Tag: coronavirus

  • ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ប្រទេសនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ 270​ពាន់​លាន​យ៉េន​(2,5​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​អាសន្នរោគ​កូរ៉ូណា​ Covid-19​ ដែល​កំពុង​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​រង​ការ​ខាត​បង់​ច្រើន​។

    ថវិកា​ចំនួន 2,5ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និងខ្នាត​តូច​ នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ​។

    ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ទីពីរសម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នា​ថ្ងៃទី​10​មិនា​ខាង​មុខ​។

    សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ដូច​ខាង​លើ ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​ចំនួន​250នាក់ និង​6នាក់​បាន​ស្លាប់​ រួម​នឹង​អ្នក​ជំងឺ​ជាង​ 700​នាក់​កំពុង​ទទួល​ការ​ព្យា​បាល និង​អ្នក​ស្លាប់​ចំនួន​ 7នាក់​ដែល​មក​ពី​នាវា​ទេស​ចរណ៍ Diamond Princess។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Reuters។

    អាសន្ន​រោគ​ Covid-19 នៅ​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ (Summer Olympics)ឆ្នាំ​នេះ ដែល​តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។ ប៉ុន្តែ គណៈ​កម្ម​ការ​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​ “សន្យា” ថា កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នេះ​នឹង​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​អាសន្ន​រោគ​កូរ៉ូណាក៏ដោយ។

    ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិប​តី​ចិន​ លោក​ ស៊ី ជីន​ពីង ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមេសា​ខាង​មុខ​​ អាច​នឹង​ត្រូវ​បាន​ពន្យាពេល​ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជ​រដ្ឋា​ភិបាល​ជប៉ុន​។

    អាសន្ន​រោគ​កូរ៉ូណា បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​កាន់​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​​67 បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​​3,044នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ចំនួន​ដល់​ទៅ​ជាង​89,073​នាក់​។ ប្រទេស​ចិន​(ចិនដីគោក) ថ្ងៃ​នេះ មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​បន្ថែម​ជាង 200នាក់​ និង​អ្នក​ស្លាប់​បន្ថែម​42នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​សា្លប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 2,912នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រឿង 7យ៉ាងដែលមេរោគមរណៈ COVID-19 ខ្លាចបំផុត!

    រឿង 7យ៉ាងដែលមេរោគមរណៈ COVID-19 ខ្លាចបំផុត!

    សម្រាប់មេរោគកំណាច COVID-19 ដែលកំពុងឆ្លងរាលដាលស្ទើរតែទូទាំងពិភពលោកនាពេលនេះ មិនមែនគ្មានអ្វីយកឈ្នះលើវាបាននោះទេ ព្រោះមេរោគនេះក៏មានចំណុចអន់ដែលវាមិនអាចយកឈ្នះបានដែរ។

    ខាងក្រោមនេះ គឺរឿង 7យ៉ាងដែលមេរោគ COVID-19 ខ្លាចបំផុត៖
    1- ខ្លាច UV (ពន្លឺថ្ងៃ)
    2- ខ្លាចសីតុណ្ហភាព 56អង្សាC
    3- ខ្លាចកន្លែងដែលមានខ្យល់អាកាសបក់ចេញចូលល្អ
    4- ខ្លាចទឹកថ្នាំសម្លាប់មេរោគ ខ្លរីន
    5- ខ្លាចអាល់កុល 75%
    6- ខ្លាចការលាងដៃញឹកញាប់
    7- ខ្លាចប្រព័ន្ធប្រឆាំងជំងឺដ៏រឹងមាំរបស់មនុស្ស៕

  • Covid-19​៖ អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អាល្លឺម៉ង់ កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​តែមួយ​ថ្ងៃ​ ខណៈ​ដែល​អឺរ៉ុបកំពុង​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​បន្តិច​ម្ដង​ៗ

    Covid-19​៖ អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អាល្លឺម៉ង់ កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​តែមួយ​ថ្ងៃ​ ខណៈ​ដែល​អឺរ៉ុបកំពុង​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​បន្តិច​ម្ដង​ៗ

    ការ​ដែល​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​​ខ្លាំង អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។

    យោង​តាម​ទិន្ន​ន័យ​ផ្លូវ​ការ​របស់​មន្ត្រីមក​ពី​ Robert Koch(មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​ឆ្លង​របស់​អាល្លឺម៉ង់) ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 នៅ​ប្រទេស​អាល្លឺម៉ង់ បាន​កើន​ឡើង​ដល់​129​ករណី​នៅ​ក្នុង​ថ្ងៃទី​1មិនា​។ តួលេខ​នេះ​បាន​កើនឡើង​ជិត​ទ្វេ​ដង​បើ​​​​​​ធៀប​នឹង​66ករណី​កាល​ពី​ថ្ងៃទី 29កុម្ភៈ​។

    ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​ Covid-19 ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ North Rhine-Westphalia ដែល​ជា​រដ្ឋ​មួយ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​អាល្លឺម៉ង់។

    បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា​នេះ បាន​ឆ្លង​រាល​ដាលដល់​​រដ្ឋ​ចំនួន​9​ ក្នុង​ចំណោម​រដ្ឋ​ទាំង​16​របស់​អាល្លឺម៉ង​។ Fankfurt, Hamburg និង​ Bremen គឺជា​ទីក្រុង​ដែល​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​មុន​គេនៃ​ប្រទេស​នេះ។

    ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា កើន​ឡើង​ខ្លាំង​នៅ​អាល្លឺម៉ង់ ធ្វើ​ឱ្យ​គេ​ជឿ​ថា​ អាសន្ន​រោគ​នេះ​នឹង​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៅ​ទូទាំង​តំបន់អឺរ៉ុប។ បច្ចុប្បន្ន អ៊ីតាលី​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ក្នុង​តំបន់អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​សរុប​34នាក់ និង​ជិត​1,700​នាក់​បាន​ឆ្លង​មេរោគ​ Covid-19​។ នេះ​បើ​តាម AFP។

    យោង​​តាម​ស្ថិតិ​របស់​អង្គការ​សុខ​ភាព​ពិភពលោក ចំនួន​អ្នក​ឆ្លងមេរោគ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​ឡើង​ដល់​ 7,169ករណី​។ ក្នុង​តំបន់​អឺរ៉ុប​ មាន​ប្រទេស​ចំនួន​5បន្ថែម​ទៀត បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ ក្នុង​ថ្ងៃទី​1មិនា ធ្វើ​ឱ្យ​ចំនួន​ប្រទេស​ និង​ដែន​ដី​ ដែល​មាន​អ្នក​ជំងឺ​​ Covid-19 ឡើង​ដល់​ 58។

    គិតមក​ដល់​​ព្រឹក​នេះ(2មិនា) នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារមេរោគ​កូរ៉ូណា​សរុប​ចំនួន​​ 3,038​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ ឡើង​ដល់​ 88,587​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​ Google នៅ​ទីក្រុង Zurich ត្រូវ​បាន​គេ​រកឃើញ​ថា មា​ន​ផ្ទុក​វីរុស​កូរ៉ូណា​ Covid-19 ប៉ុន្តែ​ការិយា​ល័យ​​របស់​ក្រុម​ហ៊ុន​នេះ​មិន​បាន​បិទ​ទ្វារ​នោះទេ​។

    “យើង​ទទួល​ស្គាល់​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ បុគ្គលិក​ម្នាក់​នេះ​​ ធ្លាប់​ធ្វើ​ការ​នៅ​ឯការិយាល័យរបស់​ Google ក្នុង​ទី​ក្រុង​ Zurich មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ យើង​កំពុង​ និង​បន្ត​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​ ក៏ដូចជា​ផ្ដល់អាទិភាព​ចំពោះ​សុវត្ថិ​ភាព​ និង​សុខ​ភាព​របស់​អ្នក​រាល់​គ្នា​” នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​អ្នក​នាំពាក្យ​នៃ​ក្រុម​ហ៊ុន​ Google ចំពោះ​សំណួរ​របស់​​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNBC។

    ការិយាល័យ​ Google នៅ​ឯ​ទីក្រុង zurich ប្រទេស​ស្វីសដែល​មាន​បុគ្គលិក​ជាង​2,000​នាក់ នៅ​តែ​បន្ត​ធ្វើ​ការ​ដូច​ធម្មតា ហើយ​ករណី​បុគ្គលិក​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ត្រូវ​បានក្រុម​ហ៊ុន​ជូន​ដំណឹង​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ Google តាម​រយៈ​ការ​ផ្ញើ​សារ​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​យក្សមួយ​នេះ​ក៏​កំពុង​តែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​កំពុងត្រូវ​​រាត​ត្បាត​ដោយ​អាសន្ន​រោគ​ Covid-19 មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាង​ត្បូង និង​ជប៉ុន​ជា​ដើម​។ មុន​នេះ​ Google ក៏បាន​ហាម​មិន​ឱ្យ​បុគ្គលិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន លើក​លែង​តែ​អ្នក​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​។

    បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អន្តរ​ជាតិធំ​ៗ​​ជា​ច្រើន​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់នៅ​ទូទាំង​ពិភពលោក កំពុងមាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ នៅ​ពេល​ដែល​អាសន្នរោគ​បាន​ឆ្លង​រាល​ដាល​ដល់​​ប្រទេស​ជាង​50​ក្នុង​ពិភព​លោក។ ក្រុម​ហ៊ុន Google បច្ចុប្បន្ន មាន​បុគ្គលិក​សរុប​ 120,000​នាក់​នៅ​ពាសពេញ​ពិភពលោក​។ ចំណែក​ក្រុម​ហ៊ុន Amazon ដែ​លមាន​បុគ្គលិក 800,000​​នាក់ ក៏បាន​កាត់​បន្ថយ​បុគ្គលិក​ដែល​ធ្វើ​ដំណើរ​ទៅ​អាមេរិក បើ​សិន​មិន​មាន​ការ​ចាំបាច់ខ្លាំង​ ហើយ​ក៏​បាន​ហាម​បុគ្គលិក​របស់​ខ្លួន មិន​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​ រហូត​ដល់​មាន​ការ​ប្រកាស​ជូន​ដំណឹង​ថ្មី​។

    រីឯក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook ក៏បាន​លុប​ចោល​គម្រោង​ព្រឹត្តិការ​ណ៍ធំបំផុតប្រចាំ​ឆ្នាំសម្រាប់​ក្រុម​អ្នក​អភិវឌ្ឍ​​របស់​ខ្លួន ដែល​តែង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​អំពី​អាសន្ន​រោគ​ Covid-19។ ចំណែក​ Goolge ក៏បាន​ផ្អាក​ព្រឹត្តិការ​ណ៍ Global News Initiative ដែល​ជា​សិក្ខា​សាលា​ដ៏​ធំ​មួយ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​ខាង​មុខ​។ មុន​នេះ ពិព័រណ៍​ទូរស័ព្ទ​ចល័ត​លំដាប់​ពិភពលោក(MWC) ក៏​មិន​អាច​កើត​មាន​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​មិន​អាច​ចូល​រួម​បាន​ ព្រោះ​តែ​អាសន្នរោគ​កូរ៉ូណា Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ ប្រទេស​ថៃ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​

    Covid-19៖ ប្រទេស​ថៃ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​

    បុគ្គលិក​ផ្នែក​លក់​ម្នាក់​ មាន​អាយុ​35ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ ក្លាយ​ជា​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណ Covid-19 ​នៅ​​ប្រទេស​ថៃ​​។

    Suwanchai Wattanayingcharoen ប្រធាន​មន្ទីរ​គ្រប់​គ្រង​រោគ​ឆ្លង​ប្រទេស​ថៃ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​មួយ​នៅ​ទីក្រុង​បាងកកថ្ងៃ​នេះថាបាន​ឱ្យ​ដឹងថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ដោយ​សារ​វីរុស​ Covid-19 នេះ ក៏​មាន​ជំងឺ​គ្រុន​ឈាម​ផងដែរ​។

    នេះ​គឺជា​មនុស្ស​ដំបូង​ដែលបាន​ស្លាប់​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​ជំងឺ​កូរ៉ូណា​ទាំង​42​នាក់​នៅ​ប្រទេស​ថៃ ចាប់​ពី​អាសន្ន​រោគ​កូរ៉ូណា​ បាន​លេច​មុខ​ក្នុង​ប្រទេស​នេះ​កាល​ពីខែ​មករា​។ មនុស្ស​30នាក់​បាន​ជា​សះស្បើយ​ និង​11​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​។

    ក្រសួង​សុខាភិបាល​ថៃ​ថ្ងៃ​នេះ​ក៏បាន​ប្រកាស​ថា Covid-19 គឺជា​ជំងឺ​ឆ្លង​ដ៏គ្រោះ​ថ្នាក់​បំផុត​ ដែល​​អនុញ្ញាត​ឱ្យអាជ្ញា​ធរ​មាន​សិទ្ធិ​ច្រើន​ជាង​មុន​ដើម្បី​ធ្វើ​សកម្ម​ភាព​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    អ្នក​ជំងឺ​​ម្នាក់​​នៅ​ក្នុងរដ្ឋ Washington បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅសហ​រដ្ឋ​​អាមេរិក​ ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 ខណៈអូស្ត្រាលីក៏មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​មេរោគ​នេះ​ដែរ។

    “អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​គឺជា​បុរស​ម្នាក់​មាន​អាយុ​ជាង​50ឆ្នាំ​ ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​” នេះបើ​តាម​មន្ត្រី​សុខា​ភិបាល​ទីក្រុង Seattle រដ្ឋ​ Washington។ ប្រធានា​ធិបតី​អាមេរិកាំង លោក Donald Trump និង​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​មុន​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ បាន​​ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ស្រ្តីភេទ បើ​ទោះ​បី​ជា​អភិបាល​រដ្ឋ​ Washington លោក Jay Inslee បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​គឺ​ជា​បុរស​ក៏ដោយ​។

    មជ្ឈមណ្ឌល​សុខាភិបាល​ដែល​មាន​អ្នក​ស្លាប់​ដំបូង​គេ​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា Covid-19

    វេជ្ជបណ្ឌិត Robert Redfield អគ្គ​នាយក​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​នៃសហ​រដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​ថា មិន​ទាន់​មាន​ភ័ស្ដុងណា​មួយ​បង្ហាញ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​ ធ្លាប់​នៅ​ក្បែរ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ឬ​ធ្លាប់​ទៅ​កាន់​តំបន់​សម្បុក​មេរោគ​នេះ​នោះ​ដែរ​ នា​ពេល​ថ្មី​ៗ​នេះ​។ លោក បន្ត​ថា អ្នក​ជំងឺនេះ​ ប្រហែល​ជា​បាន​ឆ្លង​រោគ​នៅ​ពេល​គាត់​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ទី​សាធារណៈ។

    អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​ពេល​នេះ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 64នៅ​ទូទាំង​ពិភព​លោក​ ហើយ​វា​បាន​សម្លាប់​មនុស្ស​ជិត​ 3,000នាក់ និង​មនុស្ស​ជាង​ 86,000​នាក់​ បានឆ្លង​មេរោគ​នេះ​។

    ចំណែក​អូស្ត្រាលី ក៏មាន​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។ បុរស​អ្នក​ជំងឺ​កូរ៉ូណា​​នេះរស់នៅ​ឯ​តំបន់ Perth ហើយគាត់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ Sir Charles Gairdner ខណៈកំពុង​ទទួល​ការ​ព្យាបាល​។ ប្រទេស​អូស្ត្រាលី ក៏មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​25នាក់​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​អ៊ីតាលីកើន​ដល់​ជាង​1,000នាក់​ ខណៈអ្នក​ស្លាប់​នៅ​ ទូទាំង​ពិភព​លោកកើន​ដល់​…

    ចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​អ៊ីតាលីកើន​ដល់​ជាង​1,000នាក់​ ខណៈអ្នក​ស្លាប់​នៅ​ ទូទាំង​ពិភព​លោកកើន​ដល់​…

    ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ឆ្លងវីរុស​កូរ៉ូណា​ Covid-19 ចំនួន​240នាក់​បន្ថែម​ទៀត​ហើយ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​នៅ​ប្រទេស​នេះ កើន​ឡើង​ដល់​1,128នាក់​ ក្នុង​នោះ​មាន​29នាក់​បាន​បាត់​បង់ជីវិត​។

    ប្រធាន​មជ្ឈមណ្ឌល​ការ​ពារ​ជន​ស៊ីវិល​អ៊ីតាលី​ Angelo Borrelli កាល​ពីម្សិល​មិញ​បាន​ឱ្យដឹង​ថា គ្រាន់​តែ​រយៈពេល​24ម៉ោង ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ Covid-19 ចំនួន​240នាក់​ និង​អ្នក​ស្លាប់​8នាក់​បន្ថែម​ទៀត​។ ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​នៅ​​អ៊ីតាលី បាន​កើន​ដល់​ 1,128នាក់ ក្នុង​នោះ​មាន​​29នាក់​បាន​ស្លាប់​ និង​50នាក់បាន​​ជា​សះស្បើយ ដែល​ករណី​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​តំបន់ Lombardy, Veneto និង​តំបន់ Emilia Rmagna។ តំបន់ Lombardy មាន​អ្នក​ផ្ទុក​មេរោគ​ Covid-19 ច្រើន​ជាង​គេ​បង្អស់​នៅ​អ៊ីតាលី​។

    ប្រទេស​អ៊ីតាលី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា Covid-19 ធំជាង​គេ​នៅ​អឺរ៉ុប ហើយ​អាសន្ន​រោគ​កូរ៉ូណា​នៅ​ប្រទេស​នេះ​ ក៏បាន​ឆ្លងរាល​ដាល​ទៅ​ដល់​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​ផងដែរ​។ ក្រុម​មន្ត្រី​សុខាភិបាល​អ៊ីតាលី បាន​ឱ្យ​ដឹង​​ថា មន្ទីរ​ពេទ្យ​នានា​នៅក្នុង​តំបន់​សម្បុក​មេរោគ​កូរ៉ូណា​ក្នុង​​ប្រទេស​នេះ​ បាន​ពេញ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ និង​បាន​ព្រមាន​ថា បើ​សិន​អ្នក​ជំងឺ​កូរ៉ូណា​នៅ​តែ​កើន​ឡើង​បន្ត​ទៀត មន្ទីរពេទ្យ​ក្នុង​ប្រទេស​នេះ​នឹង​ជួប​វិបត្តិ​ខ្វះគ្រែសម្រាប់​សម្រាក​ព្យា​បាល ហើយនឹង​ខ្វះ​មន្ទីរពេទ្យ​ផងដែរ​។

    ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​កូរ៉ូណា រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ កាល​ពី​សប្ដាហ៍​មុន បាន​ចេញ​បទបញ្ជា​ ហាម​មិន​ឱ្យ​​ប្រជា​ជន​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ឯ​ភាគ​ខាង​ជើង​ប្រទេស​ ហើយក៏​បាន​បិទ​ទ្វារ​សាលា​រៀន​រហូត​ដល់​ថ្ងៃទី​8មិនា​ទៀត​ផង។

    អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​ពេល​នេះ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 64នៅ​ទូទាំង​ពិភព​លោក​ ហើយ​វា​បាន​សម្លាប់​មនុស្ស​ជិត​ 3,000នាក់ និង​មនុស្ស​ជាង​ 86,000​នាក់​ បានឆ្លង​មេរោគ​នេះ​៕

    ប្រភព​សារ​ព័ត៌មាន​បរទេស

  • កូរ៉ូណា Covid-19 “ស៊ីដាច់​” 444​ពាន់លាន​ដុល្លារអាមេរិក ​របស់​មហាសេដ្ឋី​ពិភព​លោក

    កូរ៉ូណា Covid-19 “ស៊ីដាច់​” 444​ពាន់លាន​ដុល្លារអាមេរិក ​របស់​មហាសេដ្ឋី​ពិភព​លោក

    ទឹក​ប្រាក់​ 444​ពាន់​លាន​ដុល្លារ​អាមេរិករបស់​អ្នក​មាន​បំផុត​ទាំង​500នាក់​ នៅ​លើ​ផ្សារ​មូល​បត្រ​ បាន​បាត់​បង់​គ្មាន​សល់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​1សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​អាសន្ន​រោគ​កូរ៉ូណា​ Covid-19​ ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​។

    លោក Jeff Bezos ស្ថាបនិករបស់​ Amazon

    សន្ទស្សន៍​មធ្យម​របស់​ឧស្សហ​កម្ម Dow Jones (Dow Jones Industrial Average Index ) បានថយ​ចុះ​12% ដែល​ជា​អត្រា​ថយ​ចុះ​ទាប​បំផុតនៃ​តម្លៃ​មូលបត្រ​នៅ​លើ​ផ្សារហ៊ុន​ Dow Jones ​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ (ដែលបាន​កើត​ឡើង​កាល​ពី​ឆ្នាំ​2008) បណ្ដាល​ឱ្យតម្លៃ​​មូល​បត្រ​ទូទាំង​ពិភពលោក​បាត់​បង់​6លាន​លាន​ដុល្លារ​អាមេរិក។

    យោង​តាម​ស្ថិតិ​របស់​ Bloomberg Billionaires Index (តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ប្រចាំ​ថ្ងៃ​) ភាព​ច្របូក​ច្របល់​នៃទី​ផ្សារមូល​បត្រ​ បាន​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណេញ​78​ពាន់​លាន​ដុល្លារ​​ដែល​អ្នក​មាន​បំផុតទាំង​​​500នាក់​​នៅ​លើ​ផ្សារ​មូល​បត្រ ​ដែល​បាន​សន្សំ​ទុក​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​សប្ដាហ៍​មុននេះ​។

    មហាសេដ្ឋី3រូប​ ​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ គឺ​លោក Jeff Bezos(ស្ថាបនិករបស់​ Amazon) លោក​ Bill Gates(ស្ថាប​និក​របស់ Microsoft) និង​លោក Bernard Arnault(អគ្គនាយក​របស់​ LVMH) ត្រូវ​រង​ការ​ខាត​បង់​ច្រើន​បំផុត​ ដោយ​បាត់​បង់​ប្រាក់​ប្រមាណ​ជា 30​ពាន់​លាន​ដុល្លារ​។ លោក Elon Musk(ស្ថានិក​របស់​ SpaceX) ដែល​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​25​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ 9ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ត្រឹម​តែ1សប្ដាហ៍​ប៉ុណ្ណោះ នៅ​ពេល​តម្លៃ​មូល​បត្រ​ Tesla បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​។

     លោក​ Bill Gates ស្ថាប​និក​របស់ Microsoft
    លោក Bernard Arnault អគ្គនាយក​របស់​ LVMH

    មហា​សេដ្ឋី​ប្រមាណជា​ 80% នៅ​លើ​តារាងចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ Bloomberg បានខាត​បង់​មិន​តិច​នោះ​ដែរ​។ អគ្គ​នាយក​ Micky Arison របស់​ក្រុម​ហ៊ុន​ Carnival Corp បាន​បាត់​បង់​ 1ពាន់​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ពេល​ក្រុម​ហ៊ុនគ្រប់​គ្រង​នាវា​ទេស​ចរណ៍​ធំបំផុត​ក្នុង​ពិភព​លោក រក្សា​ភ្ញៀវ​ទេស​ចរ​នៅ​លើ​នាវា​របស់​ពួក​គេ​នៅ​ឯកំពង់​ផែ​របស់​ជប៉ុន​ ជា​កន្លែង​ដែល​មាន​អ្នក​ទេសចរ​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណាយ៉ាង​តិច​5នាក់​។ ក្រៅ​ពីនេះ នៅ​មាន​មហា​សេដ្ឋី និង​សេដ្ឋី​ជា​ច្រើន​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​ផងដែរ​។

    បច្ចុប្បន្ន​ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ប្រទេស​នានា​ កំពុង​តែ​ប្រឹង​ប្រែងប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​ Covid-19។ មុន​នេះ​1 ឬ​2សប្ដាហ៍ នៅ​ពេល​អាសន្ន​រោគ​កូរ៉ូណា​នៅ​ជា​បញ្ហា​របស់​ប្រទេស​ចិន​នៅ​ឡើយ សេណា​រីយ៉ូដែល​ថា សេដ្ឋ​កិច្ច​នឹង​ងើប​ឡើយ​វិញ​ក្នុង​អនាគត​ឆាប់​ៗ​ខាង​មុខ​ គឺជា​រឿង​សម​ហេតុ​ផល។ ប៉ុន្តែពេល​នេះ អ្នក​ជំនាញ​របស់​ Bloomberg លោក Mohamed A. El-Erian មិន​គិត​ថា សេដ្ឋ​កិច្ច​ពិភព​លោក​នឹងងើប​ឡើង​វិញ​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ​នោះ​ទេ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ កូរ៉េខាង​ត្បូងណែ​នាំ​ឱ្យ​ពល​រដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ ព្រោះមេរោគកូរ៉ូណា​នឹង​ឆ្លងរាល​ដាល​ខ្លាំង​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

    Covid-19៖ កូរ៉េខាង​ត្បូងណែ​នាំ​ឱ្យ​ពល​រដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ ព្រោះមេរោគកូរ៉ូណា​នឹង​ឆ្លងរាល​ដាល​ខ្លាំង​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

    មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​ព្រមាន​ថា មេរោគ​កូរ៉ូណា​ Covid-19 នឹង​ឆ្លង​រាល​ដាលកាន់​តែ​ខ្លាំង​នៅ​សប្ដាហ៍​ក្រោយ​ ដូច្នេះ អាជ្ញាធរ​បាន​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ត្រូវ​នៅ​តែ​ក្នុង​ផ្ទះ ចៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។

    គិត​មក​ដល់​ល្ងាច​នេះ​(29កុម្ភៈ) កូរ៉េខាង​ត្បូងមាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 សរុប​ 3,150នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​17នាក់​។ ក្នុង​ចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​ខាង​លើ គឺ​មាន​អ្នក​ជំងឺ​ជាង​2,000​នាក់​នៅ​ក្នុង​តំបន់​ Daegu គឺ​ប្រមាណជា​70% ក្នុង​នោះ​ភាគ​ច្រើន​មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​សាសនា​ Shincheonji។

    អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កូរ៉េខាង​ត្បូង​ លោក Kim Gang-lip បាន​ឱ្យដឹង​ថា “អត្រា​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​របស់​​ក្រុម​សាសនិក​ដែល​ជា​សមាជិក​វិហារ​ Shincheonji គឺ​មាន​ខ្ពស់​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ តួលេខ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19 នៅ​តំបន់​ Daegu នឹង​កើន​ឡើង​ច្រើន​ នៅ​ពេល​ដែល​មន្ទីរពេទ្យ​នានា​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​ទៅ​លើសមាជិក​ទាំង​ 9,300នាក់​​របស់​វិហារ Shincheonji។

    គិត​មក​ដល់​ពេល​នេះ ពិភពលោក​ទាំង​មូល​ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 សុប​ 85,406​នាក់ និង​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​នេះ កើន​ដល់​ 2,924​នាក់​។ កូរ៉េខាង​ត្បូង​ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ច្រើន​ជាង​គេ​​លំដាប់​ទី​2ក្នុង​​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​ និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ទី​4 បន្ទាប់​ពី​ចិន អ៊ីរ៉ង់ និង​អ៊ីតាលី៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ប្រទេស​ចិន៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ស្រាវជ្រាវ​ និង​បង្កើត​មួយ​សុវត្ថិ​ភាព​ឆ្លាតវៃ​​ដែល​អាចជួយ​សមត្ថ​កិច្ច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ Covid-19។ នេះ​បើ​តាម​ Tech Times។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Kuang-Chi នៅ​ក្នុង​តំបន់​ Shenzhen បាន​ឧទ្ទេស​នាម​មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​មួយ​ប្រភេទ​ ដែល​អនុញ្ញាត​ឱ្យស្កេនរហ័សដើម្បី​​​ស្វែង​រក​​​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​នេះ​ជួយ​ឱ្យ​សមត្ថ​កិច្ច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​​កូរ៉ូណា​។ ក្រៅ​ពី​នេះ មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​ AI helmets
    នេះក៏​អាច​ស្កេន​ QR កូដ និង​ស្គាល់ ឬ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស​ក្នុង​រយៈ​ចម្ងាយ​5ម៉ែត្រ​ផងដែរ។ មួក​នេះ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ 5G Wi-Fi និង Bluethooth ព្រម​ទាំងមាន​​ភ្ជាប់​វ៉ែនតា​ VR(virtual reality)​ ទៀត​ផង។

    ផលិត​ផល​របស់ Kuang-Chi បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​2019 ប៉ុន្តែ វា​ទើប​តែ​​ត្រូវ​បាន​ប្រើ​ប្រាស់​​ច្រើន​នៅ​ក្នុង​តំបន់​សៀង​ហៃ និង​បណ្ដា​ទីក្រុង​មួយ​ចំនួន​ទៀត​របស់​ចិន​។ នេះ​គឺជា​ផលិត​ផល​​មួយ​ក្នុង​ចំណោម​ផលិត​ផល​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ចិន​។

    ក្រុម​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ចិន ក៏​កំពុង​តែស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ផលិត​ផល​ដែល​អាច​ស្កេន​កម្ដៅ​ខ្លួន​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​។ ប្រព័ន្ធ​ស្វែង​រក​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Baidu និង Megvii នេះ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ក្នុង​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស