Tag: CVEA

  • ប្រធាន​ CVEA ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព 3ចំណុច ដើម្បី​ដឹកនាំ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020

    ប្រធាន​ CVEA ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព 3ចំណុច ដើម្បី​ដឹកនាំ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា ឬ​CVEA លោក ច្រឹ​ក សុខ​នី​ម បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន 3ចំណុច ក្នុងការ​ដឹកនាំ​សមាគម ក៏ដូចជា​ការគូសវាស និង​តម្រង់ទិស ដើម្បី​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​ក្នុង​អាណត្តិ​ទី6 ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ2019 មកដល់​ឆ្នាំ2020នេះ។ លោក ច្រឹ​ក សុខ​នី​ម បានបង្ហាញ​គោលការណ៍ និង​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 3ចំណុច ដែល​នឹងត្រូវ​យកមកអនុវត្ត​បន្ថែម​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់​សមាគម​ដែលមាន​កន្លងមក។

    ក្នុង​អាណត្តិ​ទី6 ឆ្នាំ2019-2020 នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម CVEA បានដាក់​ចេញ​នូវ​គោល​យុទ្ធសាស្ត្រ 3 ជា​អាទិភាព សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគម។ ក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

    ប្រធាន​សមាគម CVEA បានឱ្យដឹងថា គោលការណ៍ និង​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ទាំង 3ចំណុច​នោះ​មានដូចជា៖

    យុទ្ធសាស្ត្រ​ទី1 ការធានា​ឱ្យបាន​ដំណោះស្រាយ​ជា​អាទិភាព ចំពោះ​ការលើកកម្ពស់​ការអភិវឌ្ឍ​របស់​សមាជិក៖ នៅត្រង់ចំណុច​នេះ លោក​ផ្តោតទៅលើ​ការផ្តល់​ចំណេះដឹង​ដល់​សមាជិក តាមរយៈ​ការផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​នានា ដល់​សមាជិក 3ប្រភេទ ដែល​រួមមាន៖ អ្នកវាយតម្លៃ​អចលនទ្រព្យ ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកគ្រប់គ្រង​អចលនវត្ថុ។ លោក​ជឿជាក់ នៅពេលដែល​សមាជិក​ទាំ​ង​អស់​ទទួលបាន​ចំណេះដឹង​ពី​អចលនវត្ថុ​បាន​ជ្រៅជ្រះ​ហើយ នឹងធ្វើ​ឱ្យ​សមាជិក​ទាំងអស់​មាន​ទុន ដើម្បី​ប្រក​បរបរ​អចលនទ្រព្យ ក៏ដូចជា​គ្រប់គ្រង​អចលនទ្រព្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា។

    ជាងនេះទៅទៀត លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ ក៏​ចង់​ពង្រឹង​ការទំនាក់ទំនង​របស់​សមាគម​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្កើន​ចំណេះដឹង​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​វគ្គ​សិក្សាថ្មីៗបន្ថែម ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​សមាជិក​ថែមទៀត។

    យុទ្ធសាស្ត្រ​ទី2 ការបង្កើត​នូវ​ភាពងាយស្រួល និង​គុណ​តម្លៃ​សម្រាប់​ការចូលរួម​របស់​សមា​ជិ​ក​ភាព៖ លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់ដែរថា កាលពីមុន ដើម្បី​ចូល​ជា​សមាជិកសមាគម អាចមាន​តម្លៃ​ថ្លៃ តែ​មកដល់​បច្ចុប្បន្ន សមាគម​នឹង​កាត់បន្ថយ​បញ្ហា​នេះ ហើយ​ព្យាយាម​ជំរុញ​សមាជិក​ឱ្យ​ពួកគាត់​អាច​ចូលរួម​ជាមួយ​សមាគម​ឱ្យបាន​កាន់តែច្រើន តាម​លទ្ធភាព​របស់​ពួកគាត់។ លោក​បន្តថា សមាគម​ក៏​ព្យាយាម​បណ្តុះបណ្តាល និង​ជួយ​សម្រួល​ផល​លំបាក​របស់គាត់​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ផុលផុស។ ជាងនេះទៀត ការបង្កើត​ក្រុមប្រឹក្សា​យោបល់​ទៅលើ​ផ្នែក​ច្បាប់  ដែល​នឹងត្រូវ​លើក​យកមក​សិក្សា​ដើម្បីឱ្យ​ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​ភាពល្អប្រសើរ ដែលមាន​ការធានា​ដោយ​ច្បាប់។

    និង​យុទ្ធសាស្ត្រ​ទី3 ពង្រីក​វប្បធម៌​នៃ​ការឱ្យ​តម្លៃ​ការងារ​ជា​ក្រុម ប្រកបដោយ​សមធម៌៖ យុទ្ធសាស្ត្រ​នេះ គឺ​សមាគម​សំដៅ​ដល់​ការពង្រឹង​គុណភាព​ការធ្វើការងារ​ជា​ក្រុម​របស់​សមាជិកសមាគម ដោយ​មិនមាន​ផ្នត់គំនិត​រើស​អើ​ស ឬ​មិនឱ្យ​តម្លៃ​គ្នា​នោះឡើយ តាមរយៈ​ការ​ផ្តោតលើ​ជំនួយ​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ទៅលើ​ការធ្វើ​អាជីវកម្ម​ដល់​សមាជិក ក្នុងន័យ​ពង្រឹង​កិច្ចការ​ផ្ទៃ​ការ​ក្នុង​របស់​សមាគម ហើយ​សមាជិក​ទាំងអស់​របស់​សមាគម ត្រូវបាន​ចាត់ទុកជា​ដៃគូ ដើម្បី​ធ្វើការ​រួមគ្នា ផ្តល់ឱកាស​ឱ្យ​គ្នាព្រមទាំង​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​របស់​សមាគម និង​ឈានទៅ​ឆ្លើយតប​តម្រូវការ​វិស័យ​អចលនទ្រព្យ​កម្ពុជា។

    យ៉ាងណាក្ដី ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ ច្រឹ​ក សុខ​នី​ម ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​សមាជិកសមាគម​ទាំងអស់ បង្កើន​ការសហការ កំណត់​បញ្ហាព្រមទាំង​លើកយក​បញ្ហា​មក​ពិភាក្សា​រួមគ្នា សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ​ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគមក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ឱ្យ​កាន់តែច្រើន។

    ក្រៅពី​ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន 3ចំណុច ដើម្បី​ដឹកនាំ​នាវា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020 នេះដែរ។ តំណាង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ ក៏បាន​បង្ហាញ​ការយល់ឃើញ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែរ​ថា នឹង​នៅតែ​បន្ត​មានការ​រីកចម្រើន​ជា​វិជ្ជមាន។ ជាមួយគ្នា​នោះ លោក​ក៏បាន​អះអាង​ទៀត​ដែរ​ថា វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2020 នឹង​នៅតែ​ល្អប្រសើរ មិន​ខុសគ្នា​ពី​ឆ្នាំ2019 ប៉ុន្មាន​ឡើយ។

    យ៉ាងណាក្ដី ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ​បាន​អះអាងថា ដើម្បី​ឱ្យិ​វិស័យនេះ​កាន់តែ​មានការ​រីកចម្រើន​នោះ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​រវាង​ភាគី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ខណៈដែល​បច្ចុប្បន្ន​លោក​មើលឃើញ​នូវ​ភាពខ្វះ​ចន្លោះ​ចំពោះ​ទិន្ន័យទីផ្សារ​អចលនទ្រព្យ ដោយ​មិនទាន់​រួមគ្នា​ធ្វើ​រវាង​រដ្ឋ និង​ឯកជន​នៅឡើយ៕

  • CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    ចំណុច​សំ​ខាន់​ៗមួយចំនួន​ដែល​ជា​ប្រធានបទ​ទាក់ទិន​នឹង​អចលនទ្រព្យ​ ត្រូវ​បាន​ក្លាយជា​ បទ​បង្ហាញ​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA​)ដែល​បាន​លើកយក​មក​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​អញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ នៅ​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​)បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់ថា​ ហេតុអ្វី​កម្ពុជា​ត្រូវការ​ការ​វិនិយោគ​ និង​ក៏​ដើម្បី​បាន​ចាត់ទុកថា​ ការចូលរួម​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

    លោក​បាន​បន្ត​ទៀត​ថា​ តាម​ការចូលរួម​នៅក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ​ អ្វី​ដែល​យើង​ទទួល​បាន​មកវិញ​គឺ​៖ ទី1​-បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ទាំង8​ នៃ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ការចែក​រំលែក​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ជាពិសេស​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផ្សេង​ៗទៀត​។ ទី2​-បរិបទ​ និង​បែបផែន​នៅក្នុង​ការ​វិនិយោគ​ពី​ប្រទេស​យើង​ទៅកាន់​ប្រទេស​គេ​ និង​ពី​ប្រទេស​គេ​មកកាន់​ប្រទេស​កម្ពុជា​យើង​វិញ​ដែរ​ ដើម្បី​ណែនាំ​ការ​វិនិយោគ​ ដែល​នេះ​ គឺ​ជា​សក្តា​នុ​ពល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​។ ទី3​-ពាក់ព័ន្ធ​នឹង​ទំនាក់​-ទំនងជា​មួយ​អ្ន​កិ​វិនិយោគ​ថា​ តើ​អ្នក​វិនិយោគ​នាំមក​នូវ​ម៉ូដែល​ និង​បច្ចេកវិទ្យា​សំ​ខាន់​ៗមក​ក្នុង​ប្រទេស​យើង​ជាមួយ​នឹង​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​បែប​ណា​នៅក្នុង​ប្រទេស​របស់​យើង​។

    តាម​ការ​បញ្ជាក់​របស់​លោក​សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ៖“ការចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ ក្រុម​ប្រតិភូ​ CVEA​ បាន​ទទួល​នូវ​អ្វី​ជា​សំខាន់​នោះ​ គឺ​ការ​រៀន​ពី​ម៉ូដែល​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ ប្រទេស​នី​មួយ​ៗដែល​បាន​ចូលរួម​។ តាមរយៈ​ការ​ធ្វើទស្សនកិច្ច​តំបន់​អចលនទ្រព្យ​ប្រទេស​ជប៉ុន​ ដែល​មាន​អគារ​កម្ពស់​ 70​-80ជាន់​ដែល​បំពាក់​ឧបករណ៍​ការពារ​ការ​រញ្ជួយ​ផែនដី​ផង​ តែ​ក៏​គេ​នៅតែ​អាច​ដឹកនាំ​ការ​កសាង​បាន​”។

    លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​៖“បើ​យើង​ប្រៀបធៀប​សេដ្ឋកិច្ច​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​ដើរ​នៅ​ក្រោយគេ​ឆ្ងាយណាស់​ បើ​ប្រៀបធៀប​ជា​ឆ្នាំ​ ប្រហែលជា​ក្រោយ​ប្រទេស​ជប៉ុន​ប្រមាណ​ 25​ឆ្នាំមុន​។ គឺ​យើង​នៅ​ឆ្ងាយ​ពី​គេ​នៅឡើយ​ ព្រោះ​គេ​មាន​ការ​អភិវឌ្ឍ​ច្រើនជាង​យើង​ មាន​បទ​ពិសោធ​ខ្លាំង​ និង​ល្អ​ជាង​យើង​។ វិស័យ​អចលនទ្រព្យ​គេ​មានការ​-គិតគូរ​បាន​ល្អ​ និង​ការរៀបចំ​បាន​ល្អ​”។

    ប៉ុន្តែ​លោក​ប្រធាន​សមាគម​ CVEA​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​មិន​អន់​នោះ​ទេ​ យើង​ដើរលឿន​ ទោះជា​យើង​អភិវឌ្ឍ​ក្រោយគេ​មែន​តែ​យើង​ដើរលឿន​សម្រាប់​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នេះ​។ ព្រោះ​បើ​តាម​ការ​ព្យាករ​ ក្នុងរយៈពេល​ប្រហែលជា​ 15ឆ្នាំ​ ទៅមុខ​ទៀត​ កម្ពុជា​អាច​នឹង​ឈាន​បាន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​គេ​បាន​ហើយ​ ទោះបី​មិនដល់​គេ​ ព្រោះ​ពេលនោះ​គេ​អាច​កែប្រែ​បន្ថែម​ តែ​ក្នុង​ចន្លោះ15ឆ្នាំ​ យើង​នឹង​ឃើញ​អគារ​ខ្ពស់​ៗច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​ប៉ូល​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​”។

    សូម​បញ្ជាក់​ថា​ ការចូលរួម​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ (International​ Real​ Estate​Conference​ 2019​) IREC​ នៅ​ប្រទេស​ជប៉ុន​ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ និង​ដើម្បី​ស្វែងយល់​ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

    លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​នេះ​ដែរ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការចូលរួម​ក្នុង​សន្និសីទ​នេះ​យើង​បាន​ទទួល​បទ​ពិសោធ​ច្រើន​ដែរ​សម្រាប់​យក​មក​អនុវត្ត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​យើង​។ ពោល​គឺ​យើង​បាន​រៀនសូត្រ​នូវ​អ្វី​ល្អ​ៗពី​គេ​ យើង​មាន​ណេត​វើក​ (Network​) និង​ការ​ផ្លាស់​ប្តូរ​យោបល់​ គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​កម្រិត​ពិភពលោក​”។

    លោកស្រី​នាយិកា​បាន​បញ្ជាក់​ដែរ​ថា​ យើង​ក៏​បាន​ពិភាក្សា​ដេញដោល​គ្នា​ពី​បញ្ហា​ភ្នាក់ងារ​លក់​ទិញ​អចលនទ្រព្យ​ ដោយ​លើក​ហេតុផល​ពី​ប្រទេស​នី​មួយ​ៗថា​ យើង​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​? កង្វះខាត​អ្វី​ខ្លះ​ដែល​យើង​មាន​? ព្រោះ​គោលការណ៍​ និង​ច្បាប់​លក់ដូរ​ វា​ខុស​ៗគ្នា​ទៅតាម​ប្រទេស​នី​មួយ​ៗ ហើយ​យើង​អាចយ​កចំណុច​សំ​ខាន់​ៗមក​អនុវត្ត​ដោយ​ព្យាយាម​កែប្រែ​ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មាន​ ដើម្បី​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ឱ្យ​ជឿនលឿន​ដូច​គេ​ដែរ​។

    លោកស្រី​ តាំង​ ហួរ​ ក៏បាន​បញ្ជាក់​ទៀត​ថា​៖“យើង​ក៏​ទទួល​បាន​នូវ​ការ​ធ្វើ​ Network​ យើង​អាច​ដឹងពី​ព័ត៌មាន​នៃ​ការលក់ដូរ​។ ដូចជា​នៅ​ប្រទេស​មួយ​ចំនួន​ដោយសារ​ដី​ថ្លៃ​ គេ​ច្រើនតែ​លក់​ខុន​ដូ​វិញ​ ព្រោះ​វា​មិនសូវ​ស្មុគស្មាញ​ តែ​សម្រាប់​យើង​តម្លៃ​ដី​នៅ​ថោក​ បើ​ប្រៀប​នឹង​ប្រទេស​គេ​ ដូច្នេះ​យើង​អាច​លក់​ទាំង​ដី​ ទាំង​លំនៅឋាន​ ខុន​ដូ​ និង​សំណង់​អគារ​ផ្សេង​។ល។ ហើយ​សម្រាប់​ប្រទេស​យើង​ អចលនទ្រព្យ​ស្រុក​យើង​ មាន​អ្នក​វិនិយោគ​បរទេស​គេ​ល្បី​ណាស់​ ដោយសារ​យើង​មាន​សក្តា​នុ​ពល​វិស័យ​នេះ​។ តែ​ទោះបី​យើង​មាន​សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នេះ​ក៏​ដោយ​ ក៏​យើង​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​ពី​គេ​ ដើម្បី​ការ​វិវឌ្ឍ​ទៅមុខ​ បើ​យើង​មិន​រៀនសូត្រ​ យើង​មិន​អាច​មាន​ការ​រីកចម្រើន​បានទេ​”៕

  • ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    យើង​ឃើញ​ហើយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការទិញ​-លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ឡើង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​ និង​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ថ្មី​ក្នុង​សម័យ​បច្ចេកវិទ្យា​ និង​ជំរុញ​ឱ្យ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​បរទេស​មក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

    សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុម​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ជនជាតិ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​។ ជាពិសេស​គម្រោង​សំណង់​អគារ​ខ្ពស់​ៗនៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ដែល​មាន​សក្ដានុពល​ធំៗ​មួយចំនួន​ សុទ្ធតែ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​ចិន​ច្រើនជាង​គេ​ទាំងអស់​។ តែ​យ៉ាងណា​ក្តី​ បើ​និយាយ​ពី​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ធំ​ទី2​ បន្ទាប់ពី​ចិន​ ដូច្នេះ​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ គឺជា​រឿង​ល្អ​ប្រសើរ​ និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​មានប្រសាសន៍​ឱ្យ​ដឹងមុន​ពេល​ទៅ​ចូលរួម​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ថា​៖ “វិនិយោគិន​ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ដ៏​ហ្មត់ចត់​ ហើយ​មុននឹង​គេដាក់​ទុន​វិនិយោគ​លើ​អ្វីមួយ​គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​ពីទី​ផ្សារ​ និង​សក្ដានុពល​នៃ​វិស័យ​ដែលគេ​បម្រុង​នឹង​វិនិយោគ​នោះ​។ កត្តា​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យ​ពួក​យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ឱ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្ដល់​នូវ​ប្រាក់ចំណូល​ដល់​ជាតិ​របស់​យើង​ ក៏ដូចជា​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”។

    លោក​បាន​មានប្រសាសន៍​បន្ត​ថា​៖ “នៅក្នុង​កិច្ចប្រជុំ​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​ ខ្ញុំ​រំពឹង​ថា​នឹង​ហុច​ផល​ល្អ​មក​កម្ពុជា​ច្រើន​ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ ហើយ​សមាជិក​របស់​សមាគម​ដែល​នឹង​ចូលរួម​ប្រជុំ​ក្នុង​សន្និសីទ​នេះ​ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ​ ក្នុង​នោះ​ជប៉ុន​ គឺជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ពួក​យើង​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ចក​ម្ម​កម្ពុជា​ បាន​មានប្រសាសន៍​អំពី​សក្ដានុពល​របស់​វិស័យ​នេះ​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​បរទេស​ គឺ​នៅ​មានការ​ចាប់អារម្មណ៍​ និង​មាន​សម្ទុះ​ខ្លាំង​ឥត​ស្រកស្រុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ គឺ​មិនមែន​មានតែ​អ្នក​វិនិយោគ​ខ្មែរ​ក្នុង​ស្រុក​តែម្នាក់ឯង​ទេ​ គឺ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​វិនិយោគិន​បរទេស​ ដែល​ក្នុង​នោះ​យើង​ឃើញ​មាន​ចិន​ ជប៉ុន​ កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ តែ​ដោយឡែក​នៅ​ប៉ែក​ខាង​អឺរ៉ុប​នៅ​មាន​ចំនួន​តិច​នៅឡើយ​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “អ្វី​ដែល​ជំរុញ​ឱ្យ​មាន​វិនិយោគិន​បរទេស​មក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ គឺទី1​-កត្តា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។ ទី2​-ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ គឺ​ច្បាប់​វិនិយោគ​របស់​យើង​បាន​បើកចំហ​ឱ្យ​គេ​មក​វិនិយោគ​ បើក​ក្រុមហ៊ុន​ និង​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100​% និង​ការ​លើកទឹកចិត្ត​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណេញ​(មិន​បង់​ពី​ 3ទៅ​ 9ឆ្នាំ​)សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​នេះ​ជា​កត្តា​ទាក់ទាញ​។ ទី3​-ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ យើង​ជាស​មា​ជិ​ក សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ដែរ​ ហើយក៏​ជាស​មា​ជិ​ករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO​) មួយ​ដែរ​។ ទី4​-ចំពោះ​តម្លៃ​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​ ដូចជា​ថៃ​ វៀតណាម​ ជាដើម​ គឺ​យើង​នៅ​មានតម្លៃ​ទាប​ជាងគេ​ ដែល​អាច​ឱ្យ​វិនិយោគិន​បរទេស​គេ​មក​វិនិយោគ​វិស័យ​នេះ​បាន​ប្រាក់ចំណេញ​។ កត្តា​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សក្ដានុពល​ និង​នៅតែ​អាច​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​បាន​”។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ “យើង​នឹង​លើកយក​ប្រធានបទ​ថា​ “ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​” មក​ពិភាក្សា​នៅពេល​នោះ​ ដោយ​ក្នុង​នោះ​យើង​បាន​ត្រៀម​ក្នុង​ការ​ពន្យល់​ពួកគេ​ឱ្យ​បាន​យល់​ពី​កម្ពុជា​រួចរាល់​ហើយ​។ បច្ចុប្បន្ន​ កម្ពុជា​មាន​លំហូរ​សាច់ប្រាក់​ល្អ​ ហើយ​ការ​ផ្ដល់​អាទិភាព​ឱ្យ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ក៏​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ហើយ​ចំណុច​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរតែ​ចូល​មករ​កស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ជនបរទេស​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ និង​កាន់កាប់​ភាគហ៊ុន100​%។ ទាំងនេះ​ហើយដែល​វិនិយោគិន​បរទេស​គួរតែ​មក​វិនិយោគ​នៅ​កម្ពុជា​”។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង​របស់​ជប៉ុន​ធំៗ​មួយចំនួន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដូចជា​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ ភ្នំពេញ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ សែនសុខ​ ក៏បាន​បើក​ដំណើរការ​ហើយ​ដែរ​ និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​លទី3​ ទៀតផង​ដែល​នឹង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​នៅ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​ដែល​ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕

  • CVEA៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៀត

    CVEA៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៀត

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​អះអាង​ថា​ ​ទីផ្សារ​នេះ​នឹង​នៅតែ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​ ​10ឆ្នាំទៅ​មុខ​ទៀត​ ​ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន​ ​និង​ប្រឈម​បញ្ហា​មួយចំនួន​ផង​ដែរ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ឬហៅ​ថា​ ​CVEA​។​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​CVEA​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Hutton​ ​CPL​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖​ ​“​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​វិស័យ​មួយ​ដ៏​ល្អ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​រីក​លូតលាស់​លឿន​ ​ចាត់ជា​ប្រទេស​ដែល​មានការ​រីកចម្រើន​ខ្លាំង​ទី6​ ​លើស​កល​លោក​ ​និង​ត្រូវ​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​គ្រប់​វិស័យ​”​។​

    ​លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​៖​“​វិស័យ​ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​យើង​ ​គឺ​វិស័យ​សំណង់​ ​និង​ដីធ្លី​ ​ដែល​មាន20​%​ ​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(​ផសស​)​។​ ​វា​ជា​មោទនភាព​របស់​ប្រទេសជាតិ​ទាំងមូល​ ​និង​ជា​មោទនភាព​សម្រាប់​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ដែល​បាន​ក្លាយជា​វិស័យ​សំខាន់​ ​និង​ជាស​សរ​ស្តម្ភ​មួយ​ ​រួម​នឹង​សសរ​ស្តម្ភ​ដ៏​សំ​ខាន់​ៗ​ដទៃទៀត​ដែល​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​”​។​

    ​នៅ​លើ​ពិភពលោក​ ​បើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​មាន​បញ្ហា​ ​នោះ​វិ​ស័យ​ផ្សេង​ៗ​នឹង​មាន​បញ្ហា​ដែរ​។​ ​ដូច្នេះហើយ​ទើប​ការ​ពង្រឹង​សមត្ថភាព​របស់​ភ្នាក់ងារ​អចលនវត្ថុ​ជាផ្នែក​មួយ​ដ៏​ចាំបាច់​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​សមត្ថភាព​របស់​ភ្នាក់ងារ​យើង​នៅ​មានកម្រិត​នៅឡើយ​។​ ​ដូច្នេះ​សមាគម​ត្រូវតែ​ជួយ​បំពេញបន្ថែម​នៅ​ចំណុច​ខ្វះខាត​ទាំងនេះ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​អំពី​គន្លឹះ​ថ្មី​ៗ​សម្រាប់​ភ្នាក់ងារ​ ​និង​សមាជិក​នី​មួយ​ៗ​ជាបន្តបន្ទាប់​។​

    ​លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​មាន​គម្រោង​ចំនួន​ ​43,136​ ​ដែល​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ ​និង​ទុន​វិនិយោគ​ចំនួន​ ​43,370លាន​ដុល្លារ​ ​ដែល​ចំនួន​នេះ​ជា​ចំនួន​ដ៏​ធំ​ ​ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។​

    ​លោក​ឧកញ៉ា​បន្ត​ថា​ ​បើ​យើង​មើលទៅ​ឆ្នាំ2018យើង​ឃើញថា​ ​មានការ​ថយ​ចុះ​បន្តិច​ដែរ​ ​គឺ​ទុន​វិនិយោគ​មាន​ចំនួន​ ​5ពាន់​លាន​ដុល្លារ​អាមេរិក​ ​មានការ​ថយ​ចុះ18​%​ ​តែបើ​ប្រៀបធៀប​នឹង​ឆ្នាំ2017​ ​ដែល​មាន​រហូតដល់​ ​6ពាន់​លាន​ដុល្លារ​ ​តែ​ការ​ធ្លាក់ចុះ​នេះ​ ​មិនមែន​ដោយសារ​បញ្ហា​ដីធ្លី​ទេ​ ​គឺ​ដោយសារ​សំណង់​អ​គារ​ធំៗ​ដែល​យើង​មើលឃើញ​ ​បាន​បញ្ចប់​នៅ​ឆ្នាំ2018​ ​និង2019នេះ​។​

    ​ហើយ​នៅ​ឆ្នាំ2019​ ​នេះ​ដែរ​ ​តាម​ការ​ព្យាករ​ដោយ​ស្ថាប័ន​ធំៗ​ ​3​ ​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​និង​ធនាគារពិភពលោក​ ​(​WB​)​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ2019នេះ​ ​GDP​ ​ផ.ស.សរ​បស់​កម្ពុជា​នឹង​នៅតែ​រក្សា​បាន​ក្នុង​កម្រិត7​%​ដដែល​ ​បានន័យ​ថា​ ​បើផ.ស.សយើ​ងនៅ​រក្សា​បាន​នូវ​កំណើន​ដូច​ឆ្នាំ2018​ ​នោះ​គឺ​វិស័យ​ដីធ្លី​យើង​នឹង​ស្ថិតនៅ​ល្អ​ដដែល​ ​មិន​មាន​សញ្ញា​ណា​ថា​ ​វា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ2019នេះ​ទេ​ ​គឺ​នៅតែ​ដំណើរការ​ល្អ​ដដែល​។​

    ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នៅពេល​និយាយ​ពី​ការ​កើនឡើង​ ​ឬ​ថយ​ចុះ​វិស័យ​នេះ​ ​គេ​ត្រូវ​និយាយ​ពី​តម្រូវការ​ ​និង​ការ​ផ្គត់ផ្គង់​ ​តែបើ​និយាយ​ពី​តម្លៃ​ដី​វិញ​ ​បើ​ឡើងថ្លៃ​ខ្ពស់​ ​មិន​អាច​វិនិយោគ​ទៅ​បាន​ចំណេញ​ទេ​ ​វា​នឹង​ជាប់​គាំង​ ​ព្រោះ​អ្នកទិញ​ ​គឺ​ទិញ​ដើម្បី​វិនិយោគ​យកចំណេញ​ ​តែបើ​ទិញ​ហើយ​មិន​
    ​ចំណេញ​ ​គេ​មិន​ទិញ​ទេ​។​

    ​លោក​បន្ត​ថា​ ​ទាក់ទង​នឹង​ការ​ចេញផ្សាយ​របស់​ធនាគារពិភពលោក​ ​ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​កាលពី​ពេល​ថ្មី​ៗ​នោះ​ ​វា​ជា​ការត្រឹមត្រូវ​ ​គឺ​មាន​រយៈពេល​ ​10ឆ្នាំ​ដែល​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវតែ​គិតគូរ​ពី​បញ្ហា​ប្រឈម​។​ ​ព្រោះថា5​ ​ទៅ10ឆ្នាំខាងមុខ​ ​វិស័យ​នេះ​នៅតែ​រឹងមាំ​ ​តែ​សម្រាប់​រយៈពេល20ឆ្នាំទៅ​មុខ​ ​វា​នឹង​មាន​បញ្ហា​ប្រឈម​។​

    ​តែ​លោក​ ​សុខ​ ​នីម​ ​បាន​បញ្ជាក់​ថា​ ​វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​ ​ព្រោះ​បើ​ប្រទេស​មួយ​មាន​លុយ​បម្រុង​ច្រើន​ ​វា​អាច​ជួយស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​បាន​។​ ​តែបើ​ប្រទេស​មួយ​មាន​ទុនបម្រុង​តិច​ ​វា​ងាយ​មាន​ហានិភ័យ​ ​ព្រោះ​បើ​បញ្ហា​ជាស​កល​កើតមានឡើង​ ​ប្រទេស​នោះ​ងាយ​នឹង​រងគ្រោះ​។​

    ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ថា​ ​បើ​ពិនិត្យមើល​ស្ថានភាព​បំណុល​ ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ​ប៉ុន្តែ​ដោយសារ​ផលទុនជាតិ​សរុប​សម្រាប់​មនុស្សម្នាក់​នៅ​មានកម្រិត​ទាប​ ​កម្ពុជា​ក៏​មាន​ហានិភ័យ​ដែរ​។​ ​ដូច្នេះ​បើ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ផលទុន​ ​ឬ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្សម្នាក់​កើន​ខ្ពស់​ ​ហានិភ័យ​ក្នុង​វិស័យ​នេះ​ក៏​មានកម្រិត​ទាប​ដែរ​។​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​បន្ថែម​ថា​ ​ចំពោះ​បញ្ហា​ដែល​កើតមាន​ ​យើង​ត្រូវតែ​ខិតខំ​ទាំងអស់គ្នា​ដោយ​ខំធ្វើ​ម៉េច​ឱ្យ​ចំណេះ​របស់​យើង​ក្លាយជា​ជំនាញ​នោះ​ម្នា​ក់ៗ​នឹង​មាន​ជីវភាព​កាន់តែ​ល្អ​ ​និង​រួមចំណែក​ក្នុង​ការ​កសាង​ប្រទេសជាតិ​យើង​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ឯកឧត្តម​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ក៏បាន​ចេញ​សេចក្ដីប្រកាស​លើ​វិស័យ​អចលនទ្រព្យ​ថា​ ​នឹង​ពង្រឹង​លើ​វិស័យ​សំណង់​ ​និង​ការប្រើ​ប្រាស់​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​និរន្តរភាព​យូរអង្វែង​៕​

  • ប្រធាន​ថ្មី​របស់ CVEA រៀបចំយុទ្ធសាស្រ្តថ្មី ដោយចាប់ផ្តើមពីការកៀងគរសមាជិកបន្ថែម

    ប្រធាន​ថ្មី​របស់ CVEA រៀបចំយុទ្ធសាស្រ្តថ្មី ដោយចាប់ផ្តើមពីការកៀងគរសមាជិកបន្ថែម

    សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (Cambodian Valuers and Estate Agents Association ឬ CVEA) បាន​បើក​កិច្ចប្រជុំ​លើក​ទី1 ក្រោម​អធិបតីភាព​លោក​ប្រធាន​ថ្មី ច្រឹ​ក សុខ​នី​ម ដោយបាន​នាំយក​ផែនការ និង​ទិសដៅ​ដ៏​ទាក់ទាញ​ក្នុងការ​កៀងគរ​សមាជិក​បន្ថែម។

    ថ្លែង​ឱ្យដឹង​នាឱកាស​នេះ លោក សុខ​នី​ម បានបង្ហាញ​ពី​ជំហរ និង​ស្មារតី​ដ៏​មុតមាំ​ក្នុងការ​ដឹកនាំ សមាគម​អចលនទ្រព្យ​មួយ​នេះ​ឱ្យ​បោះជំហាន​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​ស្មើគ្នា​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រយោជន៍​ដល់​វិស័យនេះ ព្រមទាំង​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​ផងដែរ។ អ្វីដែល​ត្រូវធ្វើ​ដំបូង​បំផុត​គឺ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​ពេញលេញ និង​រឹងមាំ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

    ទាក់ទង​នឹង​កិច្ចការ​ដឹកនាំ​វិញ លោក សុខ​នី​ម បានបញ្ជាក់​ពី​ភារកិច្ច​អាទិភាព​ចំនួន2 ដែល​ត្រូវធ្វើ​នៅក្នុង​អាណត្តិ​របស់លោក ក្នុងនោះ​ទី1 គឺ​ការប្រឹក្សា​ផ្នែក​ច្បាប់​ដើម្បី​ធានា​ការពារ​ដល់​ផលប្រយោជន៍​របស់​សមា​ជិ​ក​ទាំងអស់ និង​ទី2 គឺ​ជំនួយ​បច្ចេកទេស​លើ​ការប្រឹក្សា​ផ្នែក​អាជីវកម្ម​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន ដែលជា​សមាជិក​កាន់តែ​មានការ​សហការ​គ្នា និង​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយគ្នា​ក្នុងទិសដៅ​តែមួយ។

    លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ “ការពង្រឹង​សមត្ថភាព​ជា​ផ្នែក​ដ៏​ចាំបាច់​មួយដោយ​លោក​បាន​បញ្ជាក់ថា សមត្ថភាព​អ្នកបច្ចេកទេស​ខាង​អចលនទ្រព្យ​នៅមានកម្រិត​នៅឡើយ។ ដូច្នេះ​សមាគម​ត្រូវតែ​ជួយ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​តាមរយៈ​ការផ្តល់ជូន​វគ្គ​បណ្តុះបណ្តាល​គន្លឹះថ្មីៗសម្រាប់​សមាជិកម្នាក់។ ក្រៅពីនេះ​ការប្រើប្រាស់​ធនធានមនុស្ស​ឱ្យ​ត្រូវ​សមត្ថភាព និង​ការ​ផ្តល់ឱកាស​ឱ្យ​បុគ្គល​ជំនាញ​អាច​ចូល​ជា​សមាជិកសមាគម​បាន គឺជា​ចំណុច​ត្រូវ​យកចិត្តទុកដាក់​មុនគេ‟។

    លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ឱ្យដឹង​អំពី​ទិសដៅ​បញ្ចុះតម្លៃ50% ក្នុងការ​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនវត្ថុ​ឱ្យចូល​ជា​សមាជិក​ CVEA បន្ថែមទៀត។ លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖“ខ្ញុំ​នឹង​បន្ត​កៀងគរ​សមាជិក​ឱ្យបាន​ច្រើនជាង 100ក្រុមហ៊ុន ព្រោះ​ឥឡូវ​តាម​កំណត់ត្រា​ចំនួន​តែ 100ជាង​បន្តិច គឺ​យើង​អាច​កៀងគរ​បាន ព្រោះ​ឥឡូវ​ក្រសួង​ថា មាន​ដល់​ទៅ 250ក្រុមហ៊ុន​ឯណោះ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ដូចនេះ​ខ្ញុំ​កៀងគរ​ឱ្យ​គាត់​ចូល​តាមរយៈ​គោលនយោបាយ​បញ្ចុះតម្លៃ‟។

    សម្រាប់​ទិសដៅ​កៀងគរ​នេះ​ទៀតសោត លោក ច្រឹ​ក សុខ​នី​ម បាន​ប្តេជ្ញា​ក្នុងការ​បង្កើន​ចំនួន​សមាជិក​ឱ្យ​កាន់តែច្រើន​ដោយ​លោក​បាន​បញ្ជាក់ថា លោក​នឹងធ្វើ​ការកៀងគរ​បន្ថែម​ដើម្បីឱ្យ​សមាគម ​CVEA កើនឡើ់ង​យ៉ាង​ទាប​បំផុត 120ក្រុមហ៊ុន។

    នៅមាន​កិច្ចការ​មួយចំនួនទៀត​ដែរ ដែល​បាន​លើក​យកមក​ពិភាក្សា គឺ​ការខ្វះខាត​ក្នុង​ប្រើប្រាស់​ព័ត៌មាន​ទិន្នន័យ​ក្បាលដី និង​យន្តការ​ក្នុងការ​ស្នើសុំ​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​មតិយោបល់​ពី​សមាជិកសមាគម។

    លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ស្រប​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន និង​ប្រឈម​បញ្ហា​មួយចំនួន អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា ទីផ្សារ​នេះ​នៅតែ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៅមុខទៀត។

    លោក​បន្តថា៖ “5 ទៅ10ឆ្នាំ​ខាងមុខ វិស័យនេះ​នៅតែ​រឹងមាំ តែ20ឆ្នាំ​ទៅមុខ​នោះ វា​អាច​នឹងមាន​បញ្ហា​ប្រឈម តែ​បញ្ហា​កើតឡើង ឬ​អត់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​នោះ ព្រោះ​បើ​ប្រទេស​ហ្នឹង​មាន​លុយ​បម្រុង​ច្រើន វា​អាចជួយ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នោះបាន‟។ លោក​បន្តថា៖“បើ​ប្រទេសមួយ​មាន​ទុនបម្រុង​តិច វា​ងាយ​មាន​ហានិភ័យ​ណាស់ ព្រោះ​បើ​បញ្ហា​សកល​កើតមានឡើង ប្រទេស​នោះ​នឹង​ងាយ​រងគ្រោះ‟។

    សូមបញ្ជាក់ថា លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​របស់​ក្រុមហ៊ុន Century 21 Mekong ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ (CVEA) អាណត្តិ​ថ្មី ដែលមាន​រយៈពេល 2ឆ្នាំ​បន្តទៀត​គិតពី​ឆ្នាំ2019 ដល់​ឆ្នាំ2020៕