Tag: corona

  • គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    មន្ត្រីសាធារណៈសុខាភិបាលចិនបានបញ្ជាក់ថា អ្នកផ្ទុកមេរោគដែលមិនទាន់បញ្ចេញអាការរោគ ក៏អាចចម្លងមេរោគបានដែរ ហើយអ្នកជំងឺដែលបង្ហាញអាការមិនច្រើនប៉ុន្មាន ក៏គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែកដែរ ដោយសារតែថ្មីៗនេះ មានទារកទើបកើតនៅក្នុងទីក្រុងវូហានបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទាំងទើបតែបានបើកភ្នែកមើលពិភពលោកនេះត្រឹមតែ 30ម៉ោងប៉ុណ្ណោះ តែបច្ចុប្បន្នអាការមិនបង្ហាញពីភាពធ្ងន់ធ្ងរទេ។ ករណីនេះបានក្លាយជារឿងមួយដែលសាងនូវក្ដីវិតក្កកង្វល់ និងភ័យព្រួយយ៉ាងខ្លាំងអំពីការឆ្លងមេរោគតាំងតែពីនៅក្នុងគភ៌របស់ទារក។

    សារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី5កុម្ភៈ)ថា មានរបាយការណ៍មួយបានឱ្យដឹងថា ទារកទើបនឹងកើតនៅក្នុងទីក្រុងវូហានបានក្លាយជាអ្នកឆ្លងមេរោគវីរុសកូរ៉ូណា បន្ទាប់ពីប្រសូតចេញមកបានត្រឹមតែ 30ម៉ោងប៉ុណ្ណោះ…រឿងនេះបានសាងនូវក្ដីវិតក្កកង្វល់យ៉ាងខ្លាំងអំពីភាពដែលអាចទៅរួចដែលថា ទារកតូចៗទាំងឡាយអាចនឹងមានការឆ្លងមេរោគតាំងពីនៅក្នុងគភ៌ម្ដាយម្ល៉េះ។

    ដោយមានអំណះអំណាងពីប្រភពព័ត៌មាននៅក្នុងមន្ទីរពេទ្យកុមារក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ស្ថានីយទូរទស្សន៍របស់រដ្ឋចិន CCTV បានរាយការណ៍ថា រកឃើញទារក 2នាក់មានលទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” ជាទារកដែលមានអាយុតិចបំផុតត្រឹមតែ 30ម៉ោងប៉ុណ្ណោះ។

    “ម្ដាយរបស់ទារកទើបនឹងកើតនោះជាអ្នកជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តែបច្ចុប្បន្ននេះ សញ្ញាជីពចររបស់ទារកនៅស្មើរនៅឡើយ”

    ហ្សេង លីង កុង វេជ្ជបណ្ឌិតចាស់វស្សាប្រចាំផ្នែកទារកទើបនឹងកើតបាននិយាយថា ករណីនេះ ជាការបញ្ជូនសញ្ញាមួយឱ្យយើងដឹងថា “យើងត្រូវតែព្រួយបារម្ភអំពីការឆ្លងមេរោគបែបថ្មីរបស់មេរោគវីរុសកូរ៉ូណា”

    សៅ ម៉នីង ផូស្ត បានរាយការណ៍ទៀតថា មន្ត្រីសាធារណៈសុខាភិបាលចិនបានចង្អុលបង្ហាញថា អ្នកជំងឺឆ្លងមេរោគដែលមិនទាន់បង្ហាញអាការ ក៏អាចចម្លងមេរោគបានដែរ ដូច្នេះអ្នកជំងឺដែលបង្ហាញអាការមិនទាន់ច្បាស់ គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក។

    លី ស៊ិង វ៉ាង ប្រធានផ្នែកជំងឺឆ្លង ប្រចាំនៅមន្ទីរពេទ្យប៉េកាំង ឌិតាន់ យល់ឃើញថា អ្នកជំងឺដែលមិនទាន់បង្ហាញអាការច្រើននោះ “ពាក់ព័ន្ធ” និង “ទទួលមេរោគ” ពីអ្នកជំងឺដែលបញ្ចេញអាការច្បាស់លាស់។

    “ក្រុម “អ្នកចម្លង” ទាំងនោះ មានមេរោគវីរុស និងអាចចម្លងមេរោគបាន ហើយចំនួនវីរុសនេះ វាសម្ព័ន្ធជា មួយនឹងករណីដែលថា តើមានអាការឈឺថ្កាត់ច្រើន ឬតិចប៉ុនណា? ដែលមានន័យថា អ្នកជំងឺដែលមានផ្ទុកមេរោគក្នុងចំនួនតិចតួច នឹងមានសមត្ថភាពក្នុងការចម្លងតិចតួចដែរ”

    ក្នុងការណែនាំនៃវិធីការព្យាបាល និងការវិនិច្ឆ័យថ្មី ដែលចេញមកពីគណៈកម្មការសុខភាពជាតិចិន (National​ Health Commission) ដែលបានបញ្ចេញមកកាលពីថ្ងៃពុធម្សិលមិញ បានរៀបរាប់ថា ក្នុងក្រុមមនុស្សដែលបញ្ចេញអាការមិនច្រើនប៉ុន្មាន ដូចជា មានគ្រុនក្ដៅខ្លួន អស់កម្លាំង និងក្អក តែគ្មានការឆ្លងមេរោគនៅក្នុងសួត គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក ដើម្បីបញ្ឈប់ការចម្លងមេរោគបន្ថែម។

    ក្រៅពីនេះ នៅក្នុងការណែនាំនេះ បានរៀបរាប់ទៀតថា ការឆ្លងមេរោគតាមប្រព័ន្ធរំលាយអាហារ និងការឆ្លងមេរោគតាមរយៈខ្យល់អាកាស ជាច្រកផ្លូវមួយទៀតរបស់ការឆ្លងរាលដាលនៃជំងឺមេរោគវីរុសកូរ៉ូណា ក្រោយពីរកឃើញកាកសំណល់របស់វីរុសនៅក្នុងលាមករបស់អ្នកជំងឺ។

    យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី បានឱ្យដឹងទៀតថា ការឆ្លងមេរោគ 2ច្រកផ្លូវនេះ អាចនិយាយបានថា ជាភាពអាចទៅរួចមួយដែលប្រហែលជានៅត្រូវការការអះអាងបញ្ជាក់បន្ថែមទៀតជាបន្ត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកវិទ្យាសាស្ត្រនៃគណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន កាលពីថ្ងៃទី31មករា បានព្រមានថា អ្នកជំងឺរលាកសួត nCoV (Corona) ដែលបានជាសះស្បើយពីជំងឺនេះហើយ នៅតែអាចឆ្លងវីរុសនេះជាថ្មីម្ដងទៀតបានជានិច្ច។

    Zhan Qungyuan ប្រធានផ្នែកទប់ស្កាត់ និងព្យាបាលជំងឺរលាកសួតនៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន ដែលជាអ្នកដឹកនាំក្រុមជំនាញផ្នែក nCoV បានព្រមានថា សូម្បីតែអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយ ក៏នៅតែអាចឆ្លងសាជាថ្មីម្ដងទៀតបានដែរ។ ថ្វីបើរាងកាយរបស់ពួកគេអាចបង្កើតអង្គបដិប្រាណ (antibody)បានមែន ប៉ុន្តែសម្រាប់អ្នកខ្លះ អង្គបដិប្រាណនេះមិនអាចគង់នៅបានយូរអង្វែងទេ។

    លោក Zhan Qungyuan បានណែនាំឱ្យអ្នកដែលបានជាសះស្បើយពីជំងឺអាសន្នរោគនេះ លើកកម្ពស់ការការពារការឆ្លងមេរោគ ថែរក្សាសុខភាព និងចៀសវាងអាកាសធាតុត្រជាក់ខ្លាំង ឬរោគផ្ដាសាយ។ អ្នកវេជ្ជសាស្ត្រចិនរូបនេះ ក៏បានស្នើឱ្យអ្នកជំងឺដែលបានជាសះស្បើយហើយ ត្រូវពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ។

    អម្បូរមេរោគ Corona គឺរួមទាំងវីរុសបង្កើតជំងឺផ្ដាសាយធម្មតា អាសន្នរោគ SARS និង MERS ។ ភាគច្រើននៃវីរុស Corona អាចបង្កជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ចាប់ពីស្រាល ដល់មធ្យម និងឆ្លងពីសត្វមកមនុស្ស។ នៅពេលមេរោគបានចូលក្នុងរាងកាយមនុស្ស វានឹងរកវិធីតោងទាម និងរុកចូលក្នុងកោសិកានៃរាងកាយមនុស្ស។ ដើម្បីទប់ទល់នឹងមេរោគនេះ ប្រព័ន្ធការពាររាងកាយរបស់មនុស្សនឹងបង្កើតអង្គបដិប្រាណ ដែលជាប្រូតិអ៊ីនមួយប្រភេទអាចកំណត់អត្តសញ្ញាណមេរោគ រួចបណ្ដេញវាចេញពីរាងកាយ។ នេះជាវិធីដែលជួយឱ្យមនុស្សមិនឆ្លងមេរោគមួយចំនួនដែលពួកគេធ្លាប់បានឆ្លងរួចមកហើយ។ វ៉ាក់សាំងក៏ជាវិធីសាស្ត្រមួយផ្សេងទៀតដើម្បីជួយចម្រើនអង្គបដិប្រាណនេះដែរ។

    Amira Roess សាស្ត្រាចារ្យផ្នែកសុខាភិបាល និងអាសន្នរោគ នៃសាកលវិទ្យាល័យ George Mason បាននិយាយថា៖ “ចំពោះជំងឺឆ្លងមួយចំនួន រាងកាយមនុស្សអាចបង្កើតប្រព័ន្ធអង្គបដិប្រាណដើម្បីទប់ស្កាត់មេរោគជាក់លាក់ណាមួយ ក្រោយពីបានឆ្លងមេរោគ។ ជាធម្មតា អ្នកដែលបានឆ្លងមេរោគម្ដងហើយ នឹងមិនឆ្លងម្ដងទៀតទេ បើទោះពួកគេបានប៉ះពាល់មេរោគនោះក៏ដោយ។ ក្នុងករណីអម្បូរមេរោគ Corona ថ្មី (nCoV) អ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកចម្លើយ ដើម្បីដោះស្រាយបញ្ហានេះ”។

    ក្រុមគ្រូពេទ្យ និងអ្នកមេរោគវិទ្យា មិនទាន់ដឹងច្បាស់នៅឡើយអំពី nCoV ដើម្បីប្រាកដថា តើរាងកាយមនុស្សអាចបង្កើតអង្គបដិប្រាណបានគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីបានឆ្លងមេរោគដ៏សាហាវនេះ?។ លោក Zhan Qungyuan បន្តថា ក្រុមអ្នកវិទ្យាសាស្រមិនទាន់ប្រាកដថា អង្គបដិប្រាណដែលរាងកាយមនុស្សផលិតនោះ អាចការពារពួកគេពីការឆ្លងមេរោគម្ដងទៀតឬយ៉ាងណានៅឡើយ?។ មេរោគ Corona ថ្មី ប្រភេទ nCoV ក៏អាចរីកចម្រើន និងប្រែកាយយ៉ាងលឿនដែរ ដូច្នេះអង្គបដិប្រាណដែលអាចទប់ស្កាត់មេរោគប្រភេទនេះ ក៏មិនអាចធានាបានថា អាចទប់ស្កាត់មេរោគប្រភេទផ្សេងបានដែរ។

    អង្គការសុខភាពពិភពលោក WHO បានប្រកាសភាពអាសន្នចំពោះមេរោគរាតត្បាត Corona ប្រភេទថ្មី (nCoV) នេះកាលពីថ្ងៃទី 30មករាកន្លងទៅ។ គិតមកដល់ថ្ងៃទី 4មករានេះ ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគនេះបានកើនដល់ 427នាក់ និងអ្នកបានឆ្លងមេរោគនេះ កើនដល់ 20,622នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “ខ្ញុំមិនមែនវីរុសទេ!!” ដាស់ស្មារតីមនុស្សជុំវិញពិភពលោក បញ្ឈប់ការដាក់បដាបិទហាង-ដេញ-និងបិទប្រទេស ហាមជនជាតិចិន

    “ខ្ញុំមិនមែនវីរុសទេ!!” ដាស់ស្មារតីមនុស្សជុំវិញពិភពលោក បញ្ឈប់ការដាក់បដាបិទហាង-ដេញ-និងបិទប្រទេស ហាមជនជាតិចិន

    មនុស្សជុំវិញពិភពលោកដែលកំពុងភ័យរន្ធត់ខ្លាំងអំពី “វីរុសកូរ៉ូណា” បានបណ្ដាលឱ្យកើតមានក្រសែស្អប់ខ្ពើម-រើសអើងជនជាតិចិន រហូតដល់នៅក្នុងប្រទេសថៃ មានការសរសេរបដាហាមជនជាតិចិនចូលទៀតផង!។ សង្គមមនុស្សជាតិបានដាក់សំណួរថា “តើធ្វើនេះត្រឹមត្រូវហើយ ឬធ្វើហួសហេតុជ្រុលពេក?”។ ថ្មីៗនេះ អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ បានធ្វើការវិភាគពី “ការបិទប្រទេស” ថា “រឹតតែសាងស្នាមរបួសលើសម្ព័ន្ធភាពដ៏ល្អ” និងបានសង្កត់ធ្ងន់លើ “ការរួមដៃគ្នាខាងវេជ្ជសាស្ត្រទើបជាការប្រសើរបំផុត!”។

    ទូទាំងពិភពលោកភ័យខ្លាចវីរុស មិនស្វាគមន៍ជនជាតិចិន!

    “សូមអភ័យទោស មិនទទួលភ្ញៀវចិន និងអតិថិជនបរទេស…ដែលយើងមិនអាចផ្ដល់សេវាកម្មជូនលោកអ្នកបាននេះ គឺដោយសាតែបញ្ហាមេរោគវីរុសកូរ៉ូណា…សូមអរគុណដែលបានយល់ចិត្ត”

    អត្ថបទដែលមានទាំងភាសាថៃ និងអង់គ្លេស ត្រូវបានបំពាក់នៅផ្នែកខាងមុខមាត់ទ្វារនៃភោជនីយដ្ឋានមួយនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយសារតែការភ័យខ្លាចវីរុសកូរ៉ូណា រហូតដល់ត្រូវកំណត់អតិថិជនចំពោះតែជនជាតិថៃប៉ុណ្ណោះដែលអាចចូលបាន។

    រឿងនេះបានក្លាយជារឿងមួយដែលត្រូវបានជជែកដេញដោលគ្នាយ៉ាងទូលំទូលាយ ដែលមានទាំងយល់ស្រប និងមិនយល់ស្របថា ជាទង្វើដែលរើសអើង ឬតើនឹងធ្វើឱ្យអ្នកទេសចរខូចអារម្មណ៍ នឹកអន់ចិត្តដែរឬទេ? ខណៈដែលមនុស្សភាគច្រើនយល់ឃើញថា ខាងភោជនីយដ្ឋានបានធ្វើត្រឹមត្រូវហើយ ដែលផ្ដល់ភាពសំខាន់លើរឿងសុវត្ថិភាពជាចម្បង។

    មិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេ ដែលមានកង្វល់រឿងការឆ្លងមេរោគពីជនជាតិចិន តែជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិនក៏បានរារាំងគ្នាឯងដែរ ខណៈដែលប្រទេសជាច្រើនទូទាំងពិភពលោកសុទ្ធតែមានវិធានការ និងការប្រតិបត្តិដែលហាក់ដូចជាដាច់ខាត ឬដែលអាក្រក់បំផុតនោះគឺ វាកើតជាក្រសែរើសអើងជនជាតិអាស៊ី បែបម៉ៅរួមទៅជាមួយគ្នាតែម្ដង។

    ឧទាហរណ៍ ហាងលក់ទំនិញ ឬភោជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង មានការដាក់បដាប្រកាសមិនស្វាគមន៍ជនជាតិចិន រួមទាំងសណ្ឋាគារមួយនៅក្នុងប្រទេសវៀតណាមក៏មានការដាក់បដាផងដែរថា “ប្រទេសរបស់អ្នក កំពុងតែចម្លងមេរោគ ទើបយើងមិនស្វាគមន៍ភ្ញៀវមកពីប្រទេសចិន”។ ខណៈដែលប្រទេសក្នុងតំបន់អឺរ៉ុបក៏មានប្រតិកម្មចំពោះជនជាតិចិន និងជនជាតិអាស៊ីក្នុងទំនងដូចគ្នាដែរ ដូចជានៅប្រទេសបារាំង មានការនិយាយគ្នាអំពីស្ត្រីម្នាក់ដែលជិះនៅក្នុងរថយន្តក្រុងថា “មានស្រីចិនម្នាក់ កំពុងចម្លងមេរោគមកពួកយើង”។ ដែលការពិតទៅ នាងគឺជាអ្នកទីក្រុងប៉ារីសដែលមានសែស្រឡាយវៀតណាម រហូតធ្វើឱ្យកើតក្រសែជជែកតវ៉ាគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង ព្រមជាមួយហេចថេក #je ne suis pas un virus ឬ ខ្ញុំមិនមែនជាវីរុសទេ!!។

    អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ ខាងលើបានសរុបថា ក៏ចង់ផ្ដាំផ្ញើថា គួរយល់ចិត្ត និងអាណិតជនជាតិចិន ការពិតទៅគឺមនុស្សទូទាំងពិភពលោកហ្នឹងឯង! យើងជាពលរដ្ឋរួមពិភពលោកតែមួយ បញ្ហានេះ បើសិនតទៅមុខទៀត វាកើតលើប្រទេសណាមួយ ប្រទេសនោះច្បាស់ជាយ៉ាប់យ៉ឺនដូចតែគ្នាហ្នឹងឯង ដូច្នេះខ្ញុំជឿថា ទីបំផុតទៅ ទូទាំងពិភពលោកត្រូវតែជួយគ្នា ទើបអាចឆ្លងផុតទៅបាន៕

  • វៀត​ណាម៖ មនុស្ស​រាប់រយនាក់ប្រជ្រៀតគ្នា ដណ្ដើមទិញម៉ាស់ តាំងពីព្រឹកដល់រសៀល (មានវីដេអូ)

    វៀត​ណាម៖ មនុស្ស​រាប់រយនាក់ប្រជ្រៀតគ្នា ដណ្ដើមទិញម៉ាស់ តាំងពីព្រឹកដល់រសៀល (មានវីដេអូ)

    វៀតណាម៖ នៅប្រហែលម៉ោង 2រសៀលថ្ងៃទី3 កុម្ភៈ(ម្សិលមិញ) មនុស្សចំនួនរាប់រយនាក់បានប្រជ្រៀតគ្នា ដណ្ដើមទិញម៉ាស់ នៅឯហាងលក់ផលិតផលសុខាភិបាលមួយកន្លែងដែលមានទីតាំងនៅលើផ្លូវ Nguyen Gian Thanh ក្នុងទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។

    នៅហាងនេះ មនុស្សម្នាក់មានសិទ្ធិទិញម៉ាស់ បានត្រឹមតែ 3ប្រអប់ប៉ុណ្ណោះ ក្នុងតម្លៃ105,000ដុងក្នុង 1ប្រអប់ (ប្រហែល4.5ដុល្លារអាមេរិក)។

    នៅក្នុងរូបភាពវីដេអូនេះ មានអតិថិជនជាច្រើនបានបង្ហាញអំពីការលំបាកក្នុងការរកទិញម៉ាស់ ព្រោះថា មិនសូវមានគេដាក់លក់ដូចធម្មតាទេ ហើយបើមានគេលក់ ក៏លក់ក្នុងតម្លៃថ្លៃហួសហេតុ។ ប៉ុន្តែ អ្នកខ្លះក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដែរ ព្រោះទិញបានដូចបំណង។

    អតិថិជនម្នាក់ឈ្មោះ Nguyen Van Hung នៅទីក្រុងហូជីមិញបាននិយាយថា៖ “ថប់ដណ្ហើមចង់សន្លប់ មិនទាន់បានហូបបាយថ្ងៃត្រង់ផង”។

    អតិថិជនម្នាក់ទៀតប្រាប់ថា៖ “ដើររកមើលនៅក្បែរៗនេះ មិនឃើញមានអ្នកណាគេលក់សោះ។ ឃើញតែកន្លែងនេះដែលមានលក់ ទើបប្រជ្រៀតចូលទិញនឹងគេ”។

    ពលរដ្ឋវៀតណាមម្នាក់ទៀត លោក Ngo Thanh Truong និយាយថា៖ មកតម្រង់ជួរតាំងពីម៉ោង 9ព្រឹករហូតមកដល់ពេលនេះ។ និយាយរួម គឺនឿយហត់ណាស់ តែពេលទិញបានម៉ាស់ហើយ ក៏មានអារម្មណ៍ថា ស្ងប់ចិត្ត”។

    អតិថិជនម្នាក់ទៀតឈ្មោះ On Thi Ngoc Tram ប្រាប់ថា៖ “មកពីគេតម្រង់ជួរគ្មានរបៀប ទើបប្រជ្រៀតគ្នាហត់បែបនេះ។ ធម្មតា ខ្ញុំមកទីនេះ ទិញតាមធម្មតា ទិញបានភ្លាម ត្រឡប់ទៅវិញភ្លាម មិនដែលប្រជ្រៀតគ្នាឱ្យហត់បែបនេះទេ។ ប៉ុន្តែ ខ្ញុំនៅតែអាចទទួលយកបាន ព្រោះថានៅទីនេះ តម្លៃថោកជាងច្រើន បើធៀបនឹងនៅខាងក្រៅ(កន្លែងផ្សេង)។

    ដោយសារតែមានអ្នកទិញច្រើនពេក ទើបបណ្ដាលឱ្យចរាចរណ៍នៅទីនោះត្រូវកកស្ទះយ៉ាងខ្លាំង។

    ម្ចាស់ហាងទំនិញនេះ គឺលោក Nguyen Ngoc Duy បានឱ្យដឹងថា៖ ប្រអប់ដែលមានម៉ាស់ច្រើនបំផុត គឺមានតម្លៃ 36,000ដុង (1,55ដុល្លារ)។ យើងខ្ញុំជួយបងប្អូន ទើបលក់តម្លៃបែបនេះ។ មានអ្នកផ្សេងគេមកទិញក្នុងតម្លៃ 100,000ដុងក្នុង 1ប្រអប់ឯណោះ ប៉ុន្តែខ្ញុំនៅតែមិនលក់ឱ្យ។ ផលិតផលនេះ យើងខ្ញុំរក្សាទុកតាំងពីមុនចូលឆ្នាំ បើពេលនេះវិញ គឺអស់ទំនិញហើយ។ ល្ងាចនេះ លក់ 6ឡាំងទៀត គឺអស់ហើយ។

    បច្ចុប្បន្ន ម៉ាស់បានក្លាយជាទំនិញមួយដែលកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែលអាសន្នរោគរលាកសួតកំពុងឆ្លងរាលដាលស្ទើរគ្រប់ទិសទីក្នុងពិភពលោក។

    វៀតណាម បានរកឃើញអ្នកមានផ្ទុកមេរោគ Corona ចំនួន 8ករណី ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាល៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស Corona កើន​ដល់​ 426នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស Corona កើន​ដល់​ 426នាក់

    ក្នុង​ថ្ងៃ​ទី​ 3កុម្ភៈ​កន្លង​ទៅ​​ ខេត្ត​ Hubei ប្រទេស​ចិន មាន​អ្នក​ស្លាប់​ដោយ​សារ​បាន​ឆ្លង​មេរោគ​រលាក​សួត​ Corona​បន្ថែម​​ចំនួន 64នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​ កើន​ឡើងដល់ 425នាក់​។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ខាង​លើ​នេះ គឺ​ជា​ចំនួន​ដែល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ចាប់តាំង​​ពី​មេរោគ​ Corona បាន​ផ្ទុះ​ឆ្លង​រាល​ដាលកាល​ពី​ចុង​ឆ្នាំ​មុន​នៅ​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន ដែល​ជា​សម្បុក​មេរោគ​នេះ​។

    ក្នុង​ថ្ងៃ​ទី​ 3កុម្ភៈ​​ដដែល ខេត្ត Hubei មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន 2,345 នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ខេត្ត​ឡើងដល់ 13.522នាក់​។

    ដូច្នេះ គិត​ត្រឹម​ព្រឹក​នេះ នៅ​ទូទាំង​ពិភព​លោក មាន​អ្នក​ស្លាប់​ដល់​ទៅ 426នាក់ និង​ 20,202 នាក់​ផ្សេង​ទៀត​​កំពុង​មាន​ផ្ទុក​មេរោគ​នេះ​ ដែល​ភាគ​ច្រើន​គឺ​នៅ​ប្រទេស​ចិន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដោយ​សារ​តែ​ភ័យ​ខ្លាចឆ្លងមេរោគ Corona មនុស្ស​ម្នានាំ​គ្នា​ទប់​ស្កាត់​អ្នក​ស្រុក​ Wuhan ដូច​ទប់​ស្កាត់ ​”ខ្មោច​ឆៅ”

    ដោយ​សារ​តែ​ភ័យ​ខ្លាចឆ្លងមេរោគ Corona មនុស្ស​ម្នានាំ​គ្នា​ទប់​ស្កាត់​អ្នក​ស្រុក​ Wuhan ដូច​ទប់​ស្កាត់ ​”ខ្មោច​ឆៅ”

    “ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ។ សូម្បី​តែ​ពេល​អ្នក​ស្រុក​យើង​ខ្ញុំ​ជា​ “ខ្មោច​ឆៅ” យើង​ខ្ញុំ​គ្មាន​សិទ្ធិ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ដែរ​ មែន​ទេ​? ពេល​នេះ​ ខ្ញុំ​ត្រូវ​គេ​ដេញ​ចេញ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​”។ នេះ​ជា​សំនេរ​ខ្លះ​ៗ​របស់​អ្នកទេស​ចរណ៍​ Wuhan ម្នាក់​។

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Weibo របស់​ចិន នាង Ludougao បាន​បង្ហោះ​សារ​មួយ​ដ៏​គួរ​ឱ្យ​អាណិត​ ដោយ​ប្រាប់​ថា នាង​ត្រូវ​គេ​ដេញ​ពី​ផ្ទះ​សំណាក់​មួយ​នៅ​ឯ​ទី​ក្រុង Changsha នៃ​ខេត្ត​ Hunan ប្រទេស​ចិន​ ព្រោះ​តែ​នាង​ជា​អ្នក​ស្រុក​ Wuhan។

    Ludougao បាន​ចាក​ចេញពី​ក្រុង​ Wuhan នៃ​ខេត្ត Hubei កាល​ពី​ថ្ងៃ​ទី20មករា ពោល​គឺ​ 3ថ្ងៃ​មុន​ការ​ដាក់​បម្រាម​គោចរ​​ ព្រោះ​តែ​ការ​រាត​ត្បាត​នៃ​មេរោគ​​រលាក​សួត​ថ្មី Corona (nCoV)។ នៅ​លើ​បណ្ដាញ​សង្គម Weibo នាង​ Ludougao បាន​ឱ្យ​ដឹងថា អ្នក​ទេស​ចរណ៍​មក​ពី​ក្រុង​ Wuhan ដូច​ជា​រូប​នាង ពេល​នេះ​មិន​​បាន​ទទួល​ស្វាគមន៍​ឱ្យ​ស្នាក់​នៅ​ក្នុង​ ខេត្ត Hunan នេះ​ទេ។​

    នាង Ludougao សរសេរ​នៅ​លើ​ Weibo កាល​ពី​ថ្ងៃទី​ 26មករា​ថា ៖ “ខ្ញុំ​បាន​ត្រឹម​តែ​ស្វែង​រក​ជំនួយ​នៅ​ទី​នេះ ព្រោះ​ខ្ញុំ​បាន​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ​”។

    Ludougao បាន​ទៅ​កាន់​ស្ថានីយ​រថ​ភ្លើង ប៉ុន្តែ​មិន​មាន​​រថភ្លើង​ណា​មួយ​ត្រឡប់​ទៅ​កាន់​ក្រុង​ Wuhan សោះ​ឡើយ​។ នាង​បាន​ទាក់​ទង​ទៅ​កាន់​នគរបាល ហើយ​ត្រូវ​គេ​ណែ​នាំ​ឱ្យ​ទៅ​កាន់​ផ្ទះ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង។ នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​បន្ទាន់​ (Hotline) របស់អភិបាល​​ក្រុង​ Wuhan ប៉ុន្តែ​គ្មាន​ប្រយោជន៍។ នាង​ថែម​ទាំង​បាន​ទាក់​ទង​ទៅ​កាន់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ជាង​ 10 កន្លែង​ ប៉ុន្តែ សុទ្ធ​តែ​ត្រូវ​គេ​បដិសេធ។

    Ludougao បាន​សរសេរ​ថា ៖ “ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ។ សូម្បី​តែ​ពេល​អ្នក​ស្រុក​យើង​ខ្ញុំ​ជា​ “ខ្មោច​ឆៅ” យើង​ខ្ញុំ​គ្មាន​សិទ្ធិ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ដែរ​ មែន​ទេ​? ពេល​នេះ​ ខ្ញុំ​ត្រូវ​គេ​ដេញ​ចេញ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​”។

    បើ​ទោះ​ជា​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល​ ប៉ុន្តែ សំនេរ​របស់ Ludougao បាន​ត្រូវ​គេ​ចែក​រំលែក​ពាស​ពេញ​បណ្ដាញ​សង្គម​ រហូត​ធ្វើ​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​ខ្លឹម​សារ​នៅ​ Changsha ចាប់​អារម្មណ៍ និង​បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​កាន់​អាជ្ញា​ធរ​ក្រុង​ ទើប​ក្រោយ​មក​ Gudougao ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ នៅ​យប់​ថ្ងៃ​ទី​ 26មករា។

    ភ្នាក់​ងារ​សារ​ព័ត៌មាន CNN បាន​ទាក់​ទង​ Ludougao ហើយ​នាង​បាន​ប្រាប់​ថា ខ្លួន​បាន​បង្ហោះ​សារ​នោះ ហើយ​ក្រោយ​មក អាជ្ញា​ធរ​បាន​ទាក់​ទង​មក​នាង​ ប៉ុន្តែ​ Ludougao បាន​បដិសេធ​ការ​បញ្ចេញ​មតិ​បន្ថែម​លើ​រឿង​នេះ​។ Ludougao មិន​មែន​ជា​មនុស្ស​​តែ​ម្នាក់​ដែល​បាន​ជួប​បញ្ហា​នេះ​នោះ​ទេ​។ នៅ​ក្នុង​ខេត្ត​ Yunnan មាន​ភ្ញៀវ​ទេស​ចរណ៍​មក​ពី​ខេត្ត​​ Hubei ជា​ច្រើន​​មិន​អាច​រក​បាន​កន្លែង​ស្នាក់​នៅ ហើយបាន​ទាក់​ទង​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​សុំ​ជំនួយ​។

    មិន​ត្រឹម​តែ​ភ្ញៀវ​ទេស​ចរណ៍​នោះ​ទេ​ដែល​ត្រូវ​គេ​រើស​អើង សូម្បី​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​ពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ក្រុង​ Wuhan ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ចិន​។ នៅ​ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន ដូច​ជា​ សៀងហៃ និង​ក្វាង​ចូវ​ជា​ដើម អាជ្ញាធរ​មូល​ដ្ឋាន​ក៏​ទទួល​បាន​បញ្ជា​ឱ្យ​ទៅ​ត្រួត​ពិនិត្យ​ដើម្បី​ស្វែង​រក​អ្នក​ដែល​ទើប​មក​ពី​ក្រុង​ Wuhan រួច​រាយការណ៍​ទៅ​ថ្នាក់​លើ​។

    Eric Chen អាយុ 33ឆ្នាំ មក​ពី​ក្រុង​ Jingzhou នៃ​ខេត្ត Hubei ដែល​បច្ចុប្បន្ន​រស់​នៅ​ និង​ធ្វើ​ការ​ក្នុង​ក្រុង Zhejiang បាន​ឱ្យ​ដឹង​ថា អ្នក​ស្រុក​នៅ​ទី​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ជា​មួយ​និង​ពល​រដ្ឋ​មក​ពី​ Wuhan។ សូម្បី​តែ​ឃើញ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ Wuhan ក៏​ពួក​គេ​រាយ​ការណ៍​ទៅ​នគរ​បាល​ដែរ​។

    ភូមិ​ស្រុក​ជា​ច្រើន​នៅ​ជនបទ​ បាន​បង្កើត​ក្រុម​ល្បាត​ដើម្បី​ទប់​ស្កាត់​អ្នក​ស្រុក Wuhan។ រូប​ភាព​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​បង្ហាញ​ថា ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​គេ​បិទ​ដោយ​រថយន្ត​ដឹក​ទំនិញ ត្រាក់​ទ័រ ដើម​ឈើ ឬ​គាស់​ផ្លូវ​ដើម្បី​ស្កាត់​មិន​ឱ្យ​មនុស្ស​ចម្លែក​ចូល​ភូមិ​។ ស្ថាន​ការណ៍​បាន​ធ្ងន់​ធ្ងរ​រហូត​ធ្វើ​ឱ្យ​ក្រសួង​ដឹក​ជញ្ជូន​ចិន​ ត្រូវ​ចេញសេចក្ដី​ប្រកាស​ ព្រមាន​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​​បិទ​ផ្លូវ​ដោយ​ខុស​ច្បាប់។

    ជាង​នេះ មាន​តំបន់​ខ្លះ​មាន​អំពើ​ជ្រុល​និយម​មួយ​ចំនួន​​ដែល​រើស​អើង​ចំពោះ​ពល​រដ្ឋ​មក​ពី​ក្រុង Wuhan​ ដូច​ជា​ការ​បិទ​ទ្វារ​ដោយ​ក្រដាស​ ឈើ ឬ​ដែក​ និង​មាន​សរសេរ​ថា ៖ “នេះ​គឺជា​ផ្ទះ​របស់​អ្នក​ដែល​ត្រឡប់​មក​ពី​ Wuhan សូមកុំ​នៅ​ក្បែរ​ពួកគេ”។

    ការ​រើស​អើង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ស្រុក​ Wuhan បាន​នាំ​ឱ្យ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​ People’s Daily ដែល​ជា​អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​និស្តចិន​ ចាប់​អារម្មណ៍​។ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​បង្ហោះ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ទី​ 27មករា People’s Daily បាន​ទទួល​ស្គាល់​ថា​ មាន​សកម្ម​ភាព​ប្រមាថទៅ​លើ​អ្នក​ស្រុក​ Wuhan និង​ខេត្ត​ Hubei។ កាសែត​នេះ​​ក៏​បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​មូល​ដ្ឋាន​​ជា​ច្រើន​បាន​ប្រើ​ប្រាស់​វិធានការ​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ពល​រដ្ឋ​មក​ពី​ Wuhan មិន​ឱ្យ​ចូល​ក្នុង​តំបន់​របស់​ពួកគេ​ ឬ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ក្នុង​តំបន់​។ អាជ្ញាធរ​ក្រុង​ Wuhan បាន​បញ្ជាក់​ថា ពល​រដ្ឋ​ប្រមាណ​ 5លាន​នាក់​បាន​ចាក​ចេញ​ពី​ក្រុង Wuhan ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ នៅ​មុន​ពេល​អាជ្ញាធរ​ប្រកាស​បិទ​ទី​ក្រុង​នេះ​នៅ​ថ្ងៃ​ទី 23មករា។

    ផែនទី​ទិន្ន​ន័យ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា

    យ៉ាង​ណា​ក៏ដោយ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ក៏​ឃើញ​មាន​វិធាន​ការ​មួយ​ចំនួន​របស់​រដ្ឋ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មក​ពី​ក្រុង Wuhan ក៏ដូច​ជា​ខេត្ត Hubei។ កាល​ពី​ថ្ងៃ​ទី 26មករា​​ មន្ទីរ​ទេស​ចរណ៍ និង​វប្បធម៌​ខេត្ត Yunnan បាន​ស្នើ​ឱ្យ​អាជ្ញា​ធរ​ក្រុង​ទាំង​អស់​នៅ​ក្នុង​ខេត្ត​នេះ រៀប​ចំ​សណ្ឋា​គារ​យ៉ាង​តិច​ចំនួន​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ដែល​មក​ពី​ខេត្ត Hubei។

    សកម្មភាព​រៀប​ចំ​សណ្ឋា​គារ​ដូច​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត និង​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​​ យក​មក​អនុវត្ត​តាម​។ មន្ទីរ​ទេស​ចរណ៍ និង​វប្បធម៌​ក្រុង​ Wuhan ក៏​បាន​បង្កើត​ និង​ប្រកាស​បង្ហាញ​តារាង​​ឈ្មោះ​សណ្ឋាគារ​​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​សម្រាប់​ទទួល​ភ្ញៀវ​ទេស​ចរណ៍​មក​ពី​ក្រុង Wuhan ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា មាន​ប្រសិទ្ធភាព​កម្រិត​ណា​នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • វូហានបង្កើនកម្រិតការទប់ស្កាត់ ខណៈអ្នកជំងឺវីរុសកូរ៉ូណាឡើងដល់ជាង 17,300នាក់ ស្លាប់កើនដល់ 362នាក់

    វូហានបង្កើនកម្រិតការទប់ស្កាត់ ខណៈអ្នកជំងឺវីរុសកូរ៉ូណាឡើងដល់ជាង 17,300នាក់ ស្លាប់កើនដល់ 362នាក់

    រដ្ឋបាលទីក្រុងវូហាន បង្កើនសមត្ថភាពលើការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយនឹងបង្ខាំងរាល់មនុស្សណាដែលសង្ស័យថាបានឆ្លងមេរោគ ខណៈដែលចំនួនអ្នកជំងឺដែល​បាន​ឆ្លង​មេរោគនេះបាន​កើនឡើងដល់ច្រើនជាង 17,300នាក់។

    ទីភ្នាក់ងារសារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីព្រឹកមិញ(ថ្ងៃទី3 មករា)ថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 រាប់តាំងពីចាប់ផ្ដើមការឆ្លងរាលដាលកាលពីខែធ្នូ ឆ្នាំកន្លងមក បានកើនឡើងទៅជាប្រមាណ 17,387នាក់ហើយទូទាំងពិភពលោក ខណៈដែលអ្នកស្លាប់ក៏កើនឡើងជាបន្តបន្ទាប់មកដល់ចំនួន 362នាក់ ដែលស្ទើរតែទាំងអស់ស្ថិតនៅក្នុងប្រទេសចិន មានតែ 1ករណីប៉ុណ្ណោះនៅក្នុងប្រទេសហ្វីលីពីន។

    ចំណែក CNN បានរាយការណ៍ថា អង្គភាពសាធារណៈផ្នែក​សុខាភិបាលរបស់មណ្ឌល ហ៊ូពេយ ដែលស្ថិតនៅក្នុងទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងមេរោគវីរុសមរណៈនេះ បានបង្ហើបឱ្យដឹងថា រកឃើញអ្នកជំងឺនៅក្នុងមណ្ឌលហ៊ូពេយបន្ថែមទៀត 2,103នាក់ និងមានអ្នកស្លាប់ថែមទៀត 56នាក់ ខណៈនៅមានអ្នកដេកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន 9,618នាក់ទៀត ដែលក្នុងចំនួននោះមាន 478នាក់ មានអាការធ្ងន់ធ្ងរ។

    ខណៈពេលជាមួយគ្នា រដ្ឋបាលទីក្រុងវូហានបានប្រកាសបង្កើនកម្រិតភាពព្យាយាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា ដោយការចេញច្បាប់ដែលមានសុពលភាពភ្លាមៗកាលពីថ្ងៃអាទិត្យ កំណត់ឱ្យនរណាក៏ដោយដែលត្រូវសង្ស័យថាឆ្លងមេរោគ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានទទួលការអះអាងហើយថាផ្ទុកមេរោគ នឹងត្រូវនាំខ្លួនទៅដាក់ក្នុងទីកន្លែងប្រមូលផ្ដុំភ្លាមៗ មិនថាពួកគេយល់ព្រម ឬមិនយល់ព្រមក៏ដោយ។

    ទាំងអស់នេះ រដ្ឋបាលវូហានមិនបានបង្ហើបឱ្យដឹងថា តើពួកគេបានត្រៀមមណ្ឌលប្រមូលផ្ដុំនោះប៉ុន្មានកន្លែងនោះទេ តែបានបញ្ជាក់ថា អ្នកដែលត្រូវបង្ខាំងទាំងនោះ នឹងត្រូវទទួលបានការព្យាបាលដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ រួមទាំងថ្លៃអាហារ និងថ្លៃស្នាក់នៅ ដើម្បីប្ដូរនឹងការដែលត្រូវបង្ខាំងរយៈពេលយូរតាមដែលក្រុមគ្រូពេទ្យដែលផ្ដល់ការព្យាបាលយល់ឃើញថាសមល្មម៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ Corona កើន​ដល់​ 362នាក់ និង​អ្នក​ឆ្លង​កើន​ដល់…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ Corona កើន​ដល់​ 362នាក់ និង​អ្នក​ឆ្លង​កើន​ដល់…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា (Corona) បាន​កើន​ឡើង​ដល់​ 362នាក់ ក្នុង​នោះ​មាន​ 361នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​ចិន​។ ចំណែក​ចំនួន​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​នេះ​ក៏​កើន​ដល់​ជាង​ ​17,318នាក់​។

    គណកម្មធិការ​សុខា​ភិបាល​ខេត្ត Hubei ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​មាន​ 56នាក់​ និង​អ្នក​ឆ្លង​ថ្មី​បន្ថែម​មាន​ចំនួន 2,103នាក់​​ នៅ​ក្នុង​ខេត្ត​នេះ​។ កាល​ពី​ថ្ងៃ​ទី 2កុម្ភៈកន្លង​ទៅ​ ក្រុង​ Chongqing បាន​បញ្ជាក់​ថា មាន​ករណី​ស្លាប់​បន្ថែម​ម្នាក់​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ទី​ក្រុង​នេះ កើន​ដល់​ 362នាក់នៅ​ទូទាំង​ពិភព​លោក​​។

    រីឯគណកម្មធិការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន ក៏​បាន​ប្រកាស​ថា ករីណអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ 2,829នាក់​។

    សូម​រំឭក​ថា ​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​រលាកសួត​ Corona ដំបូង​គេ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​​ គឺ​មាន​មួយ​ករណី​។ ករណី​នេះ​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ប៉ុន្តែ អ្នក​ស្លាប់​គឺ​ជា​ជន​ជាតិ​ អាយុ 44ឆ្នាំ​ មក​ពី​ទី​ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា។

    គិត​មក​ដល់​ពេល​នេះ ទូទាំង​ពិភព​លោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ខាង​លើ​ កើន​ឡើង​ដល់ 362នាក់ និង​អ្នក​បាន​ឆ្លង​កើន​ដល់ 17,318៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស

  • ដឹងទេ គ្រូពេទ្យអ្នកប្រយុទ្ធនឹងមេរោគកូរ៉ូណា ត្រូវស្លៀកពាក់ខោអាវប៉ុន្មានជាន់?

    ដឹងទេ គ្រូពេទ្យអ្នកប្រយុទ្ធនឹងមេរោគកូរ៉ូណា ត្រូវស្លៀកពាក់ខោអាវប៉ុន្មានជាន់?

    ក្រុមបុគ្គលិកពេទ្យនៃបណ្ដាញមន្ទីរពេទ្យប៉េកាំងដែលធ្វើដំណើរមកទីក្រុងវូហាន បានប្រើពេលវេលា​ឈប់​សម្រាក​ ជួយក្រុមការងារគ្រូពេទ្យវូហាន ក្នុងការអភិវឌ្ឍជំនាញផ្នែកការពារ និងត្រៀមខ្លួនឱ្យបានស្រេច ដើម្បីទប់ទល់ដំណាក់កាលចុងក្រោយ មុនចូលទៅសមរភូមិក្នុងឋានៈ “ខ្សែត្រៀមជួរមុខ”។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ដើម្បីឃុំគ្រងការពារក្រុមបុគ្គលិកអ្នកដំណើរការព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យចិន បានសិក្សា និងហ្វឹកហាត់ពីវិធីស្លៀកពាក់ និងដោះឈុតការពារយ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ដោយចាប់ផ្ដើមតាំងពីការពាក់អាវពេទ្យ(អាវសវែង)ម្ដង 1ជាន់ ពាក់មួក និងម៉ាស់ការពារពីខាងក្នុង រួចហើយទើបពាក់អាវធំឃ្លុំពីខាងក្រៅ និងស្រោមដៃ ដោយជាទូទៅត្រូវពាក់ឈុតការពារនោះយ៉ាងតិចពី 3-4ជាន់។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ក្រៅពីនេះ នៅមានការរៀបចំកន្លែងទុកដាក់ស្បែកជើង និងខោអាវដើម្បីទុកស្លៀកពាក់សម្រាប់តែពេលនៅខាងក្រៅឱ្យមានរបៀបរៀបរយ ទុកដាក់សាប៊ូជែលលាងដៃនៅជិតនឹងមាត់ទ្វារចេញ-ចូល និងការទុកដាក់ស្បែកជើងស្អាត សម្រាប់ពាក់ដើរនៅក្នុងបន្ទប់អ្នកជំងឺក្នុងទីតាំងដែលសមរម្យត្រឹមត្រូវទៀតផង។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ព័ត៌មានបឋម បានបញ្ជាក់ថា ក្រុមគាំទ្រ(បុគ្គលិកពេទ្យមកពីប៉េកាំង)ទាំងនោះប្រកបដោយ បុគ្គលិកពេទ្យចំនួន 136នាក់ មកពីមន្ទីរពេទ្យ 12កន្លែងក្នុងទីក្រុងប៉េកាំង ដូចជាមន្ទីរពេទ្យមិត្តភាពប៉េកាំង មន្ទីរពេទ្យកាំង អាន់ ជឹន មន្ទីរពេទ្យប៉េកាំង សួនអ៊ូ ជាដើម ដោយបុគ្គលិកភាគច្រើន មកពីសាខាវេជ្ជសាស្ត្របំបាត់ និងស្ដារវិបត្តិប្រព័ន្ធផ្លូវដង្ហើម និងការឆ្លងមេរោគ។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

    អាសន្នរោគ​​ Corona មិន​ទាន់​ចប់​ផង ចិន​ត្រូវ​ទទួល​ផ្ដាសាយ​បក្សី H5N1 មួយ​ជាន់​ទៀត​!

  • វូហាន ទីក្រុងរហោដ្ឋាន ស្ងាត់ជ្រងំ និងឈឺចាប់…(តាមរយៈរូបភាព)

    វូហាន ទីក្រុងរហោដ្ឋាន ស្ងាត់ជ្រងំ និងឈឺចាប់…(តាមរយៈរូបភាព)

    ទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានបិទទាំងស្រុងតាំងពីថ្ងៃទី23 មករា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគ។ វូហាន ជាទីក្រុងខ្នាតធំមួយដែលអាចហៅបានថា ជាមហាទីក្រុង ជាទីប្រជុំជនដ៏ធំបំផុតមួយដែលមានមនុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ទៅមកក្នុងតំបន់កណ្ដាលទីក្រុងប្រមាណជា 9លាននាក់ ប៉ុន្តែនៅថ្ងៃដែលត្រូវបិទទីក្រុង មនុស្សម្នារាប់លាននាក់បានបាត់អស់រលីងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

    ខាងក្រោមនេះ គឺឃ្លីបវីដេអូដែលបង្ហាញពីទីក្រុងរហោដ្ឋាន ក្រោយពីទីក្រុងនេះត្រូវបានបិទទាំងស្រុងកាលពីថ្ងៃទី23 មករា។ ប្រៀបដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ…ដ៏មិនគួរឱ្យជឿ។

    https://www.youtube.com/watch?v=Dtju9crUNQk&feature=emb_logo

    ស្ពានអាកាស យេ ចៀ ជុយ តភ្ជាប់ទៅស្ពានអាកាស ឆាង ចៀងទី2 ឆ្ពោះទៅ ស៊ី តុងកៅចៀ និងឆ្ពោះទៅ តុង ហ៊ូតាមឹន។ បើស្ថិតក្នុងស្ថានភាពប្រក្រតី ក្នុងថ្ងៃដែលអាកាសធាតុល្អ រថយន្តដែលបើកមកដើរលេងកម្សាន្តមណ្ឌល តុងហ៊ូ នឹងត្រូវជាប់ស្ទះបន្តកន្ទុយគ្នាវែងអន្លាយ តែពេលនេះមានរថយន្តបើកបរមួយ-ពីរ…។អ្នកយកព័ត៌មានចិន ស្ថាប័ន ហ្គោលបល ថាមស៍ ក្នុងខ្សែបណ្ដាញសារព័ត៌មានប្រជាជនចិន បានចុះទៅដល់ទីតាំងទាំងនោះដើម្បីផ្ដិតយករូបភាពនៅតាមផ្លូវថ្នល់នានាក្នុងទីក្រុងវូហាននាពេលបច្ចុប្បន្ន ដូចជា ផ្លូវ ចៀងហាន់ មណ្ឌលពាណិជ្ជកម្មនៅលើផ្លូវ ឈូ ហ៊ើ អាន់ រង្វង់មូលអនុស្សាវរីយ៍កណ្ដាលទីក្រុង និងទីកន្លែងផ្សេងៗទៀតដែលកាលពីពេលមុន មានមនុស្សម្នាច្រើនកុះករ អ៊ូអរ ប៉ុន្តែបន្ទាប់ពីបិទទីក្រុងមក ក្នុងទីក្រុងស្ទើរតែមិនឃើញមានស្រមោលមនុស្ស។

    ក្នុងអំឡុងពេលនេះ មហាទីក្រុងដែលធ្លាប់តែស្រស់ស្អាតសង្ហា ទាន់សម័យដូចវូហាននេះ ឥឡូវបែរជាក្លាយទៅជាទីក្រុងរហោដ្ឋាន និងឈឺចាប់ ប្រៀបដូចក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ…ក្នុងទីក្រុងដ៏ទទេស្អាតនេះ បង្កប់ទៅដោយក្ដីភ័យខ្លាច ទុក្ខសោក ស៊ូទ្រាំ រង់ចាំ និងក្ដីសង្ឃឹម…គ្រប់គ្នាសុទ្ធតែនឹកសង្ឃឹមថា វិបត្តិដែលប្រៀបដូចជាសុបិនអាក្រក់ក្នុងគ្រានេះ នឹងឆ្លងផុតទៅយ៉ាងឆាប់រហ័ស។

    ស្ពានអាកាស ចៀ តៅ ខូ មជ្ឈមណ្ឌលកណ្ដាលនៃប្រព័ន្ធគមនាគមន៍ អ៊ូឆាង ជាតំបន់ធុរកិច្ចដែលពោរពេញទៅដោយអគារខ្ពស់ៗ។
    បរិវេណផ្លូវ ឈូ ហ៊ើ អាន់ ជាមួយផ្លូវ ចុងពេយ មកប្រសព្វគ្នា បើក្នុងស្ថានភាពប្រក្រតី មានយានយន្តបើកបរទៅ-មកឆ្លងកាត់យ៉ាងកកកុញ តែនៅថ្ងៃបិទទីក្រុង គ្មានមនុស្សធ្វើដំណើរ គ្មានរថយន្តបើកបរឆ្លងកាត់។
    ស្ពានធំ សាហ៊ូ ឬចិនហៅថា សាហ៊ូ តាឆៀវ ជាច្រកផ្លូវសំខាន់ដែលភ្ជាប់ផ្លូវ ហាន់ ក្នុង អ៊ូឆាង ឆ្ពោះទៅកាន់ផ្លូវរូងកាត់ភ្នំ ឆាងចៀង ក្នុងក្រុងវូហាន(ផ្លូវរូងកាត់ភ្នំឆ្លង យែងស៊ីកៀវ តែមួយគត់ក្នុងពិភពលោក) តែតាំងពីបិទផ្លូវរូងកាត់ភ្នំនេះនៅថ្ងៃទី25 មករាមក សឹងតែគ្មានរថយន្តបើកទៅ-មក។
    ផ្លូវ ហ៊ើ អាន់ ជាផ្លូវមនុស្សដើរ នៅក្នុងមណ្ឌលពាណិជ្ជកម្មដែលអ៊ូអរបំផុតរបស់តំបន់ អ៊ូឆាង ក្នុងទីក្រុងវូហាន។ ក្នុងស្ថានភាពប្រក្រតី មានមនុស្សម្នាចំនួនដ៏ច្រើនមហាសាលដើរទៅ-មកនៅទីនេះ បើក្នុងអំឡុងថ្ងៃឈប់សម្រាកផង មនុស្សម្នានឹងដើរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ សឹងតែគ្មានកន្លែងឈរ…។
    ផ្លូវតាមបណ្ដោយដងទន្លេសាប តុង ហ៊ូ ដែលល្បីល្បាញថា ជាផ្លូវតាមមាត់ទន្លេដែលស្អាតជាងគេបំផុត។ ជាធម្មតាមានរថយន្ត និងយានជំនិះផ្សេងៗជាច្រើន ទាំងអ្នកទីក្រុងក្នុងចំនួនដ៏ច្រើននាំគ្នាមកដើរកម្សាន្ត បើករថយន្តមកចតស្រូបយកខ្យល់ទន្លេ…។នៅខាងៗ គឺជាមហាវិទ្យាល័យ វូហាន ជាកន្លែងដែលអ្នកទេសចរជាច្រើននាំគ្នាមកថតរូប តែពេលនេះ ក្លាយជាផ្លូវគ្មានមនុស្សដើរ មានតែស្លឹកឈើជ្រុះនៅលើផ្លូវ…។
    ស្ពាន ឆាង ចៀងទី2 ជាខ្សែផ្លូវឆ្លងទន្លេ ឆាង ចៀង ដែលចង្អៀតណែនបំផុតរបស់ទីក្រុងវូហាន ខណៈពេលនេះ ពេលរថយន្តឡើងស្ពាន រថយន្តទាំងអស់ត្រូវតែឈប់ អ្នកដំណើរទាំងអស់ត្រូវតែចុះពីរថយន្ត ដើម្បីវាស់សីតុណ្ហភាពរាងកាយ…៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស