Tag: CNN

  • Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

    រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

    មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

    Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

    «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

    គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

    Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។

    កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។

    «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។

    Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។

    កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។

    ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ ជីរពី 70 ទៅ 100 ដើម។ Gamberini និង​សហការី​បាន​ដាំ​សាកល្បង​ប្រភេទ​បន្លែផ្សេងៗតាំងពី​ស្ត្រ​ប៊េ​រី រហូតដល់​ប៉េងប៉ោះ សណ្ដែក និង​ជីរ​នានា។

    ការពិសោធ​ជាច្រើនក៏​​ត្រូវបាន​ធ្វើឡើង​នៅ​ចំការ​ក្រោម​ទឹកសមុទ្រ Nemo ក្នុងនោះ​មាន​ទាំង​ផលិតផល​ឱសថ និង​អាហារ​ផងដែរ។

    ក្រុម​បុគ្គលិក​របស់​កសិដ្ឋាន Nemo កំពុង​រៀប​គម្រោង​សង់​ជីវ​មណ្ឌល​ធំ​ជាង​បច្ចុប្បន្ន​ក្នុង​អនាគត និង​ដំឡើង​កសិដ្ឋាន​បែបនេះ​បន្ថែមទៀត​នៅ​តំបន់​ដទៃ ដូចជា​នៅ​សហរដ្ឋ​អាម៉េរិក​ជាដើម។ Gamberini ជឿថា បច្ចេកវិទ្យា​ខាងលើ​អាច​កែសម្រួល​ទៅតាម​ប្រភេទនីមួយ​ៗ​​នៃ​បរិស្ថាន៕

     

  • COVID-19! ពិធី​ករ​របស់​ CNN និង​​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York បាន​ឆ្លង​វីរុស​បង្ក​រលាក​សួត​

    COVID-19! ពិធី​ករ​របស់​ CNN និង​​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York បាន​ឆ្លង​វីរុស​បង្ក​រលាក​សួត​

    Chris Cuomo ​ជា​​ពិធីករ​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍​ CNN និង​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​​ New York លោក​ Andrew Cuomo បាន​ទទួល​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19។​

    “Chris Cuomo អាយុ​49​ឆ្នាំ មាន​សុខ​ភាព​ល្អ​ខ្លាំង​ណស់” នេះ​បើ​តាម​សារ​របស់ CNN ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​ បន្ទាប់ពី​ពិធី​ករ​​ម្នាក់​នេះ​បាន​ឆ្លង​វីរុស​COVID-19។

    Chris ដែល​បាន​ចូល​ធ្វើ​ការ​នៅ​ CNN តាំង​ពី​ឆ្នាំ​2013 គឺជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York នៃ​សហរដ្ឋ​អាមេរិក​ និង​ជា​កូន​ប្រុស​ពៅ​របស់​លោក Mario Cuomo ដែលជា​អតីត​អភិបាល​រដ្ឋ​ New York។ គិត​មក​ដល់​បច្ចុប្បន្ន Chris គឺជា​បុគ្គលិក​ទី​3​របស់​ CNN​​ នៅ​ New York វិជ្ជ​មាន​ជាមួយ​នឹង​COVID-19។

    “ខ្ញុំ​បាន​នៅ​ក្បែរ​មនុស្ស​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ក្រោយ​មក​ អ្នក​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​ COVID-19។ ខ្ញុំ​ក្ដៅ​ខ្លួន​ ស្រៀវ​ស្រាញ​​ និង​ពិបាក​ដក​ដង្ហើម”។ លោក​ Chris សរសេរ​បែប​នេះ​នៅ​លើ​ទំព័រ​ Twitter កាល​ពី​ថ្ងៃទី​31​មីនា​។​

    អភិបាល​រដ្ឋ​​ New York លោក​ Andrew Cuomo

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដីចំនួន​200​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 857,800​នាក់​បាន​ឆ្លង​វីរុស​នេះ ក្នុង​នោះ​មាន​ជាង​42,000នាក់​បាន​បាត់​បង់ជីវិត​។ សហរដ្ឋ​អាមេរិក​ គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ជាង189,500នាក់​ ក្នុង​នោះ​មាន​4,076​នាក់​បាន​ស្លាប់​។ រដ្ឋ​ New York គឺ​ជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយ​សារ​វិបត្តិ​សុខ​ភាព​នេះ​៕

    ប្រភព៖ សារព័ត៌មាន​បរទេស​