Tag: corona

  • តាមដានស្ថានការណ៍អាសន្នរោគ Corona នៅទូទាំងពិភពលោក ដោយ​ខ្លួន​អ្នក​ តាម​រយៈផែនទីទិន្នន័យនេះ

    តាមដានស្ថានការណ៍អាសន្នរោគ Corona នៅទូទាំងពិភពលោក ដោយ​ខ្លួន​អ្នក​ តាម​រយៈផែនទីទិន្នន័យនេះ

    ក្រុមអ្នកស្រាវជា្រវបានបង្កើតផែនទីមួយដើម្បីបង្ហាញអំពីទិន្នន័យនៃចំនួនករណីឆ្លងមេរោគ Corona និងតំបន់ដែលរងការរាតត្បាតនៃមេរោគនេះ ដោយយោងទៅតាមរបាយការណ៍ពីប្រភពព័ត៌មានគួរជាទីទុកចិត្ត។

    ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគ Corona ដែលមានប្រភពពីតំបន់ Wuhan បាន​កើនឡើងដល់ 106នាក់ និងចំនួនអ្នកឆ្លងមេរោគនេះក៏កើនដល់ជាង 4500នាក់។ ដោយមើលឃើញភាពចាំ​បាច់ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Johns Hopkins បាននាំគ្នាបង្កើតផែនទីដើម្បីតាមដានស្ថានការណ៍នៃការវិវដ្ដរបស់មេរោគ និងដើម្បីបង្ហាញអំពីទិន្នន័យនានាទាក់ទិននឹងអាសន្នរោគនេះ ដោយប្រើប្រាស់ទិន្ន​ន័យដែលបានមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៃប្រទេសចិន និងបណ្ដាប្រទេសក្នុងពិភពលោក រួមនិងអង្គការសុខភាពពិភពលោក។ល។

    នៅពេលមានរបាយការណ៍ថ្មី ផែនទីនេះនឹងធ្វើបច្ចុប្បន្នភាពអំពីចំនួនករណីឆ្លង និងករណីស្លាប់ រួមនិងអ្នកជម្ងឺដែលបានជាសះស្បើយ ទៅតាមពេលវេលាជាក់ស្ដែង (Real Time)។ ចំនុចក្រហមគឺបង្ហាញពីទីកន្លែងដែលមានអ្នកឆ្លងរោគ។ ទំហំនៃចំនុចក្រហម គឺស្មើនឹងចំនួនអ្នកឆ្លងមេរោគ។ នៅពេលចុចទៅលើចំនុចក្រហម វានឹងបង្ហាញ​ព័ត៌មាននៃតំបន់ ពេលវេលានៃការធ្វើបច្ចុប្បន្នភាព និងប្រភពព័ត៌មាន។ នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង គឺជាមុខងារពង្រីក និងបង្រួមទីតាំង ដើម្បីងាយស្រួលក្នុងការពិនិត្យមើលទិន្នន័យ។

    មកដល់បច្ចុប្បន្ន ចំនួនប្រទេសដែលបានប្រកាសថាបានរកឃើញអ្នកជំងឺរលាកសួត Corona គឺ​ចំនួន​16​ប្រទេស បូករួមទាំងកោះតៃវ៉ាន់។

    នៅប្រទេសចិន យ៉ាងហោចណាស់មានមនុស្សជាង33លាននាក់ រងផលប៉ះពាល់ពីអាសន្នរោគនេះ បន្ទាប់ពីវាបានឆ្លងរាលដាលខ្លាំងនាំឱ្យអាជ្ញាធរចេញបម្រាមគោចរនៅទីក្រុង Wuhan និងបណ្ដាទីក្រុងជាច្រើនផ្សេងទៀតដែលនៅក្បែរៗតំបន់ Wuhan នេះគឺមិនទាន់និយាយដល់ផលប៉ះពាល់ទៅលើប្រជាជននៃបណ្ដាប្រទេសក្នុងពិភព​លោក​។

    សូម​ចុច​ទី​នេះដើម្បី​ចូល​ទៅ​មើល​ទិន្ន​ន័យស្ដី​អំពី​បច្ចុប្បន្ន​ភាព​នៃ​អាសន្ន​រោគ​ Corona នៅ​ទូ​ទាំង​ពិភព​លោក

    ប្រភព៖ ព័ត៌មានបរទេស

  • ក្រសួងហិរញ្ញវត្ថុចិនទម្លាក់ថវិកា 11,200លានយន់តតាំងសង្គ្រាមរោគឆ្លង វីរុសរលាកសួត

    ក្រសួងហិរញ្ញវត្ថុចិនទម្លាក់ថវិកា 11,200លានយន់តតាំងសង្គ្រាមរោគឆ្លង វីរុសរលាកសួត

    ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់ថា រហូតមកដល់ម៉ោង 00.00នាទី នៃថ្ងៃទី27 នេះអង្គភាពផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនេះបានគាំទ្រថវិកាបន្ថែមហើយ ដោយចំនួនទឹកប្រាក់ 11,200យន់(ប្រមាណ 1,600លានដុល្លារ)សម្រាប់ការចាត់ការរៀបចំរកគ្រឿងឧបករណ៍ ធនធានមនុស្ស និងវិធានការផ្សេងៗទៀតដើម្បីការពារ និងគ្រប់គ្រងជំងឺរលាកសួតដ៏គួរឱ្យខ្លាចនេះឱ្យបាន។

    1,600លានដុល្លារនេះអាច​ជួយ​ទ្រទ្រង់សម្រាប់ការចាត់ការរៀបចំរកគ្រឿងឧបករណ៍ ធនធានមនុស្ស និងវិធានការផ្សេងៗទៀត

    របាយការណ៍បានបន្ថែមថា បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបណ្ដាលមកពីមេរោគវីរុស កូរ៉ូណាប្រភេទថ្មី អង្គភាពផ្នែកហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុគ្រប់លំដាប់ថ្នាក់បានដំណើរការតាមបញ្ជារបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន ដើម្បីជំរុញឱ្យទទួលបានការសម្រេចអនុម័តតាមដំណាក់កាលផ្សេងៗរបស់រដ្ឋសភា ក្នុងការធានាលើការរៀបចំថវិកា ដើម្បីមិនឱ្យបញ្ហាខាងផ្នែកហិរញ្ញវត្ថុនេះប៉ះពាល់ដល់ការការពារ និងគ្រប់គ្រងជំងឺឆ្លងមួយនេះ។

    ដោយឡែក ចំនួនអ្នកផ្ទុកមេរោគរលាកសួត វូហាន នៅក្នុងប្រទេសចិនកាលពីវេលាម៉ោង 11.15 ថ្ងៃនេះ(27 មករា)ម៉ោងក្នុងប្រទេសកម្ពុជា ស្ថិតក្នុងចំនួន 2,753នាក់ និងស្លាប់បាត់បង់ជីវិតទាំងអស់ 80នាក់ហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនប្រើថ្នាំព្យាបាលអេដស៍ ព្យាបាលជំងឺរលាកសួតថ្មី Wuhan

    ចិនប្រើថ្នាំព្យាបាលអេដស៍ ព្យាបាលជំងឺរលាកសួតថ្មី Wuhan

    គណៈកម្មាធិការសុខាភិបាលក្រុងប៉េកាំង បានឱ្យដឹងថា មន្ទីរពេទ្យចំនួន3 ផ្សេងគ្នា កំពុងប្រើថ្នាំព្យាបាលជំងឺអេដស៍ដើម្បីទប់ទល់ជំងឺរលាកសួតថ្មី nCoV (corona)។

    ព័ត៌មានខាងលើនេះ ត្រូវបានគេចុះផ្សាយឱ្យដឹងនៅថ្ងៃទី26 ខែមករានេះ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ក្រុមមន្ត្រីសុខាភិបាលចិនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ nCoV (ជា​មេរោគបង្កឱ្យរលាកសួតថ្មី corona)។

    វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ nCoV

    យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការវេជ្ជសាស្ត្រក្រុងប៉េកាំង ប្រភេទថ្នាំដែលកំពុងប្រើប្រាស់មានឈ្មោះថា Lopinavir និង Ritonavir នេះ ត្រូវបានគេពិសោធឃើញថា មានប្រសិទ្ធភាពក្នុងការព្យាបាលប្រឆាំងនឹងមេរោគដ៏មហាប្រល័យ corona នេះ។

    មន្ទីរពេទ្យទាំង3 ដែលទទួលបញ្ជាឱ្យពិសោធថ្នាំអេដស៍ទៅលើអ្នកជំងឺរលាកសួតថ្មីនេះ រួមមាន មន្ទីរពេទ្យ Beijing Ditan មន្ទីរពេទ្យ Beijing You’an និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រលេខ5 នៃមន្ទីរពេទ្យពហុព្យាបាលយោធានៃប្រទេសចិន។

    ប្រភពព័ត៌មានបានឱ្យដឹងថា លទ្ធផលនៃការប្រើប្រាស់ថ្នាំ Lopinavir រួមជាមួយនឹងថ្នាំ Ritonavir មកទល់នឹងពេលនេះ គឺមានប្រសិទ្ធភាពច្រើន។

    សូមរំឭកថា កាលពីថ្ងៃទី25 មករា(ម្សិលមិញ) លោកវេជ្ជបណ្ឌិត Liang Wudong អាយុ 62ឆ្នាំ ដែលជាអ្នកព្យាបាល​អ្នកជំងឺរលាកសួត wuhan បានស្លាប់បាត់បង់ជីវិត(ដោយសារឆ្លងមេរោគដ៏សាហាវនេះ)។ ទីភ្នាក់ងារសារព័ត៌មានចិននានា បានចេញផ្សាយថា លោក Liang Wudong គឺជាវេជ្ជបណ្ឌិតសំខាន់ជាងគេ ដែលចំណាយពេលច្រើននៅក្បែរ និងព្យាបាលអ្នកជំងឺរលាកសួតដោយមេរោគ nCoV នៅមន្ទីរពេទ្យ Hubei Xinhua ចាប់តាំងពីអាសន្នរោគនេះបានផ្ទុះឡើង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វៀតណាមបញ្ជូនអ្នកដំណើរ 10នាក់ទៅកាន់មន្ទីរពេទ្យ ដោយសង្ស័យថាបានឆ្លងមេរោគរលាកសួតថ្មី wuhan

    វៀតណាមបញ្ជូនអ្នកដំណើរ 10នាក់ទៅកាន់មន្ទីរពេទ្យ ដោយសង្ស័យថាបានឆ្លងមេរោគរលាកសួតថ្មី wuhan

    មន្ទីរពេទ្យ Da Nang នៃប្រទេសវៀតណាម បានរកឃើញ និងបានដាក់អ្នកដំណើរចំនួន 10នាក់ឱ្យនៅដាច់ដោយឡែក ក្នុងនាយកដ្ឋានវេជ្ជសាស្ត្រត្រូពិក ដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកមេរោគរលាកសួត Wuhan។

    កាលពីព្រឹកមិញ (26 មករា) អគ្គនាយករងនៃមន្ទីរពេទ្យ Da Nang លោក Nguyen Thanh Trung បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំង10នាក់ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកទាំងនោះ គឺមានជនជាតិចិន 6នាក់ ជនជាតិឆែកម្នាក់ និងជនជាតិវៀតណាម 3នាក់។

    វេជ្ជបណ្ឌិតវៀតណាមម្នាក់បានឱ្យដឹងថា ក្នុងចំណោមជនជាតិចិនទាំងនោះ មិនមានអ្នកណាម្នាក់មកពីក្រុង Wuhan ទេ។

    យោងតាមរបាយការណ៍ដំបូងពីអាជ្ញាធរ មានមនុស្សប្រហែល 15នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ Da Nang ប្រទេសវៀតណាម។ មនុស្សមួយចំនួនទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីមានលទ្ធផលបញ្ជាក់ថា មិនមានផ្ទុកមេរោគរលាកសួត corona ។

    លោក Nguyen Thanh Trung បានឱ្យដឹងថា អ្នកដំណើរខាងលើទាំងអស់ត្រូវបានគេរកឃើញថា មានអាការក្ដៅខ្លួនខ្លាំង ពិសេសគឺអ្នកទេសចរជនជាតិចិន។ ក្រៅពីនេះ គឺជាបុគ្គលិកសណ្ឋាគារ រីហ្សត និងបុគ្គលិកនៅព្រលានយន្តហោះដែលធ្លាប់បាននៅក្បែរអ្នកទេសចរចិន។

    លោក Nguyen Tien Hong អនុប្រធានមន្ទីរសុខាភិបាលក្រុង Da Nang ក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី25 កន្លងទៅ អ្នកទេសចរម្នាក់មកពីខេត្ត Hunan ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានពិនិត្យឃើញថា មានកម្ដៅខ្លួនឡើងដល់ 38,8អង្សាសេ។

    បច្ចុប្បន្ន ក្រុង Da Nang មិនទាន់មានករណីឆ្លងមេរោគរលាកសួតថ្មី Corona nCoV នៅឡើយ ប៉ុន្តែ ប៉ុន្មានថ្ងៃមុន អាជ្ញាធរក្រុង Da Nang ក៏ធ្លាប់បានរកឃើញភ្ញៀវទេសចរ 2នាក់ដែលមានកម្ដៅខ្លួនខ្ពស់ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ សំណាងល្អ ពួកគេមិនបានឆ្លងមេរោគដ៏សាហាវនេះទេ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួនអ្នកស្លាប់ដោយសារមេរោគ corona កើនដល់ 56នាក់ ខណៈអ្នកឆ្លងមេរោគនេះកើនដល់…

    ចំនួនអ្នកស្លាប់ដោយសារមេរោគ corona កើនដល់ 56នាក់ ខណៈអ្នកឆ្លងមេរោគនេះកើនដល់…

    ប្រទេសចិនបានទទួលស្គាល់ថា ជនរងគ្រោះជិត 2,000ករណីបានឆ្លងមេរោគរលាកសួត Wuhan គិតមក​ដល់​យប់​ថ្ងៃ​ទី25 មករា ដែលក្នុងនោះអ្នកស្លាប់បានកើនដល់ 56នាក់ហើយ។

    ទូរទស្សន៍ចិន CCTV នៅថ្ងៃនេះ បានផ្សាយថា ជនរងគ្រោះដែលបានឆ្លងមេរោគ corona បានកើនដល់ 1,975​ករណី។ ក្នុងចំណោមអ្នកស្លាប់ថ្មីៗបំផុតនៅប្រទេសចិន គឺមាន 13ករណីកើតឡើងនៅខេត្ត Hebei ដែលជាតំបន់ឆ្លងមេរោគនេះមុនគេ និង 1ករណីទៀតនៅក្រុង Shanghai។

    មកដល់ពេលនេះ ក្រុង Wuhan និងក្រុងជាច្រើនទៀតក្នុងខេត្ត Hebei នៃប្រទេសចិន ត្រូវអាជ្ញាធរបិទការចេញ-ចូលទាំងស្រុង ហើយការដើរហើរនៅទីនោះត្រូវបានរឹតបន្តឹង និងមានការប្រុងប្រយ័ត្នខ្ពស់។

    ក្រៅពីចិន ដែលជាប្រទេសរងគ្រោះដំបូងគេ បច្ចុប្បន្ន មេរោគនេះបានឆ្លងទៅដល់ប្រទេស និងកោះចំនួន 12ផ្សេងទៀត រួមមានប្រទេសថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កោះតៃវ៉ាន់ អាមេរិក វៀតណាម កូរ៉េខាងត្បូង និងប្រទេសនេប៉ាល ហើយថ្មីៗនេះ ប្រទេសកាណាដាក៏បានប្រកាសថា មានករណីឆ្លងមេរោគ corona នេះជាករណីទី1 ដែរ ដែលជនរងគ្រោះជាពលរដ្ឋទើបត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន។

    អាជ្ញាធរទីក្រុង Toronto ប្រទេសកាណាដា បានឱ្យដឹងថា អ្នកដែលបានឆ្លងមេរោគនេះកំពុងមានស្ថានភាពធម្មតា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ Toronto គឺជាទីក្រុងធំជាងគេនៅប្រទេសកាណាដា ដែលមានទីតាំងនៅក្បែរព្រំដែនជាមួយសហរដ្ឋអាមេរិក។

    សូមរំឭកថា រោគសញ្ញានៃជម្ងឺរលាកសួតដែលបង្កដោយមេរោគ corona នេះ រួមមានដូចជា ក្ដៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងក្អក។ បច្ចុប្បន្ន គេមិនទាន់បង្កើតបានថ្នាំ ឬវ៉ាក់សាំងណាមួយសម្រាប់ទប់ទល់នឹងមេរោគនេះនៅឡើយទេ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រនៃបណ្ដាប្រទេសក្នុងលោក កំពុងដុតដៃដុតជើងក្នុងការរកវិធីប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វ៉ាក់​សាំង​ការ​ពារ​មេរោគ​រលាក​សួត​ Wuhan នឹង​មាន​ក្នុង​អំឡុង​3ខែ​ទៀត

    វ៉ាក់​សាំង​ការ​ពារ​មេរោគ​រលាក​សួត​ Wuhan នឹង​មាន​ក្នុង​អំឡុង​3ខែ​ទៀត

    វ៉ាក់​សាំង​ការ​ពារ​មេរោគ 2019-nCoV ដែល​ជាមេរោគបង្ក​ឱ្យ​មាន​ជម្ងឺ​រលាកសួតថ្មីនៅ​តំបន់ Wuhan ប្រទេស​ចិន អាច​នឹង​ត្រូវ​គេ​បង្កើតឡើង​រួច​រាល់​ និង​ចាប់​ផ្ដើម​ពិសោធនៅ​លើ​មនុស្ស​ក្នុង​អំឡុង​​ពេល​ប្រហែល​3ខែ​ទៀត។

    ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​នៃ​មន្ទីរ​វេជ្ជ​សាស្ដ្រ​ជាតិ​សហ​រដ្ឋ​អាមរិក ជួប​គ្នា​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​ និង​ធ្វើ​ការ​​ជា​មួយ​គ្នា​ជាបន្ទាន់​។ ដោយ​ការ​កំណត់អត្ត​សញ្ញាណ​លំដាប់ហ្សែន និង​កូដ​ហ្សែន​ អ្នក​វិទ្យា​សាស្ត្រ​អាច​ចាប់​ផ្ដើម​ដំណើរ​ការ​បង្កើត​​វ៉ាក់​សាំង​​ដោយ​មិន​បាច់​មាន​មេរោគ​គំរូ។

    3ខែ គឺ​ជា​រយៈពេល​​ដែល​លឿន​បំផុត​សម្រាប់​បង្កើត​ថ្នាំ​វ៉ាក់​សាំង​មួយ​ប្រភេទ​ ដែល​ធ្លាប់​ត្រូវ​បាន​ពិសោធ​នៅ​លើ​មនុស្ស​។ កាល​ពី​ឆ្នាំ​2003 ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​20ខែ ទើប​អាច​​បង្កើត​បាន​វ៉ាក់​សាំង​មួយ​ប្រភេទ​ដែល​ទប់​ទល់​នឹង​​អាសន្ន​រោគផ្លូវ​ដង្ហើម SARS។

    ទន្ទឹម​នឹង​អាមេរិក អ្នក​វិទ្យា​សាស្ត្រ​ឯក​រាជ​ជា​ច្រើន​ក្នុង​ពិភព​លោក​ក៏​បាន​រៀប​គម្រោង​ពិសោធ​វ៉ាក់​សាំង​ថ្មី​ និង​ចាត់​វិធាន​ការ​នានា​ដើម្បី​ទប់​ទល់​នឹង​​មេរោគ​ថ្មី nCoV (corona)។ ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ពី​ជ្រុង​ផ្សេង​ៗ​គ្នា បណ្ដា​ភ្នាក់​ងារ​ប្រតិ​កម្ម​នឹងអាសន្ន​រោគ​ និង​សុខ​ភាព​ទូទាំង​ពិភពលោក​ សង្ឃឹម​ថា យ៉ាង​ហោច​ណាស់ក៏នឹង​មាន​​រូប​មន្ត​ព្យា​បាល​មួយ​ដែល​អាច​យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​អំឡុង​​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

    បច្ចុប្បន្ន​ មន្ទីរ​ប្រតិ​កម្ម​ និង​ជម្ងឺ​ឆ្លង​ជាតិ​នៃ​មន្ទីរ​វេជ្ជ​សាស្ត្រ​ចិន កំពុងរួម​​សហ​ការណ៍​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ​ Moderna របស់​អាមេរិក ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់​សាំង​​ដែល​យោង​ទៅ​លើ​អាស៊ីត ribonucleic (ARN) ដែល​ជា​ម៉ូលេគុល​ polyme មាន​តួនាទីច្រើន​ក្នុង​ផ្នែកជីវសាស្ត្រ​​ ក្នុង​ការ​បង្កើត​កូដ អាន​កូដ សម្រួល​ និង​បង្ហាញ​ហ្សែន​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​សកល​វិទ្យា​ល័យ​ Queensland នៃ​ប្រទេស​អូស្ត្រាលី ក៏​កំពុង​ពិសោធ​ថ្នាំ​វ៉ាក់​សាំង​មួយ​ប្រភេទ​​ដែល​អាច​ប្រើ​នៅ​លើ​រាង​កាយ​មនុស្ស​ក្រោម​រូប​ភាព​ម៉ូលេគុល។ នេះ​គឺ​ជា​ដំណើរ​ការ​ជា​​មូល​ដ្ឋាន​ដើម្បី​ឱ្យ​រាង​កាយ​មនុស្ស​អាច​ទប់​ទល់​នឹង​មេរោគ​ឆ្លង​ពី​សត្វ។

    ជាង​នេះ​ Novavax ដែល​ជា​ក្រុម​ហ៊ុន​មាន​ស្នាដៃក្នុងការ​បង្កើត​វ៉ាក់​សាំង​​ប្រឆាំង​ជម្ងឺ MERS ក៏​កំពុង​ពិសោធ ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់​សាំង​​ការ​ពារ​មេរោគ​រលាក​សួត​​ថ្មីនេះ​ដែរ​។

    សកម្ម​ភាព​ពិសោធន៍ និង​បង្កើត​ថ្នាំ​វ៉ាក់​សាំង​ បាន​ក្លាយ​ជា​រឿង​បន្ទាន់​នា​បច្ចុប្បន្ន ខណៈ​ដែល​ចំនួន​អ្នក​សា្លប់​ដោយ​សារ​មេរោគ​រលាក​សួត​ Wuhan បាន​កើន​ឡើង​ដល់​ 41នាក់​គិត​មក​ដល់​​ថ្ងៃ​នេះ ចំណែក​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​ក៏​កើន​ដល់​ជាង​ 1000 នាក់។​

    ជម្ងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ corona នេះ បានឆ្លង​រាល​ដាល​ពី​ប្រទេស​ចិន ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក ក្នុង​នោះ​វា​ក៏​បាន​ឆ្លង​ទៅ​ដល់​អាមេរិក​ និង​ឥណ្ឌា​ផងដែរ៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

  • មន្ទីរ​ពិសោធន៍​នៅ​ Wuhan ត្រូវ​គេ​សង្ស័យ​ថា​ បាន​ “រំដោះ” មេរោគ Corona

    មន្ទីរ​ពិសោធន៍​នៅ​ Wuhan ត្រូវ​គេ​សង្ស័យ​ថា​ បាន​ “រំដោះ” មេរោគ Corona

    មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​នៅ​តំបន់​ Wuhan ដែលមាន​ចម្ងាយ​ពី​ផ្សារ​គ្រឿង​សមុទ្រ​ Huanan 32 គីឡូម៉ែត្រ កំពុង​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​ថា បាន​ធ្វើ​ឱ្យ​រួច​​ 2019-nCoV (ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវការ​​នៃ​មេរោគរលាក​សួត​ Wuhan ឬ corona) ដែល​ជា​មេរោគ​បង្កជម្ងឺ​រលាក​សួត​​ដែល​កំំ​ពុង​រាតត្បាត​ពិភព​លោក​។

    អាសន្ន​រោគ​រលាក​សួត​ថ្មីដែល​បង្ក​ឡើង​ដោយ​មេរោគ nCoV ជា​លើក​ដំបូង​នៅ​ក្រុង​ Wuhan ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​សត្វ​គ្មាន​ម្ចាស់​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​ Huanan។ ក្រៅ​ពី​ប្រទេស​ចិន ជម្ងឺ​នេះ​ក៏បាន​រាល​ដាល​ឆ្លង​ទៅ​ដល់​បណ្ដា​ប្រទេស​ក្នុង​ពិភព​លោក ក្នុង​នោះ​មាន​ប្រទេស​ថៃ ជប៉ុន កូរ៉េខាង​ត្បូង អាមេរិក សិង្ហបុរី នេប៉ាល បារាំង អូស្ត្រាលី ម៉ាឡេស៊ី និង​វៀត​ណាម។

    យ៉ាង​នេះ​ក្ដី អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​គិត​ថា មេរោគដ៏មហា​ប្រល័យ​នេះ​អាច​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍ដែល​ដាក់​នៅ​ក្នុង​មន្ទីរ​សុវត្ថិភាព​ជីវសាស្ត្រ​ជាតិ Wuhan (WNBL) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​2015។ លោក Tim Trevan អ្នក​វិទ្យា​សាស្ត្រ​សុវត្ថិ​ភាព​ជីវសាស្ត្រ បាន​ឱ្យ​ដឹង​ថា មេរោគ SARS ក៏​ធ្លាប់បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍រោគ​ឆ្លង​នៅ​ក្រុង​ប៉េកាំង​ផងដែរ​។ អ្នក​វិទ្យា​សាស្ត្រ​រូប​នេះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភនៅ​ពេល​មេរោគ​រលាក​សួត​បន្ត​ឆ្លង​រាល​ដាល ហើយ​លោក​ក៏​​បាន​សង្ស័យថា ​មន្ទីរ​ពិសោធន៍​ខាង​លើ​អាច​មាន​ការ​ធ្វេស​ប្រហែស​ ធ្វើ​ឱ្យ​មេរោគ​រួច​ចេញ​មក​ក្រៅ​។

    គួរ​បញ្ជាក់​ថា មន្ទីរ​ពិសោធន៍​សុវត្ថិ​ភាព​ជីវ​សាស្ត្រ​ជាតិ​ Wuhan (WNBL) បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ 2017 ដើម្បីពិសោធ​លើ​មេរោគ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​លោក ដូច​ជា SARS និង Ebola ជា​ដើម។ មន្ទីរ​ពិសោធន៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​រវាង​ចិន និង​បារាំង ដើម្បី​ទប់ស្កាត់ និង​គ្រប់​គ្រង​មេរោគ​ដែល​គ្រោះ​ថ្នាក់​បំផុត​ក្នុង​លោក​។

    តាម​សេចក្ដី​រាយ​ការណ៍​នានា​បញ្ជាក់​ថា WNBL នេះ​ គឺ​ជា​មន្ទីរ​ពិសោធន៍​​មួយ​ដែល​មាន​​សុវត្ថិ​ភាព​បំផុត​ក្នុង​ពិភព​លោក។

    នៅ​​ព្រឹក​ថ្ងៃ​ទី​ 25 នេះ អាជ្ញា​ធរ​ខេត្រ Hubei នៃ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា មាន​15ករណី​បន្ថែម​ទៀត​ដែល​ស្លាប់​ដោយ​សារ​មេរោគ​រលាក​​សួត​នេះ​ ខណៈ​ដែល​នៅ​លើ​ពិភព​លោក មាន​អ្នក​ឆ្លង​មេរោគ​នេះ​ជាង​1000នាក់​។ មក​ដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​នេះ កើន​ដល់​ 41ករណី។

    ប្រទេស​ចិន​បាន​បិទ​ទ្វារ​មួយ​ផ្នែក​នៃ​មហា​កំផែង ​និង​តំបន់​ល្បី​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉េកាំង រួមនិងទី​ក្រុង​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍ ក្នង​នោះ​ ទី​ក្រុង​ចំនួន​13 ក្នុង​ខេត្រ​ Hubei ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ទាំង​ស្រុង៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មេរោគចម្លែកៗ និងគ្រោះថ្នាក់រាប់សិបប្រភេទ អាចរំដោះខ្លួន និងឆ្លងមកមនុស្ស បន្ទាប់ពីទន្លេទឹកកកនៅភ្នំទីបេត៍ រលាយ

    មេរោគចម្លែកៗ និងគ្រោះថ្នាក់រាប់សិបប្រភេទ អាចរំដោះខ្លួន និងឆ្លងមកមនុស្ស បន្ទាប់ពីទន្លេទឹកកកនៅភ្នំទីបេត៍ រលាយ

    ទឹកកកដែលបានរលាយនៅលើតំបន់ខ្ពង់រាបទីបេត៍ ដោយសារបម្រែបម្រួលអាកាសធាតុ អាចជាកត្តាជួយរំដោះមេរោគរាប់សិបប្រភេទដែលជាប់គាំងនៅក្នុងទឹកកកតាំងពីរាប់រយ ដល់រាប់ម៉ឺនឆ្នាំមុន ហើយមេរោគចម្លែកៗ និងប្រកបដោយគ្រោះថ្នាក់ទាំងនោះ អាចនឹងបង្កគ្រោះអាសន្នដល់សុខភាព ក៏ដូចជាជីវិតមនុស្សក្នុងពិភពលោកនេះផងដែរ។

    យោងតាមលទ្ធផលនៃការពិសោធស្រាវជ្រាវដែលបានចុះផ្សាយនៅលើទំព័រទិន្នន័យវិទ្យាសាស្ដ្រ bioRxiv បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញមេរោគ 33ប្រភេទមានអាយុចាប់ពី 520 ទៅ 15,000ឆ្នាំ ដែលជាប់គាំងនៅក្នុងសមុទ្រទឹកកកដ៏ធំមួយនៅលើតំបន់ខ្ពង់រាបទីបេត៍ ភាគពាយព្យនៃប្រទេសចិន ក្នុងនោះមានមេរោគ 28ប្រភេទ មិនធ្លាប់ត្រូវបានគេស្គាល់ពីមុនមក។
    លទ្ធនៃការស្រាវជ្រាវនេះត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យទៅលើស្នូលទឹកកកបុរាណចំនួន 2ផ្ទាំងដែលយកមកពីទន្លេទឹកកក Guliya កាលពីឆ្នាំ1992 និងឆ្នាំ2015។

    មេរោគដែលត្រូវបានគេរកឃើញនៅក្នុងស្នូលទឹកកកទាំង 2នោះ មានភាពខុសគ្នាយ៉ាងច្រើន ដែលនេះអាចបណ្ដាលមកពីកត្តាអាកាសធាតុមានភាពខុសគ្នាក្នុងអំឡុងពេលទឹករាវប្រែជាកក។

    ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញពីការព្រួយបារម្ភចំពោះផលវិបាកនៃការរលាយទឹកកកនៅខ្ពង់រាបទីបេត៍ថា ៖ “ការដែលសមុទ្រទឹកកកបានបង្រួមផ្ទៃក្រឡារបស់វាយ៉ាងលឿនដោយសារបម្រែបម្រួលអាកាសធាតុ វាអាចធ្វើឱ្យបាត់បង់ទិន្នន័យស្ដីពីមេរោគទាំងនោះ ដែលវាអាចជួយឱ្យអ្នកវិទ្យាសាស្ត្រដឹងអំពីអាកាសធាតុកាលពីអតីតកាល។ ប៉ុន្តែ នេះមិនមែនជាបញ្ហាធំបំផុតនោះទេ។

    ទន្លេទឹកកកទីបេត៍ គឺជាជម្រកនៃពពួកមេរោគចម្លែកៗដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានគ្រប់ពេល

    ការរលាយនៃទឹកកកក្នុងទន្លេទីបេត៍ អាចជាច្រកចេញមួយដែលជួយដោះលែងពពួកមេរោគ បាក់តេរី និងវីរុសដ៏គ្រោះថ្នាក់រាប់សិបប្រភេទ ចេញពីតំបន់នោះ ហើយពួកវាអាចឆ្លងមកសត្វ និងឆ្លងមកមនុស្ស ដែលជាហេតុអាចនាំឱ្យមានការផ្ទុះឡើងនូវអាសន្នរោគដូចគ្នានឹងមេរោគរលាកសួត Wuhan ដែលកំពុងរាតត្បាតពិភពលោកនាពេលបច្ចុប្បន្នដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

    មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត
    ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
    អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…
    មេរោគរលាកសួតថ្មី Wuhan បានឆ្លងដល់ប្រទេសជិតខាងកម្ពុជា

  • មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត

    មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត

    មេរោគ Corona ប្រភេទថ្មី ដែលធ្វើឱ្យកើតជម្ងឺរលាកសួត និងសម្លាប់មនុស្សយ៉ាងឆាប់រហ័ស បានរាលដាលដល់ប្រទេសថៃ ជប៉ុន កូរ៉េខខាងត្បូង ហើយថ្មីៗនេះវាបានឆ្លងទៅដល់កោះតៃវ៉ាន់ បណ្ដាលឱ្យពិភពលោកភ័យខ្លាចជាខ្លាំង។ ដើម្បីការពារជីវិតរបស់យើងកុំឱ្យឆ្លងមេរោគនេះ តើយើងត្រូវធ្វើដូចម្ដេចខ្លះ?

    មេរោគ Corona (Coronavirus) ដែលជាមូលហេតុនាំឱ្យរលាកសួតចម្លែកដែលបានកើតឡើងនៅតំបន់ Wuhan ប្រទេសចិន គឺជាមេរោគប្រភេទថ្មីបំផុតដែលទើបត្រូវបានរកឃើញ ដូច្នេះ នៅមានប្រការជាច្រើនដែលអ្នកវិទ្យាសាស្ដ្រមិនដឹងច្បាស់អំពីមេរោគនេះ។ យ៉ាងនេះក្ដី បើតាមទូរទស្សន៍ CNN ដោយសារតែប្រភេទមេរោគថ្មីនេះគឺជា “បងប្អូន” របស់មេរោគដែលធ្លាប់បានបង្កឱ្យមានអាសន្នរោគ SARS និង MERS ដូច្នេះអ្នកវិទ្យាសាស្ដ្រក៏ក្ដាប់បានមូលដ្ឋានគ្រឹះស្ដីពីមេរោគនេះ។

    អ្នកវិទ្យាសាស្ត្រ Leo Poon ដែលជាអ្នកបានវិភាគមេរោគ corona យល់ថា ប្រភេទមេរោគថ្មីនេះប្រាកដជាបានកើតនៅលើសត្វ រួចហើយបានឆ្លងមកមនុស្ស។

    លោក Poon ដែលជាអ្នកឯកទេសខាងមេរោគនៅសកលវិទ្យាល័យវេជ្ជសាស្ត្រសាធារណៈហុងកុងបានថ្លែងថា ៖ “អ្វីដែលយើងខ្ញុំដឹងនោះគឺថា វាបង្កឱ្យមានជម្ងឺរលាកសួត ហើយក្រោយមកវាក៏មិនមានប្រតិកម្មអ្វីជាមួយនិងការព្យាបាលដោយថ្នាំសម្លាប់មេរោគ (មានន័យថា មេរោគនេះនឹងមិនងាប់ បើទោះប្រើថ្នាំសម្លាប់វាក៏ដោយ)។ ប្រការនេះគេមិនភ្ញាក់ផ្អើល ព្រោះថាមេរោគ SARS ក៏ធ្លាប់ឆក់យកជីវិតអ្នកជម្ងឺរហូតដល់10% នៃអ្នកកើតរោគនេះ។

    ខាងក្រោមនេះ គឺជាអ្វីដែលលោកអ្នកត្រូវដឹងអំពីមេរោគដ៏កាចសាហាវនេះ៖

    មេរោគ corona គឺជាអ្វី?

    យោងតាមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងអាសន្នរោគអាមេរិក មេរោគ corona គឺជាត្រកូនធំមួយដែលរួមមានប្រភេទផ្សេងៗគ្នា ដែលមានភាគច្រើននៅលើសត្វ។ ក្នុងករណីកម្រមួយចំនួន ពួកមេរោគនេះ អាចឆ្លងពីសត្វមកមនុស្ស។

    អាការរបស់អ្នកជម្ងឺបន្ទាប់ពីបានឆ្លងមេរោគ corona

    មេរោគប្រភេទនេះ បណ្ដាលឱ្យអ្នកជម្ងឺជួបបញ្ហាលើប្រព័ន្ធដង្ហើម ចាប់ពីស្រាល ដល់មធ្យម ស្រដៀងទៅនឹងអាការគ្រុនក្ដៅ។

    រោគសញ្ញាដែលបង្ហាញថា បានឆ្លងមេរោគនេះ រួមមាន ហៀរសម្បោរ ក្អក ឈឺបំពង់.ក ហើយអាចឈឺក្បាល និងក្ដៅខ្លួន។ រោគសញ្ញាទាំងនេះ អាចអូសបន្លាយច្រើនថ្ងៃ។

    សម្រាប់មនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មនុស្សចាស់ កុមារជាដើម មេរោគ corona នេះ នឹងធ្វើឱ្យកើតជម្ងឺទាក់ទិននឹងផ្លូវដង្ហើបផ្នែកខាងក្រោម ដូចជារលាកសួត ឬរលាកទងសួត។

    របៀបឆ្លងនៃមេរោគនេះ

    ក្រុមមេរោគ corona អាចឆ្លងរាលដាលតាមរយៈការប៉ះពាល់រវាងមនុស្ស និងសត្វ។ អ្នកវិទ្យាសាស្ត្រយល់ថា ក្រុមមេរោគ corona ដូចជា MERS បានចាប់ផ្ដើមឆ្លងពីសត្វឩដ្ឋមកមនុស្ស ខណៈដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា សត្វសំពោចក្រអូបគឺជាដើមហេតុដែលនាំឱ្យជម្ងឺ SARS ផ្ទុះឡើង។

    ចំពោះមនុស្ស មេរោគនេះនឹងឆ្លងពីអ្នកនេះ ទៅអ្នកនោះ តាមរយៈជាតិទឹករងៃ ឬទឹកសម្បោរ ហើយវាក៏អាចឆ្លងតាមខ្យល់បន្ទាប់ពីអ្នកកើតជម្ងឺនេះកណ្ដាស់ ឬចាប់ដៃគ្នា។

    មេរោគនេះក៏អាចឆ្លងតាមរយៈការប៉ះចំរបស់ដែលអ្នកកើតជម្ងឺនេះបានកាន់ ព្រោះបន្ទាប់ពីបានប៉ះ ពួកគេប្រាកដជាយកដៃដែលជាប់មេរោគនោះទៅជូតមាត់ ភ្នែក ឬច្រមុះ។ អ្នកដែលបានថែទាំអ្នកជម្ងឺនេះក៏អាចឆ្លងរោគ នៅពេលច្រឡំដៃកាន់ចំរបស់ដែលអ្នកជម្ងឺបានប្រើដោយដៃទទេ នេះបើតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការអាសន្នរោគ) នៃសហរដ្ឋអាមេរិក។

    ព្យាបាលមេរោគ corona ដោយវិធីណា?

    មកដល់ពេលនេះ គេមិនទាន់រកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ករណីជាទូទៅ អាការនៃជម្ងឺនេះនឹងបាត់ទៅវិញឯកឯង។ គ្រូពេទ្យនឹងឱ្យលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបំបាត់គ្រុន។

    យោងតាម CDC ការនៅក្នុងបន្ទប់ដែលមានសំណើមសមល្មម ឬងូតទឹកក្ដៅ ក៏អាចជួយកាត់បន្ថយការឈឺបំពង់ក និងក្អក។

    អ្នកជម្ងឺគួរតែញ៉ាំទឹកឱ្យបានច្រើន សម្រាក និងគេងកាន់តែច្រើន កាន់តែល្អ។ ករណីដែលអាការកាន់តែធ្ងន់ធ្ងរ លោកអ្នកត្រូវតែទៅរកពេទ្យជាបន្ទាន់។

    ទប់ស្កាត់ជម្ងឺដែលបង្កឡើងដោយមេរោគ corona

    បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារមេរោគ corona នៅឡើយ។ ការពិសោធទៅលើវ៉ាក់សាំងការពារមេរោគ MERS កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។

    ប៉ុន្តែ លោកអ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនេះ ដោយការចៀសវាងការនៅក្បែរអ្នកជម្ងឺ។ រៀងរាល់ថ្ងៃ គួរកុំយកដៃដែលមិនទាន់លាងនឹងសាប៊ូទៅប៉ះមាត់ ភ្នែក និងច្រមុះ។ ចូរលាងដៃដោយប្រើសាប៊ូឱ្យបានញឹកញាប់ និងឱ្យបានយ៉ាងតិច20វិនាទី។ បើសិនលោកអ្នក គឺជាអ្នកជម្ងឺ សូមនៅសម្រាកក្នុងបន្ទប់ ចៀសវាងនៅក្បែរអ្នកផ្សេង។

    ចូរបិទមាត់ និងច្រមុះ នៅពេលកណ្ដាស់។ លោកអ្នកត្រូវលាងសម្អាតដោយសាប៊ូនូវរបស់ដែលលោកអ្នកបានកាន់ ដើម្បីកុំឱ្យឆ្លងទៅអ្នកផ្សេង។

    មេរោគ corona និងអ្នកមានផ្ទៃពោះ

    ជាមួយនឹងស្ត្រីមានផ្ទៃពោះ មេរោគ corona អាចបង្កផលវិបាកធ្ងន់ និងគ្រោះថ្នាក់ជាងគេ។ មានករណីស្ត្រីមានផ្ទៃពោះដែលឆ្លងមេរោគ corona ប្រភេទ MERS បានធ្វើឱ្យកូនក្នុងផ្ទៃត្រូវបាត់បង់ជីវិត កាលពីឆ្នាំ2014៕

    ប្រភព៖ សារព័ត៌មានបរទេស

    ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
    អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…