Tag: Confederations Cup

  • អាល្លឺម៉ង់ ផ្តួលស៊ីលី ដើម្បីលើកពាន Confed Cup ខណៈព័រទុយហ្គាល់បានលេខ3

    អាល្លឺម៉ង់ ផ្តួលស៊ីលី ដើម្បីលើកពាន Confed Cup ខណៈព័រទុយហ្គាល់បានលេខ3

    ខ្សែបម្រើ Lars Stindl បានស៊ុតបាល់បញ្ចូលទីតែ1គ្រាប់គត់ក្នុងការប្រកួតនៅតង់ទី1 និងជាគ្រាប់ដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ប្រជុំដោយតារាវ័យក្មេងឆ្នើមៗ បានផ្តួលក្រុមពោរពេញដោយបទពិសោធ ស៊ីលី ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតពាន Confederations Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ។

    នេះគឺជាលើកទីមួយហើយដែលអាល្លឺម៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯក World Cup បានឈ្នះពាន Confederations Cup ក្នុងយុទ្ធនាការទី8នៃព្រឹត្តិការណ៍មុនការប្រកួត World Cup មួយនេះ។ ការធ្វេសប្រហែសរបស់ខ្សែការពារ Marcelo Diaz បានបណ្តោយឲ្យបាល់ធ្លាក់ទៅលើជើងរបស់ខ្សែប្រយុទ្ធ Timo Werner ខណៈដែលរូបគេបានអូសបាល់ផុតអ្នកចាំទី មុននឹងបញ្ជូនទៅឲ្យ Stindl ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួលនៅនាទីទី20 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

    ប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ Julian Draxler ដែលបានឈ្នះពានបាល់មាសសម្រាប់ការជាប់ជាកីឡាកឆ្នើមប្រចាំយុទ្ធនាការនោះ បាននិយាយទាំងញញឹមថា៖ «វាពិតជារឿងមិនគួរឲ្យជឿឡើយ។ យើងបានវាយសម្រុកយ៉ាងល្អ និងស័ក្តិសមក្នុងការទទួលបានជ័យជម្នះ»។

    ខ្សែបម្រើស្លាបរូបនេះបានប្រាប់បន្តថា៖ «យើងមិនដែលបានលេងជាមួយគ្នាឡើយនៅមុនពេលយុទ្ធនាការនេះ ដែលវាធ្វើឲ្យជ័យជម្នះនេះកាន់តែមានតម្លៃឡើង»។

    ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016 បានធ្វើការវាយបកដើម្បីយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3នៃយុទ្ធនាការ Confederations Cup ក្នុងទីក្រុង Moscow កាលពីថ្ងៃដដែលនោះ។

    ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅត្រឹមនាទីទី90 ហើយខ្សែបម្រើ Adrien Silva បានរកគ្រាប់បាល់ឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី នៅនាទីបន្ថែម15នាទី2ដង ដើម្បីផ្តល់ជ័យជម្នះដល់ក្រុមខ្លួនតែម្តង៕
    ប្រភពពី៖ BBC

  • អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    ក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងពូល B ដើម្បីឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ។

    ហេតុនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016បច្ចុប្បន្ននឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ីលី នៅវគ្គ4ក្រុមចុងក្រោយ នៅថ្ងៃពុធខាងមុខនេះ។

    ក្រុមជម្រើសជាតិអូស្ត្រាលីបានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប James Troisi នៅមុនពេលកីឡាករបម្រុង Martin Rodriguez របស់ស៊ីលីបានរកគ្រាប់បាល់តាមស្មើវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានឡើងទៅឈរពីលើក្រុមជម្រើសជាតិស៊ីលី ក្រោយពីបានកត់ត្រាជ័យជម្នះ 3-1 លើក្រុមជម្រើសជាតិកាមេរូន ហើយនិងត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

    ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលខ្សែបម្រើ Kerem Demirbay ក៏បានស៊ុតបាល់បញ្ចូលទីសម្រាប់គ្រាប់ទី3ឱ្យក្រុមដែលគ្មានបទពិសោធរបស់អាល្លឺម៉ង់ផងដែរ។ ខ្សែប្រយុទ្ធ Vincent Aboubakar របស់កាមេរូន បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញ ប៉ុន្តែ ពួកគេនៅតែត្រូវបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល ដោយទទួលបានលទ្ធផលស្មើតែមួយលើកគត់ពីការប្រកួតជាមួយនឹងក្រុមអូស្ត្រាលី ដើម្បីទទួលបានតែ1ពិន្ទុគត់។

    លោក Joachim Loew គ្រូបង្វឹករបស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាមានមោទនភាពណាស់ និងពោរពេញដោយការកោតសរសើរដល់ក្រុមនេះ សម្រាប់ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងមិនបានរំពឹងទុកពីលទ្ធផលបែបនេះពីកីឡាករវ័យក្មេងទាំងនេះឡើយ តែពួកគេធ្វើបានយ៉ាងល្អ»៕
    ប្រភពពី៖ BBC

     

  • គ្រូបង្វឹកអូស្ត្រាលី ខកចិត្ត ក្រោយចាញ់អាល្លឺម៉ង់ ក្នុង Confederations Cup

    គ្រូបង្វឹកអូស្ត្រាលី ខកចិត្ត ក្រោយចាញ់អាល្លឺម៉ង់ ក្នុង Confederations Cup

    លោក Ange Postecoglou គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានសម្តែងនូវការខកចិត្ត ក្រោយពីក្រុមរបស់លោកបានរងបរាជ័យក្នុងលទ្ធផល 3-2 ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួតព្រឹត្តិការណ៍ Confederations Cup ប៉ុន្តែលោករំពឹងទុកថា ក្រុម Socceroos នឹងស្តារមុខមាត់ឡើងវិញនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកាមេរូន នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

    ក្រោយពីបានចាញ់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងលទ្ធផល 4 – ០ ក្នុងការប្រកួតមិត្តភាពក្នុងទីក្រុង Melbourne កាលពីសប្តាហ៍មុន នៅមុនពេលយុទ្ធនាការនៅរុស្ស៊ីនោះ ក្រុមជម្រើសជាតិអូស្ត្រាលីបានជួបនឹងការខកចិត្តម្តងទៀត ដោយចាញ់ក្រុមម្ចាស់ជើងឯកពិភពលោក ដែលបានប្រើប្រាស់ក្រុមកីឡាករគ្មានបទពិសោធសម្រាប់ការប្រកួតកាលពីយប់ថ្ងៃចន្ទ ក្នុងទីក្រុង Sochi។

    កីឡាករ Lars Stindl, Leon Goretzka និង Julian Draxler សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ខណៈដែលខ្សែបម្រើ Tommy Rogic របស់ក្លិប Celtic និង Tomi Juric បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមអូស្ត្រាលី។ នៅនាទីទី56 គ្រាប់បាល់បញ្ចូលទីមានបញ្ហារបស់ Juric ត្រូវបានអនុញ្ញាតឲ្យចូលទី បើទោះបីវាហាក់ដូចជាបាល់ធ្វើឲ្យប៉ះដៃ ដែលនាំឲ្យមានត្រួតពិនិត្យពីជំនួយការអាជ្ញាកណ្តាលផ្នែកវីដេអូក៏ដោយ។

    ក្រោយពីដេញតាមពីក្រោយក្នុងលទ្ធផល 3-1 បន្ទាប់ពីបញ្ចប់តង់ទី1 ក្រុមជម្រើសជាតិអូស្ត្រាលី បានធ្វើការវាយបកវិញក្នុងទីក្រុង Sochi ហើយគ្រាប់បាល់របស់កីឡាករ Juric បានកាត់បន្ថយការដេញតាមពីក្រោយ មុនពេលរូបគេ Robbie Kruse និង James Troisi សុទ្ធសឹងបានដាក់សម្ពាធទៅលើអ្នកចាំទី Bernd Leno របស់អាល្លឺម៉ង់ បន្ទាប់ពីនោះមក។ ប៉ុន្តែ ពួកគេមិនអាចរកគ្រាប់បាល់តាមស្មើវិញបានឡើយ ហើយលោក Postecoglou បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង អំពីរបៀបដែលក្រុមរបស់លោកលេងក្នុងការប្រកួតបើកឆាករបស់ពួកគេនេះ។

    លោក Postecoglou បានទទួលស្គាល់ថា៖ «វាពិតជាខកចិត្តណាស់ យើងលេងមិនបានល្អឡើយក្នុងតង់ទី1 ប៉ុន្តែ យើងបានល្អឡើងវិញក្នុងតង់ទី2 និងយើងបានបង្ហាញពីភាពរឹងមាំរបស់យើង»៕
    ប្រភពពី៖ Sports.yahoo