Tag: Depression

  • កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    ធម្មជាតិរបស់ស្រ្តីមានគភ៌តែងតែទទួលទានអាហារច្រើនដើម្បីបង្កើនកម្លាំងថាមពល និងដើម្បជាសាធាតុអាហារសម្រាប់វិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃ ដែលអ្នកសិក្សាស្រាវជ្រាវបានណែនាំថា ស្រ្តីមានគភ៌គួរតែបរិភោគឱ្យបានច្រើនឡើងប្រមាណជា 340កាឡូរីក្នុង​ 1ថ្ងៃ។

    ក្នុងអំឡុងត្រីមាសទី2 នឹងកើនឡើងដល់ 450កាឡូរីក្នុង 1ថ្ងៃ រហូតដល់ត្រីមាសទី3 ទើបគ្រប់គ្រាន់។ តែទាំងអស់នេះ គួរតែពិចារណាជ្រើសរើសញ៉ាំអាហារដែលល្អបំផុតចំពោះសុខភាព មានគុណតម្លៃខាងភោជនាហារដែលល្អ ហើយអ្នកស្រាវជ្រាវនៅបានរកឃើញទៀតថា អ្វីដែលស្រ្តីមានគភ៌ញ៉ាំក្នុងអំឡុងពេលតាំងគភ៌នឹងសាងចរិតនិស្ស័យការហូបចុកទៅដល់កូននៅពេលប្រសូតចេញមក ទៀតផង ដូច្នេះហើយទើបចង់បញ្ជាក់ថា គួរតែចៀសវាងភេសជ្ជៈស្រវឹង កាហ្វេ អាហារដែលមានជាតិស្ករខ្ពស់ខ្លាំងជាដើម។

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ មានដូចតទៅ ៈ

    1 . គ្រាប់ល្ពៅ(បង្កើនសារធាតុដែក) ៈ រាងកាយត្រូវការសារធាតុដែកចំនួនច្រើនក្នុងអំឡុងពេលមានគភ៌ ដើម្បីផលិតឈាមដែលដឹកជញ្ជូនសារធាតុអាហារ និងអុកស៊ីហ្ស៊ែនទៅទងសុក ទើបច្រើនតែធ្វើឱ្យកើតសភាវខ្វះសារធាតុដែកនៅលើស្រ្តីមានគភ៌ ដូច្នេះស្រ្តីមានគភ៌ចាំបាច់ត្រូវបន្ថែមសារធាតុដែកឱ្យបានច្រើនជាពិសេសតាំងពីសប្ដាហ៍ទី 20តទៅ។

    2 . យ៉ាអួ(ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម) ៈ កាលស្យូមមិនមែនសំខាន់ត្រឹមតែជាមួយវិវឌ្ឍនាការរបស់កូនតូចប៉ុណ្ណោះទេ តែនៅជួយការពារឆ្អឹងរបស់ស្រ្តីជាម្ដាយទៀតផង។ ដោយសារតែកាល់ស្យូមរបស់ម្ដាយនឹងត្រូវនាំយកទៅប្រើជាមួយទារកក្នុងគភ៌ និងក្រៅពីនេះ ប្រយោជន៍ពីកាល់ស្យូមនៅជួយការពារសភាវគភ៌មានជាតិពុលបានទៀតផង។

    3 . ប្រូតេអ៊ីនសណ្ដែក ៈ ប្រូតេអ៊ីននេះមកពីអាស៊ីតអាមីណូ ដែលពាក់ព័ន្ធជាមួយការកសាងកោសិការបស់រាងកាយរបស់ទារកក្នុងគភ៌ និងខ្លួនអ្នកម្ដាយក្នុងពេលជាមួយគ្នា ដោយប្រូតេអ៊ីននឹងមានតួនាទីសំខាន់ណាស់ក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី2 និងត្រីមាសទី3 ជាអំឡុងពេលដែលទារកធំធាត់លឿនបំផុត។

    4 . ស្ករសូកូឡា(សម្បូរជាតិស័ង្កសី) ៈ Zinc ជាសារធាតុរ៉ែដែលមាននៅក្នុងស្ករសូកូឡា សំខាន់ជាមួយការចម្រើនធំធាត់របស់កោសិកាក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីនោះនៅជួយបង្កើនប្រព័ន្ធប្រឆាំងជំងឺ កែសម្រួលប្រព័ន្ធប្រសាទប៉ះពាល់ ដូចជាការដឹងរសជាតិ ក្លិន និងជួយជួសជុលមុខរបួសទៀតផង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា Zinc មានភាពពាក់ព័ន្ធជាមួយទម្ងន់ខ្លួនរបស់ទារកទើបកើតដំបូងដែលទាបជ្រុល និងជួយការពារការប្រសូតមុនពេលកំណត់។

    5 . ម្ទេសក្រហម(សម្បូរវីតាមីន C) ៈ វីតាមីន C នៅក្នុងផ្លែម្ទេសនោះចាំបាច់ជាមួយការចម្រើនធំធាត់ និងការជួសជុលសាច់ភ្នាស ការព្យាបាលស្នាមរបួស និងការផលិតខូឡាជេនដែលធ្វើឱ្យស្បែកមានសុខភាពល្អ ជួយទ្រទ្រង់ប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយ និងប្រឆាំងរ៉ាឌីកាល់សេរីដែលនឹងទៅបំផ្លាញកោសិកា។ ក្រៅពីនេះនៅជួយបឺតយកសារធាតុដែកពីអាហារដែលស្រ្តីជាម្ដាយបានបរិភោគទៀតផង។

    6 . បន្លែផ្ទី(សម្បូរជាតិអាស៊ីតហ្វូលិក) ៈ ក្នុងអំឡុង 3ខែដំបូងរបស់ការតាំងគភ៌ ចាំបាច់ត្រូវប្រើប្រាស់អាស៊ីតហ្វូលិកដើម្បីជួយក្នុងការវិវឌ្ឍនៃប្រព័ន្ធប្រសាទរបស់ទារកប្រមាណជា 400ក្រាមក្នុង 1ថ្ងៃ ដោយវានឹងជួយកាត់បន្ថយភាពប្រថុយប្រថានដែលទារកនឹងប្រសូតចេញមកមានពិការភាពខាងខួរក្បាលដោយសារភាពខុសប្រក្រតីរបស់បំពង់ប្រព័ន្ធប្រសាទ(Meural Tube Defect)។

    7 . សណ្ដែកប្រេស៊ីល(សម្បូរសារធាតុ ស៊ីលីនៀម) ៈ អ្នកស្រាវជ្រាវនៅសហរាជអាណាចក្រ(UK)រកឃើញថា ការបង្កើនកម្រិតសារធាតុ ស៊ីលីនៀមបន្តិចបន្តួចនឹងជួយការពារសភាវគភ៌មានជាតិពុលបាន។ តាមរយៈការស្រាវជ្រាវបានចង្អុលបង្ហាញថា ការដែលបានទទួល ស៊ីលីនៀមគ្រប់គ្រាន់ក្នុងអំឡុងពេលតាំងគភ៌ អាចជួយការពារជំងឺសោកសៅក្រោយពេលប្រសូត( Post-natal Depression)បាន ដោយសារធាតុរ៉ែស៊ីលីនៀមនេះមានច្រើននៅក្នុងគ្រាប់សណ្ដែកប្រេស៊ីល។

    8 . ផ្លែប៊័រ ឬអាវ៉ូខាដូ(សម្បូរជាតិម៉ាញ៉េស្យូម) ៈ ជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែប៊័រ ជួយជួសជុលចំណែកដែលសឹករេចរិលរបស់រាងកាយដែលច្រើនតែជួបនឹងសភាវខ្វះខាតយ៉ាងធ្ងន់ធ្ងរខណៈតាំងគភ៌ ដែលនឹងនាំទៅរកសភាវគភ៌មានជាតិពុល និងទារកមានវិវឌ្ឍនាការមិនល្អ។

    9 . សណ្ដែកកូនមាន់(Chickpeas) ៈ សម្បូរវីតាមីន B6 ដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទរបស់ក្មេង ដោយការស្រាវជ្រាវបានចង្អុលបង្ហាញថា វានឹងជួយសម្រាលអាការចាញ់កូន ទោះជាមិនដឹងពីហេតុផលពិតប្រាកដក៏ដោយ។

    10 . ត្រីសាឌីន(សម្បូរវីតាមីន D) ៈ ត្រីសាឌីនមានវីតាមីន D ដែលជួយក្នុងកម្មវិធីការបង្កើនកាល់ស្យូមនៅក្នុងឆ្អឹង ដែលបើសិនជាខ្វះវីតាមីន D វានឹងធ្វើឱ្យការបឺតយកកាល់ស្យូមបានមិនគ្រប់គ្រាន់ ដែលនឹងនាំឆ្ពោះទៅរកការកើតជំងឺធ្មេញមិនរឹងមាំ ឆ្អឹងទន់នៅលើទារកបាន៕

  • ពិភពលោក​កំពុង​ជួប​បញ្ហា​ ដោយសារតែ​ការ​រាលដាល​នៃ​សភាវ​ឯកា​

    ពិភពលោក​កំពុង​ជួប​បញ្ហា​ ដោយសារតែ​ការ​រាលដាល​នៃ​សភាវ​ឯកា​

    សភាវ​ឯកា​ និង​ជំងឺ​ធុញថប់​អារម្មណ៍​ (Depression​) ជា​បញ្ហា​ប្រឈម​មួយ​ដែល​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ចាប់អារម្មណ៍​ និង​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំឱ្យ​វា​ក្លាយជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​ធនធានមនុស្ស​ និង​សង្គម​ទាំងមូល​។ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ជាពិសេស​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ដែល​មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​កម្រិត​នៃ​ការរស់នៅ​របស់​ប្រជាជន​ល្អ​ ដូចជា​ប្រទេស​ជប៉ុន​ជាដើម​ មាន​ករណី​សម្លាប់​ខ្លួន​កើតឡើង​ជាច្រើន​ករណី​បើ​ទោះបីជា​មាន​សកម្មភាព​កាន់តែ​ខ្លាំង​លើ​ការទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងនេះ​ក៏ដោយ​។

    យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​និយាយ​ពី​ហានិភ័យ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (The​ Global​ Risks​ Report​ 2019​) បានឱ្យ​ដឹង​ថា​ នៅ​សហរដ្ឋអាមេរិក​ ចំនួន​ប្រជាជន​ដែល​គ្មាន​មិត្តភក្តិ​ជិតស្និទ្ធ​បាន​កើនឡើង​ 3ដង​ នៅចន្លោះ​ឆ្នាំ1985​ និង​ឆ្នាំ2004​។ ចំនួន​នេះ​ជា​តួលេខ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ខណៈ​ពេល​ដែល​ប្រជាជន​នៃ​ប្រទេស​នេះ​ភាគច្រើន​ជា​មនុស្ស​ដែល​រវល់​ខ្លាំង​ជាមួយ​ការងារ​មាន​ប្រាក់ចំណូល​ខ្ពស់​ តែ​មិន​មាន​ភាព​កក់ក្តៅ​ក្នុង​ការរស់នៅ​ និង​សុភមង្គល​ក្នុង​ជីវិត​។

    លើស​ពីនេះ​ទៅទៀត​ របាយការណ៍​ដដែល​បាន​បង្ហាញថា​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ឯណោះ​វិញ​មាន​ប្រជាជន​ 50​% ដែល​រស់នៅ​តែម្នាក់ឯង​ ហើយ​ទីក្រុង​ Stockholm​ មាន​ប្រជាជន​ 60​% ដែល​រស់នៅ​ក្នុង​សភាព​ឯកា​។

    យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ចក្រភព​អង់គ្លេស​ បាន​បញ្ជាក់​ថា​ ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​ 75ឆ្នាំ​កំពុង​រស់នៅ​ដោយ​ឯកោ​។ ក្នុង​នោះ​គេ​រក​ឃើញ​ ថា​មាន​មនុស្ស​ខ្លះ​មិនបាន​និយាយ​ជាមួយ​មិត្តភក្តិ​ ឬសាច់ញាតិ​អស់​រយៈពេល​ជាច្រើន​ខែ​ ដោយសារតែ​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​នេះ​។ វា​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​មានចំណេះ​ដឹង​ច្រើន​ រួម​ទាំង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ល្អ​ប្រសើរ​ តែ​បែរជា​ខ្វះ​ភាព​កក់ក្តៅ​ទៅវិញ​។

    តាម​ការ​បង្ហាញ​របស់​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ដោយសារតែ​ភាព​ធុញថប់​ (Toxic​) នៃ​ភាព​ឯកា​មនុស្សម្នាក់​អាច​ជក់បារី​ដល់ទៅ​ 15ដើម​ក្នុង​ 1ថ្ងៃ​។ ដោយសារតែ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​ពិភពលោក​បែបនេះ​ ទើប​អ្នក​ចិត្តសាស្ត្រ​នៃ​ស្ថាប័ន​ Social​ Pscychiatry​ and​ Pschychiatric​ Epidemiology​ បាន​ស្រាវជ្រាវ​ និង​បែងចែក​ភាព​ឯកា​ជា​ 4ប្រភេទ​សំ​ខាន់​ៗ និង​ព្យាយាម​ស្វែងយល់​ពី​ពួកគេ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីក​រាលដាល​ភាព​ឯកា​កុំឱ្យ​កើតមាន​ច្រើន​បន្ត​ទៀត​។

    ប្រភេទ​នៃ​ភាព​ឯកា​ទី1​ គឺ​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​មាន​មិត្តភក្តិ​ច្រើនតែ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ស្និទ្ធស្នាល​ជាមួយគ្នា​នោះ​ទេ​ ហើយ​តែងតែ​អន់ចិត្ត​នៅពេល​ដែល​មិនសូវ​ទទួល​បានការ​អើពើ​។ ប្រភេទ​ទី2​ គឺ​ Social​ Loneliness​ មនុស្ស​ប្រភេទ​នេះ​អាច​មាន​មិត្ត​ជិតស្និទ្ធ​ 1 ឬ2នាក់​ តែ​គេ​នៅតែ​មាន​អារម្មណ៍​ថា​ មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​រីករាយ​។ ប្រភេ​ទី3​ គឺ​ Social​ and​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​គិតថា​ ខ្លួន​មិន​មាន​ទំនាក់ទំនង​គ្រប់គ្រាន់​ ហើយ​គ្មាន​អ្នកណា​ម្នាក់​យកចិត្ត​ទុកដាក់​ពី​ខ្លួន​។ ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​ គឺ​ប្រភេទ​ទី4​ LowLoneliness​ ដំណាក់កាល​នេះ​ គឺ​មនុស្ស​មាន​អារម្មណ៍​ថា​ រូបគេ​គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​រឿង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ តែ​ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា​ឯកា​។

    អ្នកជំនាញ​បញ្ជាក់​ថា​ ការបង្កើត​ទំនាក់ទំនង​ដែល​មានគុណ​ភាពល្អ​ នឹង​ប្រសើរ​ជាង​ការ​មាន​ទំនាក់ទំនង​ដែល​ច្រើនតែ​បរិមាណ​ តែ​ធ្វើ​ឱ្យ​យើង​នៅតែ​រក​មនុស្ស​ពឹង​មិនបាន​។ ហើយ​សភាវ​អារម្មណ៍​ឯកា​នេះ​ភាគច្រើន​កើត​នៅ​លើ​នារី​ច្រើនជាង​បុរស​៕