Tag: corona

  • វិធានការ 7យ៉ាង ការពារ និងទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណាថ្មី

    វិធានការ 7យ៉ាង ការពារ និងទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណាថ្មី

    1. លាងដៃដោយប្រើសាប៊ូនឹងទឹកស្អាតអោយបានញឹកញាប់
    2. ជៀសវាងកុំយកម្រាមដៃប៉ះភ្នែក ច្រមុះ និងមាត់
    3. ពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកន្សែង ក្រមា កែងដៃ ឬក្រដាសអនាម័យ
    4. គួរជៀសវាងនៅក្នុងចំណោមមនុស្សច្រើន
    5. ត្រូវស្នាក់នៅក្នុងផ្ទះ ទោះបីជាអ្នកមានអារម្មណ៍មិនស្រួលខ្លួន ក្អក ឬឈឺក្បាលបន្តិចបន្តួចក៏ដោយ
    6. បើអ្នកឈឺក្បាល ក្អក ឬពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាល ឬទូរស័ព្ទទៅកាន់លេខ 115 ជាមុនសិន
    7. ស្វែងរកព័ត៌មាន Update ចុងក្រោយពី គេហទំព័រ ឬ Page ក្រសួងសុខាភិបាល និងព័ត៌មានពិតពី App ក្រសួងព័ត៌មាន

    សូមចូលរួមការពារការចម្លងវីរុសកូវីដ19 នៅក្នុងសហគមន៍រៀងៗខ្លួន៕

    ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

  • ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ 4រូបនៅខេត្តត្បូងឃ្មុំ

    ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ 4រូបនៅខេត្តត្បូងឃ្មុំ

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី24 ខែមិនាឆ្នាំ2020 នេះថា ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ4រូបនៅខេត្តត្បូងឃ្មុំ។

  • ពន្លឺភ្លើងនៅខាងចុងផ្លូវ…ក្ដីសង្ឃឹមនៅឆ្ងាយ! ចំនួនស្លាប់ដោយកូវីដ-19 នៅអ៊ីតាលីថយចុះ, ឆ្លងមេរោគថ្មីកើនតិច

    ពន្លឺភ្លើងនៅខាងចុងផ្លូវ…ក្ដីសង្ឃឹមនៅឆ្ងាយ! ចំនួនស្លាប់ដោយកូវីដ-19 នៅអ៊ីតាលីថយចុះ, ឆ្លងមេរោគថ្មីកើនតិច

    AFP- អ៊ីតាលី កាលពីថ្ងៃចន្ទ(ទី23មីនា) បានរាយការណ៍អំពីតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ប្រចាំថ្ងៃ បានធ្លាក់ចុះជាថ្ងៃទី2 ជាប់ៗគ្នា តែយ៉ាងណាក្ដី វាបានសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសមួយនេះរួចទៅហើយជាង 6,000នាក់ ក្នុងរយៈពេលត្រឹមតែ 1ខែគត់ប៉ុណ្ណោះ។

    នៅពេលនេះ អ៊ីតាលីបានរកឃើញតួលេខអ្នកស្លាប់ប្រចាំថ្ងៃ បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុតក្នុងពិភពលោក 793នាក់ កាលពីថ្ងៃសៅរ៍(ទី21មីនា) មកនៅសល់ត្រឹម 651នាក់ នៅថ្ងៃអាទិត្យ(ទី22មីនា) និងចុងក្រោយបំផុត នៅសល់ 601នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទ(ទី23មីនា)។

    ចំណែកតួលេខអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ ក៏បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុត 6,557 កាលពីថ្ងៃសៅរ៍​(ទី21​មីនា) នៅសល់ 4,789នាក់ កាលពីថ្ងៃចន្ទ(ទី23មីនា) ដែលអាចនិយាយបានថា ជាថ្ងៃដែលមានអ្នកឆ្លងមេរោគថ្មី តិចបំផុតក្នុងជុំ 5ថ្ងៃ។

    លោក ជូលេអូ កាល់លេរ៉ា ប្រធានផ្នែកសាធារណសុខាភិបាលរបស់តំបន់ ឡមបាឌៀរ ដែលជាមូលដ្ឋានរបស់ទីក្រុងមីឡាន បានបង្ហាញខ្លួនតាមរយៈស្ថានីយទូរទស្សន៍ដោយស្នាមញញឹមជាលើកដំបូងក្នុងជុំជាច្រើនសប្ដាហ៍កន្លងមក ដោយលោកបានថ្លែងថា “យើងនៅមិនទាន់អាចប្រកាសជ័យជម្នះបានទេ តែវាមានពន្លឺភ្លើងនៅខាងចុងផ្លូវហើយ…”

    យ៉ាងណាក៏ដោយ លោក ស៊ីលវីអូ ប្រ៊ូសាហ្វើរ៉ូ នាយកស្ថាប័នសាធារណសុខាភិបាលរបស់អ៊ីតាលី ដេលមើលទៅហាក់ដូចជាមានឥរិយាបថប្រយ័ត្នប្រយែងខ្លាំងជាង បានថ្លែងថា “វាជាចំនួនដែលជាសញ្ញាវិជ្ជមាន តែខ្ញុំសុំមិនបញ្ជាក់ច្បាស់លាស់ថា វាមានសញ្ញាថយចុះទេ”។

    ប្រជាជនអ៊ីតាលីបានរើបម្រះស្វែងរកពន្លឺនៃក្ដីសង្ឃឹមមកជាយូរហើយ ក្រោយពីរស់នៅក្រោមសភាវបិទប្រទេសអស់ជាច្រើនសប្ដាហ៍រួចមក ដែលសូម្បីតែការរត់ហាត់ប្រាណនៅក្នុងសួនច្បារសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។

    តាមពីក្រោយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍(ទី21មីនា) លោកនាយករដ្ឋមន្ត្រី ជូសិបប៉េ ខន់តេ ចាំបាច់ត្រូវតែបញ្ចេញវិធានការដើម្បីកម្រិតសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងនោះរួមមានទាំង ការបញ្ជា​បិទរោងចក្រនានាដែលមិនមានភាពចាំបាច់ផងដែរ។

    លោក ខន់តេ បានចេញមកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យផ្អាកដំណើរការកិច្ចការបែបពាណិជ្ជកម្មទូទាំងប្រទេស លើកលែងតែមុខជំនួញដែលមានភាពចាំបាច់ដល់ការរស់នៅ ឬពាក់ព័ន្ធនឹងការការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែប៉ុណ្ណោះ។

    លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី បានថ្លែងថា ស៊ូភើរម៉ាឃិត និងឱសថស្ថាន នៅតែបើកផ្ដល់សេវាកម្ម ក្នុងខណៈដែលធនាគារ និងផ្នែកដឹកជញ្ជូនដែលសំខាន់ៗ ក៏នឹងនៅតែដំណើរការជាបន្ត ចំណែកមុខជំនួញផ្សេងៗទៀត ដែលមិនមានភាពចាំបាច់ក្នុងខណៈពេលនេះ នឹងត្រូវបញ្ជាហាមឃាត់មិនឱ្យដំណើរការទាំងអស់។

    រហូតមកដល់ថ្ងៃនេះ(ទី24មីនា) តួលេខអ្នកឆ្លងមេរោគស្ថិតនៅក្នុងចំនួន 63,927នាក់ ក្នុងនោះមានអ្នកស្លាប់ 6,077នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

    ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

    អនុវត្តតាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចត្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការត្រៀមបំរុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូរីដ១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជិតស្ទិទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួនដែលបានផ្អាក ឬបិទអាជីវកម្ម ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

    ទទួលបានសេចក្តីណែនាំនេះ សូម លោក លោកស្រីប្រធានមន្ទីរ ចាត់ចែងអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕

    ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖

  • Fellaini កើត COVID-19 នៅ Chinese Super League

    Fellaini កើត COVID-19 នៅ Chinese Super League

    អតីតកីឡាករខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេប្រកាសថា បានឆ្លងវីរុស COVID-19 នៅឯប្រទេសចិន ជាកន្លែងដែលកីឡាកររូបនេះកំពុងប្រកបអាជីព។
    លទ្ធផលតេស្ត មុនការចាប់ផ្តើមប្រកួតលីកកំពូលចិនវិញ នៅ 2សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យកីឡាកររបស់ក្លិប Shandong Lunen រូបនេះ ក្លាយជាកីឡាករដំបូងនៅក្នុងលីកកំពូលរបស់ចិន ដែលឆ្លងជំងឺប្រភេទថ្មីនេះ។
    ចំណែក​សារព័ត៌មាន​ចិន​វិញ​ ក៏​បាន​រាយការណ៍​ដែរថា Fellaini ស្ថិត​នៅ​កន្លែង​ដាច់ដោយឡែកមួយ​ក្នុង​មន្ទីរពេទ្យ Jinan ដែលជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ឯកទេស​ជំងឺ​ឆ្លង៕

  • ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    លោក​ Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា​ បានបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​COVID-19។ ​

    ដោយឆ្លើយ​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការបញ្ជូន​សម្ភារ​បរិក្ខា​ពេទ្យ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​៧​នាក់មក​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​

    កាលពី​ថ្ងៃទី​23 មីនា​ ឆ្នាំ 2020 រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​7​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 ​ក្រៅពីនេះចិនក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។
    គិត​ត្រឹម​ព្រឹក​ថ្ងៃទី​24 មីនា​ ឆ្នាំ2020​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​COVID ចំនួន​87នាក់ ក្នុងនោះ​ជាសះស្បើយ​2​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​65ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​60​ឆ្នាំ​។

  • នាវា​ទេស​ចរណ៍​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ 4,500នាក់ កំពុង​ជួប​បញ្ហា​ស្រដៀងនាវា​ MS Westerdam ដែល​បាន​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះ​សីហនុ

    នាវា​ទេស​ចរណ៍​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ 4,500នាក់ កំពុង​ជួប​បញ្ហា​ស្រដៀងនាវា​ MS Westerdam ដែល​បាន​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះ​សីហនុ

    ប្រទេស​កោះ Jamaica និង​ប្រជុំកោះ Cayman (កោះ Jamaica និង Cayman ជាដែនដី2ក្នុង​ចំណោម​ដែន​ដី​ទាំង​16​របស់​អង់គ្លេស​ ដែល​គេ​ហៅ​ថា Commonwealth realm) បាន​បដិសេធមិន​ឱ្យ​នាវា​ទេស​ចរណ៍​មួយ​គ្រឿង​របស់​អាមេរិក​ចូល​ចត​ក្នុង​កំពង់​ផែ​របស់​ពួកគេ​ ដោយ​សារ​តែ​សមាជិកម្នាក់​នៃ​​ក្រុម​នាវិក​មាន​ជំងឺ​។

    កាល​ពីថ្ងៃទី​25កុម្ភៈ នាវា​ទេស​ចរណ៍​ MSC Mereviglia ដែល​មាន​ការិយា​ល័យ​កណ្ដាល​នៅ​ Miami សហរដ្ឋ​អាមេរិក ត្រូវ​បានអាជ្ញា​ធរ​ Jamaica បដិសេធ​មិន​ឱ្យ​ចូល​ចត​ក្នុង​កំពង់​ផែ នៅ​ពេល​ដែល​នាវា​នេះ​បាន​ទៅ​ជិត​ដល់​ទី​រួម​ស្រុក Ochos Rios ដោយ​សារ​តែ​សមាជិក​ម្នាក់​នៃ​ក្រុម​នាវិក​របស់​កប៉ាល់​នេះ​ មាន​អាការ​ក្អក គ្រុន​ក្ដៅ និង​ឈឺ​សព្វ​រាងកាយ​(រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​)។ ក្រសួង​សុខាភិបាល​ Jamaica បាន​ប្រកាស​ឱ្យ​ដឹង​ថា បុគ្គលិក​ម្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែកពី​គេ​នៅ​លើ​នាវានោះ។

    នៅ​លើ​នាវា​ ដែល​កំពុង​​ដឹក​ភ្ញៀវ​ចំនួន​ជាង​4,500នាក់ និង​បុគ្គលិក​នាវា​ជាង​1,600នាក់ កំពុង​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​ Caribbean ក្នុង​គម្រោង​ដំណើរ​រយៈ​ពេល14ថ្ងៃ​។ ក្រោយ​ពី​ត្រូវ​បាន​បដិសេធ​ដោយ​ Jamaica នាវា​នេះ​បន្ត​ដំណើរ​ទៅ​កំពង់ផែ​របស់ Grand Cayman ក៏ប៉ុន្តែ ជា​អកុសល​ នាវា​ MSC Mereviglia នេះ ក៏ត្រូវ​បដិសេធទៀត​។ មន្ត្រី​ផ្នែកសុខា​ភិបាល​ Cayman បាន​ឱ្យ​ដឹង​ថា ការ​បដិសេធ​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការ​ពារ​សុខ​ភាព​​ និង​សុវត្ថិ​ភាព​ជូន​ប្រជាជន​នៅ​លើ​កោះ​តែ​ប៉ុណ្ណោះ​។

    ភាគីក្រុម​ហ៊ុន​​នាវា​ទេសចរណ៍​បាន​រិះ​គន់​ទៅ​លើ​ការ​សម្រេច​​ខាង​លើនេះ ហើយ​ថា​ អាជ្ញាធរ​កោះ មិន​បាន​ស្រាវ​ជ្រាវ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​ឯកសារ​សុខាភិបាល​ដែល​ភាគី​នាវា​បាន​ផ្ដល់​ជូន​ពិនិត្យនោះ​ទេ​។ ​ឯកសារ​បាន​រៀប​រាប់​ថា សមាជិកដែល​មាន​ជំងឺ​គ្រុន​នោះ ធ្លាប់​បានធ្វើ​ដំណើរ​ពីទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​ទៅ​កាន់តំបន់ Miami និង​បាន​ឡើង​នាវា​នៅ​ឯ Istanbul ប្រទេស​ទួរគី។ មុន​ពេល​ឡើង​នាវា​ បុគ្គលិក​នេះ​ត្រូវ​បាន​គេ​ពិនិត្យ​សុខ​ភាព​គ្រប់​ផ្នែក និង​មិន​មានរោគ​សញ្ញា​អ្វី​នោះ​ទេ​។ ក្រោយ​ពី​បាន​ឡើង​នាវា​ ទើប​បុគ្គលិក​នេះ​កើត​ជំងឺ ហើយ​បន្ទាប់​ពី​ពិនិត្យ​ ទើប​គេ​ដឹង​ថា មាន​ផ្ទុក​វីរុស​គ្រុន​ផ្ដាសាយ​អេ(Influenza A virus)។

    បច្ចុប្បន្ន នាវា​នេះ​កំពុង​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​បន្ទាប់​ នៅ​ឯ Cozumel ប្រទេស​ប្រេស៊ីល។ អ្នក​គ្រប់​គ្រង​នាវា​នេះ​បាន​ទំនាក់​ទំនង​ទៅ​កាន់​ការិយា​ល័យ​សុខា​ភិបាល​​ក្នុង​ស្រុក​ដើម្បី​ធានា​ថា រដ្ឋា​ភិបាល​ប្រទេស​នេះ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​យោង​ទៅ​លើការ​វាយ​តម្លៃ​ជាក់​ស្ដែង​។

    អ្នក​ទេសចរ​ម្នាក់​​នៅ​លើ​នាវា​បាន​ឱ្យ​ដឹងថា ភ្ញៀវ​ទេស​ចរ​ជា​ច្រើននៅ​លើ​នាវា​នេះ ​ចាប់​ផ្ដើម​ព្រួយ​បារម្ភកាន់​តែ​ខ្លាំង​ឡើង​ៗ​។ ប៉ុន្តែ ភាគីនាវា​បាន​ផ្ញើ​ពាក្យ​សុំ​ទោស​ចំពោះ​ភ្ញៀវ​ទាំង​អស់ ហើយ​ថានាវា​នេះ​នឹង​សង​ជំងឺចិត្តដែល​បាន​រំលង​ចោល​តំបន់​ទេស​ចរណ៍​នៅ​ Ocho Rios និង Grand Cayman ដែល​មាន​តម្លៃ​សរុប​200ដុល្លារ​អាមេរិក សម្រាប់​ភ្ញៀវ​ម្នាក់​ៗ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​1,000នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង ខណៈ​អ្នក​ស្លាប់​បាន​កើន​ដល់​​2,704​នាក់​នៅ​ទូទាំង​…

    ជិត​1,000នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង ខណៈ​អ្នក​ស្លាប់​បាន​កើន​ដល់​​2,704​នាក់​នៅ​ទូទាំង​…

    កូរ៉េខាង​ត្បូង​ទើប​តែ​បាន​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មីបន្ថែម​​ចំនួន84នាក់​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​977នាក់​។

    មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​រោគឆ្លង​​របស់​កូរ៉េខាង​ត្បូង​(KCDC) បាន​ឱ្យ​ដឹង​ថា​ 80% ក្នុងចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​977នាក់នៃប្រទេស​នេះ សុទ្ធ​តែ​មក​ពី​ទីក្រុង Daegu ខេត្ត​ Gyeongsang ខាងជើង។ កូរ៉េខាង​ត្បូង​ក៏​បាន​ប្រកាស​ថា ប្រទេស​នេះ មាន​អ្នក​ស្លាប់​ចំនួន​10នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ក្នុង​នោះ​មាន​8នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Cheongdo ​ជា​កន្លែង​ដែល​អ្នក​ជំងឺ​110នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ COVID-19។

    ជាមួយ​នឹង​តួលេខ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ គេ​ឃើញ​ថាចំនួន​ករណី​ឆ្លង​នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​​ជាង​30ដង ចាប់​ពី​ថ្ងៃទី​18កុម្ភៈ​ ខណៈ​​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​មាន​31ករណី​។ តំបន់​ស្នូល​នៃ​អាសន្នរោគ​ចំនួន​2គឺ​ វិហារ​ Shincheonji នៅ​ឯទី​ក្រុង​ Daegu និង​មន្ទីរពេទ្យ​ Daenam នៅក្នុង​ខណ្ឌ​ Cheongdo នៃ​ខេត្ត Gyeongsang មាន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​​សរុប​70% ក្នុង​ចំណោម​អ្នក​មាន​មេរោគ​សរុប​នៅ​កូរ៉េខាង​ត្បូង​។

    នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅកាន់​តំបន់ Daegu ចាប់​តាំង​ពី​អាសន្ន​រោគ​បាន​ចាប់​ផ្ដើម​កើត​ឡើង ប្រធានា​ធិបតី​ Moon Jae-in បាន​ថ្លែង​ថា “ស្ថាន​ភាព​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​” ហើយ​លោក​ក៏​បាន​សន្យា​ថា រដ្ឋា​ភិបាល​នឹង​ជួយ​ដល់​តំបន់​នេះ​។

    សូម​រំឭក​ថា អាសន្នរោគ​កូរ៉ូណា COVID-19​ នេះ បាន​កើត​ឡើង​ដំបូង​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2020។ មក​ដល់​បច្ចុប្បន្ន មេរោគ​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​ហោច 80,289​​នាក់​ និង​បាន​​សម្លាប់​មនុស្ស​ជាង​2,704​នាក់​ នៅ​ទូទាំង​ពិភពលោក​។ កូរ៉េខាង​ត្បូង​ បច្ចុប្បន្ន បាន​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​លំដាប់​ទី​2ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេសចិន៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បុគ្គលិក​ពេទ្យ​ជាង​3,000នាក់នៅ​ប្រទេស​ចិន​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ចំណែក​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏​កំពុង​ខ្វះខាត

    បុគ្គលិក​ពេទ្យ​ជាង​3,000នាក់នៅ​ប្រទេស​ចិន​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ចំណែក​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏​កំពុង​ខ្វះខាត

    មន្ត្រី​របស់​ប្រទេស​ចិន​ម្នាក់ បាន​ឱ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ មាន​បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​ហៅ​ថា COVID-19។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ជា​មួយ​នឹង​ប្រតិ​ភូ​នៃ​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO)​ នៅ​​ឯ​ប្រទេស​​ចិនកាល​​ពី​​ថ្ងៃ​ទី​24​កុម្ភៈ​ ឆ្នាំ​​2020​ លោក​​ Lang Wannian មក​ពី​គណៈកម្ម​ការ​សុខាភិបាល​ចិន​ បាន​ឱ្យ​ដឹង​ថា​ បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19។ បុគ្គលិក​ពេទ្យ​ដែល​បាន​ឆ្លង​មេរោគ​នេះ ភាគ​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នានា​នៃ​ខេត្ត​ Hubei ​ដែល​ជា​តំបន់​មួយ​ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​ស្នូល​នៃ​សម្បុក​​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន​។

    ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃទី​19កុម្ភៈ បាន​អំពាវ​នាវ​ឱ្យ​បង្កើន​វិធាន​ការ​ការ​ពារ​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា COVID-19 បន្ទាប់​ពី​មាន​វេជ្ជ​បណ្ឌិត​ជា​ច្រើនរូប​ ​បាន​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​នេះ​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​សិង្ហបុរី​ CNA។

    បុគ្គ​លិក​សុខា​ភិបាល​ជាង​30,000នាក់ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន រួម​ទាំង​បុគ្គលិក​ពេទ្យ​យោធា​ផងដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ “សមរ​ភូមិ​” Wuhan និង​ខេត្ត​ Hubei ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​គ្រូពេទ្យ​នៅ​តែ​ត្រូវ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​ចំនួន​ច្រើន​ខ្លាំង​ពេក​។

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​25កុម្ភៈនេះ ប្រទេស​ចិន មាន​អ្នក​ស្លាប់​​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា​ឡើង​ដល់​2,663​នាក់ និង​ជាង​77,658​នាក់​​បាន និង​កំពុង​​ផ្ទុក​មេរោគ​នេះ​។

    ប្រទេស​ចិន​កំពុង​ខ្វះ​ខាត​សម្ភារ​វេជ្ជ​សាស្ត្រ​ជា​ច្រើន​ដូច​ជា​ ម៉ាស់ និង​ឈុត​សម្លៀក​បំពាក់​ការ​ពារ​ការ​ឆ្លង​មេរោគ​ជា​ដើម។ ពួកគេ​ខ្លះ​ទៀត​ក៏​ត្រូវ​ប្រើ​ប្រាស់​ឈុត​ការ​ពារ​មេរោគ​ច្រើន​ដង​ ឬ​ប្រើ​សម្ភារ​ដែល​មិន​ធានា​ដល់​សុវត្ថិ​ភាព​ ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ពេល​ដែល​ខ្លួន​ចាប់​ផ្ដើម​មាន​អាការ​ខុស​ប្រក្រតី​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump ថា អាមេរិកកំពុង​គ្រប់​គ្រង​​អាសន្ន​រោគ​កូរ៉ូណា​បាន​ល្អ​ ខណៈ​អ្នក​ជំងឺ​ថ្មី​កើន​ឡើង​55%

    លោក​ Trump ថា អាមេរិកកំពុង​គ្រប់​គ្រង​​អាសន្ន​រោគ​កូរ៉ូណា​បាន​ល្អ​ ខណៈ​អ្នក​ជំងឺ​ថ្មី​កើន​ឡើង​55%

    ប្រធានា​ធិប​តី​អាមេរិក លោក​ Donald Trump បាន​អះអាង​ថា ទីក្រុង​ Washington កំពុង​គ្រប់​គ្រង​លើ​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 បាន​យ៉ាង​ល្អ ខណៈ​ដែល​តួលេខ​​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង​។

    “វីរុស​កូរ៉ូណា​ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ល្អ​នៅ​អាមេរិក​។ យើង​កំពុង​រក្សា​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ និង​ភាគី​ពាក់​ព័ន្ធ​។ មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​អាមេរិក​ (CDC) រួម​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ភាព​ឆ្លាត​វៃ​។ ទីផ្សារ​មូល​បត្រ​ចាប់​ផ្ដើម​មាន​សញ្ញា​ល្អ​វិញ​ហើយ” នេះ​បើ​តាម​ការ​រៀប​រាប់​​របស់​លោក​ Donald Trump នៅ​លើ​ទំព័រ​ Twitter កាល​ពី​​ម្សិល​មិញ​។

    ការ​អះអាង​ខាង​លើ​របស់​ប្រធានាធិបតី​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ទី​ផ្សារ​មូល​បត្រ​ពិភពលោក​​ កំពុង​បាត់​បង់​ស្ថេរ​ភាព​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អាសន្នរោគ​កូរ៉ូណា COVID-19 ខណៈ​ដែល​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​ឆ្លង​រាល​ដាល​ទៅដល់​​ប្រទេស​ និង​ដែន​ដី​ចំនួន​37​​ក្នុង​ពិភពលោក​។

    សារ​ព័ត៌មាន​ Washington Post របស់​អាមេរិក កាល​ពី​ម្សិល​មិញ​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ សេត​វិមាន​អាច​នឹង​ស្នើ​សុំ​សភា​ដើម្បី​ចំណាយ​ប្រាក់​ជិត​1ពាន់​លាន​ដុល្លារ​ សម្រាប់​បង្កើន​សមត្ថ​ភាព​ទប់​ស្កាត់​អាសន្ន​រោគ​ COVID-19 ដែល​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​​2,699​នាក់​និង​ 80,146​នាក់​​ បាន​ផ្ទុក​មេរោគ​នេះ​។

    Hogan Gedley ដែល​ជាអ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​បាន​អះអាង​ថា​ រដ្ឋា​ភិបាល​ត្រូវ​ការ​ថវិកា​ដើម្បី​ “ការ​ពារ​ពល​រដ្ឋ​អាមេរិកាំង​​ទាំង​មូល​” ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹក​ប្រាក់​1ពាន់​លាន​ដុល្លារ​ដែល​សារ​ព័ត៌មាន​បាន​លើក​ឡើង​នោះ​ទេ​។ លោក​ស្រី Hogan Gedley បាន​បន្ត​ថា “ខ្ញុំ​មិន​ទាន់​ទទួល​បាន​ឯក​សារ​ទាក់​ទិន​នឹង​ចំនួន​ទឹក​ប្រាក់​នៅ​ឡើយ ប៉ុន្តែ យើង​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​”។

    កាល​ពី​ម្សិល​មិញ(25កុម្ភៈ) ស្ថាប័ន​ CDC បាន​ឱ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​53​នាក់​ ដោយ​​បូក​រួម​ទាំង​អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះ និង​ពលរដ្ឋ​ដែល​បាន​ត្រឡប់​មក​ពី​ទីក្រុង​ Wuhan និង​នាវា​ទេស​ចរណ៍ Diamond Princess។ តួលេខ​ស្ដីអំពី​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ កើន​ឡើង​55% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ថ្ងៃទី​22កុម្ភៈ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស