្រការ​នេះអាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ធំធេង​សម្រាប់​លោក ក្នុងយុទ្ធ​នាការ​រក​សំឡេង​ឆ្នោត​នៅ​ចុង​ឆ្នាំ​2020​នេះ​។

    អ្នកជំនាញ​ការ​ Robert Maguire មក​ពី​អង្គ​ការ​ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុសត្រូវ​និង​ក្រម​សីលធម៌​ ប្រចាំ​ទីក្រុង​វ៉ាស៊ីង​តោន បាន​អះអាង​ថា “លោក​ Trump រិះ​គន់​ទៅ​លើ​ការ​រកស៊ី​របស់ Hunter ប៉ុន្តែ​ លោក​ Trump កំពុង​តែ​កាន់​កាប់​ក្រុម​ហ៊ន​ដែល​រក​បាន​ប្រាក់​ចំណេញ​ពី​បណ្ដា​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដែល​លោក​កំពុងតែ​ជំនួស​មុខ​ឱ្យ​ប្រជា​ជន​អាមេរិាំង​ក្នុងការ​ចរចា​នានា​”។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្រោង​អចលន​ទ្រព្យ​ជាន់​ខ្ពស់​2​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ Trump នៅ​ឯ​ អារ៉ាប់​រួម​ (UAE)​ និង​ឥណ្ឌូនេស៊ី បែរ​ជា​កំពុង​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ជាតិ​របស់​ចិន​ទៅ​វិញ​។ លោក​ប្រធានាធិបតី​ Trump និង​កូនស្រី​របស់​គាត់​ គឺ​លោកស្រី​ Ivanka ទទួល​បាន​កម្ម​សិទ្ធិ​លើ​ពាណិជ្ជ​សញ្ញា​រាប់​​រយ​ពី​រដ្ឋាភិបាល​ចិន​ផងដែរ៕

    ប្រភព៖ Daily Mail, Politico

  • ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ(ទី14 មេសា)ម្សិលមិញ បានប្រកាសផ្អាកលុយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ទៅឱ្យអង្គការសុខភាពពិភពលោក(WHO) ដោយបានឱ្យហេតុផលថា អង្គការមួយនេះ បានលាក់បាំងភាពធ្ងន់ធ្ងរក្នុងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងប្រទេសចិន មុនពេលវាឆ្លងសាយភាយពាសពេញពិភពលោក។

    លោក ត្រាំ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកបានបញ្ជាឱ្យគណៈគ្រប់គ្រងរបស់លោក ធ្វើការផ្អាកលុយគាំទ្រអង្គការនោះ ខណៈពេលជាមួយគ្នា ក៏នឹងមានពិនិត្យវាយតម្លៃពីតួនាទីរបស់អង្គការសុខភាពពិភពលោក លើផ្នែកគ្រប់គ្រងចាត់ការ ដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងលាក់បាំងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកត្រាំ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានរារាំងភាពច្បាស់លាស់របស់ព័ត៌មាន នៃការឆ្លងរាលដាល ហើយសហរដ្ឋអាមេរិក ដែលអ្នកឧបត្ថម្ភធំជាងគេរបស់អង្គភាពផ្នែកសុខាភិបាល របស់អង្គការសហប្រជាជាតិមួយនេះ ដោយចំនួនទឹកប្រាក់ 400លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ពេលនេះនឹងពិចារណាថា តើនឹងត្រូវធ្វើយ៉ាងណាតទៅទៀត ជាមួយប្រាក់ទាំងអស់ដែលបានប្រគល់ទៅឱ្យអង្គការសុខភាពពិភពលោក។

    លោកត្រាំថ្លែងថា “ដោយការឆ្លងរាលដាលរបស់ជំងឺឆ្លងដ៏ធំកូវីដ-19 យើងមានក្ដីកង្វល់យ៉ាងធំសម្បើមថា ភាពអនុគ្រោះរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងល្អបំផុត តាមដែលអាចទៅរួចហើយ ឬទេ?”។

    កាលពីសប្ដាហ៍មុន លោកត្រាំ បានគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្រអង្គការសុខភាពពិភពលោក ពីបទលម្អៀង ដោយបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងថែមទាំងផ្ដល់ការណែនាំដែលគ្មានប្រសិទ្ធភាព រហូតធ្វើឱ្យមេរោគកូរ៉ូណាប្រភេទថ្មី ឆ្លងរាលដាលទូទាំងពិភពលោក។

    “ពួកគេចេញសេចក្ដីប្រកាសដាស់តឿនខុសឆ្គង” លោកត្រាំ បានបញ្ជាក់ដោយបានចោទថា WHO សម្រេចចិត្តយឺតយ៉ាវ ទម្រាំតែចេញការប្រកាសដាស់តឿនឱ្យប្រយ័ត្នលើការធ្វើដំណើរទៅប្រទេសចិន។ លោកថា “ពួកគេគួរតែប្រកាស តាំងតែពីចុងខែមុននោះ”

    តមកទៀត លោក ថេដ្រូស អ៊ែដហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាមេដឹកនាំទូទាំងពិភពលោក បញ្ឈប់ការលេងល្បែងនយោបាយកណ្ដាលវិបត្តិជំងឺរាតត្បាតដ៏ធំ នៃវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ក្រោយពីអង្គការមួយនេះត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីលោកប្រធាធិបតី ដូណាល់ ត្រាំ។

    តែយ៉ាងណាក៏ដោយ សង្គ្រាមពាក្យសម្ដីរវាងទាំង 2ខាងនេះ មិនបញ្ចប់ត្រឹមតែប៉ុនហ្នឹងទេ ព្រោះកាលពី 1ថ្ងៃបន្ទាប់ពីនោះមក សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសចោទថា ជារឿងរបស់អង្គការសុខភាពពិភពលោកទៀត ដែលផ្ដល់ភាពសំខាន់ទៅលើប្រធានបទខាងនយោបាយមុនគេបង្អស់ ដោយធ្វើព្រងើយកន្តើយចំពោះការព្រមានរបស់ប្រទេសតៃវ៉ាន់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសចិន រហូតដល់ស្ថានការណ៍រាលដាលទូទាំងពិភពលោក។

    ការចោទប្រកាន់ទាំងនោះ បានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រញាប់ឆ្លើយតប 1ដងទៀត ដោយបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបានអះអាងថា ព័ត៌មានដែលបានទទួលតាមរយៈអ៊ីមែលពីតៃវ៉ាន់នៅថ្ងៃនោះ មិនធ្លាប់យោងទៅលើករណីការឆ្លងពីមនុស្សទៅមនុស្សនោះឡើយ ដែលការឆ្លើយតបនេះហើយ ជាប្រភពនៃការគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្ររបស់លោកត្រាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

    កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

    មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

    ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

    យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

    នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • លោក Donald Trump រំឭកដល់ការសន្យារបស់នាយក Apple

    លោក Donald Trump រំឭកដល់ការសន្យារបស់នាយក Apple

    លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងរំឭកម្ដងទៀតអំពីការសន្យារបស់នាយកប្រតិបតិ្តក្រុមហ៊ុន Apple គឺលោក Tim Cook ដែលថា នឹងសាងសង់ “រោងចក្រធំៗចំនួន 3” នៅសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសជាមួយកាសែត The Wall Street Journal។

    លោក Trump បានប្រាប់ថា៖ «ខ្ញុំបាននិយាយទៅកាន់លោក Cook ហើយគាត់បានសន្យាថា នឹងធ្វើឱ្យខ្ញុំនូវគម្រោងធំៗ 3»។ នេះមិនមែនជាលើកទីមួយទេដែលលោក Trump បាននិយាយថា គាត់បាននិយាយជាមួយ Cook អំពីការបង្កើតរោងចក្រផលិតកម្មធំមួយក្នុងទឹកដីសហរដ្ឋអាមេរិក។ ខណៈកាលពីក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក លោក Trump បានហៅ CEO របស់ក្រុមហ៊ុន Apple ជាច្រើនដងដើម្បីឱ្យមកបង្កើតរោងចក្រនៅលើទឹកដីកំណើតវិញ។

    គិតមកដល់ពេលនេះក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះដំណើរនៃការបង្កើតរោងចក្រក្នុងទឹកដីសហរដ្ឋអាមេរិកនេះ បើទោះបីជាលោកនាយកប្រតិបត្តិ Tim Cook ធ្លាប់បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី03 ខែឧសភា ឆ្នាំ2017 កន្លងទៅថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគមួយដ៏ធំសម្រាប់ពលរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ 1 ពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone៕

  • សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដីរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលទៅលើក្រុមហ៊ុន Apple ហើយ បន្ទាប់ពីបានស្នើឱ្យក្រុមហ៊ុនមួយនេះផ្លាស់ប្ដូររោងចក្រផលិតទូរស័ព្ទ iPhone មកទឹកដីអាមេរិកវិញ តាំងពីពេលមុនឡើងកាន់តំណែង។

    ឆ្លើយតបនឹងសំណើមួយនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី 03 ខែឧសភា ឆ្នាំ 2017 នេះថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគដ៏ធំមួយសម្រាប់ពលរដ្ឋអាមេរិក ដើម្បីតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ មួយពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone។

    នាយកប្រតិបត្តិរូបនេះថ្លែងថា «ការផ្លាស់ប្ដូរនេះ វាប្រៀបដូចទឹករលកក្នុងបឹង ដែលមិនដែលបោកបក់ ប៉ុន្តែពេលវាចាប់ផ្ដើម គឺខ្លាំងតែម្ដង។ លោកបន្តថា ក្រោយការសាងសង់បានបញ្ចប់ នៅតំបន់នោះអាចនឹងបង្កើតការងារផ្សេងទៀត ពិសេសបណ្តុំសេវាឧស្សាហកម្ម ដែលបង្កើតឡើងជុំវិញកន្លែងការងារនេះតែម្តង និងវាជាវិធីដែល Apple ចង់សងគុណត្រឡប់ទៅសង្គមវិញ តាមរយៈការបង្កើតការងារ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ»។

    យ៉ាងណាមិញ ការឆ្លើយតបខាងលើ វាហាក់ផ្ទុយពីអ្វីដែល Apple ធ្លាប់បានបង្ហើបកាលពីពេលកន្លងទៅទាក់ទងនឹងរឿងផ្លាស់ប្ដូរទីតាំងរោងចក្រមួយនេះ។ លោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple ធ្លាប់បានឱ្យដឹងក្នុងសន្និសីទកាសែត Goldmans Sachs កាលពីដើមឆ្នាំ 2017 ថា ក្រុមហ៊ុនគ្មានបំណងនឹងធ្វើការផ្លាស់ប្ដូរអ្វីមកទឹកដីអាមេរិកទេ ព្រោះក្រុមហ៊ុនបានធ្វើការវិនិយោគធំ និងជួយសេដ្ឋកិច្ចរបស់អាមេរិកជាច្រើនឆ្នាំមកហើយ លើទឹកប្រាក់រាប់ពាន់លានដុល្លារនៅអាមេរិក ដែលបើគិតសរុបមកដល់ពេលនេះ និងរយៈពេល 10 ឆ្នាំនេះ៕

    ប្រភព៖ YouTube
    អត្តបទដោយ Chhaihor