Tag: Canada

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    កាលពី​ថ្ងៃទី 18 ឧសភា (17 ឧសភា​នៅ​កាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាស​ថា កប៉ាល់​ដឹក​រថយន្ត​អគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ Nanaimo ក្នុង​តំបន់ British Columbia។

    រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាច​រត់​បាន​ចម្ងាយ 425 គីឡូម៉ែត្រ​សម្រាប់​កំណែ Eco, 391 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 300 kW និង 354 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 260 kW បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​​មួយ​ពេញ។

    នៅ​កាណាដា កំណែ VF8 Eco មានតម្លៃ​ចាប់ពី 39,680 ដុល្លារ​អាម៉េរិក គ្រា​ដែល​កំណែ VF8 Plus 260 kW មានតម្លៃ​ចាប់ពី 43,820 ដុល្លារ​អាម៉េរិក។

    រថយន្ត​អគ្គិសនី 781 គ្រឿង​ខាងលើនេះ​គឺជា​ការនាំចេញ​លើក​ទី​ពីរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន VinFast ដែល​បានចេញ​ដំណើរ​ពី​វៀតណាម​កាលពី​ថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុន​នោះ VinFast VF8 ចំនួន 1,098 គ្រឿង​ក៏បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 12 ឧសភា។

    VinFast VF8 ត្រូវបាន​បំពាក់​មុខងារ​បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (ADAS) ព្រមទាំង​ត្រូវបាន​ធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រ​សម្រាប់​រថយន្ត និង 10 ឆ្នាំ ឬ​មិន​កំណត់​ចំនួន​គីឡូម៉ែត្រ​សម្រាប់​ថ្ម​ផ្ទុក​ថាមពល។ សេវា​ជួសជុល​ចល័ត និង​សង្គ្រោះ 24/7 ក៏​ស្ថិត​នៅក្នុង​ការធានា​នេះ៕

  • កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​ចិន​ Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​ចិន​ Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

    តុលាការ​កាណាដា​នឹង​ចេញ​សាល​ក្រម​​​នៅ​សប្ដាហ៍​ក្រោយ​ទាក់​ទង​​នឹង​បញ្ហា​ដែល​ថា​ គួរ​តែ​បញ្ជូន​ខ្លួន​នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ Huawei គឺ​​អ្នក​ស្រី​ Meng Wanzhou ទៅកាន់​ទឹក​ដី​អាមេរិក​​តាម​សំណើ​ពី​អាមេរិកាំង​​ដែរ​ ឬ​យ៉ាង​ណា​។

    យោង​តាម​​សារ​ព័ត៌មាន​ South China Morning Post​ អ្នកស្រី​ Heather Holmes​ ដែល​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia របស់​ប្រទេស​កាដាណា​ នៅថ្ងៃទី​22​​នេះ​ បាន​ឱ្យ​ដឹង​ថា តុលាការ​នេះ​នឹង​សម្រេច​ប្រកាស​សាល​ក្រម​លើ​រឿង​ក្ដី​​របស់​អ្នកស្រី​ Meng Wanzhou ដែល​ជា​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ចិន​ Huawei​ នៅ​ថ្ងៃទី​27​ឧសភា​ខាង​មុខ​ ហើយ​អ្នក​ស្រី​ Meng Wanzhou ប្រហែល​ជា​អាច​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​។

    សាល​ក្រម​តុលាការ​​ខេត្ត​​ British Columbia របស់​កាដាណា​នឹង​សម្រេច​ថា​ តើ​​​​អ្នក​ស្រី​ Meng Wanzhou បាន​ប្រព្រឹត្ត​បទ​ល្មើស​ចំនួន​ពីរ​ដែរ​ ឬ​យ៉ាង​ណា​ ពោល​គឺ​មាន​ន័យ​ថា អ្នក​ស្រី​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ បើ​សិន​ជា​ត្រូវ​បាន​ថ្កោល​ទោស​​ទាំង​នៅ​កាណាដា ទាំង​នៅ​សហរដ្ឋ​អាមេរិក​។ បើ​សិន​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia សម្រច​ចិត្ត​ចេញ​សាល​ក្រម​​បញ្ជាក់​ថា អ្នកស្រី​ Meng Wanzhou មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​សហរដ្ឋ​អាមេរិក​នោះ​ទេ អ្នក​ស្រី​ Wanzhou អាច​នឹង​ត្រូវ​បាន​ដោះលែង​​ ប៉ុន្តែ ប្រការ​នេះ​ក៏​នៅ​តែ​អាស្រ័យ​ទៅ​លើ​ក្រុម​មេធាវី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កាណាដា​​ ដែល​ថា​តើ​ពួក​​គេ​បន្ត​​ប្ដឹង​ឧទ្ធរណ៍​ទៀត​ឬ​អត់​។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​​ពិនិត្យ​ឃើញ​ថា​ អ្នក​ស្រី​ Wanzhou បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​​សហរដ្ឋ​អាមេរិក​ដែរ​នោះ រឿង​ក្ដី​បញ្ជូន​ខ្លួន​​អ្នក​ស្រី​ទៅ​​កាន់​​សហរដ្ឋ​អាមេរិក​​នឹង​នៅ​តែ​បន្ត​​ទៅ​មុខ​ជាមួយ​នឹង​ការ​ការ​ពារ​កូន​ក្ដី​របស់​ក្រុម​មេធាវី​ដែល​តំណាង​ឱ្យ​អ្នក​ស្រី Wanzhou។

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
    អ្នកស្រី​ Meng Wanzhou ចាក​ចេញ​ពី​តុលារ​​មួយ​នៅ​កាណាដា​កាល​ពី​ខែ​មករា​ ឆ្នាំ​2020

    ដើម្បី​ទទួល​បាន​សេរី​ភាព​ អ្នក​ស្រី​ Wanzhou និង​ក្រុម​មេធាវី​របស់​អ្នកស្រី​ ត្រូវ​តែ​ធ្វើ​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​ចៅ​ក្រម​តុលាការ​ឱ្យ​ជឿ​ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​គឺមិនសម​ស្រាប​ជាមួយ​នឹង​ច្បាប់​របស់​កាដាណា​ និង​​ជា​រឿង​នយោបាយ​។

    រឿង​ក្ដី​ធ្វើ​បត្យាប័ន​នាយិកា​ហិរញ្ញវត្ថុ​របស់ Huawei អាច​បន្ត​រហូត​ដល់​ខែ​តុលា ឬ​ខែវិច្ឆិកា​ឆ្នាំ​នេះ អាស្រ័យ​ទៅ​លើ​ការ​វិនិច្ឆ័យ​របស់​ចៅក្រម​។ ក៏ប៉ុន្តែ ដោយ​សារ​តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ រឿង​ក្ដី​នេះ​អាច​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខទៀត​។

    អ្នកស្រី​ Wanzou ត្រូវ​បាន​សមត្ថ​កិច្ច​ប្រទេស​កាណាដា​ចាប់​ឃាត់​ខ្លួន​នៅ​ឯព្រលាន​យន្តហោះ​ Vancouver កាល​ពី​ថ្ងៃទី​1​ធ្នូ ឆ្នាំ2018​ ទៅតាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ អ្នកស្រី Meng Wanzhou ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចោទ​ថា​បាន​កុហក​ធនាគារ​​ធំ​ៗ​នៅ​​សហរដ្ឋ​អាមេរិក​អំពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Huawei ទៅលើ​ក្រុមហ៊ុន Skycom នៅ​ទីក្រុង​ហុងកុង។ Skycom គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​លក់​ទំនិញ​​​ទៅ​ឱ្យ​​​ប្រទេស​អ៊ីរ៉ង់ ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ បើ​សិន​ជា​ត្រូវ​បាន​កាត់​ទោស​​នៅ​​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី​ Meng Wanzhou អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​30​ឆ្នាំ​។

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
    អ្នក​ស្រី​ Meng Wanzhou ចេញ​ពី​រថយន្ត​​ បន្ទាប់​ពី​​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការកាណាដា​​កាល​ពី​ខែ​មករា​2020

    រឿង​ក្ដី​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ជាមួយ​កាដាណា និង​ចិន​ជាមួយ​អាមេរិកាំង​មាន​ភាព​តាន​តឹង​។ បន្ទាប់​ពី​អ្នក​ស្រី​ Meng Wanzhou​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​បាន​9​ថ្ងៃ អាជ្ញា​ធរ​​ចិន​ក៏​បាន​ចាប់​ខ្លួន​ Michael Kovrig ដែលជា​អតីត​អ្នកការ​ទូត​ និង​​​​ Michael Spavor ជា​អ្នកជំនួញ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    ថ្ងៃទី20 មេសានេះ សារព័ត៌មាន ដេលី មេល និង ដឹ ហ្គាឌៀន បានរាយការណ៍បន្តអំពីហេតុការណ៍ ជនល្មើសបើករថយន្តដើរបាញ់រះនៅតាមទីកន្លែងជាច្រើននៅភាគខាងជើងទីក្រុងផូតាភីក រដ្ឋណូវ៉ាស្កូសៀ របស់ប្រទេសកាណាដា រយៈពេល 12ម៉ោង ដែលធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច 16នាក់ និងរងរបួសមួយចំនួនទៀត តាំងពីថ្ងៃសៅរ៍ទី18 មេសា កន្លងមក។

    មកដល់ពេលនេះ ក្រុមអាជ្ញាធរប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍បានហើយ និងបានអះអាងថា ជនល្មើសដែលបានដឹងឈ្មោះនៅពេលក្រោយមកគឺ ហ្គាប្រៀល វ៉តមែន ជាជាងធ្វើធ្មេញសិប្បនិម្មិត អាយុ 51ឆ្នាំ បានស្លាប់ហើយ នៅក្នុងស្ថានីយប្រេងមួយកន្លែង នៅឆ្ងាយពីចំណុចបង្កហេតុទៅភាគខាងត្បូងប្រមាណ 96គីឡូម៉ែត្រ កាលពីអំឡុងពេលព្រឹក នៃថ្ងៃទី19 មេសា តាមពេលវេលាក្នុងស្រុក។

    ព័ត៌មានបឋម មិនបានបញ្ជាក់ថា តើជនល្មើស វ៉តមែន បានស្លាប់ដោយរបៀបណានោះទេ តែមានរូបភាពពីកាមេរ៉ារបស់ក្រុមអាជ្ញាធរដែលបំពាក់អាវុធ បានសម្រុកចូលទៅប្រកៀករថយន្តជនល្មើស និងប្រញាប់ប្រញាល់នាំយកសាកសពរបស់ វ៉តមែន ចេញពីស្ថានីយប្រេងនោះ ដែលគេប៉ាន់ស្មានថា អាចត្រូវប៉ូលិសបាញ់សម្លាប់ ចំណែកមូលហេតុ និងតើមានរឿងអ្វីដែលបណ្ដាលឱ្យឈានដល់ការបង្កហេតុបាញ់សម្លាប់មនុស្សរបស់ វ៉តមែន នោះ កំពុងស្ថិតក្នុងការស៊ើបសួរនៅឡើយ។

    ទីភ្នាក់ងារព័ត៌មានAP បានបញ្ជាក់ថា សោកនាដកម្មបាញ់រះ សម្លាប់មនុស្សដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកាណាដានេះ បានកើតឡើងក្នុងអំឡុងពេលព្រលប់ៗនៃថ្ងៃទី18 មេសា បន្ទាប់ពីជនល្មើស វ៉តមែន ដែលបានបន្លំខ្លួនដោយស្លៀកឯកសណ្ឋានប៉ូលិស បើករថយន្តត្រាច់ចរទៅតាមទីកន្លែងជាច្រើននៅក្នុងទីក្រុងផូថាភីក និងប្រើអាវុធដែលជាកាំភ្លើងយន្ត បាញ់រះទៅលើក្រុមមនុស្សចំនួនដ៏ច្រើន ដោយក្នុងរបាយការណ៍ បានបញ្ជាក់ថា ជនល្មើសបានបើកឡានប៉ូលិស តែក្រោយមកអគ្គស្នងការដ្ឋានប៉ូលិសផ្លូវគោក នៃប្រទេសកាណាដា បានថ្លែងអះអាងថា ជារថយន្តច្នៃប្រឌិតធ្វើឱ្យដូចរថយន្តប៉ូលិស។

    លោកវរសេនីយ៍ឯកប៉ូលិស គ្រីស លេធើរ ស្នងការប៉ូលិសកាណាដា បានថ្លែងបញ្ជាក់ ដោយបានជឿថា ហេតុការណ៍នោះ ជាទង្វើរបស់ជនល្មើសតែម្នាក់ឯងគត់ ខណៈដែលលោកឧត្ដមសេនីយ៍ទោប៉ូលិស លី ប៊ើរគើរមែន ជំនួយការអគ្គស្នងការប៉ូលិសជាតិ បានថ្លែងថា មន្ត្រីប៉ូលិសម្នាក់ឈ្មោះ ហេឌិ ស្ទីវេនសុន អាយុ 23ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

    ក្រោយពេលបំពេញតួនាទីដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងព្យាយាមការពារប្រជាជន លោកបានធ្វើដំណើរទៅជួបក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ស្ទីវេនសុន និងគ្មានពាក្យអ្វី ថ្លែងក្នុងការប្រៀបធៀបក្ដីឈឺចាប់របស់ពួកគេបានឡើយ “កូនទាំង 2នាក់ត្រូវបាត់បង់ម្ដាយ ស្វាមីត្រូវបាត់បង់ភរិយា ឪពុកម្ដាយត្រូវបាត់បង់កូនស្រី និងក្ដីបាត់បង់ជាច្រើនទៀតពីមិត្តភក្តិ និងមន្ត្រីមិត្តរួមការងារ”

    ចំណែកលោកនាយករដ្ឋមន្ត្រី ចាស្ទីន ធ្រូដូ មេដឹកនាំកាណាដា បានថ្លែងថ្កោលទោសថា នេះគឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ។ ចំណែកលោក ថម ធែកហ្គាត សមាជិកសភាតំបន់ក្រុងផូថាភីក បានថ្លែងថា អ្នករស់នៅក្នុងទីក្រុងដែលធ្លាប់តែស្ងប់សុខមួយនេះ កំពុងភ័យរន្ធត់ និងមិនចង់ជឿថា មានហេតុការណ៍ដ៏អាក្រក់កើតឡើងនៅទីនេះឡើយ។


    ប្រភព៖ សារព័ត៌មានបរទេស

  • ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

    ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

    លោកស្រី Sophie Gregoire ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កាណា​ដា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ ប៉ុន្តែ នៅ​មាន​សុខ​ភាព​ល្អ និង​មាន​អាការ​រោគ​ស្រាល​ប៉ុណ្ណោះ​។

    “ដំបូង​ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ទាំង​អស់​ដែល​បាន​សួរ​សុខ​ទុក្ខ​​ខ្ញុំ។ បើ​ទោះ​ជា​ត្រូវ​ឆ្លង​កាត់​អាការ​រោគ​មិន​ស្រួល​ខ្លួន​ដោយ​សារ​វីរុស តែ​ខ្ញុំ​នឹង​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​មិន​ខាន” ​លោក​ស្រី Sophie Gregoire Trudeau ដែល​កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​។

    ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​កាណាដា ក៏បាន​ទទួល​ស្គាល់​ថា លោក​ស្រី Sophie បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​។ ការិយា​ល័យ​នេះ​ក៏បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ Trudeau មិន​ទាន់​បាន​ធ្វើ​តេស្តរក​មេរោគ​នៅឡើយ​ ដោយ​សារ​តែ​គាត់​ពុំ​មាន​រោគ​សញ្ញា​ដែល​គួរ​សង្ស័យ ប៉ុន្តែលោក​​នឹង​ចាប់​ផ្ដើម​បង្ខាំង​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​14ថ្ងៃ​។

    លោក​ស្រី Sophie Gregoire ទើប​តែ​បាន​វិលត្រឡប់​មក​​ប្រទេស​កាណាដាវិញ បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ឯទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ហើយ​ក៏ចាប់​ផ្ដើម​មាន​អាការ​មិន​ស្រួល​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​11មីនា ប៉ុន្តែ ភ្លាម​នោះ​ លោក​ស្រី​ក៏បាន​​ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​កាណាដា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ 117​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​បាត់​បង់​ជីវិត។

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វាបាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​ចំនួន​130 នៅទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​ជាង 128,343នាក់ ក្នុង​នោះ​មាន​ 4,720​នាក់​បាន​ស្លាប់ និង​68,324​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស