Tag: corona

  • អ្នកជំនាញចិនបញ្ជាក់៖ “ផ្សារលក់អាហារសមុទ្រវូហាន” មិនមែនជាប្រភពកំណើតមេរោគវីរុសកូរ៉ូណាវូហានតែមួយទេ

    អ្នកជំនាញចិនបញ្ជាក់៖ “ផ្សារលក់អាហារសមុទ្រវូហាន” មិនមែនជាប្រភពកំណើតមេរោគវីរុសកូរ៉ូណាវូហានតែមួយទេ

    អ្នកជំនាញការផ្នែកជំងឺសួតរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា ផ្សារលក់អាហារសមុទ្រក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ប្រទេសចិន អាចមិនមែនជាប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ។

    កាលពីថ្ងៃទី29 មករា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក ហួង ឆៅលីន អគ្គនាយករងមន្ទីរពេទ្យវូហាន ជីន យីនតាន់ បានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Caixin ថា អាចនឹងមានទីកន្លែងផ្សេងទៀតដែលចម្លងមេរោគនេះមកមនុស្ស។

    ទាំងអស់នេះ មន្ទីពេទ្យវូហាន ជីន យីនតាន់ គឺជាមន្ទីរពេទ្យមួយដែលទទួលអ្នកជំងឺឆ្លងមេរោគវីរុសកូរ៉ូណាច្រើនជាងគេ ខណៈដែលលោក ហួង ឆៅលីន និងក្រុមការងារបានបញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវថ្មីបំផុតមួយតាមរយៈព័ត៌មានពីគ្លីនិករបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី 41នាក់ដំបូងនៅក្នុងព្រឹត្តិបត្រព័ត៌មាន Lancet ដែលជាព្រឹត្តិបត្រខាងវេជ្ជសាស្ត្រលំដាប់ពិភពលោក។ ដោយអ្នកជំងឺដំបូងគេដែលបានបញ្ជូនចូលមកមន្ទីរពេទ្យរបស់លោក ហួង កាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 នោះ បានឱ្យការណ៍ថា មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ក្នុងទីក្រុងវូហានទេ ហើយក្រុមគ្រួសាររបស់អ្នកជំងឺនោះក៏មិនមានអាការគ្រុនក្ដៅ ឬមានអាការរោគខាងប្រព័ន្ធដង្ហើមដែរ។

    ក្នុងចំណោមអ្នកជំងឺ 3នាក់ដែលបានចូលមកព្យាបាលកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ក្នុងនោះមាន 2នាក់ ក៏មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណានដូចគ្នា តែតាមរយៈអ្នកជំងឺទាំងអស់ដែលបានបញ្ជាក់ខាងលើនោះ មានតែ 27នាក់ប៉ុណ្ណោះដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ដែលជាប្រភពសាយភាយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

    លោក ហួង បានថ្លែងថា នៅពេលពិចារណាតាមរយៈស្ថានការណ៍ជារួមហើយនោះ ផ្សារលក់អាហារសមុទ្រខាងលើ អាចមិនមែនជាប្រភពកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ គឺអាចនឹងមានកន្លែងចម្លងមេរោគនេះជាច្រើនផ្សេងទៀត ក៏អាចថាបានដែរ៕

  • ចំនួនអ្នកស្លាប់ដោយ​សារ​មេ​រោគ​វីរុស​ corona កើនដល់ 170នាក់ និងអ្នកឆ្លងកើនឡើងដល់…

    ចំនួនអ្នកស្លាប់ដោយ​សារ​មេ​រោគ​វីរុស​ corona កើនដល់ 170នាក់ និងអ្នកឆ្លងកើនឡើងដល់…

    ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារឆ្លងមេរោគរលាកសួតថ្មី corona បានកើនដល់ 170នាក់ និងអ្នកកំពុងផ្ទុកមេរោគនេះ មានចំនួន 7,711នាក់។

    គណៈកម្មាធិការសុខាភិបាលជាតិរបស់ប្រទេសចិន (NHC) បានឱ្យដឹងថា ករណីស្លាប់បន្ថែមដោយសារមេរោគវីរុស Corona (nCoV) មានចំនួន 38នាក់ និងចំនួនអ្នកដែលបានឆ្លងបន្ថែម មានដល់ទៅ 1,737ករណី គិតមកដល់ត្រឹមយប់ថ្ងៃទី29 មករា។

    ចំំំណែកអ្នកជំងឺប្រមាណជា 170នាក់ បានរួចផុតពីការស្លាប់ ពោលគឺ ពួកគេបានជាសះស្បើយពីជំងឺរលាកសួតនេះ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។

    ប្រភព៖ សារព័ត៌មានបរទេស

  • តើឈ្មោះរបស់មេរោគ Corona មានប្រភពចេញពីណា និងមានទំនាក់ទំនងអ្វីជាមួយស្រាបៀរ Corona របស់ម៉ិកស៊ិក?

    តើឈ្មោះរបស់មេរោគ Corona មានប្រភពចេញពីណា និងមានទំនាក់ទំនងអ្វីជាមួយស្រាបៀរ Corona របស់ម៉ិកស៊ិក?

    នៅពេលយើងស្វែងរកពាក្យ “corona” នៅលើ Google ភ្លាមនោះ យើងនឹងបានឃើញលទ្ធផលដ៏ច្របូកច្របល់ រវាងមេរោគ corona និងស្រាបៀរ corona។ តើ​ឈ្មោះ​មេរោគរលាក​សួត​ corona នេះ មាន​ប្រភព​ពី​ណា​?

    ប៉ុន្មានសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីជំងឺរលាកសួតដែលបង្កដោយមេរោគ Corona បានផ្ទុះឆ្លងរាលដាល ការស្វែងរកទិន្នន័យនៅលើ Google ទាក់ទិននឹងពាក្យ “corona” បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ហើយមិនមែនមានតែមនុស្សទេដែលជាអ្នកច្រឡំនោះ សូម្បីតែ Google ក៏ច្រឡំដែរ ដោយបានបង្ហាញលទ្ធផលយ៉ាងច្របូកច្របល់ រវាងមេរោគ corona និង ស្រាបៀរ 1ប្រភេទរបស់ប្រទេសម៉ិកស៊ិកដែលមានឈ្មោះដូចគ្នានេះដែរ។

    យោងតាមទំព័រ Miamiherald របស់អាមេរិកបានធ្វើឱ្យយើងដឹងថា ចំនួនលើកនៃការស្វែងរកពាក្យ “corona” មានច្រើននៅ Iowa និង Oklahoma ខណៈដែលអ្នកស្រុក Connecticut, New Hampshire និង New Mexico កំពុងស្វែងរកយ៉ាងច្របូកច្របល់វាងស្រាបៀរ និងមេរោគ corona មួយនេះ។ ចំណែកអ្នកស្រុកអូស្ដ្រាលី ឥណ្ឌា និងកាណាដាវិញ ក៏កំពុងស្វែងរកពាក្យដែលទាក់ទងនឹងស្រាបៀរ corona នេះដែរ។

    សាស្ត្រាចារ្យផ្នែកទីផ្សារនៃសាកលវិទ្យាល័យ Wayne (អាមេរិក) លោក Mitch Jeffrey Stoltman យល់ថា នេះគឺជាការករណីច្រឡំដ៏គួរឱ្យសោកស្ដាយ។

    ការច្រឡំបែបនេះក៏ធ្លាប់បានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ1980 ម្ដងដែរ ដែលកាលនោះជម្ងឺអេដស៍ (AIDS) បានឆ្លងរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យក្រុមហ៊ុនផលិតស្ករគ្រាប់សម្រកទម្ងន់ Ayds ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះវាមានឈ្មោះដែលអានទៅ មានសំនៀងដូចទៅនឹងជំងឺអេដស៍ដែរ។

    មនុស្សជាច្រើនបានឆ្ងល់ថា ហេតុអ្វីបានជាមេរោគបង្កជំងឺរលាកសួត Wuhan ត្រូវបានគេដាក់ឈ្មោះថា corona តើមេរោគនេះមានរូបរាងដូចមកុដស្ដេច (តាមភាសាម៉ិកស៊ិក) មែនទេ?

    ទីភ្នាក់ងារសារព័ត៌មាន Aljazeera និង Metropoltv បានសរសេរថា ពាក្យ corona នេះ ត្រូវបានគេហៅតាមភាសាឡាតាំង (the Latin word) ដែលមានន័យថា “មកុដ” ឬ “រស្មី”។ នៅក្នុងកែវពង្រីក មីក្រូទស្សន៍​អេឡិច​ត្រុង រូបភាពរបស់មេរោគ corona មានសភាពស្រដៀងនឹងរស្មីនៃព្រះអាទិត្យ។

    បណ្ឌិត Dana Hawkinson ជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Kansas បានអះអាងថា មេរោគ corona មិនមានទំនាក់ទំនងអ្វីជាមួយនិងស្រាបៀរ corona នោះឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • បេះដូងទួញយំ…សារព័ត៌មានចិន បង្ហាញរូបភាពគ្រូពេទ្យជំនាញ 142នាក់ យំលាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន

    បេះដូងទួញយំ…សារព័ត៌មានចិន បង្ហាញរូបភាពគ្រូពេទ្យជំនាញ 142នាក់ យំលាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន

    កាលពីថ្ងៃទី29 មករា(ម្សិលមិញ) ទីភា្នក់ងារសារព័ត៌មាន ស៊ីនហួ របស់ចិន បានបង្ហាញរូបភាពឈុត “បេះដូង​ទួញយំ…បុគ្គលិកពេទ្យ ស៊ីនចៀង 142នាក់ លាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន” ដោយបានបញ្ជាក់ថា លី វិន គឺជាសមាជិកម្នាក់នៃក្រុមបុគ្គលិកគ្រូពេទ្យទាំង 142នាក់ដែលត្រូវធ្វើដំណើរទៅទីក្រុង វូហាន មណ្ឌល ហ៊ូពេយ ភាគកណ្ដាលនៃប្រទេសចិន កាលពីថ្ងៃទី28 មករា បានពោលពាក្យលា និងលួងលោមភរិយាដែលកំពុងទួញសោក មុនទៅចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង “វីរុសកូរ៉ូណាប្រភេទថ្មី” ដែលនៅតែឆ្លងរាលដាលទូទាំងប្រទេស។

    លី ឈុនវ៉ា ជាមន្ត្រីម្នាក់ទៀតនៅក្នុងក្រុមបុគ្គលិកពេទ្យទាំងនោះដែរ នាងបានពាក់ម៉ាស់ការពារដែលមានរូបគំនូរ មុខមនុស្សញញឹម ដែលជាស្នាដៃកូនស្រីរបស់នាង ក៏កំពុងស្ថិតក្នុងបរិយាកាសដ៏សែនសោកសៅនៃការលាគ្នានៅក្នុងអាកាសយានដ្ឋានអន្តរជាតិ អ៊ុរុមស៊ីធី វ៉ូភូ ដែរ។

    ក្រុមបុគ្គលិកពេទ្យទាំង 142នាក់នេះ មកពីមន្ទីរពេទ្យ 6កន្លែង ជាចម្បងគឺជាគ្រូពេទ្យរបស់មន្ទីរពេទ្យលំដាប់​លេខ1 ក្នុងបណ្ដាញសាខារបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ ស៊ីនចៀង ក្នុងមណ្ឌល អ៊ុរុម ទីក្រុងឯករបស់តំបន់ស្វយ័ត ស៊ីនចៀង អ៊ុយគូ ភាគឦសានប្រទេសចិន ដែលភាគច្រើនជាគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមមន្ត្រីជំនាញពីសាខាផ្សេងៗ ដូចជា ជំនាញស្ដារស្ថានភាពអាក្រក់នៃប្រព័ន្ធដកដង្ហើម និងសាខាបំបាត់ និងទប់ស្កាត់ជំងឺឆ្លង ជាដើម។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លំដាប់ហេតុការណ៍៖ រដ្ឋបាលជប៉ុនជម្លៀសពលរដ្ឋចេញពីទីក្រុងវូហាន ក្នុងរយៈពេល 2ថ្ងៃ

    លំដាប់ហេតុការណ៍៖ រដ្ឋបាលជប៉ុនជម្លៀសពលរដ្ឋចេញពីទីក្រុងវូហាន ក្នុងរយៈពេល 2ថ្ងៃ

    រដ្ឋបាលជប៉ុនអាចជម្លៀសជនជាតិជប៉ុនដែលជាប់នៅក្នុងទីក្រុងវូហាន គេចចេញពីការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាបានក្នុងរយៈពេលត្រឹមតែ 2ថ្ងៃប៉ុណ្ណោះ។ ភាពឆាប់រហ័សនេះ កើតចេញពីការត្រៀមខ្លួនរួចជាស្រេចរបស់គ្រប់អង្គភាព និងការប្រើច្រកផ្លូវខាងការទូតយ៉ាងមានប្រសិទ្ធភាព។

    ជើងហោះហើរពិសេសបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ហានេដៈ ក្នុងក្រុងតូក្យូ កាលពីពេលព្រឹកថ្ងៃនេះ(ថ្ងៃពុធទី29មករា) វេលាម៉ោងប្រមាណជា 8.40នាទី ព្រមជាមួយជនជាតិជប៉ុនចំនួន 206នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុងវូហាន មជ្ឈមណ្ឌលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    ជើងហោះហើរនេះ បានចេញដំណើរព្រមជាមួយក្រុមមន្ត្រីពេទ្យ និងបុគ្គលិកត្រួតពិនិត្យរោគ ដោយអ្នកដំណើរមកពីវូហានទាំងអស់បានទទួលការពិនិត្យសុខភាពនៅក្នុងយន្តហោះ ដែលរហូតមកដល់ខណៈពេលនេះមិនទាន់មានអ្នកណាម្នាក់ឆ្លងមេរោគនោះនៅឡើយ តែមានអ្នកខ្លះដែលមានអាការក្អក ក្ដៅខ្លួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ត។

    នៅពេលយន្តហោះចុះចតភ្លាម រថយន្តBus 5គ្រឿង និងរថយន្តសង្គ្រោះ 20គ្រឿងដែលបានត្រៀមរួចជាស្រេចនៅក្នុងអាកាសយានដ្ឋាននោះ បាននាំអ្នកដំណើរទាំងអស់ទៅពិនិត្យសុខភាពម្ដងទៀត។ ទាំងអស់គ្នានឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលអាការរយៈពេល 14ថ្ងៃ។

    រដ្ឋបាលជប៉ុនបញ្ជាក់ថា យន្តហោះពិសេសជើងទី2 នឹងចេញដំណើរឆ្ពោះទៅទីក្រុងវូហាននៅក្នុងរាត្រីថ្ងៃនេះ(ថ្ងៃពុធទី29) ហើយជើងហោះហើរពិសេសទី3 នឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ដើម្បីទៅទទួលយកជនជាតិជប៉ុនចេញពីទីក្រុងវូហានទាំងអស់ប្រមាណជា 650នាក់។

         លំដាប់ហេតុការណ៍៖ តើរដ្ឋបាលជប៉ុនត្រៀមការណ៍រួចជាស្រេចក្នុងរឿងនេះយ៉ាងណា?

    រដ្ឋបាលជប៉ុនអាចជម្លៀសជនជាតិរបស់ខ្លួនចេញពីប្រទេសចិនបានក្នុងរយៈពេលតែ 2ថ្ងៃ និងជាប្រទេសដំបូងគេដែលបានទទួលការអនុញ្ញាតពីរដ្ឋបាលចិនឱ្យចូលទៅក្នុងទីក្រុងវូហាន ដែលនៅតែស្ថិតក្រោមវិធានការ Shutdown (បិទទីក្រុង)នៅឡើយ។

         ព្រលប់ថ្ងៃអាទិត្យទី26មករា៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ប្រកាសថា រដ្ឋបាលជប៉ុនត្រៀមរួចរាល់ហើយក្នុងការជម្លៀសជនជាតិជប៉ុនចេញពីទីក្រុងវូហាន។

         ថ្ងៃចន្ទ ទី27មករា៖ ក្រសួងការបរទេស ស្ថានទូតជប៉ុន និងសមាគមពាណិជ្ជករជប៉ុននៅក្នុងប្រទេសចិន បានប្រញាប់ប្រញាល់ស្វែងរក និងប្រមែប្រមូលជនជាតិជប៉ុនដែលត្រូវការត្រឡប់ទៅប្រទេសវិញ។

         ថ្ងៃអង្គារ ទី28មករា៖ ជើងហោះហើរពិសេសបានត្រៀមរួចជាស្រេចនៅឯព្រលានយន្តហោះអន្តរជាតិ ហានេដៈតាំងពីព្រឹកព្រលឹម តែនៅមិនទាន់អាចចេញដំណើរបាន ព្រោះ “ខាងចិនមិនទាន់ត្រៀមខ្លួនរួច”។ រហូតទាល់តែបានទទួលសញ្ញាភ្លើងបៃតងឱ្យហោះឡើងបាននៅពេលព្រលប់ៗនៃថ្ងៃដដែល។ ជើងហោះហើរពិសេសនេះថែមទាំងបាននាំយកម៉ាស់អនាម័យចំនួន15,000ឈុត វ៉ែនតាការពារការឆ្លងមេរោគ 8,000ឈុត ស្រោមដៃ 50,000ឈុត និងវត្ថុជួយសង្គ្រោះផ្សេងៗទៀតទៅប្រគល់ជូនខាងចិនផងដែរ។

    នៅក្នុងថ្ងៃដដែល គណៈរដ្ឋមន្ត្រីជប៉ុនបានត្រៀមជាស្រេចនៅក្នុងប្រទេស មានមតិអនុម័តឱ្យដាក់ចូលក្នុងបញ្ជីនូវជំងឺរលាកសួតដោយមេរោគវីរុសកូរ៉ូណា ជាជំងឺឆ្លងតាមច្បាប់ ផ្ដល់អំណាចបញ្ជាអ្នកឆ្លងមេរោគឱ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ បញ្ជាឱ្យឈប់សម្រាកពីការងារ និងបញ្ជាឱ្យពិនិត្យជំងឺនៅតាមព្រលានយន្តហោះ និងកំពង់ផែ ដោយរដ្ឋបាលជាអ្នកទទួលខុសត្រូវលើការចំណាយក្នុងការព្យាបាលទាំងអស់។

         ព្រឹកថ្ងៃពុធ ទី29មករា៖ ជើងហោះហើរពិសេសដំបូង ធ្វើដំណើរមកដល់ក្រុងតូក្យូ៕

    ប្រភព​៖ សារ​ព័ត៌មា​នបរទេស

  • ជនជាតិជប៉ុន 2នាក់ប្រាប់ការពិត បន្ទាប់ពីរដ្ឋបាលជប៉ុនបញ្ជូនយន្តហោះទៅទទួលមកប្រទេសកំណើតវិញ៖ “ស្ថានការណ៍ក្នុងទីក្រុង វូហាន កាន់តែយ៉ាប់យ៉ឺនជារឿយៗ”

    ជនជាតិជប៉ុន 2នាក់ប្រាប់ការពិត បន្ទាប់ពីរដ្ឋបាលជប៉ុនបញ្ជូនយន្តហោះទៅទទួលមកប្រទេសកំណើតវិញ៖ “ស្ថានការណ៍ក្នុងទីក្រុង វូហាន កាន់តែយ៉ាប់យ៉ឺនជារឿយៗ”

    ជនជាតិជប៉ុន 2នាក់គឺ លោក ថាខេអូ អាអូយ៉ាម៉ា និងលោក ថាកាយូគិ ខាតូ បានប្រាប់ទៅអ្នកសារព័ត៌មាន ក្រោយពីធ្វើដំណើរត្រឡប់ពីទីក្រុងវូហាន ប្រទេសចិន មកដល់ប្រទេសជប៉ុនវិញនៅព្រឹកថ្ងៃទី29 មករា​(ព្រឹក​មិញ)​ថា មានអារម្មណ៍ថា ធូរស្បើយក្នុងចិត្តដែលបានត្រឡប់មកដល់ប្រទេសកំណើតវិញ ចំណែកស្ថានការណ៍នៅក្នុងទីក្រុង វូហានវិញ កំពុងតែយ៉ាប់យ៉ឺនទៅៗជារឿយៗ ទោះជានៅអាចរកទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ចាំបាច់បានមែន តែក៏មិនងាយស្រួលដូចកាលពីមុនដែរ។

    ទាំងលោក អាអូយ៉ាម៉ា និងលោក ខាតូ បានសម្ដែងនូវការលើកទឹកចិត្តដល់ពលរដ្ឋចិនដែលស្ថិតនៅក្នុងទីក្រុង​វូហាន និងបាននិយាយថា ពួកគាត់ទាំង 2នាក់បារម្ភពីមិត្តរួមការងារជនជាតិចិន និងជនជាតិជប៉ុនដទៃទៀតដែលកំពុងស្ថិតនៅក្នុងទីក្រុងនោះ។

    លោក Takeo Aoyama (កណ្ដាល ខាង​ឆ្វេង) ជា​បុគ្គលិក​បម្រើ​ការ​ឱ្យ​ក្រុម​ហ៊ុន Nippon Steel Corp នៅ​ក្រុង​ Wuhan និង​លោក Takayuki Kato (កណ្ដាល​ ស្ដាំ) បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន Intec នៅ​ Wuhan ប្រទេស​ចិន​

    បុរសជនជាតិជប៉ុនទាំង 2នាក់បានធ្វើដំណើរត្រឡប់មកវិញជាមួយនឹងជនជាតិជប៉ុនចំនួន 206នាក់ដែលរដ្ឋបាលជប៉ុនម៉ៅយន្តហោះ 1គ្រឿងផ្ដាច់មុខរបស់ក្រុមហ៊ុនអាកាសចរណ៍ អល នីប៉ុន អ៊ែរឡាញ(ANA)ទៅទទួលត្រឡប់មកប្រទេសវិញ។

    ក្រុមមន្រ្តីជប៉ុនបានបង្ហើបឱ្យដឹងថា ទាំង 206នាក់នេះ ជាអ្នកដែលរស់នៅជិតផ្សារលក់អាហារសមុទ្រ ហួណាន បំផុត ដែលគេជឿថា ជាកន្លែងកំណើតនៃការឆ្លងរាលដាលរបស់មេរោគវីរុស កូរ៉ូណាប្រភេទថ្មី និងបន្ទាប់ពីនេះ រដ្ឋបាលជប៉ុននឹងបន្តជម្លៀសជនជាតិជប៉ុនដែលនៅសេសសល់ដទៃទៀតឱ្យចាកចេញពីទីក្រុងនោះជាបណ្ដើរៗ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អេ​មី​រ៉ា​ត​អារ៉ាប់​រួម (United Arab Emirates) រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​ Corona ករណី​ដំបូង​នៅ​មជ្ឈិម​បូពា៌

    អេ​មី​រ៉ា​ត​អារ៉ាប់​រួម (United Arab Emirates) រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​ Corona ករណី​ដំបូង​នៅ​មជ្ឈិម​បូពា៌

    ករណី​ឆ្លង​មេរោគ​ Corona ដំបូងបង្អស់​ក្នុង​ប្រទេស​ អេ​មី​រ៉ា​ត​អារ៉ាប់​រួម (United Arab Emirates) ត្រូវ​បាន​អាជ្ញា​ធរ​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ (29មករា ឆ្នាំ​2020)។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ MBS បាន​ចេញ​ផ្សាយ​​ថា អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ​ គឺជា​សមា​ជិក​គ្រួសារ​មួយ​មក​ពី​ក្រុង​ Wuhan ប្រទេស​ចិន​។ នេះ​គឺ​ជា​ករណី​ទី​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មជ្ឈឹម​បូពា៌ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​​នៃ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ ក្នុង​ថ្ងៃ​នេះ​។

    សូម​បញ្ជាក់​ថា ​ប្រជា​ជន​សរុប​នៃប្រទេស​​​ អេ​មី​រ៉ា​ត​អារ៉ាប់​រួម គិត​ត្រឹម​ឆ្នាំ​2019 មាន​សរុប​ 9.68 លាន​នាក់ នេះ​បើ​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ (World Bank)។

    ចំណែកគេហទំព័រ Statista.com វិញ​ រក​ឃើញ​ថា ប្រទេស​នេះ​មាន​ប្រជា​ជន​សរុប 10,750,000នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មេរោគ Corona សម្លាប់មនុស្ស 132នាក់ និងកំពុងគំរាមជីវិតអ្នករងគ្រោះជាង 6,000នាក់ផ្សេងទៀត

    មេរោគ Corona សម្លាប់មនុស្ស 132នាក់ និងកំពុងគំរាមជីវិតអ្នករងគ្រោះជាង 6,000នាក់ផ្សេងទៀត

    គិតមកដល់ព្រឹកនេះ (29 មករា 2020) មានអ្នកស្លាប់ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona កើនឡើងដល់ 132នាក់ហើយ។

    តាមសេចក្ដីរាយការណ៍នៃសារព័ត៌មាន CNBC និង Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិនមានអ្នកឆ្លងមេរោគ Corona កើនឡើងដល់ជាង 6,000ករណី ដោយសារព័ត៌មានទាំង2 ខាងលើបានបញ្ជាក់ថា ចំនួននេះរួមទាំងកោះតៃវ៉ាន់ផងដែរ។

    សម្រាប់តែក្នុងតំបន់ Hubei (ចិនដីគោក)មួយ ត្រូវបានគេរាយការណ៍ជាផ្លូវការថា មានអ្នកឆ្លងមេរោគនេះចំនួន 3,554ករណី និងស្លាប់ 125ករណី។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ពេទ្យជនជាតិជប៉ុននៅ វូហាន បង្ហើបឱ្យដឹងពីស្ថានការណ៍បច្ចុប្បន្ន “ធ្ងន់ធ្ងរខ្លាំងជាងយើងគិតទៅទៀត”

    ពេទ្យជនជាតិជប៉ុននៅ វូហាន បង្ហើបឱ្យដឹងពីស្ថានការណ៍បច្ចុប្បន្ន “ធ្ងន់ធ្ងរខ្លាំងជាងយើងគិតទៅទៀត”

    ពេទ្យជនជាតិជប៉ុនដែលស្ថិតនៅក្នុងទីក្រុងវូហាន ប្រទេសចិន បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេ រោគ វីរុសកូរ៉ូណា មានច្រើនជាងក្នុងរបាយការណ៍ទៅទៀត ដោយសារតែភាពយឺតយ៉ាវក្នុងការបង្ហាញព័ត៌មានរបស់​រដ្ឋបាលចិន។

    ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយគ្រូពេទ្យហ្វឹកហាត់ជនជាតិជប៉ុនម្នាក់ដែលកំពុងស្ថិតនៅក្នុងទីក្រុងវូហាន និងសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា៖ “មនុស្សម្នានៅទីនោះមិនសូវជាភ្ញាក់ផ្អើលប៉ុន្មានទេក្នុងរយៈដំបូងៗ ខ្ញុំគិតថាគ្មាននរណានឹកស្មានដល់ថា វានឹងឆ្លងរាលដាលឆាប់រហ័សបែបនេះ”

    ​        ពេទ្យហ្វឹកហាត់ជនជាតិជប៉ុនរូបនោះបានប៉ាន់ស្មានថា ចំនួនអ្នកឆ្លងមេរោគ អាចនឹងខ្ពស់ជាងនៅក្នុងរបាយការណ៍ច្រើនណាស់ ដោយលោកបានបញ្ជាក់ថា អំឡុងប្រហែលជាថ្ងៃទី 3មករា រូបលោកបានទទួលដំណឹងថា បុគ្គលិកមន្ទីរពេទ្យអាចនឹងឆ្លងមេរោគនេះ តែសារព័ត៌មានចិនប្រើពេលវេលាច្រើនជាង 2សប្ដាហ៍ ទើបរាយការណ៍ថា បុគ្គលិកពេទ្យទាំងនោះបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    អភិបាលក្រុង វូហាន៖ ត្រូវរង់ចាំការអនុម័តសិន ទើបអាចផ្សាយព័ត៌មានបាន

    រដ្ឋបាលក្រុងវូហាន ត្រូវរងការរិះគន់យ៉ាងខ្លាំង រឿងការលាក់បាំងព័ត៌មាន រហូតធ្វើឱ្យការឆ្លងរីករាល​ដាល​សាយ​ភាយ​ធ្ងន់ធ្ងរ រហូតពិបាកក្នុងការទប់ស្កាត់ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំចិន ដែលជនជាតិចិនរាប់លាននាក់ធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស។

            លោក ចូ សៀនវ៉ាង អភិបាលក្រុងវូហាន បានទទួលស្គាល់ថា ការបញ្ចេញព័ត៌មានមានការយឺតយ៉ាវមែន ព្រោះត្រូវទទួលបានការអនុញ្ញាតពីថ្នាក់លើ គឺមណ្ឌលហ៊ូពើយ និងគណៈកម្មការសុខាភិបាលជាតិចិន ជាមុនសិន ទើបអាចបញ្ចេញព័ត៌មានបាន។

    លោកអភិបាលក្រុងវូហាន ក៏បានទទួលស្គាល់ដែរថា មុនមានវិធានការបិទទីក្រុងវូហាននេះ មានអ្នកធ្វើដំណើរចេញ​ពីទីក្រុងនេះច្រើនជាង 5លាននាក់។ លោកបានឱ្យដឹងទៀតថា លោកដឹងច្បាស់ពីការមិនពេញចិត្តរបស់ប្រជា​ជន តែវិធានការផ្សេងៗ ចាំបាច់ត្រូវតែប្រើ ដើម្បីទប់ស្កាត់ និងគ្រប់គ្រង។

    អ្នកជំនាញការបង្ហាញថា មិនមានអាការរោគ ក៏ចម្លងមេរោគបានដែរ

    អ្នកជំនាញការជនជាតិជប៉ុនបាននិយាយថា ការគ្រប់គ្រងការចម្លងរោគ និងការការពារ ពិបាកនឹងធ្វើបានណាស់សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ការចម្លងមេរោគអាចកើតឡើងបាន ខណៈដែលអ្នកផ្ទុកមេរោគមិនទាន់បង្ហាញរោគសញ្ញា។

    លោកសាស្ត្រាចារ្យ មីតស៊ីអូ ខាកូ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ថូហូកូ បានរៀបរាប់ថា ចំនួនអ្នកជំងឺនៅក្នុងប្រទេសចិនបានកើនច្រើនឡើងជាបន្តបន្ទាប់ ទោះជាមានការគ្រប់គ្រងការធ្វើដំណើរក្នុងទីក្រុងវូហាន និងកន្លែងផ្សេងៗក្នុងប្រទេសចិនក៏ដោយ។ លោកបានបន្តទៀតថា រដ្ឋបាលចិនមានអារម្មណ៍ដឹងអំពីភាពប្រញាប់ប្រញាល់ខ្លាំងឡើង ដោយសារតែមនុស្សដែលជាភ្នាក់ងារចម្លងមេរោគនេះ អាចនឹងសាយភាយវីរុសនេះបាន ទោះជាក្នុងអំឡុងពេលដែលមិនមានបង្ហាញអាការរោគក៏ដោយ។

            វីរុសកូរ៉ូណាប្រភេទថ្មីនេះ ខុសប្លែកពីប្រភេទដែលបង្កឱ្យកើតការសាយភាយរាតត្បាតរបស់ជំងឺខាងប្រព័ន្ធដកដង្ហើមទាន់ហន់ និងធ្ងន់ធ្ងរ ឬសារស៍ និងរោគខាងផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬជំងឺមើស ព្រោះថា អ្នកដែលឆ្លងមេរោគវីរុសជំងឺសារស៍ និងមើស នឹងមិនសាយភាយ ឬចម្លងទៅបុគ្គលដទៃឡើយ ខណៈដែលខ្លួនឯងនៅមិនទាន់មានអាការរោគ ដូចជាក្អក ឬហៀរសំបោរ ជាដើមនោះ។

    លោកសាស្ត្រចារ្យ ខាកូ បានដាស់តឿនថា អ្នកដែលមានជំងឺរ៉ាំរ៉ៃ អាចនឹងមានអាការធ្ងន់ធ្ងរ បើបានទទួលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ លោកព្រមទាំងបានដាស់តឿនទៀតថា ចូរព្យាយាមចៀសវាងកុំឱ្យបានទទួលវីរុសនេះឱ្យសោះ ទោះជាតិចតួចក៏ដោយ ព្រោះវាជាមេរោគប្រភេទថ្មីដែលមនុស្សមិនធ្លាប់ស្គាល់ និងមិនមានបទពិសោធពីមុនមក៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ក្រុមគ្រូពេទ្យនៅ Wuhan រងសម្ពាធដល់កម្រិតកំពូល សូម្បីតែអាហារ ក៏គេមិនលក់ឱ្យ…

    ក្រុមគ្រូពេទ្យនៅ Wuhan រងសម្ពាធដល់កម្រិតកំពូល សូម្បីតែអាហារ ក៏គេមិនលក់ឱ្យ…

    “ខ្ញុំមិនចង់ធ្វើការងារនេះទៀតទេ! សូមដេញខ្ញុំចោលទៅ ជូនខ្ញុំទៅផ្ទះ! តើគ្រូពេទ្យដូចពួកខ្ញុំ មិនត្រូវការរស់ទេ មែនទេ?”។ នេះជាសម្ដីរបស់គ្រូពេទ្យម្នាក់ដែលស្ថិតក្នុងការ “ឡោមព័ទ្ធ” របស់មេរោគ Corona និងក្រោមសម្ពាធការងារដ៏គួរឱ្យខ្លាចនៅក្នុងទីក្រុង Wuhan។

    កាលពីថ្ងៃទី23 មករា នៅលើបណ្ដាញសង្គម Weibo ដ៏ល្បីល្បាញរបស់ចិន គេឃើញមានវីដេអូឃ្លិបមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណិត។ ក្នុងវីដេអូឃ្លិបនោះ បង្ហាញឱ្យឃើញអំពីកម្រិតដ៏ធ្ងន់ធ្ងរនៃសម្ពាធការងារនៅក្នុងមន្ទីរពេទ្យនានាដែលពោរពេញដោយអ្នកជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយមេរោគ Corona (nCoV)។

    គិលានុបដ្ឋាយិកាម្នាក់ដែលមានផ្ទៃពោះ 7ខែ នៅតែត្រូវទៅកាន់មន្ទីរពេទ្យ ដើម្បីថែទាំអ្នកជំងឺ ហើយចុងក្រោយគិលានុបដ្ឋាយិកាម្នាក់នេះក៏បានឆ្លងមេរោគ Corona។ ម្ដាយដែលមានវ័យ 70ឆ្នាំរបស់គិលានុបដ្ឋាយិកាម្នាក់នេះក៏ឆ្លងមេរោគ Corona ពីនាងដែរ។

    បុគ្គលិកពេទ្យស្ទើរតែទាំងអស់នៅ Wuhan ត្រូវបន្ថែមម៉ោងប្រចាំការក្នុងមន្ទីរពេទ្យ។ ក្នុងអំឡុងពេលប្រចាំការមួយពេលៗ ពួកគេមិនបានផឹកទឹក និងត្រូវស្លៀកខោទឹកនោមជាប់ជានិច្ច ព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបំពេញធុរៈផ្ទាល់ខ្លួននេះ។ គ្រូពេទ្យភាគច្រើនដែលត្រូវប៉ះពាល់សារធាតុសម្លាប់មេរោគច្រើន ធ្វើឱ្យដៃរបស់ពួកគេត្រូវប្ដូរទៅជាពណ៌សស្លេកស្លាំង ហើយស្បែកមុខក៏ត្រូវរលាក ព្រោះពាក់ម៉ាស់ការពារជាតិពុល និងមេរោគក្នុងរយៈពេលយូរជាប់ជានិច្ច។

    Helen ធ្វើការនៅតំបន់ដែលមានអ្នកជំងឺដែលគេសង្ស័យថា មានផ្ទុកមេរោគ Corona ក្នុងមន្ទីរពេទ្យស៊ាងហៃ ប្រទេសចិន មានឱកាសហូបមីតែ 1ចានគត់ក្នុងរយៈពេល 1ថ្ងៃដែលនាងប្រចាំការ ហើយនាងក៏មិនបានគេង ឬសម្រាកដែរ ដោយសារតែខ្វះបុគ្គលិក។ ចំណែកប្ដី និងកូនរបស់នាង បានចាកចេញទៅស្រុកកំណើតបាត់ទៅហើយ។

    មន្ទីរពេទ្យភាគច្រើនដែលនៅជុំវិញក្រុង Wuhan ត្រូវប្រឈមនឹងភាពតានតឹង និងសម្ពាធការងារដ៏ធ្ងន់ធ្ងរ រួមនឹងហានិភ័យនៃការឆ្លងមេរោគ ព្រមទាំងកង្វះខាតគ្រប់បែបយ៉ាង។ មន្ទីរពេទ្យធំៗ នៅតំបន់នោះ ពោរពេញដោយអ្នកជំងឺ ហើយសម្ភារវេជ្ជសាស្ត្រ ឯគ្រែសម្រាប់អ្នកជំងឺក៏ខ្វះខាត។ ចំណែកបុគ្គលិកពេទ្យវិញ ក៏មិនមានចំនួនច្រើនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺ ជាហេតុធ្វើឱ្យពួកគេម្នាក់ៗ ត្រូវបាក់កម្លាំង។ មនុស្សជាច្រើនដែលសង្ស័យថា មានផ្ទុកមេរោគ Corona ប៉ុន្តែត្រូវបានគេបដិសេធមិនទទួលការពិនិត្យ និងព្យាបាល ព្រោះពេទ្យគ្មានកន្លែងសម្រាប់អ្នកជំងឺថ្មី។

    គ្រូពេទ្យម្នាក់ឈ្មោះ Xincheng បានឱ្យដឹងថា៖ “ស្ថានភាពនៅទីនេះ ពិតជាគួរឱ្យខ្លាចណាស់។ មន្ទីរពេទ្យធំៗ មានសភាពណែនណាន់តាន់តាប់ មិនអាចទទួលអ្នកជំងឺថ្មីទៀតបានទេ”។

    ជាងនេះទៅទៀត បុគ្គលិកពេទ្យជាច្រើនត្រូវបានគេរើសអើងជាទីបំផុត ទាក់ទិននឹងអាហារការហូបចុក និងបញ្ហាផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុនផ្គត់ផ្គង់អាហារជាច្រើន បានបដិសេធការបញ្ជាទិញពីក្រុមគ្រូពេទ្យដែលកំពុងធ្វើការនៅក្នុងបណ្ដាមន្ទីរពេទ្យដែលមានអ្នកជំងឺរលាកសួត ព្រោះតែភ័យខ្លាចឆ្លងមេរោគ Corona។

    លើសពីនេះ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងរោគឆ្លងនៃប្រទេសចិន បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី25មករា ក្រុមគ្រូពេទ្យយ៉ាងតិច 15នាក់ នៅតំបន់ Wuhan បានឆ្លងមេរោគរលាកសួតប្រភេទថ្មីនេះពីអ្នកជំងឺក្នុងអំឡុងពេលបំពេញការងារ។ ក្នុងនោះ គិលានុបដ្ឋាយិកា 13នាក់ រួមនឹងវេជ្ជបណ្ឌិតម្នាក់បានឆ្លងមេរោគពីអ្នកជំងឺតែម្នាក់គត់ ក្នុងពេលវះកាត់ខួរក្បាល។

    គ្រូពេទ្យយ៉ាងតិច 5នាក់ នៅទីក្រុង Huanggang ក្បែរតំបន់ Wuhan ក៏បានឆ្លងមេរោគ Corona នេះដែរ។ វេជ្ជបណ្ឌិត Jiang Jijun បានបាត់បង់ជីវិតក្នុងអំឡុងពេលព្យាបាលអ្នកជំងឺរលាកសួត។ ចំណែកវេជ្ជបណ្ឌិត Liang Wudong អាយុ 62ឆ្នាំ ក៏បានស្លាប់បន្ទាប់ពីបានឆ្លងមេរោគ Corona អស់រយៈពេល 9ថ្ងៃ៕

    ប្រភព៖ សារព័ត៌មានបរទេស