Tag: coronavirus

  • អ្នកធ្វើការ Office ត្រូវដឹង! បទពិសោធពីប្រទេសចិន “តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?”

    អ្នកធ្វើការ Office ត្រូវដឹង! បទពិសោធពីប្រទេសចិន “តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?”

    ប្រទេសចិនបានណែនាំវិធីប្រតិបត្តិខ្លួន នៅពេលត្រូវទៅធ្វើការក្នុងអំឡុងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយបានចែករំលែកយ៉ាងលម្អិត តាំងពីវិធីធ្វើដំណើរទៅធ្វើការ ការស្ថិតនៅក្នុងកន្លែងធ្វើការ ពេលសម្រាកថ្ងៃត្រង់ រួមទាំងពេលចេញពីធ្វើការទៀតផង។

    – ក្នុងអំឡុងពេលធ្វើដំណើរទៅធ្វើការ
    . ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច
    . វិធីដែលល្អបំផុតក្នុងការទៅធ្វើការ គឺការធ្វើដំណើរដោយថ្មើរជើង ឬធាក់កង់
    . បើត្រូវប្រើសេវារថយន្តក្រុងសាធារណៈ ចូរឈរ ឬអង្គុយនៅក្នុងចម្ងាយពីអ្នកដទៃយ៉ាងតិចពី1-2ម៉ែត្រ

    – ពេលទៅដល់កន្លែងធ្វើការ
    . បើ Office នៅជាន់លើ ចូរប្រើជណ្ដើរជើង(កុំជិះជណ្ដើរយន្តប្រអប់)
    . តែបើមិនអាចចៀសរួច ពេលឡើងតាមជណ្ដើរយន្តប្រអប់ ចូរពាក់ម៉ាស់អនាម័យការពារ និងព្យាយាមកុំ
    ប៉ះពាល់អ្វីផ្សេងៗដែលនៅក្នុងនោះ។

    – ក្នុងអំឡុងពេលធ្វើការ
    . ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច
    . សម្អាតចំណុចដែលមានមនុស្សម្នាប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែលប្រើរួមគ្នា យ៉ាងតិចឱ្យបាន 1ថ្ងៃ 1ដង
    . ឧស្សាហ៍បើកបង្អួចឱ្យបានញឹកញាប់ ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូល
    . បិទប្រព័ន្ធម៉ាស៊ីនត្រជាក់រួម(Central air conditioning) ឬបើកជាប្រព័ន្ធឱ្យបឺតខ្យល់ខាងក្រៅចូលមកផ្លាស់​ប្ដូរផង
    . ប្រើប្រព័ន្ធការទំនាក់ទំនងតាមរយៈអនឡាញ
    . ចៀសវាងការប្រជុំបែបធម្មតា ដោយងាកមកប្រើការប្រជុំបែប Video Conference ជំនួសវិញ

    – ពេលសម្រាកថ្ងៃត្រង់
    . ចៀសវាងពីអំឡុងពេល និងកន្លែងដែលមានមនុស្សដើរចេញ-ចូលច្រើន
    . បើអាចទៅរួច ចូរទិញអាហារមកទទួលទានដោយឡែក
    . លាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយការទទួលទានអាហារ
    . ចៀសវាងការទទួលទានអាហាររួមជាមួយអ្នកដទៃ
    . ផ្អាក ឬកាត់បន្ថយការជក់បារី

    – ក្រោយពេលឈប់ពីធ្វើការ
    . កុំចូលរួមការហូបចុក ឬជប់លៀងក្រោយពេលឈប់ពីធ្វើការ
    . កុំទៅមើលខ្សែភាពយន្ត ច្រៀងខារ៉ាអូខេ ឬទៅដើរតាមហាងផ្សារទំនើប
    . ផ្អាក ឬកាត់បន្ថយការជក់បារី

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជិត 6,500​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈកម្ពុជា​មាន​អ្នក​ឆ្លង​រោគ​សរុប​12នាក់​

    មនុស្ស​ជិត 6,500​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈកម្ពុជា​មាន​អ្នក​ឆ្លង​រោគ​សរុប​12នាក់​

    មេរោគបង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ COVID-19 បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​157 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​កើត​រោគ​រាត​ត្បាត​នេះ ​ចំនួន​ជាង6,500នាក់ បាន​បាត់​បង់​ជីវិត។

    រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​ឆ្លង​រាល​ដាល​យ៉ាង​លឿន ធ្វើ​ឱ្យ​មនុស្ស​ចំនួន​12,701​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​នេះ​ នាំ​ឱ្យ​តួលេខ​នៃ​ការ​ឆ្លង​រោគ កើន​ឡើង​ដល់ 169,354​នាក់ ក្នុង​នោះ​មាន​អ្នកជំងឺ​76.618នាក់​បាន​ជា​សះ​ស្បើយ។

    ករណី​ឆ្លង​មេរោគ​លឿន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន គឺ​ស្ថិត​នៅ​ឯ​ទ្វីប​អឺរ៉ុប ដូច​ជា​ប្រទេស​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​។ អ៊ីតាលី​ទើប​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19ថ្មី ចំនួន​​3,590ករណីបន្ថែម​ទៀត ធ្វើ​ឱ្យ​​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 24,747​នាក់​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​ជាង​គេ​​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។ អេស្ប៉ាញ​អឺរ៉ង់ និង​អាល្លឺម៉ង់ គឺជា​ប្រទេស​ដែល​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19ថ្មីបន្ថែម​ លើស​ពី​1,000​នាក់​។

    ចំនួន​ករណី​ឆ្លងរោគ​កូរ៉ូណា​​ថ្មី​នៅ​ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង ធ្លាក់​មក​នៅ​កម្រិត​ទាប​។ នៅ​អាស៊ីអាគ្នេយ៍ ចំនួន​ករណី​ឆ្លង​ថ្មី​នៅ​ម៉ាឡេស៊ី មាន​190​ករណី ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​428​ករណី​ ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​ពិធីបុណ្យ​​នៅ​ឯវិហារ​អ៊ីស្លាម​1​ ​ស្ថិត​នៅ​ក្បែរ​ទីក្រុង Kuala Lumpur ដែល​មាន​សាសនិក​ប្រមាណជា​16,000​​នាក់​ បាន​ចូល​រួម​។

    នៅ​ទូទាំងពិភពលោក មាន​​ករណី​ស្លាប់​ថ្មី​ចំនួន​666​នាក់ ភាគ​ច្រើន​កើត​ឡើង​នៅ​​ក្នុង​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ និង​អេស្ប៉ាញ​ នាំ​ឱ្យ​ករណី​ស្លាប់​សរុប​ឡើង​ដល់​ 6,499​នាក់​។

    នៅ​សហរដ្ឋ​អាមេរិក​វិញ តួលេខ​ថ្មី​បំផុត​បង្ហាញ​ថា មាន​មនុស្ស​ចំនួន​3,590នាក់បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​មាន​ 68​នាក់​បាន​ស្លាប់​ និង​59​នាក់​ បាន​ជាសះស្បើយ​។

    ចំណែក​នៅ​កម្ពុជា​វិញ គិត​មក​ដល់​ពេល​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​12នាក់ ក្នុង​នោះ​មាន​ករណី​ថ្មី​បំផុត​ចំនួន​4ករណី។ ក្នុង​ចំណោម​4ករណី​ថ្មី​​ ដែលទើប​​ត្រូវ​បាន​រក​ឃើញ​កាល​ពី​យប់ថ្ងៃទី15 ខែមីនា ឆ្នាំ2020 គឺមាន​ជនជាតិ​ខ្មែរ​អ៊ីស្លាម​2​នាក់ បុរសជនជាតិ​ខ្មែរមកពីប្រទេសបារាំងម្នាក់ និងកូនជនជាតិបារាំងអាយុ 35ឆ្នាំម្នាក់។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​រាត​ត្បាត​កូរ៉ូណា​ COVID-19 នៅ​ឡើយ​៕

  • ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    កម្ពុជាគឺ​ជា​ប្រទេស​ដែល​មិន​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ចិន ដែល​ជា​សម្បុក​វីរុស​ COVID-19 នោះ​ទេ​ ចំណែក​វៀត​ណាម​វិញ គឺ​​​មាន​ព្រំ​ដែន​ប្រវែង​1.435​គីឡូ​ម៉ែត្រ ជាប់​ជាមួយនឹង​​ប្រទេស​ចិន​​ ដូច្នេះ តួលេខ​ស្ដី​អំពី​ចំនួន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក៏​មាន​ចំនួន​លើស​ខ្វះ​គ្នា​ច្រើន​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅ​កម្ពុជា៖

    គិត​មក​ដល់​ថ្ងៃ​នេះ (15មីនា ឆ្នាំ2020)​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​8ករណី​ ក្នុង​នោះ​មាន ​​7​ករណី​ជា​ជនជាតិ​បរទេស និង​1​ករណី​ជា​ជនជាតិ​ខ្មែរ​។

    -ករណី​ទី​1 គឺ​​ជា​ជន​ជាតិចិន​ អាយុ​60​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​បាន​​ព្យាបាល​ជាសះស្បើយ ហើយ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។

    -ករណី​ទី​2 គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​38ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​សៀម​រាប និង​នៅមាន​សុខភាព​ល្អ​ធម្មតា​​។​

    -ករណី​ទី​3-4-5 ត្រូវ​បាន​រក​ឃើញ​នៅ​ឯខេត្ត​កំពង់​ចាម ដែល​ជា​អ្នក​ទេស​ចរ ​ធ្វើ​ដំណើរ​តាម​នាវា Viking Cruise (នាវា​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម) និង​សុទ្ធ​តែ​ជា​ជនជាតិ​អង់គ្លេស​ ហើយបច្ចុប្បន្ន ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។

    ​-ករណី​ទី​6 អ្នក​ជំងឺ​​ជា​​បុរស​ជាតិ​កាណាដា ដែល​បម្រើការ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ និង​ទើប​តែ​បាន​​​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។ ​

    -ករណី​ទី​7 គឺជា​​​ជន​ជាតិ​បែលហ្ស៊ិក​ ដែល​បម្រើការ​នៅ​អង្គការ​អន្តរជាតិ​មួយ និង​​​ទើបតែបាន​​ធ្វើដំណើរ​ពី​អឺរ៉ុបមក​កម្ពុជា​។

    -ករណី​ទី​8 ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​នេះ (15មីនា) ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ឱ្យ​ដឹង​ថា ជា​ជន​ជាតិ​បារាំង​ អាយុ​35ឆ្នាំ​ មក​ពី​ប្រទេស​បារាំង​ និង​ចូល​មក​កម្ពុជា​តាមជើង​ហោះហើរ​ MI 602 ពី​​​ប្រទេស​សិង្ហបុរី។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណាឌីន បាន​ឱ្យ​ដឹង​ថា ជនជាតិបារាំងរូបនេះ មានប្រពន្ធ និងកូន​ប្រុសអាយុ4ខែ ដែលធ្វើដំណើរជាមួយគ្នា។ អាជ្ញាធរសិង្ហបុរី បាន​ធ្វើតេស្តវត្ថុវិភាគរបស់​បុរស​នេះ កាល​ពី​​យប់ថ្ងៃទី​13​មីនា និង​ទើប​តែ​ចេញ​លទ្ធ​ផល​វិជ្ជមាន​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​បាន​មក​ដល់​កម្ពុជា​។ ​បុរស​ជនជាតិ​បារាំង​ខាង​លើនេះ ត្រូវ​បាន​អាជ្ញាធរកម្ពុជានាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី (មន្ទីរពេទ្យ​ខ្មែរ-សូវៀត)​។ ចំណែក​ប្រពន្ធ​ និង​កូន​របស់​គាត់​ កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​​ប្អូន​របស់​គាត់​ នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ ទីក្រុង​ភ្នំ​ពេញ​ ក្រោម​ការ​តាម​ដាន​​ពី​អាជ្ញា​ធរ​ និង​មន្ត្រី​​សុខាភិបាល​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅប្រទេស​វៀតណាម៖

    គិត​មក​ដល់​ល្ងាច​នេះ ប្រទេស​វៀត​ណាម បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​ចំនួន 53នាក់ ក្នុង​នោះ​មាន​ 16នាក់​បាន​ជា​សះស្បើយ​។ ក្នុង​ចំណោម​37ករណី​ថ្មី​ដែល​ទើប​បាន​រក​ឃើញថ្មី​ៗ​នេះ មាន​13នាក់​ជា​ជនជាតិ​បរទេស​ និង​24នាក់ ជា​ជនជាតិ​វៀត​ណាម។ អ្នក​ទាំង​នេះ កំពុង​ទទួល​ការ​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្សេង​ៗ នៅ​គ្រប់​តំបន់​នៃ​ប្រទេស​នេះ​។

    -នៅ​ភាគ​ខាង​ជើង មន្ទីរពេទ្យ​នានា​ (ទីក្រុង​ Ha Noi ខេត្ត​ Ninh Binh និង​ខេត្ត Quang Ninh) កំពុង​ព្យាបាល​អ្នកជំងឺ​កូរ៉ូណា COVID-19 ចំនួន​17​នាក់ ក្នុង​នោះ​មាន​ 9នាក់​ ជា​ជនជាតិ​វៀត​ណាម។

    -នៅ​ភាគ​កណ្ដាល (ខេត្ត​ Thua Thien Hue ទីក្រុង​ Da Nang និង​ខេត្ត​ Binh Thuan) មាន​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យា​បាល​ចំនួន16នាក់ ក្នុង​នោះ​មាន​10​នាក់​ ជា​ជន​ជាតិ​វៀត​ណាម​។

    -ចំណែក​នៅ​ឯ​ភាគ​ខាង​ត្បូង (ទីក្រុង​ហូជីមិញ) វិញ មាន​អ្នក​ជំងឺ​ចំនួន4នាក់ ក្នុង​នោះ​​ ​មាន​3នាក់​ជា​ជន​ជាតិ​វៀត​ណាម​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅទូទាំង​ពិភពលោក៖

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង 162.187​នាក់​ បាន​ឆ្លង​រោគ ក្នុង​នោះ​មាន​ 5.974​នាក់​បាន​បាត់​បង់​ជីវិត និង​ 75.967​​នាក់​បាន​ជា​សះ​ស្បើយ​៕

  • អតីត​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​ NATO លោក Javier Solana បាន​ឆ្លង​វីរុស​ COVID-19

    អតីត​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​ NATO លោក Javier Solana បាន​ឆ្លង​វីរុស​ COVID-19

    “លោក​ Javier Solana បាន​ឆ្លង​វីរុស​ COVID-19 ប៉ុន្តែ ស្ថានភាព​សុខភាព​របស់​គាត់​ កំពុង​នៅ​ល្អ​នៅ​ឡើយ​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ AFP។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​14កន្លង​ទៅ ​បាន​ដក​ស្រង់​ប្រភព​ព័ត៌មានក្នុង​ស្រុក​​មួយ​ ឱ្យ​ដឹង​ថា អតីត​អគ្គលេខា​ធីការ​នៃ​អង្គ​ការ​ NATO លោក Javier Solana ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ Madrid ប្រទេស​អេស្ប៉ាញ ព្រោះ​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19។ ប្រភពព័ត៌មាន​បញ្ជាក់​ថា សុខ​ភាព​របស់​លោក នៅ​ល្អ​ជា​ធម្មតា​។

    លោក Solana អាយុ​77ឆ្នាំ ធ្លាប់​បាន​កាន់​តំណែង​ជា​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​ NATO ចាប់​ពី​ឆ្នាំ​1995 ដល់​ឆ្នាំ1999។ ក្រោយ​មក លោក​បាន​ធ្វើ​ជា​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប(European Union) ចាប់​ពី​ឆ្នាំ​1999 ដល់​ឆ្នាំ​2009។

    ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​គេ​រាយ​ការណ៍​ ក្នុង​ពេល​ដែល​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​ព្រមាន​ថា អឺរ៉ុប​កំពុង​តែ​ក្លាយ​ជា​តំបន់​ស្នូល​នៃ​​រោគ​រាត​ត្បាត COVID-19

    គិត​មក​ដល់​បច្ចុប្បន្ន(14មីនា) ប្រទេស​អេស្ប៉ាញ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 6,250នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដល់​ទៅ​193ករណី។ ប្រទេស​នេះ កំពុង​ក្លាយ​ជា​ដែន​ដី​ដែល​ទទួល​រង​ការ​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា ខ្លាំង​ជាង​គេ​បំផុត​លំដាប់​ទី2នៅ​អឺរ៉ុប បន្ទាប់​ពី​ប្រទេស​អ៊ីតាលី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាននៃ​​ប្រទេស​បារាំង បានឆ្លង​ COVID-19

    រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាននៃ​​ប្រទេស​បារាំង បានឆ្លង​ COVID-19

    រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន​របស់​ប្រទេស​បារាំង​ លោក​ស្រី Brune Poirson គឺជា​មន្ត្រី​ជាន់​ខ្ពស់​បារាំង​ម្នាក់​​ទៀត​ហើយ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ COVID-19។

    CNN ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បារាំង​ (Ecological and Inclusive Transition) កាល​ពី​ថ្ងៃទី​14មីនា​ ឱ្យ​ដឹង​ថា រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​បារាំង​ លោក​ស្រី​ Brune Poirson បាន​ទទួល​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​មេរោគកូរ៉ូណា COVID-19។

    អ្នក​នាំពាក្យ​ខាង​លើ​ថ្លែង​ថា “បើ​ទោះ​ជា​មាន​រោគ​សញ្ញា​ ប៉ុន្តែ ស្ថានភាព​សុខ​ភាព​របស់​លោក​ស្រី Brune Poirson មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ទេ​”។

    កាល​ពី​ដើម​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌បារាំង Franck Piester ក៏​ត្រូវ​បាន​ធ្វើ​តេស្តឃើញ​ថា​មាន​ផ្ទុក​ COVID-19​ ផងដែរ​។ ដោយ​ឡែក​ កាល​ពី​សប្ដាហ៍​មុន តំណាង​រាស្ត្រ​ម្នាក់ រួម​នឹង​បុគ្គលិក​នៅ​សភា​បារាំង​ម្នាក់ ក៏​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​មេរោគ​នេះ​។

    គិត​មក​ដល់​ថ្ងៃនេះ ប្រទេស​បារាំង មាន​អ្នក​ឆ្លង​រោគរាត​ត្បាត​កូរ៉ូណា​ចំនួន 4,481នាក់ ក្នុង​នោះ​មាន​ 91នាក់ បាន​បាត់​បង់​ជីវិត៕

  • អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី បាន​ឆ្លង​​វីរុស COVID-19 ខណៈ​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ក៏​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​វីរុស​នេះដែរ​

    អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី បាន​ឆ្លង​​វីរុស COVID-19 ខណៈ​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ក៏​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​វីរុស​នេះដែរ​

    មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ប្រទេស​អ៊ីតាលី ក្នុង​នោះ​មាន​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ក៏បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ខណៈ​ដែល​ប្រទេស​នេះ​ ក្លាយ​ជា​ទឹក​ដី​ដែល​មាន​ការ​ឆ្លងរាល​ដាល​​រោគ​ខ្លាំង​បំផុតនៅ​អឺរ៉ុប។

    ទីភ្នាក់​ងារ​សារព័ត៌មាន CGTN​ ដក​ស្រង់​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បាន​ឱ្យ​ដឹង​ថា អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី Pierpaolo Sileri បាន​ប្រកាស​ថា លោកបាន​ទទួល​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ ហើយ​ថា លោក​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​ COVID-19​ និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​។ នេះ បើ​តាម​សារ​ព័ត៌មាន Reuters។

    លោក Sileri គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ប្រទេស​អ៊ីតាលី ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​វេជ្ជ​សាស្ត្រ​នៃ​តំបន់ Lazio ​និង​ជា​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ លោក Nicola Zingaretti ផង​ដែរ​។ ជាង​នេះទៀត​ ក៏​នៅ​មាន​ ​លោក ​Alberto Cirio ដែល​ជាអ្នក​គ្រប់​គ្រង​តំបន់ Piedmont លោក​ Salvatore Farina ​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​លោក​ស្រី Anna Ascani ដែលជា​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ជា​អនុប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​អ៊ីតាលី​ផងដែរ ដែល​បាន​ឆ្លង​មេរោគ​ COVID-19នេះ​​។

    គិត​មក​ដល់​ពេល​នេះ​ ប្រទេស​អ៊ីតាលី មាន​អ្នក​ឆ្លង​មេរោគ​ COVID-19 ចំនួន​ជាង 21,000នាក់ ក្នុង​នោះ​មាន​ 1,441​នាក់ បាន​បង់​ជីវិត​ ខណៈ​ដែល​ពិភព​លោក​ទាំង​មូល មាន​អ្នក​ឆ្លងមេរោគ​ចំនួន 156,396​នាក់ ក្នុង​នោះ​មាន​5,833នាក់ បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ភរិយា​របស់​នាយក​រដ្ឋមន្ត្រីអេស្ប៉ាញ បាន​ឆ្លង​វីរុស​ COVID-19

    ភរិយា​របស់​នាយក​រដ្ឋមន្ត្រីអេស្ប៉ាញ បាន​ឆ្លង​វីរុស​ COVID-19

    លោក​ស្រី Begona Gomez ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ បាន​ឆ្លងវីរុស​កូរ៉ូណា COVID-19។

    ការិយា​ល័យ​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ កាល​ពី​យប់​ថ្ងៃទី​14មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ និង​ឱ្យ​ដឹង​ថា លោក​ស្រី​ Belgona និង​ស្វាមី​របស់​លោក​ស្រី​ គឺ​លោក​​នាយក​រដ្ឋ​មន្ត្រី​ Pedro Sanchez សុទ្ធ​តែ​នៅ​មាន​សុខ​ភាព​ល្អ​នៅ​ឡើយ​។

    ប្រទេស​អេស្ប៉ាញ បាន​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​ទៅ​-មក ស្ទើរ​តែ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃទី14មីនា​ នាំ​ឱ្យ​មនុស្ស​ប្រមាណ​ជា​46​លាន​នាក់ រង​ផល​ប៉ះពាល់​។ ប្រជា​ជន​ទាំង​អស់​ត្រូវ​បង្ខំ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ លើក​លែង​តែ​អ្នក​ដែល​ត្រូវ​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​អាហារ​ ថ្នាំ ទៅ​មន្ទីរ​ពេទ្យ​ ឬ​មាន​ការ​ចាំ​បាច់​បំផុត​។

    គិត​មក​ដល់​ព្រឹក​នេះ ប្រទេសអេស្ប៉ាញ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​រលាក​សួត​ប្រភេទ​ថ្មី​ COVID-19 ចំនួន 6,391នាក់ ក្នុង​នោះ​មាន​195នាក់ បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19 លទ្ធ​ផល​បានចេញ​មក​ហើយ

    ប្រធានាធិបតី​ Donald Trump បានធ្វើ​តេស្តរក​វីរុស COVID-19 លទ្ធ​ផល​បានចេញ​មក​ហើយ

    លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគកូរ៉ូណារបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា លោក Trump អវិជ្ជមាន​ជាមួយ​នឹង​ COVID-19។

    “ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ថា គាត់ (លោក Trump) អវិជ្ជ​មាន​ជាមួយ​នឹង​វីរុស COVID-19” នេះជា​​ការ​ប្រកាស​របស់​វេជ្ជ​បណ្ឌិត​​ Sean Conley ដែល​ជា​គ្រូពេទ្យ​ផ្ទាល់​របស់​​​ប្រធានាធិបតី​ កាល​ពី​ម្សិល​មិញ(14មីនា)។ វេជ្ជ​បណ្ឌិត​រូប​នេះ​បន្ត​ថា “1​សប្ដាហ៍បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​ពេល​យប់​ជាមួយ​ប្រតិភូប្រេស៊ីល នៅ​ឯ Mar-a-Lago លោក​ប្រធានាធិបតី​ នៅ​តែ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ឡើយ”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នឹង​ក្រុម​ប្រតិភូ​ប្រធានាធិបតី​ប្រេស៊ីល​ នៅ​ឯ Mar-a-Lago ក្នុង​រដ្ឋ Florida។ លេខា​ផ្នែក​​ព័ត៌មាន​ និង​មេធាវី​របស់​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro បាន​ឆ្លង​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ លោក Jair Bolsonaro កាល​ពី​ថ្ងៃទី​13មីនា បាន​ឱ្យ​ដឹង​ថា លោក អវិជ្ជ​មាន​ជាមួយ​ COVID-19។

    ថ្មី​ៗ​នេះ អ្នក​នយោបាយ​ និង​បុគ្គល​ល្បី​ៗជា​ច្រើន​រូប​ បាន​ឆ្លង​មេរោគ COVID-19 រួម​មាន​ដូច​ជា អនុប្រធានាធិបតី​អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អូស្ត្រាលី ភរិយារបស់​​នាយក​រដ្ឋ​មន្ត្រី​កាណាដា ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ និង​កីឡាករ​​ខ្សែ​បម្រើ​របស់​ក្រុម​បាល់​ទាត់ Chelsea ។ល។

    គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 2,726​នាក់ ក្នុង​នោះ​មាន​ 54​នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភព​លោក មានមនុស្ស​156,102នាក់​បាន​ឆ្លងមេរោគកូរ៉ូណា ក្នុង​នោះ​មាន​ 5,819​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធានាធិបតី​ហ្វីលីពីន ទទួល​បាន​លទ្ធ​ផល​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ

    ប្រធានាធិបតី​ហ្វីលីពីន ទទួល​បាន​លទ្ធ​ផល​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ

    ប្រធានាធិបតីរបស់​ប្រទេស​ហ្វីលីពីន លោក​ Rodrigo Duterte បាន​ទទួល​លទ្ធ​ផល​នៃ​ការ​​ធ្វើ​តេស្ត​រក​មេរោគកូរ៉ូណា COVID-19 ហើយ ដោយ​លោក​ត្រូវ​បាន​បញ្ជាក់​ថា អវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ។

    សមាជិកព្រឹទ្ធសភាម្នាក់ គឺលោក Christopher Lawrence Go ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធានាធិបតី​ហ្វីលីពីន បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ COVID-19 កាល​ពី​ថ្ងៃទី​12មីនា បន្ទាប់​ពី​បាន​នៅ​ក្បែរ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរគណៈ​រដ្ឋមន្ត្រី ដែល​ពួក​គេ​ធ្លាប់​បាន​នៅ​ក្បែរ​​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។​

    លោក Go បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃការ​ធ្វើ​តេស្ត​បាន​​បង្ហាញ​ថា លោក​ និង​លោក​ប្រធានាធិបតី Duterte សុទ្ធ​តែ​មិន​មាន​ផ្ទុក​វីរុស​ COVID-19 នោះ​ទេ។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​ហ្វីលីពីន មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ 98នាក់ ក្នុងនោះ​មាន​ 8នាក់​ បាន​បាត់​បង់​ជីវិត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    លោក Nasser Shabani ដែល​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិត ក្រោយ​ពី​បាន​ឆ្លង​មេរោគ​រលាក​សួត​ថ្មី COVID-19។

    ការ​ស្លាប់​របស់​មេបញ្ជាការ​ Shabani ត្រូវ​បាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ FARS បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​ទី14មីនានេះ​។ លោក Shabani គឺជា​មេបញ្ជា​ការ​ជាន់​ខ្ពស់​បំផុត​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC)។ លោកបាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19។

    សារ​ព័ត៌មាន​ FARS មិន​បាន​រាយ​ការណ៍​អំពីមូលហេតុ​ដែល​លោក​ Shabani បាន​ឆ្លង​មេរោគ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​អាយុ​របស់​លោក​នោះ​ដែរ។ ក៏ប៉ុន្តែ លោក Shabani បាន​ចូល​រួម​បម្រើ​កង​ទ័ព​ចាប់​ពី​ឆ្នាំ​1982 នៅ​ក្នុង​សម័យ​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់។

    នៅប្រទេស​​អ៊ីរ៉ង់ មេរោគ​កូរ៉ូណា បាន​ឆ្លង​ទៅ​មនុស្ស​​ចំនួន 12,729​នាក់ ក្នុង​នោះ​មាន​ 611នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន 148,306​នាក់ ក្នុង​នោះ​មាន​ 5,539​នាក់​ស្លាប់ និង​ 71,718​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស