Tag: Cristiano Ronaldo

  • ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    (អា​រ៉ា​ប៊ី​សា​អូឌីត) – កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបាន​មួយ​គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ នៅក្នុង​ការប្រកួត​ដែល Al Nassr ឈ្នះ Al Shorta ដោយ​លទ្ធផល 1-0 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ Arab Club Champions Cup។

    ក្រោយ​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត ក្រុម​កីឡាករ​របស់ Al Nassr រត់​មក​ឱប​គ្នា ហើយ​ពួកគេ​បានសម្ដែង​ការ​​ត្រេកអរ​ខ្លាំង​ចំពោះ​អ្នកចាំទី Alaqidi ដែល​​ជួយសង្គ្រោះ​បាន​មួយ​គ្រាប់​នៅ​ចុងការ​ប្រកួត។

    ក្រោយ​ការប្រកួត​នេះ Al Nassr មាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ត្រូវ​​ប៉ះ Al Hilal ឬ Al Shabab ក្នុង​ថ្ងៃទី 12 សីហា​ខាងមុខ។

    https://www.youtube.com/watch?v=Gj2kE-a85iU

    Ronaldo សុទ្ធតែ​រក​បាន​គ្រាប់​បាល់​ឈ្នះ​​ក្នុង​បួន​ប្រកួត​បន្តបន្ទាប់ នាំឱ្យ​គាត់​ហក់​ឡើងទៅ​កំពូល​តារាង​ចំណាត់ថ្នាក់ «ស្ដេច​កម្ទេច​ទី» ដែល​នៅ​ពីលើ Karim Benzema។

    Arab Club Champions Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​បណ្ដា​ក្លឹប​នៅ​ក្នុង​សហគមន៍​​អារ៉ាប់​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។ ពានរង្វាន់​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មាន​ក្រុមបាល់ទាត់​ចំនួន 16 ចូលរួម៕

  • Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ ¼ នៅ Arab Champions Cup

    Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ ¼ នៅ Arab Champions Cup

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ការ​ទាត់​ចូល​ទី​ដែល​ស្ទើរ​តែ​​យឺត​ពេល​​របស់ Cristiano Ronaldo បាន​ជួយ​ឱ្យ Al Nassr មាន​លទ្ធផល​ស្មើ 1-1 ជាមួយនឹង Zamalek និង​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ Arab Club Champions Cup 2023។

    ក្លឹប Al Nassr មាន​ហានិភ័យ​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​រហូតដល់​នាទី​ទី 87 នៅពេល​ខ្សែការពារ Ghislain Konan គ្រប់គ្រង​បាន​បាល់​នៅ​ស្លាប​ខាងឆ្វេង រួច​បញ្ជូនទៅឱ្យ Ronaldo តែ​ត​បញ្ចូល​ទី​ពី​ចម្ងាយ​ជិត 10 ម៉ែត្រ។ តួលេខ 1-1 នៅពេលនោះ​គឺ​គ្រប់គ្រាន់​អាចឱ្យ Al Nassr ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ប៉ុន្តែ CR7 នៅតែ​ប្រញាប់​​ឱប​បាល់​ទៅកាន់​តំបន់​កណ្ដាល​ដើម្បី​មានឱកាស​រកបាន​គ្រាប់​បាល់​បន្ថែមទៀត។ បើ​ទោះ​មិនអាច​សម្រេចបាន​ប្រការ​នោះ ប៉ុន្តែ Ronaldo និង​មិត្ត​រួម​ក្រុម​នៅតែមាន​សិទ្ធិ​ឡើងទៅ​ប្រកួត​នៅ​វគ្គ ¼ ដោយ​គ្រប់គ្រង​ចំណាត់ថ្នាក់​លេខ​ពីរ​នៅ​ពូ​ល C។

    Arab Club Champions Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​បណ្ដា​ក្លឹប​ក្នុង​តំបន់​អារ៉ាប់ នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។ Al Nassr ចូលរួម​ប្រកួត​នៅ​រដូវ​កាល​នេះ​គឺ​ឆ្លើយតប​នឹង​ការអញ្ជើញ​ពី​​សហព័ន្ធ​​​បាល់ទាត់​អារ៉ាប់ ដោយ​មិនបាច់ត្រូវ​​ទាត់​ក្នុង​វគ្គ​ជម្រុះ។ ការប្រកួត​នៅ​ពានរង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី 27 កក្កដា ដល់ 12 សីហា 2023 ដោយមាន 16 ក្រុម​ចូលរួម និង​ចែកជា 4 ពូ​ល ក្នុងនោះ មួយ​ពូលៗមាន 4 ក្រុម ហើយ​ជ្រើស​យក 2 ក្រុម​ដែល​ឈរលើគេ​ក្នុង​ពូល​នីមួយៗ ទៅ​ប្រកួត​នៅ​វគ្គ ¼។

    ក្រោយ 4 ប្រកួត ក្លឹប Al Nassr បានឈ្នះ​មួយ ស្មើ​ពីរ និង​រកបាន 5 ពិន្ទុ ហើយ​ឈរ​លំដាប់​ទី​ពីរ​នៅ​ពូ​ល C បន្ទាប់ពី​ក្លឹប Al Shabab។ ក្លឹប Zamalek មកពី​ប្រទេស​អេ​ហ្ស៊ី​ប ជាប់​លេខ 3 នៅ​ពូល C ដោយមាន 4 ពិន្ទុ ហើយក៏​ត្រូវបាន​ជម្រុះ។ ក្នុង 8 ក្រុម​នៅ​វគ្គ ¼ មាន​តំណាង​ដល់​ទៅ 4 មកពី​អា​រ៉ា​ប៊ី​សា​អូឌីត រួមមាន Al Nassr, Al Shabab, Al Hilal និង Al Ittihad។ Ronaldo និង​មិត្ត​រួម​ក្រុម​នឹងត្រូវ​ជួប CLB Raja (ម៉ូ​ណា​កូ) នៅ​វគ្គ ¼ នា​​ថ្ងៃទី 06 សីហា​ខាងមុខ​។

    នៅ​ពានរង្វាន់​ខាងលើ Ronaldo រកបាន 2 គ្រាប់ បង្កើតបាន​កំណត់ត្រា​ពិភពលោក 840 គ្រាប់ និង​ឈរ​លំដាប់​ទី​ពីរ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​សម្រាប់​តំណែង​កីឡាករ​ទាត់​ចូល​ទី​បាន​ច្រើនជាងគេ។ អ្នក​នាំមុខគេ​នៅក្នុង​ការ​ប្រជែង​យក​តំណែង​នេះ គឺ​កីឡាករ Karim Benzema ដោយសារ​រកបាន 3 គ្រាប់​ឱ្យ Al Ittihad៕

    https://www.youtube.com/watch?v=bbIHNb9tbVA

  • Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

    ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។

    ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។

    កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង «កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ World Cup ច្រើនជាងគេ​ក្នុងតួនាទី​ជា​ប្រធាន​ក្រុម» ដោយ​រកបាន 7 គ្រាប់។ កំណត់ត្រា​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​សាង​ឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​ថ្ងៃទី 18 ធ្នូ 2022 ពេលដែល Messi រកបាន​ពីរ​គ្រាប់ ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក។

    នៅ World Cup 2022 Messi ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត​ពី Guinness នោះ​គឺ «កីឡាករ​ដំបូង​គេ​ដែល​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​នៅ World Cup ចំនួន 5 រដូវ​កាល។

    ចំណែក Ronaldo វិញ កំណត់ត្រា​ថ្មី​បំផុត​ដែល​បានទទួល​ពី Guinness គឺ «បុគ្គល​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​នៅលើ Instagram» ដោយមាន​អ្នកតាមដាន​ជាង 565 លាន​នាក់ គិត​ត្រឹម​ថ្ងៃទី 24 មីនា 2023។ នៅថ្ងៃនោះ Ronaldo ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត គឺ «បុរស​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​លើ Instagram»។ បច្ចុប្បន្ន ចំនួន​គណនី​ដែល​តាមដាន Ronaldo នៅលើ Instagram បាន​កើន​ឡើងដល់​ជាង 598 លាន​នាក់។

    Ronaldo ក៏​ធ្លាប់​បង្ហោះ​រូបថត​ស្ដីពី​កំណត់ត្រា Guinness មួយ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម ពេល CR7 យកឈ្នះ​លើ Ali Daei ដោយបាន​ក្លាយជា​កីឡាករ​ដែល​ទាត់​ចូល​ទី​បាន​ច្រើន​គ្រាប់​​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​។ Ronaldo រកបាន 123 គ្រាប់ នៅក្នុង 200 ប្រកួត​ដែល​បាន​ទាត់​ឱ្យ​ព័រទុយហ្កាល់៕

  • កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

    កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

    គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។

    Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។

    មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ 1985 បាន​ស៊ុត​ចូល​ទី​នៅ​នាទី​ទី 80 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្មោះ​អ៊ីរ៉ង់ 2-0 នៅ​វគ្គ​ចែក​ពូ​ល។ Ronaldo មាន​អាយុ 21 ឆ្នាំ និង 132 ថ្ងៃ ក្នុង​គ្រា​ដែល​គាត់​ទាត់​ចូល​ទី​នៅក្នុង​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ World Cup។

    Nazareth ដែលមាន​ឈ្មោះ​ពេញ​ថា Francisca Ramos Ribeiro Nazareth Sousa កំពុង​ទាត់​ឱ្យ​ក្លឹប Benfica។ នាង​បាន​បង្ហាញខ្លួន​ក្នុង​ក្លឹប​នេះ​តាំងពី​អាយុ 16 ឆ្នាំ និង​ចុះកិច្ចសន្យា​ដំបូង​កាលពី​ឆ្នាំ 2020 ក្នុង​វ័យ 17 ឆ្នាំ។ ខែមីនា ឆ្នាំ 2020 Nazareth បាន​ទាត់​ក្នុងការ​ប្រកួត​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ នាង​រកបាន​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅ​ថ្ងៃទី 22 មិថុនា 2022 ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ក្រិ​ក៕

  • ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

    ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

    (សហរដ្ឋ​អាម៉េរិក) – ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Lionel Messi នៅ​ក្លឹប Inter Miami បើកទ្វារ​សម្រាប់តែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ខណៈ​សាធារណជន​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ឡើយ។

    កាលពី​ថ្ងៃទី 18 កក្កដា មួយថ្ងៃ​កន្លះ​បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន DRV PNK កំពូល​តារាបាល់ទាត់ Messi និង Sergio Busquets ក៏បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ជាមួយនឹង​សមាជិក​ក្រុម​ថ្មី។ ក្នុងពេល​ហាត់ ក្លឹប​នេះ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប និង​ថត​វីដេអូ និងមិន​បើក​ទ្វារ​សម្រាប់​សាធារណជន​ទូទៅ​ឡើយ។ ប្រការ​នេះ​គឺ​ផ្ទុយ​ពី​ការទទួល​ស្វាគមន៍​អ្នកគាំទ្រ​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Cristiano Ronaldo នៅឯ​ក្លឹប Al Nassr។

    ការហ្វឹកហាត់​បានចាប់ផ្ដើម​ពី​ម៉ោង 9 ព្រឹក ដែលមាន​សីតុណ្ហភាព​ប្រហែល 30 អង្សា​សេ។ គ្រូបង្វឹក Tata Martino និង​មិត្ត​រួម​ក្រុម​បានទទួល​ស្វាគមន៍​សមាជិក​ថ្មី ដោយ​ការ​ឱប និង​គោះ​ដៃ​គ្នា។ គ្រូបង្វឹក Tata Martino ក៏​ធ្លាប់បាន​ដឹកនាំ Messi និង Busquets នៅឯ​ក្លឹប Barca។

    អតីត​តារាបាល់ទាត់ David Beckham ដែលជា​ប្រធាន និង​ជា​សហ​ស្ថាបនិក​របស់​ក្លឹប Inter Miami ក៏មាន​វត្តមាន​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Messi។

    ក្លឹប Inter Miami បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចូល​បញ្ចូល Messi និង Busquets បន្ទាប់ពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្រៅពី Messi និង Busquets ក្លឹប Inter Miami ក៏​គ្រោង​នឹង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​មួយរូប​ទៀត​នៅថ្ងៃនេះ នោះ​គឺ Jordi Alba។ ខ្សែការពារ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏​ចូល​ជា​សមាជិក​ក្លឹប Inter Miami តាម​ទម្រង់​សេរី។

  • Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    (ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។

    «Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។

    Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។

    Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ជាដើម ទន្ទឹមនឹង​វត្តមាន​របស់​គ្រូបង្វឹក​ល្បីឈ្មោះ​ជាច្រើនរូប​ផងដែរ។ សកម្មភាព​ទាំងនេះ​បាន និង​កំពុង​ជួយ​លើកកម្ពស់​លំដាប់​របស់​ពានរង្វាន់ Saudi Pro League នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

    ក៏ប៉ុន្តែ ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត (Al Hilal) មិនអាច​បញ្ចុះបញ្ចូល Messi ឱ្យមក​កាន់​ប្រទេស​នេះ​បាន ក្រោយពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង។ កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន បានសម្រេច​ចិត្ត​ជ្រើស​យក​ក្លឹប Inter Miami និង​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ម្សិលមិញ៕

  • អ្នកចាំទី​របស់​អា​ហ្ស​ង់​ទីន៖ «នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​ថ្ងៃ​អនាគត»

    អ្នកចាំទី​របស់​អា​ហ្ស​ង់​ទីន៖ «នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​ថ្ងៃ​អនាគត»

    យោងតាម​អ្នកចាំទី Emiliano Martinez កំពូល​តារាបាល់ទាត់ Lionel Messi នឹង​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់ Copa America 2024 ហើយ​អាច​បាន​ទាំង World Cup 2026 ទៀតផង។

    Messi ត្រូវបាន​គេ​ជឿថា នឹង​ទទួលបាន​គ្រាប់​បាល់​មាស​ទី 8 នៅក្នុង​អាជីព ពេលដែល​ពានរង្វាន់​នេះ​នឹងត្រូវ​បានប្រគល់​នៅ​ថ្ងៃទី 30 តុលា 2023។ ថ្វី​ជើងល្អ​បំផុត​របស់ Messi នៅក្នុង​រដូវ​កាល​មុន​គឺ ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​បាល់ទាត់​ពិភពលោក 2022 ជាមួយនឹង​អា​ហ្ស​ង់​ទីន ជាទី​ដែល Martinez ក៏​ទទួលបាន​ពាន​ស្រោមដៃ​មាស។ Messi ធ្លាប់បាន​និយាយថា ការប្រកួត​ធំជាងគេ​នៅ​កាតា​នឹង​ជា World Cup ចុងក្រោយ​ក្នុង​អាជីព​របស់គាត់។ ប៉ុន្តែ ប្រជាជន​អា​ហ្ស​ង់​ទីន​នៅតែ​សង្ឃឹមថា M10 នឹងចូលរួម​ទាត់​នៅ World Cup 2026 ក្នុង​វ័យ 39 ឆ្នាំ។

    «Messi គឺជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​នៅ​គ្រប់​សម័យកាល​។ គាត់​មាន​ជំនាញ​ពិសេស​ដែល​កីឡាករ​ដទៃទៀត​ពុំមាន។ នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​អនាគត។ ពួកយើង​នឹង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​នៅ Copa America នៅ​ឆ្នាំក្រោយ ហើយក៏​សង្ឃឹមថានឹង​បាន​ទាំង World Cup 2026» Martinez និយាយ​ដូច្នេះ។

    យោងតាម Whoscored សមិទ្ធផល​ជា​បុគ្គល​របស់ Messi តែងតែ​លេចធ្លោ។ គាត់​បាន​លេង​ចំនួន 332 ប្រកួត​នៅ​ពានរង្វាន់​ចំនួន​ប្រាំ​នៅ​អឺរ៉ុប ក្នុងអំឡុង 10 ឆ្នាំ​កន្លង ក្នុងនោះ M10 ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ការប្រកួត​ចំនួន 169 លើក។ អ្នក​ឈរ​លំដាប់​ទី​ពីរ​គឺ Cristiano Ronaldo ដោយ​ទទួលបាន 80 លើក។

    ក្នុង​អាជីព Messi ​ចូលរួម​លេង​បាន 1,028 ប្រកួត រកបាន 807 គ្រាប់ និង​បង្កើត​ឱកាស​បាន 357 គ្រាប់។ ជា​មធ្យម​ក្នុង​មួយ​ប្រកួត Messi រកបាន ឬ​បង្កើត​ឱកាស​បាន 1.13 គ្រាប់។ M10 នៅមាន​កំណត់ត្រា​មួយចំនួន​កំពុង​រង់ចាំ​គាត់​បំបែក ក្នុងនោះ​មានដូចជា ចំនួន​គ្រាប់​បាល់​ឈ្នះ​សរុប និង​គ្រាប់​បាល់​ដែល​រកបាន​ជូន​ជាតិ។ Ronaldo កំពុង​កាន់កាប់​កំណត់ត្រា​ទាំងពីរ​នេះ ដោយ​រកបាន 838 គ្រាប់​ក្នុង​អាជីព និង 123 គ្រាប់​សម្រាប់​ព័រទុយហ្កាល់។

    បច្ចុប្បន្ន Messi កំពុង​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami បន្ទាប់ពី​សម្រេច​ចិត្ត​មក​ទាត់​ក្នុង​ទម្រង់​សេរី។ Messi នឹងមាន​ការប្រកួត​ដំបូង​ឱ្យ​ក្លឹប​នេះ​នៅ​ពាក់កណ្ដាល​ខែកក្កដា 2023៕

  • ម្ចាស់​កំណត់ត្រា Ronaldo ពេញចិត្ត​ពេល​ទាត់​ចូល​ទី​ក្នុង​ការប្រកួត​លើក​ទី 200 ឱ្យ​ព័រទុយហ្កាល់

    ម្ចាស់​កំណត់ត្រា Ronaldo ពេញចិត្ត​ពេល​ទាត់​ចូល​ទី​ក្នុង​ការប្រកួត​លើក​ទី 200 ឱ្យ​ព័រទុយហ្កាល់

    (អៀឡង់) – ខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យដឹងថា លោក​ឆ្លងកាត់​ថ្ងៃ​ប្រកួត​ពិសេស នៅពេល​បាន​ទាត់​ចូល​ទីមួយ​គ្រប់ ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់​នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2023 ដែលនេះ​ក៏​ជា​ការប្រកួត​លើក​ទី 200 របស់ CR7 សម្រាប់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​។

    មុនពេល​បាល់​ចាប់ផ្ដើម​រមៀល Ronaldo ត្រូវបាន​ស្ថាប័ន Guinness ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ថា​ជា​កីឡាករ​ដែល​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​ប្រកួត​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ CR7 បាន​បំបែក​កំណត់ត្រា​ចាស់ 196 ប្រកួត​របស់ Bader Al-Mutawa មក​ពី​ប្រទេស​​កូ​វ៉ែត។ ទស្សនិកជន​នៅឯ​កីឡដ្ឋាន Laugardalsvollur របស់​​អៀឡង់ ក៏​នាំគ្នា​ក្រោកឈរ​ទះដៃ​អបអរសាទរ​​ជូន​ចំពោះ​កីឡាករ​វ័យ 38 ឆ្នាំ​រូបនេះ​ផងដែរ។

    Guinness ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ថា​ Ronaldo ជា​កីឡាករ​ដែល​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​ប្រកួត​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្

    ក្នុង​ថ្ងៃ​នោះដែរ ការសប្បាយរីករាយរ​បស់ Ronaldo ក៏​ត្រូវបាន​បំពេញបន្ថែម នៅពេល​គាត់​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ទាត់​ចូល​ទីមួយ​គ្រាប់​នៅ​នាទី​ទី 89 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់ 1-0 នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2024 ដែលជា​ការប្រកួត​លើក​ទី 200 របស់ CR7 សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​។

    Ronaldo ទាត់​ចូល​ទីមួយ​គ្រាប់​នៅ​នាទី​ទី 89 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់ 1-0 នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2024

    នៅក្នុង​ការជួបជុំ​បន្ទាប់​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ Ronaldo និង​មិត្ត​រួម​ក្រុម​នឹងត្រូវ​ធ្វើជា​ភ្ញៀវ​របស់​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី 08 កញ្ញា រួច​ត្រឡប់​ទៅកាន់​ទីលាន​ម្ចាស់ផ្ទះ Algarve ដើម្បី​ទទួល​ក្រុម​លុច​សំបួ​នៅ​បី​ថ្ងៃ​ក្រោយមក៕

  • កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​កីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់​អំពី​អនាគត​ទាក់ទិន​នឹង​រឿង​ចាក​ចេញពី​ក្លឹប​នៅ​តំបន់​អារ៉ាប់ ទៅកាន់​តំបន់​អឺរ៉ុប។

    ក្នុង​សប្ដាហ៍​នេះ ទំព័រ El Nacional បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​តែ​គោរព​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ខ្លួន និង​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា CR7 អាច​នឹង​វិល​ទៅ​​ទាត់​ឱ្យ​ក្លឹប​​នៅ​អឺរ៉ុបឆាប់ៗនេះ។​​​

    ទំព័រសារព័ត៌មាន​ខា​ង​លើ​បន្ថែមថា Cristiano Ronaldo បាន​បញ្ជាក់ដែរថា នឹងមិន​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​អឺរ៉ុប​ឡើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។

    បច្ចុប្បន្ន Cristiano Ronaldo ទទួលបាន​ប្រាក់ 3.3 លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Al Nassr នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 428 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ពីរ​រដូវ​កាល។

  • រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់​ពានរង្វាន់ Saudi Pro League ក្នុង​រដូវ​កាល 2022-2023 បើ​ទោះ​ទាត់​បញ្ចូល​ទី​បាន 14 គ្រាប់​ឱ្យ Al-Nassr។

    Ronaldo មក​ទាត់​ឱ្យ​ក្លឹប Al-Nassr កាលពី​ខែមករា​ឆ្នាំនេះ តែ​មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​បំផុត​​នៅ​​ពានរង្វាន់​លំដាប់​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នា​រដូវ​កាល 2022-2023។ ជំនួស​មកវិញ កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Odion Ighalo របស់​ក្លឹប Al-Hilal ក្រោយពី​រកបាន 19 គ្រាប់​នៅក្នុង 27 ប្រកួត រួម​នឹង​កីឡាករ​ដទៃ​ទៀត​។

    ក្លឹប Al-Nassr អូសទាញ​បាន CR7 ក្រៅ​ពី​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Manchester United។ បន្ទាប់មក Ronaldo បាន​ចូលរួម​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​បាន 16 ប្រកួត និង​រកបាន 14 គ្រាប់។ ប៉ុន្តែ ទោះ​ជាមាន​វត្តមាន​រប​ស់ CR7 ក្លឹប​នៅ​រាជធានី​រី​យ៉ា​ដ នៅតែ​មិនអាច​ដណ្ដើមបាន​តំណែង​ជើងឯក ដោយបាន​ត្រឹមតែ​លេខ​ពីរ​បន្ទាប់ពី Al-Ittihad។

    បើ​សិន​ជា​​គិត​រក​មធ្យម​ភាគ​នៃ​ចំនួន​គ្រាប់​បាល់​ដែល​ Odion Ighalo និង​ Cristiano Ronaldo រក​បាន​នៅ​ក្នុង​មួយ​ប្រកួត​ ​ឃើញ​ថា Ighalo រក​បាន​​ 0.703 គ្រាប់​​/ប្រកួត តិច​ជាង​ 0.172 គ្រាប់​/​ប្រកួត​ ​ធៀប​នឹង​ 0.875 គ្រាប់​​/​ប្រកួត​​របស់​ CR7។

    ការដែល​ម្ចាស់​គ្រាប់​បាល់​មាស 5 គ្រាប់​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់ Saudi Pro League បានធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​មិន​សប្បាយចិត្ត។

    កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ Saudi Pro League រដូវកាល​ 2022-2023

    Ronaldo ប្រាកដជា​នឹង​ស្ដារ​សមិទ្ធផល​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ និង​អាចជួយ​ឱ្យ Al-Nassr លើក​ពាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេ​នឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់ Al-Ittihad ជាថ្មី ដោយនៅ​ទីនោះ​នឹងមាន​វត្តមាន​របស់ Karim Benzema និង Kante ផងដែរ៕