Tag: Cambodian Idol

  • អតីតបេក្ខនារីលេចធ្លោ «Cambodian Idol» សោភា ទេពី ស្រឡាំងកាំងពេលម្ដាយធ្វើរឿងនេះចំពោះនាង…

    អតីតបេក្ខនារីលេចធ្លោ «Cambodian Idol» សោភា ទេពី ស្រឡាំងកាំងពេលម្ដាយធ្វើរឿងនេះចំពោះនាង…

    ហ៊ឺៗ!! ចង់ស្រក់ទឹកភ្នែក និងរំភើបចិត្តអ្វីម្ល៉េះទេ ខណៈកញ្ញា ញឹម សួនសោភាទេពី នៅពេលដែលពុកម៉ែបងប្អូនបានស្គាល់នាងច្បាស់ថា ជាបេក្ខនារីលេចធ្លោបំផុតនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol កន្លងទៅថ្មីៗនោះ ព្រោះពេលនាងកំពុងឈរច្រៀងអបអរភ្ញៀវនៅលើឆាកក្នុងហាងសុខៗ ស្រាប់តែសមាជិកក្រុមគ្រួសាររបស់នាងដែលមានម្ដាយ បងស្រី និងក្មួយៗនាំគ្នាដើរចូលទៅរកនាងទាំងកាន់នំ និងទៀន ឡើងទៅលើឆាកពញ្ញាក់អារម្មណ៍នាងឡើងស្រឡាំងកាំងដោយមិនបានដឹងខ្លួនមុន គិតស្មានតែជាខួបកំណើតរបស់ភ្ញៀវ។  មិនមែនតែប៉ុណ្ណឹងទេ នៅមានទៀត គឺតារាចម្រៀងកញ្ញា ញឹម សួនសោភាទេពី ហៅ សោភា ទេពី ទទួលបានកាដូរថយន្តទំនើបជាចំណងដៃពីលោកឪពុកថែមទៀតផង អ៊ឺម៍…រំភើបឥតឧបមា ហ៊ូៗ!!…(បេល! បេលឯងរំភើបចិត្ត ឬក៏ច្រណែនគេហ្នឹង?)។

    សម្រាប់ឆ្នាំនេះសូម្បីតែសាមីខ្លួនផ្ទាល់ ស្ទើរតែពុំបានចាំពីថ្ងៃពិសេសរបស់ខ្លួននេះផង ដោយសារតែក្រោយពីបានចូលប្រឡងក្នុងកម្មវិធី The Cambodia Idol រដូវកាលទី3 រួចមក ការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងជាងមុន។ទោះយ៉ាងណាក្ដី កញ្ញា សោភា ទេពី ត្រូវគេមើលឃើញច្បាស់ពីអារម្មណ៍រំភើបឥតព្រាងទុក ខណៈនាងកំពុងឈរច្រៀងនៅលើឆាកក្នុងហាងសុខៗ បែរជាត្រូវចំហមាត់ស្រឡាំងកាំង ចង់គាំងបេះដូងបន្ដិច ចង់រកកលណែនបំពង់ក រកនិយាយមិនចេញបន្ដិច ក្ដុកក្ដួលខ្លាំងណាស់ រហូតដល់នាងស្រក់ទឹកភ្នែក អមដោយចម្រៀងសាទរថ្ងៃកំណើតរបស់ខ្លួន។

    តារាចម្រៀងស្រីរូបនេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ក្រោយពេលទទួលនំខួបកំណើតហើយថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ស្របពេលដែលកំពុងតែហត់នឿយផង នៅសុខៗក៏មានមនុស្សជាទីស្រឡាញ់បង្កបរិយាកាសភ្ញាក់ផ្អើលចំពោះនាងដូច្នេះ។ នាងមិននឹកស្មានថា ក្នុងថ្ងៃខួបកំណើតមានសមាជិកគ្រួសារសុខចិត្ដកាន់នំយកមកទាំងយប់មកដល់កន្លែងនាងច្រៀងបែបនេះឡើយ។

    ទេពី និយាយដូច្នេះថា «រូបខ្ញុំស្ទើរតែភ្លេចថ្ងៃកំណើតខ្លួនឯងទៅហើយ ប៉ុន្ដែគ្រាន់តែឮបទចម្រៀងថ្ងៃកំណើតអមជាមួយការមកដល់របស់ម្ដាយ បងស្រី និងក្មួយៗដែលបានកាន់នំខួបដើរសំដៅមកខ្ញុំ ពេលនោះស្រាប់តែខ្ញុំរំភើបអួលដើមកស្ទើរតែទប់ទឹកភ្នែកមិនបានតែម្ដង»។ ថ្វីដ្បិតតែថ្ងៃខួបសម្រាប់ឆ្នាំនេះ មិនមានរៀបចំធំដុំ និងមិនមានកាដូរាប់ម៉ឺនដុល្លារដូចមុនមែន ប៉ុន្តែអនុស្សាវរីយ៍មួយនេះធ្វើឱ្យចងចាំមិនភ្លេចទេ។ នាងបន្ដថា «អ្វីដែលធ្វើឱ្យខ្ញុំរំភើបនោះ គឺមុនថ្ងៃកំណើត ខ្ញុំគិតថាចង់ញ៉ាំអីជុំគ្នាជាមួយគ្រួសារតែ បងស្រី និងម្ដាយសុទ្ធតែរវល់ម្នាក់ៗប្រាប់ថា រវល់ស្ទើរដកឃ្លាមិនបាន ស្រាប់តែកាន់នំមកឱ្យកាត់អ៊ីចឹង នរណាមិនរំភើប?»។ គ្មានអ្វីមានតម្លៃជាងបានគ្រួសារផ្ដល់នូវភាពកក់ក្ដៅបែបនេះទេ អ៊ីចឹងហើយទើបនាងស្រឡាំងកាំងផង សប្បាយចិត្តផង នៅពេលឃើញនំខួបរបស់ខ្លួន និម្មិតឡើងនៅចំពោះមុខទាំងមិនដឹងខ្លួន។

    គួរបញ្ជាក់ថា សោភា ទេពី នាងគ្រោងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនក្នុងពេលឆាប់ៗផងដែរ បើទោះជាមិនទាន់មានតម្រុយចូលជ្រកនៅក្នុងផលិតកម្មណាមួយនៅឡើយក្ដី។ ស្រីស្រស់សាច់សខ្ចីរូបនេះថា ឆ្នាំនេះនាងមានវ័យ 16ឆ្នាំហើយ នាងនៅមានឱកាសតស៊ូសាងភាពល្បីល្បាញនៅក្នុងវីថីសិល្បៈបានយូរតទៅទៀត៕

    https://www.youtube.com/watch?v=BW_kK_Lbi9I

  • មហាជនគាំទ្រខ្លាំងពេលកញ្ញា នាង ប្រាក់សុគន្ធា ចេញ Official Audio បទដំបូងនៅផលិតកម្មសាន់ដេ

    មហាជនគាំទ្រខ្លាំងពេលកញ្ញា នាង ប្រាក់សុគន្ធា ចេញ Official Audio បទដំបូងនៅផលិតកម្មសាន់ដេ

    ភ្នំពេញៈ កញ្ញា នាង ប្រាក់សុគន្ធា ដែលជាបេក្ខនារីប្រឡងកម្មវិធី Cambodian Idol រដូវកាលទី2 ដែលមហាជនបានស្គាល់នាងមួយជំហាន និងបានសរសើរអំពីទឹកដមសំឡេងដ៏ក្រអួនក្រអៅរួចហើយតាមរយៈបទ «ម៉ែ» នាពេលច្រៀងប្រឡង ឥឡូវនេះបានក្លាយជាតារាចម្រៀងស្រីថ្មោងថ្មី ប្រចាំផលិតកម្មសាន់ដេ នេះបើតាមអ្វីដែលផលិតកម្មបានបង្ហោះ Official Audio បទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា «កូនស្រី» តាមទំព័រហ្វេសប៊ុករបស់ផលិតកម្ម។

    ជាមួយនឹងបទ «កូនស្រី» ដែលមានន័យបកស្រាយពីការតស៊ូ អត់ទ្រាំលំបាករបស់កូនស្រីក្នុងគ្រួសារលំបាកមួយ និងការចាកចេញពីគ្រួសារទាំងវ័យក្មេងដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារដែលជួបទុក្ខលំបាកទាំងក្នុងចិត្តភិតភ័យនោះ ពិតជាបានឆក់យកការចាប់អារម្មណ៍អំពីប្រិយមិត្តអ្នកស្តាប់យ៉ាងខ្លាំង បើទោះបីគ្រាន់តែចេញ Official Audio ក្តី និងបាននាំគ្នាចូលទៅចុច Likes និង comments ដូចព្យុះតែម្តង។

    មានអ្នកខ្លះបានសរសេរថា៖ «សាន់ដេបានជើងខ្លាំងមួយហើយ! ខ្ញុំចង់និយាយពីអារម្មណ៍ពិតថា ពិតជាពីរោះខ្លាំងមែនទែន ហើយក៏មានអត្ថន័យចាក់ដល់បេះដូងថែមទៀត សុំគាំទ្រជានិច្ច។ ប្អូនស្រីជា idolក្នុងដួងចិត្តបងតាំងពីថ្ងៃដំបូង បងសុំសរសើរអស់ពីចិត្ត!»។

    ចំណែកអ្នកខ្លះទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងសម្រាប់លោក Eno [អ្នកនិពន្ធទំនុកច្រៀង និងMelody] ព្រមទាំងផលិតកម្មសាន់ដេដែលបានផ្តល់ឱកាសដល់ក្មេងស្រីដែលលំបាកម្នាក់ បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួននៅលើឆាកសិល្បៈជាមួយបទចម្រៀងថ្មីដ៏ពីរោះ ខ្ញុំសូមគាំទ្រមួយទំហឹង»។

    ខណៈអ្នកខ្លះទៀតបានលើកសរសើរ និងសំណូមពរថា៖ «សូមជួយគាំទ្រស្នាដៃបទចម្រៀងថ្មី និងទឹកដមសំនៀងថ្មីនេះ ព្រមទាំងការតស៊ូរបស់គាត់ផងណា៎? សំឡេងមួយនេះហើយដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួននៅពេលនាងច្រៀងបទ «ម៉ែ»ក្នុងកម្មវិធី Cambodia idol គាំទ្រណា៎ប្អូនស្រី m ur fan។ ពីរោះណាស់ ហើយចូលចិត្តទៀត គាំទ្រគ្រប់បទរបស់ប្អូន ស្រឡាញ់ណាស់ ស្រលាញ់បទហ្នឹងណាស់ ស្ដាប់ហើយមានអារម្មណ៍ថាក្ដុកក្ដួល ហើយអួលដើមក ពេញចិត្តសំឡេងគាត់ណាស់តាំងពីច្រៀងបទ “ម៉ែ” មកម្ល៉េះ»។

    គួរបញ្ជាក់ថា កញ្ញា នាង ប្រាក់សុគន្ធា គឺជាបេក្ខនារីប្រឡងកម្មវិធី Cambodian Idol season2 ឆ្នាំ២០១៦កន្លងមក ជាមួយនឹងបងប្រុសបង្កើតគឺលោក នាង ប្រាក់សុគន្ធ មានស្រុកកំណើតមកពីខេត្តបាត់ដំបង ខណៈនាងបានធ្លាក់នៅវគ្គទីមួយ បងប្រុសរបស់នាងបានបន្តទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

  • ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ភ្នំពេញៈ ពេល​​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូលនៅ​ទ្រ​នំ​ហង្ស​មាស​លោក ឆន សុវណ្ណរាជ បាន​ហោះ​ហើរ​​​ចេញ​ទៅ​សម្តែង​រួម​ដំណើរ​ជា​គូ​ដូចជា​គូស្នេហ៍​​ជាមួយ​នឹង​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​បាន​​ជុំ​គ្នា​​ជាមួយ​នឹង​​តារា​ចម្រៀង​ប្រុស​ហង្ស​មាស​ម្នាក់​ទៀត​ឈ្មោះ​ Step ​ដែល​មាន​មុខ​មាត់​​​​ស្រដៀង​លោក រ៉េន ជា​​តារា​​​កូរ៉េ​នៅ​ឯ​ប្រទេស​ កូរ៉េខាង​ត្បូង ​នាពេលថ្មី​ៗ​ ក៏​ស្រាប់​​តែ​​​មាន​ក្មេង​ស្រី​ម្នាក់​បាន​ Lives វីដេអូ​តាម​ហ្វេសប៊ុក​ ទាំង​យប់​រៀបរាប់​ថា រូប​នាង​ត្រូវ​បាន​តារា​ចម្រៀង​ប្រុស​រូប​នេះ​បោក​ប្រាស់​ក្តី​ស្នេហ៍​នាង​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែ​ម្តង តែ​ក្រោយ​មក​នាង​ក៏​បាន​លប់​ចោល​វិញ​ភ្លាមៗ​។

     

    ទោះបី​មាន​ការ Lives វីដេអូ​​តាម​ហ្វេសប៊ុក ​​​តប​បកស្រា​យ​ពី​សំណាក់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ អង្រួន​ស្រូប​យក​នូវ​ប្រជា​ប្រិយ​ភាព​ពី​​ក្រុម​អ្នក​គាំទ្រ​យុវវ័យ​លោក ឆន សុវណ្ណរាជ ដែល​ស្តាប់​មិន​សូវ​ច្បាស់ក៏​​ព្រោះ​ឮតែ​សំឡេង​រថ​យន្ត​យ៉ាង​ណា​ក្តី ក៏​​រលក​រឿង​ព័ត៌មាន​បែបរស៊ើប​ខ្នង​នេះ​ ​មិន​បាន​​សាប​រលាប​​​ដែរ គឺ​​នៅ​បន្ត​បោក​បក់​ដោយ​ភាព​មន្ទិល​សង្ស័យ​មិន​ស្បើយនោះ​ឡើយ​។

    តារាចម្រៀង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ Cambodian Idol ​នៅ​​ទូរទស្សន៍​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ ដែរ​ តែ​មិន​បាន​បក​ស្រាយ​ផ្ទាល់​ឡើយ​ដោយ​លោក​កំពុង​តែ​នៅ​ប្រទេស​កូរ៉េ​នៅ​ឡើយ ខណៈ​ត្រូវ​​បាន​​ប្អូន​ស្រី​បង្កើត​របស់​លោក​​ឈ្មោះ​​​​ Care បាន​​បក​ស្រាយ​ជំនួស​។ ដោយ​សម្អាង​​​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ និង​ធ្លាប់​បាន​មើល​វីដេអូ​​រៀបរាប់​រឿង​មិន​ទំនង​របស់​ក្មេង​ស្រី​ខាងលើ​​កញ្ញា Care បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ «តាម​ពិត​ទៅ​ក្មេង​​ស្រី​ម្នាក់​នោះ គឺ​ជា​អ្នក​គាំទ្រ (Fan) ​របស់​បង​ខ្ញុំ​ ហើយ​នាង​​ធ្លាប់បាន​ជួប​ថត​​រូប​ជាមួយ​នឹង​គាត់​តែ​ម្តង​គត់​កាល​នៅ​​​ឯ​កោះ​ ពេជ្រ​​។ នាង​​ក៏​បាន​ប្រាប់​ដែរ​ថា គ្រាន់​តែ​និយាយ​លេង​សើច​នឹង​បង​រាជ​តែ​ប៉ុណ្ណោះ»​។ ​

    កញ្ញា Care បន្ត​ថា៖ «ម្យ៉ាង​ទៀត ក្មេង​ស្រី​នោះ ក៏​បាន​សារភាព​ថា គណនី​ហ្វេសប៊ុក​របស់​នាង ត្រូវ​បាន​គេ​ក្លែង​បន្លំ ហើយ​សង្ស័យ​ថា ​ជា​មិត្តភក្តិ​​ដែល​បាន​ឈ្លោះ​ជា​មួយ​នាង​ បាន​យក​គណនី​នាង​ទៅ​បង្ហោះ​រឿង ឬ​ធ្វើ​សកម្ម​ភាព​មិន​ល្អ​​ផ្សេងៗ​ទៀត​ផង​»៕

  • រាជនីក្រមាកញ្ញា មាន សូនីតា និងតារាខ្មែរបួនដួងទៀតឡើងយន្តហោះទៅជប៉ុនចុងខែនេះ

    រាជនីក្រមាកញ្ញា មាន សូនីតា និងតារាខ្មែរបួនដួងទៀតឡើងយន្តហោះទៅជប៉ុនចុងខែនេះ

    ភ្នំពេញៈ តារា​ចម្រៀង និង​សម្តែង​ប្រុស​ស្រី​ល្បីៗ​ខ្មែរ​ចំនួន ៥ ដួង នឹង​រួម​សហការ​ស្ម័គ្រចិត្ត​ចូល​រួម​នៅក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៧ នៅ​ឯ​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​ជួយ​លើកស្ទួយ​សិល្បៈ ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា នៅឯ​បរិវេណ​ឧទ្យាន​យ៉ុ​យ៉ុកិ នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម​ខែ​ឧសភា​ឆ្នាំ ២០១៧ ខាងមុខ។

     

    តារា​ទាំង​ប្រាំដួង​នោះ​រួមមាន​តារា​ចម្រៀង​លំដាប់​កំពូល​ចាស់​វស្សា​ជ្រក​ក្រោម​ផលិតកម្ម​ហង្សមាស​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​បុរាណ និង​ប្រពៃណី​រៃ​ក​ណ្ដឹង​អ្នកនាង ម៉េង កែវ​ពេជ្ជតា តារា​ចម្រៀង​ប្រុស​អូរីជីណល់ ដែល​អតីត​ជា​បេក្ខជន​ប្រឡង​ធ្លាក់​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol នា​រដូវ​កាល​ទី ១ លោក អ៊ាម វន្នី តន្ត្រីករ​ជា​ម្ចាស់​សាលា​តូរ្យ​តន្ត្រី​ឯកជន​លោក សែន ស្រណោះ និង​តារា​សម្តែង​ស្រី​រហស្សនាម​រាជនី​ក្រមា កញ្ញា មាន សូនីតា ដែល​ពួកគេ​ឡើង​យន្ត​ហោះ​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០១៧ ហើយ​កម្មវិធី​តាំង​ពិព័រណ៍​នោះ មាន​រយៈពេល​ពីរ​ថ្ងៃគឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី ៣ ដល់​ទី ៤ ខែ​ឧសភា ឆ្នាំ ២០១៧។

    លោក ម៉ី ចំណាប់ អនុប្រធាន​​គណៈ​កម្មការ​ស្ម័គ្រ​ចិត្ត​រៀបចំ​កម្មវិធី បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​រៀបចំ និង​វត្តមាន​តារា​ខ្មែរ​ទាំង​ប្រាំ​ដួង​ដែល​ចូលរួម​​​​ថា៖ «តាម​ពិត​ទៅ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា បានធ្វើ​ចំនួន​បី​លើក​ទាំង​ឆ្នាំនេះ។ កាល​ពីមុន​ជា​លក្ខណៈ​តូចតាច​ទេ តែ​ឆ្នាំ​នេះ​យើង​ធ្វើឲ្យ​ធំ​បន្តិច ដោយ​មាន​អញ្ជើញ​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ​ឲ្យ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ចូលរួម​គឺ​គ្រាន់តែ​យើង​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ចេញថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​ស្នាក់​នៅ និង​អាហារ​ប៉ុណ្ណោះ​សម្រាប់​ពួកគាត់»។

    តារា​សម្តែង​ស្រី​រលក​ក្រោយ ដែល​កំពុងតែ​ល្បី​លើ​វិថី​សិល្បៈ​សម្តែង និង​ម្ចាស់​គម្រោង​ផ្ទះ​ស្រឡាញ់​រហស្សនាម​ថា «រាជនី​ក្រមា» កញ្ញា មាន សូនីតា ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន និង​ឲ្យ​តម្លៃ​លើ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នោះ​ថា៖ «ចំពោះ​ការ​ចូលរួម​កម្មវិធី​បែប​ស្ម័គ្រ​ចិត្ត​នេះ​គឺ​ជា​លើកទី ១ ខណៈ​ការធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​វិញ​ខ្ញុំដូច​ធ្លាប់​បាន​ទៅ​ញយ​ដែរ។ ខ្ញុំ​​គិត​ថា ការ​រៀបចំ​ពិព័រណ៍​បែបនេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន មាន​ឱកាស​បាន​ជួប​ជុំ​គ្នា និង​នាំយក​នូវ​ផលិតផល​នានា​ជារបស់​ខ្មែរ​ដាក់​បង្ហាញ​ឲ្យ​ជនជាតិ​ជប៉ុន​បាន​ស្គាល់​ច្បាស់ ខណៈ​យើង​ជា​អ្នកសិល្បៈ​នឹង​សហការ​គ្នា​នាំយក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ។ លើស​ពី​នេះ នាង​ខ្ញុំ​ក៏គ្រោង​យក​នូវ​ម៉ូដម៉ាក​សម្លៀក​បំពាក់​ក្រមា​ខ្មែរ​ទៅ​បង្ហាញ​នាពេល​នោះ​ផងដែរ»៕