Tag: covid-19

  • Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 19 មករា

    Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 19 មករា

    ក្នុង​ថ្ងៃទី 19 មករា បណ្ដា​ប្រទេស​នៅក្នុង​តំបន់ ASEAN បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ជាង 16,000 ​នាក់ ខណៈ​តួលេខ​អ្នកស្លាប់​ថ្មី​កើន​លើសពី 300 នាក់។

    យោងតាម​ស្ថិតិ​របស់​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23 និង 59 នាទី ថ្ងៃទី 19 មករា បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,806,077 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 40,310 នាក់ និង​អ្នកជា​សះស្បើយ 1,534,045 នាក់។

    ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន 4 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ី​មាន​ដល់​ទៅ​ជាង 300 ករណី។ ជាមួយនឹង​ករណី​ឆ្លង​ថ្មី​ជាង 10,000 នាក់ ប្រទេស​ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​នៅក្នុង​តំបន់។

    ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​បន្ទាប់ពី​ឥណ្ឌូនេស៊ី ដោយមាន​ករណី​ឆ្លង​សរុប 165,371 នាក់ ក្នុងនោះ​មាន​ករណី​ថ្មី​ជាង 3,600 នាក់ ក្នុង​ថ្ងៃទី 19 មករា។ ហ្វីលីពីន រកឃើញ​ករណី​ថ្មី​ចំនួន 1,357 នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 504,084 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 9,978 នាក់។ ប្រទេស​ថៃ​ទើប​រកឃើញ​ករណី​ថ្មី 171 នាក់។ ចំណែក​ប្រ៊ុយណេ ទី​ម័​រ​ខាងកើត និង​ឡាវ ពុំមាន​ករណី​វិជ្ជមាន​ថ្មី៕

  • វៀតណាម​អះអាងថា «វ៉ាក់សាំង Covid-19 របស់ខ្លួន បង្កើត​អង់​ទី​ក័​រ​ច្រើនជាង 20ដង ធៀប​នឹងអ្នក​មិន​បាន​ចាក់»

    វៀតណាម​អះអាងថា «វ៉ាក់សាំង Covid-19 របស់ខ្លួន បង្កើត​អង់​ទី​ក័​រ​ច្រើនជាង 20ដង ធៀប​នឹងអ្នក​មិន​បាន​ចាក់»

    ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 កម្រិត​នៃ​ការ​ទប់​ទល់នឹង​ការឆ្លង​វីរុស​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​វា​បង្កើត​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង ទៅ 20 ដង បើ​ធៀប​នឹង​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​​នេះ។

    អនុប្រធាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​វៀតណាម លោក Ho Anh Son កាលពី​ថ្ងៃទី 14 មករា ឱ្យដឹង​ថា យោងតាម​ការស្រាវជ្រាវថ្មីៗនេះ កម្រិត​នៃ​ការឆ្លើយតប​របស់​អង្គ​ប​ដិ​ប្រាណ​នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង បើ​ធៀប​នឹង​មនុស្ស​ធម្មតា។ ជាង​នេះ ក៏មាន​អ្នកស្ម័គ្រចិត្ត​ខ្លះ​កកើត​អង់​ទី​ក័​រ​ច្រើនជាង 20 ដង​ក៏មាន។

    លោក Son បញ្ជាក់ថា ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 លើក​ទី​ពីរ បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​របស់​អ្នកស្ម័គ្រចិត្ត​នឹង​កើនឡើង​ខ្ពស់ និង​រក្សា​កម្រិត​នេះ​បានយូរ​អង្វែង។ ដូច្នេះ ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​លើក​ទី​ពីរ​ក្នុង​ថ្ងៃទី 14 មករា នឹង​ត្រូវបាន​តាមដាន​ក្នុង​រយៈពេល 6 ខែ ដើម្បី​ឱ្យដឹងថា សមត្ថភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​នេះ​អាច​បន្លាយពេល​យូរ​ប៉ុនណា។ ក្រោយ​រយៈពេល​មួយឆ្នាំ ក្រុម​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​វាយតម្លៃ​លើ​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ក្នុង​រាងកាយ ដើម្បីឱ្យ​​អ្នក​ស្រាវ​ជ្រាវ​​កំណត់​​បរិមាណ​វ៉ាក់សាំង និង​ផែនការ​ចម្រាញ់​ជ្រើសរើស។

    អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាវៀតណាម លោក Ho Anh Son

    ប៉ុន្តែ មកដល់​បច្ចុប្បន្ន មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​អាច​កំណត់​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​នៅ​ឡើយ​។ ក្រោយ​ចូលឆ្នាំ​ចិន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​វៀតណាម​នឹងមាន​គម្រោង​ពិសោធ​វ៉ាក់សាំង Covid-19 ឈ្មោះ Nanocovax នេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ ដែល​គ្រោង​នឹង​ចាក់​ពីរ​ម្ជុល​ក្នុង​មួយ​ដូ​ស។

    Nanocovax គឺជា​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ដំបូង​របស់​វៀតណាម ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ជីវ​បច្ចេកវិទ្យា Nanogen។ វ៉ាក់សាំង​នេះ​ត្រូវការ​សីតុណ្ហភាព​ចាប់ពី 2 អង្សា​សេ ដល់ -8 អង្សា​សេ ដើម្បី​រក្សា​គុណភាព​បានល្អ។

    កាលពី​ព្រឹក​ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2020 វ៉ាក់សាំង Covid-19 មួយ​ម្ជុល​ដំបូង​របស់​វៀតណាម ត្រូវបាន​ចាក់ឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 3 នាក់ ក្នុងចំណោម​ជាង 200 នាក់​ដែល​បាន​ចុះឈ្មោះ។ គិត​មកដល់​បច្ចុប្បន្ន ការពិសោធ​វ៉ាក់សាំង Nanocovax លើ​មនុស្ស​ដំណាក់កាល​ដំបូង​នេះ សម្រេចបាន 50% ហើយ​តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2021។ ក្រសួងសុខាភិបាល​នឹងធ្វើ​ការវាយតម្លៃ នៅ​មុនពេល​អនុញ្ញាតឱ្យ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​ពីរ ដោយមាន​អ្នកស្ម័គ្រចិត្ត​ចំនួន 560 នាក់៕

    ប្រភព៖ CB

  • រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង Covid-19 កាលពី​ជាង 4 ខែ​មុន។

    សារព័ត៌មាន Sputnik បានឱ្យដឹងថា លទ្ធផល​នៃ​​​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​នៅ​ដើមខែ​មករា​នៅលើ​ទំព័រ virological.org បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Skolkovo រួម​នឹង​​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pavlov First State ប្រចាំ St.Petersburg វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​ផ្ដាសាយ Smorodintsev និង​​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង St.Petersburg បានឱ្យដឹងថា៖ «យើង​បាន​កត់ត្រា​ការវិភាគ​ហ្សែ​ន​នៃ​វីរុស SARS-CoV-2 (Covid-19) ពី​អ្នកជំងឺ Covid-19 ម្នាក់​ដែលមាន​ជំងឺមហារីក។ ប្រព័ន្ធ​ហ្សែ​ន​បានបង្ហាញ​អំពី​ការកើនឡើង​ដោយ​ឯកឯង​របស់​វីរុស​ក្លាយ​ពូជ​ថ្មី​ចំនួន 18 ប្រភេទ នៅក្នុង​រយៈពេល​ជាង 4 ខែ​នៃ​ការឆ្លង​វីរុស​ Covid-19។ ពួកវា​រួមមាន​បណ្ដា​ប្រភេទ​វីរុស​ក្លាយ​ពូជក្នុង​​ក្រុម S ៖ Y453F និង Δ69-70HV ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សម្បុក​វីរុស​ដែលមាន​ទាក់​ទាក់ទង​នឹង​សត្វ​កញ្ជ្រោង»។

    វីរុស​ក្លាយ​ពូជ​នានា​ដែល​បាន​រីកចម្រើន​នៅលើ​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​វ័យ​ 47 ឆ្នាំ​ខាងលើ ត្រូវបាន​គេ​ហៅថា អ្នកជំងឺ S។ អ្នកជំងឺ​នេះ ទំនងជា​បាន​ឆ្លង​វីរុស​នៅពេល​កំពុង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ។ «អ្នកជំងឺ​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់ ជា​អ្នកជំងឺ​ប្រភេទ A ដែល​​បាន​ស្លាប់​ដោយសារ​បាន​ឆ្លង Covid-19» នេះ​បើតាម​កំណត់ត្រា​នៃ​របាយការណ៍​ស្រាវជ្រាវ។

    ថ្ងៃទី 17 មេសា 2020 អ្នកជំងឺ S បាន​ចេញពី​មន្ទីរពេទ្យ។ ថ្ងៃទី 30 មេសា 2020 អ្នកជំងឺ​នេះ​វិជ្ជមាន​នឹង Covid-19។

    ការស្រាវជ្រាវ​បន្ត​ឱ្យដឹងថា៖ «លទ្ធផល​នៃ​ការធ្វើ​តេស្ត​ក្នុង​ថ្ងៃទី 14ឧសភា 19ឧសភា 9មិថុនា និង​ថ្ងៃទី 14 កក្កដា សុទ្ធតែ​បង្ហាញថា អវិជ្ជមាន​នឹង Covid-19។ ប៉ុន្តែ​អ្នកជំងឺ S នេះ មាន​អាការ​នៃ​ជំងឺ Covid-19 យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី 25 ឧសភា ដល់​ថ្ងៃទី 21 សីហា។ បន្ទាប់មក​ អ្នកជំងឺ​នេះ​ក៏​វិជ្ជមាន​ជាថ្មី​នៅ​ថ្ងៃទី 3សីហា 8សីហា 17សីហា និង 20សីហា។ ចុងក្រោយ អ្នកជំងឺ​នេះ​ក៏​អវិជ្ជមាន​នៅក្នុង​ថ្ងៃទី 12កញ្ញា 2020 និង​ថ្ងៃទី 10វិច្ឆិកា និង 16ធ្នូ»។

    យោងតាម​អ្នកវិទ្យាសាស្ត្រ Nikolai Kryuchkov ការ​ក្លាយ​ពូជ​របស់​វីរុស Covid-19 បាន​កើតឡើង​ញឹកញាប់​ជាង​មុន​ចំពោះ​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ បើ​ធៀប​នឹង​អ្នកជំងឺ​ដែលមាន​សុខភាព​ធម្មតា។

    ការស្រាវជ្រាវ​ខាងលើ​បានបង្ហាញ​ទៀតថា វីរុស​ក្លាយ​ពូជ​ទាំងឡាយ​នៅលើ​រាងកាយ​អ្នកជំងឺ​ខាងលើ មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង​វីរុស​ក្លាយ​ពូជ​ដែល​រកឃើញ​នៅ​ប្រទេស​អង់គ្លេស។

    ប៉ុន្តែ កាលពី​ថ្ងៃទី 11 មករា 2021 លោក Alexander Gintsburg ប្រធាន​មជ្ឈមណ្ឌល Gamaleya ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 Sputnik V របស់​រុស្ស៊ី បានបញ្ជាក់ថា លទ្ធភាព​ដែលថា រុស្ស៊ី​មាន​វីរុស Covid-19 ប្រភេទ​​ថ្មី​​ដោយ​ឡែក​​គឺជា​រឿង​ដែល​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់៕

    ប្រភព​៖ Sputnik

  • ថ្នាំ​ព្យាបាល​រលាក​សន្លាក់ Actemra ជួយ​បង្កើន​អត្រា​នៃ​ការ «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ធ្ងន់​ធ្ងន់

    ថ្នាំ​ព្យាបាល​រលាក​សន្លាក់ Actemra ជួយ​បង្កើន​អត្រា​នៃ​ការ «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ធ្ងន់​ធ្ងន់

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ខ្សោយ actemra ឬ​ហៅថា tocilizumab ដែល​ត្រូវបាន​សាកលវិទ្យាល័យ Osaka និង​ក្រុមហ៊ុន​ផលិត​ឱសថ Chugai សហការ​ជាមួយ​អង្គការ​មួយចំនួន​របស់​ជប៉ុន​អភិវឌ្ឍ​និង​ផលិតឡើង មាន​សមត្ថភាព​ក្នុងការ​បង្កើន​អត្រា «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    លទ្ធផល​នៃ​ការពិសោធ​ក្នុងការ​ព្យាបាល​អ្នកជំងឺ Covid-19 ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Imperial College London (អង់គ្លេស) សហការ​ជាមួយ​អង្គការ​មួយចំនួន​បាន​បង្ហាញថា អត្រា​នៃ​ការស្លាប់​របស់​អ្នកជំងឺ Covid-19 ចំនួន 350 នាក់​ដែល​ប្រើប្រាស់​ថ្នាំ actemra គឺ​ស្មើនឹង 28% ទាប​ជាង 7.5% បើ​ធៀប​នឹង​អ្នកជំងឺ Covid-19 ចំនួន 400 នាក់​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​នេះ។ ទន្ទឹមនឹងនេះ ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ប្រភេទ​កម្រិត​ស្រាល​មួយ​ផ្សេងទៀត​ក៏បានផ្ដល់​លទ្ធផល​ប្រហាក់ប្រហែលគ្នា​នេះដែរ។

    ថ្នាំ actemra មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រតិកម្ម​ហួស​កម្រិត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ។ បច្ចុប្បន្ន ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រទេស​ជប៉ុន អង់គ្លេស និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ Covid-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    ក្រៅពី​ថ្នាំ actemra កន្លងមក remdesivir ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស ក៏បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ពិភព​វេជ្ជសាស្ត្រ ដោយសារ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ Covid-19។ បច្ចុប្បន្ន remdesivir ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ជាង 50 ក្នុង​ពិភពលោក។ នៅ​ជប៉ុន ថ្នាំ remdesivir នេះ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ចាប់ពី​ខែឧសភា ឆ្នាំ 2020។

    បច្ចុប្បន្ន ក្រសួងសុខាភិបាល​ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​តែ​វ៉ាក់សាំង Covid-19 របស់ ​ក្រុម​ហ៊ុន​ Pfizer/BioNTech សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ព្រោះថា នៅ​ប្រទេស​ជប៉ុន វ៉ាក់សាំង​នេះ មិនទាន់​ត្រូវបាន​យកទៅ​ពិសោធ​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ក្រោម 20 ឆ្នាំ​នៅឡើយ​ហើយ​ក្រៅពីនេះ ការឆ្លង​វីរុស​នៅលើ​កុមារ​ក៏មាន​អត្រា​ទាប​ផងដែរ។

    មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 60 លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ 2021៕

    ប្រភព៖ Japan Times

  • ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    អាជ្ញាធរ​ចិន​បានប្រកាសថា មិន​ផ្ដល់​ទិដ្ឋាការ​ដល់​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការចូល​មកកាន់​ទីក្រុង Wuhan ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស Covid-19 បើ​ទោះ​សមាជិក​មួយចំនួន​បានចេញ​ដំណើរ​រួចហើយ​ក្ដី។

    ប្រតិភូ​នៃ​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​គម្រោង​ទៅកាន់​ទីក្រុង Wuhan នៃ​ខេត្ត Hubei របស់​ប្រទេស​ចិន ជា​កន្លែង​ដែល​ត្រូវគេ​ជឿថា ជា​ប្រភព​នៃ​វីរុស Covid-19 ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីដំបូងៗនៃ​ការឆ្លង​វីរុស​នេះ។ ក្រុម​អ្នកជំនាញ​នេះ មិន​មានបំណង​ស្រាវជ្រាវ​លើ​ទ្រី​ស្ដី​ដែលថា Covid-19 មាន​ប្រភព​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដែល​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​បដិសេធ​នាពេល​កន្លង។

    វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់ WHO បានឱ្យដឹងថា ប្រតិភូ​នេះ​រួមមាន ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​នានា​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ទាក់ទង​នឹង​គម្រោង​ទៅកាន់​ប្រទេស​ចិន។ លោក Ryan បាន​និយាយ​កាលពី​ថ្ងៃទី 5 ខែមករា​ថា៖ «ក្រុម​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​កិច្ចការ​នៅ​ថ្ងៃស្អែក»។

    ក៏ប៉ុន្តែ នៅពេល​សមាជិក​ពីរ​នាក់​ដែល​នៅ​ឆ្ងាយ​បានចេញ​ដំណើរ ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏បាន​ទទួល​ព័ត៌មាន​ថា ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវបាន​មន្ត្រី​ចិន​អនុញ្ញាត​នោះឡើយ។ សមាជិក​ម្នាក់​បាន​ត្រលប់​ក្រោយ​វិញ ខណៈ​ម្នាក់ទៀត​កំពុង​ឆ្លងកាត់​ប្រទេស​ទី​បី។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង​ឱ្យដឹងថា បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន អនុញ្ញាតឱ្យ​ក្រុម​អ្នកជំនាញ​បាន​ចូល​ស្រុក។

    លោក Tedros ថ្លែងថា៖ «ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​ក្រុមមន្ត្រី​ចិន និង​បានធ្វើឱ្យ​ប្រាកដ​អំពី​ភារកិច្ច​ថា នេះ​គឺជា​អាទិភាព​មួយ​របស់ WHO និង​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ»។

    ជាច្រើន​ខែ​មកហើយ WHO បាន​ប្រឹងប្រែង​ដើម្បី​អាច​បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅកាន់​ប្រទេស​ចិន។ ពួកគេ​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ចិន​តាំងពី​ខែកក្កដា ដើម្បី​រក​ផ្លូវ​ចូលទៅ​កាន់​ទីក្រុង Wuhan ក្នុង​បំណង​ស្រាវជ្រាវ​ឱ្យដឹង​ប្រាកដថា តើ​វីរុស Covid-19 បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដោយ​របៀប​ណាខ្លះ។

    Ilona Kickbusch ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល​សកល​នៅ​ទីក្រុង​ហ្សឺ​ណែវ យល់់ថា កត្តា​ភូមិសាស្ត្រ​នយោបាយ​បាននិងកំពុង​រារាំង​បណ្ដា​ប្រទេស​ក្នុងការ​សហការគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ហើយ​អរិភាព​ដែល​កើតឡើង​អាចជា​ឧបសគ្គ​នៃ​យុទ្ធនា​ការស្វែងយល់​អំពី​ប្រភព និង​ដំណើរការ​នៃ​រោគរាតត្បាត។

    Kickbusch ថ្លែងថា៖ «ខ្ញុំ​គិតថា នឹងមាន​ការលំបាក​ខ្លាំង​នៅក្នុង​ការស្វែងរក​ប្រភព​របស់​វីរុស ព្រោះថា ពេលវេលា​​បាន​​កន្លង​ផុត​ទៅ​​យូរ​ណាស់​មកហើយ»។

    ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​របស់ WHO សង្ឃឹមថា ការដែល​ចិន​បដិសេធ​មិនឱ្យ​ពួកគេ​ចូល​ប្រទេស​នេះ គ្រាន់តែ​ជា​បញ្ហា​​បន្ទាប់​បន្សំ​​ប៉ុណ្ណោះ​ ហើយ​ថា «បញ្ហា​ការិយាធិបតេយ្យ​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស»៕

    ប្រភព៖ Guardian

  • ពលរដ្ឋ​អាមេរិកាំង​ជាង​មួយ​លាន​នាក់ បាន​ចាក់​វ៉ា​ក់សាំង Covid-19 លើកទីមួយ​រួចហើយ

    ពលរដ្ឋ​អាមេរិកាំង​ជាង​មួយ​លាន​នាក់ បាន​ចាក់​វ៉ា​ក់សាំង Covid-19 លើកទីមួយ​រួចហើយ

    មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​អាមេរិក បានឱ្យដឹងថា ពលរដ្ឋ​អាមេរិកាំង​ជាង 1 លាន​នាក់ បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ ក្រោយ​រយៈពេល 10 ថៃ​ដែល​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ប្រទេស​នេះ។

    «សហរដ្ឋអាមេរិក​នៅថ្ងៃនេះ បាន​ឈានដល់​ដំណាក់កាល​សំខាន់​មួយ។ តំបន់​នានា​បាន​រាយការណ៍​ថា ពលរដ្ឋ​ជាង 1 លាន​នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 លើកដំបូង រាប់​ចាប់តាំងពី​រដ្ឋាភិបាល​បានចាប់ផ្ដើម​យុទ្ធនាការ​កាលពី 10 ថ្ងៃមុន» នេះ​បើតាម​សម្ដី​របស់ លោក Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 23 ខែធ្នូ។

    ចំណែក​លោក Moncef Slaoui ទីប្រឹក្សា​នៃ​យុទ្ធនាការ​រហ័ស​របស់​រដ្ឋាភិបាល​អាមេរិក បានឱ្យដឹង​ដែរ​ថា គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 20 លាន​នាក់​ក្នុង​ខែ​នេះ ពិតជា «ពិបាក​សម្រេចបាន»។ ប៉ុន្តែ លោក​បន្ថែមថា សហរដ្ឋអាមេរិក​កំពុងមាន​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 100 លាន​នាក់​នៅមុន​ដំណាច់ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2021 និង 100 លាន​នាក់​ទៀត នៅក្នុង​ត្រីមាស​ទី​ពីរ។

    សូម​រំលឹកថា កាលពី​ថ្ងៃទី 11 ធ្នូ នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក (FDA) បានអនុម័ត​លើ​វ៉ាក់សាំង Covid-19 ដំបូង​នៃ​ប្រទេស​នេះ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech។ កាលពី​សប្ដាហ៍​កន្លងទៅ វ៉ាក់សាំង​នេះ​ចំនួន 3 លាន​ដូ​ស ត្រូវបាន​ចែកចាយ​នៅ​ពាសពេញ​ទឹកដី​អាមេរិក។

    សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​អ្នកជំងឺ​ជាង 19 លាន​នាក់ ក្នុងនោះ​មាន​ជាង 334,000 នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ៕

    ប្រភព៖ AFP

  • វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមាន​តម្លៃ 120,000ដុង​ក្នុង​មួយ​ដូ​ស

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ​របស់​វៀតណាម​ដែលមាន​ឈ្មោះថា Nanogen បានប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​អំពី​គម្រោង​តម្លៃ​របស់​វ៉ាក់សាំង Covid-19 «made in Vietnam» ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ។

    សារព័ត៌មាន​វៀតណាម បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Nanogen ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ប្រមាណ​ពី 10-20 លាន​ដូ​ស​នៅក្នុង​មួយឆ្នាំ។ ក្នុងដំណាក់កាល​នៃ​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស ក្រុមហ៊ុន​នេះ​នឹង​បង្កើន​បរិមាណ​នៃ​ការផលិត​ឱ្យបាន​ចាប់ពី 50-70 លាន​ដូ​ស​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នេះ នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ដូ​ស នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ ក្រោយមក ស្ថានីយទូរទស្សន៍​ជាតិ​វៀតណាម VTV Go បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Nanogen បានប្រកាស​ជា​ផ្លូវការ​ថា វ៉ាក់សាំង​ប្រឆាំង Covid-19 «made in Vietnam» របស់​ក្រុមហ៊ុន​នេះ នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហែល 120,000 ដុង/ដូ​ស (5.22 ដុល្លារ​អាមេរិក)។

    វ៉ាក់សាំង COVID 19 «made in Vietnam» នឹងមានតម្លៃ 120,000ដុងក្នុងមួយដូស

    ដូច្នេះ មនុស្ស​ម្នាក់​នឹងត្រូវ​ចំណាយ​ប្រាក់​សរុប 240,000 ដុង (10.44 ដុល្លារ​អាមេរិក/42,070 ​រៀល) សម្រាប់​ការចាក់​វ៉ាក់សាំង​ចំនួន 2ដូ​ស ដើម្បី​មាន​អង្គ​បដិបក្ខ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំងនឹង Covid-19៕

    ប្រភព៖ VTV Go

  • ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    មនុស្ស​ជិត 1.6 លាន​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​ជាង 70លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​វីរុស Covid-19 នាំឱ្យ​ប្រទេស​អ្នកមាន​ជាច្រើន បាននិងកំពុង​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង​ក្នុង​បរិមាណ​លើសពី​តម្រូវការ​ជាក់ស្ដែង ជាហេតុ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យមាន​ការចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​របស់​ទ្វីប​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 70,711,368នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,588,247នាក់ និង​អ្នក​កំពុង​ព្យាបាល 19,983,563នាក់។ នេះ​បើតាម Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ Covid-19 បាន​លឿង​ជាងគេ​បង្អស់។

    ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង Covid-19 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 10ធ្នូ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​លើសពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពួកគេ ពី 4 ទៅ 5 ដង​ឯណោះ»។ ក៏ប៉ុន្តែ លោក មិនបាន​បង្ហាញ​ឈ្មោះ​នៃ​ប្រទេស​ទាំង​នោះទេ។

    លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិក​ពិតជា​ពិបាក​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​បរិមាណ​វ៉ាក់សាំង​ដែល​ទ្វីប​នេះ​ត្រូវការ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ។ លោក​បន្តថា ភាគច្រើន​នៃ​ប្រទេស​នៅក្នុង​ទ្វីប​នេះ កំពុងតែ​រង់ចាំ​គម្រោង​បែងចែក​វ៉ាក់សាំង​ជា​សកល​ដែលមាន​ឈ្មោះថា COVAX ដែល​ជំរុញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង
    ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong

    COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ដើមខែ​ធ្នូ 2020 នេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន​ជាង 700លាន​ដូ​ស។ តាម​ផែនការ អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅ COVAX ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ក៏ដូចជា​នៅ​ពាសពេញ​ពិភពលោក​អាច​រង់​ចាំបាន នោះ​គឺ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Reuters, Worldometers, Nature

  • ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង Covid-19! តើ​ប្រទេស​ណាខ្លះ​ដែល​បាន​បញ្ជា​ទិញ​មុន ច្រើនជាងគេ?

    ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង Covid-19! តើ​ប្រទេស​ណាខ្លះ​ដែល​បាន​បញ្ជា​ទិញ​មុន ច្រើនជាងគេ?

    ប្រទេស​អ្នកមាន​ជាងគេ​ចំនួន 32 ក្នុង​ពិភពលោក បាន​បញ្ជា​ទិញ​ជាមុន (pre-order) ជាង​ពាក់កណ្ដាល​នៃ​បរិមាណ​សរុប​របស់​វ៉ាក់សាំង Covid-19 នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ប្រទេស​ទាំងនេះ មាន​ប្រជាជន​ត្រឹមតែ 13% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក។

    យោងតាម​លទ្ធ​នៃ​ការប្រើប្រាស់​សាកល្បង​វ៉ាក់សាំង Covid-19 ដំណាក់កាល​ទី​បី និង​សេចក្ដីប្រកាស​អំពី​ផលិតភាព​ដែល​បានគ្រោង​ទុក​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង យើង​អាច​នឹងមាន​វ៉ា​ក់​ស៊ាំ​ង Covid-19 គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​ប្រជាជន​ចំនួន 1/3 ក្នុង​ពិភពលោក​នៅ​ចុងឆ្នាំ 2021។ ប៉ុន្តែ ពលរដ្ឋ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អាច​នឹងត្រូវ​រង់ចាំរ​ហូត​ដល់​ឆ្នាំ 2023 ឬ 2024 ទើប​អាចមាន​វ៉ាក់សាំង​ដើម្បី​ចាក់​នឹង​គេ។ នេះ​គឺជា​ទិដ្ឋភាព​ដែល​ត្រូវបាន​ព្យាករ​ដោយ​មជ្ឈមណ្ឌល​កែប្រែ​សុខាភិបាល​សកល Duke ដែលមាន​ទីស្នាក់ការ​នៅ​តំបន់ Durham ក្នុង​រដ្ឋ Carolina ខាងជើង​នៃ​សហរដ្ឋអាមេរិក។

    មើល​ទៅលើ​ក្រុមហ៊ុន​ចំនួន 3 ដែល​កំពុង​កាន់កាប់​បេក្ខភាព​វ៉ាក់សាំង Covid-19 ដែលមាន​សក្ដានុពល​បំផុត គឺ​ក្រុម​ហ៊ុន​ AstraZeneca, Pfizer និង Moderna។ តាម​ការ​គណនា បរិមាណ​សរុប​នៃ​ផលិតផល​របស់​ពួកគេ អាច​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ចំនួន 5.3 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021។

    តាម​ការ​គណនា បរិមាណ​វ៉ាក់សាំង​នេះ​អាច​ចាក់ឱ្យ​មនុស្ស​ចាប់ពី 2.6 ដល់ 3.1 ពាន់​លាន​នាក់​នៅលើ​ពិភពលោក អាស្រ័យទៅលើ​វ៉ាក់សាំង​របស់ ក្រុមហ៊ុន AstraZeneca ដែល​អាច​ចាក់​ទៅតាម​សេណា​រី​យ៉ោ 1.5អំពូល ឬ 2អំពូល​សម្រាប់​មនុស្សម្នា​ក់។

    ទីផ្សារវ៉ាក់សាំងប្រឆាំង Covid-19! តើប្រទេសណាខ្លះដែលបានបញ្ជាទិញមុន ច្រើនជាងគេ?ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ខាងលើ ក៏​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ដូច្នេះ រុស្ស៊ី​ជាដើម។ មូលនិធិ​វិនិយោគ Russia Direct ឱ្យដឹងថា ពួកគេ​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ទៅឱ្យ​មនុស្ស​ចំនួន 500លាន​នាក់​នៅក្រៅ​ប្រទេស​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ 2021។

    នៅក្នុង​ពិភពលោក មាន​ប្រទេស​ចំនួន 32 ហើយ​ដែល​បាន​បញ្ជា​ទិញ​ជាង​ពាក់កណ្ដាល​នៃ​បរិមាណ​វ៉ាក់សាំង​សរុប​ក្នុង​ពិភពលោក ដែល​ប្រទេស​ទាំងនេះ​មាន​ប្រជាជន​សរុប​ប្រហែល 13% ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រជាជន​សរុប​ទូទាំង​សកលលោក។ កាណាដា បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​ឈរលើ​កំពូល​តារាង ដោយ​ប្រជាជនម្នាក់ៗរបស់​ប្រទេស​នេះ អាច​នៅសល់​វ៉ាក់សាំង​ដែល​អាច​ចាក់​បាន​រហូតដល់ 9ដង​ឯណោះ។

    ប្រការ​ខាងលើនេះ នឹង​នាំឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ ជួប​ការលំបាក​ខ្លាំង​ដោយសារតែ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​​ការ​បញ្ជា​ទិញ​​ជា​មុន​​នូវ​វ៉ាក់សាំង​ដែលមាន​សក្ដានុពល។ ក៏ប៉ុន្តែ បណ្ដា​ប្រទេស​ក្រីក្រ នៅមាន​ក្ដីសង្ឃឹម​ផ្សេង​មួយទៀត នោះ​គឺ​ការរំពឹង​ទៅលើ​ការរួមចំណែក​របស់ COVAX ដែលជា​មូលនិធិ​បែងចែក​វ៉ាក់សាំង​ស្មើភាព​គ្នា។

    ទីផ្សារវ៉ាក់សាំងប្រឆាំង Covid-19! តើប្រទេសណាខ្លះដែលបានបញ្ជាទិញមុន ច្រើនជាងគេ?COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ពេលនេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន 700លាន​អំពូល ហើយ​បើតាម​គម្រោង អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅពីនេះ ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​អាច​រង់ចាំ នោះ​គឺ​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ពួកគេ​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Nature

  • រដ្ឋាភិបាលបារាំង ត្រូវបង់ថ្លៃ​​ប្រាក់​ខែ​84%​ ជូន​ដល់​ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19

    រដ្ឋាភិបាលបារាំង ត្រូវបង់ថ្លៃ​​ប្រាក់​ខែ​84%​ ជូន​ដល់​ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19

    ឪពុកម្ដាយដែលនៅផ្ទះមើលថែកូនៗនៅពេលសាលារៀនត្រូវបិទទ្វារដោយសារ COVID-19 នឹងទទួលបានប្រាក់​ខែ​ស្មើនឹង84%នៃប្រាក់ខែរបស់ពួកគេ។

    យោងតាមសារព័ត៌មាន Dailymail ខ្ទង់ប្រាក់ខែខាងលើ នឹងត្រូវបានផ្ដល់ជូនមនុស្សម្នាក់ (ឪពុក ឬម្ដាយ) ក្នុងគ្រួសារដែលមានកូនក្រោមអាយុ16ឆ្នាំ។ គោលនយោបាយនេះនឹងត្រូវបានរាប់ចាប់ពីថ្ងៃទី1កញ្ញា2020។

    ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលបារាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10កញ្ញា នៅក្នុងគ្រាដែលការឆ្លង​រាល​ដាលថ្មីនៃវីរុសCOVID-19 បានកើតឡើងនៅពេលប្រទេសនេះបើកទ្វារសាលារៀនឡើងវិញចាប់ពីថ្ងៃទី1កញ្ញា ដែល​បញ្ហានេះបានបណ្ដាលឱ្យសាលារៀនចំនួន34កន្លែងត្រូវបិទទ្វារជាថ្មី ក្នុងនោះមានបន្ទប់រៀនចំនួន500ត្រូវបាន​លុបចោល។

    នេះគឺជាវិធីមួយក្នុងចំណោមយុទ្ធសាស្ត្រនានាដែលត្រូវបានរដ្ឋាភិបាលបារាំងដាក់ចេញ ក្រោយពីប្រទេសនេះបាន​រកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន9,843នាក់ទៀតក្នុងថ្ងៃទី10កញ្ញា។ ចាប់ពីដើមខែកញ្ញានេះ តួលេខអ្នកឆ្លងវីរុសថ្មីបានកើនឡើងខ្ពស់ ដោយជាមធ្យម មាន 7,292នាក់/ថ្ងៃ។ ក្នុងខែសីហា មធ្យមភាគនេះមានត្រឹម​តែ​3,003​នាក់ប៉ុណ្ណោះ។

    រដ្ឋាភិបាលបារាំង ត្រូវបង់ប្រាក់ខែ84% ជូនដល់ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19
    ប្រធានាធិបតី​បារាំង លោក Emmanuel Macron ចូល​ធ្វើ​ទស្សនកិច្ច​នៅសាលា​បឋម​សិក្សា​មួយ​កន្លែង​

    ថ្វីបើតួលេខអ្នកឆ្លងវីរុសមានការកើនឡើងច្រើន ប៉ុន្តែ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់បម្រាមគោចរទៅតាមតំបន់ជាក់លាក់ ពោលគឺមិនមែនទូទាំងប្រទេសនោះទេ។

    គិតមកដល់ថ្ងៃទី12កញ្ញានេះ ប្រទេសបារាំងមានអ្នកស្លាប់ដោយសារCOVID-19 សរុប30,893នាក់ នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសចំនួន363,350នាក់។ តួលេខអ្នកស្លាប់នៅប្រទេសបារាំង ជាប់លំដាប់ទី7ក្នុងពិភពលោក។

    នៅទូទាំងសកលលោកទាំងមូល គិតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់ដោយសារឆ្លងCOVID-19 សរុប 919,715​នាក់ ខណៈដែលអ្នកបានឆ្លងវីរុសសរុប ឡើងដល់ 28,657,002នាក់៕

    ប្រភព៖ Dailymail, Worldometers